លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៧

ចូរប្រកាស«ដំណឹងល្អអំពីលោកយេស៊ូ»

ចូរប្រកាស«ដំណឹងល្អអំពីលោកយេស៊ូ»

ភីលីព​ទុក​គំរូ​ល្អ​ប្រសើរ​ក្នុង​នាម​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ

មាន​មូលដ្ឋាន​លើ​សកម្មភាព ៨:៤​-​៤០

១, ២. តើ​ការ​ព្យាយាម​បញ្ឈប់​ការ​ផ្សព្វ​ផ្សាយ​នៅ​សតវត្សរ៍​ទី​១ បាន​នាំ​ឲ្យ​មាន​លទ្ធផល​ដ៏​មិន​គួរ​ឲ្យ​នឹក​ស្មាន​អ្វី?

 រលក​នៃ​ការ​បៀតបៀន​ដ៏​សាហាវ​ក៏​ផ្ទុះ​ឡើង ហើយ​សុល​ចាប់​ផ្ដើម​‹ធ្វើ​ទុក្ខ​ខ្លាំង​ក្រៃ​លែង›​ដល់​ក្រុម​ជំនុំ។ តាម​ភាសា​ដើម ពាក្យ​‹ធ្វើ​ទុក្ខ​ខ្លាំង​ក្រៃ​លែង› សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​យ៉ាង​ឃោរឃៅ​និង​ព្រៃ​ផ្សៃ។ (​សកម្ម. ៨:៣​) ពួក​អ្នក​កាន់​តាម​គ្រិស្ត​បាន​រត់​ភៀស​ខ្លួន នោះ​បាន​ធ្វើ​ឲ្យ​គម្រោង​របស់​សុល​ក្នុង​ការ​បំផ្លាញ​ចោល​គ្រិស្ត​សាសនិក ហាក់​ដូច​ជា​ជិត​បាន​សម្រេច។ ប៉ុន្តែ ការ​ដែល​គ្រិស្ត​សាសនិក​រត់​ខ្ចាត់​ខ្ចាយ បាន​នាំ​ឲ្យ​មាន​លទ្ធផល​នឹក​ស្មាន​មិន​ដល់។ តើ​នោះ​គឺ​ជា​អ្វី?

អស់​អ្នក​ដែល​រត់​ខ្ចាត់​ខ្ចាយ ចាប់​ផ្ដើម​«​ប្រកាស​ដំណឹង​ល្អ​អំពី​បណ្ដាំ​របស់​ព្រះ​»​ ក្នុង​ស្រុក​ដែល​ពួក​គេ​ភៀស​ខ្លួន​ទៅ។ (​សកម្ម. ៨:៤​) សូម​យើង​ស្រមៃ​គិត​អំពី​រឿង​នេះ! ការ​បៀតបៀន​មិន​ត្រឹម​តែ​មិន​អាច​បញ្ឈប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នោះ​ទេ តែ​បែរ​ជា​ធ្វើ​ឲ្យ​ដំណឹង​ល្អ​រីក​សុសសាយ​កាន់​តែ​ខ្លាំង! ដោយ​មិន​ដឹង​ខ្លួន ពួក​អ្នក​ប្រឆាំង​បាន​ធ្វើ​ឲ្យ​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ រីក​ចម្រើន​ទៅ​ដល់​កន្លែង​ឆ្ងាយ​ៗ។ ដូច​ដែល​យើង​នឹង​ឃើញ រឿង​ស្រដៀង​គ្នា​នេះ​ក៏​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​ដែរ។

​«​អស់​អ្នក​ដែល​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ​»​ (​សកម្មភាព ៨:៤​-​៨​)

៣. ​(​ក​) តើ​ភីលីព​ជា​អ្នក​ណា? (​ខ​) ហេតុ​អ្វី​មនុស្ស​ភាគ​ច្រើន​នៅ​ស្រុក​សាម៉ារី​មិន​ធ្លាប់​ឮ​ដំណឹង​ល្អ? ប៉ុន្តែ តើ​លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​តំបន់​នោះ?

នៅ​ក្នុង​ចំណោម​«​អស់​អ្នក​ដែល​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ​»​ មាន​បុរស​ម្នាក់​ឈ្មោះ​ភីលីព។ a (​សកម្ម. ៨:៤; សូម​មើល​ប្រអប់​«​ ភីលីព​‹អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ›​»​) ភីលីព​បាន​ទៅ​ក្រុង​សាម៉ារី ជា​ក្រុង​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ធ្លាប់​ឮ​ដំណឹង​ល្អ ដោយ​សារ​លោក​យេស៊ូ​ធ្លាប់​ផ្ដល់​ការ​ណែនាំ​ដល់​ពួក​សាវ័ក​ថា​៖ ​«​កុំ . . . ចូល​ទៅ​ក្នុង​ក្រុង​របស់​ជន​ជាតិ​សាម៉ារី​ឡើយ។ ប៉ុន្តែ ចូរ​ទៅ​ឯ​ចៀម​ដែល​វង្វេង​បាត់​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​ប៉ុណ្ណោះ​»។ (​ម៉ាថ. ១០:៥, ៦​) យ៉ាង​ណា​ក៏​ដោយ លោក​យេស៊ូ​ជ្រាប​ថា ក្រោយ​មក​ពួក​អ្នក​ក្រុង​សាម៉ារី​នឹង​ទទួល​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់ ពីព្រោះ​មុន​លោក​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម នៅ​តំបន់​យូឌា​ទាំង​មូល នៅ​ទូ​ទាំង​ស្រុក​សាម៉ារី និង​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី​»។—សកម្ម. ១:៨

៤. ពេល​ភីលីព​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​សាម៉ារី តើ​ពួក​គេ​មាន​ប្រតិកម្ម​យ៉ាង​ណា? ហើយ​តើ​ចំណុច​អ្វី​ដែល​ប្រហែល​ជា​ធ្វើ​ឲ្យ​ពួក​គេ​មាន​ប្រតិកម្ម​បែប​នោះ?

ភីលីព​ឃើញ​ថា អ្នក​ស្រុក​សាម៉ារី​ប្រៀប​ដូច​ជា​‹ស្រូវ​ទុំ​ល្មម​ច្រូត›។ (​យ៉ូន. ៤:៣៥​) ដំណឹង​ដែល​ភីលីព​ផ្សព្វ​ផ្សាយ​ពិត​ជា​បាន​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​ទី​នោះ មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ហេតុ​អ្វី? ពីព្រោះ​ជនជាតិ​យូដា​មិន​ប្រាស្រ័យ​ទាក់​ទង​នឹង​ជន​ជាតិ​សាម៉ារី​ទេ ពួក​គេ​ភាគ​ច្រើន​ថែម​ទាំង​មើល​ងាយ​ជន​ជាតិ​សាម៉ារី​ទៀត​ផង។ ប៉ុន្តែ ជន​ជាតិ​សាម៉ារី​ឃើញ​ថា ដំណឹង​ល្អ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​មនុស្ស​គ្រប់​រូប​ដោយ​មិន​រើស​មុខ។ នេះ​ផ្ទុយ​ស្រឡះ​ពី​ចិត្ត​គំនិត​ដ៏​ចង្អៀត​ចង្អល់​របស់​ពួក​ផារិស៊ី។ ដោយ​សារ​ភីលីព​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​និង​មិន​រើស​មុខ នោះ​បង្ហាញ​ថា​គាត់​មិន​បាន​ត្រូវ​បំពុល​ដោយ​ចិត្ត​គំនិត​រើស​អើង​របស់​ពួក​អ្នក​ដែល​មើល​ងាយ​ជន​ជាតិ​សាម៉ារី​ឡើយ។ ហេតុ​នេះ មិន​ចម្លែក​ទេ​ដែល​ជន​ជាតិ​សាម៉ារី​មួយ​ក្រុម​ធំ ​«​ផ្ចង់​អារម្មណ៍​»​ស្ដាប់​ភីលីព​និយាយ។—សកម្ម. ៨:៦

៥​-​៧. សូម​លើក​ឧទាហរណ៍​ខ្លះ​ដែល​បង្ហាញ​ថា ការ​ភៀស​ខ្លួន​របស់​គ្រិស្ត​សាសនិក​នាំ​ឲ្យ​ដំណឹង​ល្អ​រីក​សុសសាយ។

សព្វ​ថ្ងៃ​ដូច​នៅ​សតវត្សរ៍​ទី​១​ដែរ ការ​បៀតបៀន​ទៅ​លើ​រាស្ត្រ​របស់​ព្រះ​មិន​បាន​រា​រាំង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ​ទេ។ អស់​ជា​ច្រើន​ដង ការ​ចាប់​គ្រិស្ត​សាសនិក​ដាក់​គុក ឬ​បង្ខំ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​កន្លែង​ផ្សេង មាន​តែ​ធ្វើ​ឲ្យ​ដំណឹង​រាជាណាចក្រ​បាន​ឮ​ដល់​មនុស្ស ដែល​រស់​នៅ​តំបន់​នោះ​ប៉ុណ្ណោះ។ ជា​ឧទាហរណ៍ ក្នុង​សង្គ្រាម​លោក​លើក​ទី​២ សាក្សី​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​សក្ខី​ភាព​យ៉ាង​អស្ចារ្យ​ក្នុង​ជំរំ​ឃុំ​ឃាំង​ណាត្ស៊ី។ ជនជាតិ​យូដា​ម្នាក់​ដែល​បាន​ជួប​សាក្សី​នៅ​ទី​នោះ និយាយ​ថា​៖ ​«​ការ​ស៊ូ​ទ្រាំ​របស់​អ្នក​ទោស​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ថា ជំនឿ​របស់​ពួក​គេ​មាន​មូលដ្ឋាន​លើ​គម្ពីរ។ នៅ​ទី​បំផុត ខ្ញុំ​ខ្លួន​ឯង​ក៏​ទៅ​ជា​សាក្សី​ដែរ​»។

ក្នុង​ករណី​ខ្លះ សូម្បី​តែ​ពួក​អ្នក​ប្រឆាំង​ដែល​បាន​ឮ​ដំណឹង​ល្អ ក៏​ព្រម​ទទួល​យក​ដំណឹង​នោះ​ផង​ដែរ។ ជា​ឧទាហរណ៍ សាក្សី​ម្នាក់​ឈ្មោះ​ហ្វ្រេន ដេស ដែល​បាន​ត្រូវ​បញ្ជូន​ទៅ​ជំរំ​ឃុំ​ឃាំង​គូសេន​នៅ​ប្រទេស​អូទ្រីស គាត់​មាន​ឱកាស​បង្រៀន​គម្ពីរ​ដល់​មន្ត្រី​ប៉ូលិស​ម្នាក់។ សូម​ស្រមៃ​គិត​អំពី​អំណរ​របស់​ពួក​គាត់ ដែល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​បាន​ជួប​គ្នា​ម្ដង​ទៀត​នៅ​មហា​សន្និបាត​របស់​សាក្សី​ព្រះ​យេហូវ៉ា ហើយ​ពួក​គាត់​ទាំង​ពីរ​ជា​អ្នក​ប្រកាស​ផ្សាយ​ដំណឹង​ល្អ!

រឿង​ស្រដៀង​គ្នា​នេះ​ក៏​បាន​កើត​ឡើង​ដែរ នៅ​ពេល​ដែល​ការ​បៀតបៀន​បាន​បង្ក​ឲ្យ​គ្រិស្ត​សាសនិក​ត្រូវ​ភៀស​ខ្លួន​ទៅ​ប្រទេស​មួយ​ទៀត។ ជា​ឧទាហរណ៍ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ មនុស្ស​ជា​ច្រើន​នៅ​ប្រទេស​ម៉ូសំប៊ិក​បាន​ឮ​ដំណឹង​ល្អ នៅ​ពេល​ដែល​សាក្សី​ពី​ប្រទេស​ម៉ាឡាវី​បាន​រត់​ភៀស​ខ្លួន​មក​រស់​នៅ​ទី​នោះ។ ទោះ​ជា​ក្រោយ​មក ការ​ប្រឆាំង​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ម៉ូសំប៊ិក​ក្ដី កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​តែ​បន្ត។ បង​ហ្វ្រានស៊ីស្កូ ខូអាណា បាន​និយាយ​ថា​៖ ​«​ពិត​មែន​តែ​សាក្សី​ខ្លះ​បាន​ត្រូវ​ចាប់​ខ្លួន​ជា​ច្រើន​ដង​ដោយ​សារ​កិច្ច​ការ​ផ្សព្វ​ផ្សាយ តែ​ពេល​មនុស្ស​ជា​ច្រើន​ទទួល​យក​ដំណឹង​រាជាណាចក្រ នោះ​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​កំពុង​ជួយ​យើង ដូច​លោក​បាន​ជួយ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ដែរ​»។

៨. តើ​ការ​ផ្លាស់​ប្ដូរ​ខាង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ?

ពិត​ណាស់ ការ​បៀតបៀន​មិន​មែន​ជា​មូលហេតុ​តែ​មួយ ដែល​នាំ​ឲ្យ​គ្រិស្ត​សាសនា​រីក​ចម្រើន​នៅ​ប្រទេស​ផ្សេង​ៗ​នោះ​ទេ។ ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ថ្មី​ៗ​នេះ ការ​ផ្លាស់​ប្ដូរ​ខាង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​បាន​បើក​ឱកាស​ឲ្យ​មនុស្ស​ច្រើន​ភាសា និង​ច្រើន​ជាតិ​សាសន៍​អាច​ឮ​ដំណឹង​រាជាណាចក្រ។ មនុស្ស​មួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​តំបន់​សង្គ្រាម ឬ​តំបន់​ក្រី​ក្រ បាន​ភៀស​ខ្លួន​ទៅ​នៅ​កន្លែង​ដែល​មាន​ស្ថិរភាព​ជាង ហើយ​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​នៅ​ទឹក​ដី​ថ្មី​ដែល​ពួក​គេ​បាន​ទៅ​ដល់។ លំហូរ​ចូល​នៃ​ជន​ភៀស​ខ្លួន​បាន​នាំ​ឲ្យ​មាន​ការ​បង្កើត​តំបន់ ដែល​និយាយ​ភាសា​បរទេស។ តើ​អ្នក​កំពុង​ព្យាយាម​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​«​ពី​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ជន​ជាតិ និង​គ្រប់​ភាសា​»​ក្នុង​តំបន់​របស់​អ្នក​ឬ​ទេ?—បប. ៧:៩

​«​សូម​ឲ្យ​ខ្ញុំ​មាន​អំណាច​នោះ​ដែរ​»​ (​សកម្មភាព ៨:៩​-​២៥​)

«​កាល​ដែល​ស៊ីម៉ូន​ឃើញ​ពួក​សាវ័ក​ដាក់​ដៃ​លើ​មនុស្ស​ឲ្យ​ទទួល​ឫទ្ធានុភាព​របស់​ព្រះ​នោះ​គាត់​ស្នើ​ឲ្យ​លុយ​ដល់​ពួក​គាត់​»។—សកម្មភាព ៨:១៨

៩. តើ​ស៊ីម៉ូន​ជា​អ្នក​ណា? ហើយ​តាម​មើល​ទៅ តើ​អ្វី​បាន​ទាក់​ទាញ​ចិត្ត​គាត់​ឲ្យ​ទៅ​ឯ​ភីលីព?

ភីលីព​បាន​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន​នៅ​ស្រុក​សាម៉ារី។ ជា​ឧទាហរណ៍ គាត់​បាន​ធ្វើ​ឲ្យ​មនុស្ស​ពិការ​ជា​សះ​ស្បើយ និង​បាន​បណ្ដេញ​ពួក​វិញ្ញាណ​កំណាច។ (​សកម្ម. ៨:៦​-​៨​) បុរស​ម្នាក់​កោត​ស្ងើច​យ៉ាង​ខ្លាំង​ចំពោះ​អព្ភូតហេតុ​ដែល​ភីលីព​បាន​ធ្វើ។ បុរស​នោះ​ឈ្មោះ​ស៊ីម៉ូន ជា​គ្រូ​វេទមន្ត​ម្នាក់​ដែល​បណ្ដា​ជន​គោរព​យ៉ាង​ខ្លាំង។ ពួក​គេ​និយាយ​អំពី​ស៊ីម៉ូន​ថា​៖ ​«​បុរស​នេះ​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​ពី​ព្រះ​»។ ប៉ុន្តែ​ឥឡូវ ស៊ីម៉ូន​បាន​ឃើញ​ឫទ្ធានុភាព​ពិត របស់​ព្រះ​តាម​រយៈ​ការ​អស្ចារ្យ​ដែល​ភីលីព​បាន​ធ្វើ ដូច្នេះ​ស៊ីម៉ូន​ក៏​បាន​ទៅ​ជា​អ្នក​ជឿ​ដែរ។ (​សកម្ម. ៨:៩​-​១៣​) ទោះ​ជា​យ៉ាង​នោះ​ក្ដី ក្រោយ​មក​បំណង​ចិត្ត​របស់​ស៊ីម៉ូន​បាន​ត្រូវ​សាក​ល្បង។ តើ​តាម​របៀប​ណា?

១០. ​(​ក​) តើ​ពេត្រុស​និង​យ៉ូហាន​បាន​ធ្វើ​អ្វី​នៅ​ស្រុក​សាម៉ារី? (​ខ​) ពេល​ស៊ីម៉ូន​ឃើញ​ពួក​អ្នក​កាន់​តាម​ថ្មី​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ ដោយ​សារ​ពេត្រុស​និង​យ៉ូហាន​ដាក់​ដៃ​លើ​ពួក​គេ តើ​ស៊ីម៉ូន​បាន​ធ្វើ​អ្វី?

១០ ពេល​ពួក​សាវ័ក​ដឹង​អំពី​ការ​រីក​ចម្រើន​នៅ​ស្រុក​សាម៉ារី ពួក​គាត់​បាន​ចាត់​ពេត្រុស​និង​យ៉ូហាន​ឲ្យ​ទៅ​ទី​នោះ។ (​សូម​មើល​ប្រអប់​«​ ពេត្រុស​ប្រើ​‹កូន​សោ​នៃ​រាជាណាចក្រ›​»​) ពេល​សាវ័ក​ទាំង​ពីរ​ទៅ​ដល់​ទី​នោះ ពួក​គាត់​បាន​ដាក់​ដៃ​លើ​ពួក​អ្នក​កាន់​តាម​ថ្មី ហើយ​ពួក​គេ​ម្នាក់​ៗ​បាន​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ។ b ពេល​ស៊ីម៉ូន​ឃើញ​ដូច្នេះ គាត់​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង រួច​និយាយ​ទៅ​សាវ័ក​ទាំង​ពីរ​ថា​៖ ​«​សូម​ឲ្យ​ខ្ញុំ​មាន​អំណាច​នោះ​ដែរ ដើម្បី​ពេល​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា អ្នក​នោះ​អាច​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​»។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ស៊ីម៉ូន​ថែម​ទាំង​បាន​ស្នើ​ផ្ដល់​ប្រាក់​ឲ្យ​ពួក​គាត់ ក្នុង​បំណង​ទិញ​ឯកសិទ្ធិ​ពិសេស​នេះ​ទៀត​ផង!—សកម្ម. ៨:១៤​-​១៩

១១. តើ​ពេត្រុស​បាន​ដាស់​តឿន​អ្វី​ដល់​ស៊ីម៉ូន? ហើយ​តើ​ស៊ីម៉ូន​បាន​តប​ឆ្លើយ​យ៉ាង​ណា?

១១ ពេត្រុស​បាន​ឆ្លើយ​តប​ទៅ​ស៊ីម៉ូន​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖ ​«​ចូរ​ឲ្យ​ប្រាក់​របស់​អ្នក​វិនាស​ទៅ​ជា​មួយ​នឹង​អ្នក​ចុះ ពីព្រោះ​អ្នក​គិត​ស្មាន​ថា​អាច​យក​ប្រាក់​មក​ដើម្បី​ទទួល​អំណោយ​ទាន​ពី​ព្រះ។ អ្នក​គ្មាន​ចំណែក​អ្វី​សោះ​ក្នុង​រឿង​នេះ ពីព្រោះ​ព្រះ​ឃើញ​ថា​ចិត្ត​របស់​អ្នក​មិន​ទៀង​ត្រង់​ទេ​»។ រួច​មក ពេត្រុស​បាន​ដាស់​តឿន​ស៊ីម៉ូន​ឲ្យ​ប្រែ​ចិត្ត និង​ឲ្យ​អធិដ្ឋាន​សុំ​ការ​អភ័យ​ទោស។ ពេត្រុស​ប្រាប់​គាត់​ថា​៖ ‹ចូរអង្វរ​សុំ​ព្រះ​យេហូវ៉ា ដើម្បី​អ្នក​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​បំណង​ចិត្ត​អាក្រក់​របស់​អ្នក›។ តាម​មើល​ទៅ ស៊ីម៉ូន​មិន​មែន​ជា​មនុស្ស​អាក្រក់​ទេ គាត់​មាន​បំណង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ គ្រាន់​តែ​គាត់​មាន​ការ​យល់​ខុស។ ដូច្នេះ គាត់​បាន​អង្វរ​ពួក​សាវ័ក​ថា​៖ ​«​សូម​អ្នក​ទាំង​ពីរ​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​អ្វី​ៗ​ដែល​អ្នក​បាន​និយាយ​កើត​ឡើង​ដល់​ខ្ញុំ​»។—សកម្ម. ៨:​២០​-​២៤

១២. តើ​«​ការ​ជួញ​ដូរ​តួ​នាទី​»​បាន​រីក​រាល​ដាល​យ៉ាង​ដូច​ម្ដេច​ក្នុង​ពិភព​គ្រិស្ត​សាសនា?

១២ ការ​ដែល​ពេត្រុស​ស្ដី​បន្ទោស​ស៊ីម៉ូន គឺ​ជា​ការ​ព្រមាន​ដល់​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ ស្ដី​អំពី​«​ការ​ជួញ​ដូរ​តួ​នាទី​»​ក្នុង​ក្រុម​ជំនុំ។ ប្រវត្តិសាស្ត្រ​នៃ​ពិភព​គ្រិស្ត​សាសនា​មាន​រឿង​បែប​នេះច្រើន​ណាស់។ ជា​ការ​ពិត សព្វវចនាធិប្បាយ​មួយ​បាន​សរសេរ​ថា​៖ ​«​ការ​សិក្សាអំពី​ប្រវត្តិ​នៃ​ការ​បោះ​ឆ្នោត​របស់​ប្រជុំ​គណៈ​សង្ឃ​ជ្រើស​រើស​សម្ដេច​ប៉ាប នាំ​ឲ្យ​អ្នក​សិក្សា​ជឿ​ថា រាល់​ការ​បោះ​ឆ្នោត​ច្រើន​តែ​មាន​ការ​ជួញ​ដូរ។ ក្នុង​ករណី​ជា​ច្រើន ការ​ជួញ​ដូរ​ក្នុង​កិច្ច​ប្រជុំ​គណៈ​សង្ឃ​ជា​ទង្វើ​ដែល​ឥត​អៀន​ខ្មាស និង​ស្មោក​គ្រោក​បំផុត​»​ (​The Encyclopædia Britannica (1878) ដែល​បាន​បោះ​ពុម្ព​លើក​ទី​៩​)។

១៣. តើ​គ្រិស្ត​សាសនិក​ត្រូវ​ប្រយ័ត្ន​អ្វី​ខ្លះ ដើម្បី​ជៀស​វាង​ពី​ការ​ជួញ​ដូរ​តួ​នាទី​ក្នុង​ក្រុម​ជំនុំ?

១៣ គ្រិស្ត​សាសនិក​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​ជួញ​ដូរ​តួ​នាទី​ក្នុង​ក្រុម​ជំនុំ។ ជា​ឧទាហរណ៍ ពួក​គេ​មិន​គួរ​ព្យាយាម​ទទួល​បាន​ការ​ពេញ​ចិត្ត ដោយ​អែបអប​ជូន​អំណោយ ឬ​សរសើរ​ហួស​ហេតុ​ពេក​ចំពោះ​អស់​អ្នក​ដែល​អាច​ផ្ដល់​ឯកសិទ្ធិ​ថែម​ទៀត​ដល់​ពួក​គេ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​បង​ប្អូន​ឯ​ទៀត​គិត​ថា​អាច​ផ្ដល់​ឯកសិទ្ធិ ត្រូវ​ប្រុង​ប្រយ័ត្ន​ដោយ​មិន​លម្អៀង ឬ​ស្រឡាញ់​តែ​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ។ ករណី​ទាំង​ពីរ​នោះ​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​តួ​នាទី។ ពិត​ណាស់ អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​គួរ​ប្រព្រឹត្ត​ជា​«​អ្នក​តូច​ជាង​គេ​»​ ដោយ​រង់​ចាំ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​តែង​តាំង​ខ្លួន​ឲ្យ​ទទួល​ឯកសិទ្ធិ​ផ្សេង​ៗ។ (​លូក. ៩:៤៨​) ក្នុង​អង្គការ​របស់​ព្រះ គ្មាន​តួ​នាទី​ឬ​ភារកិច្ច​សម្រាប់​អស់​អ្នក ដែល​ស្វែង​រក​«​កិត្តិសព្ទ​»​ឲ្យ​ខ្លួន​ឡើយ។—សុភ. ២៥:២៧

​«​តើ​អ្នក​ពិត​ជា​យល់​អ្វី​ដែល​អ្នក​កំពុង​អាន​ឬ​ទេ?​»​ (​សកម្មភាព ៨:២៦​-​៤០​)

១៤, ១៥. ​(​ក​) តើ​«​មន្ត្រី​ជាន់​ខ្ពស់​អេត្យូពី​»​ជា​អ្នក​ណា? ហើយ​តើ​តាម​របៀប​ណា​ភីលីព​បាន​ជួប​គាត់? (​ខ​) តើ​មន្ត្រី​អេត្យូពី​នោះ​បាន​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ដំណឹង​ដែល​ភីលីព​ប្រាប់? ហើយ​ហេតុ​អ្វី​យើង​អាច​និយាយ​ថា គាត់​មិន​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​តក់​ក្រហល់? (​សូម​មើល​កំណត់​សម្គាល់​)

១៤ បន្ទាប់​មក ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ណែនាំ​ភីលីព ឲ្យ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​កាសា។ ភីលីព​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​គាត់​ត្រូវ​ទៅ​ទី​នោះ? ប៉ុន្តែ បន្តិច​ទៀត​គាត់​នឹង​ដឹង​ចម្លើយ ក្រោយ​ពី​គាត់​ជួប​មន្ត្រី​ជន​ជាតិ​អេត្យូពី​ម្នាក់ ដែល​«​កំពុង​អាន​ឮ​ៗ​ពី​សៀវភៅ​អេសាយ​»។ (​សូម​មើល​ប្រអប់​​«​ តើ​ជា​‹ជន​គម្រៀវ›​ឬ​ជា​‹មន្ត្រី​ជាន់​ខ្ពស់›?​»​) ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ភីលីព ឲ្យ​រត់​ទៅ​ជិត​រទេះ​របស់​មន្ត្រី​នោះ។ គាត់​រត់​ទៅ​ជិត​បណ្ដើរ សួរ​មន្ត្រី​នោះបណ្ដើរ​ថា​៖ ​«​តើ​អ្នក​ពិត​ជា​យល់​អ្វី​ដែល​អ្នក​កំពុង​អាន​ឬ​ទេ?​»។ មន្ត្រី​អេត្យូពី​ឆ្លើយ​ថា​៖ ​«​តើ​ខ្ញុំ​អាច​យល់​យ៉ាង​ដូច​ម្ដេច​បាន ប្រសិន​បើ​គ្មាន​អ្នក​ណា​បង្រៀន​ខ្ញុំ?​»។—សកម្ម. ៨:​២៦​-​៣១

១៥ មន្ត្រី​អេត្យូពី​បាន​អញ្ជើញ​ភីលីព​ឲ្យ​ឡើង​ជិះ​រទេះ​ជា​មួយ​គាត់។ សូម​យើង​ស្រមៃ​គិត​អំពី​ការ​សន្ទនា​នោះ! អត្តសញ្ញាណ​របស់​«​ចៀម​»​ ឬ​«​អ្នក​បម្រើ​»​ដែល​នៅ​ក្នុង​ទំនាយ​របស់​អេសាយ ស្ថិត​នៅ​ជា​អាថ៌​កំបាំង​យូរ​មក​ហើយ។ (​អេ. ៥៣:១​-​១២​) ប៉ុន្តែ កាល​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវ ភីលីព​បាន​ពន្យល់​មន្ត្រី​ជាន់​ខ្ពស់​អេត្យូពី​ថា ទំនាយ​នេះ​បាន​សម្រេច​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។ ដូច​អស់​អ្នក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. មន្ត្រី​អេត្យូពី​ដែល​បាន​ចូល​សាសនា​យូដា​ដឹង​ភ្លាម​ថា គាត់​ត្រូវ​ធ្វើ​អ្វី។ គាត់​បាន​និយាយ​ទៅ​ភីលីព​ថា​៖ ​«​មើល! កន្លែង​នេះ​មាន​ទឹក​ច្រើន! តើ​មាន​អ្វី​ដែល​រា​រាំង​ខ្ញុំ​មិន​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក?​»។ ភ្លាម​ៗ​នោះ គាត់​បាន​ចុះ​ទៅ​ក្នុង​ទឹក ហើយ​ភីលីព​បាន​ជ្រមុជ​ទឹក​ឲ្យ​គាត់! c (​សូម​មើល​ប្រអប់​«​ ការ​ជ្រមុជ​ក្នុង​‹ទឹក​ច្រើន›​»​) រួច​មក ឫទ្ធានុភាព​របស់​ព្រះ​បាន​ដឹក​នាំ​ភីលីព​ឲ្យ​ទៅ​ក្រុង​អាសូត​ដើម្បី​បំពេញ​ភារកិច្ច​ថ្មី ហើយ​គាត់​បន្ត​ប្រកាស​ផ្សាយ​ដំណឹង​ល្អ​នៅ​ទី​នោះ។—សកម្ម. ៨:៣២​-​៤០

១៦, ១៧. តើ​ទេវតា​កំពុង​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

១៦ គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ ក៏​មាន​ឯកសិទ្ធិ​រួម​ចំណែក​ធ្វើ​កិច្ច​ការ​ដូច​ភីលីព​ដែរ។ ជា​ញឹក​ញយ ពួក​គេ​អាច​ផ្សព្វ​ផ្សាយ​ដំណឹង​រាជាណាចក្រ ដល់​អស់​អ្នក​ដែល​ពួក​គេ​ជួប​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ដូច​ជា​ពេល​ធ្វើ​ដំណើរ​ជា​ដើម។ ក្នុង​ករណី​ជា​ច្រើន ពេល​យើង​ជួប​អ្នក​ណា​ម្នាក់​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ដំណឹង​ល្អ នោះ​ច្បាស់​ជា​មិន​មែន​រឿង​ចៃដន្យ​ទេ។ គម្ពីរ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទេវតា​កំពុង​ដឹក​នាំ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​ឲ្យ​ដំណឹង​នេះ បាន​ទៅ​ដល់​«​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ជន​ជាតិ​»។ (​បប. ១៤:៦​) កិច្ច​ការ​ផ្សព្វ​ផ្សាយ​បាន​ត្រូវ​ដឹក​នាំ​ដោយ​ទេវតា ដូច​លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន។ នៅ​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ស្រូវ​សាលី​និង​ស្រងែ លោក​បាន​មាន​ប្រសាសន៍​ថា ក្នុង​អំឡុង​រដូវ​ច្រូត​កាត់​ដែល​ជា​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ ​«​បណ្ដា​ទេវតា​គឺ​ជា​អ្នក​ច្រូត​»។ លោក​បាន​បន្ថែម​ទៀត​ថា ទេវតា​ទាំង​នោះ​នឹង​«​ដក​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ជំពប់​ដួល ព្រម​ទាំង​ដក​មនុស្ស​ទាំង​អស់​ដែល​ប្រព្រឹត្ត​ប្រឆាំង​ច្បាប់ ចេញ​ពី​រាជាណាចក្រ​របស់​លោក​»។ (​ម៉ាថ. ១៣:​៣៧​-​៤១​) នៅ​ដំណាល​គ្នា​នោះ បណ្ដា​ទេវតា​នឹង​ជួយ​ប្រមូល​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​ចង់​ទាញ​នាំ ឲ្យ​ទទួល​មត៌ក​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌ ឬ​ទៅ​ជា​សមាជិក​«​មនុស្ស​មួយ​ក្រុម​ធំ​»​នៃ​«​ចៀម​ឯ​ទៀត​»​ ឲ្យ​ចូល​ក្នុង​អង្គការ​របស់​លោក។—បប. ៧:៩; យ៉ូន. ៦:៤៤, ៦៥; ១០:១៦

១៧ យើង​អាច​ឃើញ​ភ័ស្តុតាង​យ៉ាង​ច្បាស់​ថា​ទេវតា​កំពុង​ធ្វើ​កិច្ចការ​ទាំង​នេះ ដោយ​សារ​មនុស្ស​ខ្លះ​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ​បាន​ប្រាប់​យើង​ថា ពួក​គេ​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ។ សូម​ពិចារណា​បទ​ពិសោធន៍​មួយ​របស់​អ្នក​ផ្សាយ​ពីរ​នាក់ ដែល​បាន​នាំ​ក្មេង​ប្រុស​តូច​ម្នាក់​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ។ ពេល​ជិត​ដល់​ថ្ងៃ​ត្រង់ សាក្សី​ទាំង​ពីរ​ហៀប​នឹង​ឈប់​ផ្សព្វ​ផ្សាយ តែ​គួរ​ឲ្យ​ចម្លែក​ក្មេង​ប្រុស​នោះ​ចង់​ផ្សព្វ​ផ្សាយ​ផ្ទះ​មួយ​ទៀត។ តាម​ពិត​ក្មេង​ប្រុស​នោះ បាន​ទៅ​គោះ​ទ្វារ​ផ្ទះ​នោះ​ដោយ​ខ្លួន​ឯង! រួច​មក មាន​នារី​វ័យ​ក្មេង​ម្នាក់​ចេញ​មក​បើក​ទ្វារ ហើយ​សាក្សី​ទាំង​ពីរ​នាក់​ក៏​ចូល​ទៅ​និយាយ​ជា​មួយ​នឹង​នាង។ ពួក​គាត់​ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់ ពេល​នារី​នោះ​ប្រាប់​ថា នាង​ទើប​តែ​បាន​អធិដ្ឋាន​ទៅ​ព្រះ​សុំ​ឲ្យ​អ្នក​ណា​ម្នាក់​មក​ជួយ​ពន្យល់​គម្ពីរ​ដល់​នាង។ ដូច្នេះ ពួក​គាត់​ក៏​រៀបចំ​សិក្សា​គម្ពីរ​ជា​មួយ​នារី​នោះ!

«​ព្រះ​អើយ មិន​ថា​លោក​ជា​អ្នក​ណា​ទេ សូម​ជួយ​ខ្ញុំ​ផង​»

១៨. ហេតុ​អ្វី​យើង​គួរ​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ការ​ផ្សព្វ​ផ្សាយ?

១៨ សព្វ​ថ្ងៃ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត អ្នក​មាន​កិត្តិយស​រួម​ការ​ងារ​ជា​មួយ​នឹង​ទេវតា​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ក្នុង​កម្រិត​ដ៏​ធំ ដែល​មិន​ធ្លាប់​មាន​ពី​មុន។ សូម​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ឯកសិទ្ធិ​នេះ។ ពេល​អ្នក​ព្យាយាម​អស់​ពី​សមត្ថភាព អ្នក​នឹង​មាន​អំណរ​យ៉ាង​ខ្លាំង​ក្នុង​ការ​បន្ត​ប្រកាស​«​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​»។—សកម្ម. ៨:៣៥

a នេះ​មិន​មែន​ជា​សាវ័ក​ភីលីព​ទេ។ ប៉ុន្តែ ដូច​បាន​រៀប​រាប់​នៅ​ជំពូក​ទី​៥​ក្នុង​សៀវភៅ​នេះ គាត់​នៅ​ក្នុង​ចំណោម​‹បុរស​៧​នាក់​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ› ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​ចែក​អាហារ​ប្រចាំ​ថ្ងៃ ដល់​ស្ត្រី​មេម៉ាយ​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិច និង​ស្ត្រី​មេម៉ាយ​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ហេប្រឺ​ក្នុង​ក្រុង​យេរូសាឡិម។—សកម្ម. ៦:១​-​៦

b តាម​មើល​ទៅ​នៅ​សម័យ​នោះ ជា​ធម្មតា​អ្នក​កាន់​តាម​ថ្មី​បាន​ទទួល​ការ​រើស​តាំង​ឬ​ឫទ្ធានុភាព​បរិសុទ្ធ ក្នុង​ពេល​ដែល​ពួក​គេ​ទទួល​ការ​ជ្រមុជ​ទឹក។ នេះ​ផ្ដល់​សេចក្ដី​សង្ឃឹម​ឲ្យ​ពួក​គេ​ធ្វើ​ជា​ស្ដេច​និង​ជា​សង្ឃ ជា​មួយ​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។ (​២កូ. ១:២១, ២២; បប. ៥:៩, ១០; ២០:៦​) ប៉ុន្តែ ក្នុង​ករណី​ពិសេស​នេះ អ្នក​កាន់​តាម​ថ្មី​មិន​បាន​ត្រូវ​រើស​តាំង​ក្នុង​ពេល​ដែល​ពួក​គេ​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​ពេត្រុស​និង​យ៉ូហាន​ដាក់​ដៃ​លើ​គ្រិស្ត​សាសនិក​ដែល​ទើប​ទទួល​ការ​ជ្រមុជ​ទឹក ទើប​ពួក​គេ​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ និង​សមត្ថភាព​ធ្វើ​ការ​អស្ចារ្យ។

c បុរស​ជន​ជាតិ​អេត្យូពី​នេះ មិន​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​តក់​ក្រហល់​ឡើយ។ ហេតុ​អ្វី​យើង​ដឹង? ដោយ​សារ​គាត់​ជា​អ្នក​ចូល​សាសនា​យូដា ហេតុ​នេះ​គាត់​មាន​ចំណេះ​អំពី​បទ​គម្ពីរ និង​ស្គាល់​ទំនាយ​អំពី​មេស្ស៊ី​រួច​ហើយ។ ដូច្នេះ ពេល​គាត់​ដឹង​អំពី​តួ​នាទី​លោក​យេស៊ូ​ក្នុង​គោល​បំណង​របស់​ព្រះ គាត់​អាច​ទទួល​ការ​ជ្រមុជ​ទឹក​ភ្លាម​ៗ​បាន។