ជំពូកទី២៨
«រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»
សាក្សីព្រះយេហូវ៉ាបន្តធ្វើកិច្ចការដែលពួកអ្នកកាន់តាមលោកយេស៊ូគ្រិស្តបានចាប់ផ្ដើម នៅសតវត្សរ៍ទី១ គ.ស.
១. តើមានភាពស្រដៀងគ្នាអ្វី រវាងគ្រិស្តសាសនិកនៅសម័យដើមនិងសាក្សីព្រះយេហូវ៉ានៅសព្វថ្ងៃនេះ?
ពួកអ្នកកាន់តាមគ្រិស្ត ខិតខំផ្សព្វផ្សាយយ៉ាងខ្នះខ្នែង។ ចិត្តរបស់ពួកគេបានជំរុញពួកគេឲ្យទទួលយកជំនួយ និងការណែនាំពីឫទ្ធានុភាពបរិសុទ្ធ។ ទោះជាមានការបៀតបៀនខ្លាំងយ៉ាងណា ក៏មិនអាចបំបិទមាត់ពួកអ្នកកាន់តាមគ្រិស្តមិនឲ្យផ្សព្វផ្សាយបានដែរ។ ដូច្នេះ ព្រះបានឲ្យពរពួកគេជាបរិបូរ។ អ្វីទាំងនេះពិតជាបានកើតឡើងចំពោះគ្រិស្តសាសនិកនៅសម័យដើម ក៏ដូចជាសាក្សីព្រះយេហូវ៉ានៅសព្វថ្ងៃនេះ។
២, ៣. តើក្នុងសៀវភៅសកម្មភាពមានអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាពិសេស?
២ អ្នកប្រាកដជាបានទទួលការលើកទឹកចិត្តពីកំណត់ហេតុ ក្នុងសៀវភៅសកម្មភាពរបស់ពួកសាវ័ក ដែលពោរពេញទៅដោយព្រឹត្តិការណ៍ដែលពង្រឹងជំនឿ! សៀវភៅសកម្មភាពខុសប្លែកពីសៀវភៅឯទៀតទាំងអស់របស់ពិភពលោកនេះ ពីព្រោះនោះជាសៀវភៅប្រវត្តិសាស្ត្រតែមួយគត់ ដែលព្រះបានដឹកនាំមនុស្សឲ្យសរសេរអំពីគ្រិស្តសាសនានៅសម័យដើម។
៣ សៀវភៅសកម្មភាពមានរាយឈ្មោះមនុស្សចំនួន៩៥នាក់ មកពី៣២តំបន់ ៥៤ក្រុង និង៩កោះ។ នោះជាកំណត់ហេតុដ៏គួរឲ្យរំភើបចិត្តណាស់។ ក្នុងនោះរៀបរាប់អំពី ជនសាមញ្ញ ពួកអ្នកកាន់សាសនាមិនពិតដ៏ក្រអឺតក្រទម ពួកអ្នកនយោបាយដ៏អួតក្អេងក្អាង និងពួកអ្នកបៀតបៀនដែលពេញដោយកំហឹង។ ប៉ុន្តែសំខាន់បំផុត កំណត់ហេតុក្នុងសៀវភៅនោះ គឺនិយាយអំពីបងប្អូនប្រុសស្រីនៅសតវត្សរ៍ទី១។ បងប្អូនទាំងនេះមិនត្រឹមតែអាចយកឈ្នះបញ្ហាក្នុងជីវិតប៉ុណ្ណោះទេ តែពួកគាត់ក៏បានផ្សព្វផ្សាយដំណឹងល្អដោយចិត្តខ្នះខ្នែងដែរ។
៤. ហេតុអ្វីបានជាយើងមានចំណងពិសេសជាមួយនឹងគ្រិស្តសាសនិកស្មោះត្រង់នៅសម័យដើម ដូចជាសាវ័កប៉ូល តាប៊ីថា និងសាក្សីឯទៀត?
៤ ទោះជាពេត្រុសនិងប៉ូលដែលជាសាវ័កដ៏ក្លៀវក្លា លូកាដែលជាគ្រូពេទ្យជាទីស្រឡាញ់ បាណាបាសដែលមានចិត្តទូលាយ ស្ទេផានដែលមានចិត្តអង់អាច តាប៊ីថាដ៏មានចិត្តសប្បុរស លីឌាដែលបង្ហាញចិត្តរាក់ទាក់ និងសាក្សីស្មោះត្រង់ជាច្រើននាក់ទៀត ធ្លាប់រស់នៅជិត២.០០០ឆ្នាំមុនក៏ដោយ យើងមានចំណងពិសេសជាមួយនឹងពួកគាត់។ ហេតុអ្វី? ពីព្រោះយើងមានភារកិច្ចដូចពួកគាត់ គឺការទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត។ (ម៉ាថ. ២៨:១៩, ២០) ពិតជាកិត្តិយសណាស់ ដែលយើងអាចរួមចំណែកក្នុងកិច្ចការនេះ!
៥. តើពួកអ្នកកាន់តាមលោកយេស៊ូនៅសម័យដើមចាប់ផ្ដើមផ្សព្វផ្សាយនៅឯណា?
៥ សូមពិចារណាម្ដងទៀតអំពីភារកិច្ច ដែលលោកយេស៊ូបានផ្ដល់ឲ្យពួកអ្នកកាន់តាមលោក។ លោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងទទួលឫទ្ធានុភាព ពេលឫទ្ធានុភាពបរិសុទ្ធរបស់ព្រះមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំនៅក្រុងយេរូសាឡិម នៅតំបន់យូឌាទាំងមូល នៅទូទាំងស្រុកសាម៉ារី និងរហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ (សកម្ម. ១:៨) មុនដំបូង ឫទ្ធានុភាពបរិសុទ្ធដឹកនាំពួកអ្នកកាន់តាមឲ្យផ្សព្វផ្សាយ«នៅក្រុងយេរូសាឡិម»។ (សកម្ម. ១:១–៨:៣) បន្ទាប់មក ឫទ្ធានុភាពបរិសុទ្ធដឹកនាំពួកគេឲ្យផ្សព្វផ្សាយ«នៅតំបន់យូឌាទាំងមូល [និង]នៅទូទាំងស្រុកសាម៉ារី»។ (សកម្ម. ៨:៤–១៣:៣) ក្រោយមកទៀត ពួកគេចាប់ផ្ដើមនាំយកដំណឹងល្អ «រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។—សកម្ម. ១៣:៤–២៨:៣១
៦, ៧. តើយើងមានអ្វីខ្លះសម្រាប់ផ្សព្វផ្សាយដែលគ្រិស្តសាសនិកនៅសតវត្សរ៍ទី១មិនមាន?
៦ បងប្អូននៅសតវត្សរ៍ទី១ មិនមានគម្ពីរទាំងមូលសម្រាប់ប្រើក្នុងការផ្សព្វផ្សាយទេ។ យ៉ាងហោចណាស់ រហូតដល់ឆ្នាំ៤១ គ.ស. ទើបមានសៀវភៅដំណឹងល្អដែលរៀបរាប់ដោយម៉ាថាយ។ ប៉ូលបានសរសេរសំបុត្រមួយចំនួន មុនដែលសៀវភៅសកម្មភាពបានត្រូវសរសេរចប់ប្រហែលនៅឆ្នាំ៦១ គ.ស.។ យ៉ាងណាក៏ដោយ គ្រិស្តសាសនិកនៅសម័យដើមមិនមានច្បាប់ចម្លងទាំងស្រុងនៃគម្ពីរបរិសុទ្ធឡើយ ហើយពួកគេក៏មិនមានសៀវភៅផ្សេងៗដើម្បីចែកដល់អ្នកចាប់អារម្មណ៍ដែរ។ មុនពេលក្លាយជាអ្នកកាន់តាមលោកយេស៊ូ អ្នកជឿដែលជាជនជាតិយូដាធ្លាប់ឮបទគម្ពីរជាភាសាហេប្រឺ ដែលគេអាននៅឯសាលាប្រជុំ។ (២កូ. ៣:១៤-១៦) ទោះជាពួកគេធ្លាប់ឮក្ដី ពួកគេត្រូវឧស្សាហ៍សិក្សានិងទន្ទេញបទគម្ពីរ ពីព្រោះពួកគេប្រហែលជាត្រូវប្រាប់បទគម្ពីរដែលពួកគេចាំដល់ម្ចាស់ផ្ទះ។
៧ នៅសព្វថ្ងៃ យើងភាគច្រើនមានគម្ពីរ និងមានសៀវភៅច្រើនណាស់ដែលមានមូលដ្ឋានពីគម្ពីរ។ យើងកំពុងបង្រៀនអ្នកឯទៀតឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត ដោយប្រកាសដំណឹងល្អនៅ២៤០ប្រទេស និងក្នុងភាសាជាច្រើន។
ឫទ្ធានុភាពបរិសុទ្ធដឹកនាំពួកគេ
៨, ៩. (ក) តើឫទ្ធានុភាពបរិសុទ្ធបានជួយពួកអ្នកកាន់តាមលោកយេស៊ូឲ្យធ្វើអ្វី? (ខ) តើឫទ្ធានុភាពបរិសុទ្ធរបស់ព្រះជួយខ្ញុំបម្រើដ៏ស្មោះត្រង់ឲ្យបោះពុម្ពអ្វីខ្លះ?
៨ ពេលលោកយេស៊ូបង្គាប់ពួកអ្នកកាន់តាមឲ្យផ្សព្វផ្សាយ លោកបានប្រាប់ពួកគេថា៖ «អ្នករាល់គ្នានឹងទទួលឫទ្ធានុភាព ពេលឫទ្ធានុភាពបរិសុទ្ធរបស់ព្រះមកសណ្ឋិតលើអ្នករាល់គ្នា»។ ក្រោមការដឹកនាំនៃឫទ្ធានុភាពរបស់ព្រះ ដែលជាកម្លាំងដ៏ខ្លាំងក្លារបស់លោក ពួកអ្នកកាន់តាមលោកយេស៊ូនឹងផ្សព្វផ្សាយរហូតដល់ពេញផែនដី។ តាមរយៈឫទ្ធានុភាពបរិសុទ្ធ ពេត្រុសនិងប៉ូលបានធ្វើឲ្យមនុស្សឈឺជាសះស្បើយ បណ្ដេញពួកវិញ្ញាណកំណាច ព្រមទាំងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ! ក៏ប៉ុន្តែ ព្រះផ្ដល់ឫទ្ធានុភាពបរិសុទ្ធឲ្យពួកគាត់ គឺក្នុងគោលបំណងសំខាន់ជាងនោះ។ ឫទ្ធានុភាពពីព្រះបានជួយពួកសាវ័កនិងពួកអ្នកកាន់តាម ឲ្យប្រាប់មនុស្សឯទៀតនូវចំណេះត្រឹមត្រូវ ដែលនាំទៅដល់ជីវិតគ្មានទីបញ្ចប់។—យ៉ូន. ១៧:៣
៩ នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ពួកអ្នកកាន់តាមលោកយេស៊ូចាប់ផ្ដើមនិយាយ«ភាសាផ្សេងៗ តាមដែលឫទ្ធានុភាពនោះបានឲ្យពួកគាត់និយាយ»។ ដូច្នេះ ពួកគាត់បានធ្វើជាសាក្សីបញ្ជាក់អំពី«ការដ៏រុងរឿងរបស់ព្រះ»។ (សកម្ម. ២:១-៤, ១១) នៅសព្វថ្ងៃ ព្រះមិនធ្វើអព្ភូតហេតុដើម្បីឲ្យយើងនិយាយភាសាផ្សេងៗទេ។ ប៉ុន្តែ ដោយមានជំនួយពីឫទ្ធានុភាពរបស់ព្រះ ខ្ញុំបម្រើដ៏ស្មោះត្រង់កំពុងបោះពុម្ពសៀវភៅដែលមានមូលដ្ឋានលើគម្ពីរ ក្នុងភាសាជាច្រើន។ ជាឧទាហរណ៍ រៀងរាល់ខែទស្សនាវដ្ដីប៉មយាម និងទស្សនាវដ្ដីភ្ញាក់រឭក! បានត្រូវបោះពុម្ពរាប់លានក្បាល ហើយគេហទំព័ររបស់យើង jw.org មានសៀវភៅនិងវីដេអូផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ ក្នុងជាង១.០០០ភាសា។ អ្វីទាំងអស់នេះជួយយើងឲ្យប្រកាសអំពី«ការដ៏រុងរឿងរបស់ព្រះ» ដល់មនុស្សគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ និងគ្រប់ភាសា។—បប. ៧:៩
១០. តាំងពីឆ្នាំ១៩៨៩ តើការបកប្រែគម្ពីរកើនឡើងដល់កម្រិតណា?
១០ តាំងពីឆ្នាំ១៩៨៩ ខ្ញុំបម្រើដ៏ស្មោះត្រង់បានផ្ដោតជាពិសេស ទៅលើការបោះពុម្ពគម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ក្នុងភាសាជាច្រើន។ បច្ចុប្បន្ន គម្ពីរនេះបានត្រូវបកប្រែច្រើនជាង២០០ភាសា ហើយបានត្រូវបោះពុម្ពរាប់សិបលានក្បាល តែនឹងបន្តកើនឡើងថែមទៀត។ មានតែព្រះយេហូវ៉ានិងឫទ្ធានុភាពរបស់លោកប៉ុណ្ណោះ ដែលអាចធ្វើឲ្យការខំប្រឹងបែបនេះទទួលបានជោគជ័យ។
១១. ការដែលសាក្សីព្រះយេហូវ៉ាខំព្យាយាមបកប្រែសៀវភៅផ្សេងៗ តើនាំឲ្យមានលទ្ធផលអ្វីខ្លះ?
១១ គ្រិស្តសាសនិករាប់ពាន់នាក់ស្ម័គ្រចិត្តធ្វើកិច្ចការបកប្រែនៅជាង១៥០ប្រទេសនិងតំបន់។ នេះពិតជាអស្ចារ្យណាស់! ពីព្រោះគ្មានអង្គការណាផ្សេងទៀតនៅផែនដី ដែលបានត្រូវដឹកនាំដោយឫទ្ធានុភាពបរិសុទ្ធឲ្យ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»នៅទូទាំងពិភពលោក អំពីព្រះយេហូវ៉ា អំពីមេស្ស៊ីដែលជាស្ដេច និងអំពីរាជាណាចក្រដែលបានត្រូវបង្កើតឡើងនៅស្ថានសួគ៌នោះឡើយ!—សកម្ម. ២៨:២៣
១២. ហេតុអ្វីប៉ូលនិងគ្រិស្តសាសនិកឯទៀតអាចបំពេញកិច្ចបម្រើរបស់ខ្លួនបាន?
១២ ពេលប៉ូលផ្សព្វផ្សាយដល់ជនជាតិយូដា និងជនជាតិដទៃនៅក្រុងអាន់ទីយ៉ូកក្នុងតំបន់ភីស៊ីឌា នោះ«អស់អ្នកដែលមានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់ បានក្លាយទៅជាអ្នកជឿ»។ (សកម្ម. ១៣:៤៨) នៅចុងបញ្ចប់នៃសៀវភៅសកម្មភាព លូកាបានសរសេរថា ប៉ូលកំពុង‹ផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ ដោយក្លាហានបំផុត និងដោយគ្មានអ្វីមករារាំងគាត់ឡើយ›។ (សកម្ម. ២៨:៣១) តើសាវ័កប៉ូលផ្សព្វផ្សាយនៅឯណា? គឺនៅក្រុមរ៉ូម ជារាជធានីរបស់មហាអំណាចពិភពលោក! មិនថាក្នុងការថ្លែងសុន្ទរកថាឬបំពេញកិច្ចការផ្សេងទៀតទេ ពួកអ្នកកាន់តាមលោកយេស៊ូនៅសម័យដើម តែងតែធ្វើកិច្ចបម្រើផ្សាយដោយមានជំនួយនិងការណែនាំពីឫទ្ធានុភាពបរិសុទ្ធ។
ទោះជាមានការបៀតបៀនក្ដី នៅតែតស៊ូជានិច្ច
១៣. ហេតុអ្វីយើងត្រូវអធិដ្ឋានពេលជួបការបៀតបៀន?
១៣ ពេលដែលពួកអ្នកកាន់តាមលោកយេស៊ូនៅសម័យដើមជួបប្រទះការបៀតបៀន ពួកគេ តែងអង្វរសុំព្រះយេហូវ៉ាជួយពួកគេឲ្យមានចិត្តក្លាហាន។ តើមានលទ្ធផលយ៉ាងណា? ពួកគេទាំងអស់គ្នាពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ ហើយប្រកាសបណ្ដាំរបស់ព្រះដោយចិត្តអង់អាច។ (សកម្ម. ៤:១៨-៣១) ស្រដៀងគ្នាដែរ យើងក៏អធិដ្ឋានទៅព្រះសុំប្រាជ្ញានិងកម្លាំងដើម្បីបន្តផ្សព្វផ្សាយ ទោះជាមានការបៀតបៀនក៏ដោយ។ (យ៉ា. ១:២-៨) យើងអាចបន្តផ្សព្វផ្សាយបាន ដោយសារយើងទទួលពរពីព្រះនិងជំនួយពីឫទ្ធានុភាពរបស់លោក។ គ្មានអ្វីអាចបញ្ឈប់កិច្ចការផ្សព្វផ្សាយបានឡើយ មិនថាមានការប្រឆាំងយ៉ាងខ្លាំង ឬការបៀតបៀនដ៏ឃោរឃៅនោះទេ។ ពេលយើងជួបការបៀតបៀន យើងប្រាកដជាត្រូវអធិដ្ឋានសុំឫទ្ធានុភាពបរិសុទ្ធ ប្រាជ្ញា និងចិត្តក្លាហាន ដើម្បីបន្តប្រកាសដំណឹងល្អ។—លូក. ១១:១៣
១៤, ១៥. (ក) តើមានអ្វីកើតឡើងដោយសារ«ការបៀតបៀនដែលបានកើតមកពីរឿងស្ទេផាន»? (ខ) នៅសម័យយើង តើមនុស្សជាច្រើននៅតំបន់ស៊ីបេរីបានរៀនសេចក្ដីពិតដោយរបៀបណា?
១៤ មុនពេលដែលស្ទេផានស្លាប់ក្នុងកណ្ដាប់ដៃរបស់ពួកសត្រូវ គាត់បានធ្វើជាសាក្សីបញ្ជាក់យ៉ាងក្លាហាន។ (សកម្ម. ៦:៥; ៧:៥៤-៦០) បន្ទាប់មក ការ«បៀតបៀនយ៉ាងខ្លាំង»ក៏ផ្ទុះឡើង ហើយពួកអ្នកកាន់តាមគ្រិស្តទាំងអស់បានត្រូវខ្ចាត់ខ្ចាយពេញតំបន់យូឌា និងតំបន់សាម៉ារី លើកលែងតែពួកសាវ័ក។ ប៉ុន្តែ នោះមិនបានធ្វើឲ្យពួកគេឈប់ផ្សព្វផ្សាយឡើយ។ ជាឧទាហរណ៍ ភីលីពបានទៅតំបន់សាម៉ារី ដើម្បី‹ផ្សព្វផ្សាយប្រាប់បណ្ដាជនអំពីគ្រិស្ត› ហើយនេះនាំឲ្យមានលទ្ធផលល្អណាស់។ (សកម្ម. ៨:១-៨, ១៤, ១៥, ២៥) បន្ថែមទៅទៀត គម្ពីរប្រាប់ថា៖ «អស់អ្នកដែលបានត្រូវខ្ចាត់ខ្ចាយដោយសារការបៀតបៀនដែលបានកើតមកពីរឿងស្ទេផាន ពួកគេក៏បានទៅរហូតដល់ស្រុកភេនីស៊ី កោះគីប្រុស និងក្រុងអាន់ទីយ៉ូក តែពួកគេផ្សព្វផ្សាយដល់តែជនជាតិយូដាប៉ុណ្ណោះ។ ក៏ប៉ុន្តែ ក្នុងចំណោមពួកគាត់ មានបុរសខ្លះពីកោះគីប្រុសនិងក្រុងគីរេនបានមកក្រុងអាន់ទីយ៉ូក ហើយចាប់ផ្ដើមផ្សព្វផ្សាយដល់ពួកអ្នកដែលនិយាយភាសាក្រិច ដោយប្រកាសប្រាប់ពួកគេនូវដំណឹងល្អអំពីលោកម្ចាស់យេស៊ូ»។ (សកម្ម. ១១:១៩, ២០) ពេលនោះ ការបៀតបៀនបានធ្វើឲ្យដំណឹងនៃរាជាណាចក្ររីកសុសសាយ។
១៥ នៅសម័យយើង រឿងស្រដៀងគ្នាបានកើតឡើងនៅអតីតសហភាពសូវៀត។ ជាពិសេស ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ សាក្សីព្រះយេហូវ៉ារាប់ពាន់នាក់បានត្រូវនិរទេសទៅតំបន់ស៊ីបេរី។ កាលដែលពួកគេបែកខ្ញែកគ្នាទៅតាមទីតាំងផ្សេងៗ នោះដំណឹងល្អបន្តរីកដុះដាលនៅក្នុងទឹកដីដ៏ធំនោះ។ បើសាក្សីព្រះយេហូវ៉ាគ្នាច្រើនដូចនោះ ចង់ធ្វើដំណើរដល់ទៅ១០.០០០គីឡូម៉ែត្រ ដើម្បីផ្សាយដំណឹងល្អ នោះច្បាស់ជាមិនអាចមានប្រាក់គ្រប់គ្រាន់ទេ! បើនិយាយឲ្យត្រង់ទៅ គឺរដ្ឋាភិបាលជាអ្នកបញ្ជូនពួកគេឲ្យទៅកន្លែងផ្សេងៗក្នុងប្រទេសនោះ។ បងប្រុសម្នាក់និយាយថា៖ «ដូច្នេះ រដ្ឋាភិបាលខ្លួនឯង ដែលបានជួយមនុស្សស្មោះត្រង់រាប់ពាន់នាក់នៅតំបន់ស៊ីបេរី ឲ្យស្គាល់សេចក្ដីពិត»។
ព្រះយេហូវ៉ាបានឲ្យពរយ៉ាងហៀរហូរ
១៦, ១៧. តើសៀវភៅសកម្មភាពផ្ដល់ភ័ស្តុតាងអ្វីដែលបញ្ជាក់ថា ព្រះយេហូវ៉ាផ្ដល់ពរដល់កិច្ចការផ្សព្វផ្សាយ?
១៦ ជាក់ស្ដែងណាស់ថា គ្រិស្តសាសនិកនៅសម័យដើមបានទទួលពរពីព្រះយេហូវ៉ា។ ពិតមែន ថាប៉ូលនិងបងប្អូនឯទៀតបានដាំនិងស្រោចទឹក «តែព្រះបានធ្វើឲ្យដុះលូតលាស់»។ (១កូ. ៣:៥, ៦) កំណត់ហេតុក្នុងសៀវភៅសកម្មភាពផ្ដល់ភ័ស្តុតាងយ៉ាងច្បាស់ថា ការដុះលូតលាស់បែបនោះ គឺដោយសារព្រះយេហូវ៉ាឲ្យពរដល់កិច្ចការផ្សព្វផ្សាយរបស់ពួកគេ។ ជាឧទាហរណ៍ «បណ្ដាំរបស់ព្រះបានបន្តចម្រើនឡើង [ហើយ]ចំនួនអ្នកកាន់តាមនៅក្រុងយេរូសាឡិមកើនឡើងច្រើនក្រៃលែង»។ (សកម្ម. ៦:៧) ដោយសារកិច្ចការផ្សព្វផ្សាយរីកសុសសាយ នោះ«ក្រុមជំនុំទាំងមូលនៃតំបន់យូឌា ស្រុកកាលីឡេ និងស្រុកសាម៉ារី មានសេចក្ដីសុខសាន្តមួយគ្រា ហើយបានត្រូវពង្រឹងឲ្យមាំមួនឡើង។ ពួកគេរស់នៅដោយកោតខ្លាចព្រះយេហូវ៉ា ហើយទទួលកម្លាំងពីឫទ្ធានុភាពបរិសុទ្ធ ព្រមទាំងបានចម្រើនឡើងជានិច្ច»។—សកម្ម. ៩:៣១
១៧ នៅក្រុងអាន់ទីយ៉ូកស្រុកស៊ីរី ទាំងជនជាតិយូដាទាំងអ្នកនិយាយភាសាក្រិច បានឮសេចក្ដីពិតពីសាក្សីដែលបានផ្សព្វផ្សាយយ៉ាងក្លាហាន។ កំណត់ហេតុចែងថា៖ «បន្ថែមទៀត ព្រះយេហូវ៉ានៅជាមួយនឹងពួកគាត់ ហើយមនុស្សច្រើនសន្ធឹកក៏បានជឿ ហើយបែរមកកាន់តាមលោកម្ចាស់»។ (សកម្ម. ១១:២១) ស្ដីអំពីការរីកចម្រើននៅក្រុងអាន់ទីយ៉ូក គម្ពីរចែងថា៖ «បណ្ដាំរបស់ព្រះយេហូវ៉ាបានដុះដាល និងចម្រើនកាន់តែច្រើនឡើង»។ (សកម្ម. ១២:២៤) ម្យ៉ាងទៀត ការដែលប៉ូលនិងបងប្អូនឯទៀតព្យាយាមផ្សព្វផ្សាយយ៉ាងសព្វគ្រប់ដល់ជនជាតិដទៃ នោះ«បណ្ដាំរបស់ព្រះយេហូវ៉ាបន្តដុះដាលចម្រើនឡើង ហើយមានអំណាចខ្លាំងក្លា»។—សកម្ម. ១៩:២០
១៨, ១៩. (ក) ហេតុអ្វីយើងដឹងថាព្រះយេហូវ៉ានៅជាមួយនឹងយើង? (ខ) សូមរៀបរាប់ឧទាហរណ៍មួយដែលបង្ហាញថាព្រះយេហូវ៉ាគាំទ្ររាស្ត្ររបស់លោក។
១៨ ប្រាកដណាស់ សព្វថ្ងៃ«ព្រះយេហូវ៉ា»ក៏នៅជាមួយនឹងយើងដែរ។ នេះជាមូលហេតុដែលមនុស្សជាច្រើនទៅជាអ្នកជឿ ហើយប្រគល់ខ្លួនជូនព្រះដោយទទួលការជ្រមុជទឹក។ ដូចបទពិសោធន៍របស់ប៉ូលនិងគ្រិស្តសាសនិកឯទៀតនៅសម័យដើម យើងដឹងថាមានតែជំនួយនិងពរពីព្រះយេហូវ៉ាប៉ុណ្ណោះ ដែលអាចជួយយើងឲ្យជោគជ័យក្នុងកិច្ចការផ្សព្វផ្សាយ ឲ្យស៊ូទ្រាំចំពោះការប្រឆាំងដ៏ខ្លាំងក្លា និងការបៀតបៀនដ៏ឃោរឃៅ។ (សកម្ម. ១៤:១៩-២១) ព្រះយេហូវ៉ានៅជាមួយនឹងយើងជានិច្ច។ «ដៃលោក»តែងតែគាំទ្រយើង គ្រប់ពេលដែលយើងជួបទុក្ខលំបាក។ (បច. ៣៣:២៧) សូមយើងចាំដែរថា ព្រះយេហូវ៉ាគ្មានថ្ងៃបោះបង់ចោលរាស្ត្ររបស់លោកឡើយ ពីព្រោះលោកយល់ដល់នាមដ៏អស្ចារ្យរបស់លោក។—១សាំ. ១២:២២; ចសព. ៩៤:១៤
១៩ សូមពិចារណាឧទាហរណ៍មួយ៖ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ បងហារ៉ាល់ អាប់ ត្រូវពួកណាត្ស៊ីបញ្ជូនទៅជំរំឃុំឃាំងសាក្សិនហោសិន ដោយសារគាត់មិនព្រមឈប់ផ្សព្វផ្សាយ។ នៅខែឧសភា ឆ្នាំ១៩៤២ ប៉ូលិសសម្ងាត់អាល្លឺម៉ង់(Gestapo) បានទៅដល់ផ្ទះអែលសាដែលជាប្រពន្ធរបស់គាត់ ហើយបានយកកូនស្រីតូចរបស់ពួកគាត់ចេញ រួចចាប់ខ្លួនអែលសា។ បន្ទាប់មក ពួកគេបញ្ជូនអែលសាទៅឃុំក្នុងជំរំផ្សេងៗ។ អែលសានិយាយថា៖ «អស់ប៉ុន្មានឆ្នាំដែលខ្ញុំជាប់ក្នុងជំរំឃុំឃាំងអាល្លឺម៉ង់ ខ្ញុំបានរៀននូវមេរៀនមួយដែលមិនអាចបំភ្លេចបាន។ នោះគឺឫទ្ធានុភាពរបស់ព្រះយេហូវ៉ាបានជួយពង្រឹងកម្លាំងខ្ញុំយ៉ាងខ្លាំង សូម្បីតែនៅក្រោមការល្បងលដ៏ធ្ងន់ធ្ងរ។ មុនពេលខ្ញុំត្រូវគេចាប់ខ្លួន ខ្ញុំបានអានសំបុត្រមួយពីបងស្រីម្នាក់ ដែលសរសេរថា៖ ‹នៅពេលយើងប្រឈមមុខនឹងទុក្ខលំបាកដ៏ខ្លាំង ឫទ្ធានុភាពរបស់ព្រះនឹងជួយយើងឲ្យមានចិត្តស្ងប់›។ ខ្ញុំគិតថាបងស្រីនោះនិយាយបំផ្លើសបន្តិច។ ប៉ុន្តែ ពេលខ្ញុំឆ្លងកាត់ទុក្ខលំបាកដោយផ្ទាល់ ខ្ញុំដឹងថាអ្វីដែលគាត់សរសេរគឺជាការពិត។ វាពិបាកស្រមៃឃើញណាស់ លុះត្រាតែអ្នកជួបដោយខ្លួនឯង។ ប៉ុន្តែ នោះពិតជាបានកើតឡើងចំពោះខ្ញុំមែន»។
ចូរបន្តធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់!
២០. តើប៉ូលបានធ្វើអ្វីពេលគាត់ជាប់ឃុំនៅក្នុងផ្ទះ? ហើយហេតុអ្វីនេះលើកទឹកចិត្តបងប្អូនមួយចំនួននៅសព្វថ្ងៃ?
២០ សៀវភៅសកម្មភាពបញ្ចប់ដោយពាក្យថា ប៉ូលខ្នះខ្នែង‹ផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ›។ (សកម្ម. ២៨:៣១) ប៉ូលជាប់ឃុំក្នុងផ្ទះនៅក្រុងរ៉ូម ដូច្នេះគាត់គ្មានសេរីភាពផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយទេ។ យ៉ាងណាក៏ដោយ ប៉ូលបន្តផ្សព្វផ្សាយដល់អស់អ្នកដែលមកសួរសុខទុក្ខគាត់។ នៅសព្វថ្ងៃ បងប្អូនជាទីស្រឡាញ់របស់យើងមួយចំនួនក៏មិនអាចចេញពីផ្ទះដែរ ប្រហែលជាដោយសារពួកគាត់ងើបពីគ្រែមិនរួច មានជំងឺ ពិការ ឬរស់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់។ ប៉ុន្តែ សេចក្ដីស្រឡាញ់ដែលពួកគាត់មានចំពោះព្រះយេហូវ៉ា និងបំណងចិត្តដែលពួកគាត់ចង់ផ្សព្វផ្សាយគឺនៅតែខ្លាំងដដែល។ យើងអធិដ្ឋានឲ្យពួកគាត់ ហើយសុំបិតានៅស្ថានសួគ៌ជួយពួកគាត់ឲ្យជួបមនុស្សដែលចង់រៀនអំពីលោក និងអំពីគោលបំណងដ៏អស្ចារ្យរបស់លោក។
២១. ហេតុអ្វីយើងត្រូវផ្សព្វផ្សាយជាបន្ទាន់?
២១ យើងភាគច្រើនអាចរួមចំណែកក្នុងការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ និងចូលរួមក្នុងផ្នែកផ្សេងៗទៀត ដើម្បីបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត។ សូមឲ្យយើងម្នាក់ៗព្យាយាមអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចរបស់យើងជាអ្នកប្រកាសអំពីរាជាណាចក្រព្រះ ដោយធ្វើជាសាក្សីបញ្ជាក់«រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ យើងត្រូវធ្វើកិច្ចការនេះជាបន្ទាន់ ពីព្រោះ«សញ្ញាសម្គាល់»នៃវត្តមានរបស់គ្រិស្តកាន់តែច្បាស់ឡើងៗ។ (ម៉ាថ. ២៤:៣-១៤) យើងមិនត្រូវខ្ជះខ្ជាយពេលវេលាទេ។ ផ្ទុយទៅវិញ ឥឡូវនេះជាពេលដែលយើងត្រូវ«ជាប់រវល់ជានិច្ចក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់»។—១កូ. ១៥:៥៨
២២. ពេលយើងទន្ទឹងរង់ចាំថ្ងៃរបស់ព្រះយេហូវ៉ា តើយើងគួរប្ដេជ្ញាចិត្តធ្វើអ្វី?
២២ ពេលយើងកំពុងទន្ទឹងរង់ចាំ«ថ្ងៃដ៏ធំនិងគួរឲ្យស្ញែងខ្លាចរបស់ព្រះយេហូវ៉ាមកដល់» សូមឲ្យយើងប្ដេជ្ញាចិត្តបន្តផ្សព្វផ្សាយដោយក្លាហាននិងស្មោះត្រង់។ (យ៉ូល. ២:៣១) បើយើងឧស្សាហ៍ព្យាយាម យើងនឹងរកឃើញមនុស្សជាច្រើនដែលមានចិត្តគំនិតដូចពួកអ្នកក្រុងបេរៀ ដែល«ទទួលយកបណ្ដាំរបស់ព្រះដោយក្ដីរំភើប»។ (សកម្ម. ១៧:១០, ១១) ហេតុនេះ ចូរយើងបន្តធ្វើជាសាក្សីបញ្ជាក់ រហូតដល់យើងឮលោកម្ចាស់ពោលពាក្យថា៖ «ខ្ញុំបម្រើដ៏ល្អហើយស្មោះត្រង់អើយ! អ្នកធ្វើការបានល្អណាស់!»។ (ម៉ាថ. ២៥:២៣) នៅសព្វថ្ងៃ ប្រសិនបើយើងផ្សព្វផ្សាយប្រាប់អ្នកឯទៀតយ៉ាងសកម្ម ហើយបន្តស្មោះត្រង់ចំពោះព្រះយេហូវ៉ា នោះយើងនឹងសប្បាយរីករាយជារៀងរហូត ដោយសារយើងមានកិត្តិយសរួមចំណែក«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ!