ជំពូកទី១៤
«យើងបានសម្រេចចិត្តរួមគ្នា»
ការសម្រេចចិត្តរបស់គណៈអភិបាលនាំឲ្យក្រុមជំនុំមានសាមគ្គីភាព
មានមូលដ្ឋានលើសកម្មភាព ១៥:១៣-៣៥
១, ២. (ក) តើគណៈអភិបាលនៅសតវត្សរ៍ទី១ ត្រូវដោះស្រាយសំណួរសំខាន់អ្វីខ្លះ? (ខ) តើអ្វីបានជួយពួកគាត់ឲ្យឈានទៅដល់ការសន្និដ្ឋានយ៉ាងត្រឹមត្រូវ?
គ្រប់គ្នារំពឹងថានឹងមានការសម្រេចចិត្តមួយ។ ពួកសាវ័កនិងពួកបុរសចាស់ទុំដែលមានវត្តមានក្នុងបន្ទប់នៅក្រុងយេរូសាឡិម កំពុងមើលមុខគ្នាដោយដឹងថា នេះជាពេលដែលពួកគាត់ត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយ។ បញ្ហាអំពីការកាត់ចុងស្បែកបាននាំឲ្យមានសំណួរដ៏សំខាន់ថា តើគ្រិស្តសាសនិកស្ថិតនៅក្រោមច្បាប់ម៉ូសេឬទេ? តើមានភាពខុសគ្នារវាងគ្រិស្តសាសនិកដែលជាជនជាតិយូដា និងគ្រិស្តសាសនិកដែលជាជនជាតិដទៃឬទេ?
២ ពួកបុរសដែលកំពុងនាំមុខ បានពិចារណាភ័ស្តុតាងជាច្រើន។ ពួកគាត់បានពិនិត្យមើលទំនាយនៅក្នុងបណ្ដាំរបស់ព្រះ រួមទាំងពិចារណាសម្ដីរបស់សាក្សី ដែលបានឃើញដោយផ្ទាល់ភ្នែកនូវពរពីព្រះយេហូវ៉ា។ បុរសទាំងនោះបាននិយាយអ្វីទាំងអស់ដែលពួកគាត់បានដឹង និងប្រាប់អំពីអារម្មណ៍របស់ខ្លួនដោយមិនលាក់លៀម។ មានភ័ស្តុតាងច្រើនណាស់ដែលបញ្ជាក់ថា ព្រះយេហូវ៉ាប្រើឫទ្ធានុភាពរបស់លោកដើម្បីដឹកនាំពួកគាត់ក្នុងរឿងនេះ។ ដូច្នេះ តើបុរសទាំងនោះនឹងធ្វើតាមការដឹកនាំពីឫទ្ធានុភាពរបស់ព្រះឬទេ?
៣. ពេលយើងពិចារណាកំណត់ហេតុនៅសកម្មភាព ជំពូកទី១៥ តើយើងអាចរៀនអ្វី?
៣ ក្នុងការដោះស្រាយរឿងនេះ តម្រូវឲ្យពួកគាត់មានជំនឿនិងចិត្តក្លាហាន ដើម្បីទទួលយកការណែនាំពីឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ។ ហេតុអ្វី? ពីព្រោះនេះអាចធ្វើឲ្យពួកអ្នកដឹកនាំសាសនាយូដា ស្អប់ពួកគាត់កាន់តែខ្លាំង។ ម្យ៉ាងទៀត ពួកគាត់ត្រូវប្រឈមមុខនឹងបងប្អូនខ្លះក្នុងក្រុមជំនុំ ដែលខំប្រឹងនាំរាស្ត្ររបស់ព្រះឲ្យត្រឡប់ទៅកាន់តាមច្បាប់ម៉ូសេវិញ។ តើគណៈអភិបាលនឹងធ្វើយ៉ាងណា? សូមមើលជាមួយគ្នា។ ពេលយើងពិចារណាកំណត់ហេតុនេះ យើងនឹងឃើញរបៀបដែលបុរសទាំងនោះ ទុកគំរូសម្រាប់គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ានៅសព្វថ្ងៃ។ នេះក៏ជាគំរូសម្រាប់យើងដែរ ពេលយើងត្រូវធ្វើការសម្រេចចិត្ត ឬពេលជួបបញ្ហាផ្សេងៗក្នុងជីវិតជាអ្នកកាន់តាមគ្រិស្ត។
សកម្មភាព ១៥:១៣-២១)
«សម្ដីរបស់ពួកអ្នកប្រកាសទំនាយក៏ស្របនឹងការនេះដែរ» (៤, ៥. តើយ៉ាកុបបានលើកឡើងអំពីទំនាយអ្វី?
៤ អ្នកកាន់តាមម្នាក់ឈ្មោះយ៉ាកុប ដែលត្រូវជាប្អូនប្រុសរបស់លោកយេស៊ូ ក៏ចាប់ផ្ដើមនិយាយ។ a តាមមើលទៅ យ៉ាកុបជាអ្នកដឹកនាំអង្គប្រជុំនោះ។ ពាក្យសម្ដីរបស់យ៉ាកុបហាក់ដូចជាបូកសរុបមតិ ដែលអង្គប្រជុំទាំងមូលទំនងជាយល់ស្របគ្នា។ យ៉ាកុបនិយាយនៅចំពោះមុខអង្គប្រជុំថា៖ «ស៊ីម្មានបានរៀបរាប់យ៉ាងល្អិតល្អន់អំពីរបៀបដែលព្រះបានបង្ហាញចំណាប់អារម្មណ៍ជាលើកដំបូងទៅលើប្រជាជាតិនានា ដើម្បីជ្រើសរើសរាស្ដ្រមួយជាតំណាងនាមរបស់លោក។ សម្ដីរបស់ពួកអ្នកប្រកាសទំនាយក៏ស្របនឹងការនេះដែរ»។—សកម្ម. ១៥:១៤, ១៥
៥ ពាក្យសម្ដីរបស់ស៊ីម្មាន ឬហៅថាស៊ីម៉ូនពេត្រុស ព្រមទាំងភ័ស្តុតាងដែលបានលើកឡើងដោយបាណាបាសនិងប៉ូល ប្រហែលជាធ្វើឲ្យយ៉ាកុបនឹកឃើញបទគម្ពីរដែលសមស្រប ហើយអាចជួយបំភ្លឺអំពីបញ្ហាដែលពួកគាត់កំពុងពិភាក្សាគ្នា។ (យ៉ូន. ១៤:២៦) បន្ទាប់ពីនិយាយថា៖ «សម្ដីរបស់ពួកអ្នកប្រកាសទំនាយក៏ស្របនឹងការនេះដែរ» នោះយ៉ាកុបក៏បានដកស្រង់ពាក្យពីក្នុងសៀវភៅអេម៉ុស ជំពូកទី៩ ខ១១និង១២។ សៀវភៅអេម៉ុសបានត្រូវដាក់នៅក្នុងផ្នែកដែលគេហៅថា «សៀវភៅអ្នកប្រកាសទំនាយ»ក្នុងបទគម្ពីរភាសាហេប្រឺ។ (ម៉ាថ. ២២:៤០; សកម្ម. ១៥:១៦-១៨) អ្នកច្បាស់ជានឹងសម្គាល់ឃើញថា ពាក្យដែលយ៉ាកុបបានដកស្រង់ គឺខុសគ្នាបន្តិចពីពាក្យដែលមាននៅក្នុងសៀវភៅអេម៉ុសបច្ចុប្បន្ន ពីព្រោះយ៉ាកុបទំនងជាបានដកស្រង់ពីសេចក្ដីបកប្រែសេបធួជីន នៃបទគម្ពីរភាសាហេប្រឺ ដែលបានត្រូវបកប្រែជាភាសាក្រិច។
៦. តើបទគម្ពីរបានបំភ្លឺអំពីបញ្ហាដែលពួកគាត់កំពុងពិភាក្សាគ្នាយ៉ាងដូចម្ដេច?
៦ តាមរយៈអ្នកប្រកាសទំនាយអេម៉ុស ព្រះយេហូវ៉ាបានប្រកាសទុកជាមុនថា នឹងដល់ពេលដែលលោកតាំង«ខ្ទមដាវីឌ»ឡើង ដែលជាពូជពង្សនាំទៅដល់រាជាណាចក្រមេស្ស៊ី។ (អេគ. ២១:២៦, ២៧) តើព្រះយេហូវ៉ានឹងប្រាស្រ័យទាក់ទងម្ដងទៀត តែជាមួយនឹងជនជាតិយូដាពីកំណើតឬ? មិនមែនទេ។ ទំនាយបានបន្ថែមថា«មនុស្សគ្រប់ជនជាតិ»នឹងត្រូវប្រមូលមករួមគ្នា ជា‹រាស្ត្រដែលបានត្រូវហៅដោយឈ្មោះរបស់ព្រះ›។ សូមចាំថា ពេត្រុសទើបតែបានលើកបញ្ជាក់ថា ព្រះ«មិនបានរាប់យើង[គ្រិស្តសាសនិកជនជាតិយូដា]ថាខុសពីពួកគេសោះឡើយ តែលោកបានធ្វើឲ្យចិត្តរបស់ពួកគេ[គ្រិស្តសាសនិកជនជាតិដទៃ]បរិសុទ្ធដោយសារជំនឿ»។ (សកម្ម. ១៥:៩) បើនិយាយឲ្យចំទៅ ព្រះមានបំណងប្រាថ្នាឲ្យជនជាតិ យូដានិងជនជាតិដទៃ បានទទួលមត៌កដូចគ្នាក្នុងរាជាណាចក្រព្រះ។ (រ៉ូម ៨:១៧; អេភ. ២:១៧-១៩) មិនមានពាក្យណាមួយក្នុងទំនាយដែលបំផុសគំនិតថា អ្នកជឿដែលជាជនជាតិដទៃត្រូវតែកាត់ចុងស្បែក ឬប្ដូរមកកាន់សាសនាយូដា មុននឹងក្លាយទៅជាគ្រិស្តសាសនិកឡើយ។
៧, ៨. (ក) តើយ៉ាកុបបានឲ្យយោបល់អ្វី? (ខ) តើយើងគួរយល់យ៉ាងណាអំពីពាក្យសម្ដីរបស់យ៉ាកុប?
៧ ក្រោយពីយ៉ាកុបបានត្រូវជំរុញចិត្តដោយភ័ស្តុតាងពីបទគម្ពីរ ព្រមទាំងការបញ្ជាក់ពីសាក្សីដែលគួរឲ្យទុកចិត្ត នោះគាត់បានលើកឡើងនូវពាក្យសម្ដីដែលធ្វើឲ្យអង្គប្រជុំគិតពិចារណា។ គាត់បានពោលថា៖ «ដូច្នេះ តាមយោបល់ខ្ញុំ យើងមិនត្រូវធ្វើឲ្យជនជាតិដទៃដែលកំពុងបែរមកគោរពប្រណិប័តន៍ព្រះ មានការពិបាកឡើយ។ ប៉ុន្តែ យើងគួរសរសេរទៅកាន់ពួកគេឲ្យជៀសវាងជាដាច់ខាតពីអ្វីៗដែលស្មោកគ្រោកដោយសាររូបព្រះ ពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ពីសាច់សត្វដែលបានត្រូវសម្លាប់ដោយច្របាច់ក និងពីឈាម។ ព្រោះតាំងពីសម័យបុរាណ តែងមានគេផ្សព្វផ្សាយអំពីម៉ូសេនៅក្រុងទាំងឡាយ ពីព្រោះរាល់ថ្ងៃឈប់សម្រាក នៅសាលាប្រជុំមានគេអានឲ្យស្ដាប់នូវអ្វីៗដែលគាត់បានសរសេរ»។—សកម្ម. ១៥:១៩-២១
៨ ពេលយ៉ាកុបនិយាយថា៖ «ដូច្នេះ តាមយោបល់ខ្ញុំ» តើនេះមានន័យថាគាត់កំពុងប្រើសិទ្ធិអំណាចរបស់ខ្លួន ដោយសម្រេចចិត្តជំនួសបងប្អូនឯទៀតឬទេ? មិនមែនទាល់តែសោះ! ពាក្យភាសាក្រិចដែលបកប្រែថា«តាមយោបល់ខ្ញុំ» ក៏អាចមានន័យថា«ខ្ញុំពិចារណាថា» ឬ«ខ្ញុំយល់ឃើញថា»។ យ៉ាកុបមិនបានធ្វើការសម្រេចចិត្តជំនួសអង្គប្រជុំទេ តែគាត់បានសុំអង្គប្រជុំឲ្យគិតពិចារណា ដោយផ្អែកលើភ័ស្តុតាងដែលពួកគាត់បានឮ និងអ្វីដែលគម្ពីរបានចែងអំពីបញ្ហានោះ។
៩. តើយោបល់របស់យ៉ាកុបនាំឲ្យមានប្រយោជន៍អ្វីទៀត?
៩ តើយោបល់របស់យ៉ាកុបល្អឬទេ? ច្បាស់ជាល្អ ពីព្រោះទាំងពួកសាវ័កទាំងពួកបុរសចាស់ទុំ យល់ព្រមធ្វើតាម។ តើនេះនាំឲ្យមានប្រយោជន៍អ្វីទៀត? យោបល់នោះមិននាំឲ្យមាន«បញ្ហា» ឬ«ធ្វើឲ្យមានការពិបាក»ចំពោះគ្រិស្តសាសនិកជនជាតិដទៃ ដោយដាក់បន្ទុកពួកគេឲ្យធ្វើតាមតម្រូវការផ្សេងៗក្នុងច្បាប់ម៉ូសេឡើយ។ (សកម្ម. ១៥:១៩) ណាមួយទៀត ការសម្រេចចិត្តនេះនឹងបង្ហាញការគោរពចំពោះសមត្ថភាពវិនិច្ឆ័យរបស់គ្រិស្តសាសនិកជនជាតិយូដា ដែលអស់ជាច្រើនឆ្នាំ«រាល់ថ្ងៃឈប់សម្រាក នៅ សាលាប្រជុំ» ពួកគេបាន«ស្ដាប់នូវអ្វីៗដែល[ម៉ូសេ]បានសរសេរ»។ b (សកម្ម. ១៥:២១) យោបល់ដែលយ៉ាកុបបានលើកឡើង ប្រាកដជានឹងពង្រឹងចំណងមិត្តភាពរវាងគ្រិស្តសាសនិកជនជាតិយូដា និងគ្រិស្តសាសនិកជនជាតិដទៃ។ សំខាន់បំផុត នោះនឹងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ដោយសារនោះស្របតាមគោលបំណងរបស់លោក។ នេះពិតជាវិធីដ៏ល្អមួយ ក្នុងការដោះស្រាយបញ្ហាដែលអាចគំរាមកំហែងដល់សាមគ្គីភាព និងសេចក្ដីសុខសាន្តនៃរាស្ត្រទាំងអស់របស់ព្រះ! ម្យ៉ាងទៀត ក៏ជាគំរូដ៏ប្រសើរដែរ សម្រាប់ក្រុមជំនុំនៅសព្វថ្ងៃ!
១០. តើគណៈអភិបាលសព្វថ្ងៃធ្វើតាមគំរូគណៈអភិបាលនៅសតវត្សរ៍ទី១យ៉ាងដូចម្ដេច?
១០ ដូចបានរៀបរាប់នៅជំពូកមុន គណៈអភិបាលនៅសព្វថ្ងៃក៏ធ្វើដូចគណៈអភិបាលនៅសតវត្សរ៍ទី១ដែរ ពួកគាត់ពឹងផ្អែកលើព្រះយេហូវ៉ាដែលជាមហាក្សត្រសកលលោក និងលោកយេស៊ូគ្រិស្តដែលជាប្រមុខនៃក្រុមជំនុំ ដើម្បីសុំការណែនាំសម្រាប់បញ្ហាទាំងអស់។ c (១កូ. ១១:៣) តើពួកគាត់ធ្វើដូច្នេះយ៉ាងដូចម្ដេច? បងអាល់បឺត ស្រូឌែរ ដែលជាសមាជិកគណៈអភិបាលចាប់ពីឆ្នាំ១៩៧៤ រហូតដល់គាត់បញ្ចប់កិច្ចបម្រើនៅផែនដីក្នុងខែមីនា ឆ្នាំ២០០៦ បានប្រាប់ថា៖ «គណៈអភិបាលប្រជុំគ្នានៅថ្ងៃពុធ ហើយកិច្ចប្រជុំនោះចាប់ផ្ដើមដោយការអធិដ្ឋាន ដើម្បីសុំការណែនាំពីឫទ្ធានុភាពរបស់ព្រះយេហូវ៉ា។ ពួកគាត់ព្យាយាមអស់ពីសមត្ថភាព ក្នុងការដោះស្រាយរាល់បញ្ហា ហើយធ្វើការសម្រេចចិត្តគ្រប់យ៉ាងស្របតាមបណ្ដាំរបស់ព្រះ»។ ស្រដៀងគ្នាដែរ បងមីលថុន ហេនសូល ដែលជាសមាជិកគណៈអភិបាលអស់រយៈពេលជាយូរ បានបញ្ចប់កិច្ចបម្រើនៅផែនដីក្នុងខែមីនា ឆ្នាំ២០០៣ បានលើកសំណួរសំខាន់មួយទៅកាន់សិស្សសាលាគម្ពីរគីលាតនៃសមាគមប៉មយាម ដែលបានបញ្ចប់វគ្គសិក្សាជំនាន់ទី១០១។ គាត់បានសួរថា៖ «តើមានអង្គការណាផ្សេងទៀតដែលស្វែងរកការណែនាំពីគម្ពីរដែលជាបណ្ដាំរបស់ព្រះ មុននឹងធ្វើការសម្រេចចិត្តសំខាន់ៗឬទេ?»។ ចម្លើយគឺបងប្អូនដឹងច្បាស់ហើយ។
‹សម្រេចចិត្តជ្រើសរើសបុរសខ្លះ ហើយចាត់ឲ្យទៅ› (សកម្មភាព ១៥:២២-២៩)
១១. តើគណៈអភិបាលបានប្រើវិធីអ្វី ដើម្បីជូនដំណឹងដល់ក្រុមជំនុំអំពីការសម្រេចចិត្តរបស់ពួកគាត់?
១១ គណៈអភិបាលនៅក្រុងយេរូសាឡិម បានសម្រេចចិត្តរួមគ្នាអំពីបញ្ហាកាត់ចុងស្បែក។ ក៏ប៉ុន្តែ ដើម្បីជួយបងប្អូនក្នុងក្រុមជំនុំឲ្យប្រព្រឹត្តដោយឯកភាពគ្នា ការសម្រេចចិត្តរបស់ពួកគាត់ត្រូវជម្រាបដល់ក្រុមជំនុំ តាមវិធីដែលប្រកបដោយសេចក្ដីស្រឡាញ់ និងការលើកទឹកចិត្ត។ តើអ្វីជាវិធីល្អបំផុតក្នុងការធ្វើដូច្នេះ? កំណត់ហេតុប្រាប់ថា៖ «ពួកសាវ័ក ពួកបុរសចាស់ទុំ និងក្រុមជំនុំទាំងមូលបានសម្រេចចិត្តជ្រើសរើសបុរសខ្លះពីចំណោមពួកគាត់ ហើយចាត់ឲ្យទៅក្រុងអាន់ទីយ៉ូកជាមួយនឹងប៉ូល និងបាណាបាស។ បុរសទាំងនោះមានយូដាសហៅថាបាសាបាស និងស៊ីឡាសដែលជាពួកអ្នកនាំមុខក្នុងចំណោមបងប្អូន»។ បន្ថែមទៅទៀត គណៈអភិបាលបានរៀបចំសំបុត្រមួយ ហើយផ្ញើតាមបងប្អូនទាំងនោះ ដើម្បីអានជូនក្រុមជំនុំទាំងអស់នៅក្រុងអាន់ទីយ៉ូក នៅស្រុកស៊ីរី និងនៅស្រុកស៊ីលីស៊ី។—សកម្ម. ១៥:២២-២៦
១២, ១៣. តើមានលទ្ធផលល្អអ្វី (ក) ដោយចាត់យូដាសនិងស៊ីឡាសឲ្យទៅ? (ខ) ពីសំបុត្រដែលគណៈអភិបាលបានផ្ញើ?
១២ យូដាសនិងស៊ីឡាសជា«ពួកអ្នកនាំមុខក្នុងចំណោមបងប្អូន» ដូច្នេះពួកគាត់មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើជាតំណាងគណៈអភិបាល។ ពេលគណៈអភិបាលចាត់បងប្អូនទាំងបួននាក់នោះឲ្យទៅ នេះបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចចិត្តដែលបងប្អូនបាននាំយកទៅ មិនគ្រាន់តែជាចម្លើយចំពោះបញ្ហាអំពីការកាត់ចុងស្បែកប៉ុណ្ណោះទេ ប៉ុន្តែជាការណែនាំថ្មីពីគណៈអភិបាល។ ការចាត់‹បុរសទាំងនោះដែលបានត្រូវជ្រើសរើស›ឲ្យទៅ ច្បាស់ជានឹងពង្រឹងចំណងមិត្តភាពរវាងគ្រិស្តសាសនិកជនជាតិយូដានៅក្រុងយេរូសាឡិម និងគ្រិស្តសាសនិកជនជាតិដទៃនៅតំបន់ឯទៀត។ នេះជាការរៀបចំដ៏ឈ្លាសវៃ និងដោយសេចក្ដីស្រឡាញ់មែន! ហើយនេះប្រាកដជាលើកស្ទួយសន្តិភាពនិងសាមគ្គីភាព ក្នុងចំណោមរាស្ត្ររបស់ព្រះ។
១៣ គ្រិស្តសាសនិកជនជាតិដទៃបានទទួលការណែនាំជាក់លាក់ពីសំបុត្រនោះ មិនគ្រាន់តែរឿងទាក់ទងនឹងការកាត់ចុងស្បែកប៉ុណ្ណោះទេ ប៉ុន្តែក៏ទាក់ទងនឹងអ្វីដែលពួកគេត្រូវធ្វើ ដើម្បីទទួលការពេញចិត្តនិងពរពីព្រះយេហូវ៉ាដែរ។ ខ្លឹមសារសំខាន់ក្នុងសំបុត្រនោះថា៖ «ឫទ្ធានុភាពបរិសុទ្ធនិងយើងខ្ញុំបានសម្រេចចិត្តថា មិនត្រូវដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា លើកលែងតែអ្វីៗដែលជាការចាំបាច់ ដូចតទៅនេះ៖ ចូរជៀសវាងជាដាច់ខាតពីអ្វីៗដែលទាក់ទងនឹងការគោរពបូជារូបព្រះ ហើយជៀសវាងពីឈាម ពីសាច់សត្វដែលបានត្រូវសម្លាប់ដោយច្របាច់ក និងពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ប្រសិនបើអ្នករាល់គ្នាជៀសវាងដោយប្រុងប្រយ័ត្នពីការទាំងនេះ នោះអ្នករាល់គ្នានឹងបានសុខសប្បាយ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ!»។—សកម្ម. ១៥:២៨, ២៩
១៤. តើតាមរបៀបណារាស្ត្ររបស់ព្រះយេហូវ៉ាអាចធ្វើការជាមួយគ្នាដោយសាមគ្គីភាព ក្នុងពិភពលោកដែលបែកបាក់គ្នាសព្វថ្ងៃនេះ?
១៤ បច្ចុប្បន្ន សាក្សីព្រះយេហូវ៉ាមានជាង៨លាននាក់ ក្នុងក្រុមជំនុំជាង១០ម៉ឺន នៅទូទាំង ផែនដី។ ប៉ុន្តែ ពួកគេរួបរួមគ្នាដោយសាមគ្គីភាព ទាំងខាងជំនឿទាំងការប្រព្រឹត្ត។ តើសាមគ្គីភាពបែបនេះអាចកើតឡើងយ៉ាងដូចម្ដេច ក្នុងពិភពលោកសព្វថ្ងៃដែលពេញទៅដោយភាពចលាចល និងចិត្តគំនិតបែកបាក់គ្នា? សាមគ្គីភាពនេះកើតឡើងបាន ដោយសារលោកយេស៊ូដែលជាប្រមុខនៃក្រុមជំនុំផ្ដល់ការណែនាំជាក់លាក់និងច្បាស់លាស់ តាមរយៈ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» ពោលគឺគណៈអភិបាល។ (ម៉ាថ. ២៤:៤៥-៤៧) ម្យ៉ាងទៀត នេះក៏ដោយសារបងប្អូនរួមជំនឿទូទាំងពិភពលោក ស្ម័គ្រចិត្តធ្វើតាមការណែនាំពីគណៈអភិបាលដែរ។
«ពួកគាត់ក៏ត្រេកអរនឹងការលើកទឹកចិត្តនោះ» (សកម្មភាព ១៥:៣០-៣៥)
១៥, ១៦. តើការសម្រេចចិត្តអំពីបញ្ហាកាត់ចុងស្បែកនាំឲ្យមានលទ្ធផលអ្វី? ហើយតើកត្តាអ្វីដែលនាំឲ្យមានលទ្ធផលល្អបែបនេះ?
១៥ កំណត់ហេតុក្នុងសៀវភៅសកម្មភាពបន្តរៀបរាប់ថា ក្រោយពីបងប្រុសៗដែលជាតំណាងទាំងនោះទៅដល់ក្រុងអាន់ទីយ៉ូក ពួកគាត់«ប្រមូលពួកអ្នកកាន់តាមទាំងអស់ឲ្យមកជុំគ្នា ហើយហុចសំបុត្រឲ្យ»ពួកគេ។ តើបងប្អូនដែលនៅទីនោះមានប្រតិកម្មយ៉ាងណា ចំពោះការណែនាំរបស់គណៈអភិបាល? គម្ពីរចែងថា៖ «លុះអានសំបុត្រចប់ ពួកគាត់ក៏ត្រេកអរនឹងការលើកទឹកចិត្តនោះ»។ (សកម្ម. ១៥:៣០, ៣១) បន្ថែមទៅទៀត យូដាសនិងស៊ីឡាស«បានលើកទឹកចិត្តបងប្អូនដោយថ្លែងសុន្ទរកថាជាច្រើន ហើយបានពង្រឹងកម្លាំងចិត្តពួកគេ»។ ក្នុងន័យនេះ បុរសទាំងពីរនាក់នោះ បានត្រូវហៅថា«អ្នកប្រកាសទំនាយ» ដូចបាណាបាស ប៉ូល និងអ្នកឯទៀតដែរ។ ពាក្យ«អ្នកប្រកាសទំនាយ»សំដៅលើអស់អ្នកដែលប្រកាសប្រាប់ ឬធ្វើឲ្យមនុស្សឯទៀតស្គាល់អំពីបំណងប្រាថ្នារបស់ព្រះ។—សកម្ម. ១៣:១; ១៥:៣២; ដច. ៧:១, ២
១៦ ច្បាស់ណាស់ថា ព្រះយេហូវ៉ាបានឲ្យពរទៅលើការរៀបចំទាំងមូលនោះ ជាហេតុដែលបញ្ហាបានត្រូវដោះស្រាយយ៉ាងរលូន។ តើអ្វីជាកត្តាសំខាន់ដែលនាំឲ្យមានលទ្ធផលល្អបែបនេះ? គឺដោយសារគណៈអភិបាលបានផ្ដល់ការណែនាំយ៉ាងច្បាស់លាស់និងត្រូវពេល ដោយផ្អែកលើបណ្ដាំរបស់ព្រះ និងការណែនាំពីឫទ្ធានុភាពបរិសុទ្ធ។ ណាមួយទៀត ការសម្រេចចិត្តនោះបានត្រូវផ្ដល់ជូនក្រុមជំនុំដោយផ្ទាល់ និងដោយសេចក្ដីស្រឡាញ់។
១៧. តើទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនៅសព្វថ្ងៃ មានលក្ខណៈដូចគ្នានឹងសម័យដើមយ៉ាងដូចម្ដេច?
១៧ តាមរយៈគំរូនៅសម័យនោះ គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ានៅសព្វថ្ងៃ ក៏ផ្ដល់ការណែនាំតាមត្រូវពេល ដល់បងប្អូនរួមជំនឿនៅទូទាំងពិភពលោកដែរ។ បន្ទាប់ពីពួកគាត់បានសម្រេចចិត្តអំពីរឿងណាមួយ ពួកគាត់នឹងជម្រាបទៅក្រុមជំនុំយ៉ាងត្រង់ៗនិងច្បាស់លាស់។ វិធីមួយគឺតាមរយៈទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ ពួកអ្នកត្រួតពិនិត្យដែលលះបង់ប្រយោជន៍ខ្លួនទាំងនេះ ធ្វើដំណើរពីក្រុមជំនុំមួយទៅក្រុមជំនុំមួយ ដោយផ្ដល់ការណែនាំជាក់លាក់និងការលើកទឹកចិត្តដ៏កក់ក្ដៅ។ ដូចប៉ូលនិងបាណាបាស អ្នកត្រួតពិនិត្យប្រចាំមណ្ឌលចំណាយពេលច្រើនក្នុងកិច្ចបម្រើផ្សាយ «ដោយបង្រៀននិងប្រកាសដំណឹងល្អអំពីបណ្ដាំរបស់ព្រះយេហូវ៉ាជាមួយនឹងអ្នកឯទៀតជាច្រើន»។ (សកម្ម. ១៥:៣៥) ដូចយូដាសនិងស៊ីឡាស អ្នកត្រួតពិនិត្យប្រចាំមណ្ឌល‹លើកទឹកចិត្តបងប្អូនដោយថ្លែងសុន្ទរកថាជាច្រើន និងពង្រឹងកម្លាំងចិត្តពួកគេ›។
១៨. តើរាស្ត្ររបស់ព្រះយេហូវ៉ាត្រូវធ្វើអ្វី ដើម្បីប្រាកដថាពួកគេនៅតែអាចទទួលពរពីលោក?
១៨ ចុះក្រុមជំនុំវិញ? តើអ្វីនឹងជួយក្រុមជំនុំនៅទូទាំងពិភពលោកឲ្យបន្តមានសេចក្ដីសុខសាន្ត និងសាមគ្គីភាពក្នុងពិភពលោកដែលបែកបាក់គ្នា? សូមចាំថា ក្រោយមកយ៉ាកុបបានសរសេរថា៖ «ប្រាជ្ញាពីស្ថានលើវិញ ដំបូងបង្អស់គឺបរិសុទ្ធ រួចធ្វើឲ្យមានសន្តិភាព សមហេតុសមផល រង់ចាំធ្វើតាមបង្គាប់ . . . ម្យ៉ាងទៀត សេចក្ដីសុចរិតជាផលដែលបានត្រូវសាបព្រោះក្នុងស្ថានភាពដែលមានសន្តិភាព ដើម្បីជាប្រយោជន៍ដល់ពួកអ្នកដែលធ្វើឲ្យមានសន្តិភាព»។ (យ៉ា. ៣:១៧, ១៨) ពាក្យដែលយ៉ាកុបបានសរសេរនោះ យើងមិនដឹងថាគាត់បាននឹកគិតអំពីកិច្ចប្រជុំ ដែលធ្វើឡើងនៅក្រុងយេរូសាឡិមឬយ៉ាងណាទេ។ ប៉ុន្តែ បន្ទាប់ពីបានពិចារណាកំណត់ហេតុក្នុងសកម្មភាព ជំពូកទី១៥ យើងយល់ច្បាស់ថា មានតែការសាមគ្គីនិងការសហការគ្នាប៉ុណ្ណោះ ដែលអាចនាំឲ្យទទួលពរពីព្រះយេហូវ៉ា។
១៩, ២០. (ក) តើយើងដឹងយ៉ាងណាថាក្រុមជំនុំនៅក្រុងអាន់ទីយ៉ូកមានសេចក្ដីសុខសាន្តនិងសាមគ្គីភាព? (ខ) តើឥឡូវប៉ូលនិងបាណាបាសអាចធ្វើអ្វី?
១៩ ច្បាស់ណាស់ថា ឥឡូវក្រុមជំនុំនៅក្រុងអាន់ទីយ៉ូក មានសេចក្ដីសុខសាន្តនិងសាមគ្គីភាព។ ជំនួសឲ្យការប្រកែកតវ៉ាជាមួយនឹងអ្នកតំណាងដែលមកពីក្រុងយេរូសាឡិម បង ប្អូននៅក្រុងអាន់ទីយ៉ូកសប្បាយចិត្តជាខ្លាំងចំពោះទស្សនកិច្ចរបស់យូដាសនិងស៊ីឡាស។ កំណត់ហេតុចែងថា៖ «ពួកគាត់បានចំណាយពេលនៅទីនោះអស់មួយរយៈ ហើយពេលពួកគាត់ត្រឡប់ទៅវិញ បងប្អូនប្រាប់ពួកគាត់ឲ្យធ្វើដំណើរដោយសុវត្ថិភាពតាមផ្លូវទៅឯពួកអ្នកដែលបានចាត់ឲ្យមក» ពោលគឺទៅឯក្រុងយេរូសាឡិមវិញ។ d (សកម្ម. ១៥:៣៣) យើងអាចប្រាកដថា បងប្អូននៅក្រុងយេរូសាឡិមក៏សប្បាយចិត្តដែរ ពេលស្ដាប់ការរៀបរាប់របស់យូដាសនិងស៊ីឡាស អំពីទស្សនកិច្ចរបស់ពួកគាត់។ ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ា ទើបពួកគាត់អាចសម្រេចភារកិច្ចដោយជោគជ័យ!
២០ ប៉ូលនិងបាណាបាសបន្តនៅក្រុងអាន់ទីយ៉ូក ហើយឥឡូវពួកគាត់អាចផ្ដោតអារម្មណ៍ទាំងស្រុង ទៅលើការនាំមុខក្នុងការប្រកាសផ្សាយដំណឹងល្អ។ សព្វថ្ងៃនេះ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលក៏ធ្វើដូច្នេះដែរ ពេលពួកគាត់ទៅទស្សនកិច្ចនៅក្រុមជំនុំដែលពួកគាត់មើលខុសត្រូវ។ (សកម្ម. ១៣:២, ៣) នេះគឺជាពរមួយសម្រាប់រាស្ត្ររបស់ព្រះយេហូវ៉ា! ក៏ប៉ុន្តែ តើតាមរបៀបណាព្រះយេហូវ៉ាបន្តប្រើនិងផ្ដល់ពរ ដល់អ្នកប្រកាសផ្សាយដំណឹងល្អដ៏ខ្នះខ្នែងទាំងពីរនាក់នោះ? យើងនឹងមើលរឿងនេះនៅជំពូកបន្ទាប់។
a សូមមើលប្រអប់« យ៉ាកុប ជា‹ប្អូនប្រុសរបស់លោកម្ចាស់›»។
b ជាការមានប្រាជ្ញាមែន ដែលយ៉ាកុបបានលើកឡើងអំពីសៀវភៅដែលម៉ូសេបានសរសេរ។ សៀវភៅនេះមិនត្រឹមតែមានចែងអំពីច្បាប់ប៉ុណ្ណោះទេ តែក៏មានកំណត់ត្រាអំពីការប្រព្រឹត្តរបស់ព្រះ និងបំណងប្រាថ្នារបស់លោក មុនសម័យដែលមានច្បាប់ទៅទៀត។ ជាឧទាហរណ៍ សៀវភៅដើមកំណើតបានបង្ហាញយ៉ាងច្បាស់ អំពីទស្សនៈរបស់ព្រះចំពោះឈាម ការផិតក្បត់ និងការគោរពបូជារូបព្រះ។ (ដក. ៩:៣, ៤; ២០:២-៩; ៣៥:២, ៤) យ៉ាងនេះ ព្រះយេហូវ៉ាបានបើកបង្ហាញឲ្យឃើញនូវគោលការណ៍ ដែលមនុស្សទាំងអស់គួរធ្វើតាម មិនថាជនជាតិយូដាឬជនជាតិដទៃទេ។
c សូមមើលប្រអប់« របៀបដែលគណៈអភិបាលបានត្រូវរៀបចំឡើងនៅសព្វថ្ងៃនេះ»។
d នៅសកម្មភាព ១៥:៣៤ សេចក្ដីបកប្រែគម្ពីរខ្លះបានបញ្ចូលពាក្យថា ស៊ីឡាសសម្រេចចិត្តបន្តនៅក្រុងអាន់ទីយ៉ូក (King James Version)។ ប៉ុន្តែ តាមមើលទៅ ពាក្យទាំងនោះបានត្រូវបន្ថែមនៅពេលក្រោយមក។