លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៥៥

ចូរជួយគាំទ្រក្រុមជំនុំរបស់អ្នក

ចូរជួយគាំទ្រក្រុមជំនុំរបស់អ្នក

នៅ​ជុំ​វិញ​ពិភព​លោក សាក្សី​ព្រះ​យេហូវ៉ា​មាន​រាប់​ពាន់​ក្រុម​ជំនុំ ហើយ​មនុស្ស​រាប់​លាន​នាក់​សប្បាយ​គោរព​ប្រណិប័តន៍​ព្រះ​នៅ​ទី​នោះ។ ពួក​គេ​ដឹង​គុណ​ព្រះ​ដែល​លោក​ផ្ដល់​ការ​អប់រំ​និង​ការ​ណែនាំ​តាម​រយៈ​ក្រុម​ជំនុំ។ ម្ល៉ោះ​ហើយ ពួក​គេ​ខំ​ព្យាយាម​ជួយ​គាំទ្រ​ក្រុម​ជំនុំ​តាម​របៀប​ជា​ច្រើន។ តើ​អ្នក​មាន​អារម្មណ៍​ដូច្នោះ​ទេ​ចំពោះ​ក្រុម​ជំនុំ​របស់​អ្នក?

១. តើ​អ្នក​អាច​ប្រើ​ពេល​វេលា​និង​កម្លាំង​ដើម្បី​ជួយ​គាំទ្រ​ក្រុម​ជំនុំ​តាម​របៀប​ណា​ខ្លះ?

យើង​ទាំង​អស់​គ្នា​អាច​ជួយ​ក្រុម​ជំនុំ​បាន។ ជា​ឧទាហរណ៍ តើ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​មាន​បង​ប្អូន​វ័យ​ចាស់​និង​បង​ប្អូន​ដែល​មាន​សុខភាព​ខ្សោយ​ឬ​ទេ? បើ​មាន តើ​អ្នក​អាច​ជួយ​ទៅ​យក​ពួក​គាត់​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ឬ​ទេ? ឬ​តើ​អ្នក​អាច​ជួយ​ពួក​គាត់​តាម​របៀប​ផ្សេង​ទៀត ដូច​ជា​ទៅ​ផ្សារ​ទិញ​អីវ៉ាន់​ឲ្យ​ពួក​គាត់​ឬ​ជួយ​សម្អាត​ផ្ទះ​ឲ្យ​ពួក​គាត់​ទេ? (​សូម​អាន យ៉ាកុប ១:២៧​) យើង​ក៏​អាច​ស្ម័គ្រ​ចិត្ត​ជួយ​សម្អាត​និង​ថែ​ទាំ​សាល​ប្រជុំ​របស់​យើង​ដែរ។ គ្មាន​អ្នក​ណា​ម្នាក់​បង្ខំ​យើង​ឲ្យ​ធ្វើ​អ្វី​ទាំង​នេះ​ទេ។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​ចំពោះ​បង​ប្អូន ជំរុញ​ចិត្ត​យើង​ឲ្យ​«​ស្ម័គ្រ​ចិត្ត​»​ជួយ។​—ចម្រៀង​សរសើរ​ព្រះ ១១០:៣

អ្នក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី អាច​ជួយ​គាំទ្រ​ក្រុម​ជំនុំ​តាម​របៀប​ផ្សេង​ៗ​ទៀត។ បង​ប្អូន​ប្រុស​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​អាច​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ហើយ​ក្រោយ​មក​ជា​អ្នក​ចាស់​ទុំ។ ទាំង​បង​ប្អូន​ប្រុស​ទាំង​បង​ប្អូន​ស្រី​អាច​គាំទ្រ​កិច្ច​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម ដោយ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ បង​ប្អូន​ខ្លះ​អាច​ជួយ​សាង​សង់​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ ឬ​រើ​ទៅ​ក្រុម​ជំនុំ​ណា​ដែល​ត្រូវ​ការ​ជំនួយ។

២. តើ​យើង​អាច​ប្រើ​ធន​ធាន​របស់​យើង​ដើម្បី​គាំទ្រ​ក្រុម​ជំនុំ​តាម​របៀប​ណា?

យើង​អាច​«​លើក​កិត្តិយស​ព្រះ​យេហូវ៉ា ដោយ​ជូន​របស់​មាន​តម្លៃ​ទៅ​លោក​»។ (​សុភាសិត ៣:៩​) ការ​ជូន​វិភាគទាន​និង​ការ​ប្រើ​ធន​ធាន​ឯ​ទៀត​ដើម្បី​គាំទ្រ​ក្រុម​ជំនុំ​និង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​ទូទាំង​ពិភព​លោក គឺ​ជា​ឯកសិទ្ធិ​មួយ​សម្រាប់​យើង។ (​សូម​អាន កូរិនថូស​ទី​២ ៩:៧​) វិភាគទាន​របស់​យើង​ក៏​បាន​ត្រូវ​ប្រើ​ពេល​មាន​មហន្តរាយ​ដែរ។ បង​ប្អូន​ជា​ច្រើន​បាន​សម្រេច​ចិត្ត​«​ទុក​របស់​ទ្រព្យ​ខ្លះ​ដោយ​ឡែក​»​ ដើម្បី​ជូន​វិភាគទាន​ជា​ទៀង​ទាត់។ (​សូម​អាន កូរិនថូស​ទី​១ ១៦:២​) យើង​អាច​ដាក់​វិភាគទាន​ក្នុង​ប្រអប់​វិភាគទាន​នៅ​កន្លែង​គោរព​ប្រណិប័តន៍​របស់​យើង ឬ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ចូល​គេហទំព័រ donate.pr418.com។ ព្រះ​យេហូវ៉ា​ផ្ដល់​ឱកាស​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក តាម​របៀប​ដែល​យើង​ប្រើ​ទ្រព្យ​សម្បត្តិ​របស់​យើង។

បង្កើន​ចំណេះ

សូម​ពិចារណា​វិធី​ខ្លះ​ដែល​អ្នក​អាច​ជួយ​គាំទ្រ​ក្រុម​ជំនុំ។

៣. យើង​អាច​ប្រើ​ទ្រព្យ​សម្បត្តិ​របស់​យើង

ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ ហើយ​លោក​យេស៊ូ​ក៏​មាន​អារម្មណ៍​ដូច្នោះ​ដែរ។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​សរសើរ​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​ដែល​បាន​ជូន​អ្វី​បន្តិច​បន្តួច​ដែល​នាង​មាន​ដល់​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​អស់​ពី​ចិត្ត។ សូម​អាន លូកា ២១:១​-​៤ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ទាល់​តែ​ជូន​វិភាគទាន​ច្រើន ទើប​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ឬ?

  • តើ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​វិភាគទាន​ដែល​យើង​ជូន​ដោយ​ស្ម័គ្រ​ពី​ចិត្ត?

សូម​រៀន​ថាតើ​វិភាគទាន​របស់​យើង​បាន​ត្រូវ​ប្រើ​សម្រាប់​អ្វី​ខ្លះ? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​វិភាគទាន​បាន​ត្រូវ​ប្រើ​ជា​ប្រយោជន៍​ដល់​ក្រុម​ជំនុំ​នៅ​ទូទាំង​ពិភព​លោក​តាម​របៀប​ណា​ខ្លះ?

៤. យើង​អាច​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ជួយ

ការ​ជួយ​មិន​គ្រាន់​តែ​ជា​ការ​ជូន​វិភាគទាន​ប៉ុណ្ណោះ​ទេ។ ជា​ឧទាហរណ៍ នៅ​សម័យ​គម្ពីរ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ក៏​ខ្នះ​ខ្នែង​ក្នុង​ការ​ថែ​ទាំ​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ​ដែរ។ សូម​អាន ប្រវត្តិហេតុ​ទី​២ ៣៤:៩​-​១១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ៗ​ជួយ​ថែ​រក្សា​វិហារ​របស់​ព្រះ​ឬ​កន្លែង​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​ណា​ខ្លះ?

សូម​មើល​របៀប​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​តាម​គំរូ​ពី​សម័យ​បុរាណ។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ថែ​រក្សា​សាល​ប្រជុំ​របស់​យើង​ឲ្យ​នៅ​ស្អាត​និង​នៅ​ល្អ?

  • តើ​អ្នក​អាច​ជួយ​ថែ​រក្សា​សាល​ប្រជុំ​តាម​របៀប​ណា​ខ្លះ?

៥. បង​ប្អូន​ប្រុស​អាច​ខំ​ព្យាយាម​រីក​ចម្រើន​ដើម្បី​ទទួល​ភារកិច្ច​ថែម​ទៀត

គម្ពីរ​លើក​ទឹក​ចិត្ត​បង​ប្អូន​ប្រុស​ឲ្យ​ខំ​ព្យាយាម​រីក​ចម្រើន​អស់​ពី​សមត្ថភាព​ក្នុង​ការ​គាំទ្រ​ក្រុម​ជំនុំ។ ដើម្បី​មើល​គំរូ​មួយ សូម​លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​វីដេអូ តើរ៉ាយអិនបាន​ខំ​ព្យាយាម​ធ្វើ​អ្វី​ដើម្បី​ជួយ​គាំទ្រ​ក្រុម​ជំនុំ​ឲ្យ​អស់​ពី​សមត្ថភាព?

គម្ពីរ​រៀប​រាប់​អំពី​តម្រូវ​ការ​សម្រាប់​បង​ប្អូន​ប្រុស​ដែល​ចង់​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​និង​ជា​អ្នក​ចាស់​ទុំ។ សូម​អាន ធីម៉ូថេ​ទី​១ ៣:១​-​១៣ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​មាន​តម្រូវ​ការ​អ្វី​ខ្លះ​សម្រាប់​បង​ប្អូន​ប្រុស​ដែល​ខំ​ព្យាយាម​រីក​ចម្រើន ដើម្បី​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​និង​ទៅ​ជា​អ្នក​ចាស់​ទុំ?

  • តើ​មាន​តម្រូវ​ការ​អ្វី​ខ្លះ​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួក​គាត់? (​សូម​មើល​ខ​៤​និង​១១​)

  • ពេល​បង​ប្អូន​ប្រុស​ខំ​ព្យាយាម​ឲ្យ​មាន​គុណ​សម្បត្តិ​ទាំង​នេះ តើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

មនុស្ស​ខ្លះ​ប្រហែល​ជា​សួរ​ថា​៖ ​«​តើ​សាក្សី​ព្រះ​យេហូវ៉ា​បាន​ប្រាក់​មក​ពី​ណា​ដើម្បី​ធ្វើ​កិច្ច​ការ​របស់​ពួក​គេ?​»។

  • តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

សេចក្ដី​សង្ខេប

ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង ពេល​យើង​ខំ​ប្រឹង​ចំណាយ​ពេល​វេលា កម្លាំង និង​ធន​ធាន​ដើម្បី​ជួយ​គាំទ្រ​ក្រុម​ជំនុំ។

រៀន​សា​ឡើង​វិញ

  • តើ​តាម​របៀប​ណា​យើង​អាច​ប្រើ​ពេល​វេលា​និង​កម្លាំង​ដើម្បី​គាំទ្រ​ក្រុម​ជំនុំ?

  • តើ​យើង​អាច​ប្រើ​ទ្រព្យ​សម្បត្តិ​របស់​យើង​ដើម្បី​គាំទ្រ​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

  • តើ​អ្នក​ចង់​គាំទ្រ​ក្រុម​ជំនុំ​តាម​វិធី​ណា​ខ្លះ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

ព្រះ​ប្រគល់​តួ​នាទី​មួយ​ចំនួន​ដល់​បុរស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​ស្ត្រី​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ត្រូវ​បំពេញ​តួ​នាទី​ទាំង​នេះ​វិញ

«​ការ​យល់​អំពី​ប្រមុខភាព​ក្នុង​ក្រុម​ជំនុំ​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​កុម្ភៈ ឆ្នាំ​២០២១​)

សូម​មើល​សាក្សី​ដ៏​ក្លាហាន​ដែល​ខំ​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​ដឹក​ជញ្ជូន​សៀវ​ភៅ​ទៅ​ឲ្យ​បង​ប្អូន​រួម​ជំនឿ។

ការ​ដឹក​ជញ្ជូន​សៀវ​ភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ក្នុង​ប្រទេស​កុងហ្គោ (៤:២៥)

សូម​ស្វែង​យល់​ថា តើ​របៀប​ដែល​យើង​ប្រើ​ប្រាក់​ឧបត្ថម្ភ​សម្រាប់​កិច្ច​ការ​របស់​យើង គឺ​ខុស​គ្នា​ឆ្ងាយ​យ៉ាង​ណា​ពី​អង្គការ​សាសនា​ឯ​ទៀត?

«​តើ​កិច្ច​ការ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ទទួល​ប្រាក់​ឧបត្ថម្ភ​យ៉ាង​ដូច​ម្ដេច?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)