លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២០

«បន្ដដុះដាលចម្រើនឡើង» ទោះជាមានការប្រឆាំងក្ដី

«បន្ដដុះដាលចម្រើនឡើង» ទោះជាមានការប្រឆាំងក្ដី

របៀប​ដែលអាប៉ូឡុស​និង​ប៉ូល​ជួយ​ធ្វើ​ឲ្យ​ដំណឹង​ល្អ​បន្ត​រីក​ចម្រើន

មាន​មូលដ្ឋាន​លើ​សកម្មភាព ១៨:២៣–១៩:៤១

១, ២. ​(​ក​) តើ​ប៉ូល​និង​គ្នា​របស់​គាត់​ប្រឈម​មុខ​គ្រោះ​ថ្នាក់​អ្វី​នៅ​ក្រុង​អេភេសូរ? (​ខ​) តើ​យើង​នឹង​ពិគ្រោះ​ចំណុច​អ្វី​ក្នុង​ជំពូក​នេះ?

 សំឡេង​ស្រែក​និង​សំឡេង​សន្ធឹក​ជើង​រត់​ផ្អើល​ឈូឆរ បាន​លាន់​ឮ​ពេញ​ដង​ផ្លូវ​ក្រុង​អេភេសូរ។ ក្រុម​មនុស្ស​ចង​កំហឹង​ប្រមូល​ផ្ដុំ​គ្នា ហើយ​អំពើ​ហិង្សា​ក៏​ផ្ទុះ​ឡើង! គ្នា​ពីរ​នាក់​របស់​សាវ័ក​ប៉ូល​បាន​ត្រូវ​ចាប់​ខ្លួន ហើយ​អូស​ចេញ​ទៅ។ ផ្លូវ​ដ៏​ធំ​ទូលាយ​ដែល​មាន​ហាង​ផ្សេង​ៗ​ជា​ច្រើន ប្រែ​ទៅ​ជា​ស្ងាត់​ច្រៀប​ភ្លាម​ៗ ដោយ​សារ​ក្រុម​មនុស្ស​បាន​ពពាក់​ពពូន​គ្នា សម្រុក​ចូល​ទៅ​ក្នុង​សាល​មហោស្រព។ សាល​នោះ​អាច​ដាក់​មនុស្ស​បាន​រហូត​ដល់​២៥.០០០​នាក់។ មនុស្ស​ភាគ​ច្រើន​មិន​ដឹង​ថា ភាព​ចលាចល​នេះ​បណ្ដាល​មក​ពី​អ្វី​ទេ ប៉ុន្តែ​ពួក​គេ​គិត​ថា​វិហារ​និង​ព្រះ​អាតេមីស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ កំពុង​រង​ការ​គំរាម​កំហែង។ ដូច្នេះ ពួក​គេ​ចាប់​ផ្ដើម​ស្រែក​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​ព្រះ​អាតេមីស​នៃ​ក្រុង​អេភេសូរ​គឺ​ឧត្ដុង្គ​ឧត្ដម!​»។—សកម្ម. ១៩:៣៤

ជា​ថ្មី​ម្ដង​ទៀត យើង​ឃើញ​ថា​សាថាន​ព្យាយាម​ប្រើ​ក្រុម​មនុស្ស​ដ៏​ឃោរឃៅ ឲ្យ​រា​រាំង​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ។ ពិត​ណាស់ ការ​គំរាម​កំហែង​ដោយ​ប្រើ​ហិង្សា​មិន​មែន​ជា​វិធី​តែ​មួយ​គត់ ដែល​សាថាន​ប្រើ​នោះ​ទេ។ ក្នុង​ជំពូក​នេះ យើង​នឹង​ពិគ្រោះ​អំពី​កល​ល្បិច​មួយ​ចំនួន​ដែល​សាថាន​បាន​ប្រើ ក្នុង​បំណង​បំផ្លាញ​កិច្ច​ការ​និង​សាមគ្គីភាព​របស់​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១។ សំខាន់​ជាង​នោះ​ទៅ​ទៀត យើង​នឹង​ឃើញ​ថា​កល​ល្បិច​ទាំង​អស់​របស់​វា​បរាជ័យ​ទាំង​ស្រុង ពីព្រោះ​«​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​បន្ត​ដុះ​ដាល​ចម្រើន​ឡើង ហើយ​មាន​អំណាច​ខ្លាំង​ក្លា​»។ (​សកម្ម. ១៩:២០​) ហេតុ​អ្វី​គ្រិស្ត​សាសនិក​នៅ​សម័យ​នោះ​ទទួល​ជោគ​ជ័យ? គឺ​ហេតុ​ផល​ដូច​គ្នា​ដែល​យើង​ទទួល​ជោគ​ជ័យ​នៅ​សព្វ​ថ្ងៃ​នេះ។ មូលហេតុ​មួយ​គឺ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​ជោគ​ជ័យ។ ម្យ៉ាង​ទៀត ដូច​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ដែល​យើង​បាន​ទទួល។ មួយ​ទៀត ដោយ​ជំនួយ​ពី​ឫទ្ធានុភាព​របស់​ព្រះ យើង​អាច​បណ្ដុះ​គុណ​សម្បត្តិ​ដែល​នឹង​ជួយ​យើង ឲ្យ​ទទួល​ជោគ​ជ័យ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ជា​ដំបូង សូម​យើង​ពិចារណា​គំរូ​របស់​អាប៉ូឡុស។

​«​គាត់​ជា​អ្នក​ដែល​ស្គាល់​បទ​គម្ពីរ​ច្បាស់​»​ (​សកម្មភាព ១៨:២៤​-​២៨​)

៣, ៤. តើ​អាគីឡា​និង​ព្រីស៊ីល​បាន​កត់​សម្គាល់​ឃើញ​ថា​អាប៉ូឡុស​ខ្វះ​អ្វី? ហើយ​តើ​ពួក​គេ​បាន​ធ្វើ​អ្វី?

ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​អាប៉ូឡុស​បាន​មក​ដល់​ក្រុង​អេភេសូរ ក្នុង​អំឡុង​ពេល​ដែល​ប៉ូល​កំពុង​ធ្វើ​ដំណើរ​ជា​សាសនទូត​លើក​ទី​៣​មក​ក្រុង​នេះ​ដែរ។ អាប៉ូឡុស​មក​ពី​ក្រុង​អាឡិចសង់ទ្រា ជា​ក្រុង​ដ៏​ល្បី​ល្បាញ​ក្នុង​ស្រុក​អេហ្ស៊ីប។ អាប៉ូឡុស​មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន និង​ជា​អ្នក​ដែល​ប្រសប់​និយាយ ហើយ​គាត់​«​ស្គាល់​បទ​គម្ពីរ​ច្បាស់​»។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​«​ដោយ​សារ​ឫទ្ធានុភាព​របស់​ព្រះ​»​ គាត់​មាន​ចិត្ត​ខ្នះខ្នែង ហើយ​និយាយ​យ៉ាង​ក្លាហាន​អំពី​ព្រះ ក្នុង​សាលា​ប្រជុំ​របស់​ជនជាតិ​យូដា។—សកម្ម. ១៨:២៤, ២៥

អាគីឡា​និង​ព្រីស៊ីល​បាន​ស្ដាប់​អាប៉ូឡុស​និយាយ។ ពួក​គេ​ប្រាកដ​ជា​រំភើប​ចិត្ត​ណាស់ ពេល​ឮ​អាប៉ូឡុស​«​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ​អំពី​លោក​យេស៊ូ​»។ ពិត​មែន​តែ​អាប៉ូឡុស​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ​អំពី​លោក​យេស៊ូ តែ​មិន​យូរ​ប៉ុន្មាន​ប្ដី​ប្រពន្ធ​ជា​គ្រិស្ត​សាសនិក​នេះ​កត់​សម្គាល់​ឃើញ​ថា អាប៉ូឡុស​ខ្វះ​ចំណេះ​សំខាន់​ៗ​មួយ​ចំនួន។ អាប៉ូឡុស​«​ស្គាល់​តែ​ការ​ជ្រមុជ​ទឹក​របស់​យ៉ូហាន​ប៉ុណ្ណោះ​»។ ទោះ​ជា​ប្ដី​ប្រពន្ធ​ដ៏​សាមញ្ញ​នេះ​ជា​អ្នក​ដេរ​ត្រសាល​ក៏​ដោយ ពួក​គេ​មិន​ភ័យ​ខ្លាច​ចំពោះ​សមត្ថភាព ឬ​ការ​អប់រំ​របស់​អាប៉ូឡុស​ឡើយ។ ផ្ទុយ​ទៅ​វិញ ​«​ពួក​គេ​ក៏​នាំ​គាត់​ទៅ​ដោយ​ឡែក​ពី​គេ ហើយ​ពន្យល់​អំពី​ផ្លូវ​របស់​ព្រះ​ឲ្យ​គាត់​យល់​បាន​ត្រឹម​ត្រូវ​ជាង​»។ (​សកម្ម. ១៨:២៥, ២៦​) តើ​បុរស​ដែល​ប្រសប់​និយាយ​នេះ​មាន​ប្រតិកម្ម​យ៉ាង​ណា? ជាក់​ស្ដែង​ណាស់ អាប៉ូឡុស​បាន​បង្ហាញ​គុណ​សម្បត្តិ​ដ៏​សំខាន់​បំផុត​មួយ​គឺ ចិត្ត​រាប​ទាប។ នេះ​ជា​គុណ​សម្បត្តិ​ដែល​គ្រិស្ត​សាសនិក​គ្រប់​រូប​គួរ​បណ្ដុះ​ឲ្យ​មាន។

៥, ៦. តើ​អ្វី​បាន​ជួយ​អាប៉ូឡុស​ឲ្យ​កាន់​តែ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា? ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​គាត់?

អាប៉ូឡុស​ព្រម​ទទួល​ជំនួយ​ពី​អាគីឡា​និង​ព្រីស៊ីល នេះ​បាន​ជួយ​គាត់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ អាប៉ូឡុស​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្តអាខេយ៉ា ហើយ​គាត់​បាន​«​ផ្ដល់​ជំនួយ​យ៉ាង​ច្រើន​»​ដល់​បង​ប្អូន​នៅ​ទី​នោះ។ គាត់​ថែម​ទាំង​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ល្អ ដល់​ជនជាតិ​យូដា​ដែល​អះអាង​ថា លោក​យេស៊ូ​មិន​មែន​ជា​មេស្ស៊ី​ដែល​ព្រះ​បាន​ប្រាប់​ទុក​ជា​មុន​ទេ។ លូកា​បាន​សរសេរ​អំពី​អាប៉ូឡុស​ថា​៖ ​«​គាត់​បញ្ជាក់​ជា​សាធារណៈ​ដោយ​ចិត្ត​ខ្នះខ្នែង ទាំង​វែក​ញែក​ហេតុ​ផល​ដល់​ជនជាតិ​យូដា​ពី​បទ​គម្ពីរ​ថា​លោក​យេស៊ូ​គឺ​ជា​គ្រិស្ត ហើយ​បង្ហាញ​ពួក​គេ​ថា​សេចក្ដី​បង្រៀន​របស់​ពួក​គេ​គឺ​ខុស​»។ (​សកម្ម. ១៨:២៧, ២៨​) អាប៉ូឡុស​ពិត​ជា​បាន​ជួយ​ក្រុម​ជំនុំ​ច្រើន​ណាស់! ប្រាកដ​មែន គាត់​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​«​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​»​បន្ត​រីក​ដុះ​ដាល។ តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​អាប៉ូឡុស?

គ្រិស្ត​សាសនិក​ទាំង​អស់​គួរ​បណ្ដុះ​ចិត្ត​រាប​ទាប ដែល​ជា​គុណ​សម្បត្តិ​ដ៏​សំខាន់​ចាំ​បាច់។ ពិត​ណាស់​យើង​ម្នាក់​ៗ​បាន​ទទួល​អំណោយ​ខុស​ៗ​គ្នា មិន​ថា​ជា​ទេព​កោសល្យ​ពី​កំណើត បទ​ពិសោធន៍ ឬ​ចំណេះ​ដឹង​ដែល​យើង​មាន​ទេ។ យ៉ាង​ណា​ក៏​ដោយ ចិត្ត​រាប​ទាប​គួរ​លេច​ធ្លោ​ជាង​សមត្ថភាព ឬ​អំណោយ​ដែល​យើង​បាន​ទទួល។ បើ​មិន​ដូច្នេះ​ទេ ចំណុច​ខ្លាំង​របស់​យើង​អាច​ក្លាយ​ទៅ​ជា​ចំណុច​ខ្សោយ​វិញ។ សមត្ថភាព​របស់​យើង​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​ក្រអឺត​ក្រទម។ (​១កូ. ៤:៧; យ៉ា. ៤:៦​) បើ​យើង​ពិត​ជា​មាន​ចិត្ត​រាប​ទាប យើង​នឹង​ព្យាយាម​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា ប្រសើរ​ជាង​យើង។ (​ភី. ២:៣​) យើង​នឹង​មិន​អាក់​អន់​ស្រពន់​ចិត្ត​ឬ​តវ៉ា ពេល​បង​ប្អូន​ឯ​ទៀត​ជូន​យោបល់​យើង​ឡើយ។ ម្យ៉ាង​ទៀត យើង​នឹង​មិន​ប្រកាន់​ខ្ជាប់​នូវ​គំនិត​របស់​ខ្លួន ពេល​ដឹង​ថា​អ្វី​ដែល​យើង​គិត​មិន​ស្រប​តាម​ការ​យល់​ដឹង ឬ​ការ​ណែនាំ​ថ្មី​ៗ​ដែល​មក​ពី​ឫទ្ធានុភាព​បរិសុទ្ធ។ ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក នឹង​បន្ត​ប្រើ​យើង ដរាប​ណា​យើង​រក្សា​ចិត្ត​រាប​ទាប។—លូក. ១:៥១, ៥២

៧. តើ​ប៉ូល​និង​អាប៉ូឡុស​បាន​បង្ហាញ​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច?

ការ​មាន​ចិត្ត​រាប​ទាប​ក៏​ជួយ​ការ​ពារ​កុំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ដែរ។ សូម​ស្រមៃ​គិត​ទៅ​មើល តើ​សាថាន​ខំ​ប្រឹង​ខ្លាំង​យ៉ាង​ណា​ដើម្បី​ធ្វើ​ឲ្យ​គ្រិស្ត​សាសនិក​សម័យ​ដើម​បែក​សាមគ្គី​គ្នា? សាថាន​មុខ​ជា​សប្បាយ​ចិត្ត​ណាស់ បើ​អាប៉ូឡុស​និង​សាវ័ក​ប៉ូល​ដែល​ជា​បុគ្គល​មាន​ចិត្ត​ខ្នះ​ខ្នែង បែរ​ជា​ប្រកួត​ប្រជែង​គ្នា ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​បុគ្គល​សំខាន់​បំផុត​ក្នុង​ក្រុម​ជំនុំ! តាម​ពិត​គឺ​ស្រួល​ឲ្យ​ពួក​គាត់​មាន​ចិត្ត​គំនិត​បែប​នោះ ពីព្រោះ​ក្នុង​ក្រុម​ជំនុំ​កូរិនថូស មាន​បង​ប្អូន​ខ្លះ​ចាប់​ផ្ដើម​និយាយ​ថា​៖ ​«​ខ្ញុំ​កាន់​តាម​ប៉ូល​»​ រីឯ​បង​ប្អូន​ខ្លះ​ទៀត​និយាយ​ថា​៖ ​«​តែ​ខ្ញុំ​កាន់​តាម​អាប៉ូឡុស​»។ តើ​ប៉ូល​និង​អាប៉ូឡុស​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​បែង​ចែក​បក្ស​ពួក​ឬ? មិន​មែន​ទាល់​តែ​សោះ! ដោយ​ចិត្ត​រាប​ទាប​ប៉ូល​ទទួល​ស្គាល់​ថា អាប៉ូឡុស​ខំ​ប្រឹង​ប្រែង​ក្នុង​កិច្ច​បម្រើ​ព្រះ ហើយ​ប៉ូល​បាន​ឲ្យ​ភារកិច្ច​ថែម​ទៀត​ដល់​គាត់។ ចំណែក​អាប៉ូឡុស​វិញ គាត់​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ប៉ូល។ (​១កូ. ១:១០​-​១២; ៣:៦, ៩; ទីត. ៣:១២, ១៣​) នេះ​ជា​គំរូ​ល្អ​សម្រាប់​យើង​ក្នុង​ការ​សហការ​គ្នា​ដោយ​ចិត្ត​រាប​ទាប!

​«​ខំ​បញ្ជាក់​ហេតុ​ផល​ដើម្បី​ឲ្យ​ពួក​គេ​ជឿ​អំពី​រាជាណាចក្រ​»​ (​សកម្មភាព ១៨:២៣; ១៩:១​-​១០​)

៨. តើ​ប៉ូល​ត្រឡប់​ទៅ​ក្រុង​អេភេសូរ​វិញ​តាម​ផ្លូវ​ណា? ហើយ​ហេតុ​អ្វី?

ប៉ូល​បាន​សន្យា​ថា​នឹង​ត្រឡប់​ទៅ​ក្រុង​អេភេសូរ​វិញ ហើយ​គាត់​ពិត​ជា​បាន​ធ្វើ​តាម​ពាក្យ​សន្យា​មែន។ a (​សកម្ម. ១៨:២០, ២១​) ប៉ុន្តែ សូម​កត់​សម្គាល់​អំពី​ផ្លូវ​ដែល​គាត់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ។ ជំពូក​មុន​បាន​រៀប​រាប់​ថា ប៉ូល​នៅ​ក្រុង​អាន់ទីយ៉ូក​ស្រុក​ស៊ីរី។ ដើម្បី​ទៅ​ដល់​ក្រុង​អេភេសូរ គាត់​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​កាត់​ចូល​ក្រុង​សេលូសៀ រួច​ឡើង​សំពៅ ហើយ​ឆ្ពោះ​ទៅ​កាន់​ក្រុង​អេភេសូរ​តែ​ម្ដង។ ប៉ុន្តែ​ជា​ជាង​ធ្វើ​ដូច្នោះ គាត់​បាន​ធ្វើ​ដំណើរ​«​តាម​ផ្លូវ​មួយ​ដែល​នៅ​ឆ្ងាយ​ពី​សមុទ្រ​»។ តាម​ការ​គណនា​មួយ ការ​ធ្វើ​ដំណើរ​របស់​ប៉ូល​នៅ​សកម្មភាព ១៨:២៣ និង​១៩:១ អាច​មាន​ចម្ងាយ​រហូត​ដល់​១.៦០០​គីឡូ​ម៉ែត្រ! ហេតុ​អ្វី​បាន​ជា​ប៉ូល​ជ្រើស​រើស​ផ្លូវ​ធ្វើ​ដំណើរ​វែង​ឆ្ងាយ​បែប​នេះ? ពីព្រោះ​គាត់​មាន​គោល​ដៅ​«​ពង្រឹង​កម្លាំង​ចិត្ត​ពួក​អ្នក​កាន់​តាម​គ្រប់​គ្នា​»។ (​សកម្ម. ១៨:២៣​) ដូច​ការ​ធ្វើ​ដំណើរ​ទាំង​ពីរ​លើក​មុន ការ​ធ្វើ​ដំណើរ​ជា​សាសនា​ទូត​លើក​ទី​៣​នេះ ក៏​នឹង​ធ្វើ​ឲ្យ​គាត់​នឿយ​ហត់​យ៉ាង​ខ្លាំង​ដែរ។ ប៉ុន្តែ គាត់​មិន​ស្ដាយ​កម្លាំង​របស់​គាត់​ទេ។ នៅ​សព្វ​ថ្ងៃ ពួក​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​ប្រពន្ធ​ពួក​គាត់ ក៏​មាន​ចិត្ត​គំនិត​ដូច​ប៉ូល​ដែរ។ យើង​ពិត​ជា​ដឹង​គុណ​ពួក​គាត់ ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​មិន​គិត​ប្រយោជន៍​ខ្លួន។

៩. ហេតុ​អ្វី​បាន​ជា​អ្នក​កាន់​តាម​មួយ​ក្រុម​នោះ​ទទួល​ការ​ជ្រមុជ​ទឹក​ម្ដង​ទៀត? ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​ពួក​គេ?

ពេល​ប៉ូល​មក​ដល់​ក្រុង​អេភេសូរ គាត់​បាន​រក​ឃើញ​អ្នក​កាន់​តាម​មួយ​ក្រុម​របស់​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។ ពួក​គេ​មាន​គ្នា​១២​នាក់។ ពួក​គេ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្រោម​ការ​រៀបចំ ដែល​លែង​មាន​សុពលភាព​ទៀត។ លើស​ពី​នេះ ពួក​គេ​ហាក់​ដូច​ជា​មាន​ចំណេះ​តិច​តួច ឬ​មិន​មាន​ចំណេះ​សោះ​អំពី​ឫទ្ធានុភាព​បរិសុទ្ធ។ ប៉ូល​បាន​ពន្យល់​ពួក​គេ​អំពី​អត្ថន័យ​នៃ​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​លោក​យេស៊ូ។ ដូច​អាប៉ូឡុស ពួក​គេ​មាន​ចិត្ត​រាប​ទាប ហើយ​រំភើប​ចិត្ត​ចង់​រៀន។ ក្រោយ​ពី​ពួក​គេ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​លោក​យេស៊ូ ពួក​គេ​ក៏​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ និង​សមត្ថភាព​ធ្វើ​ការ​អស្ចារ្យ។ គំរូ​ពួក​គេ​បង្រៀន​យើង​ថា បើ​យើង​បន្ត​ធ្វើ​តាម​ការ​ណែនាំ​របស់​អង្គការ​ព្រះ​យេហូវ៉ា​ដែល​កំពុង​រីក​ចម្រើន នោះ​យើង​នឹង​ទទួល​ពរ​ជាក់​ជា​មិន​ខាន។—សកម្ម. ១៩:១​-​៧

១០. ហេតុ​អ្វី​ប៉ូល​រើ​ពី​សាលា​ប្រជុំ​ទៅ​ឯ​សាល​ក្នុង​សាលា​វិញ? ហើយ​តើ​នេះ​ជា​គំរូ​យ៉ាង​ណា​សម្រាប់​យើង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ?

១០ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ក៏​មាន​ការ​រីក​ចម្រើន​មួយ​ទៀត។ ប៉ូល​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ក្លាហាន​នៅ​ក្នុង​សាលា​ប្រជុំ​អស់​បី​ខែ។ ទោះ​ជា​គាត់​«​ខំ​បញ្ជាក់​ហេតុ​ផល​ដើម្បី​ឲ្យ​ពួក​គេ​ជឿ​អំពី​រាជាណាចក្រ​របស់​ព្រះ​»​ក៏​ដោយ ក៏​អ្នក​ខ្លះ​រឹង​ចចេស ហើយ​ប្រឆាំង​កាន់​តែ​ខ្លាំង។ ជា​ជាង​ខ្ជះ​ខ្ជាយ​ពេល​វេលា​ជា​មួយ​នឹង​ពួក​អ្នក​ដែល​«​និយាយ​អាក្រក់​អំពី​ផ្លូវ​នៃ​សេចក្ដី​ពិត​»​ ប៉ូល​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ នៅ​ឯ​សាល​ក្នុង​សាលា​រៀន​មួយ។ (​សកម្ម. ១៩:៨, ៩​) ដូច្នេះ អស់​អ្នក​ដែល​ចង់​បន្ត​ធ្វើ​តាម​អង្គការ​របស់​ព្រះ​យេហូវ៉ា​ដែល​កំពុង​រីក​ចម្រើន ពួក​គេ​ត្រូវ​ប្ដូរ​ពី​សាលា​ប្រជុំ ទៅ​ឯ​សាល​នៅ​ក្នុង​សាលា​រៀន​វិញ។ ដូច​ប៉ូល ពេល​យើង​ឃើញ​ថា​ម្ចាស់​ផ្ទះ​មិន​ព្រម​ស្ដាប់ ឬ​គ្រាន់​តែ​ចង់​ឈ្លោះ​ប្រកែក ជា​ការ​ល្អ​ដែល​យើង​គួរ​ប្រញាប់​បញ្ចប់​ការ​សន្ទនា ដោយ​សារ​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​មាន​លក្ខណៈ​ដូច​ចៀម ចង់​ស្ដាប់​ដំណឹង​ដ៏​លើក​ទឹក​ចិត្ត​ពី​យើង!

១១, ១២. ​(​ក​) ស្ដី​អំពី​ភាព​ឧស្សាហ៍​ព្យាយាម និង​ការ​ចេះ​បត់​បែន​តាម​កាលៈទេសៈ តើ​ប៉ូល​បាន​ទុក​គំរូ​យ៉ាង​ណា? (​ខ​) តើ​សាក្សី​ព្រះ​យេហូវ៉ា​មាន​ចិត្ត​ខ្នះ​ខ្នែង​និង​ចេះ​បត់​បែន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

១១ ជា​រៀង​រាល់​ថ្ងៃ ប៉ូល​បង្រៀន​នៅ​ក្នុង​សាល​នៃ​សាលា​នោះ ប្រហែល​ជា​ពី​ម៉ោង​១១:០០​ព្រឹក រហូត​ដល់​ម៉ោង​៤:០០​រសៀល។ (​សកម្ម. ១៩:៩​) នោះ​ទំនង​ជា​ពេលក្ដៅ​ខ្លាំង​ជាង​គេ ហើយ​ស្ងាត់​បំផុត ដោយ​សារ​ជា​ម៉ោង​ដែល​មនុស្ស​ជា​ច្រើន​ឈប់​ពី​ការ​ងារ ដើម្បី​បរិភោគ​និង​សម្រាក។ សូម​ស្រមៃ​គិត បើ​ប៉ូល​ធ្វើ​តាម​កាល​វិភាគ​នោះ​យ៉ាង​ដិត​ដល់​អស់​ពីរ​ឆ្នាំ​ពេញ នោះ​គាត់​បាន​ចំណាយ​ពេល​បង្រៀន​និង​ផ្សព្វ​ផ្សាយ លើស​ពី​៣.០០០​ម៉ោង។ b នេះ​ក៏​ជា​មូលហេតុ​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​បន្ត​ដុះ​ដាល​ចម្រើន​ឡើង។ ប៉ូល​ជា​មនុស្ស​ឧស្សាហ៍ និង​ចេះ​បត់​បែន​តាម​កាលៈទេសៈ។ គាត់​បាន​កែ​សម្រួល​កាល​វិភាគ​ផ្សព្វ​ផ្សាយ​របស់​គាត់ ដើម្បី​ឲ្យ​ស្រប​តាម​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ក្នុង​តំបន់​នោះ។ តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? គម្ពីរ​ចែង​ថា​៖ ​«​អស់​អ្នក​ដែល​រស់​នៅ​ខេត្ត​អាស៊ី ទាំង​ពួក​យូដា​ទាំង​ពួក​ក្រិច បាន​ឮ​បណ្ដាំ​របស់​លោក​ម្ចាស់​»។ (​សកម្ម. ១៩:១០​) ប៉ូល​ពិត​ជា​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​មែន!

យើង​ខំ​ព្យាយាម​ដើម្បី​ប្រាប់​មនុស្ស​នៅ​គ្រប់​ទី​កន្លែង

១២ សាក្សី​ព្រះ​យេហូវ៉ា​នៅ​សម័យ​បច្ចុប្បន្ន ក៏​ឧស្សាហ៍​ព្យាយាម​និង​ចេះ​បត់​បែន​ដែរ។ យើង​ព្យាយាម​គិត​យ៉ាង​ហ្មត់​ចត់​អំពី​ពេល​វេលា​និង​ទី​កន្លែង ដែល​យើង​អាច​ជួប​មនុស្ស​ជា​ច្រើន។ យើង​ផ្សព្វ​ផ្សាយ​នៅ​តាម​ផ្លូវ នៅ​ផ្សារ និង​នៅ​ចំណត​យាន​យន្ត។ ណា​មួយ​ទៀត យើង​អាច​ផ្សព្វ​ផ្សាយ​តាម​ទូរស័ព្ទ ឬ​សរសេរ​សំបុត្រ។ ពេល​យើង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ យើង​ខិត​ខំ​ទៅ​ជួប​មនុស្ស​នៅ​ពេល​ណា​ដែល​ពួក​គេ​ទំនង​ជា​នៅ​ផ្ទះ។

​«​បន្ត​ដុះ​ដាល​ចម្រើន​ឡើង​»​ ទោះ​ជា​មាន​វិញ្ញាណ​អាក្រក់​ក្ដី (​សកម្មភាព ១៩:១១​-​២២​)

១៣, ១៤. ​(​ក​) តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ប៉ូល​មាន​អំណាច​អ្វី? (​ខ​) តើ​កូន​ប្រុស​ៗ​របស់​ស៊ីវ៉ា​បាន​យល់​ខុស​អ្វី? ហើយ​តើ​សាសនា​គ្រិស្ត​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​យល់​ខុស​ស្រដៀង​គ្នា​យ៉ាង​ដូច​ម្ដេច?

១៣ លូកា​បាន​ប្រាប់​ថា​កិច្ច​ផ្សព្វ​ផ្សាយ​របស់​ប៉ូល បាន​នាំ​ឲ្យ​មាន​លទ្ធផល​ដ៏​គួរ​ឲ្យ​កត់​សម្គាល់។ នេះ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់ ឲ្យ​ធ្វើ​«​ការ​ដែល​ប្រកប​ទៅ​ដោយ​ឫទ្ធានុភាព​យ៉ាង​អស្ចារ្យ​»។ សូម្បី​តែ​ក្រណាត់​ឬ​អៀម​ដែល​ប៉ូល​ប្រើ ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ​បាន​ដែរ ព្រម​ទាំង​អាច​បណ្ដេញ​វិញ្ញាណ​កំណាច​ចេញ​ទៀត​ផង។ c (​សកម្ម. ១៩:១១, ១២​) ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​ទាំង​នោះ​លើ​កង​កម្លាំង​របស់​សាថាន បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ជា​ច្រើន តែ​មិន​មែន​មនុស្ស​គ្រប់​គ្នា​ពេញ​ចិត្ត​ទេ។

១៤ អ្នក​ខ្លះ​«​ពី​ចំណោម​ជនជាតិ​យូដា​ដែល​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​បណ្ដេញ​ពួក​វិញ្ញាណ​កំណាច​»​ ពួក​គេ​ព្យាយាម​ធ្វើ​តាម​អព្ភូតហេតុ​របស់​ប៉ូល។ ពួក​គេ​មួយ​ចំនួន​ខំ​ប្រឹង​បណ្ដេញ​វិញ្ញាណ​កំណាច ដោយ​នូវ​នាម​លោក​យេស៊ូ​និង​ប៉ូល។ លូកា​បាន​លើក​ឡើង​អំពី​កូន​ប្រុស​៧​នាក់​របស់​ស៊ីវ៉ា ដែល​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​សង្ឃ ដែល​ព្យាយាម​ធ្វើ​តាម​ប៉ូល។ ប៉ុន្តែ ពួក​វិញ្ញាណ​កំណាច​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ស្គាល់​យេស៊ូ ហើយ​ដឹង​ថា​ប៉ូល​ជា​អ្នក​ណា តែ​តើ​ពួក​អ្នក​ឯង​ជា​អ្នក​ណា?​»។ លុះ​និយាយ​ចប់ បុរស​ដែល​មាន​វិញ្ញាណ​កំណាច​ចូល ក៏​លោត​ទៅ​វាយ​ពួក​គេ​ម្នាក់​ៗ​ដូច​ជា​សត្វ​សាហាវ រហូត​ដល់​ពួក​គេ​រត់​ចេញ​ទាំង​របួស ហើយ​គ្មាន​សម្លៀក​បំពាក់។ (​សកម្ម. ១៩:១៣​-​១៦​) មនុស្ស​អាច​ឃើញ​ច្បាស់​ថា​ប៉ូល​បាន​ទទួល​អំណាច​ពី​ព្រះ ហើយ​ថា​សាសនា​មិន​ពិត​គ្មាន​អំណាច​សោះ។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​«​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​»​ មាន​ឫទ្ធានុភាព​ខ្លាំង​ក្រៃ​លែង។ នៅ​សព្វ​ថ្ងៃ​មនុស្ស​រាប់​លាន​នាក់​យល់​ខុស​ថា គ្រាន់​តែ​ហៅ​ឈ្មោះ​លោក​យេស៊ូ ឬ​ហៅ​ខ្លួន​ឯង​ថា​«​ជា​អ្នក​កាន់​តាម​គ្រិស្ត​»​ គឺ​គ្រប់​គ្រាន់​ហើយ។ ប៉ុន្តែ ដូច​ប្រសាសន៍​របស់​លោក​យេស៊ូ​ថា មាន​តែ​អស់​អ្នក​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក​ប៉ុណ្ណោះ ដែល​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ពិត​ប្រាកដ​សម្រាប់​ថ្ងៃ​អនាគត។—ម៉ាថ. ៧:២១​-​២៣

១៥. ស្ដី​អំពី​មន្តអាគម​ឬ​វត្ថុ​ដែល​ទាក់​ទង​នឹង​មន្តអាគម តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ពួក​អ្នក​ក្រុង​អេភេសូរ?

១៥ ពេល​មនុស្ស​នៅ​តំបន់​ផ្សេង​ៗ​ឮ​អំពី​ភាព​បរាជ័យ​ដ៏​គួរ​ឲ្យ​អាម៉ាស់​របស់​កូន​ប្រុស​ៗ​ស៊ីវ៉ា នោះ​ធ្វើ​ឲ្យ​ពួក​គេ​កោត​ខ្លាច​ព្រះ។ ជា​លទ្ធផល មនុស្ស​ជា​ច្រើន​បាន​ទៅ​ជា​អ្នក​ជឿ ហើយ​បោះ​បង់​ចោល​ការ​ប្រព្រឹត្ត​ដែល​ទាក់​ទង​នឹង​អំពើ​វេទមន្ត។ វប្បធម៌​របស់​ក្រុង​អេភេសូរ គឺ​ពោរ​ពេញ​ទៅ​ដោយ​អំពើ​មន្តអាគម។ ការ​ប្រើ​សៀវភៅ​គាថា​និង​ការ​ប្រើ​វត្ថុ​ស័ក្តិ​សិទ្ធិ មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់។ ប៉ុន្តែ ឥឡូវ​ពួក​អ្នក​ក្រុង​អេភេសូរ​ជា​ច្រើន​បែរ​ជា​យក​សៀវភៅ​ទាំង​អស់ ដែល​ទាក់​ទង​នឹង​មន្តអាគម មក​ដុត​ចោល​ជា​សាធារណៈ ទោះ​ជា​សៀវភៅ​ទាំង​នោះ​មាន​តម្លៃ​ថ្លៃ​ក៏​ដោយ (​នៅ​សម័យ​បច្ចុប្បន្ន​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​)។ d លូកា​សរសេរ​ថា​៖ ​«​ដូច្នេះ បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​បន្ត​ដុះ​ដាល​ចម្រើន​ឡើង ហើយ​មាន​អំណាច​ខ្លាំង​ក្លា​»។ (​សកម្ម. ១៩:១៧​-​២០​) នេះ​ពិត​ជា​ភ័ស្តុតាង​ដ៏​អស្ចារ្យ​ណាស់​ដែល​បង្ហាញ​ថា សេចក្ដី​ពិត​បាន​ឈ្នះ​លើ​សេចក្ដី​មិន​ពិត​របស់​ពួក​វិញ្ញាណ​កំណាច! មនុស្ស​ស្មោះ​ត្រង់​ទាំង​នោះ​បាន​ទុក​គំរូ​ល្អ​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ មែន​ទេ? ស្រដៀង​គ្នា​ដែរ យើង​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​មន្តអាគម។ បើ​យើង​រក​ឃើញ​ថា​យើង​មាន​របស់​ណា​មួយ​ដែល​ជាប់​ទាក់​ទង​នឹង​មន្តអាគម ឬ​ទាក់​ទង​នឹង​អបិយជំនឿ យើង​ក៏​ត្រូវ​ធ្វើ​ដូច​ពួក​អ្នក​ក្រុង​អេភេសូរ​ដែរ គឺ​យើង​ត្រូវ​បំផ្លាញ​ចោល​របស់​ទាំង​នោះ​ភ្លាម​ៗ ទោះ​ជា​វា​មាន​តម្លៃ​ថ្លៃ​ក្ដី! ដូច្នេះ យើង​ត្រូវ​តាំង​ចិត្ត​មិន​ពាក់​ព័ន្ធ​អ្វី​ក៏​ដោយ​ដែល​ទាក់​ទង​នឹង​មន្ត​អាគម។

«​ភាព​ជ្រួល​ច្របល់​ជា​ខ្លាំង​បាន​កើត​ឡើង​»​ (​សកម្មភាព ១៩:២៣​-​៤១)

«​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​យើង​ចម្រុង​ចម្រើន​ដោយ​សារ​មុខ​របរ​នេះ​ឯង​»។—សកម្មភាព ១៩:២៥

១៦, ១៧. ​(​ក​) សូម​រៀប​រាប់​អំពី​របៀប​ដែល​ដេមេទ្រាស​បង្ក​ឲ្យ​មាន​ភាព​ជ្រួល​ច្របល់​ក្នុង​ក្រុង​អេភេសូរ។ (​ខ​) តើ​ពួក​អ្នក​ក្រុង​អេភេសូរ​បាន​ធ្វើ​អ្វី ដែល​បង្ហាញ​ថា​ពួក​គេ​ជា​មនុស្ស​ជ្រុល​និយម?

១៦ ឥឡូវ សូម​យើង​ពិចារណា​អំពី​កល​ល្បិច​របស់​សាថាន ដូច​បាន​បង្ហាញ​ដោយ​ដំណើរ​រឿង​ដែល​លូកា​បាន​រៀប​រាប់​ថា​៖ ​«​ភាព​ជ្រួល​ច្របល់​ជា​ខ្លាំង​បាន​កើត​ឡើង​ដោយ​សារ​ផ្លូវ​នៃ​សេចក្ដី​ពិត​»។ លូកា​មិន​បាន​និយាយ​បំផ្លើស​ទេ។ e (​សកម្ម. ១៩:២៣​) ជាង​ធ្វើ​ប្រាក់​ម្នាក់​ឈ្មោះ​ដេមេទ្រាស បាន​បង្ក​ឲ្យ​មាន​ភាព​ជ្រួល​ច្របល់​នោះ។ គាត់​បាន​និយាយ​ញុះញង់​ពួក​ជាង​ធ្វើ​ប្រាក់​ឯ​ទៀត​ថា ពួក​គេ​ចម្រុង​ចម្រើន​ដោយ​សារ​មុខ​របរ​លក់​រូប​ព្រះ​នេះ​ឯង។ គាត់​ថែម​ទាំង​និយាយ​ថា អ្វី​ដែល​ប៉ូល​ផ្សព្វ​ផ្សាយ​គឺ​ជះ​ឥទ្ធិពល​អាក្រក់​ខ្លាំង​មក​លើ​របរ​រក​ស៊ី​របស់​ពួក​គេ គឺ​រូប​ព្រះ​របស់​ពួក​គេ​នឹង​លក់​លែង​ដាច់​ទៀត ដោយ​សារ​គ្រិស្ត​សាសនិក​មិន​គោរព​បូជា​រូប​ព្រះ​ទេ។ បន្ទាប់​មក គាត់​បាន​បង្កូក​ប្រកាស​ប្រាប់​ពួក​អ្នក​ស្ដាប់ ឲ្យ​មាន​មោទនភាព​ចំពោះ​ក្រុង​និង​ចំពោះ​ជាតិ​សាសន៍​របស់​ខ្លួន ហើយ​ព្រមាន​ពួក​គេ​ថា ព្រះ​អាតេមីស​និង​វិហារ​ដ៏​ឧត្តុង្គ​ឧត្ដម​របស់​ពួក​គេ​កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់ ដែល​អាច​នឹង​«​វិនាស​សាប​សូន្យ​ទៅ​»។—សកម្ម. ១៩:២៤​-​២៧

១៧ ពាក្យ​ញុះញង់​របស់​ដេមេទ្រាស​ពិត​ជា​បាន​ផល​មែន។ ពួក​ជាង​ធ្វើ​ប្រាក់​ឯ​ទៀត​ចាប់​ផ្ដើម​ស្រែក​ឡើង​ថា​៖ ​«​ព្រះ​អាតេមីស​នៃ​ក្រុង​អេភេសូរ​គឺ​ឧត្ដុង្គ​ឧត្ដម!​»។ ហេតុ​នេះ ក្រុង​ទាំង​មូល​ក៏ធ្លាក់​ទៅ​ក្នុង​ភាព​ចលាចល រហូត​នាំ​ឲ្យ​កើត​មាន​អំពើ​ហិង្សា ដូច​បាន​រៀប​រាប់​នៅ​ដើម​ជំពូក​នេះ។ f ប៉ូល​ជា​មនុស្ស​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន ដូច្នេះ​គាត់​ចង់​ចេញ​ទៅ​សាល​មហោស្រព ដើម្បី​និយាយ​ជា​មួយ​នឹង​ក្រុម​មនុស្ស​ទាំង​នោះ។ ប៉ុន្តែ ពួក​អ្នក​កាន់​តាម​ឯ​ទៀត​បាន​ឃាត់​គាត់ កុំ​ឲ្យ​ប្រថុយ​ជីវិត​ទៅ​ទី​នោះ​ឡើយ។ បុរស​ម្នាក់​ឈ្មោះ​អាឡិចសង់ បាន​ចេញ​ទៅ​ឈរ​នៅ​ចំពោះ​មុខ​ក្រុម​មនុស្ស ហើយ​ព្យាយាម​និយាយ​ជា​មួយ​ពួក​គេ។ ក្នុង​នាម​គាត់​ជា​ជនជាតិ​យូដា គាត់​ប្រហែល​ជា​ចង់​ពន្យល់​ពួក​គេ​អំពី​ភាព​ខុស​គ្នា​រវាង​ជនជាតិ​យូដា និង​គ្រិស្ត​សាសនិក​ទាំង​នេះ តែ​ការ​ពន្យល់​របស់​គាត់​មិន​ចូល​ត្រចៀក​របស់​បណ្ដា​ជន​ទាំង​នោះ​ឡើយ។ ពេល​ពួក​គេ​ដឹង​ថា គាត់​ជា​ជនជាតិ​យូដា ពួក​គេ​ក៏​ស្រែក​ព្រម​គ្នា​អស់​ពីរ​ម៉ោង​ថា​៖ ​«​ព្រះ​អាតេមីស​នៃ​ក្រុង​អេភេសូរ​គឺ​ឧត្ដុង្គ​ឧត្ដម!​»។ គំនិត​ជ្រុល​និយម​ខាង​សាសនា​នៅ​សម័យ​នោះ នៅ​តែ​បន្ត​មាន​រហូត​ដល់​ឥឡូវ ហើយ​គំនិត​នេះ​តែង​តែ​ធ្វើ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ដោយ​មិន​សម​ហេតុ​សម​ផល​ទាល់​តែ​សោះ។—សកម្ម. ១៩:​២៨​-​៣៤

១៨, ១៩. ​(​ក​) តើ​អភិបាល​ក្រុង​អេភេសូរ​បាន​និយាយ​អ្វី ដែល​ធ្វើ​ឲ្យ​ក្រុម​មនុស្ស​ស្ងប់​ស្ងាត់​ទៅ​វិញ? (​ខ​) តើ​ពេល​ខ្លះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ការ​ពារ​ដោយ​មន្ត្រី​រដ្ឋាភិបាល​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​អាច​ជួយ​ឲ្យ​បាន​ជ័យ​ជម្នះ​តាម​របៀប​ណា?

១៨ នៅ​ទី​បំផុត អភិបាល​ក្រុង​បាន​បង្គាប់​បណ្ដា​ជន​ទាំង​នេះ​ឲ្យ​នៅ​ស្ងៀម។ គាត់​ជា​មន្ត្រី​ដែល​មាន​ការ​យល់​ដឹង និង​ចេះ​គិត​ពិចារណា។ គាត់​បាន​ធានា​នៅ​ចំពោះ​មុខ​ក្រុម​មនុស្ស​ទាំង​នោះ​ថា គ្រិស្ត​សាសនិក​ទាំង​នេះ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​វិហារ និង​ព្រះ​របស់​ពួក​គេ​ទេ។ គាត់​ក៏​បាន​និយាយ​ដែរ​ថា ប៉ូល​និង​គ្នា​របស់​គាត់​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ណា​មួយ ដែល​ប្រឆាំង​វិហារ​របស់​ព្រះ​អាតេមីស​ឡើយ ហើយ​ថា​បើ​បណ្ដា​ជន​ទាំង​នេះ​ចង់​ប្ដឹង​ផ្ដល់ ពួក​គេ​ត្រូវ​ធ្វើ​តាម​នីតិ​វិធី​ត្រឹម​ត្រូវ។ នេះ​ប្រហែល​ជា​ការ​ដាស់​តឿន​ដ៏​ល្អ​បំផុត! គាត់​បាន​រំឭក​ក្រុម​មនុស្ស​ទាំង​នោះ​ថា ពួក​គេ​អាច​នឹង​ត្រូវ​កាត់​ទោស​ក្រោម​ច្បាប់​របស់​រ៉ូម ពី​បទ​ប្រមូល​ផ្ដុំ​គ្នា​ដោយ​ខុស​ច្បាប់ និង​បង្ក​ឲ្យ​មាន​ភាព​វឹកវរ។ លុះ​និយាយ​ចប់ គាត់​ក៏​បំបែក​ក្រុម​មនុស្ស​ទាំង​នោះ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ខ្លួន។ ដូច​ដែល​ពួក​គេ​ឆាប់​ផ្ទុះ​កំហឹង ឥឡូវ​ពួក​គេ​ក៏​ឆាប់​រំសាយ​កំហឹង​ដែរ ដោយ​សារ​ពាក្យ​សម្ដី​ដ៏​សម​ហេតុ​សម​ផល​និង​ចំ​ៗ​របស់​អភិបាល​ក្រុង។—សកម្ម. ១៩:៣៥​-​៤១

១៩ នេះ​មិន​មែន​ជា​លើក​ទី​១​និង​ជា​លើក​ចុង​ក្រោយ​ទេ ដែល​មន្ត្រី​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​បាន​ចាត់​វិធានការ ដើម្បី​ការ​ពារ​ពួក​អ្នក​កាន់​តាម​គ្រិស្ត។ តាម​ពិត​ដូច​អ្វី​ដែល​សាវ័ក​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត នៅ​គ្រា​ចុង​ក្រោយ​បង្អស់​ផ្នែក​ផ្សេង​ៗ​របស់​ពិភព​លោក ដែល​តំណាង​ដោយ​ផែនដី​នឹង​លេប​ទឹក​ទន្លេ ដែល​តំណាង​ការ​បៀតបៀន​របស់​សាថាន​ទៅ​លើ​ពួក​អ្នក​កាន់​តាម​គ្រិស្ត។ (​បប. ១២:១៥, ១៦​) នោះ​ពិត​ជា​បាន​កើត​ឡើង​មែន។ ក្នុង​ករណី​ជា​ច្រើន ចៅ​ក្រម​ដែល​មិន​លម្អៀង​បាន​ការ​ពារ​សិទ្ធិ​របស់​សាក្សី​ព្រះ​យេហូវ៉ា ក្នុង​ការ​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ និង​សិទ្ធិ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត។ ជា​ការ​ពិត​ណាស់ ការ​ប្រព្រឹត្ត​របស់​យើង​ក៏​អាច​ជួយ​ឲ្យ​បាន​ជ័យ​ជម្នះ​ទាំង​នោះ​ដែរ។ តាម​មើល​ទៅ ការ​ប្រព្រឹត្ត​របស់​ប៉ូល​បាន​ធ្វើ​ឲ្យ​មន្ត្រី​ខ្លះ​ក្នុង​ក្រុង​អេភេសូរ បង្ហាញ​ការ​គោរព​ចំពោះ​គាត់ ជា​មូលហេតុ​ដែល​ពួក​គេ​ចង់​ការ​ពារ​គាត់។ (​សកម្ម. ១៩:៣១​) ដូច្នេះ សូម​ឲ្យ​ការ​ប្រព្រឹត្ត​ដ៏​ស្មោះ​ត្រង់​និង​គួរ​ឲ្យ​គោរព​របស់​យើង នាំ​ឲ្យ​មនុស្ស​ឯ​ទៀត​ស្ងើច​សរសើរ ពីព្រោះ​យើង​មិន​ដឹង​ថា នេះ​នឹង​ជះ​ឥទ្ធិពល​ល្អ​យ៉ាង​ណា​នៅ​ថ្ងៃ​មុខ​ឡើយ។

២០. ​(​ក​) តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ដែល​បណ្ដាំ​របស់​ព្រះ​បាន​ដុះ​ដាល​ចម្រើន​ឡើង​នៅ​សតវត្សរ៍​ទី​១ និង​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ? (​ខ​) ស្ដី​អំពី​ជ័យ​ជម្នះ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​យើង តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

២០ ការ​រំពឹង​គិត​អំពី​របៀប ដែល​«​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​បន្ត​ដុះ​ដាល​ចម្រើន​ឡើង​»​នៅ​សតវត្សរ៍​ទី១ ពិត​ជា​ធ្វើ​ឲ្យ​យើង​រំភើប​រីករាយ​ណាស់។ យើង​ក៏​នៅ​តែ​រំភើប​រីករាយ ពេល​ឃើញ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បន្ត​ធ្វើ​ឲ្យ​មាន​ជ័យ​ជម្នះ​នៅ​សព្វ​ថ្ងៃ​នេះ។ អ្នក​ច្បាស់​ជា​ចង់​រួម​ចំណែក សូម្បី​តែ​បន្តិច​បន្តួច​ដើម្បី​ជួយ​ឲ្យ​បណ្ដាំ​របស់​ព្រះ​បន្ត​ដុះ​ដាល​ឡើង មែន​ទេ? បើ​ដូច្នេះ សូម​រៀន​ពី​គំរូ​ដែល​យើង​ទើប​តែ​បាន​ពិចារណា។ សូម​រក្សា​ចិត្ត​រាប​ទាប ហើយ​បន្ត​តាម​ឲ្យ​ទាន់​ការ​រីក​ចម្រើន​របស់​អង្គការ​ព្រះ​យេហូវ៉ា។ សូម​បន្ត​ខំ​ប្រឹង​ព្យាយាម ហើយ​បដិសេធ​អំពើ​មន្តអាគម​គ្រប់​បែប​យ៉ាង ព្រម​ទាំង​ខំ​អស់​សមត្ថភាព​ដើម្បី​ផ្សព្វ​ផ្សាយ​យ៉ាង​សព្វ​គ្រប់ ដោយ​ភាព​ស្មោះ​ត្រង់​និង​គួរ​ឲ្យ​គោរព។

a សូម​មើល​ប្រអប់​«​ អេភេសូរ ជា​រាជធានី​នៃ​អាស៊ី​»។

b ម្យ៉ាង​ទៀត ប៉ូល​បាន​សរសេរ​សៀវភៅ​កូរិនថូស​ទី​១ កាល​ដែល​គាត់​នៅ​ក្រុង​អេភេសូរ។

c ប៉ូល​ប្រហែល​ជា​បាន​យក​ក្រណាត់​មក​រុំ​ជុំ​វិញ​ថ្ងាស ដើម្បី​ការ​ពារ​កុំ​ឲ្យ​ញើស​ចូល​ភ្នែក​គាត់។ ម្យ៉ាង​ទៀត ដោយ​សារ​គម្ពីរ​ថា​ប៉ូល​នៅ​តែ​មាន​អៀម នេះ​បង្ហាញ​ថា​គាត់​ប្រហែល​ជា​បន្ត​ដេរ​ត្រសាល​ក្នុង​ពេល​ទំនេរ អាច​ជា​នៅ​ពេល​ព្រឹក។—សកម្ម. ២០:៣៤, ៣៥

d លូកា​ប្រាប់​ថា​មាន​តម្លៃ​៥០.០០០​កាក់​ធ្វើ​ពី​ប្រាក់។ នៅ​សម័យ​នោះ បើ​គិត​ជា​ឌីណារី​គឺ​ស្មើ​នឹង​ប្រាក់​ឈ្នួល​កម្មករ​ធ្វើ​ការ​៥០.០០០​ថ្ងៃ។ បើ​គាត់​ធ្វើ​ការ​៧​ថ្ងៃ​ពេញ​មួយ​សប្ដាហ៍ គឺ​ប្រហែល​ជា​ស្មើ​នឹង​១៣៧​ឆ្នាំ។

e មនុស្ស​ខ្លះ​និយាយ​ថា ប៉ូល​កំពុង​សំដៅ​លើ​ព្រឹត្តិការណ៍​នេះ ពេល​ដែល​គាត់​ប្រាប់​ពួក​អ្នក​ក្រុង​កូរិនថូស​ថា​៖ ​«​យើង​គិត​ថា យើង​ប្រហែល​ជា​នឹង​បាត់​បង់​ជីវិត​»។ (​២កូ. ១:៨​) ក៏​ប៉ុន្តែ ប៉ូល​ទំនង​ជា​គិត​អំពី​ស្ថានភាព​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​នោះ។ កាល​ដែល​ប៉ូល​សរសេរ​ថា គាត់​បាន​«​ត​យុទ្ធ​ជា​មួយ​នឹង​សត្វ​សាហាវ​នៅ​ក្រុង​អេភេសូរ​»​ ប៉ូល​ប្រហែល​ជា​កំពុង​សំដៅ​ទៅ​លើ​បទ​ពិសោធន៍ ដែល​គាត់​ប្រយុទ្ធ​ជា​មួយ​សត្វ​សាហាវ​នៅ​លើ​សង្វៀន ឬ​ទទួល​ការ​បៀតបៀន​យ៉ាង​ខ្លាំង​ពី​មនុស្ស​ឯ​ទៀត។ (​១កូ. ១៥:៣២​) ដូច្នេះ ពាក្យ​សម្ដី​របស់​ប៉ូល​អាច​ជា​ន័យ​ត្រង់​និង​ន័យ​ធៀប។

f សមាគម​ពួក​ជាង​ធ្វើ​ប្រាក់​ទាំង​នេះ ហាក់​ដូច​ជា​មាន​អំណាច​នៅ​ពេល​នោះ។ ប្រហែល​ជា​មួយ​សតវត្សរ៍​ក្រោយ​មក សមាគម​ពួក​អ្នក​ដុត​នំ​ក៏​បាន​ធ្វើ​កុបកម្ម​តាម​ការ​ញុះញង់​ស្រដៀង​គ្នា​នោះ នៅ​ក្នុង​ក្រុង​អេភេសូរ​ដែរ។