មេរៀនទី២២
តើអ្នកអាចប្រាប់ដំណឹងល្អដល់អ្នកឯទៀតយ៉ាងដូចម្ដេច?
ពេលអ្នករៀនសេចក្ដីពិតក្នុងគម្ពីរ អ្នកប្រហែលជាគិតថា ‹មនុស្សទាំងអស់ត្រូវដឹងអំពីរឿងនេះ!›។ ពិតមែន មនុស្សទាំងអស់ត្រូវដឹងអំពីរឿងនេះ! ក៏ប៉ុន្តែ អ្នកប្រហែលជាមានអារម្មណ៍ភ័យក្នុងការប្រាប់អ្នកឯទៀតអំពីអ្វីដែលអ្នកបានរៀន។ សូមឲ្យយើងពិគ្រោះអំពីរបៀបដែលអ្នកអាចយកឈ្នះអារម្មណ៍ភ័យខ្លាចនោះ និងរបៀបដែលអ្នកអាចចាប់ផ្ដើមប្រាប់អ្នកឯទៀតអំពីដំណឹងល្អក្នុងគម្ពីរដោយចិត្តរីករាយ។
១. តើតាមរបៀបណាអ្នកអាចប្រាប់មនុស្សដែលអ្នកស្គាល់អំពីអ្វីដែលអ្នកបានរៀន?
ពួកអ្នកកាន់តាមលោកយេស៊ូនិយាយថា៖ «យើងមិនអាចឈប់និយាយអំពីអ្វីដែលយើងបានឃើញនិងបានឮទេ»។ (សកម្មភាព ៤:២០) ពួកគាត់ឲ្យតម្លៃសេចក្ដីពិតខ្លាំងដល់ម្ល៉េះ បានជាពួកគាត់ចង់ប្រាប់មនុស្សច្រើនបំផុតតាមដែលអាចធ្វើបាន។ តើអ្នកមានអារម្មណ៍ដូចពួកគាត់ដែរទេ? បើមែន សូមរកឱកាសប្រាប់សាច់ញាតិនិងមិត្តភក្តិអំពីអ្វីដែលអ្នកបានរៀន តាមរបៀបដែលបង្ហាញការគោរព។—សូមអាន កូឡុស ៤:៦
វិធីខ្លះដែលជួយអ្នកឲ្យចាប់ផ្ដើម
-
ពេលនិយាយជាមួយសាច់ញាតិ លើកប្រធានបទមួយពីគម្ពីរ ដោយប្រើពាក្យផ្ដើមថា៖ «ក្នុងសប្ដាហ៍នេះ ខ្ញុំបានរៀនអ្វីមួយដែលគួរឲ្យចាប់អារម្មណ៍»។
-
ប្រាប់បទគម្ពីរមួយដើម្បីលើកទឹកចិត្តមិត្តភក្តិដែលមានជំងឺឬមានការខ្វល់ខ្វាយ។
-
ប្រាប់អំពីអ្វីដែលអ្នកបានរៀនពីគម្ពីរឬពីកិច្ចប្រជុំក្រុមជំនុំ ពេលអ្នករួមការងារសួរអ្នកអំពីគម្រោងសម្រាប់ចុងសប្ដាហ៍។
-
បង្ហាញមិត្តភក្តិរបស់អ្នកអំពីគេហទំព័រ jw.org។
-
អញ្ជើញពួកគេឲ្យអង្គុយរៀនគម្ពីរជាមួយអ្នក ឬបង្ហាញពួកគេអំពីរបៀបស្នើសុំរៀនគម្ពីរក្នុង jw.org/km។
២. ហេតុអ្វីការផ្សព្វផ្សាយជាមួយនឹងក្រុមជំនុំគឺមានប្រយោជន៍?
ពួកអ្នកកាន់តាមលោកយេស៊ូមិនគ្រាន់តែផ្សព្វផ្សាយដំណឹងល្អដល់មនុស្សដែលពួកគេស្គាល់ប៉ុណ្ណោះទេ តែក៏ផ្សព្វផ្សាយដល់មនុស្សដែលពួកគេមិនស្គាល់ដែរ។ ហេតុអ្វីយើងដឹង? ពីព្រោះលោកយេស៊ូបាន«ចាត់ពួកគេជាគូៗឲ្យចូលគ្រប់ក្រុង»ដើម្បីផ្សព្វផ្សាយ។ (លូកា ១០:១) របៀបរៀបចំនោះផ្ដល់ឱកាសឲ្យមនុស្សជាច្រើនឮដំណឹងល្អ។ ម្យ៉ាងទៀត ពេលអ្នកកាន់តាមលោកផ្សព្វផ្សាយជាមួយគ្នា នោះនាំឲ្យពួកគេមានអំណរខ្លាំងណាស់។ (លូកា ១០:១៧) តើអ្នកមានគោលដៅផ្សព្វផ្សាយជាមួយនឹងក្រុមជំនុំដែរឬទេ?
បង្កើនចំណេះ
សូមគិតអំពីរបៀបដែលអ្នកអាចយកឈ្នះអារម្មណ៍ភ័យខ្លាច និងរបៀបដែលអ្នកអាចមានអំណរដែលមកពីការប្រាប់ដំណឹងល្អ។
៣. ព្រះយេហូវ៉ានឹងនៅជាមួយអ្នក
អ្នកខ្លះដែលចង់ផ្សព្វផ្សាយប្រហែលជាភ័យអំពីប្រតិកម្មឬអារម្មណ៍របស់អ្នកឯទៀត។
-
តើអ្នកភ័យខ្លាចក្នុងការប្រាប់អ្នកឯទៀតអំពីអ្វីដែលអ្នកបានរៀនឬទេ? ហេតុអ្វី?
លេងវីដេអូ រួចពិភាក្សាសំណួរនេះ៖
-
ក្នុងវីដេអូ តើតាមរបៀបណាយុវវ័យជាសាក្សីព្រះយេហូវ៉ាបានយកឈ្នះអារម្មណ៍ភ័យខ្លាច?
សូមអាន អេសាយ ៤១:១០ រួចពិភាក្សាសំណួរនេះ៖
-
ពេលអ្នកភ័យខ្លាចក្នុងការផ្សព្វផ្សាយ ហេតុអ្វីអ្នកគួរអធិដ្ឋាន?
តើអ្នកដឹងទេ?
សាក្សីព្រះយេហូវ៉ាជាច្រើននាក់ធ្លាប់គិតថា ពួកគេមិនហ៊ានផ្សព្វផ្សាយដំណឹងល្អដល់អ្នកឯទៀតទេ។ ជាឧទាហរណ៍ ស៊ែហ្គេធ្លាប់ជាមនុស្សដែលគ្មានទំនុកចិត្ត និងពិបាកប្រាស្រ័យទាក់ទងជាមួយអ្នកឯទៀត។ ប៉ុន្តែ ក្រោយពីគាត់បានសិក្សាគម្ពីរ គាត់និយាយថា៖ «ទោះជាខ្ញុំភ័យខ្លាចក៏ដោយ ខ្ញុំចាប់ផ្ដើមនិយាយជាមួយអ្នកឯទៀតអំពីអ្វីដែលខ្ញុំបានរៀន។ ពេលខ្ញុំឃើញថាការប្រាប់អ្នកឯទៀតអំពីគម្ពីរធ្វើឲ្យខ្ញុំកាន់តែមានទំនុកចិត្តលើខ្លួនឯង នោះនាំឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់។ ការនិយាយជាមួយអ្នកឯទៀត ក៏ពង្រឹងជំនឿរបស់ខ្ញុំដែរ»។
៤. ចូរបង្ហាញការគោរព
ពេលប្រាប់ដំណឹងល្អ អ្នកមិនគ្រាន់តែគិតអំពីអ្វីដែលអ្នកត្រូវនិយាយប៉ុណ្ណោះទេ តែក៏គិតអំពីរបៀបដែលអ្នកត្រូវនិយាយដែរ។ សូមអាន ធីម៉ូថេទី២ ២:២៤ និងពេត្រុសទី១ ៣:១៥ រួចពិភាក្សាសំណួរដូចតទៅ៖
-
ពេលនិយាយជាមួយអ្នកឯទៀតអំពីគម្ពីរ តើអ្នកអាចធ្វើតាមខគម្ពីរទាំងនេះយ៉ាងដូចម្ដេច?
-
សាច់ញាតិឬមិត្តភក្តិខ្លះប្រហែលជាមិនយល់ស្របជាមួយនឹងអ្នកទេ។ តើអ្នកអាចធ្វើអ្វី? ហើយតើអ្នកមិនគួរធ្វើអ្វី?
-
ហេតុអ្វីការប្រើសំណួរដែលមិនធ្វើឲ្យគេទើសចិត្ត គឺល្អជាងការប្រាប់ចំៗដោយនិយាយម៉ឺងម៉ាត់?
៥. ការប្រាប់ដំណឹងល្អនាំឲ្យមានអំណរ
ព្រះយេហូវ៉ាបានប្រគល់កិច្ចការផ្សព្វផ្សាយដំណឹងល្អឲ្យលោកយេស៊ូ។ តើលោកយេស៊ូមានទស្សនៈយ៉ាងណាចំពោះកិច្ចការនេះ? សូមអាន យ៉ូហាន ៤:៣៤ រួចពិភាក្សាសំណួរដូចតទៅ៖
-
ការបរិភោគអាហារល្អជួយបំប៉នសុខភាពយើង និងធ្វើឲ្យយើងរីករាយ។ លោកយេស៊ូប្រាប់ថាការធ្វើតាមបំណងប្រាថ្នារបស់ព្រះរួមបញ្ចូលការផ្សព្វផ្សាយដំណឹងល្អ គឺប្រៀបដូចជាការបរិភោគអាហារ។ ហេតុអ្វី?
-
តើអ្នកគិតថាការផ្សព្វផ្សាយដំណឹងល្អអាចនាំឲ្យមានអំណរទេ? ហេតុអ្វី?
យោបល់
-
ក្នុងអំឡុងកិច្ចប្រជុំកិច្ចបម្រើនិងជីវិត សូមចាំស្ដាប់អំពីវិធីដែលអ្នកអាចចាប់ផ្ដើមការសន្ទនា។
-
សូមគិតអំពីការចុះឈ្មោះជាសិស្សក្នុងកិច្ចប្រជុំនោះ។ ពេលអ្នកមានសុន្ទរកថាផ្សេងៗ នោះអាចជួយអ្នកឲ្យកាន់តែចេះត្រៀមខ្លួនដើម្បីប្រាប់អ្នកឯទៀតអំពីអ្វីដែលអ្នកបានរៀន។
-
សូមប្រើផ្នែក«មនុស្សខ្លះនិយាយថា»ឬ«មនុស្សខ្លះប្រហែលជាសួរថា»ក្នុងវគ្គសិក្សានេះ ដើម្បីហាត់របៀបដែលអ្នកអាចតបឆ្លើយចំពោះសំណួរនិងពាក្យជំទាស់ដែលមានជាទូទៅ។
មនុស្សខ្លះប្រហែលជាសួរថា៖ «ថ្មីៗនេះ តើអ្នកយ៉ាងម៉េចដែរ?»។
-
តើតាមរបៀបណាអ្នកអាចប្រើឱកាសនេះដើម្បីប្រាប់គាត់អំពីអ្វីដែលអ្នកបានរៀនពីគម្ពីរ?
សេចក្ដីសង្ខេប
ការប្រាប់ដំណឹងល្អដល់អ្នកឯទៀតនាំឲ្យមានអំណរ ហើយការចាប់ផ្ដើមធ្វើដូច្នោះប្រហែលជាងាយស្រួលជាងអ្នកគិតទៅទៀត។
រៀនសាឡើងវិញ
-
ហេតុអ្វីអ្នកគួរប្រាប់អ្នកឯទៀតអំពីដំណឹងល្អ?
-
តើអ្នកអាចធ្វើដូច្នោះដោយបង្ហាញការគោរពយ៉ាងដូចម្ដេច?
-
តើតាមរបៀបណាអ្នកអាចយកឈ្នះអារម្មណ៍ភ័យខ្លាចដែលធ្វើឲ្យអ្នកមិនហ៊ានផ្សព្វផ្សាយ?
ស្វែងយល់ថែមទៀត
សូមគិតអំពីវិធីសាមញ្ញបួនយ៉ាងដែលអ្នកអាចប្រាប់ដំណឹងល្អដោយប្រើកាតវីស៊ីត jw.org។
សូមរៀនអំពីគុណសម្បត្តិបួនយ៉ាងដែលអាចជួយអ្នកឲ្យផ្សព្វផ្សាយដំណឹងល្អ។
សូមទស្សនាគំរូមួយក្នុងគម្ពីរដែលអាចជួយយើងឲ្យមានចិត្តក្លាហានផ្សព្វផ្សាយដំណឹងល្អ ទោះជាយើងនៅក្មេងក៏ដោយ។
សូមមើលរបៀបដែលអ្នកអាចនិយាយអំពីគម្ពីរជាមួយសាច់ញាតិដែលមិនទាន់រៀនអំពីព្រះយេហូវ៉ា។