ជំពូកទី១៣
‹បន្ទាប់ពីមានការខ្វែងគំនិតគ្នា›
បញ្ហាកាត់ចុងស្បែកបានទៅដល់គណៈអភិបាល
មានមូលដ្ឋានលើសកម្មភាព ១៥:១-១២
១-៣. (ក) តើមានបញ្ហាអ្វីដែលអាចធ្វើឲ្យក្រុមជំនុំឈានទៅដល់ការបែកបាក់គ្នា? (ខ) តើការពិចារណាកំណត់ហេតុនេះក្នុងសៀវភៅសកម្មភាពអាចជួយយើងយ៉ាងណា?
ប៉ូលនិងបាណាបាស បានត្រឡប់មកដល់ក្រុងអាន់ទីយ៉ូកស្រុកស៊ីរីវិញទាំងមានអំណរ ក្រោយពីធ្វើដំណើរជាសាសនទូតលើកទី១។ ពួកគាត់សប្បាយចិត្តខ្លាំងណាស់ ដោយសារព្រះយេហូវ៉ា«បានបើកផ្លូវឲ្យប្រជាជាតិទាំងឡាយអាចមានជំនឿ»។ (សកម្ម. ១៤:២៦, ២៧) មិនត្រឹមតែប៉ុណ្ណោះ ដំណឹងល្អកំពុងរីកដុះដាលទូទាំងក្រុងអាន់ទីយ៉ូក ហើយជនជាតិដទៃ«ច្រើនសន្ធឹក»កំពុងចូលមកក្នុងក្រុមជំនុំ។—សកម្ម. ១១:២០-២៦
២ ដំណឹងដ៏គួរឲ្យរំភើបចិត្តអំពីការកើនឡើងនេះ បានឮសុសសាយយ៉ាងលឿន ទៅដល់តំបន់យូឌា។ ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាសប្បាយចិត្ត ពេលឮរឿងនេះទេ។ ផ្ទុយទៅវិញ រឿងនេះបែរជានាំឲ្យមានភាពចម្រូងចម្រាស អំពីការកាត់ចុងស្បែក។ តើអ្នកជឿដែលជាជនជាតិយូដាគួរមានទំនាក់ទំនងបែបណា ជាមួយនឹងអ្នកជឿដែលជាជនជាតិដទៃ? ហើយតើអ្នកជឿដែលជាជនជាតិដទៃគួរមានទស្សនៈយ៉ាងណាចំពោះច្បាប់ម៉ូសេ? បញ្ហាដ៏តានតឹងនេះបានក្លាយទៅជារឿងដ៏ធ្ងន់ធ្ងរ ដែលអាចធ្វើឲ្យក្រុមជំនុំបែកសាមគ្គី។ ដូច្នេះ តើបញ្ហានេះនឹងត្រូវដោះស្រាយដោយរបៀបណា?
៣ ពេលយើងពិចារណាកំណត់ហេតុនេះក្នុងសៀវភៅសកម្មភាព យើងនឹងទាញមេរៀនដ៏មានតម្លៃជាច្រើន។ កំណត់ហេតុទាំងនេះអាចជួយយើងឲ្យប្រព្រឹត្តដោយប្រាជ្ញា ពេលប្រឈមមុខនឹងបញ្ហាដែលអាចនាំឲ្យមានការបែកបាក់គ្នា។
«លុះត្រាតែអ្នករាល់គ្នាទទួលការកាត់ចុងស្បែក» (សកម្មភាព ១៥:១)
៤. តើគ្រិស្តសាសនិកខ្លះលើកស្ទួយទស្សនៈមិនត្រឹមត្រូវអ្វី? ហើយតើនេះនាំឲ្យមានសំណួរអ្វី?
៤ លូកាបានសរសេរថា៖ «មានបុរសខ្លះចុះមកពីតំបន់យូឌា[មកក្រុងអាន់ទីយ៉ូក] ហើយចាប់ផ្ដើមបង្រៀនបងប្អូនថា៖ ‹អ្នករាល់គ្នាអាចទទួលសេចក្ដីសង្គ្រោះបាន លុះត្រាតែអ្នករាល់គ្នាទទួលការកាត់ចុងស្បែកតាមទំនៀមទម្លាប់ម៉ូសេ›»។ (សកម្ម. ១៥:១) កំណត់ហេតុមិនបានចែងថា«បុរសខ្លះ . . . ពីតំបន់យូឌា»ទាំងនេះ ធ្លាប់ជាផារិស៊ីមុននឹងដូរមកធ្វើជាអ្នកកាន់តាមគ្រិស្តទេ។ ប៉ុន្តែ យ៉ាងហោចណាស់ពួកគេបានទទួលឥទ្ធិពល ពីគំនិតរបស់និកាយយូដានេះ អំពីការកាន់តាមច្បាប់យ៉ាងតឹងរ៉ឹង។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេប្រហែលជាបានយល់ខុសថា ពួកគេមានសិទ្ធិនិយាយ តំណាងពួកសាវ័ក និងពួកអ្នកចាស់ទុំក្នុងក្រុងយេរូសាឡិម។ (សកម្ម. ១៥:២៣, ២៤) ប៉ុន្តែ ទោះជា១៣ឆ្នាំកន្លងទៅហើយ តាំងពីសាវ័កពេត្រុសបានធ្វើតាមការណែនាំរបស់ព្រះ ដោយទទួលយកជនជាតិដទៃដែលមិនកាត់ចុងស្បែក ឲ្យចូលក្នុងក្រុមជំនុំគ្រិស្តសាសនិក ហេតុអ្វីបានជាគ្រិស្តសាសនិកជនជាតិយូដាខ្លះ នៅតែលើកស្ទួយការកាត់ចុងស្បែក? a—សកម្ម. ១០:២៤-២៩, ៤៤-៤៨
៥, ៦. (ក) ហេតុអ្វីបានជាគ្រិស្តសាសនិកជនជាតិយូដាខ្លះ នៅតែលើកស្ទួយការកាត់ចុងស្បែក? (ខ) តើកិច្ចព្រមព្រៀងនៃការកាត់ចុងស្បែកជាផ្នែកនៃកិច្ចព្រមព្រៀងអាប្រាហាំឬទេ? សូមពន្យល់។ (សូមមើលកំណត់សម្គាល់)
៥ ប្រហែលជាមានមូលហេតុជាច្រើន។ មូលហេតុមួយ ព្រះយេហូវ៉ាជាអ្នករៀបចំឲ្យមានការកាត់ចុងស្បែក ហើយនោះជាសញ្ញាមួយ ដែលបញ្ជាក់អំពីការមានទំនាក់ទំនងពិសេសជាមួយនឹងលោក។ ដំបូងការកាត់ចុងស្បែកបានត្រូវធ្វើឡើងចំពោះអាប្រាហាំនិងក្រុមគ្រួសាររបស់គាត់ មុនដែលមានកិច្ចព្រមព្រៀងខាងច្បាប់ តែក្រោយមកការកាត់ចុងស្បែកបានទៅជាផ្នែកមួយនៃច្បាប់នោះ។ b (ចល. ១២:២, ៣) ក្រោមច្បាប់ម៉ូសេ សូម្បីតែជនបរទេសក៏ត្រូវកាត់ចុងស្បែកដែរ ដើម្បីអាចចូលរួមពិធីបុណ្យមួយចំនួន ដូចជាការបរិភោគអាហារបុណ្យរំលងជាដើម។ (ដច. ១២:៤៣, ៤៤, ៤៨, ៤៩) ពិតណាស់ក្នុងផ្នត់គំនិតរបស់ជនជាតិយូដា ពួកគេចាត់ទុកបុរសដែលមិនកាត់ចុងស្បែកថា ជាមនុស្សមិនស្អាតបរិសុទ្ធ និងគួរឲ្យស្អប់ខ្ពើម។—អេ. ៥២:១
៦ ហេតុនេះ អ្នកជឿដែលជាជនជាតិយូដា ត្រូវមានជំនឿនិងចិត្តរាបទាប ដើម្បីទទួលយកសេចក្ដីបង្រៀនថ្មី។ កិច្ចព្រមព្រៀងខាងច្បាប់បានត្រូវជំនួស ដោយកិច្ចព្រមព្រៀងថ្មី។ ដូច្នេះ ជនជាតិយូដាដែលកើតមក លែងទៅជាសមាជិកនៃរាស្ត្ររបស់ព្រះដោយស្វ័យប្រវត្តិហើយ។ គ្រិស្តសាសនិកជនជាតិយូដាដែលរស់នៅក្នុងតំបន់ ដែលមានជនជាតិយូដាច្រើនរស់នៅ ដូចជាគ្រិស្តសាសនិកនៅក្នុងតំបន់យូឌា ត្រូវការចិត្តក្លាហានដើម្បីបង្ហាញជំនឿលើគ្រិស្ត និងទទួលយកជនជាតិដទៃដែលមិនកាត់ចុងស្បែក ជាបងប្អូនរួមជំនឿ។—យេ. ៣១:៣១-៣៣; លូក. ២២:២០
៧. តើ«បុរស . . . ពីតំបន់យូឌា»មិនបានយល់សេចក្ដីពិតអំពីអ្វី?
៧ ពិតណាស់ ខ្នាតតម្រារបស់ព្រះមិនបានផ្លាស់ប្ដូរទេ។ នេះបានបង្ហាញឲ្យឃើញច្បាស់ ដោយសារកិច្ចព្រមព្រៀងថ្មី នៅតែរក្សាចំណុចសំខាន់នៃច្បាប់ម៉ូសេ។ (ម៉ាថ. ២២:៣៦-៤០) ជាឧទាហរណ៍ ក្រោយមកប៉ូលបានសរសេរអំពីការកាត់ចុងស្បែកថា៖ «គឺអ្វីដែលនៅក្នុងចិត្តវិញ ដែលអ្នកនោះជាជនជាតិយូដាពិតប្រាកដ ហើយការកាត់ចុងស្បែករបស់អ្នកនោះ គឺនៅលើចិត្តរបស់គាត់ដោយឫទ្ធានុភាពរបស់ព្រះ មិនមែនដោយក្បួនច្បាប់ជាលាយលក្ខណ៍អក្សរទេ»។ (រ៉ូម ២:២៩; បច. ១០:១៦) «បុរស . . . ពីតំបន់យូឌា»មិនបានយល់សេចក្ដីពិតទាំងនេះទេ ពួកគេនៅតែអះអាងថា ព្រះមិនដែលលុបចោលច្បាប់នៃការកាត់ចុងស្បែកឡើយ។ តើពួកគេនឹងស្ដាប់ហេតុផលឬទេ?
‹ការខ្វែងគំនិតនិងការជជែកតវ៉ា› (សកម្មភាព ១៥:២)
៨. ហេតុអ្វីបញ្ហាអំពីការកាត់ចុងស្បែកបានត្រូវបញ្ជូនទៅគណៈអភិបាលនៅក្រុងយេរូសាឡិម?
៨ លូកាបានបន្តសរសេរថា៖ «បន្ទាប់ពីប៉ូលនិងបាណាបាសបានខ្វែងគំនិតជាមួយនឹងពួកគាត់[គឺបុរសដែល«មកពីតំបន់យូឌា»]ទាំងជជែកតវ៉ាជាច្រើនផង នោះ[ពួកបុរសចាស់ទុំ]ក៏ចាត់ចែងឲ្យប៉ូល បាណាបាស និងបងប្អូនខ្លះឡើងទៅជួបពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិម ដើម្បីនិយាយអំពីទំនាស់នោះ»។ c (សកម្ម. ១៥:២) ការផ្ទុះឡើងនូវ‹ការខ្វែងគំនិតនិងការជជែកតវ៉ា›បង្ហាញថា ភាគីទាំងសងខាងកាន់ខ្ជាប់នូវទស្សនៈរបស់ខ្លួន ហើយជឿជាក់ថា អ្វីដែលខ្លួនបានលើកឡើងគឺត្រឹមត្រូវ។ ហេតុនេះ ក្រុមជំនុំនៅក្រុងអាន់ទីយ៉ូក មិនអាចដោះស្រាយបញ្ហាដ៏តានតឹងនោះបានឡើយ។ ដើម្បីរក្សាសាមគ្គីភាពនិងសេចក្ដីសុខសាន្ត ក្រុមជំនុំបានសម្រេចចិត្តយ៉ាងឈ្លាសវៃដោយបញ្ជូនរឿងនេះ ទៅ«ពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិម» ដែលជាគណៈអភិបាល។ តើយើងអាចរៀនអ្វី ពីពួកអ្នកចាស់ទុំនៅក្រុងអាន់ទីយ៉ូក?
៩, ១០. តើបងប្អូននៅក្រុងអាន់ទីយ៉ូកក៏ដូចជាប៉ូលនិងបាណាបាស បានទុកគំរូល្អសម្រាប់យើងនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
៩ យើងរៀនមេរៀនដ៏មានតម្លៃមួយគឺ យើងត្រូវទុកចិត្តអង្គការរបស់ព្រះ។ សូមពិចារណាអំពីរឿងនេះ៖ បងប្អូននៅក្រុងអាន់ទីយ៉ូកដឹងថា គណៈអភិបាលទាំងអស់សុទ្ធតែជាគ្រិស្តសាសនិកជនជាតិយូដា។ ប៉ុន្តែ ពួកគេជឿជាក់ថា គណៈអភិបាលនឹងដោះស្រាយបញ្ហាកាត់ចុងស្បែកស្របតាមបទគម្ពីរ។ ហេតុអ្វី? ពីព្រោះក្រុមជំនុំមានទំនុកចិត្តថា ព្រះយេហូវ៉ានឹងដឹកនាំពួកគាត់ឲ្យដោះស្រាយរឿងផ្សេងៗតាមរយៈឫទ្ធានុភាពបរិសុទ្ធរបស់លោក និងតាមរយៈលោកយេស៊ូគ្រិស្តដែលជាប្រមុខនៃក្រុមជំនុំ។ (ម៉ាថ. ២៨:១៨, ២០; អេភ. ១:២២, ២៣) នៅសព្វថ្ងៃ ពេលមានបញ្ហាធ្ងន់ធ្ងរកើតឡើង សូមយើងធ្វើតាមគំរូដ៏ល្អរបស់បងប្អូននៅក្រុងអាន់ទីយ៉ូក ដោយទុកចិត្តអង្គការរបស់ព្រះ និងគណៈអភិបាលជាគ្រិស្តសាសនិកដែលបានត្រូវរើសតាំង។
១០ ម្យ៉ាងទៀត នេះរំលឹកយើងអំពីសារៈសំខាន់នៃការមានចិត្តរាបទាប និងចិត្តអត់ធ្មត់។ ប៉ូលនិងបាណាបាសបានត្រូវតែងតាំងដោយឫទ្ធានុភាពបរិសុទ្ធ ដើម្បីឲ្យពួកគាត់ទៅឯជនជាតិដទៃ។ ប៉ុន្តែ ពួកគាត់មិនបានប្រើសិទ្ធិអំណាចរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាកាត់ចុងស្បែកនៅក្រុងអាន់ទីយ៉ូកភ្លាមៗនោះទេ។ (សកម្ម. ១៣:២, ៣) បន្ថែមទៅទៀត ក្រោយមកប៉ូលបានសរសេរ ថា៖ «ខ្ញុំបានឡើងទៅ[ក្រុងយេរូសាឡិម]ដោយសារអ្វីដែលបានត្រូវបើកបង្ហាញដល់ខ្ញុំ»។ នេះបញ្ជាក់ថា ព្រះជាអ្នកដឹកនាំក្នុងរឿងនោះ។ (កាឡ. ២:២) បច្ចុប្បន្នក៏ដូចគ្នាដែរ ពួកអ្នកចាស់ទុំព្យាយាមរក្សាចិត្តរាបទាបនិងចិត្តអត់ធ្មត់ ពេលជួបបញ្ហាដែលអាចនាំឲ្យមានការឈ្លោះប្រកែកគ្នា។ ជាជាងប្រកាន់យកទស្សនៈរបស់ខ្លួន ពួកអ្នកចាស់ទុំពឹងផ្អែកលើព្រះយេហូវ៉ា ដោយពិនិត្យមើលបទគម្ពីរនិងការណែនាំ ព្រមទាំងយោបល់ផ្សេងៗដែលមកពីខ្ញុំបម្រើដ៏ស្មោះត្រង់។—ភី. ២:២, ៣
១១, ១២. ហេតុអ្វីជាការសំខាន់ក្នុងការរង់ចាំព្រះយេហូវ៉ា?
១១ ក្នុងករណីខ្លះ យើងប្រហែលជាត្រូវរង់ចាំព្រះយេហូវ៉ាបំភ្លឺការយល់ដឹងរបស់យើង។ សូមចាំថា ទម្រាំតែព្រះយេហូវ៉ាឆ្លើយតបអំពីរឿងកាត់ចុងស្បែក បងប្អូននៅសម័យប៉ូលត្រូវរង់ចាំចម្លើយពីលោក រហូតដល់ឆ្នាំ៤៩ គ.ស. គឺប្រមាណជា១៣ឆ្នាំ ចាប់តាំងពីកូនេលាសបានត្រូវរើសតាំងនៅឆ្នាំ៣៦ គ.ស.។ ហេតុអ្វីយូរម្ល៉េះ? ប្រហែលជាព្រះចង់ទុកពេលល្មមគ្រប់គ្រាន់ ដល់ជនជាតិយូដាដែលមានចិត្តស្មោះ ឲ្យសម្របខ្លួនតាមការផ្លាស់ប្ដូរដ៏ធំនោះ។ យ៉ាងណាមិញ ការបញ្ចប់កិច្ចព្រមព្រៀងនៃការកាត់ចុងស្បែក ដែលព្រះបានធ្វើជាមួយអាប្រាហាំដែលជាបុព្វបុរសជាទីស្រឡាញ់របស់ពួកគេ កាលពីជាង១.៩០០ឆ្នាំមុន នោះមិនមែនជារឿងងាយស្រួលឡើយ!—យ៉ូន. ១៦:១២
១២ ការទទួលការអប់រំ និងការណែនាំពីបិតាស្ថានសួគ៌ដែលមានចិត្តអត់ធ្មត់និងសប្បុរស នោះពិតជាឯកសិទ្ធិណាស់! ពីព្រោះការណែនាំពីលោកតែងតែល្អ ហើយផ្ដល់ប្រយោជន៍ដល់យើងជានិច្ច។ (អេ. ៤៨:១៧, ១៨; ៦៤:៨) ដូច្នេះ យើងមិនត្រូវឲ្យអំណួតដឹកនាំគំនិតរបស់យើង ឬមានប្រតិកម្មមិនល្អ ពេលដែលមានការផ្លាស់ប្ដូរក្នុងអង្គការ ឬមានការកែសម្រួលនៃការបកស្រាយបទគម្ពីរនោះទេ។ (អទ. ៧:៨) បើអ្នកកត់សម្គាល់ឃើញថា ខ្លួនមានទំនោរចិត្តដូចនោះ អ្នកគួរអធិដ្ឋាន ហើយរំពឹងគិតគោលការណ៍សមស្របមួយចំនួន ដែលមានក្នុងសៀវភៅសកម្មភាព ជំពូកទី១៥។ d
១៣. ក្នុងកិច្ចបម្រើផ្សាយ តើយើងអាចយកតម្រាប់ចិត្តអត់ធ្មត់របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៣ យើងត្រូវមានចិត្តអត់ធ្មត់ ពេលដែលសិស្សគម្ពីរពិបាកបោះបង់ចោលជំនឿ ឬទំនៀមទម្លាប់ ដែលមិនមានមូលដ្ឋានលើគម្ពីរ។ ក្នុងករណីបែបនេះ យើងប្រហែលជាត្រូវរង់ចាំមួយរយៈពេល ដើម្បីឲ្យឫទ្ធានុភាពរបស់ព្រះមានឥទ្ធិពលទៅលើចិត្តរបស់សិស្ស។ (១កូ. ៣:៦, ៧) បន្ថែមទៀត យើងក៏ត្រូវអធិដ្ឋានអំពីរឿងនេះដែរ។ នៅពេលសមត្រឹមត្រូវ ព្រះនឹងជួយយើងឲ្យដឹងអំពីរបៀបដែលយើងអាចប្រព្រឹត្តដោយប្រាជ្ញា។—១យ៉ូន. ៥:១៤
ពួកគាត់បានរៀបរាប់«យ៉ាងល្អិតល្អន់»អំពីបទពិសោធន៍ដ៏គួរឲ្យលើកទឹកចិត្ត (សកម្មភាព ១៥:៣-៥)
១៤, ១៥. តើតាមរបៀបណាក្រុមជំនុំនៅក្រុងអាន់ទីយ៉ូកបានបង្ហាញការគោរពស្រឡាញ់ចំពោះប៉ូល បាណាបាស និងបងប្អូនដែលអមដំណើរពួកគាត់? ហើយតើពួកគាត់បាននិយាយរឿងអ្វីដែលប្រៀបដូចជាពរសម្រាប់បងប្អូនរួមជំនឿ?
១៤ លូកាបន្តរៀបរាប់ថា៖ «ក្រោយពីក្រុមជំនុំជូនដំណើរពួកគាត់បានមួយកំណាត់ផ្លូវ នោះពួកគាត់បន្តដំណើរកាត់ស្រុកភេនីស៊ីនិងស្រុកសាម៉ារី ព្រមទាំងរៀបរាប់យ៉ាងល្អិតល្អន់[ប្រាប់បងប្អូននៅទីនោះ]អំពីជនជាតិដទៃដែលបានបែរមកគោរពប្រណិប័តន៍ព្រះ។ ការរៀបរាប់នោះបានធ្វើឲ្យបងប្អូនត្រេកអរជាខ្លាំង»។ (សកម្ម. ១៥:៣) ការដែលក្រុមជំនុំជូនដំណើរប៉ូល បាណាបាស និងបងប្អូនដែលអមដំណើរពួកគាត់ គឺជាទង្វើដែលបង្ហាញការគោរពស្រឡាញ់ចំពោះពួកគាត់ ហើយក៏បង្ហាញដែរថា ក្រុមជំនុំចង់ឲ្យពួកគាត់ទទួលពរពីព្រះ។ ជាថ្មីម្ដងទៀត បងប្អូននៅក្រុងអាន់ទីយ៉ូកបានទុកគំរូដ៏ល្អសម្រាប់យើង! តើយើងកំពុងបង្ហាញការគោរពចំពោះបងប្អូនរួមជំនឿ ‹ជាពិសេសចំពោះពួកអ្នកចាស់ទុំដែលធ្វើការនឿយហត់ក្នុងការនិយាយនិងការបង្រៀនអំពីបណ្ដាំរបស់ព្រះ›ឬទេ?—១ធី. ៥:១៧
១៥ ប៉ូល បាណាបាស និងបងប្អូនដែលអមដំណើរពួកគាត់ បានរៀបរាប់ប្រាប់បងប្អូនរួមជំនឿនៅស្រុកភេនីស៊ីនិងស្រុកសាម៉ារី «យ៉ាងល្អិតល្អន់»នូវបទពិសោធន៍អំពីការផ្សព្វផ្សាយដល់ជនជាតិដទៃ។ បទពិសោធន៍ទាំងនោះពិតជាលើកទឹកចិត្តបងប្អូនខ្លាំងណាស់។ បងប្អូនដែលស្ដាប់ពួកគាត់ ប្រហែលជារួមបញ្ចូលគ្រិស្តសាសនិកជនជាតិយូដា ដែលបានរត់ភៀសខ្លួនទៅស្រុកទាំងនោះ បន្ទាប់ពីស្ទេផានត្រូវគេសម្លាប់។ សូម្បីតែនៅសព្វថ្ងៃ ពេលបងប្អូនរបស់យើងឮរបាយការណ៍ថា ព្រះយេហូវ៉ាកំពុងឲ្យពរដល់កិច្ចការជួយអ្នកឯទៀតឲ្យទៅជាអ្នកកាន់តាមគ្រិស្ត នោះពិតជាលើកទឹកចិត្តបងប្អូនរបស់យើងណាស់ ជាពិសេសបងប្អូនដែលកំពុងជួបទុក្ខលំបាក។ តើអ្នកកំពុងទាញយកប្រយោជន៍យ៉ាងពេញលេញពីការចូលរួមកិច្ចប្រជុំក្រុមជំនុំ សន្និបាត មហាសន្និបាត ព្រមទាំងអានបទពិសោធន៍និងជីវប្រវត្តិ ដែលមាននៅក្នុងសៀវភៅនិងគេហទំព័រjw.orgឬទេ?
១៦. តើអ្វីបង្ហាញថារឿងរ៉ាវអំពីការកាត់ចុងស្បែកបានក្លាយទៅជាបញ្ហាដ៏ធំមួយ?
១៦ ក្រោយពីធ្វើដំណើរចម្ងាយប្រមាណ៥៥០គីឡូម៉ែត ទៅទិសខាងត្បូង ពួកគាត់ទាំងអស់ដែលមកពីក្រុងអាន់ទីយ៉ូក បានមកដល់គោលដៅរបស់ខ្លួន។ លូកាសរសេរថា៖ «លុះទៅ ដល់ក្រុងយេរូសាឡិម នោះក្រុមជំនុំ ពួកសាវ័ក និងពួកបុរសចាស់ទុំបានទទួលពួកគាត់យ៉ាងរាក់ទាក់ ហើយពួកគាត់បានរៀបរាប់អំពីការជាច្រើនដែលព្រះបានធ្វើតាមរយៈពួកគាត់»។ (សកម្ម. ១៥:៤) ប៉ុន្តែ «អ្នកខ្លះពីនិកាយពួកផារិស៊ី ដែលបានទៅជាអ្នកជឿបានក្រោកឡើងនិយាយថា៖ ‹យើងត្រូវកាត់ចុងស្បែកពួកគេ ហើយបង្គាប់ពួកគេឲ្យកាន់តាមច្បាប់ម៉ូសេ›»។ (សកម្ម. ១៥:៥) នេះបង្ហាញយ៉ាងច្បាស់ថា រឿងរ៉ាវអំពីការកាត់ចុងស្បែកគ្រិស្តសាសនិក ដែលមិនមែនជាជនជាតិយូដា បានក្លាយទៅជាបញ្ហាដ៏ធំមួយ ដែលត្រូវតែដោះស្រាយ។
«ពួកសាវ័កនិងពួកបុរសចាស់ទុំបានជួបជុំគ្នា» (សកម្មភាព ១៥:៦-១២)
១៧. តើអ្នកណាជាគណៈអភិបាលនៅក្រុងយេរូសាឡិម? ហើយហេតុអ្វីមាន«ពួកបុរសចាស់ទុំ»នៅក្នុងចំណោមនោះដែរ?
១៧ សុភាសិត ១៣:១០ ចែងថា៖ «អស់អ្នកដែលមានប្រាជ្ញារមែងស្វែងរកដំបូន្មាន»។ ស្របតាមគោលការណ៍ដ៏ល្អនេះ «ពួកសាវ័កនិងពួកបុរសចាស់ទុំបានជួបជុំគ្នាដើម្បីពិភាក្សាអំពីរឿង[កាត់ចុងស្បែក]»។ (សកម្ម. ១៥:៦) «ពួកសាវ័កនិងពួកបុរសចាស់ទុំ»ជាតំណាងក្រុមជំនុំទាំងមូល ដូចគណៈអភិបាលនៅសព្វថ្ងៃដែរ។ ហេតុអ្វីចាំបាច់មាន«ពួកបុរសចាស់ទុំ»បម្រើជាមួយនឹងពួកសាវ័ក? សូមចាំថា ពេលនោះសាវ័កយ៉ាកុបបានត្រូវប្រហារជីវិត រីឯសាវ័កពេត្រុសបានត្រូវចាប់ដាក់គុក យ៉ាងហោចណាស់អស់មួយរយៈពេល។ ម្យ៉ាងទៀត នោះក៏អាចកើតឡើងចំពោះសាវ័កឯទៀតដែរនៅថ្ងៃខាងមុខ។ ដូច្នេះ ការមានបុរសផ្សេងទៀតដែលបានត្រូវរើសតាំង និងដែលមានគុណសម្បត្តិគ្រប់គ្រាន់មកជួយ នោះប្រាកដជាបានធ្វើឲ្យកិច្ចការត្រួតពិនិត្យ បន្តមានរបៀបរៀបរយ។
១៨, ១៩. តើពេត្រុសបាននិយាយពាក្យដ៏មានឥទ្ធិពលអ្វី? ហើយតើអស់អ្នកដែលស្ដាប់គាត់ គួរសន្និដ្ឋានយ៉ាងណា?
១៨ លូកាបន្តសរសេរថា៖ «បន្ទាប់ពីមានការពិភាក្សាយ៉ាងតឹងតែង នោះពេត្រុសក្រោកឡើងនិយាយ . . . ថា៖ ‹បងប្អូនអើយ អ្នករាល់គ្នាដឹងច្បាស់ថា តាំងពីយូរហើយព្រះបានជ្រើសរើសខ្ញុំពីចំណោមអ្នករាល់គ្នា ដើម្បីឲ្យជនជាតិដទៃឮបណ្ដាំអំពីដំណឹងល្អ ហើយជឿដោយសារខ្ញុំ។ ម្យ៉ាងទៀត ព្រះដែលជ្រាបអំពីអ្វីក្នុងចិត្ត បានធ្វើជាសាក្សីបញ្ជាក់ថាលោកពេញចិត្តពួកគេ ដោយឲ្យឫទ្ធានុភាពបរិសុទ្ធ ដូចលោកបានឲ្យយើងដែរ។ លោកមិនបានរាប់យើងថាខុសពីពួកគេសោះឡើយ តែលោកបានធ្វើឲ្យចិត្តរបស់ពួកគេបរិសុទ្ធដោយសារជំនឿ›»។ (សកម្ម. ១៥:៧-៩) យោងតាមសៀវភៅមួយ ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា «ការពិភាក្សាយ៉ាងតឹងតែង»នៅក្នុងខ៧ ក៏រួមបញ្ចូលអត្ថន័យថា«ការស្វែងរក» ឬ‹ការសួរសំណួរ›។ តាមមើលទៅ បងប្អូនទាំងនោះមានមតិយោបល់ខុសៗគ្នា ហើយបាននិយាយត្រង់ទៅត្រង់មក ក្នុងបំណងស្វែងរកដំណោះស្រាយ។
១៩ ពាក្យសម្ដីដ៏មានឥទ្ធិពលរបស់ពេត្រុស បានរំលឹកគ្រប់គ្នាដែលនៅទីនោះថា គាត់ផ្ទាល់បានមានវត្តមានជាលើកដំបូងក្នុងពេលដែលជនជាតិដទៃ ដែលមិនកាត់ចុងស្បែកបានត្រូវរើសតាំងដោយឫទ្ធានុភាពបរិសុទ្ធនៅឆ្នាំ៣៦ គ.ស. ពោលគឺកូនេលាសនិងក្រុមគ្រួសាររបស់គាត់។ ដូច្នេះ បើព្រះយេហូវ៉ាលែងចាត់ទុកជនជាតិយូដា និងអ្នកដែលមិនមែនជាជនជាតិយូដា ថាខុសគ្នាទៀត តើមនុស្សមានសិទ្ធិអ្វីចាត់ទុកក្រុមទាំងពីរនោះថាខុសគ្នា? បន្ថែមទៅទៀត ការធ្វើឲ្យចិត្តរបស់អ្នកជឿណាម្នាក់បានស្អាតបរិសុទ្ធ មិនមែនជាការធ្វើតាមច្បាប់ម៉ូសេទេ តែជាការមានជំនឿលើគ្រិស្ត។—កាឡ. ២:១៦
២០. តើពួកអ្នកដែលលើកស្ទួយការកាត់ចុងស្បែក«កំពុងសាកល្បងព្រះ»យ៉ាងដូចម្ដេច?
២០ ដោយផ្អែកលើភ័ស្តុតាងដ៏រឹងមាំពីបណ្ដាំរបស់ព្រះ និងពីឫទ្ធានុភាពបរិសុទ្ធ ពេត្រុសបានសរុបសេចក្ដីថា៖ «ដូច្នេះ ឥឡូវនេះ ហេតុអ្វីបានជាអ្នករាល់គ្នាកំពុងសាកល្បងព្រះ ដោយដាក់នឹមមួយលើ កពួកអ្នកកាន់តាម ដែលទាំងយើងទាំងពួកបុព្វបុរសរបស់យើងមិនអាចទ្រាំទ្របានផង? ផ្ទុយទៅវិញ យើងមានជំនឿថា យើងនឹងទទួលសេចក្ដីសង្គ្រោះតាមរយៈគុណដ៏វិសេសលើសលប់នៃលោកម្ចាស់យេស៊ូ ដូចអ្នកទាំងនោះដែរ»។ (សកម្ម. ១៥:១០, ១១) ពួកអ្នកដែលលើកស្ទួយការកាត់ចុងស្បែក តាមពិតពួកគេ«កំពុងសាកល្បងព្រះ» ឬតាមការបកប្រែមួយទៀតថា ‹កំពុងសាកល្បងចិត្តអត់ធ្មត់របស់លោក›។ ពួកគេកំពុងព្យាយាមដាក់ច្បាប់មួយឲ្យជនជាតិដទៃធ្វើតាម ដែលសូម្បីតែជនជាតិយូដាខ្លួនឯង ក៏មិនអាចធ្វើបានទាំងស្រុងផង។ ហេតុនេះ តាមច្បាប់ម៉ូសេ សឲ្យឃើញថាពួកគេសមនឹងស្លាប់។ (កាឡ. ៣:១០) ផ្ទុយទៅវិញ ជនជាតិយូដាដែលបានស្ដាប់ពេត្រុស គួរអរគុណព្រះដែលបានផ្ដល់គុណដ៏វិសេសលើសលប់ តាមរយៈលោកយេស៊ូ។
២១. ក្នុងអង្គប្រជុំនោះ តើប៉ូលនិងបាណាបាសបាននិយាយអ្វីខ្លះ?
២១ ពាក្យសម្ដីរបស់ពេត្រុសច្បាស់ជាមានឥទ្ធិពលខ្លាំងណាស់ បានជា«អង្គប្រជុំទាំងមូលក៏ស្ងៀមទៅ»។ បន្ទាប់មក ប៉ូលនិងបាណាបាសបាននិយាយ«អំពីសញ្ញាសម្គាល់និងការអស្ចារ្យជាច្រើន ដែលព្រះបានធ្វើតាមរយៈពួកគាត់ក្នុងចំណោមប្រជាជាតិនានា»។ (សកម្ម. ១៥:១២) នៅទីបំផុត ពួកសាវ័កនិងពួកបុរសចាស់ទុំអាចថ្លឹងថ្លែងមើលភ័ស្តុតាងទាំងអស់ ហើយធ្វើការសម្រេចចិត្តដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីបំណងប្រាថ្នារបស់ព្រះស្ដីអំពីការកាត់ចុងស្បែក។
២២-២៤. (ក) តើគណៈអភិបាលនៅសព្វថ្ងៃ ធ្វើតាមគំរូគណៈអភិបាលនៅសម័យដើមយ៉ាងដូចម្ដេច? (ខ) តើតាមរបៀបណាអ្នកចាស់ទុំទាំងអស់បង្ហាញថា ពួកគាត់ធ្វើតាមការរៀបចំរបស់ព្រះ?
២២ ស្រដៀងគ្នាដែរ សព្វថ្ងៃនេះនៅពេលគណៈអភិបាលប្រជុំពិភាក្សាគ្នា ពួកគាត់រមែងស្វែងរក ការណែនាំពីបណ្ដាំរបស់ព្រះ ហើយអធិដ្ឋានយ៉ាងអស់ពីចិត្ត សុំឫទ្ធានុភាពបរិសុទ្ធរបស់លោក។ (ចសព. ១១៩:១០៥; ម៉ាថ. ៧:៧-១១) ជាធម្មតា គណៈអភិបាលម្នាក់ៗត្រូវប្រាប់ជាមុនអំពីរបៀបវារៈឬចំណុច ដែលពួកគាត់ត្រូវប្រជុំពិភាក្សាគ្នា នេះដើម្បីពួកគាត់អាចមានពេលគិតពិចារណា និងអធិដ្ឋានអំពីរឿងទាំងនោះ។ (សុភ. ១៥:២៨) ក្នុងអំឡុងពេលប្រជុំពិភាក្សាគ្នា បងប្អូនដែលបានត្រូវរើសតាំងទាំងនេះ និយាយគ្នាដោយឥតលាក់លៀម និងដោយការគោរព ហើយជារឿយៗពួកគាត់តែងប្រើបទគម្ពីរ។
២៣ ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំគួរធ្វើតាមគំរូនោះ។ ប៉ុន្តែ បើក្រោយពីពួកអ្នកចាស់ទុំប្រជុំពិភាក្សាគ្នាហើយ ពួកគាត់នៅតែមិនអាចដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរបាន នោះពួកគាត់អាចពិគ្រោះជាមួយការិយាល័យសាខា ឬតំណាងការិយាល័យសាខា ដូចជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌលជាដើម។ ប្រសិនបើចាំបាច់ ការិយាល័យសាខាអាចសរសេរសំបុត្រទៅគណៈអភិបាល។
២៤ ព្រះយេហូវ៉ាផ្ដល់ពរដល់អស់អ្នក ដែលធ្វើតាមការរៀបចំរបស់លោក និងដែលបង្ហាញចិត្តរាបទាប ភាពស្មោះត្រង់ និងចិត្តអត់ធ្មត់។ ដូចដែលយើងនឹងរៀននៅជំពូកបន្ទាប់ ព្រះផ្ដល់រង្វាន់ដល់អស់អ្នកដែលធ្វើដូច្នេះ គឺលោកឲ្យពួកគេមានសេចក្ដីសុខសាន្ត មានចំណងមិត្តភាពរឹងមាំ និងមានសាមគ្គីភាពជាមួយគ្រិស្តសាសនិកឯទៀត។
a សូមមើលប្រអប់« សេចក្ដីបង្រៀនរបស់ពួកអ្នកគាំទ្រសាសនាយូដា»។
b កិច្ចព្រមព្រៀងនៃការកាត់ចុងស្បែក មិនមែនជាផ្នែកនៃកិច្ចព្រមព្រៀងអាប្រាហាំទេ។ កិច្ចព្រមព្រៀងអាប្រាហាំមានសុពលភាពនៅឆ្នាំ១៩៤៣ មុនគ.ស. កាលដែលអាប្រាហាំ(ពេលនោះហៅថាអាប់រ៉ាម) បានឆ្លងទន្លេអឺប្រាតទៅស្រុកកាណាន ពេលនោះគាត់អាយុ៧៥ឆ្នាំ។ ក្រោយមកកិច្ចព្រមព្រៀងនៃការកាត់ចុងស្បែក បានត្រូវធ្វើឡើងនៅឆ្នាំ១៩១៩ មុនគ.ស. ពេលដែលអាប្រាហាំអាយុ៩៩ឆ្នាំ។—ដក. ១២:១-៨; ១៧:១, ៩-១៤; កាឡ. ៣:១៧
c តាមមើលទៅ ក្នុងចំណោមអស់អ្នកដែលបានឡើងទៅក្រុងយេរូសាឡិម ក៏មានទីតុសដែលជាគ្រិស្តសាសនិកជនជាតិក្រិច ដែលក្រោយមកបានទៅជាអ្នករួមការងារ និងជាតំណាងដ៏គួរឲ្យទុកចិត្តរបស់ប៉ូល។ (កាឡ. ២:១; ទីត. ១:៤) ទីតុសជាគំរូល្អមួយក្នុងនាមជាជនជាតិដទៃដែលមិនកាត់ចុងស្បែក ដែលបានត្រូវរើសតាំងដោយឫទ្ធានុភាពបរិសុទ្ធ។—កាឡ. ២:៣
d សូមមើលប្រអប់« ‹សាក្សីព្រះយេហូវ៉ាពង្រឹងជំនឿដោយផ្អែកលើគម្ពីរ›»។