ជំពូកទី២៥
«ខ្ញុំសុំលើករឿងក្ដីទៅសេសារ!»
ប៉ូលបានទុកគំរូល្អក្នុងការនិយាយការពារដំណឹងល្អ
មានមូលដ្ឋានលើសកម្មភាព ២៥:១–២៦:៣២
១, ២. (ក) តើប៉ូលកំពុងស្ថិតក្នុងស្ថានភាពបែបណា? (ខ) ការដែលប៉ូលសម្រេចចិត្តលើករឿងក្ដីទៅសេសារ តើនេះនាំឲ្យមានសំណួរអ្វី?
ពីរឆ្នាំមុន ប៉ូលត្រឡប់ទៅតំបន់យូឌាវិញ។ ពេលគាត់ទៅដល់បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ជនជាតិយូដាប៉ុនប៉ងធ្វើឃាតគាត់ យ៉ាងហោចណាស់អស់បីលើក។ (សកម្ម. ២១:២៧-៣៦; ២៣:១០, ១២-១៥, ២៧) ឥឡូវ ប៉ូលនៅក្រុងសេសារៀ ហើយស្ថិតក្រោមការយាមកាមយ៉ាងតឹងរ៉ឹងក្នុងក្រុងនោះ។ រហូតមកដល់ពេលនេះ ពួកសត្រូវមិនបានសម្រេចតាមផែនការរបស់ខ្លួនទេ តែពួកគេមិនព្រមបោះបង់ចោលឡើយ។ ប៉ូលដឹងថាថ្ងៃណាមួយ គាត់ប្រហែលជាធ្លាក់ក្នុងកណ្ដាប់ដៃរបស់ពួកសត្រូវ ដូច្នេះគាត់ប្រាប់ភេស្ទុសដែលជាអភិបាលរ៉ូមថា៖ «ខ្ញុំសុំលើករឿងក្ដីទៅសេសារ!»។—សកម្ម. ២៥:១១
២ តើព្រះយេហូវ៉ាគាំទ្រការសម្រេចចិត្តរបស់ប៉ូល ក្នុងការលើករឿងក្ដីទៅអធិរាជរ៉ូមឬទេ? ចម្លើយគឺមានសារៈសំខាន់ណាស់ចំពោះយើង ដែលជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់អំពីរាជាណាចក្ររបស់ព្រះ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ។ យើងត្រូវដឹងថាអ្វីដែលប៉ូលបានធ្វើ គឺជាគំរូសម្រាប់យើងក្នុងការ«ការពារដំណឹងល្អ និងធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់»។—ភី. ១:៧
«ខ្ញុំកំពុងឈរនៅកន្លែងវិនិច្ឆ័យក្ដី» (សកម្មភាព ២៥:១-១២)
៣, ៤. (ក) តើមានអ្វីនៅពីក្រោយសំណើរបស់ជនជាតិយូដាដើម្បីនាំប៉ូលមកកាត់ទោសនៅក្រុងយេរូសាឡិម? ហើយតើប៉ូលបានរួចពីស្លាប់យ៉ាងដូចម្ដេច? (ខ) ដូចប៉ូលដែរ តើព្រះយេហូវ៉ាបានជួយអ្នកបម្រើរបស់លោកនៅសព្វថ្ងៃនេះតាមវិធីណា?
៣ បីថ្ងៃក្រោយពីភេស្ទុសឡើងកាន់តំណែងជាអភិបាលរ៉ូមនៃតំបន់យូឌា នោះគាត់ក៏ចេញដំណើរទៅក្រុងយេរូសាឡិម។ a នៅទីនោះគាត់បានស្ដាប់ពាក្យបណ្ដឹងរបស់ពួកសង្ឃនាយក និងពួកបុរសដែលមានមុខមាត់ក្នុងចំណោមជនជាតិយូដា ដែលបានចោទប្រកាន់ប៉ូលពីបទឧក្រិដ្ឋធ្ងន់ធ្ងរជាច្រើន។ ពួកគេដឹងថាភេស្ទុសជាអភិបាលថ្មីនេះកំពុងរងសម្ពាធខ្លាំង ដោយសារភេស្ទុសចង់រក្សាទំនាក់ទំនងល្អជាមួយនឹងពួកគេ ព្រមទាំងជាមួយនឹងជនជាតិយូដាទាំងអស់។ ម្ល៉ោះហើយ ពួកគេក៏ឆ្លៀតឱកាសស្នើសុំទៅភេស្ទុសឲ្យនាំប៉ូលមកក្រុងយេរូសាឡិម ដើម្បីទទួលការកាត់ទោស។ ប៉ុន្តែនៅពីក្រោយសំណើនោះ ពួកគេរៀបគម្រោងសម្លាប់ប៉ូលដោយសម្ងាត់នៅ តាមផ្លូវ ពេលគេបញ្ជូនប៉ូលពីក្រុងសេសារៀមកក្រុងយេរូសាឡិម។ ភេស្ទុសបានបដិសេធការស្នើសុំរបស់ពួកគេ ដោយនិយាយថា៖ «ប្រសិនបើបុរសនោះមានកំហុសមែន ចូរឲ្យពួកអ្នកដឹកនាំរបស់អ្នករាល់គ្នាចុះទៅជាមួយនឹងខ្ញុំ[ទៅក្រុងសេសារៀ] ហើយចោទប្រកាន់គាត់នៅទីនោះចុះ»។ (សកម្ម. ២៥:៥) ដូច្នេះ ប៉ូលបានរួចពីស្លាប់ម្ដងទៀត។
៤ ក្នុងពេលដែលប៉ូលប្រឈមមុខទុក្ខលំបាកទាំងអស់នោះ ព្រះយេហូវ៉ាបានផ្ដល់កម្លាំងឲ្យគាត់តាមរយៈលោកម្ចាស់យេស៊ូគ្រិស្ត។ សូមចាំថាក្នុងការបើកបង្ហាញមួយ លោកយេស៊ូបានប្រាប់ពួកសាវ័ករបស់លោកថា៖ «ចូរមានចិត្តក្លាហានឡើង»។ (សកម្ម. ២៣:១១) នៅសព្វថ្ងៃ អ្នកបម្រើរបស់ព្រះយេហូវ៉ាក៏ប្រឈមមុខឧបសគ្គ និងការគំរាមកំហែងផ្សេងៗដែរ។ ព្រះយេហូវ៉ាមិនការពារយើងពីទុក្ខលំបាកទាំងអស់ទេ តែលោកផ្ដល់ប្រាជ្ញានិងកម្លាំងដើម្បីឲ្យយើងស៊ូទ្រាំ។ យើងអាចពឹងផ្អែកជានិច្ចលើ‹ឫទ្ធានុភាពលើសពីធម្មតា› ដែលមកពីព្រះជាទីស្រឡាញ់របស់យើង។—២កូ. ៤:៧
៥. តើភេស្ទុសបានធ្វើយ៉ាងណាចំពោះប៉ូល?
៥ ប៉ុន្មានថ្ងៃក្រោយមកក្នុងក្រុងសេសារៀ ភេស្ទុស«អង្គុយនៅកន្លែងវិនិច្ឆ័យក្ដី»។ b ប៉ូលឈរនៅចំពោះមុខភេស្ទុសនិងពួកអ្នកចោទប្រកាន់គាត់។ គាត់បានឆ្លើយតបចំពោះពាក្យចោទប្រកាន់ ដែលគ្មានមូលដ្ឋានរបស់អ្នកទាំងនោះ ដោយនិយាយថា៖ «ខ្ញុំមិនបានធ្វើខុសច្បាប់របស់ជនជាតិយូដាទេ ហើយក៏មិនបានប្រឆាំងវិហារឬសេសារដែរ»។ ពិតណាស់សាវ័កប៉ូលគ្មានកំហុសទេ ហើយគាត់សមនឹងត្រូវដោះលែង។ ប៉ុន្តែ តើភេស្ទុសនឹងសម្រេចចិត្តយ៉ាងណា? ភេស្ទុសចង់ផ្គាប់ចិត្តជនជាតិយូដា ដូច្នេះគាត់បានសួរប៉ូលថា៖ «តើអ្នកចង់ឡើងទៅក្រុងយេរូសាឡិម ដើម្បីឲ្យខ្ញុំវិនិច្ឆ័យរឿងក្ដីរបស់អ្នកនៅទីនោះទេ?»។ (សកម្ម. ២៥:៦-៩) នេះជាការសួរដែលមិនទំនងសោះ! ប្រសិនបើគេបញ្ជូនប៉ូលត្រឡប់ទៅក្រុងយេរូសាឡិមមែន នោះពួកអ្នកចោទប្រកាន់គាត់នឹងធ្វើជាចៅក្រមកាត់ទោសគាត់ ហើយគាត់ច្បាស់ជាស្លាប់ក្នុងកណ្ដាប់ដៃពួកគេជាមិនខាន។ ក្នុងករណីនេះ ភេស្ទុសបានជ្រើសរើសយកភាពចំណេញខាងនយោបាយ ជាជាងភាពយុត្តិធម៌ពិត។ អតីតអភិបាលឈ្មោះប៉ុនទាសពីឡាត ធ្លាប់ធ្វើដូចគ្នាក្នុងករណីរបស់លោកយេស៊ូ ដែលជាអ្នកទោសសំខាន់ជាងនោះឆ្ងាយណាស់។ (យ៉ូន. ១៩:១២-១៦) ចៅក្រមនៅសព្វថ្ងៃ ក៏ប្រហែលជាទទួលសម្ពាធពីពួកនយោបាយដែរ។ ហេតុនេះ យើងមិនភ្ញាក់ផ្អើលទេ ពេលដែលតុលាការខ្លះសម្រេចចិត្តទាត់ចោលភ័ស្តុតាង ដែលទាក់ទងនឹងរឿងក្ដីរបស់សាក្សីព្រះយេហូវ៉ា។
៦, ៧. ហេតុអ្វីបានជាប៉ូលសុំលើករឿងក្ដីទៅសេសារ? ហើយតើគាត់បានទុកគំរូអ្វីសម្រាប់គ្រិស្តសាសនិកពិតនៅសព្វថ្ងៃ?
៦ ប៉ូលកំពុងប្រឈមមុខនឹងការបាត់បង់ជីវិត ដោយសារភេស្ទុសមានបំណងផ្គាប់ចិត្តជនជាតិយូដា។ ដូច្នេះ ប៉ូលសម្រេចចិត្តប្រើសិទ្ធិរបស់គាត់ជាពលរដ្ឋរ៉ូម ដោយប្រាប់ភេស្ទុសថា៖ «ខ្ញុំកំពុងឈរនៅកន្លែងវិនិច្ឆ័យក្ដីរបស់សេសារហើយ ជាកន្លែងដែលខ្ញុំគួរទទួលការវិនិច្ឆ័យ។ ខ្ញុំមិនបានធ្វើអ្វីខុសនឹងជនជាតិយូដាទេ ដូចលោកបានឃើញច្បាស់ហើយ។ . . . ខ្ញុំសុំលើករឿងក្ដីទៅសេសារ!»។ ពេលដែលប៉ូលនិយាយថា៖ «ខ្ញុំសុំលើករឿងក្ដីទៅសេសារ» នោះគឺជាសំណូមពរដែលមិនអាចច្រានចោលបាន។ ហេតុនេះ ភេស្ទុសបានបញ្ជាក់ឡើងវិញថា៖ «ដោយសារអ្នកបានសុំលើករឿងក្ដីទៅសេសារ អ្នកប្រាកដជានឹងបានជួបសេសារ»។ (សកម្ម. ២៥:១០-១២) ដោយសារប៉ូលបានលើករឿងក្ដីទៅស្ថាប័នដែលមានអំណាចខ្ពស់ជាង នោះគាត់បានទុកគំរូសម្រាប់គ្រិស្តសាសនិកពិតនៅសព្វថ្ងៃ។ ពេលពួកអ្នកប្រឆាំងព្យាយាម«បង្កើតបញ្ហាដោយអាងច្បាប់» នោះសាក្សីព្រះយេហូវ៉ាប្រើវិធីតាមផ្លូវច្បាប់ដើម្បីការពារដំណឹងល្អ។ c—ចសព. ៩៤:២០
៧ ដូច្នេះ ក្រោយពីប៉ូលជាប់គុកអស់ជាងពីរឆ្នាំ ពីបទឧក្រិដ្ឋដែលគាត់មិនបានប្រព្រឹត្ត នោះគាត់មានឱកាសទៅតស៊ូក្ដីនៅក្រុងរ៉ូម។ ប៉ុន្តែមុនចេញដំណើរ មានអ្នកគ្រប់គ្រងម្នាក់ទៀតចង់ជួបគាត់។
‹ខ្ញុំមិនបានធ្វើព្រងើយទេ› (សកម្មភាព ២៥:១៣–២៦:២៣)
៨, ៩. ហេតុអ្វីស្ដេចអាគ្រីប៉ាទៅក្រុងសេសារៀ?
៨ ប៉ុន្មានថ្ងៃបន្ទាប់ពីប៉ូលសុំលើករឿងក្ដីទៅសេសារ ស្ដេចអាគ្រីប៉ានិងប្អូនស្រីឈ្មោះប៊ឺនីស បានមកជួបភេស្ទុសដែលជាអភិបាលថ្មី ដើម្បី«សម្ដែងការគួរសម»។ d នៅសម័យរ៉ូម តាមទំនៀមទម្លាប់ ពួកមន្ត្រីតែងទៅជួបអភិបាលដែលទើបទទួលការតែងតាំងថ្មី។ តាមរយៈការទៅអបអរដល់ភេស្ទុសដែលទើបទទួលតំណែងថ្មី អាគ្រីប៉ាប្រាកដជាខំព្យាយាមពង្រឹងទំនាក់ទំនងផ្នែកនយោបាយនិងមិត្តភាព ដើម្បីបានប្រយោជន៍នៅថ្ងៃមុខ។—សកម្ម. ២៥:១៣
៩ ភេស្ទុសបានប្រាប់ស្ដេចអាគ្រីប៉ាអំពីរឿងក្ដីរបស់ប៉ូល នេះបានធ្វើឲ្យអាគ្រីប៉ាចាប់អារម្មណ៍ជាខ្លាំង។ នៅថ្ងៃបន្ទាប់ អ្នកដឹកនាំទាំងពីរនេះអង្គុយនៅលើកៅអីវិនិច្ឆ័យក្ដី។ ប៉ុន្តែ អំណាចនិងភាពក្រអឺតក្រទមរបស់ពួកគេ មិនសូវធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង ដូចពាក្យសម្ដីដែលអ្នកទោសប៉ូលហៀបនឹងនិយាយនៅចំពោះមុខពួកគេឡើយ។—សកម្ម. ២៥:២២-២៧
១០, ១១. តើប៉ូលបានបង្ហាញការគោរពចំពោះអាគ្រីប៉ាយ៉ាងដូចម្ដេច? ហើយតើប៉ូលបានជម្រាបស្ដេចអាគ្រីប៉ាអំពីរឿងអ្វីខ្លះ?
១០ ប៉ូលបានបង្ហាញការគោរពដោយអរគុណស្ដេចអាគ្រីប៉ា ដែលបានផ្ដល់ឱកាសឲ្យគាត់និយាយការពារខ្លួន ហើយគាត់ក៏បាននិយាយដែរថា ស្ដេចអាគ្រីប៉ាមានចំណេះអំពីទំនៀមទម្លាប់របស់ជនជាតិយូដា និងដឹងអំពីជម្លោះរបស់ពួកគេទាំងអស់។ បន្ទាប់មក ប៉ូលរៀបរាប់អំពីអតីតកាលរបស់ខ្លួនថា៖ «ខ្ញុំបានកាន់តាមពួកផារិស៊ីសមស្របតាមនិកាយដ៏តឹងរ៉ឹងបំផុតនៃសាសនា របស់យើង»។ (សកម្ម. ២៦:៥) ក្នុងនាមជាផារិស៊ី ប៉ូលបានទន្ទឹងរង់ចាំការមកដល់របស់មេស្ស៊ី។ ឥឡូវក្នុងនាមជាគ្រិស្តសាសនិក ប៉ូលនិយាយដោយក្លាហានថា លោកយេស៊ូគ្រិស្តគឺជាមេស្ស៊ីដែលគាត់បានរង់ចាំជាយូរមកហើយ។ ប៉ុន្តែនៅថ្ងៃនេះ ប៉ូលបែរជាត្រូវគេវិនិច្ឆ័យក្ដី ចំពោះអ្វីដែលគាត់និងពួកអ្នកចោទប្រកាន់គាត់មានជំនឿដូចគ្នា ពោលគឺសេចក្ដីសង្ឃឹមថាអ្វីដែលព្រះបានសន្យាចំពោះបុព្វបុរសរបស់ពួកគេនឹងក្លាយជាការពិត។ ការពន្យល់របស់ប៉ូលធ្វើឲ្យស្ដេចអាគ្រីប៉ាចាប់អារម្មណ៍កាន់តែខ្លាំងឡើង។ e
១១ បន្ទាប់មក ប៉ូលបាននិយាយអំពីទង្វើដ៏ឃោរឃៅដែលគាត់ធ្លាប់ប្រព្រឹត្តចំពោះពួកអ្នកកាន់តាមគ្រិស្ត ដោយថា៖ «ចំណែកខ្ញុំវិញ ខ្ញុំធ្លាប់គិតថា ខ្ញុំត្រូវប្រើគ្រប់មធ្យោបាយដើម្បីប្រឆាំងនាមរបស់លោកយេស៊ូពីក្រុងណាសារ៉ែត។ . . . ខ្ញុំខឹងពួកគាត់[គឺពួកអ្នកកាន់តាមគ្រិស្ត]ខ្លាំងដល់ម្ល៉េះ បានជាខ្ញុំតាមបៀតបៀនពួកគាត់នៅក្រុងផ្សេងៗទៀត»។ (សកម្ម. ២៦:៩-១១) ប៉ូលមិនបាននិយាយបំផ្លើសទេ ពីព្រោះមនុស្សជាច្រើនបានដឹងថា គាត់ធ្លាប់បៀតបៀនយ៉ាងសាហាវទៅលើគ្រិស្តសាសនិក។ (កាឡ. ១:១៣, ២៣) អាគ្រីប៉ាប្រហែលជាឆ្ងល់ថា ‹តើអ្វីបានធ្វើឲ្យមនុស្សប្រភេទនេះផ្លាស់ប្ដូរ?›។
១២, ១៣. (ក) តើប៉ូលបានរៀបរាប់យ៉ាងណាអំពីអ្វីដែលបានធ្វើឲ្យគាត់ផ្លាស់ប្ដូរជំនឿ? (ខ) ហេតុអ្វីបានជាការប្រព្រឹត្តរបស់ប៉ូលប្រៀបដូចជា«ធាក់ជន្លួញ»?
១២ ពាក្យបន្ទាប់របស់ប៉ូលគឺជាចម្លើយ។ គាត់បន្តនិយាយថា៖ «ខ្ញុំបានចេញដំណើរទៅក្រុងដាម៉ាស់ ដោយសារពួកសង្ឃនាយកបានចាត់ខ្ញុំឲ្យទៅធ្វើរឿងនោះ។ ស្ដេចអើយ នៅតាមផ្លូវប្រហែលជាថ្ងៃត្រង់ ខ្ញុំឃើញពន្លឺមួយដែលភ្លឺជាងពន្លឺថ្ងៃ គឺបានភ្លឺពីលើមេឃមកចាំងជុំវិញខ្ញុំនិងពួកអ្នកដែលកំពុងរួមដំណើរជាមួយនឹងខ្ញុំ។ យើងទាំងអស់គ្នាក៏ដួលដល់ដី រួចខ្ញុំឮសំឡេងមួយបន្លឺមកកាន់ខ្ញុំជាភាសាហេប្រឺថា៖ ‹សុល សុល ហេតុអ្វីអ្នកបៀតបៀនខ្ញុំ? អ្នកធ្វើទុក្ខដល់ខ្លួនឯងហើយ ព្រោះអ្នកចេះតែធាក់ជន្លួញ›។ ប៉ុន្តែ ខ្ញុំសួរថា៖ ‹តើលោកម្ចាស់ជាអ្នកណា?›។ លោកម្ចាស់មានប្រសាសន៍ថា៖ ‹ខ្ញុំគឺយេស៊ូ ដែលអ្នកកំពុងបៀតបៀន›»។ f—សកម្ម. ២៦:១២-១៥
១៣ ជន្លួញជាដំបងវែងមានចុងស្រួច ដែលកសិករប្រើដើម្បីចាក់សត្វឲ្យទៅមុខ បើវាមិនព្រមទៅមុខ ហើយ«ធាក់ជន្លួញ» នោះវានឹងធ្វើឲ្យខ្លួនរងរបួស។ ស្រដៀងគ្នាដែរ មុនដែលលោកយេស៊ូលេចមកជួបប៉ូល គាត់មានការប្រព្រឹត្តដែលប្រៀបដូចជាធាក់ជន្លួញ មានន័យថាការប្រព្រឹត្តរបស់គាត់ ប្រឆាំងនឹងបំណងប្រាថ្នារបស់ព្រះ។ នេះធ្វើឲ្យគាត់មិនអាចមានចំណងមិត្តភាពជាមួយនឹងលោកបាន។ តាមពិត ប៉ូលជាមនុស្សមានចិត្តស្មោះ តែគាត់មានការយល់ខុស។ ដូច្នេះ បន្ទាប់ពីលោកយេស៊ូរស់ឡើងវិញ លោកបានលេចមកជួបប៉ូល ដើម្បីជួយគាត់ឲ្យកែប្រែរបៀបគិតគូររបស់គាត់។—យ៉ូន. ១៦:១, ២
១៤, ១៥. ក្រោយពីប៉ូលបានផ្លាស់ប្ដូរជំនឿ តើគាត់បានធ្វើអ្វីខ្លះ?
១៤ ប៉ូលពិតជាបានធ្វើការផ្លាស់ប្ដូរយ៉ាងធំក្នុងជីវិត។ ប៉ូលបន្តជម្រាបអាគ្រីប៉ាថា៖ «ខ្ញុំមិនបានធ្វើព្រងើយនឹងអ្វីដែលបានត្រូវបើកបង្ហាញពីស្ថានសួគ៌ឲ្យខ្ញុំឃើញក្នុងគំនិតទេ។ ប៉ុន្តែ ខ្ញុំបាននាំសារទៅដល់អ្នកក្រុងដាម៉ាស់មុនដំបូង ហើយដល់បណ្ដាជននៅក្រុងយេរូសាឡិម និងពេញតំបន់យូឌា រួចដល់ជនជាតិដទៃ។ ខ្ញុំប្រាប់ពួកគេថា ពួកគេត្រូវប្រែចិត្ត ហើយបែរមកគោរពប្រណិប័តន៍ព្រះ ដោយប្រព្រឹត្តឲ្យសមនឹងការប្រែចិត្ត»។ (សកម្ម. ២៦:១៩, ២០) អស់ជាច្រើនឆ្នាំ ប៉ូលខំព្យាយាមបំពេញភារកិច្ចដែលលោកយេស៊ូគ្រិស្តប្រគល់ឲ្យគាត់ នៅពេលដែលលោកបានលេចមកជួបគាត់ នាកណ្ដាលថ្ងៃត្រង់នោះ។ តើនាំឲ្យមានលទ្ធផលអ្វី? អស់អ្នកដែលព្រមស្ដាប់ដំណឹងល្អពីប៉ូល ក៏បានប្រែចិត្ត ហើយបែរមកគោរពប្រណិប័តន៍ព្រះយេហូវ៉ា ព្រមទាំងឈប់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ និងអំពើមិនទៀងត្រង់ទៀត។ មនុស្សបែបនេះបានក្លាយជាពលរដ្ឋល្អ ដោយគោរពច្បាប់ និងចូលរួមរក្សាសណ្ដាប់ធ្នាប់ក្នុងសង្គម។
១៥ ប៉ុន្តែ លទ្ធផលល្អបែបនោះ គ្មានន័យអ្វីចំពោះជនជាតិយូដាដែលប្រឆាំងប៉ូលឡើយ។ ប៉ូលនិយាយថា៖ «ដោយសារការទាំងនេះ ជនជាតិយូដាបានចាប់ខ្ញុំក្នុងវិហារ រួចព្យាយាមសម្លាប់ខ្ញុំ។ ក៏ប៉ុន្តែ ដោយសារខ្ញុំបានទទួលជំនួយពីព្រះ ខ្ញុំបន្តធ្វើជាសាក្សីបញ្ជាក់ប្រាប់ទាំងអ្នកធំទាំងអ្នកតូចអំពីដំណឹងល្អរហូតដល់ថ្ងៃនេះ»។—សកម្ម. ២៦:២១, ២២
១៦. ពេលនិយាយទៅកាន់ចៅក្រមនិងមន្ត្រីអាជ្ញាធរអំពីជំនឿរបស់យើង តើយើងអាចធ្វើតាមគំរូរបស់ប៉ូលយ៉ាងដូចម្ដេច?
១៦ ក្នុងនាមជាគ្រិស្តសាសនិកពិត យើងត្រូវ«ប្រុងប្រៀបជានិច្ចដើម្បីនិយាយការពារ»ជំនឿរបស់យើង។ (១ពេ. ៣:១៥) ពេលយើងនិយាយទៅកាន់ចៅក្រម និងមន្ត្រីអាជ្ញាធរអំពីជំនឿរបស់យើង នោះយើងអាចធ្វើតាមវិធីដែលប៉ូលបាននិយាយទៅកាន់អាគ្រីប៉ានិងភេស្ទុស។ យើងនិយាយដោយបង្ហាញការគោរព ពេលប្រាប់ពួកអ្នកមានអំណាចអំពីរបៀបដែលសេចក្ដីពិតក្នុងគម្ពីរ បានជួយផ្លាស់ប្ដូរជីវិតយើងឲ្យប្រសើរជាង និងជីវិតអស់អ្នកដែលព្រមទទួលយកដំណឹងល្អពីយើង។ ការនិយាយតាមរបៀបនេះ អាចមានឥទ្ធិពលទៅលើចិត្តរបស់ពួកអ្នកទាំងនោះ។
«ការនិយាយវែកញែករបស់អ្នកនឹងនាំឲ្យខ្ញុំទៅជាគ្រិស្តសាសនិកដែរ» (សកម្មភាព ២៦:២៤-៣២)
១៧. តើភេស្ទុសមានប្រតិកម្មយ៉ាងណាចំពោះការលើកហេតុផលរបស់ប៉ូល? ហើយតើនៅសព្វថ្ងៃយើងឃើញមានអាកប្បកិរិយាបែបណាដែលស្រដៀងគ្នា?
១៧ ពេលអ្នកដឹកនាំទាំងពីរនេះស្ដាប់ការលើកហេតុផលដ៏គួរឲ្យជឿជាក់របស់ប៉ូល នោះពួកគេមិនអាចនៅស្ងៀមតទៅទៀតបានទេ។ តើមានអ្វីកើតឡើង? កំណត់ហេតុចែងថា៖ «កាលដែល[ប៉ូល]កំពុងនិយាយអ្វីៗទាំងនេះដើម្បីការពារខ្លួន ភេស្ទុសបន្លឺសំឡេងយ៉ាងខ្លាំងថា៖ ‹ប៉ូល! អ្នកឆ្កួតហើយ! ការចេះដឹងច្រើនពេកបានធ្វើឲ្យអ្នកឆ្កួត!›»។ (សកម្ម. ២៦:២៤) ការស្រែកគំហករបស់ភេស្ទុសបានឆ្លុះបញ្ចាំងអំពីអាកប្បកិរិយារបស់មនុស្ស ដែលនៅតែមានរហូតដល់សព្វថ្ងៃ នេះ។ មនុស្សជាច្រើនចាត់ទុកពួកអ្នកដែលបង្រៀនសេចក្ដីពិតក្នុងគម្ពីរថា ជាមនុស្សជ្រុលនិយម។ ពួកអ្នកដែលមានប្រាជ្ញាក្នុងពិភពលោក ច្រើនតែពិបាកទទួលយកសេចក្ដីបង្រៀនក្នុងគម្ពីរ អំពីការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។
១៨. តើប៉ូលបានឆ្លើយតបយ៉ាងណាទៅភេស្ទុស? ហើយតើនេះនាំឲ្យអាគ្រីប៉ានិយាយអ្វី?
១៨ ប៉ុន្តែ ប៉ូលបានឆ្លើយតបទៅអភិបាលវិញថា៖«ឯកឧត្ដមភេស្ទុស ខ្ញុំមិនឆ្កួតទេ តែខ្ញុំកំពុងនិយាយសេចក្ដីពិតដោយដឹងខុសត្រូវ។ តាមការពិត ស្ដេចដឹងច្បាស់អំពីការទាំងនេះ ទើបខ្ញុំហ៊ានជម្រាបលោក។ . . . ស្ដេចអាគ្រីប៉ា តើលោកជឿពួកអ្នកប្រកាសទំនាយទេ? ខ្ញុំដឹងថាលោកជឿ»។ អាគ្រីប៉ាបាននិយាយទៅប៉ូលថា៖ «តែបន្តិចទៀត ការនិយាយវែកញែករបស់អ្នកនឹងនាំឲ្យខ្ញុំទៅជាគ្រិស្តសាសនិកដែរ»។ (សកម្ម. ២៦:២៥-២៨) មិនថាអាគ្រីប៉ានិយាយដោយចិត្តស្មោះឬមិនស្មោះទេ តែនោះបង្ហាញថា អ្វីដែលប៉ូលផ្សព្វផ្សាយមានឥទ្ធិពលខ្លាំងទៅលើគាត់។
១៩. តើភេស្ទុសនិងអាគ្រីប៉ាបានសន្និដ្ឋានយ៉ាងណាអំពីប៉ូល?
១៩ បន្ទាប់មក អាគ្រីប៉ានិងភេស្ទុសក្រោកឈរ ជាសញ្ញាថាការកាត់ក្ដីចប់ហើយ។ «កាលដែលពួកគាត់កំពុងចេញទៅ ពួកគាត់និយាយគ្នាថា៖ ‹បុរសនេះមិនបានធ្វើអ្វីដែលសមនឹងទទួលទោសដល់ស្លាប់ ឬជាប់គុកទេ›។ បន្ទាប់មក អាគ្រីប៉ានិយាយទៅភេស្ទុសថា៖ ‹បុរសនេះអាចត្រូវដោះលែងបាន ប្រសិនបើគាត់មិនបានសុំលើករឿងក្ដីទៅសេសារ›»។ (សកម្ម. ២៦:៣១, ៣២) ពួកគេបានដឹងថា បុរសដែលទើបតែបង្ហាញខ្លួននៅចំពោះមុខពួកគេ គឺគ្មានកំហុសឡើយ។ ឥឡូវប្រហែលជាពួកគេមានទស្សនៈល្អជាងចំពោះពួកអ្នកកាន់តាមគ្រិស្ត។
២០. តើការផ្សព្វផ្សាយរបស់ប៉ូលដល់ពួកមន្ត្រីជាន់ខ្ពស់នាំឲ្យមានលទ្ធផលអ្វី?
២០ តាមមើលទៅ មេដឹកនាំដ៏មានអំណាចទាំងពីរនេះ មិនទទួលយកដំណឹងល្អនៃរាជាណាចក្រឡើយ។ តើជាការឈ្លាសវៃទេដែលប៉ូលទៅនិយាយការពារក្ដីនៅចំពោះមុខបុរសទាំងពីរនេះ? ចម្លើយ គឺពិតជាឈ្លាសវៃមែន ពីព្រោះការដែលប៉ូលត្រូវគេ«នាំទៅឯស្ដេចនិងពួកអភិបាល»ក្នុងតំបន់យូឌា នោះអាចជួយគាត់ឲ្យផ្សព្វផ្សាយសេចក្ដីពិតដល់ថ្នាក់ដឹកនាំរ៉ូមផ្សេងទៀត ដែលប្រជាជនធម្មតាមិនអាចចូលទៅជួបបាន។ (លូក. ២១:១២, ១៣) ម្យ៉ាងទៀត បទពិសោធន៍និងភាពស្មោះត្រង់របស់ប៉ូលក្រោមការល្បងលផ្សេងៗ ក៏បានលើកទឹកចិត្តបងប្អូនរួមជំនឿដែរ។—ភី. ១:១២-១៤
២១. ពេលយើងតស៊ូព្យាយាមក្នុងកិច្ចការផ្សព្វផ្សាយ តើយើងអាចទទួលលទ្ធផលអ្វីខ្លះ?
២១ សព្វថ្ងៃក៏ដូចគ្នាដែរ ទោះជាយើងប្រឈមមុខនឹងទុក្ខលំបាកឬការប្រឆាំងក្ដី បើយើងតស៊ូព្យាយាមក្នុងកិច្ចការផ្សព្វផ្សាយ យើងអាចឃើញលទ្ធផលល្អជាច្រើន។ ជាឧទាហរណ៍ យើងប្រហែលជាជួបពួកអ្នកមានអំណាច ដែលធម្មតាកម្របានជួប នោះជាឱកាសដែលយើងអាចផ្សព្វផ្សាយដល់ពួកគេ។ ការស៊ូទ្រាំដ៏ស្មោះត្រង់របស់យើង ក៏អាចលើកទឹកចិត្តបងប្អូនគ្រិស្តសាសនិកឯទៀតដែរ ព្រមទាំងអាចជំរុញចិត្តពួកគេឲ្យកាន់តែមានភាពក្លាហាន ក្នុងការធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់អំពីរាជាណាចក្ររបស់ព្រះ។
a សូមមើលប្រអប់« អភិបាលរ៉ូម ព័រសៀសភេស្ទុស»។
b «កន្លែងវិនិច្ឆ័យក្ដី» គឺជាវេទិកាមួយដែលមានកៅអីសម្រាប់អង្គុយជំនុំជម្រះ។ កៅអីនោះបានត្រូវដាក់នៅកន្លែងខ្ពស់ដើម្បីបង្ហាញថា ចៅក្រមមានតួនាទីដ៏សំខាន់ ហើយថាសេចក្ដីសម្រេចរបស់គាត់ជាសេចក្ដីសម្រេចចុងក្រោយ។ ពីឡាតអង្គុយនៅលើកៅអីជំនុំជម្រះ ពេលដែលគាត់ស្ដាប់និងថ្លឹងថ្លែងពាក្យចោទប្រកាន់ចំពោះលោកយេស៊ូ។
c សូមមើលប្រអប់« ការប្ដឹងតាមផ្លូវច្បាប់ដើម្បីប្រយោជន៍ការគោរពប្រណិប័តន៍ពិតនៅសម័យបច្ចុប្បន្ន»។
d សូមមើលប្រអប់« ស្ដេចហេរ៉ូឌអាគ្រីប៉ាទី២»។
e ក្នុងនាមជាគ្រិស្តសាសនិក ប៉ូលទទួលស្គាល់ថាលោកយេស៊ូជាមេស្ស៊ី។ ប៉ុន្តែ ជនជាតិយូដាខ្លះបានបដិសេធលោកយេស៊ូ ហើយចាត់ទុកប៉ូលថាជាជនក្បត់ជំនឿ។—សកម្ម. ២១:២១, ២៧, ២៨
f ស្ដីអំពីពាក្យរបស់ប៉ូលថា គាត់ធ្វើដំណើរនៅតាមផ្លូវ«ប្រហែលជាថ្ងៃត្រង់» បណ្ឌិតគម្ពីរម្នាក់បាននិយាយថា៖ «ប្រសិនបើមិនមានកិច្ចការអ្វីបន្ទាន់ទេ អ្នកដំណើរនឹងសម្រាកក្នុងអំឡុងពេលថ្ងៃត្រង់ដ៏ក្ដៅហែង។ ដូច្នេះយើងឃើញថា ប៉ូលខំប្រឹងប្រែងខ្លាំងណាស់ក្នុងការបៀតបៀនអ្នកឯទៀត»។