លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១០

តើកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ាអាចជួយអ្នកយ៉ាងដូចម្ដេច?

តើកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ាអាចជួយអ្នកយ៉ាងដូចម្ដេច?

តើ​អ្នក​ធ្លាប់​ចូល​រួម​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ឬ​ទេ? បើ​អ្នក​មិន​ធ្លាប់​ចូល​រួម​ទេ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ភ័យ​បន្តិច​អំពី​ការ​ចូល​រួម​កិច្ច​ប្រជុំ​ជា​លើក​ដំបូង។ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​គេ​ធ្វើ​អ្វី​ខ្លះ​នៅ​កិច្ច​ប្រជុំ​ទាំង​នោះ? ហេតុ​អ្វី​កិច្ច​ប្រជុំ​ទាំង​នោះ​សំខាន់? ហេតុ​អ្វី​ខ្ញុំ​គួរ​ចូល​រួម?›។ ក្នុង​មេ​រៀន​នេះ អ្នក​នឹង​រៀន​ថា តើ​ការ​ចូល​រួម​កិច្ច​ប្រជុំ​អាច​ជួយ​អ្នក​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ ហើយ​អាច​ជួយ​អ្នក​ផ្ទាល់​យ៉ាង​ដូច​ម្ដេច?

១. ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​ប្រជុំ​គ្នា?

សូម​កត់​សម្គាល់​អ្វី​ដែល​អ្នក​សរសេរ​គម្ពីរ​ម្នាក់​បាន​ប្រាប់​អំពី​មូលហេតុ​សំខាន់​បំផុត​ក្នុង​ការ​ប្រជុំ​គ្នា។ គាត់​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​នឹង​សរសើរ​ព្រះ​យេហូវ៉ា​ក្នុង​ក្រុម​ជំនុំ​ធំ​»។ (​ចម្រៀង​សរសើរ​ព្រះ ២៦:១២​) ដូច​នៅ​សម័យ​នោះ​ដែរ សាក្សី​ព្រះ​យេហូវ៉ា​មាន​អំណរ​យ៉ាង​ខ្លាំង​ពេល​ជួប​ជុំ​គ្នា។ ជា​រៀង​រាល់​សប្ដាហ៍ ពួក​គេ​ប្រជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ ច្រៀង​សរសើរ​លោក និង​អធិដ្ឋាន​ទៅ​លោក។ ប្រហែល​បី​ឬ​បួន​ដង​ក្នុង​មួយ​ឆ្នាំ ពួក​គេ​ក៏​ចូល​រួម​កិច្ច​ប្រជុំ​ធំ​ៗ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ដែរ។

២. តើ​អ្នក​នឹង​រៀន​អ្វី​នៅ​កិច្ច​ប្រជុំ​របស់​យើង?

នៅ​កិច្ច​ប្រជុំ​យើង​ផ្ដោត​ទៅ​លើ​សេចក្ដី​បង្រៀន​ពី​បណ្ដាំ​របស់​ព្រះ ហើយ​ស្ដាប់​ការ​«​បក​ស្រាយ​អត្ថន័យ​»​ក្នុង​បណ្ដាំ​របស់​លោក។ (​សូម​អាន នេហេមា ៨:៨​) ម្យ៉ាង​ទៀត នៅ​ឯ​កិច្ច​ប្រជុំ អ្នក​នឹង​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​គុណ​សម្បត្តិ​ដ៏​អស្ចារ្យ​របស់​លោក។ កាល​ដែល​អ្នក​រៀន​កាន់​តែ​ច្រើន​អំពី​សេចក្ដី​ស្រឡាញ់​ដែល​លោក​មាន​ចំពោះ​អ្នក នោះ​អ្នក​នឹង​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ អ្នក​ក៏​នឹង​រៀន​ដែរ​អំពី​របៀប​ដែល​លោក​អាច​ជួយ​អ្នក​ឲ្យ​មាន​ជីវិត​ដ៏​គាប់​ចិត្ត។​—អេសាយ ៤៨:១៧, ១៨

៣. តើ​មនុស្ស​ដែល​អ្នក​ជួប​នៅ​កិច្ច​ប្រជុំ​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​‹គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ មិន​មែន​ដោយ​គេច​វេះ​ការ​ប្រជុំ​គ្នា​ទេ›។ (​ហេប្រឺ ១០:២៤, ២៥​) នៅ​ឯ​កិច្ច​ប្រជុំ អ្នក​នឹង​ជួប​មនុស្ស​ដែល​មាន​សេចក្ដី​ស្រឡាញ់​ស្មោះ​ចំពោះ​គ្នា ហើយ​ក៏​ជា​មនុស្ស​ដែល​ចង់​រៀន​ថែម​ទៀត​អំពី​ព្រះ​ដូច​អ្នក​ដែរ។ អ្នក​នឹង​ឮ​ពាក្យ​សម្ដី​ដ៏​លើក​ទឹក​ចិត្ត​ពី​គម្ពីរ។ (​សូម​អាន រ៉ូម ១:១១, ១២​) ម្យ៉ាង​ទៀត អ្នក​នឹង​ស្គាល់​មនុស្ស​ឯ​ទៀត​ដែល​បាន​យក​ឈ្នះ​បញ្ហា​ផ្សេង​ៗ​ដែល​ពួក​គេ​មាន។ នេះ​គ្រាន់​តែ​ជា​មូលហេតុ​ខ្លះ​ប៉ុណ្ណោះ​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ប្រជុំ​គ្នា​ជា​ទៀង​ទាត់!

បង្កើន​ចំណេះ

សូម​ស្វែង​យល់​ថា តើ​មាន​កម្ម​វិធី​អ្វី​ខ្លះ​នៅ​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា? ហេតុ​អ្វី​ជា​ការ​ល្អ​ឲ្យ​យើង​ព្យាយាម​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​នេះ?

៤. កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា

នៅ​សតវត្សរ៍​ទី​១ គ្រិស្ត​សាសនិក​ប្រជុំ​គ្នា​ជា​ទៀង​ទាត់​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ (​រ៉ូម ១៦:៣​-​៥​) សូម​អាន កូឡុស ៣:១៦ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ពេល​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា តើ​ពួក​គេ​បាន​ធ្វើ​អ្វី​ខ្លះ?

នៅ​សព្វ​ថ្ងៃ សាក្សី​ព្រះ​យេហូវ៉ា​ក៏​ប្រជុំ​គ្នា​ជា​ទៀង​ទាត់​នៅ​ឯ​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ​របស់​ពួក​គេ​ដែរ។ សូម​មើល​ថា តើ​កិច្ច​ប្រជុំ​របស់​ពួក​គេ​ធ្វើ​ឡើង​យ៉ាង​ដូច​ម្ដេច? លេង​វីដេអូ បន្ទាប់​មក សូម​មើល​រូប​ភាព​អំពី​កិច្ច​ប្រជុំ​នៃ​ក្រុម​ជំនុំ​មួយ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​អ្នក​ឃើញ​ថា​អ្វី​ដែល​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ និង​អ្វី​ដែល​អ្នក​អាន​នៅ​កូឡុស ៣:១៦ ដូច​គ្នា​ត្រង់​ណា​ខ្លះ?

  • ក្នុង​វីដេអូ​ឬ​ក្នុង​រូប​ភាព តើ​មាន​អ្វី​ទៀត​ដែល​អ្នក​ចូល​ចិត្ត​អំពី​កិច្ច​ប្រជុំ?

សូម​អាន កូរិនថូស​ទី​២ ៩:៧ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ហេតុ​អ្វី​នៅ​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​គ្មាន​ការ​រៃ​អង្គាសប្រាក់?

សូម​មើល​ជា​មួយ​គ្នា​នូវ​ប្រធានបទ​ដែល​យើង​នឹង​រៀន​ក្នុង​កម្ម​វិធី​កិច្ច​ប្រជុំ​សម្រាប់​សប្ដាហ៍​នេះ។

  • តើ​ផ្នែក​មួយ​ណា​នៅ​កិច្ច​ប្រជុំ​ដែល​អ្នក​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ?

តើ​អ្នក​ដឹង​ទេ?

ក្នុង jw.org/km អ្នក​អាច​រក​ឃើញ​ទី​កន្លែង​និង​ពេល​វេលា​នៃ​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ទូទាំង​ពិភព​លោក។

  1. ក. នៅ​កិច្ច​ប្រជុំ​របស់​យើង​មាន​សុន្ទរកថា ការ​សម្ដែង និង​វីដេអូ។ កិច្ច​ប្រជុំ​ចាប់​ផ្ដើម​ហើយ​បញ្ចប់​ដោយ​ចម្រៀង​និង​សេចក្ដី​អធិដ្ឋាន

  2. ខ. ក្នុង​អំឡុង​ផ្នែក​ខ្លះ​នៃ​កម្ម​វិធី អ្នក​ស្ដាប់​អាច​ចូល​រួម​ឆ្លើយ​បាន

  3. គ. យើង​សូម​ស្វាគមន៍​មនុស្ស​ទាំង​អស់ គឺ​ក្មេង​ចាស់ ប្រុស​ស្រី អ្នក​នៅ​លីវ និង​អ្នក​រៀប​ការ​ហើយ

  4. ឃ. ចូល​រួម​កិច្ច​ប្រជុំ​ដោយ​ឥត​គិត​ថ្លៃ។ សាក្សី​ព្រះ​យេហូវ៉ា​មិន​មាន​ការ​រៃ​អង្គាស​ប្រាក់​ឬ​ឲ្យ​បង់​លុយ​ទេ

៥. ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​តម្រូវ​ឲ្យ​ខំ​ព្យាយាម

សូម​ពិចារណា​អំពី​គំរូ​របស់​ក្រុម​គ្រួសារ​លោក​យេស៊ូ។ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ ពួក​គាត់​បាន​ដើរ​អស់​ប្រហែល​១០០​គីឡូ​ម៉ែត្រ កាត់​តំបន់​ភ្នំ​រដិប​រដុប​ពី​ក្រុង​ណាសារ៉ែត​ទៅ​ក្រុង​យេរូសាឡិម។ សូម​អាន លូកា ២:៣៩​-​៤២ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​អ្នក​គិត​ថា​ការ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​តម្រូវ​ឲ្យ​ខំ​ព្យាយាម​ទេ?

  • តើ​អ្នក​ប្រហែល​ជា​ត្រូវ​យក​ឈ្នះ​បញ្ហា​អ្វី​ខ្លះ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ?

  • ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ តើ​អ្នក​គិត​ថា​គួរ​ចូល​រួម​កិច្ច​ប្រជុំ​ឬ​ទេ? ហេតុ​អ្វី?

គម្ពីរ​ប្រាប់​ថា​ការ​ប្រជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​គឺ​ជា​រឿង​សំខាន់​ណាស់។ សូម​អាន ហេប្រឺ ១០:២៤, ២៥ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ហេតុ​អ្វី​យើង​គួរ​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​មិន​ចាំ​បាច់​ទៅ​កិច្ច​ប្រជុំ​ទេ រៀន​នៅ​ផ្ទះ​គ្រប់​គ្រាន់​ហើយ​»។

  • តើ​បទ​គម្ពីរ​ឬ​គំរូ​មួយ​ណា​ក្នុង​គម្ពីរ​ដែល​ប្រាប់​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ?

សេចក្ដី​សង្ខេប

ការ​ចូល​រួម​កិច្ច​ប្រជុំ​នឹង​ជួយ​អ្នក​ឲ្យ​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​លោក ព្រម​ទាំង​ជួយ​អ្នក​ឲ្យ​គោរព​ប្រណិប័តន៍​លោក​ជា​មួយ​នឹង​អ្នក​ឯ​ទៀត។

រៀន​សា​ឡើង​វិញ

  • ហេតុ​អ្វី​ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រជុំ​គ្នា?

  • តើ​អ្នក​នឹង​រៀន​អ្វី​នៅ​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា?

  • តើ​អ្នក​គិត​ថា​ការ​ចូល​រួម​កិច្ច​ប្រជុំ​អាច​ជួយ​អ្នក​អ្វី​ថែម​ទៀត?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

ចុះ​បើ​អ្នក​មាន​អារម្មណ៍​ភ័យ​អំពី​ការ​ចូល​រួម​កិច្ច​ប្រជុំ? សូម​មើល​បទ​ពិសោធន៍​របស់​បុរស​ម្នាក់​ដែល​ធ្លាប់​ភ័យ តែ​ក្រោយ​មក​គាត់​ចូល​ចិត្ត​កិច្ច​ប្រជុំ​យ៉ាង​ខ្លាំង។

យើង​នឹង​មិន​ភ្លេច​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ (៤:១៦)

សូម​មើល​ថា តើ​បុរស​វ័យ​ក្មេង​ម្នាក់​ចូល​ចិត្ត​កិច្ច​ប្រជុំ​ខ្លាំង​យ៉ាង​ណា? ហើយ​តើ​គាត់​បាន​ធ្វើ​អ្វី​ដើម្បី​បន្ត​ចូល​រួម?

ខ្ញុំ​ចូល​ចិត្ត​កិច្ច​ប្រជុំ​ខ្លាំង​ណាស់! (៤:៣៣)

សូម​រៀន​ថា តើ​អ្នក​ឯ​ទៀត​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការ​ចូល​រួម​កិច្ច​ប្រជុំ?

«​ហេតុ​អ្វី​ចាំ​បាច់​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ឯ​សាល​ប្រជុំ?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

សូម​រៀន​អំពី​បុរស​ដ៏​ឃោរ​ឃៅ​ម្នាក់​ក្នុង​ក្រុម​បង​ធំ​បាន​កែ​ប្រែ​ជីវិត ក្រោយ​ពី​គាត់​ចូល​រួម​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា។

«​ខ្ញុំ​មាន​កាំភ្លើង​ជាប់​ខ្លួន​រហូត​»​ ​(​brwp១៤០៧០១​)