លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៦

ស្ទេផាន ជា«អ្នកដែលព្រះពេញចិត្តយ៉ាងខ្លាំង និងដែលពេញទៅដោយឫទ្ធានុភាពពីព្រះ»

ស្ទេផាន ជា«អ្នកដែលព្រះពេញចិត្តយ៉ាងខ្លាំង និងដែលពេញទៅដោយឫទ្ធានុភាពពីព្រះ»

ចូរ​រៀន​ពី​គំរូ​របស់​ស្ទេផាន​ដែល​បាន​ប្រកាស​យ៉ាង​ក្លាហាន​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

មាន​មូលដ្ឋាន​លើ​សកម្មភាព ៦:៨–៨:៣

១​-​៣. ​(​ក​) តើ​ស្ទេផាន​ប្រឈម​មុខ​នឹង​ស្ថានភាព​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​អ្វី? ប៉ុន្តែ​តើ​គាត់​មាន​ប្រតិកម្ម​បែប​ណា? (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

 ស្ទេផាន​កំពុង​ឈរ​នៅ​ចំពោះ​មុខ​តុលាការ ដែល​មាន​បុរស​៧១​នាក់​អង្គុយ​ជុំ​គ្នា​ក្នុង​សាល​ដ៏​ធំ​ស្កឹមស្កៃ​មួយ ដែល​ទំនង​ជា​នៅ​ជិត​វិហារ​ក្នុង​ក្រុង​យេរូសាឡិម។ នៅ​ថ្ងៃ​នេះ តុលាការ​នៃ​ក្រុម​ប្រឹក្សាជាន់ខ្ពស់​អង្គុយ​ជុំ​គ្នា​ដើម្បី​វិនិច្ឆ័យ​ក្ដី​ស្ទេផាន។ ពួក​ចៅ​ក្រម​ទាំង​នេះ ជា​អ្នក​ដែល​មាន​អំណាច​និង​មាន​ឥទ្ធិពល ហើយ​ពួក​គេ​ភាគ​ច្រើន​មើល​ងាយ​អ្នក​កាន់​តាម​លោក​យេស៊ូ​ម្នាក់​នេះ​ណាស់។ តាម​ពិត​អ្នក​ដែល​កោះ​ហៅ​ចៅ​ក្រម​ឲ្យ​មក​ជួប​ជុំ​គ្នា គឺ​សម្ដេច​សង្ឃ​កៃផាស ដែល​ជា​អ្នក​នាំ​មុខ​ពេល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ កាត់​ទោស​ប្រហារ​ជីវិត​លោក​យេស៊ូ​គ្រិស្ត​ប៉ុន្មាន​ខែ​មុន។ តើ​នេះ​ធ្វើ​ឲ្យ​ស្ទេផាន​ភ័យ​ខ្លាច​ទេ?

នៅ​ខណៈ​នេះ មាន​អ្វី​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​អំពី​ទឹក​មុខ​របស់​ស្ទេផាន។ ពួក​ចៅ​ក្រម​សម្លឹង​មើល​គាត់ ពួក​គេ​ឃើញ​ថា​មុខ​គាត់​គឺ​«​ប្រៀប​ដូច​ជា​មុខ​ទេវតា​»។ (​សកម្ម. ៦:១៥​) ទេវតា​ជា​អ្នក​នាំ​ដំណឹង​ពី​ព្រះ​យេហូវ៉ា ដូច្នេះ​ទេវតា​មាន​ចិត្ត​ស្ងប់ មាន​សេចក្ដី​សុខ​សាន្ត និង​មិន​ភ័យ​ខ្លាច​ឡើយ។ ស្ទេផាន​មាន​អារម្មណ៍​បែប​នេះ សូម្បី​តែ​ពួក​ចៅ​ក្រម​ដែល​ស្អប់​គាត់​យ៉ាង​ខ្លាំង ក៏​អាច​ឃើញ​ដូច្នោះ​ដែរ។ ហេតុ​អ្វី​គាត់​អាច​មាន​ចិត្ត​ស្ងប់?

គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ អាច​រៀន​ច្រើន​ពី​ចម្លើយ​ចំពោះ​សំណួរ​នោះ។ យើង​ក៏​ត្រូវ​ដឹង​ដែរ អំពី​មូលហេតុ​ដែល​ស្ទេផាន​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ធ្ងន់​ធ្ងរ​នេះ។ តើ​ពី​មុន​គាត់​បាន​ការ​ពារ​ជំនឿ​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​តាម​គំរូ​របស់​គាត់?

​«​ពួក​គេ​ក៏​អុជ​អាល​បណ្ដា​ជន​»​ (​សកម្មភាព ៦:៨​-​១៥​)

៤, ៥. ​(​ក​) ហេតុ​អ្វី​ស្ទេផាន​ជា​បុគ្គល​ដ៏​មាន​តម្លៃ​ក្នុង​ក្រុម​ជំនុំ? (​ខ​) តើ​តាម​របៀប​ណា​ស្ទេផាន​ជា​«​អ្នក​ដែល​ព្រះ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង និង​ដែល​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​ពី​ព្រះ​»​?

យើង​បាន​រៀន​ហើយ​ថា ស្ទេផាន​ជា​បុគ្គល​ដ៏​មាន​តម្លៃ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក ដែល​ទើប​បង្កើត​ថ្មី។ ក្នុង​ជំពូក​មុន​យើង​បាន​ដឹង​ថា គាត់​នៅ​ក្នុង​ចំណោម​បុរស​មាន​ចិត្ត​រាប​ទាប​៧​នាក់ ដែល​ស្ម័គ្រ​ចិត្ត​ជួយ​តាម​ការ​ស្នើ​សុំ​របស់​ពួក​សាវ័ក។ ចិត្ត​រាប​ទាប​របស់​គាត់​គឺ​កាន់​តែ​គួរ​ឲ្យ​កត់​សម្គាល់ ពេល​យើង​ពិចារណា​អំពី​អំណោយ​ដែល​គាត់​បាន​ទទួល​ពី​ព្រះ។ នៅ​សកម្មភាព ៦:៨ ប្រាប់​ថា​គាត់​អាច​ធ្វើ​«​ការ​អស្ចារ្យ​យ៉ាង​ធំ​និង​សញ្ញា​សម្គាល់​»​ផ្សេង​ៗ ដូច​ដែល​សាវ័ក​ខ្លះ​បាន​ធ្វើ។ បន្ថែម​ទៅ​ទៀត គម្ពីរ​ប្រាប់​ថា គាត់​ជា​«​អ្នក​ដែល​ព្រះ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង និង​ដែល​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​ពី​ព្រះ​»។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា?

ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ព្រះ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​»​ ក៏​អាច​ត្រូវ​បក​ប្រែ​ដែរ​ថា​«​អ្នក​ដែល​មាន​សេចក្ដី​មេត្តា​ករុណា​»។ តាម​មើល​ទៅ ស្ទេផាន​មាន​ចិត្ត​សប្បុរស និង​ចិត្ត​សុភាព ជា​គុណ​សម្បត្តិ​ដែល​ទាក់​ទាញ​ចិត្ត​មនុស្ស​ឯ​ទៀត។ របៀប​ដែល​គាត់​និយាយ​គឺ​ជំរុញ​ចិត្ត​អ្នក​ស្ដាប់​ជា​ច្រើន និង​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ជាក់​ថា​គាត់​ជា​មនុស្ស​ស្មោះ​ត្រង់ ហើយ​ជឿ​ថា​សេចក្ដី​ពិត​ដែល​គាត់​បង្រៀន​ពិត​ជា​ផ្ដល់​ប្រយោជន៍​ដល់​ពួក​គេ។ ស្ទេផាន​ពេញ​ដោយ​អំណាច ពីព្រោះ​គាត់​មាន​ចិត្ត​រាប​ទាប ព្រម​ឲ្យ​ឫទ្ធានុភាព​ព្រះ​ដឹក​នាំ​គាត់។ ជា​ជាង​អួត​ដោយ​សារ​អំណោយ​និង​សមត្ថភាព​ផ្សេង​ៗ​ដែល​គាត់​មាន គាត់​បាន​ផ្ដល់​ការ​សរសើរ​ទាំង​អស់​ដល់​ព្រះ​យេហូវ៉ា ព្រម​ទាំង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​មនុស្ស​ដែល​គាត់​និយាយ​ជា​មួយ។ មិន​ចម្លែក​ទេ ដែល​ពួក​អ្នក​ប្រឆាំង​ចាត់​ទុក​គាត់​ថា ជា​ជន​ដែល​មិន​គួរ​ធ្វេស​ប្រហែស!

៦​-​៨. ​(​ក​) តើ​ពួក​អ្នក​ប្រឆាំង​ស្ទេផាន​បាន​ចោទ​ប្រកាន់​គាត់​ក្នុង​ករណី​ពីរ​យ៉ាង​អ្វី? ហើយ​ហេតុ​អ្វី? (​ខ​) ហេតុ​អ្វី​គំរូ​ស្ទេផាន​អាច​មាន​ប្រយោជន៍​ចំពោះ​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ?

មនុស្ស​ជា​ច្រើន​បាន​ក្រោក​ឡើង​ជជែក​តវ៉ា​នឹង​ស្ទេផាន។ ប៉ុន្តែ ​«​ពួក​គេ​មិន​អាច​ទប់​ទល់​នឹង​ប្រាជ្ញា​របស់​គាត់ និង​ឫទ្ធានុភាព​របស់​ព្រះ​ដែល​កំពុង​ដឹក​នាំ​គាត់​ឲ្យ​និយាយ​ទេ​»។ a ពួក​គេ​ក្ដៅ​ចិត្ត​ណាស់ ដូច្នេះ​ពួក​គេ​«​លួច​ញុះញង់​»​បុរស​ខ្លះ​ឲ្យ​ចោទ​ប្រកាន់​អ្នក​កាន់​តាម​គ្រិស្ត ដែល​គ្មាន​កំហុស​ម្នាក់​នេះ។ ពួក​គេ​ថែម​ទាំង​«​អុជ​អាល​បណ្ដា​ជន​»​ ពួក​បុរស​ចាស់​ទុំ និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ទៀត​ផង។ រួច​មក ពួក​គេ​ស្ទុះ​ទៅ​ចាប់​ស្ទេផាន​ដោយ​កម្លាំង ហើយ​នាំ​ទៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។ (​សកម្ម. ៦:៩​-​១២​) ពួក​អ្នក​ប្រឆាំង​បាន​ចោទ​ប្រកាន់​គាត់​ចំនួន​ពីរ​ករណី គឺ​បទ​ប្រមាថ​ព្រះ និង​បទ​ប្រមាថ​ម៉ូសេ។ តើ​តាម​របៀប​ណា?

ពួក​អ្នក​ចោទ​ប្រកាន់​មិន​ពិត​និយាយ​ថា ស្ទេផាន​ប្រមាថ​ព្រះ​ដោយ​ពោល​ពាក្យ​ប្រឆាំង​«​កន្លែង​បរិសុទ្ធ​នេះ​»​ ដែល​ជា​វិហារ​ក្នុង​ក្រុង​យេរូសាឡិម។ (​សកម្ម. ៦:១៣​) ពួក​គេ​ក៏​បាន​ចោទ​ប្រកាន់​ដែរ​ថា ស្ទេផាន​ប្រមាថ​ម៉ូសេ​ដោយ​ពោល​ពាក្យ​ប្រឆាំង​ច្បាប់​ម៉ូសេ ដើម្បី​ផ្លាស់​ប្ដូរ​ទំនៀម​ទម្លាប់​ដែល​មក​ពី​ម៉ូសេ។ នេះ​គឺ​ជា​ការ​ចោទ​ប្រកាន់​ធ្ងន់​ធ្ងរ​ណាស់ ពីព្រោះ​ជនជាតិ​យូដា​នៅ​សម័យ​នោះ​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ទៅ​លើ​វិហារ​ព្រះ និង​ភាព​ល្អិត​ល្អន់​ក្នុង​ច្បាប់​ម៉ូសេ ព្រម​ទាំង​ទំនៀម​ទម្លាប់​ជា​ច្រើន​ដែល​គេ​បាន​បន្ថែម​ទៅ​ក្នុង​ច្បាប់​នោះ។ ដូច្នេះ ការ​ចោទ​ប្រកាន់​របស់​ពួក​គេ​បញ្ជាក់​ថា ស្ទេផាន​គឺ​ជា​មនុស្ស​គ្រោះ​ថ្នាក់ ហើយ​សម​នឹង​ស្លាប់!

គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​ធម្មតា​អ្នក​កាន់​សាសនា​ប្រើ​វិធី​ដូច​នេះ ដើម្បី​បង្ក​បញ្ហា​ដល់​អ្នក​បម្រើ​របស់​ព្រះ។ រហូត​មក​ដល់​សព្វ​ថ្ងៃ ពួក​អ្នក​ប្រឆាំង​នៅ​តែ​ញុះញង់​ពួក​អ្នក​ដឹក​នាំ​ឲ្យ​បៀតបៀន​សាក្សី​ព្រះ​យេហូវ៉ា។ ពេល​ប្រឈម​មុខ​នឹង​ការ​បង្កាច់​បង្ខូច ឬ​ការ​ចោទ​ប្រកាន់​មិន​ពិត តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា? យើង​អាច​រៀន​ច្រើន​ពី​គំរូ​របស់​ស្ទេផាន។

ផ្សព្វ​ផ្សាយ​យ៉ាង​ក្លាហាន​អំពី​«​ព្រះ​នៃ​សិរី​រុង​រឿង​»​ (​សកម្មភាព ៧:១​-​៥៣​)

៩, ១០. ស្ដី​អំពី​ពាក្យ​សម្ដី​ស្ទេផាន​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ តើ​ពួក​អ្នក​រិះ​គន់​បាន​វាយ​ប្រហារ​សម្ដី​គាត់​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​ត្រូវ​ចាំ​ចំណុច​អ្វី?

ដូច​បាន​រៀប​រាប់​នៅ​ដើម​ជំពូក​នេះ មុខ​របស់​ស្ទេផាន​ស្ងប់​ស្ងាត់​ប្រៀប​ដូច​ជា​មុខ​ទេវតា កាល​ដែល​គាត់​កំពុង​ស្ដាប់​គេ​ចោទ​ប្រកាន់​គាត់។ ឥឡូវ កៃផាស​បែរ​មក​គាត់ ហើយ​សួរ​អំពី​អ្វី​ដែល​គេ​បាន​ចោទ​ប្រកាន់​គាត់​ថា​៖ ​«​តើ​ដូច្នេះ​មែន​ឬ?​»។ (​សកម្ម. ៧:១​) ដល់​វេន​ស្ទេផាន​និយាយ​ម្ដង។ ដូច្នេះ គាត់​ចាប់​ផ្ដើម​និយាយ!

១០ អ្នក​រិះ​គន់​ខ្លះ​បាន​វាយ​ប្រហារ​សម្ដី​ស្ទេផាន ដោយ​និយាយ​ថា ស្ទេផាន​ពោល​ពាក្យ​វែង​អន្លាយ តែ​មិន​បាន​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​ទេ។ ប៉ុន្តែ​តាម​ពិត ស្ទេផាន​បាន​ទុក​គំរូ​ដ៏​ល្អ​សម្រាប់​យើង ស្ដី​អំពី​របៀប​«​និយាយ​ការ​ពារ​»​ដំណឹង​ល្អ។ (​១ពេ. ៣:១៥​) សូម​ចាំ​ថា ស្ទេផាន​បាន​ត្រូវ​ចោទ​ពី​បទ​ប្រមាថ​ព្រះ​ដោយ​ពោល​ពាក្យ​ប្រឆាំង​វិហារ និង​ពី​បទ​ប្រមាថ​ម៉ូសេ​ដោយ​ពោល​ពាក្យ​ប្រឆាំងច្បាប់។ ម្ល៉ោះ​ហើយ ស្ទេផាន​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​លើក​បញ្ជាក់​នូវ​ចំណុច​មួយ​ចំនួន ដែល​ជា​ការ​សង្ខេប​សម័យ​កាល​បី​នៃ​ប្រវត្តិសាស្ត្រ​អ៊ីស្រាអែល។ សូម​យើង​ពិចារណា​អំពី​សម័យ​កាល​ទាំង​បី​នេះ ម្ដង​មួយ​ៗ។

១១, ១២. ​(​ក​) តើ​ស្ទេផាន​បាន​ប្រើ​គំរូ​របស់​អាប្រាហាំ​ដោយ​មាន​ប្រសិទ្ធភាព​យ៉ាង​ដូច​ម្ដេច? (​ខ​) ហេតុ​អ្វី​បាន​ជា​ស្ទេផាន​លើក​ឡើង​អំពី​យ៉ូសែប?

១១ សម័យ​កាល​ពួក​បុព្វ​បុរស។ (​សកម្ម. ៧:១​-​១៦​) មុន​ដំបូង ស្ទេផាន​និយាយ​អំពី​អាប្រាហាំ​ជា​បុគ្គល​ដែល​ជនជាតិ​យូដា​គោរព ដោយ​សារ​ជំនឿ​របស់​គាត់។ ពេល​ស្ទេផាន​ចាប់​ផ្ដើម​លើក​ឡើង​នូវ​ចំណុច​សំខាន់​ដែល​ពួក​គេ​យល់​ស្រប គាត់​បាន​សង្កត់​ធ្ងន់​ថា ព្រះ​យេហូវ៉ា​ជា​«​ព្រះ​នៃ​សិរី​រុង​រឿង​»​បាន​លេច​មក​ជួប​អាប្រាហាំ​ជា​លើក​ដំបូង នៅ​តំបន់​មេសូប៉ូតាមា។ (​សកម្ម. ៧:២​) តាម​ពិត អាប្រាហាំ​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ក្នុង​ទឹក​ដី ដែល​ព្រះ​បាន​សន្យា។ អាប្រាហាំ​គ្មាន​វិហារ ហើយ​ក៏​គ្មាន​ច្បាប់​ម៉ូសេ​ដែរ។ ដូច្នេះ តើ​អ្នក​ណា​អាច​តវ៉ា​ថា​ទាល់​តែ​មាន​វិហារ​និង​ច្បាប់​ម៉ូសេ ទើប​អាច​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ?

១២ ពួក​អ្នក​ដែល​ស្ដាប់​ស្ទេផាន ក៏​បាន​គោរព​យ៉ាង​ខ្លាំង​ចំពោះ​យ៉ូសែប ដែល​ជា​កូន​ចៅ​របស់​អាប្រាហាំ​ដែរ។ ដូច្នេះ ស្ទេផាន​បាន​រំលឹក​ពួក​គេ​ថា បង​ប្អូន​បង្កើត​របស់​យ៉ូសែប​ដែល​ជា​ឪពុក​នៃ​កុលសម្ព័ន្ធ​អ៊ីស្រាអែល បាន​បៀតបៀន​យ៉ូសែប​ជា​បុរស​សុចរិត​នោះ ហើយ​លក់​គាត់​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​បាន​ប្រើ​គាត់​ឲ្យ​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ភាព​អត់​ឃ្លាន។ ស្ទេផាន​ច្បាស់​ជា​បាន​ឃើញ​ពី​ភាព​ស្រដៀង​គ្នា​រវាង​យ៉ូសែប និង​លោក​យេស៊ូ​គ្រិស្ត ប៉ុន្តែ​គាត់​មិន​បាន​លើក​អំពី​ចំណុច​នោះ​ទេ ពីព្រោះ​គាត់​ចង់​ឲ្យ​អ្នក​ស្ដាប់​បន្ត​ស្ដាប់​គាត់​ឲ្យ​បាន​យូរ។

១៣. ហេតុ​អ្វី​ការ​ដែល​ស្ទេផាន​លើក​ឡើង​អំពី​ម៉ូសេ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ពាក្យ​ដែល​គេ​ចោទ​ប្រកាន់​គាត់? ហើយ​តើ​ប្រធានបទ​នេះ​បាន​បង្កើត​ចំណុច​សំខាន់​អ្វី?

១៣ សម័យ​កាល​ម៉ូសេ។ (​សកម្ម. ៧:១៧​-​៤៣​) ស្ទេផាន​បាន​រៀប​រាប់​យ៉ាង​ច្រើន​អំពី​ម៉ូសេ។ ការ​ធ្វើ​ដូច្នេះ​ពិត​ជា​មាន​ប្រាជ្ញា​មែន ដោយ​សារ​សមាជិក​ភាគ​ច្រើន​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​គឺ​ជា​ពួក​សាឌូស៊ី ដែល​ទទួល​ស្គាល់​តែ​សៀវភៅ​ក្នុង​គម្ពីរ​ដែល​ម៉ូសេ​សរសេរ​ប៉ុណ្ណោះ។ សូម​ចាំ​ថា ស្ទេផាន​ក៏​បាន​ត្រូវ​ចោទ​ពី​បទ​ប្រមាថ​ម៉ូសេ​ដែរ។ ដូច្នេះ សម្ដី​របស់​គាត់​ជា​ការ​ឆ្លើយ​តប​យ៉ាង​ចំ​ៗ​ចំពោះ​ពាក្យ​ចោទ​ប្រកាន់​នោះ ពីព្រោះ​អ្វី​ដែល​គាត់​លើក​ឡើង​បង្ហាញ​ថា គាត់​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ម៉ូសេ​និង​ច្បាប់​ម៉ូសេ។ (​សកម្ម. ៧:៣៨​) ស្ទេផាន​បាន​បញ្ជាក់​ថា ម៉ូសេ​ក៏​បាន​ត្រូវ​បដិសេធ​ដោយ​ពួក​អ្នក​ដែល​គាត់​ខំ​ព្យាយាម​ជួយ​ដែរ។ ពួក​គេ​បាន​បដិសេធ​គាត់ ពេល​ដែល​គាត់​មាន​អាយុ​៤០​ឆ្នាំ។ ជាង​៤០​ឆ្នាំ​ក្រោយ​មក ពួក​គេ​បាន​ត្អូញត្អែរ​ជា​ច្រើន​លើក​ច្រើន​សា​ចំពោះ​ការ​ដឹក​នាំ​របស់​គាត់។ b តាម​វិធី​នេះ បន្តិច​ម្ដង​ៗ​ស្ទេផាន​បាន​បង្កើត​ចំណុច​សំខាន់​មួយ​គឺ​៖ ម្ដង​ហើយ​ម្ដង​ទៀត រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បដិសេធ​អស់​អ្នក​ដែល​លោក​បាន​តែង​តាំង​ឲ្យ​ដឹក​នាំ​ពួក​គេ។

១៤. តើ​ស្ទេផាន​ប្រើ​គំរូ​ម៉ូសេ​ដើម្បី​គាំទ្រ​ចំណុច​អ្វី​ក្នុង​សម្ដី​របស់​គាត់?

១៤ ស្ទេផាន​បាន​រំលឹក​អស់​អ្នក​នៅ​ក្នុង​តុលាការ​ថា ម៉ូសេ​បាន​ប្រកាស​ទុក​ជា​មុន​ថា មាន​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ដែល​ដូច​គាត់​នឹង​ចេញ​មក​ពី​ស្រុក​អ៊ីស្រាអែល។ តើ​អ្នក​ប្រកាស​ទំនាយ​នោះ​ជា​អ្នក​ណា? ហើយ​តើ​គេ​នឹង​ទទួល​គាត់​យ៉ាង​ដូច​ម្ដេច? ស្ទេផាន​មិន​បាន​ឆ្លើយ​សំណួរ​ទាំង​នោះ​ភ្លាម​ៗ​ទេ រហូត​ដល់​គាត់​ធ្វើ​សេចក្ដី​បញ្ចប់។ គាត់​បាន​លើក​ឡើង​អំពី​ចំណុច​សំខាន់​មួយ​ទៀត​គឺ​៖ ម៉ូសេ​បាន​ដឹង​ថា​ដី​នៅ​កន្លែង​ណា​ក៏​ដោយ ក៏​អាច​ធ្វើ​ឲ្យ​ទៅ​ជា​បរិសុទ្ធ​បាន​ដែរ ដូច​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​គាត់ ពី​ក្នុង​គុម្ព​បន្លា​ដែល​កំពុង​ឆេះ។ ដូច្នេះ តើ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឡើង​តែ​ក្នុង​អគារ​មួយ​ប៉ុណ្ណោះ ដូច​ជា​នៅ​ក្នុង​វិហារ​ក្រុង​យេរូសាឡិម​ជា​ដើម​ឬ? សូម​យើង​មើល​អំពី​រឿង​នេះ។

១៥, ១៦. ​(​ក​) ហេតុ​អ្វី​ស្ទេផាន​លើក​ឡើង​អំពី​ត្រសាល​ធ្វើ​ជា​អំណះអំណាង? (​ខ​) តើ​ស្ទេផាន​បាន​ប្រើ​វិហារ​របស់​សាឡូម៉ូន​ដើម្បី​ធ្វើ​ការ​វែក​ញែក​យ៉ាង​ដូច​ម្ដេច?

១៥ ត្រសាល​និង​វិហារ។ (​សកម្ម. ៧:៤៤​-​៥០​) ស្ទេផាន​បាន​រំលឹក​តុលាការ​ថា មុន​មាន​វិហារ​នៅ​ក្នុង​ក្រុង​យេរូសាឡិម ព្រះ​បាន​បង្គាប់​ម៉ូសេ​ឲ្យ​សង់​ត្រសាល​មួយ​សម្រាប់​គោរព​ប្រណិប័តន៍​លោក ជា​ត្រសាល​ដែល​អាច​រើ​ទៅ​កន្លែង​ណា​ក៏​បាន។ ដោយ​សារ​ម៉ូសេ​ផ្ទាល់​បាន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​ត្រសាល តើ​មាន​អ្នក​ណា​ហ៊ាន​តវ៉ា​ថា​ត្រសាល​អន់​ជាង​វិហារ​ឬ​ទេ?

១៦ ក្រោយ​មក ពេល​សាឡូម៉ូន​សង់​វិហារ​ក្នុង​ក្រុង​យេរូសាឡិម ព្រះ​បាន​ដឹក​នាំ​គាត់​ឲ្យ​លើក​ឡើង​នូវ​ចំណុច​ដ៏​សំខាន់​មួយ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​គាត់។ ស្ទេផាន​បាន​លើក​ចំណុច​សំខាន់​នោះ​ថា​៖ ​«​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​មិន​អាស្រ័យ​នៅ​ក្នុង​វិហារ​ធ្វើ​ដោយ​ដៃ​មនុស្ស​ឡើយ​»។ (​សកម្ម. ៧:៤៨; ២ប្រ. ៦:១៨​) ទោះ​ជា​ព្រះ​យេហូវ៉ា​អាច​ប្រើ​វិហារ​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក​ក៏​ដោយ មិន​មាន​ន័យ​ថា​លោក​នៅ​ក្នុង​វិហារ​នោះ​ទេ។ បើ​ដូច្នេះ ហេតុ​អ្វី​អ្នក​គោរព​ប្រណិប័តន៍​លោក​គួរ​គិត​ថា ការ​គោរព​ប្រណិប័តន៍​បរិសុទ្ធ​គឺ​អាស្រ័យ​ទៅ​លើ​អគារ ដែល​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស? ស្ទេផាន​បាន​ធ្វើ​សេចក្ដី​បញ្ចប់​យ៉ាង​ល្អ​ណាស់ ដោយ​ដក​ស្រង់​ពី​សៀវភៅ​អេសាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា ស្ថាន​សួគ៌​ជា​បល្ល័ង្ក​របស់​ខ្ញុំ ហើយ​ផែនដី​ជា​ទី​កំណល់​ជើង​របស់​ខ្ញុំ។ តើ​អ្នក​រាល់​គ្នា​អាច​ធ្វើ​វិហារ​បែប​ណា​សម្រាប់​ខ្ញុំ? ឬ​តើ​កន្លែង​ណា​អាច​ជា​ទី​អាស្រ័យ​នៅ​របស់​ខ្ញុំ? ដៃ​របស់​ខ្ញុំ​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​នេះ មែន​ទេ?​»។—សកម្ម. ៧:៤៩, ៥០; អេ. ៦៦:១, ២

១៧. តើ​ពាក្យ​សម្ដី​របស់​ស្ទេផាន (​ក​) បញ្ជាក់​យ៉ាង​ណា​ថា ពួក​អ្នក​ដែល​ស្ដាប់​គាត់​មាន​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ? (​ខ​) ឆ្លើយ​តប​ចំពោះ​ពាក្យ​ដែល​គេ​ចោទ​ប្រកាន់​គាត់​យ៉ាង​ដូច​ម្ដេច?

១៧ ពេល​យើង​គិត​ពិចារណា​សម្ដី​ដែល​ស្ទេផាន​និយាយ​ទៅ​កាន់​តុលាការ យើង​ច្បាស់​ជា​យល់​ស្រប​ថា គាត់​មាន​ភាព​ប៉ិន​ប្រសប់​ណាស់ ក្នុង​ការ​បង្ហាញ​ឲ្យ​ឃើញ​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ​របស់​ពួក​អ្នក​ចោទ​ប្រកាន់​គាត់។ ស្ទេផាន​បាន​បង្ហាញ​ថា គោល​បំណង​របស់​ព្រះ​យេហូវ៉ា​គឺ​ជឿន​ទៅ​មុខ មិន​ជាប់​ទ្រឹង​នឹង​ប្រពៃណី​នោះ​ទេ។ អស់​អ្នក​ដែល​ឈ្លក់​វង្វេង​នឹង​ភាព​ស្រស់​ស្អាត​នៃ​វិហារ​ក្នុង​ក្រុង​យេរូសាឡិម ព្រម​ទាំង​ទំនៀម​ទម្លាប់​ប្រពៃណី​ដែល​មាន​មក​ជា​មួយ​នឹង​ច្បាប់​ម៉ូសេ ពួក​គេ​មិន​បាន​យល់​អំពី​គោល​បំណង​ពិត​ប្រាកដ​នៃ​ច្បាប់​និង​វិហារ​របស់​ព្រះ​ទេ! ការ​លើក​ឡើង​របស់​ស្ទេផាន​បាន​បង្កើត​ជា​សំណួរ​សំខាន់​ដោយ​ប្រយោល​មួយ​គឺ​៖ ដើម្បី​គោរព​ច្បាប់​និង​វិហារ វិធី​ល្អ​បំផុត​គឺ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា មែន​ទេ? អ្វី​ដែល​ស្ទេផាន​បាន​លើក​ឡើង​ពិត​ជា​អំណះអំណាង​ដ៏​ល្អ​ណាស់ ពីព្រោះ​ខ្លួន​គាត់​ក៏​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព​ដែរ។

១៨. តើ​យើង​គួរ​យក​តម្រាប់​ស្ទេផាន​តាម​វិធី​ណា​ខ្លះ?

១៨ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​ពាក្យ​សម្ដី​របស់​ស្ទេផាន? សម្ដី​របស់​គាត់​បង្ហាញ​ថា​គាត់​ស្គាល់​បទ​គម្ពីរ​ច្បាស់។ ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​សិក្សា​បណ្ដាំ​របស់​ព្រះ​យ៉ាង​ស៊ី​ជម្រៅ បើ​យើង​ចង់​ពន្យល់​«​បណ្ដាំ​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ​»។ (​២ធី. ២:១៥​) យើង​ក៏​អាច​រៀន​ដែរ​អំពី​ភាព​ប៉ិន​ប្រសប់ និង​ចិត្ត​សប្បុរស​របស់​ស្ទេផាន។ ទោះ​ជា​ពួក​អ្នក​ស្ដាប់​គាត់​ខឹង​ខ្លាំង​ក៏​ដោយ គាត់​នៅ​តែ​ព្យាយាម​រក្សា​ចំណុច​ស្រប​គ្នា​ជា​មួយ​នឹង​ពួក​គេ ដោយ​លើក​ចំណុច​អ្វី​ដែល​ពួក​គេ​ឲ្យ​តម្លៃយ៉ាង​ខ្លាំង! មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បាន​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គេ ដោយ​ហៅ​បុរស​វ័យ​ចាស់​ថា​«​ឪពុក​»។ (​សកម្ម. ៧:២​) យើង​ក៏​ត្រូវ​ប្រាប់​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ ដោយ​«​ចិត្ត​ស្លូត​បូត​និង​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​»​ដែរ។—១ពេ. ៣:១៥

១៩. ហេតុ​អ្វី​ស្ទេផាន​អាច​និយាយ​យ៉ាង​ក្លាហាន​អំពី​ដំណឹង​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់?

១៩ ប៉ុន្តែ យើង​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រាប់​សេចក្ដី​ពិត ដោយ​សារ​ខ្លាច​គេ​មើល​ងាយ ឬ​មិន​ហ៊ាន​និយាយ​ចំ​ៗ​អំពី​ដំណឹង​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា​នោះ​ទេ។ ស្ទេផាន​អាច​ឃើញ​ច្បាស់​ថា រាល់​ភ័ស្តុតាង​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​លើក​ឡើង​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ គឺ​គ្មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​ពួក​គេ​ទេ។ ប៉ុន្តែ ឫទ្ធានុភាព​របស់​ព្រះ​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​ធ្វើ​សេចក្ដី​បញ្ចប់​ដោយ​មិន​ភ័យ​ខ្លាច​ក្នុង​ការ​បង្ហាញ​ថា ពួក​គេ​គឺ​ដូច​បុព្វ​បុរស​របស់​ពួក​គេ​ដែល​បាន​បដិសេធ​យ៉ូសែប ម៉ូសេ និង​អ្នក​ប្រកាស​ទំនាយ​ទាំង​អស់។ (​សកម្ម. ៧:៥១​-​៥៣​) តាម​ពិត ពួក​ចៅ​ក្រម​ទាំង​នេះ​បាន​ប្រហារ​ជីវិត​មេស្ស៊ី ដែល​ម៉ូសេ​និង​អ្នក​ប្រកាស​ទំនាយ​ទាំង​អស់​បាន​ប្រកាស​ទុក​ជា​មុន​ថា នឹង​មក។ ពួក​គេ​ពិត​ជាបាន​បំពាន​ច្បាប់​ម៉ូសេ​តាម​វិធី​ដ៏​អាក្រក់​បំផុត!

​«​លោក​ម្ចាស់​យេស៊ូ សូម​ទទួល​ជីវិត​ខ្ញុំ​»​ (​សកម្មភាព ៧:៥៤–៨:៣​)

«​ពេល​ឮ​ដូច្នេះ ពួក​គេ​ក៏​ខឹង​យ៉ាង​ខ្លាំង ហើយ​បាន​សង្កៀត​ធ្មេញ​ដាក់​គាត់​»។—សកម្ម​ភាព ៧:៥៤

២០, ២១. តើ​ពួក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​សម្ដី​របស់​ស្ទេផាន? ហើយ​តើ​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​គាត់​យ៉ាង​ដូច​ម្ដេច?

២០ ការ​ពិត​ដែល​មិន​អាច​ប្រកែក​បាន​នៃ​ពាក្យ​សម្ដី​របស់​ស្ទេផាន បាន​ធ្វើ​ឲ្យ​ពួក​ចៅ​ក្រម​ខឹង​យ៉ាង​ខ្លាំង។ ពួក​គេ​ចាប់​ផ្ដើម​សង្កៀត​ធ្មេញ​ដាក់​ស្ទេផាន ដោយ​លែង​ខ្វល់​ពី​ភាព​ថ្លៃ​ថ្នូរ​របស់​ខ្លួន​ទៀត។ បុរស​ដ៏​ស្មោះ​ត្រង់​នេះ​បាន​ឃើញ​យ៉ាង​ច្បាស់​ថា គាត់​នឹង​មិន​បាន​ទទួល​ការ​ត្រា​ប្រណី ដូច​លោក​យេស៊ូ​ជា​ម្ចាស់​របស់​គាត់​ដែរ។

២១ ស្ទេផាន​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​ប្រឈម​មុខ​នឹង​អ្វី ដែល​ហៀប​កើត​ឡើង​ដល់​គាត់។ គាត់​ប្រាកដ​ជា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា បាន​បង្ហាញ​ឲ្យ​គាត់​ឃើញ​ក្នុង​គំនិត។ ស្ទេផាន​បាន​ឃើញ​សិរី​រុង​រឿង​របស់​ព្រះ ហើយ​គាត់​ឃើញ​លោក​យេស៊ូ​កំពុង​ឈរ​នៅ​ខាង​ស្ដាំ​ដៃ​ព្រះ​យេហូវ៉ា! ពេល​ស្ទេផាន​រៀប​រាប់​អំពី​ការ​ឃើញ​ក្នុង​គំនិត ពួក​ចៅ​ក្រម​យក​ដៃ​ខ្ទប់​ត្រចៀក។ ហេតុ​អ្វី? ពីព្រោះ​មួយ​រយៈ​កន្លង​មុន​នោះ លោក​យេស៊ូ​ធ្លាប់​ប្រាប់​តុលាការ​នេះ​ថា លោក​គឺ​ជា​មេស្ស៊ី ហើយ​ថា​មិន​យូរ​ទៀត​លោក​នឹង​នៅ​ខាង​ស្ដាំ​ដៃ​បិតា​របស់​លោក។ (​ម៉ាក. ១៤:៦២​) ការ​ឃើញ​ក្នុង​គំនិត​របស់​ស្ទេផាន​បាន​បង្ហាញ​ថា ប្រសាសន៍​របស់​លោក​យេស៊ូ​គឺ​ជា​ការ​ពិត។ ពួក​ចៅ​ក្រម​ទាំង​នោះ​ពិត​ជា​បាន​ក្បត់ ហើយ​សម្លាប់​មេស្ស៊ី​មែន! ដូច្នេះ ពួក​គេ​ក៏​ស្ទុះ​ទៅ​ចាប់​ស្ទេផាន​ដើម្បី​ឲ្យ​គេ​គប់​ថ្ម​សម្លាប់​គាត់។ c

២២, ២៣. តើ​ការ​ស្លាប់​របស់​ស្ទេផាន​ស្រដៀង​គ្នា​នឹង​ការ​ស្លាប់​របស់​លោក​យេស៊ូ​ដែល​ជា​ម្ចាស់​គាត់​ក្នុង​ន័យ​អ្វី? ហើយ​ហេតុ​អ្វី​គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ​អាច​មាន​ទំនុក​ចិត្ត​ដូច​ស្ទេផាន?

២២ ការ​ស្លាប់​របស់​ស្ទេផាន​ស្រដៀង​គ្នា​នឹង​ការ​ស្លាប់​របស់​លោក​យេស៊ូ ដែល​ជា​ម្ចាស់​គាត់។ គាត់​ស្លាប់​ដោយ​អារម្មណ៍​ស្ងប់ ដោយ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា និង​ដោយ​អភ័យ​ទោស​ឲ្យ​អស់​អ្នក​ដែល​សម្លាប់​គាត់។ គាត់​បាន​និយាយ​ថា​៖ ​«​លោក​ម្ចាស់​យេស៊ូ សូម​ទទួល​ជីវិត​ខ្ញុំ​»។ នេះ​ប្រហែល​ជា​ដោយ​សារ​គាត់​នៅ​តែ​ឃើញ​កូន​មនុស្ស និង​ព្រះ​យេហូវ៉ា​ក្នុង​គំនិត។ ស្ទេផាន​ប្រាកដ​ជា​បាន​ដឹង​ពាក្យ​សម្ដី​ដ៏​លើក​ទឹក​ចិត្ត​របស់​លោក​យេស៊ូ ដែល​ថា​៖ ​«​ការ​រស់​ឡើង​វិញ​និង​ការ​មាន​ជីវិត​គឺ​ដោយ​សារ​ខ្ញុំ​»។ (​យ៉ូន. ១១:២៥​) នៅ​ទី​បំផុត ស្ទេផាន​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដោយ​សំឡេង​ឮ​ៗ​ថា​៖ ​«​ព្រះ​យេហូវ៉ា សូម​កុំ​ផ្ដន្ទា​ទោស​ពួក​គេ​ចំពោះ​អំពើ​ខុស​ឆ្គង​នេះ​ឡើយ​»។ លុះ​និយាយ​ចប់ គាត់​ក៏​ស្លាប់​ទៅ។—សកម្ម. ៧:៥៩, ៦០

២៣ ដូច្នេះ ក្នុង​ចំណោម​អ្នក​កាន់​តាម​គ្រិស្ត ស្ទេផាន​ជា​បុគ្គល​ដំបូង​ដែល​បាន​ស្លាប់​ដោយ​សារ​ជំនឿ។ (​សូម​មើល​ប្រអប់​«​ តើ​‹ការ​ស្លាប់​ដោយ​សារ​ជំនឿ›​មាន​ន័យ​ដូច​ម្ដេច?​»​) គួរ​ឲ្យ​ស្ដាយ​ណាស់ គាត់​មិន​មែន​ជា​មនុស្ស​ចុង​ក្រោយ​ដែល​ស្លាប់​ដោយ​សារ​ជំនឿ​ទេ។ រហូត​មក​ដល់​សព្វ​ថ្ងៃ ពួក​អ្នក​បម្រើ​ស្មោះ​ត្រង់​មួយ​ចំនួន​របស់​ព្រះ​យេហូវ៉ា​បាន​ស្លាប់ ដោយ​សារ​ពួក​ជ្រុល​និយម​ខាង​សាសនា ពួក​នយោបាយ និង​ពួក​អ្នក​ប្រឆាំង​ដ៏​កាច​សាហាវ។ ប៉ុន្តែ យើង​មាន​ហេតុ​ផល​ដើម្បី​មាន​ទំនុក​ចិត្ត​ដូច​ស្ទេផាន។ ឥឡូវ​លោក​យេស៊ូ​កំពុង​គ្រប់​គ្រង​ជា​ស្ដេច និង​កំពុង​ប្រើ​អំណាច​ដ៏​អស្ចារ្យ​ពី​បិតា​របស់​លោក។ គ្មាន​អ្វី​អាច​រា​រាំង​លោក​មិន​ឲ្យ​ប្រោស​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក ឲ្យ​រស់​ឡើង​វិញ​ឡើយ!—យ៉ូន. ៥:២៨, ២៩

២៤. តើ​ប៉ូល​បាន​រួម​ចំណែក​ក្នុង​ការ​សម្លាប់​ស្ទេផាន​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​ការ​ស្លាប់​របស់​បុរស​ដ៏​ស្មោះ​ត្រង់​នេះ​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​អ្នក​ណា​ខ្លះ?

២៤ មាន​យុវជន​ម្នាក់​ឈ្មោះ​សុល កំពុង​មើល​ហេតុ​ការណ៍​ទាំង​នោះ។ គាត់​ពេញ​ចិត្ត​ចំពោះ​ការ​សម្លាប់​ស្ទេផាន ហើយ​ថែម​ទាំង​ឈរ​យាម​អាវ​ឲ្យ​ពួក​អ្នក​គប់​ថ្ម​សម្លាប់​ស្ទេផាន​ទៀត​ផង។ មិន​យូរ​ក្រោយ​មក រលក​នៃ​ការ​បៀតបៀន​ដ៏​សាហាវ​បាន​ផ្ទុះ​ឡើង ហើយ​សុល​គឺ​ជា​អ្នក​នាំ​មុខ។ ប៉ុន្តែ ការ​ស្លាប់​របស់​ស្ទេផាន​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ជា​ច្រើន។ គំរូ​របស់​គាត់​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ឯ​ទៀត​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់ និង​ទទួល​ជោគ​ជ័យ​ស្រដៀង​នឹង​គាត់​ដែរ។ ក្រោយ​មក​សុល​បាន​ក្លាយ​ជា​សាវ័ក​ប៉ូល ហើយ​រាល់​ដង​ដែល​គាត់​គិត​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ​ពេល​ស្ទេផាន​ត្រូវ​គេ​សម្លាប់ គាត់​សោក​ស្ដាយ​ជា​ខ្លាំង។ (​សកម្ម. ២២:២០​) គាត់​បាន​រួម​ចំណែក​ក្នុង​ការ​សម្លាប់​ស្ទេផាន តែ​ក្រោយ​មក​គាត់​បាន​សារភាព​ថា​៖ ​«​ខ្ញុំ​ធ្លាប់​ជា​អ្នក​ប្រមាថ​ព្រះ ជា​អ្នក​បៀតបៀន​រាស្ដ្រ​របស់​លោក និង​ជា​មនុស្ស​ព្រហើន​»។ (​១ធី. ១:១៣​) ច្បាស់​ណាស់​ថា​ប៉ូល​មិន​ដែល​ភ្លេច​ស្ទេផាន និង​ការ​បក​ស្រាយ​ដ៏​ប៉ិន​ប្រសប់​របស់​ស្ទេផាន​នៅ​ថ្ងៃ​នោះ​ទេ។ តាម​ពិត ក្នុង​សុន្ទរកថា​និង​សំបុត្រ​ខ្លះ​របស់​ប៉ូល ក៏​មាន​រួម​បញ្ចូល​ពាក្យ​សម្ដី​របស់​ស្ទេផាន​ដែរ។ (​សកម្ម. ៧:៤៨; ១៧:២៤; ហេ. ៩:​២៤​) ក្រោយ​មក ប៉ូល​បាន​សិក្សា​យ៉ាង​ដិត​ដល់​ដើម្បី​ធ្វើ​តាម​ជំនឿ​និង​ចិត្ត​ក្លាហាន​របស់​ស្ទេផាន ជា​«​អ្នក​ដែល​ព្រះ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង និង​ដែល​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​ពី​ព្រះ​»។ ចុះ​យើង​វិញ?

a អ្នក​ប្រឆាំង​ខ្លះ​មក​ពី​«​សាលា​ប្រជុំ​អតីតខ្ញុំបម្រើ​»។ ពួក​គេ​ប្រហែល​ជា​ឈ្លើយ​សឹក​របស់​ពួក​រ៉ូម ហើយ​ក្រោយ​មក​បាន​ត្រូវ​ដោះ​លែង​វិញ ឬ​ប្រហែល​ជា​ទាសករ​ដែល​ក្រោយ​មក​មាន​សេរី​ភាព ហើយ​ចូល​សាសនា​យូដា។ រីឯ​អ្នក​ខ្លះ​មក​ពី​ក្រុង​តើសុស ស្រុក​ស៊ីលីស៊ី ដូច​សុល​ដែរ។ កំណត់​ហេតុ​មិន​បាន​ប្រាប់​ថា សុល​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ស្រុក​ស៊ីលីស៊ី ដែល​មិន​អាច​ជជែក​តវ៉ា​ឈ្នះ​ស្ទេផាន​នោះ​ទេ។

b ព័ត៌មាន​នៅ​ក្នុង​ពាក្យ​សម្ដី​របស់​ស្ទេផាន មិន​មាន​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​គម្ពីរ​ទេ ដូច​ជា​ព័ត៌មាន​អំពី​ម៉ូសេ​ទទួល​ការ​អប់រំ​នៅ​ស្រុក​អេហ្ស៊ីប អាយុ​ប៉ុន្មាន​ពេល​ម៉ូសេ​រត់​ភៀស​ខ្លួន​ចេញ​ពី​ស្រុក​អេហ្ស៊ីប និង​រយៈ​ពេល​ដែល​ម៉ូសេ​ស្នាក់​នៅ​ក្នុង​ស្រុក​ម៉ាឌាន។

c ក្រោម​ច្បាប់​រ៉ូម ពួក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​គ្មាន​សិទ្ធិ​ចេញ​បញ្ជា​ឲ្យ​ប្រហារ​ជីវិត​ទេ។ (​យ៉ូន. ១៨:៣១​) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តាម​មើល​ទៅ​ការ​ស្លាប់​របស់​ស្ទេផាន ជា​ការ​ធ្វើ​ឃាត​ដោយ​ក្រុម​មនុស្ស​ដែល​ចង​កំហឹង មិន​មែន​ជា​ការ​កាត់​ក្ដី​តាម​ផ្លូវ​ច្បាប់​ឡើយ។