មេរៀនទី២៧
តើមរណភាពរបស់លោកយេស៊ូអាចជួយសង្គ្រោះយើងយ៉ាងដូចម្ដេច?
យើងមានភាពខុសឆ្គង មានទុក្ខវេទនា ហើយស្លាប់ ដោយសារប្ដីប្រពន្ធមួយគូដំបូងគឺអាដាមនិងអេវ៉ាមិនបានស្ដាប់បង្គាប់ព្រះ។ a ប៉ុន្តែ នៅតែមានសង្ឃឹមសម្រាប់មនុស្សជាតិ។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាបានរៀបចំផ្លូវមួយដើម្បីជួយសង្គ្រោះយើងឲ្យរួចពីភាពខុសឆ្គងនិងសេចក្ដីស្លាប់ តាមរយៈលោកយេស៊ូគ្រិស្តដែលជាបុត្រលោក។ គម្ពីរបង្រៀនថាតាមរយៈមរណភាពរបស់លោកយេស៊ូ លោកបានផ្ដល់ថ្លៃលោះសម្រាប់យើង។ ថ្លៃលោះជាតម្លៃដែលត្រូវបង់ដើម្បីលោះអ្នកណាម្នាក់។ ថ្លៃលោះដែលលោកយេស៊ូបានបង់គឺ ជីវិតរបស់លោកជាមនុស្សល្អឥតខ្ចោះ។ (សូមអាន ម៉ាថាយ ២០:២៨) ពេលលោកយេស៊ូស្ម័គ្រចិត្តលះបង់សិទ្ធិរស់ជារៀងរហូតនៅផែនដី លោកបានបើកផ្លូវមួយឲ្យយើងទាំងអស់គ្នាទទួលអ្វីៗទាំងអស់ដែលអាដាមនិងអេវ៉ាបានបាត់បង់។ ម្យ៉ាងទៀត លោកយេស៊ូបានបង្ហាញថាលោកនិងព្រះយេហូវ៉ាពិតជាស្រឡាញ់យើងខ្លាំងណាស់។ មេរៀននេះនឹងជួយអ្នកឲ្យដឹងគុណលោកយេស៊ូយ៉ាងជ្រាលជ្រៅ ដែលបានលះបង់ជីវិតខ្លួន។
១. នៅសព្វថ្ងៃនេះ តើតាមរបៀបណាយើងអាចទទួលប្រយោជន៍ពីមរណភាពរបស់លោកយេស៊ូ?
យើងមានភាពខុសឆ្គង ដូច្នេះយើងធ្វើអ្វីជាច្រើនដែលនាំឲ្យព្រះយេហូវ៉ាមិនពេញចិត្ត។ ទោះជាយ៉ាងនោះក៏ដោយ បើយើងពិតជាស្ដាយក្រោយចំពោះកំហុសរបស់យើង ហើយសុំព្រះយេហូវ៉ាអភ័យទោសឲ្យយើងតាមរយៈលោកយេស៊ូគ្រិស្ត ព្រមទាំងខំព្យាយាមមិនធ្វើខុសដដែលម្ដងទៀត នោះយើងអាចមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះ។ (យ៉ូហានទី១ ២:១) គម្ពីរចែងថា៖ «គ្រិស្តស្លាប់មួយដងជាការស្រេចដើម្បីលោះការខុសឆ្គង គឺមនុស្សសុចរិតស្លាប់ដើម្បីមនុស្សមិនសុចរិត។ លោកបានធ្វើដូច្នេះ ដើម្បីនាំអ្នករាល់គ្នាទៅឯព្រះ»។—ពេត្រុសទី១ ៣:១៨
២. នៅអនាគត តើតាមរបៀបណាយើងអាចទទួលប្រយោជន៍ពីមរណភាពរបស់លោកយេស៊ូ?
ព្រះយេហូវ៉ាបានចាត់លោកយេស៊ូឲ្យលះបង់ជីវិតល្អឥតខ្ចោះរបស់លោក«ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះ[សំដៅលើលោកយេស៊ូ] អាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។ (យ៉ូហាន ៣:១៦) ដោយសារមរណភាពរបស់លោកយេស៊ូ នោះមិនយូរទៀតព្រះយេហូវ៉ានឹងលុបបំបាត់ផលវិបាកទាំងអស់ដែលមកពីការមិនស្ដាប់បង្គាប់របស់អាដាម។ នេះមានន័យថា បើយើងបង្ហាញជំនឿលើគ្រឿងបូជាលោះរបស់លោកយេស៊ូ យើងនឹងមានឱកាសរស់ជារៀងរហូតនៅផែនដីដែលជាសួនឧទ្យាន!—អេសាយ ៦៥:២១-២៣
បង្កើនចំណេះ
សូមរៀនថែមទៀតអំពីមូលហេតុដែលលោកយេស៊ូបានលះបង់ជីវិត និងអំពីរបៀបដែលអ្នកអាចទទួលប្រយោជន៍ពីថ្លៃលោះរបស់លោក។
៣. មរណភាពរបស់លោកយេស៊ូរំដោះយើងពីភាពខុសឆ្គងនិងសេចក្ដីស្លាប់
លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
-
តើអាដាមបានបាត់បង់ឱកាសអ្វី ពេលគាត់ឈប់ស្ដាប់បង្គាប់ព្រះ?
សូមអាន រ៉ូម ៥:១២ រួចពិភាក្សាសំណួរនេះ៖
-
តើភាពខុសឆ្គងរបស់អាដាមមានឥទ្ធិពលយ៉ាងណាមកលើជីវិតអ្នក?
សូមអាន យ៉ូហាន ៣:១៦ រួចពិភាក្សាសំណួរនេះ៖
-
ហេតុអ្វីបានជាព្រះយេហូវ៉ាចាត់បុត្ររបស់លោកឲ្យមកផែនដី?
-
ក. អាដាមជាបុរសល្អឥតខ្ចោះដែលឈប់ស្ដាប់បង្គាប់ព្រះ ហើយនេះនាំឲ្យមនុស្សមានភាពខុសឆ្គងនិងស្លាប់
-
ខ. លោកយេស៊ូជាបុរសល្អឥតខ្ចោះដែលស្ដាប់បង្គាប់ព្រះ ហើយនេះផ្ដល់ឱកាសឲ្យមនុស្សមានភាពល្អឥតខ្ចោះនិងមានជីវិតជារៀងរហូត
៤. មរណភាពរបស់លោកយេស៊ូអាចផ្ដល់ប្រយោជន៍ដល់មនុស្សទាំងអស់
លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
-
តើការស្លាប់របស់មនុស្សម្នាក់អាចផ្ដល់ប្រយោជន៍ដល់មនុស្សទាំងអស់យ៉ាងដូចម្ដេច?
សូមអាន ធីម៉ូថេទី១ ២:៥, ៦ និងកំណត់សម្គាល់ រួចពិភាក្សាសំណួរនេះ៖
-
អាដាមជាមនុស្សល្អឥតខ្ចោះ តែដោយសារគាត់ធ្វើខុស គាត់បាននាំឲ្យមនុស្សទាំងអស់មានភាពខុសឆ្គងនិងស្លាប់។ លោកយេស៊ូក៏ជាមនុស្សល្អឥតខ្ចោះដូចអាដាមដែរ។ ដូច្នេះ តើក្នុងន័យអ្វីដែលលោកយេស៊ូបានផ្ដល់ថ្លៃលោះ«ដែលស្មើនឹងអ្វីដែលបានបាត់បង់»?
៥. ថ្លៃលោះគឺជាអំណោយដែលព្រះយេហូវ៉ាឲ្យដល់អ្នក
អ្នកដែលជាមិត្តសម្លាញ់ព្រះយេហូវ៉ាចាត់ទុកថ្លៃលោះជាអំណោយសម្រាប់គាត់ផ្ទាល់។ ជាឧទាហរណ៍ សូមអាន កាឡាទី ២:២០ រួចពិភាក្សាសំណួរនេះ៖
-
តើសាវ័កប៉ូលបានបញ្ជាក់យ៉ាងដូចម្ដេចថាថ្លៃលោះជាអំណោយសម្រាប់គាត់ផ្ទាល់?
ពេលអាដាមធ្វើខុស នេះនាំឲ្យគាត់និងកូនចៅទាំងអស់របស់គាត់ត្រូវស្លាប់។ នេះក៏រួមបញ្ចូលយើងដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាបានចាត់បុត្ររបស់លោកឲ្យមកលះបង់ជីវិត ដើម្បីយើងអាចមានឱកាសរស់ជារៀងរហូត។
ពេលអ្នកអានខគម្ពីរទាំងនេះ សូមស្រមៃគិតថា តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលបុត្ររបស់លោករងទុក្ខវេទនា? សូមអាន យ៉ូហាន ១៩:១-៧, ១៦-១៨ រួចពិភាក្សាសំណួរនេះ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណាអំពីអ្វីដែលព្រះយេហូវ៉ានិងលោកយេស៊ូបានធ្វើដើម្បីអ្នក?
មនុស្សខ្លះប្រហែលជាសួរថា៖ «តើមនុស្សម្នាក់អាចស្លាប់ដើម្បីមនុស្សទាំងអស់យ៉ាងដូចម្ដេចបាន?»។
-
តើអ្នកនឹងឆ្លើយយ៉ាងណា?
សេចក្ដីសង្ខេប
មរណភាពរបស់លោកយេស៊ូជាមូលដ្ឋានសម្រាប់ឲ្យព្រះយេហូវ៉ាអភ័យទោសចំពោះកំហុសឆ្គងរបស់យើង ហើយផ្ដល់ឱកាសឲ្យយើងមានជីវិតដែលគ្មានទីបញ្ចប់។
រៀនសាឡើងវិញ
-
ហេតុអ្វីបានជាលោកយេស៊ូស្លាប់?
-
តើក្នុងន័យអ្វីដែលលោកយេស៊ូបានផ្ដល់ថ្លៃលោះ«ដែលស្មើនឹងអ្វីដែលបានបាត់បង់»?
-
តើមរណភាពរបស់លោកយេស៊ូផ្ដល់ប្រយោជន៍អ្វីដល់អ្នក?
ស្វែងយល់ថែមទៀត
សូមរៀនអំពីមូលហេតុដែលជីវិតរបស់លោកយេស៊ូជាមនុស្សល្អឥតខ្ចោះ បានត្រូវហៅថាថ្លៃលោះ។
«តើក្នុងន័យអ្វីថ្លៃលោះរបស់លោកយេស៊ូអាច‹លោះមនុស្សជាច្រើន›?» (អត្ថបទក្នុងគេហទំព័រ)
សូមស្វែងយល់អំពីអ្វីដែលយើងត្រូវធ្វើដើម្បីទទួលសេចក្ដីសង្គ្រោះ។
«តើលោកយេស៊ូសង្គ្រោះយើងតាមរបៀបណា?» (អត្ថបទក្នុងគេហទំព័រ)
សូម្បីតែអំពើខុសឆ្គងធ្ងន់ធ្ងរ តើព្រះយេហូវ៉ាអាចអភ័យទោសឲ្យបានទេ?
«សំណួរនិងចម្លើយពីគម្ពីរ» (ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣)
a អំពើខុសឆ្គងមិនគ្រាន់តែសំដៅលើការប្រព្រឹត្តអ្វីមួយដែលអាក្រក់ប៉ុណ្ណោះទេ តែក៏សំដៅលើភាពមិនល្អឥតខ្ចោះដែលយើងបានទទួលពីអាដាមនិងអេវ៉ាដែរ។