លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៧

«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»

«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»

ប៉ូល​ជាប់​គុក​នៅ​ក្រុង​រ៉ូម ប៉ុន្តែ​គាត់​នៅ​តែ​បន្ត​ផ្សព្វ​ផ្សាយ

មាន​មូលដ្ឋាន​លើ​សកម្មភាព ២៨:១១​-​៣១

១. តើ​ប៉ូល​និង​គ្នា​របស់​គាត់​ជឿ​ជាក់​អំពី​អ្វី? ហើយ​ហេតុ​អ្វី?

 ឥឡូវ​ប្រហែល​ជា​នៅ​ឆ្នាំ​៥៩ គ.ស. អ្នក​ទោស​ប៉ូល ព្រម​ទាំង​បង​ប្អូន​រួម​ជំនឿ​ពីរ​នាក់​ទៀត គឺ​លូកា និងអារីស្តាក កំពុង​ជិះ​នៅ​លើ​សំពៅ​មួយ​ដែល​មាន​អក្សរ​ថា ​«​កូន​របស់​ព្រះ​សឺស​»។ (​សកម្ម. ២៧:២​) សំពៅ​នេះ​ទំនង​ជា​សំពៅ​ធំ​សម្រាប់​ដឹក​គ្រាប់​ធញ្ញជាតិ ហើយ​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​កោះ​ម៉ល់តា​នៅ​សមុទ្រ​មេឌីទែរ៉ានេ ឆ្ពោះ​ទៅ​កាន់​ស្រុក​អ៊ីតាលី។ ពួក​អ្នក​ផ្សព្វ​ផ្សាយ​ទាំង​នេះ ខុស​គ្នា​ពី​ពួក​នាវិក​សំពៅ ដោយ​សារ​ពួក​គាត់​មិន​បន់​ស្រន់​សុំ​ការ​ការ​ពារ​ពី​កូន​ប្រុស​របស់​ព្រះ​សឺស​ទេ (​កូន​របស់​ព្រះ​សឺស​គឺ​ជា​កូន​ភ្លោះ មួយ​ឈ្មោះ​ខាសស្ទ័រ និង​មួយ​ទៀត​ឈ្មោះ​ផូលុច​)។ (​សកម្ម. ២៨:១១​) ផ្ទុយ​ទៅ​វិញ ប៉ូល​និង​គ្នា​របស់​គាត់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​ជឿ​ជាក់​ថា​លោក​នឹង​ជួយ​ពួក​គាត់ ពីព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ពួក​គាត់​ឲ្យ​ដឹង​ថា ប៉ូល​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​សេចក្ដី​ពិត​នៅ​ក្រុង​រ៉ូម ហើយ​ថា​គាត់​នឹង​ត្រូវ​ត​ស៊ូ​ក្ដី​នៅ​ចំពោះ​មុខ​សេសារ។—សកម្ម. ២៣:១១; ២៧:២៤

២, ៣. តើ​សំពៅ​ដែល​ដឹក​ប៉ូល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ណា? ហើយ​តើ​អ្នក​ណា​តែង​គាំទ្រ​ប៉ូល​ក្នុង​ការ​ធ្វើ​ដំណើរ​តាំង​ពី​ដើម​ដល់​ចប់?

បន្ទាប់​ពី​សំពៅ​ចូល​ចត​បាន​បី​ថ្ងៃ នៅ​កំពង់​ផែ​ស៊ីរ៉ាគូស​ក្នុង​ក្រុង​ស៊ីស៊ីលី ជា​ក្រុង​ដ៏​ស្រស់​ស្អាត​ដូច​ក្រុង​អាថែន​និង​ក្រុង​រ៉ូម សំពៅ​ក៏​ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​រេគៀម ដែល​នៅ​ចុង​ភាគ​ខាង​ត្បូង​នៃ​ស្រុក​អ៊ីតាលី។ បន្ទាប់​មក ដោយ​សារ​ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង សំពៅ​បាន​ធ្វើ​ដំណើរ​អស់​ចម្ងាយ​៣២០​គីឡូ​ម៉ែត្រ ដែល​លឿន​ជាង​ធម្មតា។ រួច​នៅ​ថ្ងៃ​ទី​២ សំពៅ​បាន​មក​ដល់​កំពង់​ផែ​ពូតេអូលី​នៃ​ស្រុក​អ៊ីតាលី (​សព្វ​ថ្ងៃ​នៅ​ជិត​ក្រុង​នេផល​)។—សកម្ម. ២៨:១២, ១៣

ឥឡូវ ប៉ូល​បាន​មក​ដល់​គោល​ដៅ​ចុង​ក្រោយ​គឺ​ក្រុង​រ៉ូម ជា​កន្លែង​ដែល​គាត់​នឹង​ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​អធិរាជ​នីរ៉ូ។ ក្នុង​ការ​ធ្វើ​ដំណើរ​តាំង​ពី​ដើម​ដល់​ចប់ ​«​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង​»​បាន​នៅ​ជា​មួយ​នឹង​ប៉ូល។ (​២កូ. ១:៣​) ដូច​ដែល​យើង​នឹង​ឃើញ ព្រះ​យេហូវ៉ា​តែង​តែ​គាំទ្រ​ប៉ូល​ជា​និច្ច ហើយ​ប៉ូល​ក៏​មិន​ដែល​បាត់​បង់​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដែរ។

‹ប៉ូល​អរគុណ​ព្រះ ហើយ​ក៏​មាន​កម្លាំង​ចិត្ត› (​សកម្មភាព ២៨:១៤, ១៥​)

៤, ៥. ​(​ក​) តើ​ប៉ូល​និង​គ្នា​របស់​គាត់​បាន​ទទួល​ភាព​រាក់​ទាក់​យ៉ាង​ណា​ពី​បង​ប្អូន​នៅ​កំពង់​ផែ​ពូតេអូលី? ហើយ​ហេតុ​អ្វី​បាន​ជា​ប៉ូល​មាន​សេរី​ភាព​ច្រើន​ម្ល៉េះ? (​ខ​) តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​អាច​ទទួល​ប្រយោជន៍​ពី​ការ​ប្រព្រឹត្ត​ល្អ​របស់​ខ្លួន​សូម្បី​តែ​កំពុង​ជាប់​គុក?

នៅ​កំពង់​ផែ​ពូតេអូលី ប៉ូល​និង​គ្នា​របស់​គាត់​‹រក​ឃើញ​បង​ប្អូន ហើយ​ពួក​គេ​បាន​សុំ​ប៉ូល​និង​គ្នា​របស់​គាត់​ឲ្យ​ស្នាក់​នៅ​ជា​មួយ​អស់​៧​ថ្ងៃ›។ (​សកម្ម. ២៨:១៤​) នេះ​ពិត​ជា​គំរូ​ដ៏​ប្រសើរ​មែន ដែល​បង​ប្អូន​គ្រិស្ត​សាសនិក​បង្ហាញ​ចិត្ត​រាក់​ទាក់! បង​ប្អូន​ដែល​បាន​ស្វាគមន៍​ប៉ូល​និង​គ្នា​របស់​គាត់​យ៉ាង​រាក់​ទាក់​និង​កក់​ក្ដៅ ប្រាកដ​ជា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ពី​ពួក​គាត់។ ក៏​ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​អ្នក​ទោស​ប៉ូល​មាន​សេរី​ភាព​ច្រើន​ម្ល៉េះ? នេះ​ប្រហែល​ជា​ដោយ​សារ​ទាហាន​រ៉ូម​ដែល​នៅ​យាម​ប៉ូល ទុក​ចិត្ត​ប៉ូល​ទាំង​ស្រុង។

ស្រដៀង​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​អ្នក​បម្រើ​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា មិន​ថា​ពួក​គេ​ជាប់​គុក ឬ​ជាប់​ជំរំ​ឃុំ​ឃាំង​ទេ ពួក​គេ​ច្រើន​តែ​ទទួល​បាន​នូវ​សេរី​ភាព​មួយ​កម្រិត ដោយ​សារ​ការ​ប្រព្រឹត្ត​ល្អ​របស់​ពួក​គេ​ជា​គ្រិស្ត​សាសនិក។ ជា​ឧទាហរណ៍ នៅ​ប្រទេស​រ៉ូម៉ានី បុរស​ម្នាក់​ដែល​បាន​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​៧៥​ឆ្នាំ ពី​បទ​ប្លន់ បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ។ បន្ទាប់​មក គាត់​បាន​កែ​ប្រែ​ការ​ប្រព្រឹត្ត​ជា​ច្រើន​របស់​ខ្លួន។ ដូច្នេះ មន្ត្រី​ពន្ធនាគារ​បាន​ប្រគល់​ភារកិច្ច​មួយ​ឲ្យ​គាត់ គឺ​ឲ្យ​ចូល​ទៅ​ក្រុង​ដើម្បី​ទិញ​សម្ភារ​ដាក់​ក្នុង​គុក! ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​សំខាន់​បំផុត គឺ​ការ​ប្រព្រឹត្ត​ល្អ​របស់​យើង លើក​តម្កើង​ព្រះ​យេហូវ៉ា។—១ពេ. ២:១២

៦, ៧. តើ​តាម​របៀប​ណា​បង​ប្អូន​នៅ​ក្រុង​រ៉ូម​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប៉ូល​និង​គ្នា​របស់​គាត់?

ប៉ូល​និង​គ្នា​របស់​គាត់​ទំនង​ជា​ដើរ​អស់​ចម្ងាយ​ប្រហែល​៥០​គីឡូ​ម៉ែត្រ ពី​កំពង់​ផែ​ពូតេអូលី ទៅ​ក្រុង​កាពួ។ ក្រុង​កាពួ​ស្ថិត​នៅ​លើ​ផ្លូវ​អាពីយូស ជា​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ក្រុង​រ៉ូម។ ផ្លូវ​ដ៏​ល្បី​នេះ​ក្រាល​ដោយ​ថ្ម​កំបោរ​សំប៉ែត​ធំ​ៗ អម​ដោយ​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ជនបទ​របស់​ស្រុក​អ៊ីតាលី ហើយ​នៅ​កន្លែង​ខ្លះ​តាម​ផ្លូវ​នេះ ក៏​អាច​មើល​ឃើញ​សមុទ្រ​មេឌីទែរ៉ានេ​ដែរ។ ផ្លូវ​អាពីយូស​ក៏​នាំ​អ្នក​ដំណើរ​ឆ្លង​កាត់​កន្លែង​មួយ​ហៅ​ថា វាល​ភក់​ប៉ូនទីន ដែល​មាន​ចម្ងាយ​ប្រហែល​៦០​គីឡូ​ម៉ែត្រ​ពី​ក្រុង​រ៉ូម។ ក្នុង​តំបន់​វាល​ភក់​ប៉ូនទីន មាន​ផ្សារ​អាពីយូស។ លូកា​បាន​សរសេរ​ថា ពេល​បង​ប្អូន​នៅ​ក្រុង​រ៉ូម​«​បាន​ទទួល​ដំណឹង​អំពី​យើង​»​ បង​ប្អូន​ខ្លះ​បាន​ធ្វើ​ដំណើរ​ឆ្ងាយ រហូត​មក​ដល់​ផ្សារ​អាពីយូស។ រីឯ​បង​ប្អូន​ខ្លះ​ទៀត ពួក​គេ​រង់​ចាំ​នៅ​កន្លែង​មួយ​ឈ្មោះ​ថា​ផ្ទះ​សម្នាក់​បី ដែល​មាន​ចម្ងាយ​ប្រហែល​៥០​គីឡូ​ម៉ែត្រ​ពី​ក្រុង​រ៉ូម។ នេះ​ពិត​ជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​មែន!—សកម្ម. ២៨:១៥

ផ្សារ​អាពីយូស​មិន​មែន​ជា​កន្លែង​ស្រួល​សម្រាក សម្រាប់​អ្នក​ធ្វើ​ដំណើរ​ដ៏​នឿយ​ហត់​ទេ។ កវី​ជន​ជាតិ​រ៉ូម​ឈ្មោះ​ហូរេស បាន​រៀប​រាប់​ថា ផ្សារ​នោះ​គឺ​ជា​កន្លែង​ដែល​«​ប្រមូល​ផ្ដុំ​ទៅ​ដោយ​អ្នក​ដើរ​ទូក និង​ម្ចាស់​ផ្ទះ​សម្នាក់​ដែល​ឈ្លើយ​»។ បន្ថែម​ទៅ​ទៀត គាត់​បាន​សរសេរ​ថា​៖ ​«​ទឹក​នៅ​ទី​នោះ​កខ្វក់​ខ្លាំង​ណាស់​»​ឬ​មាន​ក្លិន​ស្អុយ សូម្បី​តែ​បរិភោគ​អាហារ​ក៏​មិន​ចូល​ដែរ! ទោះ​ជា​អ្វី​ៗ​នៅ​ទី​នោះ​មិន​ស្រួល​ក៏​ដោយ បង​ប្អូន​ដែល​មក​ពី​ក្រុង​រ៉ូម​បាន​រង់​ចាំ​ប៉ូល​និង​គ្នា​របស់​គាត់​ដោយ​ចិត្ត​រីករាយ ដើម្បី​អម​ដំណើរ​ពួក​គាត់​ទៅ​កាន់​ក្រុង​រ៉ូម ដែល​ជា​ដំណើរ​ចុង​ក្រោយ​របស់​ពួក​គាត់។

៨. ហេតុ​អ្វី​ប៉ូល​អរគុណ​ព្រះ​‹កាល​ដែល​គាត់​ឃើញ​បង​ប្អូន›?

កំណត់​ហេតុ​ចែង​ថា​៖ ​«​កាល​ដែល​ប៉ូល​ឃើញ​បង​ប្អូន គាត់​អរគុណ​ព្រះ ហើយ​ក៏​មាន​កម្លាំង​ចិត្ត​»។ (​សកម្ម. ២៨:១៥​) ហេតុ​អ្វី​ប៉ូល​អរគុណ​ព្រះ? មែន​ហើយ គ្រាន់​តែ​ប៉ូល​បាន​ឃើញ​មុខ​បង​ប្អូន​ជា​ទី​ស្រឡាញ់​ទាំង​នោះ នេះ​ធ្វើ​ឲ្យ​គាត់​ធូរ​ស្រាល​ក្នុង​ចិត្ត ហើយ​មាន​កម្លាំង​ឡើង​វិញ។ ក្នុង​ចំណោម​បង​ប្អូន​ទាំង​នោះ ប៉ូល​បាន​ស្គាល់​បង​ប្អូន​ខ្លះ​រួច​ហើយ។ គាត់​ដឹង​ថា​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ខ្លួន ជា​ផល​ផ្លែ​មួយ​នៃ​ឫទ្ធានុភាព​របស់​ព្រះ។ (​កាឡ. ៥:២២​) នៅ​សព្វ​ថ្ងៃ ឫទ្ធានុភាព​បរិសុទ្ធ​ក៏​ជំរុញ​ចិត្ត​គ្រិស្ត​សាសនិក​ឲ្យ​ខិត​ខំ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ។—១ថែ. ៥:១១, ១៤

៩. តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ចិត្ត​គំនិត​ដូច​បង​ប្អូន​ដែល​បាន​ទៅ​ទទួល​ស្វាគមន៍​ប៉ូល?

ជា​ឧទាហរណ៍ ឫទ្ធានុភាព​បរិសុទ្ធ​ជំរុញ​ចិត្ត​បង​ប្អូន​ដែល​ចង់​បង្ហាញ​ចិត្ត​រាក់​ទាក់ ឲ្យ​ទទួល​ស្វាគមន៍​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល សាសនទូត និង​អ្នក​បម្រើ​ពេញ​ពេល​ឯ​ទៀត ពីព្រោះ​បង​ប្អូន​ទាំង​នេះ​បាន​លះ​បង់​ប្រយោជន៍​ខ្លួន​យ៉ាង​ខ្លាំង ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ច្រើន​ជាង។ ដូច្នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ថែម​ទៀត ដើម្បី​បង្ហាញ​ចិត្ត​រាក់​ទាក់​និង​គាំទ្រ​ចំពោះ​ទស្សនកិច្ច​របស់​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​និង​ប្រពន្ធ​គាត់​(​បើ​រៀប​ការ​ហើយ​)? តើ​ខ្ញុំ​អាច​រៀបចំ​ពេល​ដើម្បី​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ពួក​គាត់​បាន​ទេ?›។ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ទទួល​ពរ​ជា​បរិបូរ។ ជា​ឧទាហរណ៍ សូម​ស្រមៃ​គិត​ថា បង​ប្អូន​ដែល​មក​ពី​ក្រុង​រ៉ូម​មាន​អំណរ​ខ្លាំង​យ៉ាង​ណា ពេល​បាន​ស្ដាប់​ប៉ូល​និង​គ្នា​របស់​គាត់​រៀប​រាប់​អំពី​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។—សកម្ម. ១៥:៣, ៤

​«​គ្រប់​ទី​កន្លែង​គេ​តែង​និយាយ​ប្រឆាំង​»​ (​សកម្មភាព ២៨:១៦​-​២២​)

១០. តើ​នៅ​ក្រុង​រ៉ូម​ប៉ូល​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា? ហើយ​ក្រោយ​ពី​គាត់​មក​ដល់​បាន​៣​ថ្ងៃ តើ​គាត់​ធ្វើ​អ្វី?

១០ នៅ​ទី​បំផុត ប៉ូល​និង​គ្នា​របស់​គាត់​បាន​មក​ដល់​ក្រុង​រ៉ូម ហើយ​«​ប៉ូល​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​ម្នាក់​ឯង ជា​មួយ​នឹង​ទាហាន​ម្នាក់​ដែល​យាម​គាត់​»។ (​សកម្ម. ២៨:១៦​) ជា​ធម្មតា អ្នក​ទោស​ដែល​ជាប់​ឃុំ​ឃាំង​តែង​ត្រូវ​គេ​ដាក់​ច្រវាក់​ជាប់​នឹង​អ្នក​យាម ដើម្បី​ការ​ពារ​កុំ​ឲ្យ​រត់​គេច​ខ្លួន។ ទោះ​ជា​ប៉ូល​ជាប់​ច្រវាក់​ក៏​ដោយ គាត់​មិន​នៅ​ស្ងៀម​ទេ គាត់​នៅ​តែ​ប្រកាស​ដំណឹង​អំពី​រាជាណាចក្រ​របស់​ព្រះ។ ក្រោយ​ពី​ប៉ូល​សម្រាក​អស់​បី​ថ្ងៃ​ដើម្បី​បំបាត់​ការ​នឿយ​ហត់ ប៉ូល​សុំ​គេ​ឲ្យ​ហៅ​ពួក​បុរស​ដែល​មាន​មុខ​មាត់​ក្នុង​ចំណោម​ជនជាតិ​យូដា​នៅ​ក្រុង​រ៉ូម​ឲ្យ​មក​ជួប​គាត់ ដើម្បី​គាត់​អាច​ណែនាំ​ខ្លួន និង​បញ្ជាក់​ភ័ស្តុតាង​ឲ្យ​ពួក​គេ​យល់។

១១, ១២. តើ​ប៉ូល​បាន​និយាយ​អ្វី​ដើម្បី​លុប​បំបាត់​ភាព​រើស​អើង​របស់​ជនជាតិ​យូដា?

១១ ប៉ូល​បាន​និយាយ​ថា​៖ ​«​បង​ប្អូន​អើយ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ប្រឆាំង​នឹង​បណ្ដា​ជន​ឬ​ទំនៀម​ទម្លាប់​បុព្វ​បុរស​របស់​យើង​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គេ​បាន​ប្រគល់​ខ្ញុំ​ជា​អ្នក​ទោស​ពី​ក្រុង​យេរូសាឡិម ទៅ​ក្នុង​កណ្ដាប់​ដៃ​ជន​ជាតិ​រ៉ូម។ ក្រោយ​ពី​សួរ​ចម្លើយ​ខ្ញុំ អ្នក​ទាំង​នោះ​ចង់​ដោះ​លែង​ខ្ញុំ ដោយ​ឃើញ​ថា​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ឲ្យ​សម​នឹង​ទទួល​ទោស​ដល់​ស្លាប់​ឡើយ។ ប៉ុន្តែ ជនជាតិ​យូដា​ចេះ​តែ​ជំទាស់ ទើប​ខ្ញុំ​ត្រូវ​សុំ​លើក​រឿង​ក្ដី​ទៅ​សេសារ តែ​មិន​មែន​ដោយ​សារ​ខ្ញុំ​មាន​រឿង​អ្វី​ដែល​ចង់​ចោទ​ប្រកាន់​ជាតិ​ខ្ញុំ​ទេ​»។—សកម្ម. ២៨:១៧​-​១៩

១២ ដោយ​ហៅ​ពួក​អ្នក​ស្ដាប់​ដែល​ជា​ជនជាតិ​យូដា​ថា​«​បង​ប្អូន​»​ ប៉ូល​បាន​លើក​ចំណុច​មួយ​ដែល​ពួក​គេ​យល់​ស្រប ដើម្បី​លុប​បំបាត់​ភាព​រើស​អើង​ដែល​ប្រហែល​ជា​មាន​ក្នុង​ចិត្ត​របស់​ពួក​គេ។ (​១កូ. ៩:២០​) បន្ថែម​ទៅ​ទៀត គាត់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គាត់​មក​ទី​នេះ​មិន​មែន​ដើម្បី​ចោទ​ប្រកាន់​ជន​រួម​ជាតិ​របស់​គាត់​ទេ ប៉ុន្តែ​ដើម្បី​ប្ដឹង​ទៅ​សេសារ។ នេះ​ជា​លើក​ទី​១​ដែល​បុរស​ជនជាតិ​យូដា​ទាំង​នោះ បាន​ដឹង​អំពី​សំណុំ​រឿង​របស់​ប៉ូល។ (​សកម្ម. ២៨:២១​) ហេតុ​អ្វី​ជនជាតិ​យូដា​នៅ​តំបន់​យូឌា​មិន​ប្រាប់​ពួក​គេ​អំពី​រឿង​របស់​ប៉ូល? សៀវភៅ​យោង​មួយ​បាន​រៀប​រាប់​ថា​៖ ​«​ក្រោយ​ពី​រដូវ​ត្រជាក់ សំពៅ​របស់​ប៉ូល​បាន​ទៅ​ដល់​ស្រុក​អ៊ីតាលី​មុន​គេ តែ​តំណាង​របស់​អាជ្ញាធរ​យូដា​ដែល​នៅ​ក្រុង​យេរូសាឡិម​មិន​ទាន់​ទៅ​ដល់​ទេ ហើយ​សំបុត្រ​អំពី​រឿង​ក្ដី​នោះ​ក៏​មិន​ទាន់​ទៅ​ដល់​ដែរ​»។

១៣, ១៤. តើ​ប៉ូល​បាន​និយាយ​ពាក្យ​អ្វី​ដើម្បី​ចូល​ប្រធានបទ​អំពី​រាជាណាចក្រ? ហើយ​តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

១៣ ឥឡូវ ប៉ូល​ចាប់​ផ្ដើម​ចូល​ប្រធានបទ​អំពី​រាជាណាចក្រ ដោយ​ប្រើ​ពាក្យ​ដែល​ជំរុញ​ចិត្ត​ជនជាតិ​យូដា​ដែល​មក​ជួប​គាត់ ឲ្យ​មាន​ការ​ចង់​ដឹង​កាន់​តែ​ខ្លាំង។ គាត់​និយាយ​ថា​៖ ​«​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​គេ​ឲ្យ​[​ហៅ​]​អ្នក​រាល់​គ្នា​មក ដើម្បី​ខ្ញុំ​អាច​ជួប​និង​អាច​និយាយ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ព្រោះ​ខ្ញុំ​ជាប់​ច្រវាក់​នេះ​ដោយ​សារ​តែ​សេចក្ដី​សង្ឃឹម​របស់​អ៊ីស្រាអែល​»។ (​សកម្ម. ២៨:២០​) ប្រាកដ​ណាស់ សេចក្ដី​សង្ឃឹម​នោះ​ជាប់​ទាក់​ទង​យ៉ាង​ខ្លាំង​ជា​មួយ​មេស្ស៊ី​និង​រាជាណាចក្រ​របស់​លោក ដូច​ដែល​បាន​ផ្សព្វ​ផ្សាយ​ដោយ​គ្រិស្ត​សាសនិក។ ប៉ុន្តែ ពួក​បុរស​ចាស់​ទុំ​ជនជាតិ​យូដា​តប​វិញ​ថា​៖ ​«​យើង​គិត​ថា​ជា​ការ​ត្រឹម​ត្រូវ​ឲ្យ​យើង​ឮ​អ្នក​និយាយ​ផ្ទាល់​អំពី​គំនិត​របស់​អ្នក ព្រោះ​យើង​ដឹង​ច្បាស់​ថា​នៅ​គ្រប់​ទី​កន្លែង​គេ​តែង​និយាយ​ប្រឆាំង​និកាយ​នេះ​»។—សកម្ម. ២៨:២២

១៤ ពេល​យើង​មាន​ឱកាស​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ យើង​អាច​ធ្វើ​តាម​គំរូ​របស់​ប៉ូល​ដោយ​និយាយ​ពាក្យ​ដែល​បំផុស​គំនិត ឬ​សួរ​សំណួរ​ដែល​ជំរុញ​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​កាន់​តែ​ចាប់​អារម្មណ៍។ យោបល់​ល្អ​ៗ​មាន​នៅ​ក្នុង​សៀវភៅ​ការ​វែក​ញែក​ពី​បទ​គម្ពីរ សៀវភៅ​ចូរ​ទទួល​ប្រយោជន៍​ពី​ការ​អប់រំ​ក្នុង​សាលា​កិច្ច​បម្រើ​ផ្សាយ និង​សៀវភៅ​ចូរ​ព្យាយាម​ក្នុង​ការ​អាន​និង​ការ​បង្រៀន។ តើ​អ្នក​កំពុង​ទាញ​យក​ប្រយោជន៍​ពី​សៀវភៅ​ទាំង​នេះ​ឬ​ទេ?

‹ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់›​ជា​គំរូ​ល្អ​សម្រាប់​យើង (​សកម្មភាព ២៨:២៣​-​២៩​)

១៥. ស្ដី​អំពី​របៀប​ដែល​ប៉ូល​បាន​និយាយ តើ​មាន​ចំណុច​សំខាន់​បួន​យ៉ាង​អ្វី?

១៥ ដល់​ថ្ងៃ​សន្យា​ជួប​គ្នា ជនជាតិ​យូដា​បាន​មក​កន្លែង​ស្នាក់​នៅ​របស់​ប៉ូល ដោយ​«​មាន​គ្នា​ច្រើន​ជាង​មុន​»។ ប៉ូល​ចាប់​ផ្ដើម​ពន្យល់​ពួក​គេ​‹តាំង​ពី​ព្រឹក​ដល់​ល្ងាច ដោយ​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​ខំ​បញ្ជាក់​ហេតុ​ផល​ដើម្បី​ឲ្យ​ពួក​គេ​ជឿ​អំពី​លោក​យេស៊ូ ដោយ​ផ្អែក​លើ​ច្បាប់​ម៉ូសេ​និង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ›។ (​សកម្ម. ២៨:២៣​) សូម​កត់​សម្គាល់​ចំណុច​សំខាន់​បួន​យ៉ាង អំពី​របៀប​ដែល​ប៉ូល​បាន​និយាយ​៖ ទី​១ គាត់​ផ្ដោត​ទៅ​លើ​រាជាណាចក្រ​របស់​ព្រះ។ ទី​២ គាត់​ព្យាយាម​ទាក់​ទាញ​ចិត្ត​អ្នក​ស្ដាប់ ដោយ​ខំ​បញ្ជាក់​ហេតុ​ផល។ ទី​៣ គាត់​វែក​ញែក​ពី​បទ​គម្ពីរ។ ទី​៤ គាត់​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន ដោយ​ផ្សព្វ​ផ្សាយ​«​តាំង​ពី​ព្រឹក​ដល់​ល្ងាច​»។ នេះ​ពិត​ជា​គំរូ​ដ៏​ល្អ​មែន! តើ​មាន​លទ្ធផល​អ្វី? លូកា​រៀប​រាប់​ថា​៖ ​«​អ្នក​ខ្លះ​ចាប់​ផ្ដើម​ជឿ . . . តែ​អ្នក​ខ្លះ​ទៀត​មិន​ព្រម​ជឿ​ទេ​»។ ដូច្នេះ ក៏​មាន​ជម្លោះ​កើត​ឡើង ហើយ​ពួក​គេ​«​ចាប់​ផ្ដើម​ចាក​ចេញ​ទៅ​»។—សកម្ម. ២៨:២៤, ២៥​ក

១៦​-​១៨. ពេល​ប៉ូល​ឃើញ​ប្រតិកម្ម​មិន​ល្អ​របស់​ជនជាតិ​យូដា​នៅ​ក្រុង​រ៉ូម ហេតុ​អ្វី​បាន​ជា​គាត់​មិន​ភ្ញាក់​ផ្អើល? ហើយ​តើ​យើង​គួរ​មាន​អារម្មណ៍​យ៉ាង​ណា ពេល​មនុស្ស​ឯ​ទៀត​បដិសេធ​ដំណឹង​ដែល​យើង​ផ្សាយ?

១៦ ប៉ូល​មិន​ភ្ញាក់​ផ្អើល​ទេ​ចំពោះ​ប្រតិកម្ម​របស់​ជនជាតិ​យូដា​ទាំង​នោះ ពីព្រោះ​គាត់​ធ្លាប់​ជួប​ប្រតិកម្ម​ស្រដៀង​គ្នា​នេះ​ពី​មុន ហើយ​ការ​ប្រព្រឹត្ត​ដូច​នោះ​ក៏​បាន​ត្រូវ​ប្រាប់​ទុក​ក្នុង​គម្ពីរ​ដែរ។ (​សកម្ម. ១៣:៤២​-​៤៧; ១៨:៥, ៦; ១៩:៨, ៩​) ដូច្នេះ ជនជាតិ​យូដា​ដែល​ចាក​ចេញ​ទៅ​ដោយ​មិន​ព្រម​ទទួល​យក​ដំណឹង​ល្អ ប៉ូល​បាន​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​អ្វី​ដែល​ឫទ្ធានុភាព​បរិសុទ្ធ​បាន​និយាយ​ទៅ​កាន់​ពួកបុព្វ​បុរស​របស់​អ្នក​រាល់​គ្នា តាម​រយៈ​អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ នោះ​គឺ​ត្រឹម​ត្រូវ​ណាស់ ពេល​ថា​៖ ‹ចូរ​ទៅ​ឯ​បណ្ដា​ជន​នេះ ហើយ​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ស្ដាប់​ឮ តែ​មិន​យល់​អត្ថន័យ​អ្វី​សោះ ហើយ​អ្នក​រាល់​គ្នា​នឹង​មើល តែ​មិន​ឃើញ​អ្វី​សោះ។ ពីព្រោះ​ចិត្ត​របស់​បណ្ដា​ជន​នេះ​បាន​ទៅ​ជា​រឹង​»​›​»។ (​សកម្ម. ២៨:២៥​ខ​-​២៧​) ពាក្យ​ភាសា​ដើម​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​រឹង​»​ សំដៅ​ទៅ​លើ​ចិត្ត​ដែល​«​ក្រាស់​ឃ្មឹក​»។ ម្ល៉ោះ​ហើយ ដំណឹង​រាជាណាចក្រ​ព្រះ​មិន​អាច​ជ្រាប​ចូល​ក្នុង​ចិត្ត​របស់​ពួក​គេ​បាន​ទេ។ (​សកម្ម. ២៨:២៧​) នេះ​ពិត​ជា​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់!

១៧ ក្នុង​ពាក្យ​បញ្ចប់ ប៉ូល​បាន​និយាយ​ថា មិន​ដូច​ជនជាតិ​យូដា​ទាំង​នោះ ​«​ប្រជា​ជាតិ​នានា . . . ប្រាកដ​ជា​នឹង​ស្ដាប់​»។ (​សកម្ម. ២៨:២៨; ចសព. ៦៧:២; អេ. ១១:១០​) ពិត​ណាស់ សាវ័ក​ប៉ូល​អាច​និយាយ​អំពី​រឿង​នេះ​ដោយ​មាន​ទំនុក​ចិត្ត ពីព្រោះ​គាត់​បាន​ឃើញ​ដោយ​ផ្ទាល់​ថា ជន​ជាតិ​ដទៃ​ជា​ច្រើន​បាន​ទទួល​យក​ដំណឹង​រាជាណាចក្រ!—សកម្ម. ១៣:៤៨; ១៤:២៧

១៨ ដូច​ប៉ូល​ដែរ យើង​មិន​ចាំ​បាច់​មាន​អារម្មណ៍​អន់​ចិត្ត​ឡើយ ពេល​មនុស្ស​ឯ​ទៀត​បដិសេធ​ដំណឹង​ដែល​យើង​ផ្សាយ។ យ៉ាង​ណា​មិញ យើង​ដឹង​ថា​មាន​មនុស្ស​តិច​ណាស់​ដែល​នឹង​រក​ឃើញ​ផ្លូវ​ទៅ​កាន់​ជីវិត។ (​ម៉ាថ. ៧:១៣, ១៤​) ម្យ៉ាង​ទៀត ពេល​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត សូម​យើង​រីករាយ​ទទួល​ស្វាគមន៍​ពួក​គេ​យ៉ាង​អស់​ពី​ចិត្ត។—លូក. ១៥:៧

​«​ផ្សព្វ​ផ្សាយ . . . អំពី​រាជាណាចក្រ​របស់​ព្រះ​»​ (​សកម្មភាព ២៨:៣០, ៣១​)

១៩. តើ​ប៉ូល​បាន​ធ្វើ​អ្វី​ដើម្បី​ទាញ​យក​ប្រយោជន៍​ច្រើន​បំផុត​ពី​ស្ថានភាព​របស់​គាត់?

១៩ លូកា​បាន​បញ្ចប់​សំណេរ​របស់​គាត់ ដោយ​ប្រើ​ពាក្យ​ពេចន៍​យ៉ាង​ល្អ និង​ដោយ​សេចក្ដី​ស្រឡាញ់​ថា​៖ ​«​ប៉ូល​ស្នាក់​នៅ​ក្នុង​ផ្ទះ​ដែល​គាត់​ជួល​អស់​ពីរ​ឆ្នាំ ហើយ​គាត់​តែង​តែ​ទទួល​អស់​អ្នក​ដែល​មក​ជួប​គាត់​យ៉ាង​រាក់​ទាក់។ គាត់​ក៏​ផ្សព្វ​ផ្សាយ​ប្រាប់​ពួក​គេ​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​បង្រៀន​អំពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​ដោយ​ក្លាហាន​បំផុត និង​ដោយ​គ្មាន​អ្វី​មក​រារាំង​គាត់​ឡើយ​»។ (​សកម្ម. ២៨:៣០, ៣១​) ប៉ូល​ជា​គំរូ​ដ៏​ល្អ​ក្នុង​ការ​បង្ហាញ​ជំនឿ ចិត្ត​ខ្នះខ្នែង និង​ការ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់!

២០, ២១. សូម​លើក​ឧទាហរណ៍​ខ្លះ​អំពី​អស់​អ្នក​ដែល​បាន​ទទួល​ប្រយោជន៍​ពី​កិច្ច​ផ្សព្វ​ផ្សាយ​របស់​ប៉ូល​នៅ​ក្រុង​រ៉ូម។

២០ ក្នុង​ចំណោម​អស់​អ្នក​ដែល​ប៉ូល​បាន​ទទួល​ដោយ​ចិត្ត​សប្បុរស មាន​បុរស​ម្នាក់​ឈ្មោះ​អូណេស៊ីម ជា​ខ្ញុំ​បម្រើ​ដែល​រត់​ចេញ​ពី​ម្ចាស់​នៅ​ក្រុង​កូឡុស។ ប៉ូល​បាន​ជួយ​អូណេស៊ីម​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត ហើយ​ជា​លទ្ធផល អូណេស៊ីម​បាន​ទៅ​ជា​«​បង​ប្អូន​ស្មោះ​ត្រង់​និង​ជា​ទី​ស្រឡាញ់​»​របស់​ប៉ូល។ តាម​ពិត ប៉ូល​បាន​និយាយ​ថា​៖ ​«​កូន​របស់​ខ្ញុំ គឺ​អូណេស៊ីម។ ខ្ញុំ​បាន​ទៅ​ជា​ឪពុក​របស់​គាត់​»។ (​កូឡ. ៤:៩; ភីលេ. ១០​-​១២​) ប៉ូល​ច្បាស់​ជា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ជា​ខ្លាំង​ពី​បទ​ពិសោធន៍​នេះ! a

២១ បង​ប្អូន​ឯ​ទៀត​ក៏​បាន​ទទួល​ប្រយោជន៍​ពី​គំរូ​ដ៏​ល្អ​របស់​ប៉ូល​ដែរ។ ប៉ូល​បាន​សរសេរ​ទៅ​បង​ប្អូន​នៅ​ក្រុង​ភីលីព​ថា​៖ ​«​អ្វី​ៗ​ដែល​បាន​កើត​ឡើង​ដល់​ខ្ញុំ បាន​ជួយ​ធ្វើ​ឲ្យ​ដំណឹង​ល្អ​ជឿន​ទៅ​មុខ​វិញ។ ម្ល៉ោះ​ហើយ ពួក​អង្គរក្ស​របស់​អធិរាជ​និង​អ្នក​ឯ​ទៀត​ទាំង​ប៉ុន្មាន​ដឹង​ជា​ទូទៅ​ថា ខ្ញុំ​ជាប់​ចំណង​ដោយ​សារ​កាន់​តាម​គ្រិស្ត ហើយ​ការ​ដែល​ខ្ញុំ​ជាប់​ចំណង បាន​ធ្វើ​ឲ្យ​បង​ប្អូន​ភាគ​ច្រើន​ក្នុង​កិច្ច​បម្រើ​លោក​ម្ចាស់​មាន​ទំនុក​ចិត្ត ហើយ​ឥឡូវ​ពួក​គាត់​មាន​ចិត្ត​ក្លាហាន​ជាង​មុន ដើម្បី​ប្រកាស​បណ្ដាំ​របស់​ព្រះ​ដោយ​ចិត្ត​អង់អាច​»។—ភី. ១:១២​-​១៤

២២. តើ​ប៉ូល​បាន​ប្រើ​ពេល​វេលា​ដែល​ជាប់​ឃុំ​នៅ​ក្រុង​រ៉ូម ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​យ៉ាង​ដូច​ម្ដេច?

២២ ប៉ូល​បាន​ប្រើ​ពេល​វេលា​ដែល​ជាប់​ឃុំ​នៅ​ក្រុង​រ៉ូមឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត ដោយ​សរសេរ​សំបុត្រ​សំខាន់​ៗ ដែល​ឥឡូវ​ជា​ផ្នែក​នៃ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ b សំបុត្រ​ទាំង​នោះ​បាន​ផ្ដល់​ប្រយោជន៍​ដល់​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ ដែល​ប៉ូល​បាន​សរសេរ​ទៅ​ឲ្យ។ យើង​ក៏​ទទួល​ប្រយោជន៍​ពី​សំបុត្រ​របស់​ប៉ូល​ដែរ ពីព្រោះ​អ្វី​ដែល​គាត់​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ គឺ​នៅ​តែ​មាន​ប្រសិទ្ធភាព​ដល់​សព្វ​ថ្ងៃ​នេះ។—២ធី. ៣:១៦, ១៧

២៣, ២៤. ទោះ​ជា​នៅ​សព្វ​ថ្ងៃ​គ្រិស្ត​សាសនិក​ជា​ច្រើន​ជាប់​គុក​ដោយ​អយុត្តិធម៌​ក្ដី តើ​ពួក​គេ​អាច​រក្សា​អំណរ​និង​បន្ត​ផ្សព្វ​ផ្សាយ​ដូច​ប៉ូល​តាម​របៀប​ណា?

២៣ សៀវភៅ​សកម្មភាព​មិន​បាន​ចែង​អំពី​ពេល​ណា ដែល​ប៉ូល​បាន​ត្រូវ​ដោះ​លែង​ទេ។ ប៉ុន្តែ យ៉ាង​ហោច​ណាស់ ប៉ូល​ជាប់​គុក​អស់​បួន​ឆ្នាំ​គឺ ពីរ​ឆ្នាំ​នៅ​ក្រុង​សេសារៀ និង​ពីរ​ឆ្នាំ​នៅ​ក្រុង​រ៉ូម។ c (​សកម្ម. ២៣:៣៥; ២៤:២៧​) ទោះ​ជា​យ៉ាង​នោះ​ក្ដី ប៉ូល​នៅ​តែ​រក្សា​ទស្សនៈ​វិជ្ជមាន ហើយ​ព្យាយាម​ធ្វើ​អ្វី​ទាំង​អស់​ដែល​គាត់​អាច​ធ្វើ​បាន​ដើម្បី​បន្ត​បម្រើ​ព្រះ។ ស្រដៀង​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​អ្នក​បម្រើ​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា​នៅ​តែ​រក្សា​អំណរ និង​បន្ត​ផ្សព្វ​ផ្សាយ ទោះ​ជា​ជាប់​គុក​ដោយ​អយុត្តិធម៌​ដោយ​សារ​ជំនឿ​របស់​ខ្លួន​ក្ដី។ សូម​ពិចារណា​គំរូ​របស់​បង​អាឌុលហ្វូ​ដែល​ជាប់​គុក​នៅ​ប្រទេស​អេស្ប៉ាញ ដោយ​សារ​កាន់​ជំហរ​អព្យាក្រឹត​ជា​គ្រិស្ត​សាសនិក។ មន្ត្រី​ម្នាក់​បាន​និយាយ​ថា​៖ ​«​យើង​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ចំពោះ​អ្នក។ ពេល​យើង​ខំ​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​ពិបាក អ្នក​កាន់​តែ​ញញឹម ហើយ​និយាយ​កាន់​តែ​សប្បុរស​»។

២៤ ក្រោយ​មក ពួក​មន្ត្រី​គុក​ទុក​ចិត្ត​បង​អាឌុលហ្វូ ដូច្នេះ​ពួក​គេ​លែង​បិទ​ទ្វារ​បន្ទប់​គុក​របស់​គាត់​ទៀត។ ពួក​ឆ្មាំ​គុក​ច្រើន​តែ​ទៅ​ជួប​គាត់​ដើម្បី​សួរ​អំពី​គម្ពីរ។ មាន​ឆ្មាំ​គុក​ម្នាក់ ឲ្យ​តែ​ដល់​វេន​គាត់​យាម គាត់​តែង​តែ​ចូល​ក្នុង​បន្ទប់​គុក​របស់​បង​អាឌុលហ្វូ​ដើម្បី​អាន​គម្ពីរ ហើយ​រាល់​ដង​បង​អាឌុលហ្វូ​ត្រូវ​ធ្វើ​ជា​អ្នក​យាម​ជំនួស​គាត់។ ឥឡូវ អ្នក​ទោស​បែរ​ជា​ត្រូវ​«​យាម​»​ឆ្មាំ​គុក​ទៅ​វិញ! សូម​ឲ្យ​គំរូ​ដ៏​ស្មោះ​ត្រង់​របស់​សាក្សី​ទាំង​នោះ ជំរុញ​យើង​ឲ្យ​«​មាន​ចិត្ត​ក្លាហាន​ជាង​មុន ដើម្បី​ប្រកាស​បណ្ដាំ​របស់​ព្រះ​ដោយ​ចិត្ត​អង់អាច​»​ ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​ក៏​ដោយ។

២៥, ២៦. ក្នុង​រយៈ​ពេល​មិន​ដល់​៣០​ឆ្នាំ តើ​ប៉ូល​បាន​ឃើញ​ទំនាយ​ដ៏​អស្ចារ្យ​អ្វី​ក្លាយ​ជា​ការ​ពិត? ហើយ​តើ​ទំនាយ​នោះ​បាន​សម្រេច​ដល់​កម្រិត​ណា​នៅ​សម័យ​យើង?

២៥ សៀវភៅ​សកម្មភាព​ដែល​ពោរ​ពេញ​ដោយ​ការ​ពណ៌នា​អំពី​ចិត្ត​ខ្នះ​ខ្នែង​របស់​ពួក​សាវ័ក បញ្ចប់​ដោយ​ពាក្យ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ថា សាវ័ក​ម្នាក់​របស់​គ្រិស្ត​ត្រូវ​ជាប់​ឃុំ​ក្នុង​ផ្ទះ តែ​បន្ត​«​ផ្សព្វ​ផ្សាយ . . . អំពី​រាជាណាចក្រ​របស់​ព្រះ​»​ដល់​មនុស្ស​ទាំង​អស់ ដែល​មក​សួរ​សុខ​ទុក្ខ​គាត់។ ក្នុង​ជំពូក​ទី​១ យើង​បាន​ពិចារណា​អំពី​ភារកិច្ច​ដែល​លោក​យេស៊ូ​បាន​ប្រគល់​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក ពេល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធានុភាព ពេល​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម នៅ​តំបន់​យូឌា​ទាំង​មូល នៅ​ទូ​ទាំង​ស្រុក​សាម៉ារី និង​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី​»។ (​សកម្ម. ១:៨​) មិន​ដល់​៣០​ឆ្នាំ​ក្រោយ​មក ដំណឹង​អំពី​រាជាណាចក្រ​របស់​ព្រះ បាន​ត្រូវ​«​ប្រកាស​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​នៅ​ក្រោម​មេឃ​»។ d (​កូឡ. ១:២៣​) នេះ​ជា​ភ័ស្តុតាង​ដ៏​ជាក់​ស្ដែង​អំពី​ឥទ្ធិពល​នៃ​ឫទ្ធានុភាព​របស់​ព្រះ!—សាក. ៤:៦

២៦ នៅ​សព្វ​ថ្ងៃ ឫទ្ធានុភាព​របស់​ព្រះ​បន្ត​ដឹក​នាំ​បង​ប្អូន​របស់​គ្រិស្ត​ដែល​នៅ​សល់​នៅ​ផែនដី និង​«​ចៀម​ឯ​ទៀត​»​ដែល​រួម​បម្រើ​ជា​មួយ​នឹង​ពួក​គាត់ ឲ្យ​បន្ត​«​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​អំពី​រាជាណាចក្រ​របស់​ព្រះ​»​នៅ​២​៤​០​ប្រទេស! (​យ៉ូន. ១០:១៦; សកម្ម. ២៨:២៣​) តើ​អ្នក​កំពុង​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​អស់​ពី​សមត្ថភាព​ឬ​ទេ?

a ប៉ូល​ចង់​ទុក​អូណេស៊ីម​ឲ្យ​នៅ​ជា​មួយ​នឹង​គាត់ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​ខុស​នឹង​ច្បាប់​រ៉ូម ហើយ​ក៏​បំពាន​សិទ្ធិ​ភីលេម៉ូន​ដែល​ជា​ម្ចាស់​របស់​អូណេស៊ីម និង​ជា​អ្នក​កាន់​តាម​គ្រិស្ត​ដែរ។ ដូច្នេះ អូណេស៊ីម​ក៏​ត្រឡប់​ទៅ​ឯ​ភីលេម៉ូន​វិញ ទាំង​នាំ​យក​សំបុត្រ​ពី​ប៉ូល​ទៅ​ជា​មួយ​ផង។ សំបុត្រ​នោះ​លើក​ទឹក​ចិត្ត​ភីលេម៉ូន​ឲ្យ​ទទួល​ស្វាគមន៍​ខ្ញុំ​បម្រើ​ដោយ​ចិត្ត​សប្បុរស និង​ជា​បង​ប្អូន​រួម​ជំនឿ។—ភីលេ. ១៣​-​១៩

c សូម​មើល​ប្រអប់​«​ ជីវិត​ប៉ូល​ក្រោយ​ឆ្នាំ​៦១ គ.ស.​»។