លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៦

«គ្មានអ្នករាល់គ្នាណាម្នាក់នឹងបាត់បង់ជីវិតទេ»

«គ្មានអ្នករាល់គ្នាណាម្នាក់នឹងបាត់បង់ជីវិតទេ»

ប៉ូល​ជួប​គ្រោះ​ថ្នាក់​លិច​សំពៅ តែ​គាត់​បង្ហាញ​ជំនឿ​យ៉ាង​មាំ​មួន​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត

មាន​មូលដ្ឋាន​លើ​សកម្មភាព ២៧:១–២៨:១០

១, ២. តើ​ការ​ដែល​ប៉ូល​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​រ៉ូម​ខុស​គ្នា​យ៉ាង​ណា​ពី​ការ​ធ្វើ​ដំណើរ​ជា​សាសនទូត? ហើយ​តើ​គាត់​ប្រហែល​ជា​ឆ្ងល់​អំពី​រឿង​អ្វី?

 អភិបាល​ភេស្ទុស​ទើប​តែ​បាន​និយាយ​ថា​៖ ​«​អ្នក​ប្រាកដ​ជា​នឹង​បាន​ជួប​សេសារ​»។ ពាក្យ​នេះ​ធ្វើ​ឲ្យ​ប៉ូល​រិះ​គិត ដោយ​សារ​នោះ​នឹង​ប៉ះ​ពាល់​ជា​ខ្លាំង​ដល់​អនាគត​របស់​គាត់។ មក​ដល់​ពេល​នេះ ប៉ូល​បាន​ជាប់​គុក​អស់​ពីរ​ឆ្នាំ​ហើយ។ ប៉ុន្តែ បន្តិច​ទៀត​គេ​នឹង​បញ្ជូន​គាត់​ទៅ​ក្រុង​រ៉ូម។ ដូច្នេះ ការ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​ទៅ​កាន់​ក្រុង​រ៉ូម យ៉ាង​ហោច​ណាស់​នឹង​ជួយ​ប៉ូល​ឲ្យ​ផ្លាស់​ប្ដូរ​បរិយាកាស។ (​សកម្ម. ២៥:១២​) ពេល​ដែល​ប៉ូល​នឹក​គិត​ដល់​ការ​ធ្វើ​ដំណើរ​តាម​សំពៅ គាត់​មិន​ត្រឹម​តែ​នឹក​ឃើញ​អំពី​ខ្យល់​សមុទ្រ​បរិសុទ្ធ និង​ជើង​មេឃ​ធំ​ល្វឹង​ល្វើយ​ទេ តែ​គាត់​ក៏​ប្រហែល​ជា​មាន​ចម្ងល់​សំខាន់​មួយ​ចំនួន​អំពី​ការ​ធ្វើ​ដំណើរ​នេះ​ដែរ។

ហេតុ​អ្វី​ប៉ូល​ឆ្ងល់? ពីព្រោះ​គាត់​ធ្លាប់​«​គ្រោះ​ថ្នាក់​នៅ​សមុទ្រ​»​អស់​ជា​ច្រើន​ដង រួម​បញ្ចូល​លិច​សំពៅ​បី​ដង និង​ជាប់​នៅ​សមុទ្រ​អស់​មួយ​យប់​មួយ​ថ្ងៃ។ (​២កូ. ១១:២៥, ២៦​) បន្ថែម​ទៅ​ទៀត ការ​ធ្វើ​ដំណើរ​នេះ​នឹង​ខុស​គ្នា​ទាំង​ស្រុង ពី​ការ​ធ្វើ​ដំណើរ​ជា​សាសនទូត​ពេល​គាត់​នៅ​មាន​សេរី​ភាព ពីព្រោះ​នេះ​គឺ​ជា​ការ​ធ្វើ​ដំណើរ​ក្នុង​នាម​ជា​អ្នក​ទោស។ ចម្ងាយ​ពី​ក្រុង​សេសារៀ​ទៅ​ក្រុង​រ៉ូម មាន​ប្រវែង​ជាង​៣.០០០​គីឡូ​ម៉ែ​ត។ ដូច្នេះ តើ​ប៉ូល​អាច​ទៅ​ដល់​ក្រុង​រ៉ូម​ដោយ​គ្មាន​គ្រោះ​ថ្នាក់​ឬ​ទេ? ទោះ​ជា​គាត់​អាច​គេច​ផុត​ពី​គ្រោះ​ថ្នាក់​ក៏​ដោយ តើ​នៅ​ក្រុង​រ៉ូម គេ​នឹង​កាត់​ក្ដី​ឲ្យ​គាត់​យ៉ាង​ត្រឹម​ត្រូវ​ឬ​ទេ? សូម​ចាំ​ថា អ្នក​មាន​អំណាច​ខ្លាំង​បំផុត​ក្នុង​ពិភព​លោក​សាថាន​នៅ​សម័យ​នោះ នឹង​វិនិច្ឆ័យ​ក្ដី​គាត់។

៣. តើ​ប៉ូល​មាន​ការ​ប្ដេជ្ញា​ចិត្ត​បែប​ណា? ហើយ​តើ​យើង​នឹង​ពិនិត្យ​មើល​អ្វី​ក្នុង​ជំពូក​នេះ?

សូម​គិត​អំពី​អ្វី​ដែល​អ្នក​ធ្លាប់​អាន​អំពី​សាវ័ក​ប៉ូល តើ​អ្នក​គិត​ថា​ប៉ូល​នឹង​អស់​សង្ឃឹម​ឬ​ខក​ចិត្ត​ដោយ​សារ​អ្វី​ដែល​ប្រហែល​ជា​នឹង​កើត​ឡើង​ចំពោះ​គាត់​ឬ​ទេ? គឺ​មិន​មែន​ទាល់​តែ​សោះ! ប៉ូល​បាន​ដឹង​ថា​ទុក្ខ​លំបាក​កំពុង​រង់​ចាំ​គាត់ តែ​គាត់​មិន​ដឹង​ថា​ជា​ទុក្ខ​លំបាក​បែប​ណា​ទេ។ ប៉ូល​ច្បាស់​ជា​មិន​បាន​ឲ្យ​ការ​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​គាត់​មិន​អាច​គ្រប់​គ្រង​បាន មក​ធ្វើ​ឲ្យ​គាត់​បាត់​បង់​អំណរ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ឡើយ។ (​ម៉ាថ. ៦:២៧, ៣៤​) ប៉ូល​ដឹង​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​គាត់​ប្រើ​គ្រប់​ឱកាស ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​លោក​ដល់​មនុស្ស​ផ្សេង​ៗ រួម​ទាំង​ពួក​អ្នក​មាន​អំណាច​ទៀត​ផង។ (​សកម្ម. ៩:១៥​) ប៉ូល​ប្ដេជ្ញា​ចិត្ត​បំពេញ​ភារកិច្ច​របស់​គាត់ ទោះ​ជា​ត្រូវ​ជួប​បញ្ហា​អ្វី​ក៏​ដោយ។ តើយើង​ប្ដេជ្ញា​ចិត្ត​ដូច​គាត់​ឬ​ទេ? ដូច្នេះ សូម​យើង​ពិនិត្យ​មើល​ការ​ធ្វើ​ដំណើរ​របស់​ប៉ូល​ជា​ប្រវត្តិសាស្ត្រ​នេះ ហើយ​សូម​រំពឹង​គិត​អំពី​របៀប​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​គំរូ​របស់​គាត់។

សំពៅ​«​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស​ខ្យល់​»​ (​សកម្មភាព ២៧:១​-​៧​ក​)

៤. តើ​ប៉ូល​បាន​ឡើង​ជិះ​សំពៅ​បែប​ណា? ហើយ​តើ​អ្នក​ណា​បាន​អម​ដំណើរ​គាត់?

ប៉ូល​និង​អ្នក​ទោស​មួយ​ចំនួន​ទៀត បាន​ត្រូវ​ដាក់​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​នាយ​ទាហាន​រ៉ូម​ម្នាក់​ឈ្មោះ​យូលាស។ យូលាស​សម្រេច​ចិត្ត​នាំ​ពួក​អ្នក​ទោស​ទាំង​នោះ​ជិះ​សំពៅ​ដឹក​ទំនិញ​មួយ ដែល​ទើប​តែ​មក​ដល់​ក្រុង​សេសារៀ។ សំពៅ​នេះ​មក​ពី​ក្រុង​អាដ្រាមីទីម។ ក្រុង​អាដ្រាមីទីម​ស្ថិត​នៅ​ឆ្នេរ​ខាង​លិច​នៃ​តំបន់​អាស៊ី​ប៉ែក​ខាង​លិច ហើយ​នៅ​ទល់​មុខ​ក្រុង​មីទូលេន​ក្នុង​កោះ​ឡេសបុស។ ជា​ធម្មតា សំពៅ​នេះ​តែង​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ជើង រួច​មក​ទៅ​ទិស​ខាង​លិច ហើយ​ឈប់​ពី​កំពង់​ផែ​មួយ​ទៅ​កំពង់​ផែ​មួយ ដើម្បី​ផ្ទុក​និង​ដឹក​ជញ្ជូន​ទំនិញ។ សំពៅ​បែប​នេះ​មិន​ស្រួល​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទេ ជា​ពិសេស​គឺ​មិន​ស្រួល​សោះ​សម្រាប់​ពួក​អ្នក​ទោស។ (​សូម​មើល​ប្រអប់​«​ ការ​ធ្វើ​ដំណើរ​តាម​សំពៅ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​»​) ជា​ការ​ល្អ​ណាស់ ដែល​ក្នុង​ចំណោម​អ្នក​ទោស​ឧក្រិដ្ឋជន​ទាំង​នោះ មិន​មែន​មាន​តែ​ប៉ូល​ជា​គ្រិស្ត​សាសនិក យ៉ាង​ហោច​ណាស់​មាន​បង​ប្អូន​រួម​ជំនឿ​ពីរ​នាក់​ដែល​នៅ​ជា​មួយ​នឹង​គាត់​គឺ អារីស្តាក និង​លូកា។ លូកា​គឺ​ជា​អ្នក​ដែល​បាន​សរសេរ​កំណត់​ហេតុ​នេះ។ យើង​មិន​ដឹង​ថា​បុរស​ស្មោះ​ត្រង់​ទាំង​ពីរ​នេះ​បង់​ប្រាក់​ដើម្បី​ឡើង​ជិះ​សំពៅ​ទៅ​ជា​មួយ​ប៉ូល ឬ​ពួក​គេ​ទៅ​ក្នុង​នាម​ជា​អ្នក​បម្រើ​ប៉ូល​នោះ​ទេ។—សកម្ម. ២៧:១, ២

៥. ពេល​សំពៅ​ចូល​ចត​នៅ​ក្រុង​ស៊ីដូន តើ​អ្វី​បាន​ធ្វើ​ឲ្យ​ប៉ូល​សប្បាយ​រីករាយ? ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​រឿង​នេះ?

បន្ទាប់​ពី​សំពៅ​ធ្វើ​ដំណើរ​អស់​មួយ​ថ្ងៃ ក្នុង​ចម្ងាយ​ប្រហែល​១១០​គីឡូ​ម៉ែត្រ​ទៅ​ទិស​ខាង​ជើង សំពៅ​ក៏​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ស៊ីដូន​នៃ​ឆ្នេរ​ស្រុក​ស៊ីរី។ តាម​មើល​ទៅ យូលាស​មិន​បាន​ប្រព្រឹត្ត​ចំពោះ​ប៉ូល​ដូច​ឧក្រិដ្ឋជន​ធម្មតា​ទេ នេះ​ប្រហែល​ជា​ដោយ​សារ​ប៉ូល​ជា​ពលរដ្ឋ​រ៉ូម ដែល​មិន​ទាន់​បាន​ទទួល​ការ​កាត់​ទោស។ (​សកម្ម. ២២:២៧, ២៨; ២៦:៣១, ៣២​) យូលាស​បាន​អនុញ្ញាត​ឲ្យ​ប៉ូល​ចុះ​ទៅ​ឯ​ច្រាំង ដើម្បី​ជួប​បង​ប្អូន​រួម​ជំនឿ​របស់​គាត់។ បង​ប្អូន​ប្រុស​ស្រី​នៅ​ទី​នោះ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​បាន​ទទួល​ស្វាគមន៍​និង​មើល​ថែ​សាវ័ក​ប៉ូល បន្ទាប់​ពី​គាត់​ជាប់​គុក​អស់​រយៈ​ពេល​ជា​យូរ! តើ​នៅ​ពេល​ណា​ខ្លះ​អ្នក​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ទទួល​បង​ប្អូន​រួម​ជំនឿ​យ៉ាង​រាក់​ទាក់ និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក?—សកម្ម. ២៧:៣

៦​-​៨. តើ​ប៉ូល​ធ្វើ​ដំណើរ​ពី​ក្រុង​ស៊ីដូន​ទៅ​ក្រុង​គ្នីដូស​ដោយ​របៀប​ណា? ហើយ​តើ​គាត់​បាន​ចាប់​យក​ឱកាស​អ្វី​ខ្លះ​ដើម្បី​ផ្សព្វ​ផ្សាយ?

ក្រោយ​ចេញ​ពី​ក្រុង​ស៊ីដូន សំពៅ​ក៏​បន្ត​ដំណើរ​តាម​ឆ្នេរ​សមុទ្រ ហួស​ខេត្ត​ស៊ីលីស៊ី ដែល​នៅ​ជិត​ក្រុង​តើសុស​ស្រុក​កំណើត​របស់​ប៉ូល។ លូកា​មិន​បាន​និយាយ​អំពី​ការ​ផ្អាក​ដំណើរ​នៅ​កន្លែង​ផ្សេង​ទៀត​ទេ គាត់​គ្រាន់​តែ​ប្រាប់​ព័ត៌មាន​មួយ​ថា​៖ ‹សំពៅ​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស​ខ្យល់› ដែល​ជា​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ។ (​សកម្ម. ២៧:៤, ៥​) ទោះ​ជា​លូកា​មិន​បាន​រៀប​រាប់​ក៏​ដោយ យើង​អាច​ស្រមៃ​ឃើញ​ប៉ូល​កំពុង​ឆ្លៀត​គ្រប់​ឱកាស​ដើម្បី​ផ្សាយ​ដំណឹង​ល្អ។ គាត់​ប្រាកដ​ជា​បន្ត​ផ្សព្វ​ផ្សាយ​ដល់​ពួក​អ្នក​ទោស ពួក​ទាហាន ពួក​នាវិក ព្រម​ទាំង​មនុស្ស​ផ្សេង​ទៀត​នៅ​លើ​សំពៅ និង​ដល់​បណ្ដា​ជន​នៅ​កំពង់​ផែ​ដែល​សំពៅ​ចូល​ចត។ សព្វ​ថ្ងៃ​នេះ តើ​យើង​កំពុង​ឆ្លៀត​គ្រប់​ឱកាស​ដើម្បី​ផ្សព្វ​ផ្សាយ​ដែរ​ឬ​ទេ?

រួច​មក សំពៅ​ក៏​ទៅ​ដល់​កំពង់​ផែ​មីរ៉ា នៅ​ខាង​ត្បូង​ឆ្នេរ​នៃ​តំបន់​អាស៊ី​ប៉ែក​ខាង​លិច។ នៅ​ទី​នោះ ប៉ូល​និង​អ្នក​ឯ​ទៀត​នឹង​ត្រូវ​ប្ដូរ​ទៅ​ជិះ​សំពៅ​មួយ​ផ្សេង​ទៀត ដើម្បី​ទៅ​ដល់​គោល​ដៅ​ចុង​ក្រោយ​របស់​ពួក​គេ គឺ​ក្រុង​រ៉ូម។ (​សកម្ម. ២៧:៦​) នៅ​សម័យ​នោះ ស្រុក​អេហ្ស៊ីប​ជា​ឃ្លាំង​ស្រូវ​របស់​រ៉ូម ហើយ​សំពៅ​ផ្សេង​ៗ​ដែល​ដឹក​ស្រូវ​ពី​ស្រុក​អេហ្ស៊ីប​តែង​តែ​ចូល​ចត​នៅ​កំពង់​ផែ​មីរ៉ា។ យូលាស​បាន​រក​ឃើញ​សំពៅ​មួយ​បែប​នោះ ហើយ​ក៏​បង្គាប់​ពួក​ទាហាន​ឲ្យ​នាំ​ពួក​អ្នក​ទោស​ឡើង​លើ​សំពៅ។ សំពៅ​នេះ​ពិត​ជា​ធំ​ជាង​សំពៅ​មុន ពីព្រោះ​វា​ផ្ទុក​ស្រូវ​សម្រាប់​ក្រុង​រ៉ូម ព្រម​ទាំង​ដឹក​មនុស្ស​ដល់​ទៅ​២៧៦​នាក់ រួម​មាន​ពួក​នាវិក ពួក​ទាហាន ពួក​អ្នក​ទោស និង​អ្នក​ផ្សេង​ទៀត​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រុង​រ៉ូម​ដែរ។ ការ​ប្ដូរ​ជើង​សំពៅ​ច្បាស់​ជា​ធ្វើ​ឲ្យ​ប៉ូល​មាន​ឱកាស​ផ្សព្វ​ផ្សាយ​កាន់​តែ​ច្រើន។ ដូច្នេះ យើង​ជឿ​ថា​គាត់​ប្រាកដ​ជា​មិន​បណ្ដោយ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ហួស​ឡើយ។

ចំណត​បន្ទាប់​គឺ​ក្រុង​គ្នីដូស ដែល​ស្ថិត​នៅ​ចុង​ភាគ​ខាង​ត្បូង​នៃ​តំបន់​អាស៊ី​ប៉ែក​ខាង​លិច។ ប្រសិន​បើ​ខ្យល់​អំណោយ​ផល សំពៅ​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ប៉ុន្តែ លូកា​រាយ​ការណ៍​ថា​៖ ​«​បន្ទាប់​មក យើង​ធ្វើ​ដំណើរ​យឺត​ៗ​អស់​ជា​ច្រើន​ថ្ងៃ ក៏​មក​ដល់​ក្រុង​គ្នីដូស​ទាំង​លំបាក​»។ (​សកម្ម. ២៧:៧​ក​) ស្ថានភាព​នៃ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​កាន់​តែ​យ៉ាប់​យ៉ឺន​ទៅ។ (​សូម​មើល​ប្រអប់​«​ ខ្យល់​បញ្ច្រាស​នៅ​សមុទ្រ​មេឌីទែរ៉ានេ​»​) សូម​គិត​អំពី​អារម្មណ៍​របស់​អស់​អ្នក​ដែល​នៅ​លើ​សំពៅ​នោះ កាល​ដែល​សំពៅ​កំពុង​ត្រូវ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ទាំង​ត្រូវ​រលក​កញ្ជ្រោល​បោក​ផ្ទប់​ឥត​ឈប់!

​«​ខ្យល់​ព្យុះ​កំពុង​ធ្វើ​ឲ្យ​សំពៅ​យោគ​ចុះ​យោគ​ឡើង​យ៉ាង​ខ្លាំង​»​ (​សកម្មភាព ២៧:៧​ខ​-​២៦​)

៩, ១០. តើ​មាន​ការ​ពិបាក​អ្វី​ខ្លះ​នៅ​ក្នុង​តំបន់​នៃ​កោះ​ក្រេត?

ពួក​នាវិក​មាន​បំណង​បើក​សំពៅ​ចេញ​ពី​ក្រុង​គ្នីដូស ទៅ​ភាគ​ខាង​លិច។ ប៉ុន្តែ លូកា​ដែល​ជា​សាក្សី​ឃើញ​ដោយ​ផ្ទាល់​ភ្នែក បាន​និយាយ​ថា​៖ ​«​ខ្យល់​មិន​អំណោយ​ផល​»​ ឬ​នាំ​ឲ្យ​ពិបាក​ធ្វើ​ដំណើរ។ (​សកម្ម. ២៧:៧​ខ​) នៅ​ពេល​ដែល​សំពៅ​ចេញ​ឆ្ងាយ​ពី​ដី​គោក នោះ​លែង​មាន​ខ្សែ​ទឹក​ជួយ​នាំ​ទៅ​ទិស​ខាង​លិច។ រួច​មក កម្លាំង​ខ្យល់​បោក​បក់​យ៉ាង​ខ្លាំង​ពី​ទិស​ខាង​ជើង​ឆៀង​ខាង​លិច បាន​រុញ​ច្រាន​សំពៅ​ទៅ​ទិស​ខាង​ត្បូង ប្រហែល​ជា​ក្នុង​ល្បឿន​យ៉ាង​លឿន។ លើក​មុន​បាន​កោះ​គីប្រុស​ជួយ​បាំង​ការ​ពារ​ពី​ខ្យល់​បញ្ច្រាស​ទិស តែ​លើក​នេះ​បាន​កោះ​ក្រេត​ជួយ​បាំង​ការ​ពារ។ ពេល​សំពៅ​បរ​ហួស​ជ្រោយ​សាល់ម៉ូណេ​ដែល​នៅ​ចុង​ខាង​កើត​នៃ​កោះ​ក្រេត អ្វី​ៗ​ក៏​ប្រសើរ​ជាង​មុន​បន្តិច។ ហេតុ​អ្វី? ពីព្រោះ​ចាប់​តាំង​ពី​ពេល​សំពៅ​បាន​ចូល​មក​ជ្រក​ផ្នែក​ខាង​ត្បូង​នៃ​កោះ ពួក​គេ​បាន​ត្រូវ​ការ​ពារ​ខ្លះ​ពី​កម្លាំង​ខ្យល់​ព្យុះ។ សូម​ស្រមៃ​គិត តើ​ពេល​នោះ​អស់​អ្នក​ដែល​នៅ​លើ​សំពៅ​មាន​អារម្មណ៍​ធូរ​ស្រាល​យ៉ាង​ណា! ប៉ុន្តែ ដរាប​ណា​សំពៅ​បន្ត​នៅ​លើ​សមុទ្រ នោះ​ពួក​នាវិក​មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ ខណៈ​ដែល​រដូវ​រងា​ខិត​ជិត​មក​ដល់។ ដូច្នេះ ពួក​គេ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ជា​និច្ច។

១០ លូកា​បាន​រៀប​រាប់​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ ​«​យើង​ក៏​ធ្វើ​ដំណើរ​សសៀរ​[​តាម​កោះ​ក្រេត​]​ទៅ​ទាំង​លំបាក រហូត​ទៅ​ដល់​កន្លែង​មួយ​ហៅ​ថា​កំពង់ផែល្អ​»។ ទោះ​ជា​សសៀរ​តាម​កោះ​ក្រេត​ក៏​ដោយ ពួក​គេ​នៅ​តែ​ពិបាក​បើក​សំពៅ។ ប៉ុន្តែ នៅ​ទី​បំផុត​ពួក​គេ​បាន​ឃើញ​ឆក​តូច​មួយ ដែល​ពួក​គេ​អាច​បោះ​យុថ្កា​នៅ​ទី​នោះ​បាន។ ទី​តាំង​នៃ​ឆក​នោះ​ស្ថិត​នៅ​លើ​ឆ្នេរ​ក្នុង​ទឹក​ដី​កោះ​ក្រេត មុន​ដែល​ឆ្នេរ​នោះ​បត់​ទៅ​ខាង​ជើង។ តើ​ពួក​គេ​បាន​ចត​នៅ​ទី​នោះ​យូរ​ប៉ុណ្ណា? លូកា​បាន​និយាយ​ថា​៖ ​«​អស់​ជា​ច្រើន​ថ្ងៃ​»។ ក៏​ប៉ុន្តែ ការ​រង់​ចាំ​របស់​ពួក​គេ​នៅ​ទី​នោះ​គឺ​គ្មាន​ប្រយោជន៍​សោះ ដោយ​សារ​ក្នុង​អំឡុង​ខែ​កញ្ញា​និង​ខែ​តុលា ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​កាន់​តែ​ជួប​ហានិភ័យ​ខ្ពស់។—សកម្ម. ២៧:៨, ៩

១១. តើ​ប៉ូល​បាន​ជូន​យោបល់​អ្វី​ដល់​ពួក​អ្នក​ដែល​នៅ​លើ​សំពៅ? ប៉ុន្តែ​តើ​ពួក​គេ​សម្រេច​ចិត្ត​បែប​ណា?

១១ អ្នក​ធ្វើ​ដំណើរ​ខ្លះ​ប្រហែល​ជា​បាន​ពិគ្រោះ​ជា​មួយ​នឹង​ប៉ូល ពីព្រោះ​គាត់​ធ្លាប់​ធ្វើ​ដំណើរ​តាម​សមុទ្រ​មេឌីទែរ៉ានេ។ ប៉ូល​បាន​ឲ្យ​យោបល់​ថា គួរ​ចាំ​សិន មិន​គួរ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ឡើយ។ បើ​នៅ​តែ​ទៅ​ទៀត នោះ​នឹង​«​រង​ការ​ខូច​ខាត​និង​ការ​បាត់​បង់​យ៉ាង​សម្បើម​»​ រហូត​ដល់​អាច​បាត់​បង់​ទាំង​ជីវិត​ផង។ ក៏​ប៉ុន្តែ អ្នក​បើក​សំពៅ​និង​ម្ចាស់​សំពៅ​ចង់​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ពួក​គេ​ប្រហែល​ជា​មាន​អារម្មណ៍​ថា ត្រូវ​ប្រញាប់​រក​កន្លែង​ដែល​មាន​សុវត្ថិភាព​ជាង។ ម្ល៉ោះ​ហើយ ពួក​គេ​នាំ​គ្នា​ទៅ​និយាយ​បញ្ចុះ​បញ្ចូល​យូលាស ហើយ​អ្នក​ធ្វើ​ដំណើរ​ភាគ​ច្រើន​គិត​ថា ពួក​គេ​គួរ​តែ​ព្យាយាម​ចេញ​ទៅ​ឲ្យ​ដល់​កំពង់​ផែ​ភេនីច។ នេះ​ប្រហែល​ជា​ដោយ​សារ​កំពង់​ផែ​ភេនីច​ធំ​ជាង និង​ល្អ​ជាង​សម្រាប់​ស្នាក់​នៅ​ក្នុង​រដូវ​ត្រជាក់។ ដូច្នេះ ពេល​ដែល​មាន​ខ្យល់​បក់​មក​តិច​ៗ​ពី​ទិស​ខាង​ត្បូង ពួក​គេ​គិត​ស្មាន​ថា ជា​វេលា​ល្អ​ឲ្យ​ពួក​គេ​ចេញ​ដំណើរ​ទៅ​ទី​នោះ។—សកម្ម. ២៧:១០​-​១៣

១២. បន្ទាប់​ពី​ចាក​ចេញ​ពី​កោះ​ក្រេត តើ​សំពៅ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​អ្វី? ហើយ​តើ​ពួក​នាវិក​បាន​ព្យាយាម​ធ្វើ​អ្វី​ដើម្បី​ជៀស​វាង​ពី​អន្តរាយ?

១២ បន្ទាប់​មក ពួក​គេ​បាន​ជួប​នឹង​ស្ថានការណ៍​ដែល​គ្រោះ​ថ្នាក់​ជាង គឺ​‹ខ្យល់​ព្យុះ​ដ៏​ខ្លាំង›​បក់​មក​ពី​ទិស​ខាង​ជើង​ឆៀង​ខាង​កើត។ ដូច្នេះ ជា​បណ្ដោះ​អាសន្ន​សិន ពួក​គេ​ក៏​បើក​សំពៅ​សសៀរ​តាម​«​កោះ​តូច​មួយ​ហៅ​ថា​ខូដា​»​ ដែល​មាន​ចម្ងាយ​ប្រហែល​៦៥​គីឡូ​ម៉ែត្រ​ពី​កំពង់ផែល្អ។ យ៉ាង​ណា​ក៏​ដោយ សំពៅ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​នៅ​ឡើយ ដោយ​សារ​ខ្យល់​ពី​ទិស​ខាង​ជើង​ឆៀង​ខាង​កើត នៅ​តែ​បន្ត​រុញ​សំពៅ​ទៅ​ទិស​ខាង​ត្បូង ដែល​អាច​បណ្ដាល​ឲ្យ​សំពៅ​ជាប់​កឿង​នៅ​លើ​ផ្នូក​ខ្សាច់​ក្បែរ​ឆ្នេរ​សមុទ្រ​នៃ​ទ្វីប​អាហ្វ្រិក។ ដើម្បី​បញ្ចៀស​ពី​ស្ថានការណ៍​អាក្រក់​នោះ ពួក​គេ​ក៏​ប្រញាប់​ទាញ​ទូក​តូច​មួយ ដែល​ពួក​គេ​បាន​ចង​អូស​នៅ​កន្ទុយ​សំពៅ​ឡើង​មក។ ពួក​គេ​ខំ​ប្រឹង​ទាញ​យ៉ាង​លំបាក ពីព្រោះ​ទូក​តូច​នោះ​ប្រហែល​ជា​មាន​ទឹក​ចូល​ពេញ។ បន្ទាប់​មក​ទៀត ពួក​គេ​ក៏​ទម្លាក់​ខ្សែ​ឬ​ច្រវាក់ ហើយ​ទាញ​វា​យក​មក​ចង​រុំ​សំពៅ ដើម្បី​ទប់​ទល់​នឹង​កម្លាំង​ខ្យល់​ព្យុះ។ រួច​ពួក​គេ​ស្រាយ​ខ្សែ​បង្រួម​ក្ដោង ហើយ​ឲ្យ​ខ្យល់​រុញ​ទៅ​ដើម្បី​រក្សា​លំនឹង​សំពៅ។ សូម​ស្រមៃ​គិត​ទៅ​មើល​ថា ស្ថានភាព​នោះ​គឺ​គួរ​ឲ្យ​ភ័យ​ខ្លាច​ខ្លាំង​យ៉ាង​ណា! ប៉ុន្តែ ការ​ប្រឹង​ប្រែង​របស់​ពួក​គេ​នៅ​តែ​មិន​គ្រប់​គ្រាន់ ពីព្រោះ​‹ខ្យល់​ព្យុះ​បន្ត​ធ្វើ​ឲ្យ​សំពៅ​យោគ​ចុះ​យោគ​ឡើង​យ៉ាង​ខ្លាំង›។ នៅ​ថ្ងៃ​ទី​៣ ពួក​គេ​បាន​បោះ​ខ្សែ​ក្ដោង​ទៅ​ក្នុង​សមុទ្រ ប្រហែល​ជា​ដើម្បី​ឲ្យ​សំពៅ​នៅ​អណ្ដែត។—សកម្ម. ២៧:១៤​-​១៩

១៣. ក្នុង​អំឡុង​ពេល​ដែល​មាន​ខ្យល់​ព្យុះ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​សំពៅ​ដែល​ដឹក​ប៉ូល?

១៣ ពិត​មែន​ថា​មនុស្ស​ភាគ​ច្រើន​នៅ​លើ​សំពៅ​ភ័យ​តក់​ស្លុត ប៉ុន្តែ​ប៉ូល​និង​គ្នា​របស់​គាត់​មិន​អស់​សង្ឃឹម​ទេ។ ហេតុ​អ្វី? ដោយ​សារ​ពី​មុន​លោក​ម្ចាស់​យេស៊ូ​បាន​ធានា​ចំពោះ​ប៉ូល​ថា គាត់​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​នៅ​ក្រុង​រ៉ូម។ ក្រោយ​មក ទេវតា​មួយ​រូប​ក៏​បាន​លេច​មក​បញ្ជាក់​លើ​ការ​ធានា​នោះ​ម្ដង​ទៀត។ (​សកម្ម. ១៩:២១; ២៣:១១​) យ៉ាង​ណា​ក៏​ដោយ ខ្យល់​ព្យុះ​នៅ​តែ​បន្ត​បក់​បោក​ទាំង​យប់​ទាំង​ថ្ងៃ​អស់​រយៈ​ពេល​ពីរ​សប្ដាហ៍។ ម្យ៉ាង​ទៀត ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ពពក​ក្រាស់​បិទ​បាំង​ពន្លឺ​ថ្ងៃ​និង​ដួង​ផ្កាយ នោះ​រឹត​តែ​ធ្វើ​ឲ្យ​អ្នក​បើក​សំពៅ​មិន​អាច​កំណត់​ទី​តាំង​ថា សំពៅ​កំពុង​រសាត់​ដល់​កន្លែង​ណា។ នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ បាយ​ក៏​មិន​នឹក ទឹក​ក៏​មិន​ស្រេក។ ប្រាកដ​ណាស់ ក្នុង​ស្ថានភាព​ព្យុះ​ភ្លៀង​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​បែប​នេះ ច្បាស់​ជា​គ្មាន​អ្នក​ណា​ចង់​បរិភោគ​ឡើយ។

១៤, ១៥. ​(​ក​) ពេល​ប៉ូល​និយាយ​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​លើ​សំពៅ​ជា​មួយ​គាត់ ហេតុ​អ្វី​បាន​ជា​គាត់​លើក​ឡើង​អំពី​ការ​ព្រមាន​ដែល​គាត់​បាន​ប្រាប់​ពួក​គេ​ពី​មុន? (​ខ​) តើ​យើង​អាច​រៀន​អ្វី​ពី​ព័ត៌មាន​នៃ​សេចក្ដី​សង្ឃឹម​ដែល​ប៉ូល​បាន​ប្រាប់​ពួក​គេ?

១៤ ពេល​ឃើញ​ដូច្នេះ ប៉ូល​ក៏​ក្រោក​ឈរ ហើយ​លើក​ឡើង​អំពី​ការ​ព្រមាន​ដែល​គាត់​ធ្លាប់​ប្រាប់​ពួក​គេ តែ​មិន​មែន​ជា​ការ​ស្ដី​បន្ទោស​ឡើយ។ ផ្ទុយ​ទៅ​វិញ ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​រហូត​ដល់​ពេល​នេះ បង្ហាញ​ថា​ពាក្យ​សម្ដី​របស់​ប៉ូល​សម​នឹង​យក​មក​គិត​ពិចារណា។ រួច​មក ប៉ូល​និយាយ​ថា​៖ ​«​ឥឡូវ​ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ភ័យ​ខ្លាច​ឡើយ គ្មាន​អ្នក​រាល់​គ្នា​ណា​ម្នាក់​នឹង​បាត់​បង់​ជីវិត​ទេ មាន​តែ​សំពៅ​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​បាត់​បង់​»។ (​សកម្ម. ២៧:២១, ២២​) ពាក្យ​សម្ដី​របស់​ប៉ូល​ប្រាកដ​ជា​បាន​លើក​ទឹក​ចិត្ត​ពួក​គេ! ប៉ូល​មុខ​ជា​សប្បាយ​ចិត្ត​ណាស់ ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​នូវ​ព័ត៌មាន​អំពី​សេចក្ដី​សង្ឃឹម ហើយ​ថា​គាត់​អាច​ចែក​រំលែក​ព័ត៌មាន​នោះ ដល់​អស់​អ្នក​ដែល​ជិះ​សំពៅ​ជា​មួយ​នឹង​គាត់។ ជា​ការ​សំខាន់​ដែល​យើង​គួរ​ចាំ​ថា ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវិត​មនុស្ស​ទាំង​អស់។ មនុស្ស​ម្នាក់​ៗ​មាន​តម្លៃ​ចំពោះ​លោក។ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ ​«​ព្រះ​យេហូវ៉ា . . . មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​បំផ្លាញ​ចោល​ឡើយ តែ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ឱកាស​ប្រែ​ចិត្ត​»។ (​២ពេ. ៣:៩​) ហេតុ​នេះ ការ​ប្រាប់​មនុស្ស​ឲ្យ​បាន​ច្រើន​អំពី​សេចក្ដី​សង្ឃឹម​ពី​ព្រះ​យេហូវ៉ា គឺ​ជា​រឿង​បន្ទាន់​ដែល​យើង​ត្រូវ​ធ្វើ! ជីវិត​ដ៏​មាន​តម្លៃ​របស់​មនុស្ស​ជា​ច្រើន​កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់។

១៥ ប៉ូល​ទំនង​ជា​បាន​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ជា​ច្រើន​នៅ​លើ​សំពៅ អំពី​‹សេចក្ដី​សង្ឃឹម​លើ​អ្វី​ដែល​ព្រះ​បាន​សន្យា›។ (​សកម្ម. ២៦:៦; កូឡ. ១:៥​) ឥឡូវ ដោយ​សារ​សំពៅ​ប្រហែល​ជា​នឹង​លិច ដូច្នេះ​ប៉ូល​អាច​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ​ថា ពួក​គេ​នឹង​រួច​ជីវិត​ពី​គ្រោះ​ថ្នាក់​ដែល​ជិត​មក​ដល់។ ប៉ូល​និយាយ​ថា​៖ ​«​យប់​មិញ ព្រះ​ដែល​ខ្ញុំ​គោរព​ប្រណិប័តន៍ . . . បាន​ចាត់​ទេវតា​មួយ​រូប​ឲ្យ​មក​ឈរ​នៅ​ជិត​ខ្ញុំ។ ទេវតា​នោះ​និយាយ​មក​ខ្ញុំ​ថា​៖ ‹ប៉ូល​អើយ កុំ​ខ្លាច​ឡើយ។ អ្នក​ត្រូវ​ឈរ​នៅ​មុខ​សេសារ ហើយ​មើល! ព្រះ​ក៏​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​កំពុង​រួម​ដំណើរ​ជា​មួយ​នឹង​អ្នក​ដែរ›​»។ ប៉ូល​ថែម​ទាំង​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា​៖ ​«​ដូច្នេះ កុំ​ភ័យ​ខ្លាច​ឡើយ ព្រោះ​ខ្ញុំ​ជឿ​ថា​ព្រះ​នឹង​សម្រេច​ដូច​អ្វី​ដែល​ទេវតា​នោះ​បាន​ប្រាប់​ខ្ញុំ។ ក៏​ប៉ុន្តែ យើង​នឹង​លិច​សំពៅ​នៅ​ជិត​កោះ​មួយ​»។—សកម្ម. ២៧:២៣​-​២៦

​«​ពួក​គេ​ទាំង​អស់​គ្នា​បាន​ទៅ​ដល់​គោក​ដោយ​សុវត្ថិភាព​»​ (​សកម្មភាព ២៧:២៧​-​៤៤​)

«​គាត់ . . . អរគុណ​ព្រះ​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា​»។—សកម្មភាព ២៧:៣៥

១៦, ១៧. ​(​ក​) តើ​ប៉ូល​បាន​យក​ឱកាស​អ្វី​ដើម្បី​អធិដ្ឋាន​នៅ​មុខ​ពួក​គេ? ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា? (​ខ​) តើ​អ្វី​ដែល​ប៉ូល​ប្រាប់​ពួក​គេ​ពី​មុន បាន​ក្លាយ​ជា​ការ​ពិត​យ៉ាង​ដូច​ម្ដេច?

១៦ បន្ទាប់​ពី​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​អស់​ពីរ​សប្ដាហ៍ សំពៅ​បាន​រសាត់​ប្រហែល​ចម្ងាយ​៨៧០​គីឡូ​ម៉ែត្រ។ ឥឡូវ​ពួក​នាវិក​អាច​ដឹង​ថា​សំពៅ​អណ្ដែត​ទៅ​ដល់​ណា​ហើយ ដោយ​សារ​ពួក​គេ​បាន​ឮ​សំឡេង​ទឹក​រលក​បោក​ច្រាំង។ ម្ល៉ោះ​ហើយ ពួក​គេ​ក៏​ទម្លាក់​យុថ្កា​ពី​កន្ទុយ​សំពៅ​ដើម្បី​កុំ​ឲ្យ​សំពៅ​រសាត់ ហើយ​ក៏​កាច់​ចង្កូត​សំពៅ​ទៅ​ឯ​ដី​គោក ក្រែង​លោ​អាច​ជួយ​សំពៅ​ឲ្យ​ទៅ​កាន់​ឆ្នេរ​បាន។ នៅ​ពេល​នោះ ពួក​គេ​ចាប់​ផ្ដើម​រក​វិធី​រត់​ចេញ​ពី​សំពៅ ប៉ុន្តែ​ត្រូវ​ពួក​ទាហាន​ឃាត់​ខ្លួន។ ប៉ូល​ប្រាប់​នាយ​ទាហាន និង​ទាហាន​ឯ​ទៀត​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​មិន​បាន​សង្គ្រោះ​ទេ បើ​បុរស​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​»។ ឥឡូវ​សំពៅ​មាន​ស្ថិរភាព​ជាង​មុន ដូច្នេះ​ប៉ូល​បាន​ទទូច​ឲ្យ​ពួក​គេ​គ្រប់​គ្នា​បរិភោគ​អាហារ ហើយ​ធានា​ប្រាប់​ពួក​គេ​ម្ដង​ទៀត​ថា ពួក​គេ​នឹង​មិន​ស្លាប់​ទេ។ បន្ទាប់​មក ប៉ូល​«​អរគុណ​ព្រះ​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា​»។ (​សកម្ម. ២៧:​៣១, ៣៥​) ការ​ដែល​ប៉ូល​អធិដ្ឋាន​ជា​សាធារណៈ គឺ​ជា​គំរូ​មួយ​សម្រាប់​លូកា អារីស្តាក និង​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ។ ពេល​យើង​អធិដ្ឋាន​តំណាង​អ្នក​ឯ​ទៀត តើ​ការ​អធិដ្ឋាន​របស់​យើង​ផ្ដល់​ការ​សម្រាល​ទុក្ខ​និង​លើក​ទឹក​ចិត្ត​ពួក​គេ​ឬ​ទេ?

១៧ លុះ​ប៉ូល​អធិដ្ឋាន​ចប់ ​«​ពួក​គេ​ទាំង​អស់​គ្នា​ក៏​លែង​ភ័យ​ខ្លាច​ទៀត ហើយ​យក​អាហារ​មក​បរិភោគ​»។ (​សកម្ម. ២៧:​៣៦​) ពេល​បរិភោគ​ឆ្អែត ពួក​គេ​ក៏​បោះ​ស្រូវ​ទៅ​ក្នុង​សមុទ្រ​ដើម្បី​ឲ្យ​សំពៅ​ស្រាល​ជាង។ នេះ​អាច​ជួយ​សំពៅ​ឲ្យ​អណ្ដែត​ទៅ​ដល់​ឆ្នេរ។ លុះ​ភ្លឺ​ឡើង ពួក​នាវិក​កាត់​ខ្សែ​ឲ្យ​យុថ្កា​ធ្លាក់​ទៅ​ក្នុង​សមុទ្រ ហើយ​ស្រាយ​ខ្សែ​ចង្កូត រួច​លើក​ក្ដោង​មុខ​ឡើង​ឲ្យ​ចំ​ខ្យល់ ហើយ​បើក​សំពៅ​ឆ្ពោះ​ទៅ​កាន់​ឆ្នេរ។ បន្ទាប់​មក ក្បាល​សំពៅ​ក៏​ទៅ​មុខ​លែង​រួច ប្រហែល​ជា​កឿង​លើ​ផ្នូក​ខ្សាច់​ឬ​លើ​ភក់។ រីឯ​កន្ទុយ​សំពៅ​ក៏​ត្រូវ​រលក​វាយ​បោក​ផ្ទប់​យ៉ាង​ខ្លាំង រហូត​ដល់​បែក​ជា​បំណែក​ៗ។ ឃើញ​ដូច្នេះ ពួក​ទាហាន​ខ្លះ​ចង់​សម្លាប់​ពួក​អ្នក​ទោស​ចោល ដើម្បី​កុំ​ឲ្យ​ពួក​គេ​គេច​ខ្លួន។ ប៉ុន្តែ យូលាស​បាន​ឃាត់​ពួក​ទាហាន រួច​បង្គាប់​ឲ្យ​គ្រប់​គ្នា​ហែល​ទឹក​ឬ​តោង​បន្ទះ​ក្ដារ​បណ្ដែត​ខ្លួន​ទៅ​ឯ​ឆ្នេរ។ អ្វី​ដែល​ប៉ូល​ប្រាប់​ពួក​គេ​ពី​មុន បាន​ក្លាយ​ជា​ការ​ពិត​មែន គឺ​មនុស្ស​២៧៦​នាក់​រស់​ទាំង​អស់។ ត្រូវ​ណាស់​«​ពួក​គេ​ទាំង​អស់​គ្នា​បាន​ទៅ​ដល់​គោក​ដោយ​សុវត្ថិភាព​»។ ប៉ុន្តែ តើ​ពួក​គេ​បាន​ទៅ​ដល់​កន្លែង​ណា?—សកម្ម. ២៧:៤៤

​«​ចិត្ត​សប្បុរស​ក្រៃ​លែង​»​ (​សកម្មភាព ២៨:១​-​១០​)

១៨​-​២០. តើ​តាម​របៀប​ណា​ពួក​អ្នក​កោះ​ម៉ល់តា​បង្ហាញ​«​ចិត្ត​សប្បុរស​ក្រៃ​លែង​»​? ហើយ​តើ​ព្រះ​បាន​ធ្វើ​អព្ភូតហេតុ​បែប​ណា​តាម​រយៈ​ប៉ូល?

១៨ នៅ​ទី​បំផុត ពួក​គេ​បាន​ហែល​មក​ដល់​កោះ​ម៉ល់តា ដែល​នៅ​ខាង​ត្បូង​ស្រុក​ស៊ីស៊ីលី។ (​សូម​មើល​ប្រអប់​«​ តើ​កោះ​ម៉ល់តា​នៅ​ឯ​ណា?​»​) ពួក​អ្នក​កោះ​បាន​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ ដោយ​«​ចិត្ត​សប្បុរស​ក្រៃ​លែង​»។ (​សកម្ម. ២៨:២​) ពួក​អ្នក​កោះ​បាន​ដុត​ភ្នក់​ភ្លើង​ឲ្យ​មនុស្ស​ប្លែក​មុខ​ទាំង​នេះ ដែល​ទើប​តែ​មក​ដល់​ឆ្នេរ​ទាំង​ខ្លួន​សើម​និង​ញ័រ​ទទ្រើត។ ភ្នក់​ភ្លើង​បាន​ជួយ​ពួក​គេ​ឲ្យ​កម្ដៅ​ខ្លួន ទោះ​ជា​អាកាសធាតុ​ត្រជាក់ ហើយ​មេឃ​ធ្លាក់​ភ្លៀង​ក៏​ដោយ។ នេះ​ក៏​នាំ​ឲ្យ​មាន​ហេតុ​ការណ៍​មួយ​ទៀត​ដែរ។

១៩ ប៉ូល​មិន​ចង់​នៅ​ស្ងៀម​ទេ គាត់​ក៏​ទៅ​ជួយ​រើស​អុស​ពួក​អ្នក​កោះ ហើយ​យក​មក​ដុត​ក្នុង​ភ្នក់​ភ្លើង ស្រាប់​តែ​មាន​ពស់​ពិស​មួយ​ក្បាល ចេញ​មក​ចឹក​ដៃ​គាត់​ជាប់។ ពេល​ឃើញ​ដូច្នេះ ពួក​អ្នក​កោះ​ម៉ល់តា​គិត​ថា នេះ​គឺ​ជា​ទណ្ឌកម្ម​ដែល​មក​ពី​ព្រះ។ a

២០ ពួក​អ្នក​កោះ​ដែល​បាន​ឃើញ​ពស់​ចឹក​ប៉ូល ពួក​គេ​ចាំ​មើល​ថា​គាត់​នឹង​«​ហើម​ខ្លួន​»​ឬ​យ៉ាង​ណា។ យោង​តាម​សៀវភៅ​មួយ ពាក្យ​ភាសា​ដើម​ដែល​បាន​ប្រើ​ក្នុង​ខ​នោះ គឺ​ជា​«​ពាក្យ​វេជ្ជសាស្ត្រ​»។ ហេតុ​នេះ មិន​ចម្លែក​ទេ​ដែល​«​លូកា​ដែល​ជា​គ្រូ​ពេទ្យ​ជា​ទី​ស្រឡាញ់​»​ អាច​គិត​ឃើញ​ពាក្យ​បែប​នោះ​បាន។ (​សកម្ម. ២៨:៦; កូឡ. ៤:១៤​) ប៉ុន្តែ ប៉ូល​បាន​រលាស់​សត្វ​ពស់​នោះ​ទៅ​ក្នុង​ភ្លើង ហើយ​គាត់​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ។

២១. ​(​ក​) តើ​មាន​ឧទាហរណ៍​អ្វី​អំពី​ភាព​ត្រឹម​ត្រូវ​ក្នុង​កំណត់​ហេតុ​ដែល​លូកា​បាន​សរសេរ? (​ខ​) តើ​ប៉ូល​បាន​ធ្វើ​អព្ភូតហេតុ​អ្វី? ហើយ​តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​អ្នក​កោះ​ម៉ល់តា?

២១ មាន​ម្ចាស់​ដី​ដ៏​ស្ដុក​ស្ដម្ភ​ម្នាក់​ឈ្មោះ​ផឹបភ្លាស រស់​នៅ​ក្នុង​តំបន់​នោះ។ គាត់​ប្រហែល​ជា​មន្ត្រី​រ៉ូម​ដែល​មាន​តួ​នាទី​សំខាន់​នៅ​លើ​កោះ​ម៉ល់តា។ លូកា​បាន​រៀប​រាប់​អំពី​គាត់​ថា ជា​«​អ្នក​ធំ​ជាង​គេ​នៅ​កោះ​នោះ​»។ ពាក្យ​«​អ្នក​ធំ​ជាង​គេ​នៅ​កោះ​»​ បាន​ត្រូវ​រក​ឃើញ​ក្នុង​សិលា​ចារឹក​ពីរ​ផ្ទាំង​នៅ​កោះ​ម៉ល់តា។ ផឹបភ្លាស​បាន​ទទួល​ស្វាគមន៍​ប៉ូល​និង​គ្នា​របស់​គាត់​យ៉ាង​រាក់​ទាក់​អស់​បី​ថ្ងៃ។ ប៉ុន្តែ ឪពុក​របស់​ផឹបភ្លាស​បាន​ធ្លាក់​ខ្លួន​ឈឺ។ ម្ដង​ទៀត លូកា​បាន​រៀប​រាប់​រោគ​សញ្ញា​នៃ​ជំងឺ​នោះ​យ៉ាង​ត្រឹម​ត្រូវ​តាម​ផ្នែក​វេជ្ជសាស្ត្រ។ គាត់​សរសេរ​ថា​ឪពុក​ផឹបភ្លាស​«​ឈឺ​គ្រុន​ក្ដៅ​និង​រាក​មួល​»។ ប៉ូល​បាន​អធិដ្ឋាន ហើយ​ដាក់​ដៃ​លើ​ឪពុក​ផឹបភ្លាស រួច​គាត់​ក៏​ជា​សះ​ស្បើយ។ ពេល​ឃើញ​អព្ភូតហេតុ​នេះ ពួក​អ្នក​កោះ​កោត​ស្ងើច​ក្នុង​ចិត្ត​ជា​ខ្លាំង។ ម្ល៉ោះ​ហើយ ពួក​គេ​បាន​នាំ​អ្នក​ជំងឺ​ឯ​ទៀត​មក​ឲ្យ​ប៉ូល​ជួយ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ ថែម​ទាំង​បាន​យក​អំណោយ​ជា​ច្រើន​សម្រាប់​ប៉ូល​និង​គ្នា​របស់​គាត់​ទៀត​ផង។—សកម្ម. ២៨:៧​-​១០

២២. ​(​ក​) ស្ដី​អំពី​កំណត់​ហេតុ​របស់​លូកា​អំពី​ការ​ជិះ​សំពៅ​ទៅ​ក្រុង​រ៉ូម តើ​សាស្ត្រាចារ្យ​ម្នាក់​បាន​សរសើរ​យ៉ាង​ណា? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​ជំពូក​បន្ទាប់?

២២ មក​ដល់​ត្រឹម​នេះ យើង​ទើប​តែ​បាន​មើល​មួយ​ផ្នែក​នៃ​ការ​ធ្វើ​ដំណើរ​របស់​ប៉ូល ហើយ​ឃើញ​ថា​នោះ​ជា​ដំណើរ​រឿង​ត្រឹម​ត្រូវ​និង​ពិត​ប្រាកដ។ សាស្ត្រាចារ្យ​ម្នាក់​បាន​និយាយ​ថា​៖ ​«​កំណត់​ហេតុ​របស់​លូកា . . . លេច​ធ្លោ ដែល​ជា​ការ​ពិពណ៌នា​ដ៏​រស់​រវើក​បំផុត​ក្នុង​សំណេរ​គម្ពីរ​ទាំង​មូល។ កំណត់​ហេតុ​របស់​លូកា​រៀប​រាប់​យ៉ាង​លម្អិត និង​ជាក់​ស្ដែង​អំពី​ការ​ធ្វើ​ដំណើរ​តាម​សំពៅ​នៅ​សតវត្សរ៍​ទី​១ ហើយ​ក៏​បាន​ប្រាប់​យ៉ាង​ច្បាស់​លាស់​អំពី​ស្ថានភាព​នៅ​ខាង​កើត​សមុទ្រ​មេឌីទែរ៉ានេ​»។ នេះ​ច្បាស់​ជា​មាន​មូលដ្ឋាន​លើ​អ្វី​ដែល​លូកា​បាន​ឃើញ​និង​បាន​កត់​ទុក។ គាត់​ប្រហែល​ជា​បាន​សរសេរ​រឿង​ទាំង​នេះ ក្នុង​អំឡុង​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ជា​មួយ​សាវ័ក​ប៉ូល។ បើ​ដូច្នេះ​មែន គាត់​មុខ​ជា​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​សរសេរ​អំពី​ការ​ធ្វើ​ដំណើរ​នៅ​ផ្នែក​បន្ទាប់​ទៀត។ តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ប៉ូល ពេល​ដែល​គាត់​ទៅ​ដល់​ក្រុង​រ៉ូម? សូម​យើង​មើល​ជា​មួយ​គ្នា។

a ការ​ដែល​ពួក​អ្នក​កោះ​ស្គាល់​ច្បាស់​នូវ​ពស់​ពិស​ប្រភេទ​នេះ​បញ្ជាក់​ថា ពស់​នេះ​មាន​នៅ​លើ​កោះ​ម៉ល់តា​យូរ​មក​ហើយ។ ប៉ុន្តែ បច្ចុប្បន្ន​ពស់​ពិស​ដូច​នេះ មិន​មាន​នៅ​លើ​កោះ​ម៉ល់តា​ទៀត​ទេ។ នោះ​អាច​មក​ពី​កត្តា​បម្រែ​បម្រួល​បរិស្ថាន​អស់​ជា​ច្រើន​សតវត្សរ៍ ឬ​ដោយ​សារ​កំណើន​ប្រជាជន​នៅ​លើ​កោះ​ម៉ល់តា។