ជំពូកទី៤
«ពួកគាត់ជាជនសាមញ្ញ ហើយមិនបានរៀនសូត្រ»
ពួកសាវ័កប្រព្រឹត្តដោយចិត្តក្លាហាន ហើយព្រះយេហូវ៉ាឲ្យពរដល់ពួកគាត់
មានមូលដ្ឋានលើសកម្មភាព ៣:១–៥:១១
១, ២. នៅក្បែរទ្វារវិហារ តើពេត្រុសនិងយ៉ូហានបានធ្វើអព្ភូតហេតុអ្វី?
ពន្លឺដួងអាទិត្យនាពេលរសៀល បានចាំងមកលើក្រុមមនុស្សដ៏ច្រើនកកកុញ។ ទាំងជនជាតិយូដាទាំងអ្នកកាន់តាមគ្រិស្តដែលមានភក្ដីភាពចំពោះព្រះ បាននាំគ្នាចូលក្នុងវិហារ។ បន្តិចទៀត ដល់«ម៉ោងអធិដ្ឋាន»។ a (សកម្ម. ២:៤៦; ៣:១) ពេត្រុសនិងយ៉ូហានដើរកាត់ក្រុមមនុស្សឆ្ពោះទៅឯទ្វារវិហារ ដែលហៅថាទ្វារលម្អ។ នៅទីនោះមានសំឡេងអ៊ូអរ សំឡេងសម្រឹបជើងដើររបស់បណ្ដាជន និងសំឡេងស្រែកសុំទានរបស់បុរសវ័យកណ្ដាលម្នាក់ ដែលខ្វិនតាំងពីកំណើត។—សកម្ម. ៣:២; ៤:២២
២ ពេលពេត្រុសនិងយ៉ូហានទៅជិតដល់ទ្វារវិហារ ពួកគាត់ឮសំឡេងស្រែកសុំប្រាក់ម្ដងហើយម្ដងទៀតរបស់បុរសខ្វិននោះ។ ពួកគាត់ក៏បង្អង់ដំណើរ ហើយមើលទៅបុរសខ្វិន នេះបានធ្វើឲ្យបុរសខ្វិនមើលមកពួកគាត់វិញដោយក្ដីសង្ឃឹម។ រួចពេត្រុសនិយាយថា៖ «មាសនិងប្រាក់ខ្ញុំមិនមានទេ តែអ្វីដែលខ្ញុំមាន ខ្ញុំនឹងឲ្យអ្នក។ ដោយនូវនាមលោកយេស៊ូគ្រិស្តពីក្រុងណាសារ៉ែត ចូរដើរទៅចុះ!»។ សូមស្រមៃគិតអំពីការភ្ញាក់ផ្អើលរបស់ក្រុមមនុស្ស កាលដែលពេត្រុសចាប់លើកដៃបុរសខ្វិននោះ ស្រាប់តែគាត់ក៏ក្រោកឈរឡើង នេះជាលើកដំបូងក្នុងជីវិតរបស់គាត់! (សកម្ម. ៣:៦, ៧) តើអ្នកអាចស្រមៃឃើញគាត់កំពុងសម្លឹងមើលជើងខ្លួនដែលជាសះស្បើយ ហើយដើរមួយៗជាលើកដំបូងឬទេ? យើងអាចយល់ច្បាស់ពីមូលហេតុដែលបុរសនោះបានលោតកញ្ឆេង ហើយបន្លឺសំឡេងសរសើរព្រះយ៉ាងខ្លាំង!
៣. តើបណ្ដាជននិងបុរសដែលធ្លាប់ខ្វិនអាចទទួលអំណោយដ៏អស្ចារ្យអ្វី?
៣ ក្រុមមនុស្សដែលមានចិត្តរំភើបរីករាយ បានរត់មកជួបពេត្រុសនិងយ៉ូហាននៅឯល្វែងសាឡូម៉ូន។ នេះជាកន្លែងដែលលោកយេស៊ូធ្លាប់ឈរបង្រៀន។ ពេត្រុសប្រាប់ពួកគេអំពីអត្ថន័យពិតនៃហេតុការណ៍ដែលទើបនឹងកើតឡើង។ (យ៉ូន. ១០:២៣) ពេលនោះពេត្រុសបានឲ្យអំណោយ ដែលមានតម្លៃជាងមាសប្រាក់ដល់បណ្ដាជននិងបុរសខ្វិន។ អំណោយនេះមិនគ្រាន់តែជាការធ្វើឲ្យមាន សុខភាពល្អឡើងវិញប៉ុណ្ណោះទេ តែក៏រួមបញ្ចូលនូវឱកាសដើម្បីឲ្យពួកគេប្រែចិត្ត ដើម្បីលុបបំបាត់អំពើខុសឆ្គង និងដើម្បីក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត ដែលព្រះយេហូវ៉ាបានតែងតាំងឲ្យធ្វើជា«មេដឹកនាំដែលផ្ដល់ជីវិត»។—សកម្ម. ៣:១៥
៤. (ក) តើការធ្វើឲ្យជាសះស្បើយដោយអព្ភូតហេតុ បង្កឲ្យមានបញ្ហាអ្វី? (ខ) តើយើងនឹងឆ្លើយសំណួរពីរយ៉ាងអ្វី?
៤ នេះពិតជាថ្ងៃដែលមិនអាចបំភ្លេចបាន! មនុស្សម្នាក់បានត្រូវធ្វើឲ្យជាសះស្បើយខាងរូបកាយ ដូច្នេះគាត់អាចដើរបាន។ ចំណែកមនុស្សរាប់ពាន់នាក់ទៀត ពួកគេបានទទួលឱកាសដែលជានានឹងព្រះឡើងវិញ។ យ៉ាងនេះ ពួកគេអាចមានការប្រព្រឹត្តសមជាអ្នកបម្រើរបស់ព្រះ។ (កូឡ. ១:៩, ១០) បន្ថែមទៅទៀត ព្រឹត្តការណ៍នៅថ្ងៃនោះក៏បាននាំឲ្យមានបញ្ហា រវាងពួកអ្នកតាមគ្រិស្តដ៏ស្មោះត្រង់និងពួកអ្នកមានអំណាច ដែលព្យាយាមរារាំងពួកគាត់មិនឲ្យធ្វើតាមបង្គាប់លោកយេស៊ូក្នុងការផ្សព្វផ្សាយដំណឹងរាជាណាចក្រ។ (សកម្ម. ១:៨) ទោះជាពេត្រុសនិងយ៉ូហានជា«ជនសាមញ្ញ ហើយមិនបានរៀនសូត្រ»ក្ដី តើយើងអាចរៀនអ្វីពីវិធីសាស្ត្រនិងចិត្តគំនិតរបស់ពួកគាត់ កាលដែលពួកគាត់ផ្សព្វផ្សាយដល់ក្រុមមនុស្ស? b (សកម្ម. ៤:១៣) តើតាមរបៀបណាយើងអាចធ្វើតាមវិធីដែលពួកគាត់ និងអ្នកកាន់តាមឯទៀតបានប្រព្រឹត្តតបចំពោះការប្រឆាំង?
មិនមែន‹ដោយសារឫទ្ធានុភាពរបស់យើងផ្ទាល់ទេ› (សកម្មភាព ៣:១១-២៦)
៥. តើយើងអាចរៀនអ្វីពីរបៀបដែលពេត្រុសនិយាយទៅកាន់ក្រុមមនុស្ស?
៥ ពេត្រុសនិងយ៉ូហានកំពុងឈរនៅចំពោះមុខក្រុមមនុស្ស ទាំងដឹងថាអ្នកខ្លះក្នុងចំណោមនោះ ប្រហែលជាអ្នកដែលទើបតែបានស្រែកទាមទារឲ្យគេសម្លាប់លោកយេស៊ូ។ (ម៉ាក. ១៥:៨-១៥; សកម្ម. ៣:១៣-១៥) សូមគិតអំពីចិត្តក្លាហានរបស់ពេត្រុសដែលបានប្រកាសយ៉ាងអង់អាចថា បុរសខ្វិននោះបានត្រូវធ្វើឲ្យជាសះស្បើយក្នុងនាមលោកយេស៊ូ។ ពេត្រុសមិនបានលាក់បាំងការពិតទេ។ គាត់បាននិយាយយ៉ាងចំៗថា ក្រុមមនុស្សជាប់ពាក់ព័ន្ធនឹងការស្លាប់របស់គ្រិស្ត។ ប៉ុន្តែ ពេត្រុសមិនគុំកួននឹងបណ្ដាជនទាំងនេះឡើយ ពីព្រោះពួកគេបាន«ប្រព្រឹត្តដោយមិនដឹងខ្លួន»។ (សកម្ម. ៣:១៧) គាត់បានហៅពួកគេថាបងប្អូន ហើយផ្ដោតទៅលើចំណុចដែលទាក់ទាញចិត្តពួកគេ។ បើបណ្ដាជនប្រែចិត្ត ហើយបង្ហាញជំនឿលើគ្រិស្ត នោះព្រះយេហូវ៉ានឹងធ្វើឲ្យពួកគេមាន«សេចក្ដីសុខសាន្តក្នុងចិត្ត»។ (សកម្ម. ៣:១៩) ស្រដៀងគ្នាដែរ យើងត្រូវមានចិត្តក្លាហាននិងមិនលាក់លៀម ពេលប្រកាសអំពីការវិនិច្ឆ័យរបស់ព្រះដែលនឹងមកដល់។ ប៉ុន្តែ នៅដំណាលគ្នានោះ យើងមិនគួរនិយាយដោយគំរោះគំរើយ ឬវិនិច្ឆ័យគេឡើយ។ ផ្ទុយទៅវិញ យើងចាត់ទុកថាអស់អ្នកដែលយើងផ្សព្វផ្សាយអាចទៅជាបងប្អូនរួមជំនឿ។ ម្យ៉ាងទៀត ដូចពេត្រុស យើងត្រូវផ្ដោតទៅលើចំណុចដែលទាក់ទាញចិត្តអ្នកស្ដាប់។
៦. តើពេត្រុសនិងយ៉ូហានបានបង្ហាញចិត្តសុភាពយ៉ាងដូចម្ដេច?
៦ ពួកសាវ័កមានចិត្តសុភាព។ ពួកគាត់មិនបានយកមុខយកមាត់ថា ខ្លួនជាអ្នកធ្វើអព្ភូតហេតុទាំង នោះទេ។ ពេត្រុសនិយាយទៅកាន់ក្រុមមនុស្សថា៖ «ហេតុអ្វីអ្នករាល់គ្នាសម្លឹងមើលយើងដូចជាយើងបានធ្វើឲ្យបុរសនេះដើរ ដោយសារឫទ្ធានុភាពរបស់យើងផ្ទាល់ ឬដោយសារយើងមានភក្ដីភាពចំពោះព្រះ?»។ (សកម្ម. ៣:១២) ពេត្រុសនិងសាវ័កឯទៀតដឹងថា សមិទ្ធផលដែលពួកគាត់បានទទួលក្នុងកិច្ចផ្សព្វផ្សាយ គឺមកពីឫទ្ធានុភាពរបស់ព្រះ មិនមែនមកពីពួកគាត់ឡើយ។ ដូច្នេះ ពួកគាត់បានផ្ដល់ការសរសើរទាំងអស់ដល់ព្រះយេហូវ៉ានិងលោកយេស៊ូ អំពីអ្វីដែលពួកគាត់បានសម្រេច។
៧, ៨. (ក) តើមានអំណោយអ្វីដែលយើងអាចផ្ដល់ឲ្យអ្នកឯទៀត? (ខ) តើពាក្យសន្យាដែលថា៖ «លោកធ្វើអ្វីៗទាំងអស់ជាថ្មីឡើងវិញ»កំពុងសម្រេចនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
៧ យើងក៏ត្រូវបង្ហាញចិត្តសុភាពដូចពួកគាត់ដែរ ពេលយើងចូលរួមក្នុងកិច្ចការផ្សព្វផ្សាយ។ ពិតមែនតែគ្រិស្តសាសនិកសព្វថ្ងៃ មិនបានទទួលឫទ្ធានុភាពពីព្រះដើម្បីធ្វើឲ្យជាសះស្បើយ តែយើងអាចជួយមនុស្សឯទៀតឲ្យមានជំនឿលើព្រះនិងគ្រិស្ត ព្រមទាំងជួយពួកគេឲ្យទទួលអំណោយដូចពេត្រុសបានឲ្យដែរ ពោលគឺឱកាសទទួលការអភ័យទោសចំពោះអំពើខុសឆ្គងនិងទទួលកម្លាំងចិត្តពីព្រះយេហូវ៉ា។ ជារៀងរាល់ឆ្នាំ មនុស្សរាប់សែននាក់ព្រមយកអំណោយនេះ ហើយទទួលការជ្រមុជទឹកទៅជាអ្នកកាន់តាមគ្រិស្ត។
៨ តាមពិតយើងកំពុងរស់នៅក្នុងគ្រា ដែលពេត្រុសបាននិយាយថា៖ «លោកធ្វើអ្វីៗទាំងអស់ជាថ្មីឡើងវិញ»។ រាជាណាចក្រព្រះបានត្រូវបង្កើតឡើងនៅស្ថានសួគ៌ក្នុងឆ្នាំ១៩១៤ នេះបានសម្រេចតាមអ្វីដែល«ព្រះបានមានប្រសាសន៍តាមរយៈមាត់របស់ពួកអ្នកប្រកាសទំនាយដ៏បរិសុទ្ធរបស់លោកនៅសម័យបុរាណ»។ (សកម្ម. ៣:២១; ចសព. ១១០:១-៣; ដាន. ៤:១៦, ១៧) មិនយូរប៉ុន្មានក្រោយមក គ្រិស្តចាប់ផ្ដើមដឹកនាំការស្ថាបនាឡើងវិញនូវការគោរពប្រណិប័តន៍ពិតនៅផែនដី។ ជាលទ្ធផល មនុស្សរាប់លាននាក់បានត្រូវនាំចូលទៅក្នុងស្ថានភាពដែលប្រៀបដូចជាសួនឧទ្យាន ហើយក្លាយទៅជារាស្ត្រនៃរាជាណាចក្រព្រះ។ ពួកគេបានដោះចេញនូវបុគ្គលិកលក្ខណៈចាស់ ហើយ«ពាក់បុគ្គលិកលក្ខណៈថ្មី ដែលបានត្រូវបង្កើតស្របតាមបំណងប្រាថ្នារបស់ព្រះ»។ (អេភ. ៤:២២-២៤) ដូចបុរសខ្វិនសុំទានដែលបានត្រូវធ្វើឲ្យជាសះស្បើយ កិច្ចការដ៏អស្ចារ្យដែលកំពុងកើតឡើងនេះ មិនមែនដោយសារការប្រឹងប្រែងរបស់មនុស្សទេ តែដោយសារឫទ្ធានុភាពរបស់ព្រះ។ ដូចពេត្រុសដែរ យើងត្រូវប្រើបណ្ដាំរបស់ព្រះដើម្បីបង្រៀនគេដោយចិត្តក្លាហាន និងដោយមានប្រសិទ្ធភាព។ ភាពជោគជ័យណាមួយដែលយើងអាចមានក្នុងការជួយអ្នកឯទៀតឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត គឺដោយសារឫទ្ធានុភាពរបស់ព្រះ មិនមែនដោយសារយើងទេ។
«យើងមិនអាចឈប់និយាយ»បានទេ (សកម្មភាព ៤:១-២២)
៩-១១. (ក) តើមេដឹកនាំជនជាតិយូដាមានប្រតិកម្មយ៉ាងណាចំពោះសម្ដីរបស់ពេត្រុសនិងយ៉ូហាន? (ខ) តើពួកសាវ័កតាំងចិត្តធ្វើអ្វី?
៩ សុន្ទរកថារបស់ពេត្រុស និងការលោតកញ្ឆេងទាំងបន្លឺសំឡេងដោយអំណររបស់បុរសដែលធ្លាប់ខ្វិន បានបង្កឲ្យមានភាពចលាចល។ ហេតុនេះ មេកងរក្សាវិហារដែលទទួលខុសត្រូវលើសន្តិសុខតំបន់វិហារ និងពួកសង្ឃនាយក ក៏ប្រញាប់ចេញមកមើលថាមានរឿងអ្វីកើតឡើង។ បុរស ទាំងនេះទំនងជាពួកសាឌូស៊ី ដែលជាក្រុមរបស់ពួកអ្នកមានទ្រព្យ និងពួកអ្នកកាន់អំណាចខាងនយោបាយ។ ពួកគេបានព្យាយាមមានទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធររ៉ូម។ បុរសទាំងនេះបដិសេធច្បាប់ដែលមកពីពួកផារិស៊ី ជាច្បាប់ដែលពួកផារិស៊ីស្រឡាញ់ជាខ្លាំង ហើយពួកគេចំអកមើលងាយជំនឿលើការប្រោសឲ្យរស់ឡើងវិញ។ c ដូច្នេះ ពួកគេពិតជាទើសចិត្តខ្លាំងណាស់ ពេលឃើញពេត្រុសនិងយ៉ូហាននៅក្នុងវិហារ ដោយបង្រៀនយ៉ាងក្លាហានថាលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ!
១០ ពួកអ្នកប្រឆាំងដែលមានកំហឹងយ៉ាងខ្លាំង បានចាប់ពេត្រុសនិងយ៉ូហានដាក់គុក។ នៅថ្ងៃបន្ទាប់ អ្នកទាំងនោះបាននាំពួកគាត់ទៅតុលាការជាន់ខ្ពស់របស់ជនជាតិយូដា។ ពួកអ្នកគ្រប់គ្រងដែលគិតថាខ្លួនជាមនុស្សខ្ពង់ខ្ពស់ បានចាត់ទុកពេត្រុសនិងយ៉ូហានថា«ជាជនសាមញ្ញ ហើយមិនបានរៀនសូត្រ» ដែលគ្មានសិទ្ធិបង្រៀននៅក្នុងវិហារទេ។ ពួកគាត់មិនបានសិក្សានៅសាលាសាសនាល្បីណាមួយឡើយ។ ប៉ុន្តែ ពេលតុលាការឃើញពួកគាត់និយាយដោយចិត្តក្លាហាននិងដោយជឿជាក់ នោះធ្វើឲ្យតុលាការងឿងឆ្ងល់ជាខ្លាំង។ ហេតុអ្វីពេត្រុសនិងយ៉ូហានអាចនិយាយដោយមានប្រសិទ្ធភាព? មូលហេតុមួយ គឺដោយសារ«ពួកគាត់ធ្លាប់នៅជាមួយនឹងលោកយេស៊ូ»។ (សកម្ម. ៤:១៣) ម្ចាស់របស់ពួកគាត់ បានបង្រៀនពួកគាត់ដោយមានអំណាចពីព្រះ មិនដូចពួកអ្នកជំនាញខាងច្បាប់ទេ។—ម៉ាថ. ៧:២៨, ២៩
១១ តុលាការបានចេញបង្គាប់ឲ្យពួកសាវ័កឈប់ផ្សព្វផ្សាយ។ នៅក្នុងសង្គមនោះ បង្គាប់របស់តុលាការមានអំណាចខ្លាំងណាស់។ ប៉ុន្មានសប្ដាហ៍មុននោះ ពេលលោកយេស៊ូមកឈរនៅចំពោះមុខតុលាការនេះ សមាជិកក្រុមប្រឹក្សាខ្លះបានប្រកាសថា៖ «អ្នកនេះ[សំដៅលើលោកយេស៊ូ]សមតែស្លាប់»។ (ម៉ាថ. ២៦:៥៩-៦៦) ប៉ុន្តែ ពេត្រុសនិងយ៉ូហានមិនខ្លាចការគំរាមឡើយ។ ទោះជាពួកគាត់ឈរនៅចំពោះមុខពួកអ្នកមានស្តុកស្តម្ភ ពួកអ្នកមានការសិក្សាខ្ពស់ និងពួកអ្នកមានអំណាចក៏ដោយ ពួកគាត់មិនបានភ័យខ្លាចទេ។ ផ្ទុយទៅវិញ ពួកគាត់បាននិយាយដោយការគោរពថា៖ «បើអ្នករាល់គ្នាគិតថាការស្ដាប់បង្គាប់អ្នករាល់គ្នាជាជាងស្ដាប់បង្គាប់ព្រះ ជាអ្វីដែលព្រះចាត់ទុកជាអំពើសុចរិត នោះស្រេចលើអ្នករាល់គ្នាចុះ។ ប៉ុន្តែចំណែកយើងវិញ យើងមិនអាចឈប់និយាយអំពីអ្វីដែលយើងបានឃើញនិងបានឮទេ»។—សកម្ម. ៤:១៩, ២០
១២. តើអ្វីអាចជួយអ្នកឲ្យមានភាពក្លាហាននិងភាពជឿជាក់កាន់តែខ្លាំង?
១២ តើអ្នកអាចបង្ហាញចិត្តក្លាហានដូចនោះដែរឬទេ? តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលដែលអ្នកមានឱកាសផ្សព្វផ្សាយដល់អ្នកមានទ្រព្យសម្បត្តិ អ្នកមានការអប់រំខ្ពស់ ឬអ្នកមានអំណាចក្នុងតំបន់ដែលអ្នករស់នៅ? ចុះបើសមាជិកគ្រួសារ មិត្តរួមថ្នាក់ ឬអ្នករួមការងារសើចចំអកអំពីជំនឿរបស់អ្នក តើអ្នកភ័យខ្លាចទេ? បើអ្នកភ័យខ្លាច អ្នកអាចយកឈ្នះអារម្មណ៍នោះបាន។ កាលដែលលោកយេស៊ូនៅផែនដី លោកបានបង្រៀនពួកសាវ័កឲ្យបង្ហាញភាពជឿជាក់និងការគោរព ពេលនិយាយការពារជំនឿរបស់ខ្លួន។ (ម៉ាថ. ១០:១១-១៨) ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ ឡើងវិញ លោកបានសន្យាចំពោះពួកអ្នកកាន់តាមថា លោកនឹងបន្តនៅជាមួយពួកគេ «រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។ (ម៉ាថ. ២៨:២០) ក្រោមការដឹកនាំរបស់លោកយេស៊ូ «ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ក៏បង្រៀនយើងអំពីរបៀបការពារជំនឿដែរ។ (ម៉ាថ. ២៤:៤៥-៤៧; ១ពេ. ៣:១៥) តើតាមរបៀបណា? ពួកគាត់ជួយបង្រៀនយើងតាមរយៈកិច្ចប្រជុំក្រុមជំនុំដូចជា កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក និងតាមរយៈសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរដូចជា អត្ថបទ«សំណួរនិងចម្លើយពីគម្ពីរ»ក្នុងគេហទំព័រ jw.org។ តើអ្នកកំពុងទាញយកប្រយោជន៍ពីការរៀបចំទាំងនេះទេ? បើដូច្នេះមែន អ្នកនឹងមានភាពក្លាហាននិងភាពជឿជាក់កាន់តែខ្លាំង។ ដូចពួកសាវ័កដែរ អ្នកប្រាកដជាតាំងចិត្តមិនឲ្យអ្វីក៏ដោយ មកបញ្ឈប់អ្នកមិនឲ្យនិយាយអំពីសេចក្ដីពិតដ៏អស្ចារ្យ ដែលអ្នកបានឃើញនិងបានឮឡើយ។
«ពួកគាត់ . . . បន្លឺសំឡេងរួមគ្នាអធិដ្ឋានទៅព្រះ» (សកម្មភាព ៤:២៣-៣១)
១៣, ១៤. បើយើងជួបប្រទះការប្រឆាំង តើយើងគួរធ្វើអ្វី? ហើយហេតុអ្វី?
១៣ ភ្លាមៗ បន្ទាប់ពីពេត្រុសនិងយ៉ូហានបានត្រូវដោះលែង ពួកគាត់បានទៅជួបបងប្អូនក្រុមជំនុំ។ រួចមក «ពួកគាត់ . . . បន្លឺសំឡេងរួមគ្នាអធិដ្ឋានទៅព្រះ»សុំចិត្តក្លាហានដើម្បីបន្តផ្សព្វផ្សាយ។ (សកម្ម. ៤:២៤) ពេត្រុសដឹងច្បាស់ថា គឺជាការល្ងង់ខ្លៅណាស់ដែលទុកចិត្តលើកម្លាំងរបស់ខ្លួន ពេលព្យាយាមធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ គ្រាន់តែប៉ុន្មានសប្ដាហ៍មុននោះ គាត់និយាយទៅកាន់លោកយេស៊ូដោយមានទំនុកចិត្តលើខ្លួនថា៖ «ទោះជាពួកគេទាំងអស់គ្នាជំពប់ដួលដោយសារអ្វីដែលនឹងកើតឡើងចំពោះលោកក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ!»។ ប៉ុន្តែ ដូចលោកយេស៊ូបានប្រាប់ទុកជាមុន ពេត្រុសបានចុះចាញ់ការខ្លាចមនុស្សភ្លាមៗ ហើយបដិសេធមិត្តភក្តិ និងអ្នកបង្រៀនរបស់គាត់។ ទោះជាយ៉ាងនោះក្ដី ពេត្រុសបានរៀនពីកំហុសរបស់ខ្លួន។—ម៉ាថ. ២៦:៣៣, ៣៤, ៦៩-៧៥
១៤ ការតាំងចិត្តប៉ុណ្ណោះ មិនគ្រប់គ្រាន់ដើម្បីជួយអ្នកឲ្យបំពេញភារកិច្ចធ្វើជាសាក្សីបញ្ជាក់អំពីគ្រិស្តទេ។ ពេលអ្នកប្រឆាំងព្យាយាមបំផ្លាញជំនឿរបស់អ្នក ឬបញ្ឈប់អ្នកពីកិច្ចផ្សព្វផ្សាយ ចូរធ្វើតាមគំរូរបស់ពេត្រុសនិងយ៉ូហាន។ ចូរអធិដ្ឋានសុំកម្លាំងពីព្រះយេហូវ៉ា ហើយស្វែងរកការគាំទ្រពីក្រុមជំនុំ។ សូមប្រាប់ពួកអ្នកចាស់ទុំ និងបងប្អូនឯទៀតដែលមានភាពចាស់ទុំឲ្យដឹងអំពីទុក្ខលំបាកដែលអ្នក កំពុងប្រឈមមុខ។ សេចក្ដីអធិដ្ឋានរបស់បងប្អូនឯទៀត អាចជាជំនួយគាំទ្រដ៏ខ្លាំងមួយ។—អេភ. ៦:១៨; យ៉ា. ៥:១៦
១៥. ហេតុអ្វីអស់អ្នកដែលឈប់ផ្សព្វផ្សាយអស់មួយរយៈ មិនគួរធ្លាក់ទឹកចិត្ត?
១៥ បើអ្នកបានចុះចាញ់ការដាក់សម្ពាធ ហើយឈប់ផ្សព្វផ្សាយអស់មួយរយៈ សូមកុំធ្លាក់ទឹកចិត្តឡើយ។ សូមចាំថាក្រោយពីលោកយេស៊ូស្លាប់ ពួកសាវ័កទាំងអស់ក៏បានឈប់ផ្សព្វផ្សាយអស់មួយរយៈដែរ។ ប៉ុន្តែមិនយូរក្រោយមក ពួកគាត់ចាប់ផ្ដើមមានសកម្មភាពម្ដងទៀត។ (ម៉ាថ. ២៦:៥៦; ២៨:១០, ១៦-២០) ជាជាងឲ្យកំហុសនៅអតីតកាលធ្វើឲ្យអ្នកធ្លាក់ទឹកចិត្តយូរ សូមរៀនពីបទពិសោធន៍នោះ ហើយប្រើអ្វីដែលអ្នកបានរៀនដើម្បីជួយពង្រឹងកម្លាំងចិត្តអ្នកឯទៀត។
១៦, ១៧. តើយើងអាចរៀនអ្វីពីសេចក្ដីអធិដ្ឋានរបស់ពួកអ្នកកាន់តាមគ្រិស្តនៅក្រុងយេរូសាឡិម?
១៦ ពេលពួកអ្នកមានអំណាចដាក់សម្ពាធលើយើង តើយើងគួរអធិដ្ឋានអំពីអ្វី? សូមចាំថា ពួកអ្នកកាន់តាមមិនបានអធិដ្ឋានសុំឲ្យរួចផុតពីការល្បងលទេ។ ពួកគាត់ចាំយ៉ាងច្បាស់នូវប្រសាសន៍របស់លោកយេស៊ូដែលថា៖ «ប្រសិនបើពួកគេបានបៀតបៀនខ្ញុំ នោះពួកគេនឹងបៀតបៀនអ្នករាល់គ្នាដែរ»។ (យ៉ូន. ១៥:២០) ផ្ទុយទៅវិញ ពួកអ្នកកាន់តាមដ៏ស្មោះត្រង់បានអធិដ្ឋានសុំព្រះយេហូវ៉ាឲ្យ«ស្ដាប់»ការគំរាមរបស់ពួកអ្នកប្រឆាំង។ (សកម្ម. ៤:២៩) ឥឡូវពួកអ្នកកាន់តាមយល់ច្បាស់ថាការបៀតបៀនដែលពួកគាត់ជួបប្រទះ គឺជាការសម្រេចនៃទំនាយ។ ដូចលោកយេស៊ូបង្រៀនពួកគាត់ឲ្យអធិដ្ឋាន ពួកគាត់ដឹងថាបំណងប្រាថ្នារបស់ព្រះនឹង«សម្រេចនៅផែនដី» ទោះជាពួកអ្នកគ្រប់គ្រងនិយាយអ្វីក៏ដោយ។—ម៉ាថ. ៦:៩, ១០
១៧ ដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ពួកអ្នកកាន់តាមបានអធិដ្ឋានទៅលោកថា៖ «សូមជួយពួកខ្ញុំបម្រើរបស់លោកឲ្យបន្តប្រកាសបណ្ដាំរបស់លោកដោយចិត្តក្លាហាន»។ តើព្រះយេហូវ៉ាបានឆ្លើយតបភ្លាមៗយ៉ាងដូចម្ដេច? «កន្លែងដែលពួកគាត់ជួបជុំគ្នាក៏រញ្ជួយ ហើយពួកគាត់ទាំងអស់គ្នាបានពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ រួចប្រកាសបណ្ដាំរបស់ព្រះដោយចិត្តក្លាហាន»។ (សកម្ម. ៤:២៩-៣១) គ្មានអ្វីអាចរារាំងបំណងប្រាថ្នារបស់ព្រះមិនឲ្យសម្រេចបានឡើយ។ (អេ. ៥៥:១១) មិនថាយើងរងទុក្ខលំបាកខ្លាំងយ៉ាងណា ឬអ្នកប្រឆាំងមានអំណាចធំប៉ុណ្ណាទេ បើយើងអធិដ្ឋានទៅព្រះ យើងអាចជឿជាក់ថាលោកនឹងផ្ដល់កម្លាំងឲ្យយើងបន្តនិយាយអំពីបណ្ដាំរបស់លោកដោយចិត្តក្លាហាន។
សកម្មភាព ៤:៣២–៥:១១)
«មិនគ្រាន់តែកុហកមនុស្សទេ តែក៏បានកុហកព្រះដែរ» (១៨. តើបងប្អូនក្នុងក្រុងយេរូសាឡិមបានធ្វើអ្វី ដើម្បីជួយគ្នាទៅវិញទៅមក?
១៨ មិនយូរប៉ុន្មាន ក្រុមជំនុំដែលទើបបង្កើតថ្មីនៅក្រុងយេរូសាឡិមបានរីកចម្រើនយ៉ាងលឿន រហូតដល់មានបងប្អូនជាង៥.០០០នាក់។ d ទោះជាពួកអ្នកកាន់តាមមានប្រវត្តិខុសៗគ្នាក៏ដោយ ពួកគេ«រួមចិត្តគំនិតតែមួយ»។ ពួកគេចុះសម្រុងគ្នា ហើយមានឯកភាព។ (សកម្ម. ៤:៣២; ១កូ. ១:១០) ពួកអ្នកកាន់តាមមិនគ្រាន់តែអធិដ្ឋានសុំព្រះយេហូវ៉ា ឲ្យពរដល់ការខំប្រឹងប្រែងរបស់ពួកគេប៉ុណ្ណោះទេ តែពួកគេជួយគ្នាទៅវិញទៅមកខាងជំនឿ ហើយបើចាំបាច់ក៏ជួយគ្នាខាងទ្រព្យសម្បត្តិដែរ។ (១យ៉ូន. ៣:១៦-១៨) ជាឧទាហរណ៍ អ្នកកាន់តាមម្នាក់ឈ្មោះយ៉ូសែប ដែលពួកសាវ័កហៅគាត់ថាបាណាបាស បានលក់ដីរបស់ខ្លួន ហើយធ្វើវិភាគទានប្រាក់ទាំងអស់ដោយចិត្តទូលាយ។ នេះដើម្បីជួយអស់អ្នកដែលមកពីឆ្ងាយឲ្យស្នាក់នៅក្រុងយេរូសាឡិមយូរជាង។ យ៉ាងនេះ ពួកគេអាចរៀនថែមទៀតអំពីជំនឿថ្មី ដែលពួកគេទើបតែបានទទួល។
១៩. ហេតុអ្វីបានជាព្រះយេហូវ៉ាប្រហារជីវិតអាណានាសនិងសាភីរ៉ា?
១៩ ប្ដីប្រពន្ធមួយគូឈ្មោះអាណានាសនិងសាភីរ៉ា ក៏បានលក់ដីរបស់ខ្លួន ហើយធ្វើវិភាគទានដែរ។ ពួកគេកុហកថា បានឲ្យប្រាក់ទាំងអស់ពីថ្លៃលក់ដី ប៉ុន្តែតាមពិតពួកគេបាន«លាក់ប្រាក់មួយចំនួនទុក»។ (សកម្ម. ៥:២) ព្រះយេហូវ៉ាបានប្រហារជីវិតប្ដីប្រពន្ធនេះ មិនមែនដោយសារពួកគេឲ្យប្រាក់តិចនោះទេ តែដោយសារពួកគេឲ្យដោយបំណងអាក្រក់និងការបោកប្រាស់។ ពួកគេ«មិនគ្រាន់តែកុហកមនុស្សទេ តែក៏បានកុហកព្រះដែរ»។ (សកម្ម. ៥:៤) ដូចមនុស្សលាក់ពុតដែលលោកយេស៊ូបានផ្ដន្ទាទោស អាណានាសនិងសាភីរ៉ាចង់បានការសរសើរពីមនុស្ស ជាជាងការពេញចិត្តពីព្រះ។—ម៉ាថ. ៦:១-៣
២០. តើយើងរៀនអ្វីខ្លះអំពីការឲ្យដល់ព្រះយេហូវ៉ា?
២០ សព្វថ្ងៃនេះសាក្សីព្រះយេហូវ៉ារាប់លាននាក់ ក៏បង្ហាញចិត្តទូលាយដូចពួកអ្នកកាន់តាមដ៏ស្មោះត្រង់នៅសតវត្សរ៍ទី១ក្នុងក្រុងយេរូសាឡិមដែរ គឺពួកគេគាំទ្រកិច្ចការផ្សព្វផ្សាយនៅទូទាំងពិភពលោក ដោយធ្វើវិភាគទានស្ម័គ្រចិត្ត។ គ្មានអ្នកណាម្នាក់បានត្រូវបង្ខំឲ្យចំណាយពេលវេលា ឬលុយកាក់ដើម្បីគាំទ្រកិច្ចការនេះទេ។ ប្រាកដណាស់ ព្រះយេហូវ៉ាមិនចង់ឲ្យយើងបម្រើលោកដោយបង្ខំចិត្ត ឬដោយទើសទាល់ឡើយ។ (២កូ. ៩:៧) យើងគួរចាំថាចំពោះព្រះយេហូវ៉ា សំខាន់បំផុតគឺបំណងចិត្តដែលយើងឲ្យ មិនមែនបរិមាណឬចំនួនដែលយើងឲ្យទេ។ (ម៉ាក. ១២:៤១-៤៤) ហេតុនេះ យើងមិនចង់បម្រើព្រះយេហូវ៉ាដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន ឬចង់បានការសរសើរដូចអាណានាសនិងសាភីរ៉ាឡើយ។ ផ្ទុយទៅវិញ ដូចពេត្រុស យ៉ូហាន និងបាណាបាស យើងចង់បន្តបម្រើព្រះយេហូវ៉ាដោយសារយើងស្រឡាញ់លោក និងស្រឡាញ់បងប្អូនរួមជំនឿ។—ម៉ាថ. ២២:៣៧-៤០
a ក្នុងវិហារ មានការអធិដ្ឋាននៅពេលជូនគ្រឿងបូជាពេលព្រឹកនិងពេលល្ងាច។ គ្រឿងបូជាពេលល្ងាច ត្រូវជូននៅ«ម៉ោងទី៩» ឬប្រហែលជាម៉ោង៣រសៀល។
b សូមមើលប្រអប់« ពេត្រុស ពីអ្នកនេសាទទៅជាសាវ័កដ៏ខ្នះខ្នែង» និង« យ៉ូហាន អ្នកកាន់តាមជាទីស្រឡាញ់របស់លោកយេស៊ូ»។
c សូមមើលប្រអប់« សម្ដេចសង្ឃនិងសង្ឃនាយក»។
d នៅឆ្នាំ៣៣ គ.ស. ក្នុងក្រុងយេរូសាឡិមមានពួកផារិស៊ីប្រហែល៦.០០០នាក់ ហើយមានចំនួនពួកសាឌូស៊ីតិចជាងនោះទៅទៀត។ ម្ល៉ោះហើយ នេះអាចជាហេតុផលមួយទៀតដែលធ្វើឲ្យក្រុមទាំងពីរនោះ កាន់តែភ័យខ្លាចចំពោះសេចក្ដីបង្រៀនរបស់លោកយេស៊ូ ដោយសារចំនួនអ្នកកាន់តាមលោកកាន់តែច្រើន។