ជំពូកទី២២
«សូមឲ្យបំណងប្រាថ្នារបស់ព្រះយេហូវ៉ាបានសម្រេច»
ប៉ូលប្ដេជ្ញាចិត្តធ្វើតាមបំណងប្រាថ្នារបស់ព្រះដោយទៅក្រុងយេរូសាឡិម
មានមូលដ្ឋានលើសកម្មភាព ២១:១-១៧
១-៤. ហេតុអ្វីបានជាប៉ូលទៅក្រុងយេរូសាឡិម? ហើយតើមានអ្វីរង់ចាំគាត់នៅទីនោះ?
ការបែកគ្នានៅក្រុងមីលេតូស គឺជាអារម្មណ៍ដ៏ក្រៀមក្រំមួយ។ ប៉ូលនិងលូកាពិបាកឈានជើង ចាកចេញពីពួកអ្នកចាស់ទុំនៅក្រុងអេភេសូរ ពីព្រោះពួកគាត់ស្រឡាញ់ពួកអ្នកចាស់ទុំទាំងនោះខ្លាំងណាស់! សាសនទូតទាំងពីរនាក់នេះកំពុងឈរនៅលើក្បាលសំពៅ ទាំងមានបង្វេចនិងសម្ភារចាំបាច់មួយចំនួនសម្រាប់ធ្វើដំណើរផង។ ពួកគាត់ក៏នាំយកអំណោយសម្រាប់គ្រិស្តសាសនិកក្នុងតំបន់យូឌាដែលត្រូវការជំនួយដែរ ហើយពួកគាត់ចង់ឃើញអំណោយទាំងនេះបានទៅដល់ដៃរបស់បងប្អូន។
២ ខ្យល់បក់ត្រសៀកៗកាត់សំពៅ ក្នុងកាលដែលសំពៅធ្វើដំណើរចាកចេញពីកំពង់ផែដ៏អ៊ូអរ។ សាសនទូតទាំងពីរនាក់នេះ និងបងប្អូន៧នាក់ទៀតដែលអមដំណើរពួកគាត់ កំពុងឈរសម្លឹងមើលទៅបងប្អូនដែលមានទឹកមុខក្រៀមក្រំនៅឯមាត់ច្រាំង។ (សកម្ម. ២០:៤, ១៤, ១៥) ពួកគាត់បន្តគ្រវីដៃលាបងប្អូន រហូតដល់ដាច់កន្ទុយភ្នែក។
៣ អស់ប្រហែលបីឆ្នាំ ប៉ូលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងពួកអ្នកចាស់ទុំនៅក្រុងអេភេសូរ។ ប៉ុន្តែ ឥឡូវក្រោមការដឹកនាំរបស់ឫទ្ធានុភាពបរិសុទ្ធ គាត់ចេញដំណើរទៅក្រុងយេរូសាឡិម។ ប៉ូលប្រហែលជាដឹងខ្លះហើយ អំពីអ្វីដែលគាត់នឹងជួបនៅក្រុងនោះ។ ប៉ូលធ្លាប់ប្រាប់ពួកអ្នកចាស់ទុំទាំងនោះថា៖ «ឫទ្ធានុភាពរបស់ព្រះជំរុញខ្ញុំឲ្យធ្វើដំណើរទៅក្រុងយេរូសាឡិម ទោះជាខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងដល់ខ្ញុំនៅក្រុងនោះក៏ដោយ។ ខ្ញុំគ្រាន់តែដឹងថាពីក្រុងមួយទៅក្រុងមួយ ឫទ្ធានុភាពបរិសុទ្ធបញ្ជាក់ប្រាប់ខ្ញុំម្ដងហើយម្ដងទៀតថា គុកនិងទុក្ខលំបាកកំពុងរង់ចាំខ្ញុំ»។ (សកម្ម. ២០:២២, ២៣) ទោះជាមានគ្រោះថ្នាក់ក៏ដោយ ប៉ូលមានអារម្មណ៍ថាការទៅក្រុងយេរូសាឡិមក្រោមការដឹកនាំពី«ឫទ្ធានុភាពរបស់ព្រះ» គឺជាកាតព្វកិច្ចនិងជាការស្ម័គ្រចិត្តរបស់គាត់។ ប៉ូលឲ្យតម្លៃជីវិតខ្លួន តែការធ្វើតាមបំណងប្រាថ្នារបស់ព្រះជាអ្វីដែលសំខាន់បំផុតចំពោះគាត់។
៤ តើអ្នកមានអារម្មណ៍ដូចនោះទេ? ពេលអ្នកប្រគល់ខ្លួនជូនព្រះយេហូវ៉ា អ្នកបានសន្យាយ៉ាងម៉ឺងម៉ាត់ថា អ្នកនឹងធ្វើតាមបំណងប្រាថ្នារបស់លោក មុនអ្វីៗទាំងអស់ក្នុងជីវិតរបស់អ្នក។ ស្ដីអំពីរឿងនេះ សូមយើងពិចារណាអំពីគំរូដ៏ស្មោះត្រង់របស់សាវ័កប៉ូល។
សកម្មភាព ២១:១-៣)
ធ្វើដំណើរបង្ហួស«កោះគីប្រុស» (៥. តើប៉ូលនិងគ្នារបស់គាត់បានធ្វើដំណើរតាមផ្លូវណាដើម្បីទៅដល់ក្រុងទីរ៉ុស?
៥ សំពៅដែលប៉ូលនិងគ្នារបស់គាត់ជិះ កំពុងធ្វើដំណើរ«ឆ្ពោះទៅ»កោះកូស ហើយដោយសារមានខ្យល់បក់រុញច្រានផង នាំឲ្យសំពៅទៅដល់កោះកូសយ៉ាងរលូននៅថ្ងៃដដែល។ (សកម្ម. ២១:១) តាមមើលទៅ សំពៅបានបោះយុថ្កានៅទីនោះមួយយប់ មុនចេញដំណើរទៅកោះរ៉ូដនិងកំពង់ផែប៉ាតារ៉ា។ នៅឯកំពង់ផែប៉ាតារ៉ាដែលស្ថិតនៅឆ្នេរខាងត្បូងនៃអាស៊ីប៉ែកខាងលិច បងប្អូនទាំងនោះបានប្ដូរជើងសំពៅដោយឡើងជិះសំពៅដឹកទំនិញដ៏ធំមួយ ដែលឆ្ពោះត្រង់ទៅកាន់ក្រុងទីរ៉ុសក្នុងស្រុកភេនីស៊ី។ នៅតាមផ្លូវ សំពៅដែលពួកគាត់ជិះបានធ្វើដំណើរបង្ហួស«កោះគីប្រុសនៅខាងឆ្វេងដៃ»។ (សកម្ម. ២១:៣) ហេតុអ្វីលូកាដែលជាអ្នកសរសេរសៀវភៅសកម្មភាព លើកឡើងនូវចំណុចល្អិតល្អន់នេះ?
៦. (ក) ពេលប៉ូលឃើញកោះគីប្រុស ហេតុអ្វីនេះប្រហែលជាបានលើកទឹកចិត្តគាត់? (ខ) ពេលយើងរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាបានឲ្យពរនិងបានជួយយើង តើនេះនាំឲ្យយើងមានអារម្មណ៍យ៉ាងណា?
៦ ប៉ូលប្រហែលជាបានចង្អុលទៅកោះគីប្រុស ហើយប្រាប់អំពីបទពិសោធន៍របស់គាត់នៅទី នោះ។ រឿងនេះបានកើតឡើងប្រហែល៩ឆ្នាំមុន ពេលគាត់ធ្វើដំណើរជាសាសនទូតលើកទី១ ជាមួយបាណាបាសនិងយ៉ូហានដែលហៅថាម៉ាកុស។ នៅទីនោះ ពួកគាត់បានប្រទះគ្រូវេទមន្តម្នាក់ឈ្មោះអេលីម៉ាស ដែលបានប្រឆាំងកិច្ចការផ្សព្វផ្សាយរបស់ពួកគាត់។ (សកម្ម. ១៣:៤-១២) ពេលប៉ូលឃើញកោះគីប្រុស នោះប្រហែលជានាំឲ្យគាត់នឹកគិតអំពីរឿងរ៉ាវដែលបានកើតឡើងនៅទីនោះ ហើយបានលើកទឹកចិត្តនិងពង្រឹងកម្លាំងគាត់ឲ្យប្រឈមមុខចំពោះអ្វីដែលកំពុងរង់ចាំគាត់។ ស្រដៀងគ្នាដែរ យើងអាចទទួលប្រយោជន៍ពេលរំពឹងគិតអំពីរបៀបដែលព្រះបានឲ្យពរយើង និងបានជួយយើងឲ្យស៊ូទ្រាំទុក្ខលំបាកផ្សេងៗ។ ការរំពឹងគិតបែបនោះ អាចធ្វើឲ្យយើងមានអារម្មណ៍ដូចដាវីឌ ដែលបានសរសេរថា៖ «មនុស្សសុចរិតជួបទុក្ខលំបាកជាច្រើន តែព្រះយេហូវ៉ាជួយសង្គ្រោះគាត់ឲ្យរួចផុតពីទុក្ខទាំងអស់»។—ចសព. ៣៤:១៩
«យើងបានរកឃើញពួកអ្នកកាន់តាម» (សកម្មភាព ២១:៤-៩)
៧. ពេលមកដល់ក្រុងទីរ៉ុស តើប៉ូលនិងគ្នារបស់គាត់បានធ្វើអ្វី?
៧ ប៉ូលឲ្យតម្លៃយ៉ាងខ្លាំងចំពោះការសេពគប់បងប្អូនរួមជំនឿ ហើយគាត់ពិតជាចង់ចំណាយពេលជាមួយនឹងពួកគេ។ លូកាបានសរសេរថា ពេលមកដល់ក្រុងទីរ៉ុស«យើងបានរកឃើញពួកអ្នកកាន់តាម»។ (សកម្ម. ២១:៤) បន្ទាប់ពីប៉ូលនិងអ្នករួមដំណើរជាមួយគាត់ បានរកឃើញបងប្អូនទាំងនោះ ពួកគាត់ប្រហែលជាបានស្នាក់នៅជាមួយនឹងពួកគេ។ ពរដ៏អស្ចារ្យមួយក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា គឺមិនថាយើងទៅកន្លែងណាទេ យើងអាចជួបគ្រិស្តសាសនិកឯទៀតដែលមានចិត្តគំនិតនិងជំនឿដូចយើង ហើយទទួលស្វាគមន៍យើង។ អស់អ្នកដែលស្រឡាញ់ព្រះពិត ហើយធ្វើតាមបង្គាប់របស់លោក ពួកគេមានមិត្តភក្តិទូទាំងពិភពលោក។
៨. តើយើងអាចយល់យ៉ាងណាអំពីអ្វីដែលបានចែងនៅសកម្មភាព ២១:៤?
៨ ស្ដីអំពីរយៈពេល៧ថ្ងៃដែលពួកគាត់ស្នាក់នៅក្រុងទីរ៉ុស លូកាបានកត់ត្រាអ្វីមួយដែលប្រហែលជាធ្វើឲ្យយើងមានចម្ងល់ ពីព្រោះគាត់សរសេរថា៖ «ឫទ្ធានុភាពរបស់ព្រះបានដឹកនាំពួកគាត់[គឺបងប្អូននៅក្រុងទីរ៉ុស]ឲ្យប្រាប់ប៉ូលម្ដងហើយម្ដងទៀតថា កុំចូលក្រុងយេរូសាឡិមឲ្យសោះ»។ (សកម្ម. ២១:៤) តើនេះមានន័យថាព្រះយេហូវ៉ាបានប្ដូរចិត្ត ដោយប្រាប់ប៉ូលថាកុំទៅក្រុងយេរូសាឡិមឬទេ? មិនមែនទេ។ ពីមុនឫទ្ធានុភាពបានបញ្ជាក់ថា ប៉ូលនឹងត្រូវគេបៀតបៀននៅក្រុងយេរូសាឡិម មិនមែនថាគាត់ត្រូវគេចចេញពីក្រុងយេរូសាឡិមទេ។ នៅពេលនេះឫទ្ធានុភាពបរិសុទ្ធឲ្យបងប្អូននៅក្រុងទីរ៉ុសដឹងប្រាកដថា ប៉ូលនឹងជួបគ្រោះថ្នាក់នៅក្រុងយេរូសាឡិម។ ដូច្នេះដោយព្រួយបារម្ភអំពីប៉ូល បងប្អូនទាំងនោះបានទទូចប្រាប់ប៉ូលថា កុំឡើងទៅក្រុងយេរូសាឡិមឡើយ។ យើងអាចយល់បានថា ពួកគេមានបំណងចង់ការពារប៉ូលពីគ្រោះថ្នាក់ដែលជិតមកដល់។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលតាំងចិត្តធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ដោយបន្តដំណើរទៅក្រុងយេរូសាឡិម។—សកម្ម. ២១:១២
៩, ១០. (ក) ពេលឮពាក្យសម្ដីដែលបង្ហាញនូវការព្រួយបារម្ភរបស់បងប្អូននៅក្រុងទីរ៉ុស តើប៉ូលប្រហែលជានឹកឃើញអំពីស្ថានភាពស្រដៀងគ្នាអ្វី? (ខ) តើសព្វថ្ងៃមនុស្សទូទៅមានទស្សនៈបែបណា? ហើយហេតុអ្វីនោះផ្ទុយគ្នាពីប្រសាសន៍របស់លោកយេស៊ូ?
៩ ពេលប៉ូលឮពាក្យសម្ដីដែលបង្ហាញនូវការព្រួយបារម្ភរបស់បងប្អូន នោះប្រហែលជាធ្វើឲ្យប៉ូលនឹក ឃើញថា លោកយេស៊ូក៏ធ្លាប់ជួបនឹងការរារាំងស្រដៀងគាត់ដែរ។ លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមថា លោកនឹងទៅក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខវេទនាជាច្រើន រួចនឹងត្រូវគេសម្លាប់។ ពេលនោះពេត្រុសក៏រំជួលចិត្ត ហើយនិយាយទៅលោកយេស៊ូថា៖ «លោកម្ចាស់ សូមអាណិតខ្លួនផង។ ការនេះនឹងមិនកើតឡើងដល់លោកឡើយ»។ លោកយេស៊ូតបទៅវិញថា៖ «នែ! សាថាន ចូរទៅឲ្យឆ្ងាយពីខ្ញុំទៅ! អ្នកកំពុងដាក់ឧបសគ្គរារាំងខ្ញុំ ពីព្រោះអ្នកមិនគិតតាមគំនិតរបស់ព្រះទេ តែគិតតាមគំនិតរបស់មនុស្សវិញ»។ (ម៉ាថ. ១៦:២១-២៣) លោកយេស៊ូបានតាំងចិត្តទទួលយក និងធ្វើតាមភារកិច្ចដែលព្រះយេហូវ៉ាប្រគល់ឲ្យ ជាភារកិច្ចដែលតម្រូវឲ្យលោកយេស៊ូលះបង់ប្រយោជន៍ខ្លួន។ ប៉ូលក៏មានអារម្មណ៍ដូច្នោះដែរ។ ដូចសាវ័កពេត្រុស បងប្អូននៅក្រុងទីរ៉ុសច្បាស់ជាមានបំណងចិត្តល្អ តែពួកគេមិនបានយល់ថា នោះជាបំណងប្រាថ្នារបស់ព្រះទេ។
១០ សព្វថ្ងៃមនុស្សជាច្រើនចូលចិត្តធ្វើអ្វីដែលស្រួលបំផុត ឬធ្វើតាមវិធីដែលនាំឲ្យមានជីវិតស្រណុកស្រួល។ ជាទូទៅ មនុស្សមានទំនោរចិត្តស្វែងរកសាសនាដែលស្រួល ហើយមិនតម្រូវច្រើនពេកពីសមាជិករបស់ខ្លួន។ ផ្ទុយទៅវិញ លោកយេស៊ូបានដាស់តឿនពួកអ្នកកាន់តាម ឲ្យមានចិត្តគំនិតខុសគ្នាទាំងស្រុងពីមនុស្សឯទៀត។ លោកបានប្រាប់ពួកគេថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវប្រគល់ខ្លួនជូនព្រះ ហើយលីបង្គោលទារុណកម្មរបស់ខ្លួន រួចមកតាមខ្ញុំជាដរាប»។ (ម៉ាថ. ១៦:២៤) ការធ្វើតាមប្រសាសន៍របស់លោកយេស៊ូ គឺជារបៀបរស់នៅដ៏ត្រឹមត្រូវនិងប្រកបដោយប្រាជ្ញា។ ប៉ុន្តែ នេះមិនងាយស្រួលទេ។
១១. តើពួកអ្នកកាន់តាមនៅក្រុងទីរ៉ុសបានបង្ហាញសេចក្ដីស្រឡាញ់និងការគាំទ្រចំពោះប៉ូលយ៉ាងដូចម្ដេច?
១១ ពេលវេលាខិតមកដល់ ប៉ូល លូកា និងបងប្អូនដែលទៅជាមួយពួកគាត់ ត្រូវបន្តដំណើរតទៅទៀត។ ការពណ៌នាអំពីការចាកចេញរបស់ពួកគាត់ គឺពិតជារំជួលចិត្តណាស់។ បងប្អូននៅក្រុងទីរ៉ុសបានបង្ហាញសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប៉ូល ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចបម្រើរបស់គាត់។ បុរស ស្ត្រី និងកូនក្មេងនៅទីនោះ បានជូនដំណើរប៉ូលនិងបងប្អូនដែលទៅជាមួយគាត់ រហូតដល់ឆ្នេរសមុទ្រ។ នៅទីនោះ ពួកគាត់ទាំងអស់គ្នាលុតជង្គង់អធិដ្ឋាន ហើយលាគ្នាទាំងអាឡោះអាល័យ។ រួចមក ប៉ូល លូកា និងបងប្អូនដែលរួមដំណើរជាមួយ បានចុះសំពៅមួយទៀតបន្តដំណើរទៅក្រុងផ្ទរលេមេ។ នៅទីនោះ ពួកគាត់បានជួបបងប្អូនឯទៀត ហើយស្នាក់នៅជាមួយពួកគេអស់មួយថ្ងៃ។—សកម្ម. ២១:៥-៧
១២, ១៣. (ក) តើមានកំណត់ត្រាអ្វីអំពីកិច្ចបម្រើដ៏ស្មោះត្រង់របស់ភីលីព? (ខ) តើនៅសព្វថ្ងៃឪពុកដែលជាគ្រិស្តសាសនិកធ្វើតាមគំរូដ៏ល្អរបស់ភីលីពតាមរបៀបណា?
១២ បន្ទាប់មក លូការៀបរាប់ថាប៉ូលនិងបងប្អូនដែលរួមដំណើរជាមួយ បានចេញទៅក្រុងសេសារៀ។ ពេលទៅដល់ទីនោះ ពួកគាត់«ចូលក្នុងផ្ទះភីលីព ដែលជាអ្នកផ្សព្វផ្សាយដំណឹងល្អ»។ a (សកម្ម. ២១:៨) ពួកគាត់ច្បាស់ជាសប្បាយចិត្តណាស់ដែលបានជួបភីលីពម្ដងទៀត។ ប្រហែល២០ឆ្នាំមុននៅក្រុងយេរូសាឡិម ភីលីពបានត្រូវតែងតាំងដោយពួកសាវ័ក ឲ្យមើលការខុសត្រូវលើការចែកអាហារដល់ក្រុមជំនុំគ្រិស្តសាសនិកដែលទើបបង្កើតថ្មី។ ជាយូរមកហើយ ភីលីពមានកេរ្តិ៍ឈ្មោះជាអ្នកឧស្សាហ៍ផ្សព្វផ្សាយដំណឹងល្អ។ សូមចាំថា ពេលដែលការបៀតបៀនផ្ទុះឡើងបណ្ដាលឲ្យពួកអ្នកកាន់តាមបែកខ្ញែកគ្នា នោះភីលីពបានទៅស្រុកសាម៉ារី ហើយចាប់ផ្ដើមផ្សព្វផ្សាយនៅទីនោះ។ ក្រោយមក គាត់បានផ្សព្វផ្សាយដល់មន្ត្រីជនជាតិអេត្យូពី ហើយជ្រមុជទឹកឲ្យមន្ត្រីនោះ។ (សកម្ម. ៦:២-៦; ៨:៤-១៣, ២៦-៣៨) នេះជាកំណត់ត្រាដ៏ល្អអំពីកិច្ចបម្រើដ៏ស្មោះត្រង់របស់ភីលីព!
១៣ ភីលីពមិនដែលបាត់បង់ចិត្តឧស្សាហ៍ ក្នុងកិច្ចផ្សព្វផ្សាយទេ។ ទោះជាគាត់រស់នៅក្រុងសេសារៀក៏ដោយ គាត់នៅតែជាប់រវល់ក្នុងកិច្ចបម្រើផ្សាយ ដូចដែលលូកាបានហៅគាត់ថា«អ្នកផ្សព្វផ្សាយដំណឹងល្អ»។ យើងបានដឹងហើយថា ភីលីពមានកូនស្រីបួននាក់ដែលជាអ្នកប្រកាសទំនាយ នេះបង្ហាញថាពួកនាងបានធ្វើតាមគំរូរបស់ឪពុកខ្លួន។ b (សកម្ម. ២១:៩) ភីលីពប្រាកដជាបានធ្វើអ្វីៗជាច្រើន ដើម្បីជួយពង្រឹងចំណងមិត្តភាពរបស់ក្រុមគ្រួសារគាត់ជាមួយនឹងព្រះយេហូវ៉ា។ នៅសព្វថ្ងៃ ឪពុកដែលជាគ្រិស្តសាសនិកក៏ធ្វើតាមគំរូរបស់គាត់ដែរ ដោយនាំមុខក្នុងកិច្ចបម្រើផ្សាយ ហើយជួយកូនៗឲ្យបណ្ដុះចិត្តស្រឡាញ់ចំពោះការផ្សព្វផ្សាយដំណឹងល្អ។
១៤. ពេលប៉ូលទៅលេងសួរសុខទុក្ខបងប្អូនរួមជំនឿ តើនាំឲ្យមានលទ្ធផលអ្វី? ហើយតើនៅសព្វថ្ងៃយើងមានឱកាសស្រដៀងគ្នាយ៉ាងណា?
១៤ ទោះជាប៉ូលទៅកន្លែងណាក៏ដោយ គាត់តែងតែទៅ សួរសុខទុក្ខបងប្អូនរួមជំនឿ ហើយចំណាយពេលជាមួយពួកគេ។ បងប្អូនក្នុងតំបន់ដែលប៉ូលបានទៅ ប្រាកដជាស្វាគមន៍និងបង្ហាញចិត្តរាក់ទាក់ចំពោះគាត់ និងអស់អ្នកដែលរួមដំណើរជាមួយគាត់។ ទស្សនកិច្ចបែបនេះច្បាស់ជាបានជួយ«លើកទឹកចិត្តគ្នាទៅវិញទៅមក»។ (រ៉ូម ១:១១, ១២) នៅសព្វថ្ងៃ យើងក៏មានឱកាសស្រដៀងគ្នាដែរ។ យើងនឹងទទួលប្រយោជន៍ច្រើនណាស់ ពេលយើងអញ្ជើញអ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងប្រពន្ធគាត់ឲ្យមកស្នាក់នៅផ្ទះរបស់យើង មិនថាផ្ទះរបស់យើងតូចឬធំទេ។—រ៉ូម ១២:១៣
‹ខ្ញុំសុខចិត្តស្លាប់› (សកម្មភាព ២១:១០-១៤)
១៥, ១៦. តើអាកាប៊ូសបានប្រាប់អំពីព័ត៌មានអ្វី? ហើយតើនេះបានប៉ះពាល់យ៉ាងណាដល់អារម្មណ៍របស់បងប្អូនដែលមានវត្តមាននៅទីនោះ?
១៥ កាលដែលប៉ូលស្នាក់នៅជាមួយភីលីព មានភ្ញៀវម្នាក់ទៀតដែលគេគោរពយ៉ាងខ្លាំង ក៏មកទីនោះដែរ គឺអាកាប៊ូស។ អស់អ្នកដែលនៅជុំគ្នាក្នុងផ្ទះភីលីពដឹងថា អាកាប៊ូសជាអ្នកប្រកាសទំនាយ ហើយគាត់គឺជាអ្នកដែលបានប្រាប់ទុកជាមុនថា នឹងកើតមានភាពអត់ឃ្លានយ៉ាងខ្លាំងក្នុងអំឡុងការគ្រប់គ្រងរបស់ក្លូឌាស។ (សកម្ម. ១១:២៧, ២៨) ពួកគេប្រហែលជាឆ្ងល់ថា ‹ហេតុអ្វីអាកាប៊ូសមកទីនេះ? តើគាត់ចង់ប្រាប់អំពីព័ត៌មានអ្វី?›។ ខណៈដែលគ្រប់គ្នាកំពុងមើលអាកាប៊ូសដោយយកចិត្តទុកដាក់ នោះគាត់ក៏យកខ្សែក្រវាត់របស់ប៉ូល ជាក្រណាត់វែងមួយដែលរុំនៅចង្កេះសម្រាប់ដាក់ប្រាក់ឬរបស់ផ្សេងទៀត មកចងជើងចងដៃរបស់ខ្លួន។ បន្ទាប់មក អាកាប៊ូសក៏ចាប់ផ្ដើមនិយាយ។ អ្វីដែលគាត់និយាយគឺជាព័ត៌មានដ៏ធ្ងន់ធ្ងរមួយ។ គាត់ប្រាប់ថា៖ «ឫទ្ធានុភាពបរិសុទ្ធប្រាប់ដូច្នេះថា៖ ‹បុរសដែលជាម្ចាស់ខ្សែក្រវាត់នេះ នឹងត្រូវជនជាតិយូដាចាប់ចងយ៉ាងនេះនៅក្រុងយេរូសាឡិម រួចពួកគេនឹងប្រគល់គាត់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិដទៃ›»។—សកម្ម. ២១:១១
១៦ ទំនាយបញ្ជាក់ថាប៉ូលនឹងទៅក្រុងយេរូសាឡិម ហើយក៏បញ្ជាក់ដែរថា ការផ្សព្វផ្សាយរបស់ប៉ូលដល់ជនជាតិយូដានៅទីនោះ នឹងធ្វើឲ្យគាត់ត្រូវប្រគល់«ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិដទៃ»។ ទំនាយនេះបានប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍របស់បងប្អូន ដែលមានវត្តមាននៅទីនោះ។ លូកាបានសរសេរថា៖ «ឮដូច្នេះ យើងនិងពួកអ្នកដែលនៅទីនោះចាប់ផ្ដើមអង្វរប៉ូល កុំឲ្យឡើងទៅក្រុងយេរូសាឡិម។ ប៉ុន្តែ ប៉ូលតបថា៖ ‹ហេតុអ្វីអ្នករាល់គ្នាយំ ហើយព្យាយាមធ្វើឲ្យខ្ញុំប្ដូរចិត្តដូច្នេះ? ខ្ញុំបានត្រៀមខ្លួនរួចហើយ មិនត្រឹមតែឲ្យគេចងប៉ុណ្ណោះទេ តែក៏សុខចិត្តស្លាប់នៅក្រុងយេរូសាឡិមដើម្បីនាមលោកម្ចាស់យេស៊ូដែរ›»។—សកម្ម. ២១:១២, ១៣
១៧, ១៨. តើប៉ូលបង្ហាញយ៉ាងដូចម្ដេចថាគាត់បានតាំងចិត្តយ៉ាងរឹងមាំ? ហើយតើបងប្អូនមានប្រតិកម្មយ៉ាងណា?
១៧ សូមស្រមៃគិតអំពីទិដ្ឋភាពនេះ។ បងប្អូនជាច្រើនរួមទាំងលូកាបានអង្វរប៉ូលកុំឲ្យទៅ ហើយបងប្អូនខ្លះយំ។ ពេលប៉ូលឃើញសេចក្ដីស្រឡាញ់និងការព្រួយបារម្ភដែលបងប្អូនមានចំពោះគាត់ នោះគាត់និយាយដោយទន់ភ្លន់ថា ពួកគេ«ព្យាយាមធ្វើឲ្យ[គាត់]ប្ដូរចិត្ត» ឬសេចក្ដីបកប្រែខ្លះបានបកប្រែពាក្យភាសាក្រិចនេះថា ពួកគេ«កំពុងធ្វើឲ្យចិត្តរបស់[គាត់]ខ្ទេចខ្ទាំ»។ យ៉ាងណាក៏ដោយ ដូចអ្វីដែលប៉ូលបានធ្វើពេលជួបបងប្អូននៅក្រុងទីរ៉ុស ប៉ូលនៅតែតាំងចិត្តរឹងមាំ គឺគាត់មិនបានឲ្យពាក្យអង្វរនិងទឹកភ្នែករបស់បងប្អូន មករារាំងដំណើរគាត់ឡើយ។ បន្ថែមទៅទៀត ប៉ូលពន្យល់ប្រាប់បងប្អូនអំពីមូលហេតុដែលគាត់ត្រូវតែទៅ។ យើងអាចឃើញច្បាស់ថា គាត់មានចិត្តក្លាហាននិងមានការតាំងចិត្តខ្ពស់! ដូចគំរូលោកយេស៊ូ ប៉ូលបានប្ដេជ្ញាចិត្តទៅក្រុងយេរូសាឡិម។ (ហេ. ១២:២) ប៉ូលមិនមែនខំទៅរកសេចក្ដីស្លាប់ទេ ប៉ុន្តែបើនោះកើតឡើងមែន គាត់ចាត់ទុកថាគឺជាកិត្តិយសមួយដែលគាត់បានស្លាប់ ក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ។
១៨ តើពេលនោះបងប្អូនមានប្រតិកម្មយ៉ាងណា? និយាយឲ្យខ្លីទៅគឺពួកគេគោរពតាមការសម្រេចចិត្តរបស់ប៉ូល។ គម្ពីរចែងថា៖ «ពេលយើងឃើញថាមិនអាចឃាត់គាត់បាន នោះយើងឈប់រារាំងគាត់ទៀត ហើយនិយាយថា៖ ‹សូមឲ្យបំណងប្រាថ្នារបស់ព្រះយេហូវ៉ាបានសម្រេច›»។ (សកម្ម. ២១:១៤) បងប្អូនដែលបានអង្វរប៉ូលកុំឲ្យទៅក្រុងយេរូសាឡិម មិនបានបង្ខំប៉ូលឲ្យធ្វើតាមបំណងចិត្តរបស់ពួកគេទេ។ ផ្ទុយទៅវិញ ពួកគេស្ដាប់ប៉ូល ហើយធ្វើតាមសម្ដីរបស់ប៉ូល។ ពួកគេទទួលស្គាល់និងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ទោះជាការធ្វើដូច្នេះពិបាកសម្រាប់ពួកគេក៏ដោយ។ ពិតមែនថាប៉ូលកំពុងដើរនៅលើផ្លូវដែលនាំទៅរកសេចក្ដីស្លាប់ តែពេលអស់អ្នកដែលស្រឡាញ់គាត់ឈប់ព្យាយាមរារាំងគាត់ នោះគាត់មានអារម្មណ៍ស្រួលជាង។
១៩. ស្ដីអំពីអ្វីដែលបានកើតឡើងចំពោះប៉ូល តើយើងអាចទាញមេរៀនដ៏មានតម្លៃអ្វី?
១៩ យើងទាញមេរៀនដ៏មានតម្លៃមួយពីអ្វីៗដែលបានកើតឡើងចំពោះប៉ូលគឺ៖ យើងមិនត្រូវព្យាយាមបង្អាក់បងប្អូនពីការខំប្រឹងលះបង់ប្រយោជន៍ខ្លួនក្នុងការបម្រើព្រះឡើយ។ យើងអាចយកមេរៀននេះទៅប្រើក្នុងស្ថានភាពជាច្រើន មិនគ្រាន់តែពេលបងប្អូនត្រូវបំពេញកិច្ចបម្រើដែលអាចនាំឲ្យគ្រោះថ្នាក់ដល់ជីវិតប៉ុណ្ណោះទេ។ ជាឧទាហរណ៍ ឪពុកម្ដាយជាច្រើនដែលជាគ្រិស្តសាសនិកមានអារម្មណ៍ពិបាកចិត្ត ពេលឃើញកូនចេញពីផ្ទះទៅបម្រើព្រះយេហូវ៉ានៅកន្លែងឆ្ងាយ តាមភារកិច្ចដែលកូនបានទទួល។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់បានប្ដេជ្ញាចិត្តមិនបំបាក់ទឹកចិត្តរបស់កូនឡើយ។ បងហ្វីលីសដែលរស់នៅប្រទេសអង់គ្លេសនឹកចាំពីអារម្មណ៍របស់ខ្លួន ពេលដែលកូនស្រីតែមួយបានត្រូវចាត់ឲ្យទៅបម្រើជាសាសនទូតនៅទ្វីបអាហ្វ្រិក។ បងហ្វីលីសនិយាយថា៖ «នោះជារយៈពេលដែលខ្ញុំមានអារម្មណ៍ច្របូកច្របល់ក្នុងចិត្តណាស់ គឺពិបាកខ្លាំងសម្រាប់ខ្ញុំ ពេលដឹងថាកូនស្រីត្រូវឃ្លាតទៅឆ្ងាយ។ ខ្ញុំមានអារម្មណ៍សោកសៅ ហើយក៏មានមោទនភាពដែរ។ ខ្ញុំបានអធិដ្ឋានច្រើនអំពីរឿងនេះ។ ប៉ុន្តែនោះគឺជាការសម្រេចចិត្តរបស់កូន ហើយខ្ញុំមិនដែលព្យាយាមធ្វើឲ្យកូនកែប្រែការសម្រេចចិត្តរបស់កូនទេ។ ប្រាកដណាស់ ខ្ញុំតែងបង្រៀនកូនឲ្យចាត់ទុកប្រយោជន៍នៃរាជាណាចក្រថាសំខាន់បំផុត! កូនស្រីរបស់ខ្ញុំបម្រើនៅប្រទេសក្រៅអស់៣០ឆ្នាំកន្លងមកហើយ។ ខ្ញុំអរគុណព្រះយេហូវ៉ារាល់ថ្ងៃ ដែលកូនស្រីបន្តបម្រើលោកយ៉ាងស្មោះត្រង់»។ ពេលយើងលើកទឹកចិត្តបងប្អូនរួមជំនឿ ដែលកំពុងមានរបៀបរស់នៅដែលលះបង់ប្រយោជន៍ខ្លួន នោះគឺការជាប្រសើរណាស់!
«បងប្អូនបានទទួលយើងដោយចិត្តសប្បាយ» (សកម្មភាព ២១:១៥-១៧)
២០, ២១. តើអ្វីបង្ហាញថាប៉ូលចង់ចំណាយពេលជាមួយនឹងបងប្អូនឯទៀត? ហើយហេតុអ្វីគាត់ចង់នៅជាមួយអស់អ្នកដែលមានជំនឿដូចគ្នា?
២០ ក្រោយពីរៀបចំរួចរាល់ ប៉ូលក៏បន្តដំណើររបស់គាត់។ បងប្អូនខ្លះទៀតក៏ទៅជាមួយនឹងប៉ូលដែរ នេះបង្ហាញថាពួកគេគាំទ្រគាត់យ៉ាងស្មោះអស់ពីចិត្ត។ ក្នុងអំឡុងពេលធ្វើដំណើរទៅក្រុងយេរូសាឡិម ប៉ូលនិងអស់អ្នកដែលរួមដំណើរជាមួយគាត់ តែងតែទៅរកជួបបងប្អូនដើម្បីសេពគប់គ្នា។ ជាឧទាហរណ៍ ពេលមកដល់ក្រុងទីរ៉ុស ពួកគាត់បានជួបអ្នកកាន់តាមឯទៀត ហើយស្នាក់នៅជាមួយពួកគេអស់៧ថ្ងៃ។ ពេលនៅក្រុងផ្ទរលេមេ បងប្អូននៅទីនោះបានទទួលស្វាគមន៍ពួកគាត់ ហើយចំណាយពេលជាមួយពួកគាត់ពេញមួយថ្ងៃ។ នៅក្រុងសេសារៀ ពួកគាត់បានស្នាក់នៅផ្ទះរបស់ភីលីពអស់ជាច្រើនថ្ងៃ។ បន្ទាប់មក អ្នកកាន់តាមខ្លះពីក្រុងសេសារៀបានជូនដំណើរប៉ូល និងគ្នារបស់គាត់ទៅក្រុងយេរូសាឡិម។ នៅទីនោះ ពួកគាត់បានស្នាក់នៅក្នុងផ្ទះរបស់អ្នកកាន់តាមដំបូងម្នាក់ឈ្មោះម៉ាណេសុន។ តាមកំណត់ហេតុរបស់លូកា ទីបំផុតពេលពួកគាត់មកដល់ក្រុងយេរូសាឡិម ‹បងប្អូនបានទទួលពួកគាត់ដោយចិត្តសប្បាយ›។—សកម្ម. ២១:១៧
២១ ច្បាស់ណាស់ថា សាវ័កប៉ូលចង់នៅជាមួយអស់អ្នកដែលមានជំនឿដូចគ្នា ពីព្រោះនេះជួយគាត់ឲ្យទទួលការលើកទឹកចិត្តពីបងប្អូនឯទៀត ដូចយើងកំពុងធ្វើនៅសព្វថ្ងៃដែរ។ ការលើកទឹកចិត្តដូចនោះប្រាកដជាបានពង្រឹងកម្លាំងប៉ូល ឲ្យប្រឈមមុខនឹងសត្រូវដ៏កាចសាហាវដែលព្យាយាមសម្លាប់គាត់។
a សូមមើលប្រអប់« សេសារៀ ជារាជធានីនៃតំបន់យូឌាក្នុងខេត្តរបស់រ៉ូម»។
b សូមមើលប្រអប់« តើស្ត្រីអាចធ្វើជាអ្នកបង្រៀនក្នុងក្រុមជំនុំគ្រិស្តសាសនិកឬទេ?»។