លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៤

«ចូរមានចិត្តក្លាហានឡើង»

«ចូរមានចិត្តក្លាហានឡើង»

ជនជាតិ​យូដា​រៀប​ផែន​ការ​សម្លាប់​ប៉ូល​ហើយ​ប៉ូល​បាន​ការ​ពារ​ក្ដី​នៅ​ចំពោះ​មុខ​ភេលីច

មាន​មូលដ្ឋាន​លើ​សកម្មភាព ២៣:១១–២៤:២៧

១, ២. ហេតុ​អ្វី​ប៉ូល​មិន​ភ្ញាក់​ផ្អើល​កាល​ដែល​គាត់​ប្រឈម​មុខ​នឹង​ការ​បៀតបៀន​នៅ​ក្រុង​យេរូសាឡិម?

 ប៉ូល​បាន​ត្រូវ​ជម្លៀស​ចេញ​ពី​ក្រុម​មនុស្ស​ដ៏​ឃោរឃៅ​ក្នុង​ក្រុង​យេរូសាឡិម តែ​គាត់​ត្រូវ​គេ​ឃុំ​ខ្លួនម្ដង​ទៀត។ សាវ័ក​ដ៏​ខ្នះ​ខ្នែង​នេះ​មិន​ភ្ញាក់​ផ្អើល​ទេ កាល​ដែល​គាត់​ប្រឈម​មុខ​នឹង​ការ​បៀតបៀន​នៅ​ក្រុង​យេរូសាឡិម ពីព្រោះ​ទំនាយ​បាន​ត្រូវ​ប្រកាស​ថា គាត់​នឹង​ជាប់​‹គុក ហើយ​រង​ទុក្ខ​លំបាក›​នៅ​ក្នុង​ក្រុង​នេះ។ (​សកម្ម. ២០:២២, ២៣​) ទោះ​ជា​ប៉ូល​មិន​ដឹង​ល្អិត​ល្អន់ អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​គាត់​នៅ​ថ្ងៃ​ខាង​មុខ​ក៏​ដោយ គាត់​ដឹង​ថា​គាត់​នឹង​បន្ត​រង​ទុក្ខ​វេទនា ដោយ​សារ​នាម​របស់​លោក​យេស៊ូ។—សកម្ម. ៩:១៦

សូម្បី​តែ​ពួក​អ្នក​ប្រកាស​ទំនាយ​ក៏​បាន​ព្រមាន​ប៉ូល​ដែរ​ថា គាត់​នឹង​ត្រូវ​ជាប់​ចំណង ហើយ​ត្រូវ​ប្រគល់​«​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​ដទៃ​»។ (​សកម្ម. ២១:៤, ១០, ១១​) ថ្មី​ៗ​នេះ ជនជាតិ​យូដា​មួយ​ក្រុម​ប៉ុន​ប៉ង​សម្លាប់​ប៉ូល ហើយ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​នោះ សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ហាក់​ដូច​ជា​«​ប្រទាញ​ប្រទង់​ហែក​ប៉ូល​ជា​ពីរ​»​ ដោយ​សារ​ពួក​គេ​ឈ្លោះ​ប្រកែក​គ្នា​អំពី​គាត់។ ឥឡូវ​សាវ័ក​ប៉ូល​គឺ​ជា​អ្នក​ទោស​ម្នាក់ ដែល​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​របស់​ពួក​ទាហាន​រ៉ូម ហើយ​គាត់​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ការ​កាត់​ទោស និង​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ទៀត។ (​សកម្ម. ២១:៣១; ២៣:១០​) ប្រាកដ​ណាស់ សាវ័ក​ប៉ូល​ពិត​ជា​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត!

៣. ដើម្បី​បន្ត​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ តើ​យើង​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​កន្លែង​ណា?

នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ យើង​ដឹង​ថា​«​អស់​អ្នក​ដែល​ចង់​រស់​នៅ​ដោយ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ នឹង​ទទួល​ការ​បៀតបៀន​»។ (​២ធី. ៣:១២​) ម្ដង​ម្កាល យើង​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ដែរ ដើម្បី​បន្ត​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ យើង​ពិត​ជា​មាន​អំណរ​គុណ​ខ្លាំង​ណាស់ ដែល​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​នៅ​ពេល​ត្រឹម​ត្រូវ តាម​រយៈ​កិច្ច​ប្រជុំ និង​សៀវភៅ​ផ្សេង​ៗ​ដែល​បាន​ត្រូវ​រៀបចំ​ដោយ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​! (​ម៉ាថ. ២៤:៤៥​) ព្រះ​យេហូវ៉ា​ធានា​ចំពោះ​យើង​ថា អ្នក​ណា​ដែល​ប្រឆាំង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ អ្នក​នោះ​នឹង​មិន​បាន​ជោគ​ជ័យ​ឡើយ។ ពួក​គេ​មិន​អាច​បំផ្លាញ​អ្នក​បម្រើ​របស់​លោក​ជា​ក្រុម ឬ​បំផ្លាញ​ឲ្យ​សាប​សូន្យ​បាន​ទេ ហើយ​ក៏​មិន​អាច​បញ្ឈប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​អ្នក​បម្រើ​ទាំង​នោះ​បាន​ដែរ។ (​អេ. ៥៤:១៧; យេ. ១:១៩​) ចុះ​យ៉ាង​ណា​អំពី​សាវ័ក​ប៉ូល? តើ​គាត់​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​បន្ត​ធ្វើ​ជា​សាក្សី​បញ្ជាក់ ទោះ​ជា​មាន​ការ​ប្រឆាំង​បៀតបៀន​ឬ​ទេ? បើ​មែន តើ​គាត់​បាន​ទទួល​តាម​របៀប​ណា? ហើយ​តើ​គាត់​មាន​ប្រតិកម្ម​យ៉ាង​ណា?

គម្រោង​«​សម​គំនិត​គ្នា ទាំង​ស្បថ​»​ត្រូវ​បរាជ័យ (​សកម្មភាព ២៣:១១​-​៣៤​)

៤, ៥. តើ​ប៉ូល​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​អ្វី? ហើយ​ហេតុ​អ្វី​នេះ​គឺ​ចំ​ពេល?

សាវ័ក​ប៉ូល​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ដែល​គាត់​ត្រូវ​ការ​ជា​ខ្លាំង​នៅ​យប់​នោះ បន្ទាប់​ពី​គាត់​បាន​រួច​ផុត​ពី​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។ គម្ពីរ​ចែង​ថា​៖ ​«​លោក​ម្ចាស់​បាន​ឈរ​ជិត​គាត់ ហើយ​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ព្រោះ​អ្នក​ត្រូវ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​នៅ​ក្រុង​រ៉ូម ដូច​អ្នក​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម​ដែរ›​»។ (​សកម្ម. ២៣:១១​) ពាក្យ​ដ៏​លើក​ទឹក​ចិត្ត​ទាំង​នោះ គឺ​ជា​ការ​ធានា​របស់​លោក​យេស៊ូ​ចំពោះ​ប៉ូល​ថា គាត់​នឹង​ត្រូវ​សង្គ្រោះ។ ប៉ូល​ដឹង​ថា​គាត់​នឹង​នៅ​រស់ រហូត​ដល់​គាត់​ទៅ​ដល់​ក្រុង​រ៉ូម ហើយ​គាត់​នឹង​មាន​ឱកាស​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ​នៅ​ទី​នោះ។

«​មាន​បុរស​ជាង​៤០​នាក់​កំពុង​ពួន​ចាំ​គាត់​»។—សកម្មភាព ២៣:២១

ការ​លើក​ទឹក​ចិត្ត​ដែល​ប៉ូល​បាន​ទទួល ពិត​ជា​ចំ​ពេល​មែន! នៅ​ថ្ងៃ​បន្ទាប់ បុរស​ជនជាតិ​យូដា​ជាង​៤០​នាក់​«​សម​គំនិត​គ្នា ទាំង​ស្បថ​ឲ្យ​ខ្លួន​ត្រូវ​បណ្ដាសា​ថា ពួក​គេ​នឹង​មិន​បរិភោគ​ឬ​ផឹក​អ្វី​ទេ ទាល់​តែ​បាន​សម្លាប់​ប៉ូល​»។ ពាក្យ​«​សម​គំនិត​គ្នា ទាំង​ស្បថ​»​បង្ហាញ​ថា ពួក​បុរស​ជនជាតិ​យូដា​ទាំង​នោះ​មាន​ឆន្ទៈ​មោះ​មុត ដើម្បី​ធ្វើ​ឃាត​ប៉ូល​ឲ្យ​ទាល់​តែ​បាន។ បើ​ផែន​ការ​ពួក​គេ​បរាជ័យ ពួក​គេ​ដឹង​ច្បាស់​ថា​ពួក​គេ​នឹង​ជួប​គ្រោះ​ថ្នាក់​ជា​មិន​ខាន។ (​សកម្ម. ២៣:១២​-​១៥​) ផែន​ការ​របស់​ពួក​គេ​បាន​ទទួល​ការ​យល់​ព្រម​ពី​ពួក​សង្ឃ​នាយក​និង​ពួក​បុរស​ចាស់​ទុំ។ ហេតុ​នេះ ពួក​គេ​នឹង​នាំ​ប៉ូល​ត្រឡប់​ទៅ​ឯ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​វិញ ដោយ​យក​លេស​ថា ដើម្បី​ស្វែង​យល់​សំណុំ​រឿង​របស់​ប៉ូល​ឲ្យ​បាន​ច្បាស់​លាស់​ជាង។ ប៉ុន្តែ​នៅ​តាម​ផ្លូវ ក្រុម​របស់​ពួក​គេ​នឹង​ពួន​ស្ទាក់​សម្លាប់​ប៉ូល។

៦. តើ​តាម​របៀប​ណា​ផែន​ការ​ដើម្បី​សម្លាប់​ប៉ូល​បាន​ត្រូវ​លាត​ត្រដាង? ហើយ​តើ​ប្អូន​ៗ​នៅ​សព្វ​ថ្ងៃ អាច​ធ្វើ​តាម​គំរូ​ក្មួយ​ប្រុស​របស់​ប៉ូល​យ៉ាង​ដូច​ម្ដេច?

ប៉ុន្តែ យុវជន​ម្នាក់​ដែល​ជា​ក្មួយ​ប្រុស​របស់​ប៉ូល បាន​ឮ​អំពី​គម្រោង​នេះ ហើយ​ក៏​ទៅ​ប្រាប់​ប៉ូល។ បន្ទាប់​មក ប៉ូល​បាន​ចាត់​ក្មួយ​ប្រុស​ឲ្យ​ទៅ​រាយ​ការណ៍​ប្រាប់​មេ​បញ្ជាការ​កង​ទ័ព​រ៉ូម ឈ្មោះ​ក្លូឌាស​ឡែសៀស។ (​សកម្ម. ២៣:១៦​-​២២​) គម្ពីរ​មិន​បាន​ប្រាប់​ថា​ក្មួយ​ប្រុស​របស់​ប៉ូល​មាន​ឈ្មោះ​អ្វី​ទេ តែ​ព្រះ​យេហូវ៉ា​ស្រឡាញ់​យុវជន​នោះ ដូច​ដែល​លោក​ស្រឡាញ់​ប្អូន​ៗ​វ័យ​ក្មេង​ឯ​ទៀត​ដែល​បង្ហាញ​ចិត្ត​ក្លាហាន ដោយ​ចាត់​ទុក​ប្រយោជន៍​របស់​រាស្ត្រ​ព្រះ ថា​សំខាន់​ជាង​សុវត្ថិភាព​របស់​ខ្លួន ហើយ​ធ្វើ​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន ដើម្បី​លើក​ស្ទួយ​កិច្ច​ការ​រាជាណាចក្រ។

៧, ៨. តើ​ក្លូឌាស​ឡែសៀស​បាន​ចាត់​វិធានការ​អ្វី​ដើម្បី​រក្សា​សុវត្ថិភាព​របស់​ប៉ូល?

ពេល​ក្លូឌាស​ឡែសៀស ដែល​ជា​មេ​បញ្ជាការ​លើ​កង​ទ័ព​១.០០០​នាក់ បាន​ឮ​អំពី​គម្រោង​ឃុប​ឃិត​គ្នា​សម្លាប់​ប៉ូល នោះ​គាត់​បាន​ចេញ​បង្គាប់​ឲ្យ​រៀបចំ​ក្រុម​ទាហាន​ដែល​មាន​គ្នា​៤៧០​នាក់ ដែល​សុទ្ធ​តែ​ជា​ពល​ទាហាន​កាន់​លំពែង និង​ជា​ទ័ព​សេះ ឲ្យ​ចេញ​ពី​ក្រុង​យេរូសាឡិម​ទាំង​យប់ ដើម្បី​នាំ​ប៉ូល​ទៅ​ក្រុង​សេសារៀ​ដោយ​សុវត្ថិភាព។ ពេល​ទៅ​ដល់ ពួក​ទាហាន​បាន​ប្រគល់​ប៉ូល​ទៅ​ឲ្យ​អភិបាល​ភេលីច។ a ក្រុង​សេសារៀ​ជា​មជ្ឈមណ្ឌល​រដ្ឋ​បាល​របស់​រ៉ូម​ក្នុង​តំបន់​យូឌា ហើយ​ទោះ​ជា​ក្រុង​នោះ មាន​ជនជាតិ​យូដា​ច្រើន​សន្ធឹក​សន្ធាប់​រស់​នៅ​ក៏​ដោយ ប្រជាជន​ភាគ​ច្រើន​គឺ​ជា​ជន​ជាតិ​ដទៃ។ ក្រុង​សេសារៀ​មាន​សណ្ដាប់​ធ្នាប់​និង​របៀប​រៀប​រយ​ខុស​គ្នា​ពី​ក្រុង​យេរូសាឡិម ដែល​មនុស្ស​ភាគ​ច្រើន​បង្ហាញ​ការ​រើស​អើង​ចំពោះ​សាសនា ទាំង​ចូល​រួម​ក្នុង​ការ​ធ្វើ​កុបកម្ម​ផង។ ម្យ៉ាង​ទៀត ក្រុង​សេសារៀ​ជា​មន្ទីរ​ចាត់​ការ​ដ៏​សំខាន់​របស់​កង​ទ័ព​រ៉ូម ដែល​ប្រចាំ​ការ​នៅ​តំបន់​យូឌា។

ឡែសៀស​បាន​ធ្វើ​តាម​ច្បាប់​រ៉ូម​ដោយ​ផ្ញើ​សំបុត្រ​មួយ​ច្បាប់​ទៅ​ភេលីច ដើម្បី​ពន្យល់​អំពី​រឿង​របស់​ប៉ូល។ ក្នុង​សំបុត្រ​នោះ​ឡែសៀស​បាន​អះអាង​ថា ពេល​ដឹង​ថា​ប៉ូល​ជា​ពលរដ្ឋ​រ៉ូម នោះ​គាត់​ក៏​ជួយ​សង្គ្រោះ​ប៉ូល​ពី​ជនជាតិ​យូដា ដែល​«​បម្រុង​នឹង​សម្លាប់​គាត់​ចោល​»។ ឡែសៀស​ប្រាប់​ទៀត​ថា គាត់​មិន​បាន​រក​ឃើញ​ថា​ប៉ូល​មាន​កំហុស​អ្វី​ដែល​«​សម​ឲ្យ​គាត់​ជាប់​ចំណង ឬ​មាន​ទោស​ដល់​ស្លាប់​ឡើយ​»។ ប៉ុន្តែ ដោយ​សារ​មាន​ការ​សម​គំនិត​គ្នា​រៀប​ផែន​ការ​សម្លាប់​ប៉ូល ទើប​គាត់​បញ្ជូន​ប៉ូល​មក ដើម្បី​ឲ្យ​អភិបាល​ភេលីច​អាច​ស្ដាប់​ពាក្យ​សម្ដី​របស់​ពួក​អ្នក​ចោទ​ប្រកាន់ និង​ពាក្យ​សម្ដី​របស់​ប៉ូល រួច​មក​អភិបាល​អាច​ធ្វើ​ការ​វិនិច្ឆ័យ​ក្ដី​លើ​សំណុំ​រឿង​នោះ​បាន។—សកម្ម. ២៣:២៥​-​៣០

៩. ​(​ក​) តើ​សិទ្ធិ​ជា​ពលរដ្ឋ​រ៉ូម​របស់​ប៉ូល​បាន​ត្រូវ​រំលោភ​បំពាន​តាម​របៀប​ណា? (​ខ​) ហេតុ​អ្វី​ពេល​ខ្លះ​យើង​ប្រហែល​ជា​ត្រូវ​ប្រើ​សិទ្ធិ​ជា​ពលរដ្ឋ​តាម​ផ្លូវ​ច្បាប់?

តើ​អ្វី​ដែល​ឡែសៀស​បាន​សរសេរ​គឺ​ជា​ការ​ពិត​ទាំង​ស្រុង​ឬ? មិន​មែន​ទាំង​ស្រុង​ទេ! គាត់​ហាក់​ដូច​ជា​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​អភិបាល​មាន​ការ​ពេញ​ចិត្ត​ចំពោះ​គាត់។ តាម​ពិត​គាត់​មិន​បាន​សង្គ្រោះ​ប៉ូល ដោយ​សារ​ដឹង​ថា​ប៉ូល​ជា​ពលរដ្ឋ​រ៉ូម​ឡើយ។ ណា​មួយ​ទៀត ឡែសៀស​ក៏​មិន​បាន​ប្រាប់​ក្នុង​សំបុត្រ​ថា គាត់​បាន​បញ្ជា​គេ​ឲ្យ​«​យក​ច្រវាក់​ពីរ​មក​ចង​»​ប៉ូល រួច​មក​បង្គាប់​គេ​ឲ្យ​«​វាយ​[​ប៉ូល​]​នឹង​រំពាត់​ខ្សែ​តី​សួរ​ចម្លើយ​»​នោះ​ដែរ។ (​សកម្ម. ២១:៣០​-​៣៤; ២២:២៤​-​២៩​) ទង្វើ​របស់​ឡែសៀស​គឺ​ជា​ការ​បំពាន​សិទ្ធិ​របស់​ប៉ូល​ដែល​ជា​ពលរដ្ឋ​រ៉ូម។ នៅ​សព្វ​ថ្ងៃ សាថាន​ប្រើ​ភាព​ជ្រុល​និយម​ខាង​សាសនា ដើម្បី​បញ្ឆេះ​ការ​បៀតបៀន​មក​លើ​យើង ហើយ​ពេល​នោះ​សិទ្ធិ​សេរី​ភាព​របស់​យើង​អាច​នឹង​ត្រូវ​គេ​រំលោភ​បំពាន។ ប៉ុន្តែ​ដូច​ប៉ូល ក្នុង​ករណី​ខ្លះ​រាស្ត្រ​របស់​ព្រះ​ប្រហែល​ជា​ប្រើ​សិទ្ធិ​ដែល​ខ្លួន​មាន ដើម្បី​ស្វែង​រក​ការ​ការ​ពារ​តាម​ផ្លូវ​ច្បាប់។

​«​ខ្ញុំ​សប្បាយ​ចិត្ត​និយាយ​ការ​ពារ​រឿង​ក្ដី​របស់​ខ្ញុំ​»​ (​សកម្មភាព ២៣:៣៥–២៤:២១​)

១០. តើ​មាន​ការ​ចោទ​ប្រកាន់​ដ៏​ធ្ងន់​ធ្ងរ​អ្វី​ខ្លះ​ទៅ​លើ​ប៉ូល?

១០ នៅ​ក្រុង​សេសារៀ​«​គេ​ឃុំ​ប៉ូល​ក្នុង​វាំង​របស់​ហេរ៉ូឌ ដោយ​មាន​អ្នក​យាម​នៅ​ឃ្លាំ​មើល​»​ ដើម្បី​រង់​ចាំ​ពួក​ដើម​ចោទ​មក​ពី​ក្រុង​យេរូសាឡិម។ (​សកម្ម. ២៣:៣៥​) ប្រាំ​ថ្ងៃ​ក្រោយ​មក ពួក​គេ​ក៏​បាន​មក​ដល់ រួម​មាន​សម្ដេច​សង្ឃ​អាណានាស មេធាវី​ទើទូលុស និង​បុរស​ចាស់​ទុំ​មួយ​ក្រុម។ មុន​ដំបូង ទើទូលុស​និយាយ​សរសើរ​ភេលីច​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​សម្រាប់​ជនជាតិ​យូដា តាម​ពិត​ទៅ​គាត់​ព្យាយាម​ផ្គាប់​ផ្គុន​ដើម្បី​ឲ្យ​ភេលីច​ពេញ​ចិត្ត​គាត់។ b បន្ទាប់​មក ទើទូលុស​ក៏​ចូល​សាច់​រឿង ដោយ​លើក​ឡើង​អំពី​ប៉ូល​ថា​ជា​«​មនុស្ស​ចង្រៃ និង​ជា​មេ​ដឹក​នាំ​និកាយ​ពួក​ណាសារ៉ែត ហើយ​ក៏​ជា​អ្នក​ដែល​បំបះ​បំបោរ​ជនជាតិ​យូដា​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​ផង។ បុរស​នេះ​ក៏​ប៉ុន​ប៉ង​ធ្វើ​ឲ្យ​វិហារ​លែង​បរិសុទ្ធ​ដែរ។ ដូច្នេះ យើង​បាន​ចាប់​គាត់​»។ លុះ​និយាយ​ចប់ ជនជាតិ​យូដា​ឯ​ទៀត​«​ក៏​បាន​ចូល​រួម​និយាយ​វាយ​ប្រហារ​ប៉ូល ហើយ​អះអាង​ថា​រឿង​ទាំង​នោះ​គឺ​ជា​ការ​ពិត​»។ (​សកម្ម. ២៤:៥, ៦,​) ការ​ចោទ​ប្រកាន់​ពី​បទ ជា​មេ​ដឹក​នាំ​និកាយ​សាសនា​ដ៏​គ្រោះ​ថ្នាក់ ជា​អ្នក​ដែល​បំបះ​បំបោរ និង​ជា​អ្នក​ប្រមាថ​មើល​ងាយ​វិហារ សុទ្ធ​តែ​ជា​បទ​ចោទ​ដ៏​ធ្ងន់​ធ្ងរ ដែល​អាច​នាំ​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត។

១១, ១២. តើ​ប៉ូល​បាន​និយាយ​អ្វី​ដែល​បង្ហាញ​ថា​គាត់​ច្រាន​ចោល​ពាក្យ​ចោទ​ប្រកាន់​ទាំង​នោះ?

១១ រួច​មក អភិបាល​បាន​អនុញ្ញាត​ឲ្យ​ប៉ូល​និយាយ ប៉ូល​ចាប់​ផ្ដើម​ពោល​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​និយាយ​ការ​ពារ​រឿង​ក្ដី​របស់​ខ្ញុំ​»។ បន្ទាប់​មក ប៉ូល​បាន​ច្រាន​ចោល​ទាំង​ស្រុង​នូវ​ពាក្យ​ចោទ​ប្រកាន់​ទាំង​នោះ។ ដំបូង ប៉ូល​បាន​បញ្ជាក់​ថា គាត់​មិន​បាន​និយាយ​ប្រមាថ​វិហារ ហើយ​ក៏​មិន​បាន​ព្យាយាម​អុជ​អាល​ឲ្យ​មាន​ការ​បះ​បោរ​ដែរ។ រួច​មក គាត់​ពន្យល់​អំពី​មូលហេតុ​ដែល​គាត់​មក​ក្រុង​យេរូសាឡិម ដោយ​និយាយ​ថា តាម​ពិត​គាត់​មិន​បាន​នៅ​ក្រុង​យេរូសាឡិម​អស់​«​ច្រើន​ឆ្នាំ​»។ ប៉ុន្តែ គាត់​បាន​ត្រឡប់​មក​ក្រុង​វិញ ដើម្បី​នាំ​យក​«​អំណោយ​»​ជា​ប្រាក់​វិភាគទាន​សម្រាប់​គ្រិស្ត​សាសនិក​ដែល​ត្រូវ​ការ​ជំនួយ ដោយ​សារ​ពួក​គេ​ជួប​ភាព​អត់​ឃ្លាន​ឬ​ការ​បៀតបៀន។ បន្ទាប់​មក​ទៀត ប៉ូល​ក៏​បញ្ជាក់​ដែរ​ថា មុន​ពេល​ចូល​វិហារ គាត់​បាន​ទៅ​«​សម្អាត​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​»​ ហើយ​ថា​គាត់​តែង​តែ​ព្យាយាម​រក្សា​«​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​នៅ​ចំពោះ​មុខ​ព្រះ​និង​មនុស្ស​»។—សកម្ម. ២៤:១០​-​១៣, ១៦​-​១៨

១២ ប៉ុន្តែ ចំណុច​មួយ​ដែល​ពួក​អ្នក​ចោទ​ប្រកាន់​ប៉ូល​បាន​និយាយ ហើយ​ប៉ូល​ក៏​បាន​ទទួល​ស្គាល់​ដែរ គឺ​គាត់​កំពុង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ​នៃ​បុព្វ​បុរស​របស់​គាត់ ​«​សម​ស្រប​តាម​របៀប​គោរព​ប្រណិប័តន៍​ដែល​គេ​ហៅ​ថា​និកាយ​»។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ប៉ូល​បាន​និយាយ​ដាច់​ខាត​ថា គាត់​ជឿ​«​អ្វី​ៗ​ទាំង​អស់​ដែល​ចែង​ក្នុង​ច្បាប់ និង​អ្វី​ៗ​ដែល​សរសេរ​ដោយ​ពួក​អ្នក​ប្រកាស​ទំនាយ​»។ ម្យ៉ាង​ទៀត ដូច​ពួក​អ្នក​ចោទ​ប្រកាន់​គាត់​ដែរ ប៉ូល​មាន​សេចក្ដី​សង្ឃឹម​លើ​ពាក្យ​ដែល​ថា​«​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ រួច​មក ប៉ូល​បាន​ទាម​ទារ​ឲ្យ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​គាត់​បង្ហាញ​ភ័ស្តុតាង ដោយ​ជម្រាប​អភិបាល​ថា​៖ ​«​លោក​អាច​ឲ្យ​បុរស​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នេះ​ចេញ​មក​និយាយ​ថា ខ្ញុំ​បាន​ធ្វើ​ខុស​អ្វី​ពេល​ដែល​ខ្ញុំ​ឈរ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នោះ ក្រៅ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ស្រែក​ឡើង​កាល​ដែល​ខ្ញុំ​កំពុង​ឈរ​ក្នុង​ចំណោម​ពួក​គេ​ថា​៖ ‹គេ​កំពុង​វិនិច្ឆ័យ​ខ្ញុំ​នៅ​មុខ​អ្នក​រាល់​គ្នា ដោយ​សារ​ខ្ញុំ​ជឿ​អំពី​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ!›​»។—សកម្ម. ២៤:១៤, ១៥, ២០, ២១

១៣​-​១៥. ហេតុ​អ្វី​បាន​ជា​ប៉ូល​អាច​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​ក្លាហាន​នៅ​ចំពោះ​មុខ​ពួក​អាជ្ញាធរ?

១៣ ប៉ូល​បាន​ទុក​គំរូ​ល្អ​មួយ​សម្រាប់​យើង ពីព្រោះ​ក្នុង​ការ​គោរព​ប្រណិប័តន៍​របស់​យើង យើង​អាច​នឹង​ត្រូវ​គេ​នាំ​មក​នៅ​ចំពោះ​មុខ​ពួក​អាជ្ញាធរ អាច​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត​ថា​ជា​អ្នក​បង្ក​ចលាចល ជា​អ្នក​បះ​បោរ ជា​អ្នក​ជ្រុល​និយម​ខាង​សាសនា ឬ​ជា​សមាជិក​នៃ​«​និកាយ​ដ៏​គ្រោះ​ថ្នាក់​»​ជា​ដើម។ ប៉ូល​មិន​បាន​ព្យាយាម​យក​ចិត្ត​យក​ថ្លើម​អភិបាល ឬ​និយាយ​ផ្គាប់​ផ្គុន​ដូច​ទើទូលុស​ទេ។ ប៉ូល​រក្សា​ចិត្ត​ស្ងប់ និង​បង្ហាញ​ការ​គោរព។ ប៉ូល​និយាយ​យ៉ាង​ប៉ិន​ប្រសប់ ព្រម​ទាំង​បង្ហាញ​អំណះអំណាង​ដែល​ច្បាស់​លាស់ និង​គួរ​ឲ្យ​ទុក​ចិត្ត។ ប៉ូល​ប្រាប់​ថា​«​មាន​ជនជាតិ​យូដា​ខ្លះ​មក​ពី​ខេត្ត​អាស៊ី​»​ ដែល​បាន​ចោទ​ប្រកាន់​គាត់​ពី​បទ​ប្រមាថ​វិហារ តែ​ពួក​គេ​មិន​បាន​មាន​វត្តមាន​ទេ ហើយ​តាម​ផ្លូវ​ច្បាប់​ពួក​គេ​គួរ​តែ​មក​ចោទ​ប្រកាន់​គាត់​ដោយ​ផ្ទាល់។—សកម្ម. ២៤:១៨, ១៩

១៤ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ សាវ័ក​ប៉ូល​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​បញ្ជាក់​ប្រាប់​អំពី​ជំនឿ​របស់​ខ្លួន។ ប៉ូល​និយាយ​យ៉ាង​ក្លាហាន​អំពី​ជំនឿ​របស់​គាត់​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ នោះ​ជា​ចំណុច​ដែល​ធ្លាប់​នាំ​ឲ្យ​មាន​ការ​ទាស់​ទែង​គ្នា​យ៉ាង​ខ្លាំង នៅ​ក្នុង​តុលាការ​កំពូល។ (​សកម្ម. ២៣:៦​-​១០​) ពេល​ប៉ូល​និយាយ​ការ​ពារ​ក្ដី ហេតុ​អ្វី​គាត់​លើក​ឡើង​អំពី​សេចក្ដី​សង្ឃឹម​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? ពីព្រោះ​ប៉ូល​កំពុង​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​អំពី​លោក​យេស៊ូ និង​ការ​ដែល​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​នេះ​គឺ​ជា​រឿង​មួយ​ដែល​ពួក​អ្នក​ប្រឆាំង​ទាំង​នោះ​មិន​អាច​ទទួល​យក​បាន។ (​សកម្ម. ២៦:៦​-​៨, ២២, ២៣​) ប្រាកដ​ណាស់ ចំណុច​សំខាន់​ដែល​នាំ​ឲ្យ​ភាព​ចម្រូង​ចម្រាស​នោះ​គឺ ការ​មាន​ជំនឿ​លើ​លោក​យេស៊ូ និង​ការ​ជឿ​ថា​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

១៥ ដូច​ប៉ូល យើង​ក៏​អាច​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​ក្លាហាន ហើយ​អាច​ទទួល​កម្លាំង​ពី​ប្រសាសន៍​ដែល​លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​រាល់​គ្នា​កាន់​តាម​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ​»។ តើ​យើង​ត្រូវ​បារម្ភ​អំពី​អ្វី​ដែល​យើង​គួរ​និយាយ​ទេ? យើង​មិន​ចាំ​បាច់​បារម្ភ​ទេ ពីព្រោះ​លោក​យេស៊ូ​បាន​ផ្ដល់​ការ​ធានា​ដូច​ត​ទៅ​ថា​៖ ​«​ពេល​ដែល​ពួក​គេ​កំពុង​នាំ​អ្នក​ទៅ កុំ​ខ្វល់​ចិត្ត​ថា អ្នក​នឹង​ត្រូវ​និយាយ​អ្វី​ឡើយ តែ​ចូរ​និយាយ​តាម​អ្វី​ដែល​ឫទ្ធានុភាព​បរិសុទ្ធ​ណែនាំ​អ្នក​ឲ្យ​និយាយ​នៅ​ពេល​នោះ ពីព្រោះ​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​នឹង​និយាយ តែ​គឺ​ជា​ឫទ្ធានុភាព​បរិសុទ្ធ​វិញ​»។—ម៉ាក. ១៣:៩​-​១៣

​«​ភេលីច​តាំង​ភ័យ​ខ្លាច​»​ (​សកម្មភាព ២៤:២២​-​២៧​)

១៦, ១៧. ​(​ក​) តើ​ភេលីច​បាន​ធ្វើ​អ្វី​ក្នុង​ការ​ដោះ​ស្រាយ​រឿង​ក្ដី​របស់​ប៉ូល? (​ខ​) ហេតុ​អ្វី​បាន​ជា​ភេលីច​ភ័យ​ខ្លាច? ប៉ុន្តែ​តើ​គាត់​បន្ត​ជួប​និយាយ​ជា​មួយ​ប៉ូល​ក្នុង​គោល​បំណង​អ្វី?

១៦ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​អភិបាល​ភេលីច​បាន​ឮ​អំពី​ជំនឿ​របស់​គ្រិស្ត​សាសនិក។ គម្ពីរ​ចែង​ថា​៖ ​«​ភេលីច​ដឹង​ច្បាស់​អំពី​រឿង​ទាំង​នោះ​ដែល​ទាក់​ទង​នឹង​ផ្លូវ​លោក​ម្ចាស់​[​ជា​ពាក្យ​សំដៅ​លើ​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​] គាត់​បាន​ពន្យារ​ពេល​សម្រេច​រឿង​ក្ដី​នោះ ដោយ​និយាយ​ថា​៖ ‹កាល​ណា​មេ​បញ្ជាការ​ឡែសៀស​មក​ដល់ ខ្ញុំ​នឹង​សម្រេច​រឿង​ក្ដី​របស់​អ្នក​រាល់​គ្នា›។ រួច​គាត់​បង្គាប់​នាយ​ទាហាន​ឲ្យ​ឃុំ​ប៉ូល តែ​ឲ្យ​ប៉ូល​មាន​សេរី​ភាព​ខ្លះ ហើយ​ប្រាប់​ថា​មិន​ត្រូវ​ហាមឃាត់​មិត្ត​ភក្ដិ​របស់​គាត់​ដែល​មក​ផ្ដល់​ជំនួយ​ដល់​គាត់​ឡើយ​»។—សកម្ម. ២៤:២២, ២៣

១៧ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ភេលីច​និង​ប្រពន្ធ​ដែល​ជា​ជនជាតិ​យូដា​ឈ្មោះ​ទ្រូស៊ីលឡា បាន​ចាត់​គេ​ឲ្យ​នាំ​ប៉ូល​មក ហើយ​«​ស្ដាប់​ប៉ូល​និយាយ​អំពី​ជំនឿ​លើ​គ្រិស្ត​យេស៊ូ​»។ (​សកម្ម. ២៤:២៤​) ក៏​ប៉ុន្តែ ពេល​ប៉ូល​និយាយ​អំពី​«​សេចក្ដី​សុចរិត ការ​ចេះ​ទប់​ចិត្ត និង​ការ​វិនិច្ឆ័យ​ក្ដី​នៅ​អនាគត នោះ​ភេលីច​តាំង​ភ័យ​ខ្លាច​»។ ប្រហែល​ជា​ពាក្យ​ទាំង​នេះ​បាន​ធ្វើ​ទុក្ខ​សមត្ថភាព​វិនិច្ឆ័យ​របស់​ភេលីច ដោយ​សារ​ទង្វើ​អាក្រក់​របស់​គាត់​កន្លង​មក។ ដូច្នេះ ភេលីច​បាន​ឲ្យ​ប៉ូល​ទៅ​វិញ ដោយ​និយាយ​ថា​៖ ​«​ចូរ​ត្រឡប់​ទៅ​វិញ​សិន​ចុះ តែ​ពេល​ដែល​ខ្ញុំ​មាន​ឱកាស​ល្អ ខ្ញុំ​នឹង​ចាត់​គេ​ឲ្យ​នាំ​អ្នក​មក​ម្ដង​ទៀត​»។ បន្ទាប់​ពី​នោះ​មក ភេលីច​បាន​ជួប​និយាយ​ជា​មួយ​ប៉ូល​ជា​ញឹក​ញាប់។ ប៉ុន្តែ នេះ​មិន​មែន​ដោយ​សារ​គាត់​ចង់​រៀន​សេចក្ដី​ពិត​ទេ តែ​គាត់​សង្ឃឹម​ថា​ប៉ូល​នឹង​សូក​ប៉ាន់​គាត់។—សកម្ម. ២៤:២៥, ២៦

១៨. ហេតុ​អ្វី​ប៉ូល​និយាយ​ទៅ​កាន់​ភេលីច​និង​ប្រពន្ធ​របស់​គាត់ អំពី​«​សេចក្ដី​សុចរិត ការ​ចេះ​ទប់​ចិត្ត និង​ការ​វិនិច្ឆ័យ​ក្ដី​នៅ​អនាគត​»​?

១៨ ហេតុ​អ្វី​ប៉ូល​និយាយ​ទៅ​កាន់​ភេលីច​និង​ប្រពន្ធ​របស់​គាត់ អំពី​«​សេចក្ដី​សុចរិត ការ​ចេះ​ទប់​ចិត្ត និង​ការ​វិនិច្ឆ័យ​ក្ដី​នៅ​អនាគត​»​? ដោយ​សារ​ពួក​គេ​ចង់​ដឹង​ថា​«​ជំនឿ​លើ​គ្រិស្ត​យេស៊ូ​»​រួម​បញ្ចូល​អ្វី​ខ្លះ។ ប៉ូល​ដឹង​ថា​ពួក​គេ​ជា​មនុស្ស​ប្រាស​ចាក​សីលធម៌ សាហាវ​ឃោរឃៅ និង​គ្មាន​យុត្តិធម៌។ ដូច្នេះ គាត់​បាន​ពន្យល់​យ៉ាង​ច្បាស់​លាស់​អំពី​តម្រូវ​ការ សម្រាប់​អស់​អ្នក​ដែល​ចង់​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ អ្វី​ដែល​ប៉ូល​និយាយ​បាន​លាត​ត្រដាង​នូវ​ភាព​ខុស​គ្នា​រវាង​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ និង​របៀប​រស់​នៅ​របស់​ភេលីច​និង​ប្រពន្ធ​គាត់។ នេះ​គួរ​ជួយ​ពួក​គេ​ឲ្យ​យល់​ថា មនុស្ស​គ្រប់​រូប​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ព្រះ ស្ដី​អំពី​អ្វី​ដែល​ពួក​គេ​គិត និយាយ និង​ប្រព្រឹត្ត ហើយ​ថា​ការ​វិនិច្ឆ័យ​ដែល​ពួក​គេ​នឹង​ទទួល​នៅ​ចំពោះ​មុខ​ព្រះ គឺ​សំខាន់​ជាង​ការ​ជំនុំ​ជម្រះ​ដែល​ប៉ូល​ត្រូវ​ទទួល​នៅ​ចំពោះ​មុខ​ភេលីច។ ប្រាកដ​ណាស់ គឺ​មិន​ចម្លែក​ទេ​ដែល​ភេលីច​«​តាំង​ភ័យ​ខ្លាច​»​!

១៩, ២០. (ក) ពេល​យើង​ផ្សព្វ​ផ្សាយ​ជួប​មនុស្ស​ដែល​ហាក់​ដូច​ជា​ចាប់​អារម្មណ៍​សេចក្ដី​ពិត តែ​តាម​ពិត​ពួក​គេ​គ្មាន​បំណង​បោះ​បង់​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន តើ​ពេល​នោះ​យើង​គួរ​ធ្វើ​យ៉ាង​ណា? (​ខ​) តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ភេលីច​មិន​មែន​ជា​មិត្ត​ពិត​របស់​ប៉ូល?

១៩ ពេល​ផ្សព្វ​ផ្សាយ យើង​ក៏​ប្រហែល​ជា​ជួប​មនុស្ស​ដូច​ភេលីច​ដែរ។ មុន​ដំបូង ពួក​គេ​ហាក់​ដូច​ជា​ចាប់​អារម្មណ៍​ចំពោះ​សេចក្ដី​ពិត តែ​តាម​ពិត​ពួក​គេ​កំពុង​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន។ យើង​ចង់​ប្រុង​ប្រយ័ត្ន ពេល​ព្យាយាម​ជួយ​មនុស្ស​បែប​នោះ។ ក៏​ប៉ុន្តែ ដូច​គំរូ​របស់​ប៉ូល យើង​អាច​ប្រាប់​ពួក​គេ​អំពី​ខ្នាត​តម្រា​សុចរិត​របស់​ព្រះ តាម​របៀប​ដែល​ទាក់​ទាញ​ចិត្ត។ សេចក្ដី​ពិត​ប្រហែល​ជា​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​ពួក​គេ​នៅ​ថ្ងៃ​ណា​មួយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​យើង​ឃើញ​ច្បាស់​ថា ពួក​គេ​គ្មាន​បំណង​បោះ​បង់​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន​ទេ នោះ​យើង​មិន​ចង់​បន្ត​ចំណាយ​ពេល​ជា​មួយ​ពួក​គេ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​ខំ​ស្វែង​រក​អស់​អ្នក​ដែល​ពិត​ជា​ចង់​ស្គាល់​សេចក្ដី​ពិត។

២០ ក្នុង​ករណី​របស់​ភេលីច បំណង​ចិត្ត​ពិត​របស់​គាត់​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ច្បាស់​នៅ​ក្នុង​ពាក្យ​ទាំង​នេះ​ថា​៖ ​«​ពីរ​ឆ្នាំ​ក្រោយ​មក ព័រសៀស​ភេស្ទុស​បាន​ចូល​កាន់​តំណែង​ជំនួស​ភេលីច ហើយ​ដោយ​សារ​ភេលីច​ចង់​ផ្គាប់​ចិត្ត​ជនជាតិ​យូដា គាត់​ទុក​ប៉ូល​ឲ្យ​នៅ​ជាប់​គុក​ត​ទៅ​ទៀត​»។ (​សកម្ម. ២៤:២៧​) ភេលីច​មិន​មែន​ជា​មិត្ត​ពិត​របស់​ប៉ូល​ទេ។ ភេលីច​ដឹង​ថា​ពួក​អ្នក​កាន់​តាម​«​ផ្លូវ​នៃ​សេចក្ដី​ពិត​»​ មិន​មែន​ជា​ពួក​ជ្រុល​និយម ហើយ​ក៏​មិន​មែន​ជា​ពួក​បះ​បោរ​ដែរ។ (​សកម្ម. ១៩:២៣​) មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ដឹង​ថា​ប៉ូល​មិន​បាន​ធ្វើ​ខុស​ច្បាប់​រ៉ូម​ទេ។ យ៉ាង​ណា​ក៏​ដោយ ភេលីច​នៅ​តែ​ដាក់​គុក​ប៉ូល ដើម្បី​«​ផ្គាប់​ចិត្ត​ជនជាតិ​យូដា​»។

២១. បន្ទាប់​ពី​ព័រសៀស​ភេស្ទុស​ឡើង​កាន់​តំណែង​ជំនួស​ភេលីច តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ប៉ូល? ហើយ​តើ​ប៉ូល​បន្ត​ទទួល​កម្លាំង​ពី​ណា?

២១ ប៉ូល​ជាប់​គុក​នៅ​ឡើយ ពេល​ដែល​ព័រសៀស​ភេស្ទុស​មក​ធ្វើ​ជា​អភិបាល​ជំនួស​ភេលីច ដូច​បាន​បញ្ជាក់​នៅ​ក្នុង​បទ​គម្ពីរ​ចុង​ក្រោយ​នៃ​សៀវភៅ​សកម្មភាព​ជំពូក​ទី​២៤។ ចាប់​ពី​ពេល​នោះ​មក ប៉ូល​ត្រូវ​គេ​នាំ​ខ្លួន​ទៅ​ឯ​មន្ត្រី​ផ្សេង​ៗ​ដើម្បី​ទទួល​ការ​កាត់​ទោស។ ពិត​ណាស់ សាវ័ក​ដ៏​ក្លាហាន​នេះ​«​ត្រូវ​គេ​នាំ​ទៅ​ឯ​ស្ដេច​និង​ពួក​អភិបាល​»។ (​លូក. ២១:១២​) ក្រោយ​មក ប៉ូល​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​នៅ​ចំពោះ​មុខ​អ្នក​គ្រប់​គ្រង ដែល​មាន​អំណាច​ខ្លាំង​បំផុត​នៅ​សម័យ​គាត់។ រាល់​ពេល​ដែល​ប៉ូល​ឆ្លង​កាត់​រឿង​ទាំង​នោះ ជំនឿ​របស់​គាត់​មិន​ដែល​ចុះ​ខ្សោយ​ឡើយ។ គាត់​ប្រាកដ​ជា​បាន​ទទួល​កម្លាំង​ជា​និច្ច ពី​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង​»។

a សូម​មើល​ប្រអប់​«​ ភេលីច​អភិបាល​តំបន់​យូឌា​»។

b ទើទូលុស​អរគុណ​ភេលីច ដែល​បាន​នាំ​ឲ្យ​ប្រទេស​ជាតិ​មាន​«​សេចក្ដី​សុខ​សាន្ត​ក្រៃ​លែង​»។ ក៏​ប៉ុន្តែ តាម​ការ​ពិត​ក្នុង​ចំណោម​ការ​គ្រប់​គ្រង​របស់​អភិបាល​ទាំង​អស់ រហូត​ដល់​មាន​ការ​បះ​បោរ​ប្រឆាំង​នឹង​រ៉ូម គ្មាន​សម័យ​នៃ​ការ​គ្រប់​គ្រង​ណា​ដែល​មាន​សេចក្ដី​សុខ​សាន្ត​តិច​ជាង​គេ ដូច​សម័យ​ដែល​ភេលីច​គ្រប់​គ្រង​ឡើយ។ រឿង​មួយ​ទៀត​ដែល​ថា ជនជាតិ​យូដា​«​មាន​អំណរ​គុណ​ដ៏​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​[​ភេលីច​]​»​គឺ​ផ្ទុយ​ពី​ការ​ពិត ពីព្រោះ​ជនជាតិ​យូដា​ភាគ​ច្រើន​ស្អប់​ភេលីច ដោយ​សារ​គាត់​ធ្វើ​ឲ្យ​ជីវិត​ពួក​គេ​រស់​ទាំង​ពិបាក ថែម​ទាំង​បង្ក្រាប​ការ​បះ​បោរ​របស់​ពួក​គេ​យ៉ាង​ព្រៃ​ផ្សៃ។—សកម្ម. ២៤:២, ៣