ជំពូកទី២៣
«សូមស្ដាប់ខ្ញុំពន្យល់សិន»
ប៉ូលនិយាយការពារសេចក្ដីពិតនៅចំពោះមុខក្រុមបង្កចលាចលនិងក្រុមប្រឹក្សាជាន់ខ្ពស់
មានមូលដ្ឋានលើសកម្មភាព ២១:១៨–២៣:១០
១, ២. ហេតុអ្វីបានជាសាវ័កប៉ូលមកក្រុងយេរូសាឡិម? ហើយតើគាត់នឹងជួបបញ្ហាអ្វីខ្លះនៅទីនោះ?
ឥឡូវមកដល់ក្រុងយេរូសាឡិមម្ដងទៀតហើយ! ប៉ូលកំពុងដើរតាមផ្លូវដ៏តូចចង្អៀត និងមានមនុស្សកកកុញនៅក្នុងក្រុង។ គ្មានក្រុងណានៅផែនដីដែលសំខាន់ និងពិសេសចំពោះប្រវត្តិរាស្ត្ររបស់ព្រះយេហូវ៉ាដូចក្រុងយេរូសាឡិមទេ។ ប្រជាពលរដ្ឋភាគច្រើនមានមោទនភាពចំពោះអតីតកាលដ៏រុងរឿងរបស់ក្រុងនេះ។ ប៉ូលដឹងថាគ្រិស្តសាសនិកជាច្រើនលិចលង់ក្នុងអតីតកាល ដោយមិនព្រមអើពើចំពោះគោលបំណងរបស់ព្រះយេហូវ៉ា ដែលកំពុងជឿនទៅមុខ។ ក្នុងអំឡុងពេលដែលប៉ូលនៅក្រុងអេភេសូរ គាត់បានសម្រេចចិត្តត្រឡប់មកក្រុងយេរូសាឡិមវិញ។ នេះមិនគ្រាន់តែដោយសារប៉ូលត្រូវនាំយកអំណោយមកឲ្យបងប្អូនដែលត្រូវការជំនួយនោះទេ ប៉ុន្តែដោយសារគាត់ដឹងថាគ្រិស្តសាសនិកមួយចំនួននៅមិនទាន់យល់ថា របៀបរៀបចំរបស់ព្រះយេហូវ៉ាបានផ្លាស់ប្ដូរ។ (សកម្ម. ១៩:២១) ទោះជាប៉ូលដឹងថាគាត់នឹងជួបគ្រោះថ្នាក់នៅក្រុងយេរូសាឡិមក៏ដោយ គាត់នៅតែបន្តធ្វើតាមការប្ដេជ្ញាចិត្តរបស់គាត់។
២ តើប៉ូលនឹងប្រឈមមុខបញ្ហាអ្វីខ្លះក្នុងក្រុងយេរូសាឡិម? បញ្ហាមួយនឹងកើតចេញពីគ្រិស្តសាសនិកគ្នាឯង ដោយសារពួកគេយល់ច្រឡំនៅពេលឮពាក្យចចាមអារ៉ាមអំពីប៉ូល។ ចំណែកឯបញ្ហាដែលធំជាងនោះ នឹងកើតចេញពីពួកសត្រូវរបស់គ្រិស្ត។ ពួកគេនឹងចាប់ផ្ដើមធ្វើការចោទប្រកាន់មិនពិតអំពីប៉ូល ហើយវាយគាត់ ព្រមទាំងគំរាមសម្លាប់គាត់។ ព្រឹត្តិការណ៍ដ៏ច្របូកច្របល់ទាំងនេះ ក៏នឹងផ្ដល់ឱកាសឲ្យប៉ូលនិយាយការពារជំនឿរបស់ខ្លួនដែរ។ ចិត្តរាបទាប ភាពក្លាហាន និងជំនឿរបស់ប៉ូលក្នុងការដោះស្រាយបញ្ហាដូចនោះ ជាគំរូដ៏ប្រសើរសម្រាប់គ្រិស្តសាសនិកនៅសព្វថ្ងៃ។ សូមយើងពិចារណាគំរូរបស់គាត់។
«ពួកគាត់ចាប់ផ្ដើមសរសើរតម្កើងព្រះ» (សកម្មភាព ២១:១៨-២០ក)
៣-៥. (ក) តើប៉ូលបានចូលរួមកិច្ចប្រជុំបែបណានៅក្រុងយេរូសាឡិម? ហើយតើពួកគាត់ពិភាក្សាគ្នាអំពីអ្វី? (ខ) តើយើងអាចទាញមេរៀនអ្វីពីកិច្ចប្រជុំរបស់សាវ័កប៉ូលជាមួយពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិម?
៣ បន្ទាប់ពីមកដល់ក្រុងយេរូសាឡិមបានមួយថ្ងៃ ប៉ូលនិងគ្នារបស់គាត់ក៏ទៅជួបពួកបុរសចាស់ទុំក្នុងក្រុមជំនុំ។ កំណត់ហេតុនេះ មិនបានលើកឡើងអំពីវត្តមានរបស់សាវ័កណាម្នាក់នៅពេលនោះទេ នេះប្រហែលជាមានន័យថា ពួកគាត់ទាំងអស់បានផ្លាស់ទៅបម្រើនៅកន្លែង ផ្សេងទៀត។ ក៏ប៉ុន្តែ យ៉ាកុបដែលជាប្អូនប្រុសរបស់លោកយេស៊ូ នៅក្នុងក្រុងយេរូសាឡិមនៅឡើយ។ (កាឡ. ២:៩) យ៉ាកុបទំនងជាអ្នកដឹកនាំអង្គប្រជុំ ពេល«បុរសចាស់ទុំទាំងអស់»ដែលនៅទីនោះជួបជាមួយនឹងប៉ូល។—សកម្ម. ២១:១៨
៤ ប៉ូលបានសួរសុខទុក្ខពួកបុរសចាស់ទុំ «ហើយរៀបរាប់ប្រាប់យ៉ាងល្អិតល្អន់អំពីការទាំងប៉ុន្មានដែលព្រះបានធ្វើក្នុងចំណោមប្រជាជាតិនានា តាមរយៈកិច្ចបម្រើរបស់គាត់»។ (សកម្ម. ២១:១៩) បងប្អូនទាំងនោះប្រាកដជាទទួលការលើកទឹកចិត្តជាខ្លាំង ពេលស្ដាប់ការរៀបរាប់របស់ប៉ូល។ ស្រដៀងគ្នាដែរ នៅសព្វថ្ងៃនេះយើងរំភើបចិត្តក្រៃលែង ពេលឮអំពីការរីកចម្រើននៃកិច្ចបម្រើផ្សាយនៅប្រទេសផ្សេងទៀត។—សុភ. ២៥:២៥
៥ ក្នុងអំឡុងកិច្ចប្រជុំនោះ ប៉ូលទំនងជាបានប្រាប់អំពីអំណោយដែលគាត់បាននាំយកមកពីអឺរ៉ុប។ ពេលឮថាគ្រិស្តសាសនិកដែលនៅតំបន់ឆ្ងាយ យកចិត្តទុកដាក់ជាខ្លាំងចំពោះបងប្អូនដែលនៅទីនេះ ធ្វើឲ្យពួកបុរសចាស់ទុំមានអារម្មណ៍កក់ក្ដៅណាស់។ គម្ពីរចែងថា៖ «[ពួកបុរសចាស់ទុំ]ចាប់ផ្ដើមសរសើរតម្កើងព្រះ»! (សកម្ម. ២១:២០ក) ស្រដៀងគ្នាដែរ នៅសព្វថ្ងៃបងប្អូនដែលរងគ្រោះដោយមហន្តរាយធម្មជាតិឬមានជំងឺធ្ងន់ធ្ងរ ពួកគេមានអារម្មណ៍រំជួលចិត្តជាខ្លាំង ពេលបងប្អូនរួមជំនឿឯទៀតនិយាយពាក្យសម្ដីដ៏លើកទឹកចិត្ត និងផ្ដល់ជំនួយដល់ពួកគេទាន់ពេលវេលា។
បងប្អូនជាច្រើននៅតែ«មានចិត្តខ្នះខ្នែងក្នុងការកាន់តាមច្បាប់» (សកម្មភាព ២១:២០ខ, ២១)
៦. តើពួកបុរសចាស់ទុំបានប្រាប់ប៉ូលអំពីបញ្ហាអ្វី?
៦ បន្ទាប់មក ពួកបុរសចាស់ទុំបានប្រាប់ប៉ូលថា មានបញ្ហាមួយក្នុងតំបន់យូឌាដែលទាក់ទងនឹងគាត់ផ្ទាល់។ ពួកគាត់និយាយថា៖ «បងប្រុសអើយ អ្នកឃើញទេថា មានអ្នកជឿរាប់ពាន់នាក់ក្នុងចំណោមជនជាតិយូដា ហើយពួកគាត់ទាំងអស់គ្នាមានចិត្តខ្នះខ្នែងក្នុងការកាន់តាមច្បាប់។ ប៉ុន្តែពួកគាត់បានឮពាក្យចចាមអារ៉ាមអំពីអ្នកថា អ្នកកំពុងបង្រៀនជនជាតិយូដាទាំងអស់ ដែលរស់នៅក្នុងចំណោមប្រជាជាតិនានាឲ្យបោះបង់ចោលតាមច្បាប់ម៉ូសេ ដោយហាមពួកគាត់មិនឲ្យកាត់ចុងស្បែករបស់កូន ឬកាន់តាមទំនៀមទម្លាប់ផ្សេងៗឡើយ»។ a—សកម្ម. ២១:២០ខ, ២១
៧, ៨. (ក) តើគ្រិស្តសាសនិកជាច្រើននៅតំបន់យូឌាបានយល់ខុសអ្វី? (ខ) ហេតុអ្វីការដែលគ្រិស្តសាសនិកជនជាតិយូដាខ្លះយល់ខុស មិនបានន័យថាពួកគេក្បត់ជំនឿ?
៧ ហេតុអ្វីគ្រិស្តសាសនិកជាច្រើននៅតែប្រកាន់ខ្ជាប់តាមច្បាប់ម៉ូសេ ទោះជាច្បាប់នោះទៅជាមោឃអស់ជាង២០ឆ្នាំក៏ដោយ? (កូឡ. ២:១៤) នៅឆ្នាំ៤៩ គ.ស. ពួកសាវ័កនិងពួកបុរស ចាស់ទុំបានជួបប្រជុំគ្នានៅក្រុងយេរូសាឡិម ហើយបានផ្ញើសំបុត្រមួយទៅក្រុមជំនុំផ្សេងៗដោយពន្យល់ថា អ្នកជឿដែលជាជនជាតិដទៃមិនចាំបាច់កាត់ចុងស្បែក ដើម្បីធ្វើតាមច្បាប់ម៉ូសេទៀតឡើយ។ (សកម្ម. ១៥:២៣-២៩) ទោះជាយ៉ាងណាក្ដី សំបុត្រនោះមិនបានសរសេរអំពីអ្នកជឿដែលជាជនជាតិយូដាទេ។ ម្ល៉ោះហើយ ពួកគេមិនបានយល់ថា ច្បាប់ម៉ូសេលែងមានសុពលភាពទៀត។
៨ តើនេះមានន័យថាអ្នកជឿជាជនជាតិយូដាដែលយល់ខុសអំពីរឿងនោះ មិនសមធ្វើជាគ្រិស្តសាសនិកឬ? មិនមែនទេ។ ប៉ុន្តែ នោះគឺខុសគ្នាពីករណីដែលពួកគេធ្លាប់គោរពបូជាដល់ព្រះមិនពិត ហើយដល់ឥឡូវពួកគេនៅតែបន្តកាន់តាមទំនៀមទម្លាប់នៃសាសនាមិនពិតទៀត។ ផ្ទុយទៅវិញ ច្បាប់ដែលពួកអ្នកជឿជាជនជាតិយូដាទាំងនោះចាត់ទុកថាសំខាន់ គឺជាច្បាប់ដែលមកពីព្រះយេហូវ៉ា ដូច្នេះច្បាប់នោះគ្មានអ្វីខុស ឬជាប់ទាក់ទងនឹងពួកវិញ្ញាណកំណាចឡើយ។ យ៉ាងណាក៏ដោយ ច្បាប់នោះជាប់ទាក់ទងនឹងកិច្ចព្រមព្រៀងចាស់ តែឥឡូវគ្រិស្តសាសនិកនៅក្រោមកិច្ចព្រមព្រៀងថ្មី។ ហេតុនេះ ការអនុវត្តតាមកិច្ចព្រមព្រៀងខាងច្បាប់លែងជាល័ក្ខខ័ណ្ឌ ក្នុងការគោរពប្រណិប័តន៍បរិសុទ្ធទៀត។ អ្នកជឿជាជនជាតិហេប្រឺដែលខ្នះខ្នែងកាន់តាមច្បាប់ម៉ូសេ ពួកគេខ្វះការយល់ដឹង និងគ្មានទំនុកចិត្តលើក្រុមជំនុំគ្រិស្តសាសនិក។ ហេតុនេះ ពួកគេត្រូវកែតម្រូវរបៀបគិតគូររបស់ខ្លួន ឲ្យស្របតាមការយល់ដឹងថ្មីៗដែលព្រះបានបើកបង្ហាញ។ b—យេ. ៣១:៣១-៣៤; លូក. ២២:២០
សកម្មភាព ២១:២២-២៦)
‹ពាក្យចចាមអារ៉ាមនោះគឺមិនពិតទេ› (៩. ស្ដីអំពីច្បាប់ម៉ូសេ តើប៉ូលបានបង្រៀនយ៉ាងណា?
៩ ចុះយ៉ាងណាពាក្យចចាមអារ៉ាមដែលថា ប៉ូលបង្រៀនជនជាតិយូដាដែលរស់នៅក្នុងចំណោមជនជាតិដទៃ«មិនឲ្យកាត់ចុងស្បែករបស់កូន ឬកាន់តាមទំនៀមទម្លាប់ផ្សេងៗ»? ប៉ូលជាសាវ័កម្នាក់សម្រាប់ជនជាតិដទៃ ហើយគាត់បានគាំទ្រការសម្រេចចិត្តដែលថា ជនជាតិដទៃមិនចាំបាច់ធ្វើតាមច្បាប់ម៉ូសេទេ។ ម្យ៉ាងទៀត គាត់បានលាតត្រដាងកំហុសរបស់អស់អ្នក ដែលខំបញ្ចុះបញ្ចូលគ្រិស្តសាសនិកជនជាតិដទៃឲ្យកាត់ចុងស្បែកដើម្បីសម្គាល់ថា ពួកគេបានកាន់តាមច្បាប់ម៉ូសេ។ (កាឡ. ៥:១-៧) ប៉ូលក៏បានផ្សព្វផ្សាយដំណឹងល្អដល់ជនជាតិយូដានៅក្រុងផ្សេងៗ ដែលគាត់បានទៅលេងដែរ។ ប្រាកដណាស់ ប៉ូលតែងពន្យល់ដល់អស់អ្នកស្ដាប់ថា មរណភាពរបស់លោកយេស៊ូបានធ្វើឲ្យច្បាប់ម៉ូសេទៅជាមោឃ ហើយថាមនុស្សម្នាក់ទទួលបានសេចក្ដីសុចរិតដោយសារជំនឿ មិនមែនដោយសារការធ្វើតាមច្បាប់ឡើយ។—រ៉ូម ២:២៨, ២៩; ៣:២១-២៦
១០. ស្ដីអំពីច្បាប់ម៉ូសេនិងការកាត់ចុងស្បែក តើប៉ូលបង្ហាញទស្សនៈសមហេតុសមផលយ៉ាងណា?
១០ ទោះជាយ៉ាងនោះក្ដី ប៉ូលយល់អារម្មណ៍របស់អស់អ្នកដែលពេញចិត្តកាន់តាមទំនៀមទម្លាប់មួយចំនួនរបស់សាសនាយូដាដូចជា ការមិនធ្វើការនៅថ្ងៃឈប់សម្រាក ឬការមិនបរិភោគអាហារខ្លះជាដើម។ (រ៉ូម ១៤:១-៦) ម្ល៉ោះហើយ ប៉ូលមិនបានដាក់ច្បាប់ស្ដីអំពីការកាត់ចុងស្បែកទេ។ តាមពិត ប៉ូលបាននាំធីម៉ូថេទៅកាត់ចុងស្បែកដើម្បីកុំឲ្យជនជាតិយូដាខ្លះទើសចិត្ត ពីព្រោះពួកគេដឹងថាឪពុករបស់ធីម៉ូថេជាជនជាតិក្រិច។ (សកម្ម. ១៦:៣) ការកាត់ចុងស្បែកគឺជាការសម្រេចចិត្តផ្ទាល់ខ្លួន។ ប៉ូលបានប្រាប់គ្រិស្តសាសនិកនៅខេត្តកាឡាទីថា៖ «ការកាត់ចុងស្បែកឬមិនកាត់ នោះមិនសំខាន់ចំពោះ[ព្រះ]ឡើយ។ ប៉ុន្តែ អ្វីដែលសំខាន់គឺ ជំនឿដែលផុសចេញពីសេចក្ដីស្រឡាញ់»។ (កាឡ. ៥:៦) ក៏ប៉ុន្តែ បើអ្នកណាគិតថាការកាត់ចុងស្បែកដើម្បីធ្វើតាមច្បាប់ម៉ូសេ ឬគិតថាការធ្វើដូច្នេះជាការចាំបាច់ ដើម្បីទទួលការពេញចិត្តពីព្រះយេហូវ៉ា អ្នកនោះគឺខ្វះជំនឿហើយ។
១១. តើពួកបុរសចាស់ទុំបានជូនយោបល់អ្វីដល់ប៉ូល? ហើយតើការធ្វើតាមឱវាទនោះរួមបញ្ចូលអ្វីខ្លះ? (សូមមើលកំណត់សម្គាល់ដែរ)
១១ ទោះជាពាក្យចចាមអារ៉ាមនោះ ខុសពីការពិតទាំងស្រុងក៏ដោយ ពួកអ្នកជឿដែលជាជនជាតិយូដានៅតែមិនពេញចិត្ត។ ដូច្នេះ ពួកបុរសចាស់ទុំបានជូនយោបល់ប៉ូលថា៖ «យើងមានបុរសបួននាក់ដែលជាប់សម្បថ ចូរយកបុរសទាំងនេះទៅជាមួយនឹងអ្នក ហើយសម្អាតខ្លួនឲ្យស្អាតបរិសុទ្ធតាមច្បាប់ជាមួយនឹងពួកគេ ព្រមទាំងចេញថ្លៃឲ្យពួកគេកោរសក់ផង។ យ៉ាងនេះ មនុស្សទាំងអស់នឹងដឹងថា ពាក្យចចាមអារ៉ាមដែលពួកគេបានឮអំពីអ្នកគឺមិនពិតទេ តែពួកគេនឹងដឹងថាអ្នកតែងតែប្រព្រឹត្តអ្វីដែលត្រឹមត្រូវ ហើយក៏ដឹងថាអ្នកកាន់តាមច្បាប់ដែរ»។ c—សកម្ម. ២១:២៣, ២៤
១២. ក្នុងការធ្វើតាមឱវាទរបស់ពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិម តើប៉ូលបានបង្ហាញភាពបត់បែននិងការសហការយ៉ាងដូចម្ដេច?
១២ តាមពិតប៉ូលអាចប្រកែកថា បញ្ហាពិតប្រាកដ មិនមែនជាពាក្យចចាមអារ៉ាមអំពីគាត់ទេ តែជាចិត្តខ្នះខ្នែងកាន់តាមច្បាប់ម៉ូសេរបស់អ្នកជឿដែលជាជនជាតិយូដា។ យ៉ាងណាក៏ដោយ ប៉ូលសុខចិត្តបត់បែន ដរាបណាគាត់មិនបំពានលើគោលការណ៍របស់ព្រះ។ មុននោះគាត់បានសរសេរថា៖ «ចំពោះអ្នកដែលនៅក្រោមច្បាប់ ខ្ញុំបានធ្វើដូចអ្នកនៅក្រោមច្បាប់ ទោះជាខ្ញុំមិននៅក្រោមច្បាប់ក៏ដោយ ដើម្បីខ្ញុំអាចបានអ្នកដែលនៅក្រោមច្បាប់»។ (១កូ. ៩:២០) ក្នុងឱកាសនេះ ប៉ូលបានសហការជាមួយពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិម ហើយបានធ្វើដូចអ្នកដែល«នៅក្រោមច្បាប់»។ នេះជាគំរូល្អមួយសម្រាប់យើងនៅសព្វថ្ងៃ ក្នុងការចុះចូលនឹងពួកអ្នកចាស់ទុំ ហើយយើងមិនបង្ខំពួកគាត់ឲ្យធ្វើតាមទស្សនៈរបស់យើងឡើយ។—ហេ. ១៣:១៧
«អ្នកនេះមិនសមនឹងរស់ទេ!» (សកម្មភាព ២១:២៧–២២:៣០)
១៣. (ក) ហេតុអ្វីជនជាតិយូដាខ្លះបង្កចលាចលនៅក្នុងវិហារ? (ខ) តើប៉ូលអាចរួចជីវិតតាមរបៀបណា?
១៣ នៅឯវិហារ អ្វីៗមិនដំណើរការល្អចំពោះប៉ូលទេ។ ពេលដែលថ្ងៃនៃការបញ្ចប់ពាក្យសម្បថរបស់បុរសទាំងនោះខិតជិតដល់ ជនជាតិយូដាដែលមកពីខេត្តអាស៊ីបានឃើញប៉ូល ហើយចោទប្រកាន់គាត់ថាបាននាំជនជាតិដទៃចូលមកក្នុងវិហារ។ រួចមក ពួកគេបានញុះញង់ឲ្យកើតមានការបះបោរ។ ប្រសិនបើមេបញ្ជាការកងទ័ពរ៉ូមមិនបានមកធ្វើអន្តរាគមន៍ជួយប៉ូលទេ នោះប៉ូលមុខជាត្រូវជនជាតិយូដាទាំងនោះវាយដល់ស្លាប់មិនខាន។ ទោះជាយ៉ាងនោះក្ដី មេបញ្ជាការរ៉ូមបានយកប៉ូលទៅដាក់ឃុំ។ ចាប់ពីថ្ងៃជាប់ឃុំនោះមក ប៉ូលត្រូវចំណាយពេលជាងបួនឆ្នាំ ដើម្បីទទួលបានសេរីភាពឡើងវិញ។ ប៉ុន្តែ រឿងរ៉ាវធ្ងន់ធ្ងរដែលកើតឡើងចំពោះប៉ូលនៅថ្ងៃនោះ មិនទាន់ចប់នៅឡើយទេ។ ពេលមេបញ្ជាការសួរជនជាតិយូដាទាំងនោះ អំពីមូលហេតុដែលពួកគេវាយប៉ូល ពួកគេបានស្រែកចោទប្រកាន់ប៉ូលថាយ៉ាងនេះ ឯអ្នកខ្លះទៀតស្រែកថាយ៉ាងនោះ។ សំឡេងជ្រួលច្របល់លាន់ឮដល់ម្ល៉េះ បានជាមេបញ្ជាការមិនអាចយល់អ្វីបានឡើយ។ នៅទីបំផុត ពួកទាហានរ៉ូមក៏គ្រាហ៍ប៉ូលចេញពីទីនោះ។ កាលដែលប៉ូលហៀបនឹងចូលទៅក្នុងប៉ុស្តិ៍ជាមួយពួកទាហាន ប៉ូលបាននិយាយទៅកាន់មេបញ្ជាការថា៖ «ខ្ញុំសូមអង្វរលោកអនុញ្ញាតឲ្យខ្ញុំនិយាយទៅកាន់បណ្ដាជន»។ (សកម្ម. ២១:៣៩) មេបញ្ជាការយល់ព្រមតាមការសុំរបស់ប៉ូល។ ដូច្នេះ ប៉ូលចាប់ផ្ដើមនិយាយការពារជំនឿរបស់ខ្លួនដោយចិត្តក្លាហាន។
១៤, ១៥. (ក) តើប៉ូលបានពន្យល់អ្វីដល់ជនជាតិយូដា? (ខ) តើមេបញ្ជាការរ៉ូមបានធ្វើចំណាត់ការបែបណា ដើម្បីដឹងអំពីមូលហេតុដែលជនជាតិយូដាផ្ទុះកំហឹងដាក់ប៉ូល?
១៤ ប៉ូលចាប់ផ្ដើមនិយាយថា៖ «សូមស្ដាប់ខ្ញុំពន្យល់សិន»។ (សកម្ម. ២២:១) ប៉ូលនិយាយទៅកាន់ក្រុមមនុស្សទាំងនោះជាភាសាហេប្រឺ ហើយនេះបានធ្វើឲ្យពួកគេនៅស្ងៀម។ ប៉ូលបានប្រាប់យ៉ាងចំៗអំពីមូលហេតុដែលគាត់ទៅជាអ្នកកាន់តាមគ្រិស្ត ព្រមទាំងពន្យល់ យ៉ាងប៉ិនប្រសប់នូវចំណុចដែលជនជាតិយូដាអាចផ្ទៀងមើលបាន ប្រសិនបើពួកគេចង់។ អ្នកខ្លះដែលមានវត្តមាននៅទីនោះបានដឹងថា ប៉ូលធ្លាប់ទទួលការបង្ហាត់បង្រៀនដោយផ្ទាល់ពីកាម៉េលាល ដែលជាគ្រូដ៏ល្បីឈ្មោះម្នាក់ ហើយក៏ដឹងថាគាត់ធ្លាប់បៀតបៀនពួកអ្នកកាន់តាមគ្រិស្តឯទៀតដែរ។ ប៉ូលនិយាយបន្តថា នៅតាមផ្លូវទៅក្រុងដាម៉ាស់ គាត់បានឃើញការបើកបង្ហាញមួយ គឺឃើញគ្រិស្តដែលបានត្រូវប្រោសឲ្យរស់ឡើងវិញកំពុងនិយាយមកគាត់។ ពួកអ្នកដែលទៅជាមួយប៉ូលបានឃើញពន្លឺដ៏ភ្លឺចិញ្ចាច ហើយក៏បានឮសំឡេងនិយាយដែរ តែពួកគេមិនបានយល់អត្ថន័យទេ។ (សកម្ម. ៩:៧; ២២:៩) បន្ទាប់មក ពួកគេបានដឹកដៃប៉ូលទៅក្រុងដាម៉ាស់ ពីព្រោះការបើកបង្ហាញនោះធ្វើឲ្យប៉ូលងងឹតភ្នែក។ នៅទីនោះ មានបុរសម្នាក់ឈ្មោះអាណានាស ដែលជនជាតិយូដាស្គាល់យ៉ាងច្បាស់។ គាត់បានធ្វើឲ្យប៉ូលមើលឃើញឡើងវិញដោយអព្ភូតហេតុ។
១៥ ប៉ូលនិយាយតទៅទៀតថា ក្រោយពីគាត់ត្រឡប់មកក្រុងយេរូសាឡិមវិញ លោកយេស៊ូបានលេចមកជួបគាត់នៅឯវិហារ។ ពេលឮប៉ូលនិយាយដល់ចំណុចនេះ ជនជាតិយូដាក្ដៅចិត្តកាន់តែខ្លាំង ហើយពួកគេក៏ស្រែកទាំងកំហឹងថា៖ «កម្ចាត់មនុស្សបែបនេះចេញពីផែនដីទៅ! ព្រោះអ្នកនេះមិនសមនឹងរស់ទេ!»។ (សកម្ម. ២២:២២) ពេលឃើញដូច្នេះ មេបញ្ជាការក៏បង្គាប់ពួកទាហានឲ្យនាំប៉ូលចូលទៅក្នុងប៉ុស្តិ៍វិញ។ ដោយសារមេបញ្ជាការចង់ ដឹងច្បាស់អំពីមូលហេតុដែលជនជាតិយូដាផ្ទុះកំហឹងដាក់ប៉ូល នោះគាត់បានបញ្ជាពួកទាហានឲ្យត្រៀមវាយប៉ូលដើម្បីសួរចម្លើយ។ ក៏ប៉ុន្តែ ពេលនោះប៉ូលប្រើសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ ដើម្បីបង្ហាញថាគាត់ជាពលរដ្ឋរ៉ូម។ ស្រដៀងគ្នាដែរ អ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅសព្វថ្ងៃ ក៏ប្រើផ្លូវច្បាប់ដើម្បីការពារជំនឿរបស់ពួកគេដែរ។ (សូមមើលប្រអប់« ច្បាប់រ៉ូមនិងពលរដ្ឋរ៉ូម» និងប្រអប់« ការតស៊ូតាមផ្លូវច្បាប់ក្នុងសម័យទំនើប») ពេលឮថាប៉ូលជាពលរដ្ឋរ៉ូម មេបញ្ជាការគិតថាគាត់ត្រូវរកវិធីផ្សេងទៀតដើម្បីបានព័ត៌មានលម្អិត។ ដូច្នេះ នៅថ្ងៃបន្ទាប់ មេបញ្ជាការនាំប៉ូលទៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ជាតុលាការកំពូលរបស់ជនជាតិយូដា ដែលបានត្រូវកោះប្រជុំជាពិសេស។
«ខ្ញុំជាផារិស៊ី» (សកម្មភាព ២៣:១-១០)
១៦, ១៧. (ក) សូមរៀបរាប់អំពីអ្វីដែលបានកើតឡើង ពេលប៉ូលចាប់ផ្ដើមនិយាយទៅកាន់ក្រុមប្រឹក្សាជាន់ខ្ពស់។ (ខ) ពេលគេទះមាត់ប៉ូល តើគាត់បានបង្ហាញចិត្តរាបទាបយ៉ាងដូចម្ដេច?
១៦ ជាដំបូង ប៉ូលបាននិយាយការពារខ្លួននៅចំពោះមុខក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «បងប្អូនអើយ រហូតមកដល់ថ្ងៃនេះ ខ្ញុំមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោសនៅចំពោះមុខព្រះ គឺខ្ញុំមិនបានប្រព្រឹត្តអ្វីគួរនឹងទទួលទោសឡើយ»។ (សកម្ម. ២៣:១) ភ្លាមនោះ ក៏មានសំឡេងនិយាយកាត់។ កំណត់ហេតុចែងថា៖ «ពេលឮដូច្នេះ អាណានាសដែលជាសម្ដេចសង្ឃបង្គាប់ពួកអ្នកដែលឈរជិតប៉ូលឲ្យទះមាត់គាត់»។ (សកម្ម. ២៣:២) នោះពិតជាការប្រមាថចំពោះប៉ូលមែន! នេះបង្ហាញច្បាស់ថាពួកគេមានភាពលម្អៀង ដោយសន្និដ្ឋានថាប៉ូលនិយាយកុហក មុនពេលឃើញភ័ស្តុតាងឬស្ដាប់ការបកស្រាយរបស់ប៉ូល! ប៉ូលក៏តបទៅវិញថា៖ «មនុស្សលាក់ពុត! ព្រះនឹងវាយអ្នក។ តើអ្នកអង្គុយដើម្បីវិនិច្ឆ័យទោសខ្ញុំស្របតាមច្បាប់ តែខ្លួនអ្នកបែរជាបំពានលើច្បាប់ដោយបង្គាប់គេឲ្យវាយខ្ញុំឬ?»។—សកម្ម. ២៣:៣
១៧ អ្នកខ្លះដែលឈរនៅក្បែរនោះភ្ញាក់ផ្អើលជាខ្លាំង មិនមែនដោយសារគេវាយប៉ូលទេ តែដោយសារប្រតិកម្មរបស់ប៉ូល! ពួកគេសួរថា៖ «តើអ្នកកំពុងប្រមាថសម្ដេចសង្ឃរបស់ព្រះឬ?»។ ចម្លើយរបស់ប៉ូលបានផ្ដល់មេរៀនមួយសម្រាប់ពួកគេ អំពីចិត្តរាបទាបនិងការគោរពច្បាប់។ ប៉ូលឆ្លើយថា៖ «បងប្អូនអើយ ខ្ញុំមិនបានដឹងថាគាត់ជាសម្ដេចសង្ឃទេ។ ព្រោះបទ គម្ពីរចែងថា៖ ‹អ្នកមិនត្រូវនិយាយអាក្រក់អំពីអ្នកគ្រប់គ្រងជាតិអ្នកឡើយ›»។ d (សកម្ម. ២៣:៤, ៥; ដច. ២២:២៨) ឥឡូវប៉ូលផ្លាស់ប្ដូរវិធីសាស្ត្រក្នុងការនិយាយ។ គាត់ដឹងថាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់មានពួកផារិស៊ីនិងពួកសាឌូស៊ី ហេតុនេះគាត់និយាយថា៖ «បងប្អូនអើយ ខ្ញុំជាផារិស៊ី ក៏ជាកូនពួកផារិស៊ីដែរ។ គេកំពុងវិនិច្ឆ័យខ្ញុំ ដោយសារខ្ញុំជឿអំពីការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ»។—សកម្ម. ២៣:៦
១៨. ហេតុអ្វីបានជាប៉ូលហៅខ្លួនគាត់ថាជាផារិស៊ី? ហើយតើតាមរបៀបណាយើងអាចប្រើការវែកញែកស្រដៀងនឹងប៉ូល?
១៨ ហេតុអ្វីបានជាប៉ូលហៅខ្លួនគាត់ថាជាផារិស៊ី? ពីព្រោះគាត់ជា«កូនពួកផារិស៊ី» គឺពូជពង្សគាត់មកពីនិកាយនោះ។ ដូច្នេះ មនុស្សជាច្រើននៅតែចាត់ទុកគាត់ថាជាផារិស៊ី។ e ក៏ ប៉ុន្តែ ហេតុអ្វីបានជាប៉ូលភ្ជាប់ជំនឿរបស់គាត់ជាមួយនឹងជំនឿរបស់ពួកផារិស៊ី អំពីការប្រោសឲ្យរស់ឡើងវិញ? ដូចដែលឯកសារបាននិយាយ ពួកផារិស៊ីជឿថាក្រោយពីមនុស្សស្លាប់ ព្រលឹងនៅតែបន្តរស់ ហើយថាព្រលឹងដែលសុចរិតនឹងរស់នៅក្នុងរូបកាយរបស់មនុស្សម្ដងទៀត។ ប៉ុន្តែ ប៉ូលមិនជឿលើលទ្ធិបែបនោះទេ គាត់ជឿលើការប្រោសឲ្យរស់ឡើងវិញដែលលោកយេស៊ូបានបង្រៀន។ (យ៉ូន. ៥:២៥-២៩) យ៉ាងណាក៏ដោយ ប៉ូលយល់ស្របជាមួយពួកផារិស៊ីថា មនុស្សមានសេចក្ដីសង្ឃឹមរស់ឡើងវិញក្រោយពីស្លាប់ ប៉ុន្តែពួកសាឌូស៊ីមិនជឿដូច្នេះទេ។ យើងក៏អាចវែកញែក ឬប្រើអំណះអំណាងស្រដៀងនឹងប៉ូលដែរ ពេលនិយាយជាមួយអ្នកកាន់សាសនាកាតូលិកឬប្រូតេស្តង់។ ជាឧទាហរណ៍ យើងអាចនិយាយថា ‹ខ្ញុំជាអ្នកជឿព្រះ›។ ទោះជាពួកគេប្រហែលជាមានជំនឿលើព្រះបីរួមគ្នាតែមួយ ហើយយើងមានជំនឿលើព្រះនៃគម្ពីរបរិសុទ្ធក្ដី យើងនៅតែអាចនិយាយជាមួយពួកគេថា ‹មានព្រះតែមួយ›។
១៩. ហេតុអ្វីបានជាអង្គប្រជុំរបស់ក្រុមប្រឹក្សាជាន់ខ្ពស់ប្រែក្លាយទៅជាភាពចលាចល?
១៩ ពាក្យសម្ដីរបស់ប៉ូល បានធ្វើឲ្យសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់បែកខ្ញែកគ្នា។ កំណត់ហេតុចែងថា៖ «ពួកគេចាប់ផ្ដើមស្រែកយ៉ាងខ្លាំង ហើយក្នុងគណៈពួកផារិស៊ីមានអ្នកខ្លះដែលជំនាញខាងច្បាប់បានក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងក្លាថា៖ ‹យើងមិនឃើញថាបុរសនេះមានកំហុសអ្វីទេ ចុះយ៉ាងណាបើមានវិញ្ញាណឬទេវតាមួយនិយាយជាមួយនឹងគាត់›»។ (សកម្ម. ២៣:៩) ពួកសាឌូស៊ីស្អប់គំនិតដែលថា‹ទេវតានិយាយជាមួយនឹងប៉ូល› ពីព្រោះពួកគេមិនជឿលើទេវតាទេ! (សូមមើលប្រអប់« ពួកសាឌូស៊ីនិងពួកផារិស៊ី») កាលដែលភាពចលាចលផ្ទុះឡើងកាន់តែខ្លាំង នោះមេបញ្ជាការរ៉ូមក៏ធ្វើអន្តរាគមន៍ជួយប៉ូលម្ដងទៀត។ (សកម្ម. ២៣:១០) ប៉ុន្តែ ប៉ូលនៅតែមិនទាន់រួចផុតពីគ្រោះថ្នាក់។ តើនឹងមានអ្វីកើតឡើងបន្តទៀតចំពោះសាវ័កប៉ូល? យើងនឹងរៀនអំពីរឿងនេះនៅជំពូកបន្ទាប់។
a ប្រាកដជាមានក្រុមជំនុំជាច្រើនដែលបានជួបប្រជុំគ្នានៅតាមផ្ទះ ដើម្បីបំពេញនូវសេចក្ដីត្រូវការខាងជំនឿរបស់គ្រិស្តសាសនិកជនជាតិយូដាដ៏ច្រើនទាំងនោះ។
b ប៉ុន្មានឆ្នាំក្រោយមក សាវ័កប៉ូលបានសរសេរសំបុត្រទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ ដើម្បីបង្ហាញថាកិច្ចព្រមព្រៀងថ្មីគឺល្អជាង។ នៅក្នុងសំបុត្រនោះ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងថ្មីបានជំនួសកិច្ចព្រមព្រៀងចាស់។ មិនត្រឹមតែប៉ុណ្ណោះ ប៉ូលបានផ្ដល់នូវអំណះអំណាងដ៏សមហេតុសមផល ដែលគ្រិស្តសាសនិកជនជាតិយូដាអាចប្រើ ដើម្បីឆ្លើយតបនឹងពាក្យរិះគន់របស់ជនជាតិយូដាឯទៀត។ ម្យ៉ាងទៀត ការវែកញែកដ៏ប៉ិនប្រសប់របស់ប៉ូល ក៏បានពង្រឹងជំនឿរបស់គ្រិស្តសាសនិកខ្លះដែលងប់ងុលនឹងច្បាប់ម៉ូសេដែរ។—ហេ. ៨:៧-១៣
c បណ្ឌិតខ្លះនិយាយថា បុរសទាំងនេះបានធ្វើសម្បថជាណាសារីត។ (ជប. ៦:១-២១) ពិតមែនតែច្បាប់ម៉ូសេដែលចែងអំពីសម្បថបែបនេះ លែងមានសុពលភាពទៀត តែប៉ូលមិនបានគិតថាជាការខុសទេ ដែលពួកគេធ្វើតាមសម្បថរបស់ខ្លួនចំពោះព្រះយេហូវ៉ា។ ហេតុនេះ មិនមែនជាការខុសឡើយ ដែលប៉ូលទៅជាមួយបុរសទាំងនេះ ហើយចេញថ្លៃឲ្យពួកគេ។ យើងមិនដឹងច្បាស់ថាពាក្យសម្បថនោះពាក់ព័ន្ធនឹងរឿងអ្វីទេ ប៉ុន្តែក្នុងករណីណាក៏ដោយ ប៉ូលទំនងជាមិនគាំទ្រ ហើយក៏មិនជឿថាការជូនសត្វជាគ្រឿងបូជា(ដូចដែលណាសារីតបានធ្វើ) នឹងជម្រះភាពខុសឆ្គងរបស់ពួកគេឡើយ។ ការលះបង់ជីវិតដ៏ល្អឥតខ្ចោះរបស់គ្រិស្ត បានធ្វើឲ្យការជូនគ្រឿងបូជាដូចនោះលែងមានតម្លៃទៀត។ ទោះជាយើងមិនដឹងលម្អិតពីមូលហេតុដែលប៉ូលបានធ្វើដូច្នោះក្ដី យើងអាចប្រាកដថា គាត់នឹងមិនយល់ស្របចំពោះទង្វើដែលប្រឆាំងសមត្ថភាពវិនិច្ឆ័យរបស់គាត់ទេ។
d អ្នកខ្លះបាននិយាយថា ប្រហែលជាដោយសារប៉ូលខ្សោយភ្នែក ដូច្នេះគាត់ពិបាកសម្គាល់ថាអ្នកណាជាសម្ដេចសង្ឃ។ ឬក៏ប្រហែលជាដោយសារគាត់មិនបាននៅក្រុងយេរូសាឡិមយូរពេក ជាហេតុដែលគាត់មិនដឹងថាសម្ដេចសង្ឃបច្ចុប្បន្នជាអ្នកណា។ ឬមួយប្រហែលជាដោយសារមានមនុស្សច្រើននៅជុំគ្នា នាំឲ្យគាត់ពិបាកដឹងថាអ្នកណាគេចេញបញ្ជាឲ្យទះមាត់គាត់។
e នៅឆ្នាំ៤៩ គ.ស. ក្នុងពេលដែលពួកសាវ័កនិងពួកបុរសចាស់ទុំកំពុងពិភាក្សាគ្នាថា ជនជាតិដទៃគួរធ្វើតាមច្បាប់ម៉ូសេឬយ៉ាងណា ក៏មានអ្នកខ្លះក្នុងអង្គប្រជុំនោះមក«ពីនិកាយពួកផារិស៊ី ដែលបានទៅជាអ្នកជឿ»ដែរ។ (សកម្ម. ១៥:៥) ជាក់ស្ដែងណាស់គ្រិស្តសាសនិកទាំងនោះ នៅតែបានត្រូវចាត់ទុកថាជាពួកផារិស៊ី ដោយសារអតីតកាលរបស់ពួកគេ។