លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៣

«ពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ»

«ពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ»

ឥទ្ធិពល​នៃ​ការ​ចាក់​ឫទ្ធានុភាព​បរិសុទ្ធ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០

មាន​មូលដ្ឋាន​លើ​សកម្មភាព ២:១​-​៤៧

១. សូម​រៀប​រាប់​អំពី​បរិយាកាស​នៅ​បុណ្យ​ថ្ងៃ​ទី​៥០។

 នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូសាឡិម​មាន​សភាព​អ៊ូអរ​ជា​ខ្លាំង និង​ពេញ​ទៅ​ដោយ​អារម្មណ៍​រំភើប​ចិត្ត។ a ផ្សែង​ហុយ​ចេញ​ពី​ទី​បូជា​ក្នុង​វិហារ កាល​ដែល​ពួក​លេវី​កំពុង​ច្រៀង​ចម្រៀង​ហា​ឡេ។ (​ចម្រៀង​សរសើរ​ព្រះ បទ​ទី​១១៣​ដល់​១១៨​) ពួក​គេ​ទំនង​ជា​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ជា​ក្រុម។ មាន​ភ្ញៀវ​កក​កុញ​នៅ​តាម​ដង​ផ្លូវ ពួក​គេ​មក​ពី​ស្រុក​ឆ្ងាយ​ៗ​ដូច​ជា អេឡាំ មេសូប៉ូតាមា កាប៉ាដូគា ប៉ុនតុស អេហ្ស៊ីប និង​រ៉ូម។ b តើ​នេះ​ជា​ឱកាស​ពិសេស​អ្វី? នេះ​ជា​បុណ្យ​ថ្ងៃ​ទី​៥០ ហើយ​ក៏​បាន​ត្រូវ​ហៅ​ដែរ​ថា​«​ថ្ងៃ​ជូន​គ្រឿង​បូជា​ជា​ផល​ដំបូង​»។ (​ជប. ២៨:២៦​) ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​នេះ គឺ​ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ច្រូត​ប្រមូល​ផល​ស្រូវ​បាលី និង​ការ​ចាប់​ផ្ដើម​នៃ​ការ​ច្រូត​ប្រមូល​ផល​ស្រូវ​សាលី។ នេះ​គឺ​ជា​ថ្ងៃ​ដ៏​សប្បាយ​រីករាយ​ណាស់!

២. តើ​មាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​អ្វី​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.?

នៅ​ប្រមាណ​ម៉ោង​៩​ព្រឹក ប្រហែល​ជា​ជិត​ខែ​មេសា នា​ឆ្នាំ​៣៣ គ.ស. មាន​អ្វី​មួយ​ហៀប​នឹង​កើត​ឡើង ដែល​ធ្វើ​ឲ្យ​មនុស្ស​ភ្ញាក់​ផ្អើល​ចាំ​មិន​ភ្លេច​អស់​រាប់​សតវត្សរ៍។ រំពេច​នោះ មាន​សូរ​សំឡេង​ពី​លើ​មេឃ​«​ដូច​សន្ធឹក​ខ្យល់​បក់​យ៉ាង​ខ្លាំង​»។ (​សកម្ម. ២:២​) សំឡេង​នោះ​លាន់​ឮ​ពេញ​ក្នុង​ផ្ទះ​ដែល​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ ប្រហែល​១២០​នាក់​កំពុង​ជួប​ជុំ​គ្នា។ បន្ទាប់​មក មាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​កើត​ឡើង គឺ​មាន​អ្វី​មួយ​ដែល​មើល​ទៅ​ដូច​ជា​អណ្ដាត​ភ្លើង​លេច​មក ហើយ​សណ្ឋិត​លើ​ពួក​អ្នក​កាន់​តាម​ម្នាក់​មួយ​ៗ។ c រួច​មក ពួក​គាត់​គ្រប់​គ្នា​ក៏​បាន​«​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​»​ ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេង​ៗ​! កាល​ពួក​អ្នក​កាន់​តាម​ចេញ​ពី​ផ្ទះ​នោះ ពួក​គាត់​បាន​ជួប​ភ្ញៀវ​ជា​ច្រើន​នៅ​តាម​ដង​ផ្លូវ​ក្រុង​យេរូសាឡិម។ ពួក​ភ្ញៀវ​ទាំង​នោះ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ពេល​ឮ​ពួក​អ្នក​កាន់​តាម​និយាយ​ភាសា​របស់​ពួក​គេ! ពិត​ណាស់ ពួក​គេ​ម្នាក់​ៗ​កំពុង​ឮ​«​ពួក​គាត់​និយាយ​ភាសា​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​»។—សកម្ម. ២:១​-​៦

៣. ​(​ក​) ហេតុ​អ្វី​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. បាន​ត្រូវ​ហៅ​ថា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត? (​ខ​) តើ​សុន្ទរកថា​របស់​ពេត្រុស​ទាក់​ទង​នឹង​ការ​ប្រើ​«​កូន​សោ​នៃ​រាជាណាចក្រ​»​យ៉ាង​ដូច​ម្ដេច?

កំណត់​ហេតុ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នេះ បញ្ជាក់​នូវ​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត ពោល​គឺ​ព្រះ​រៀបចំ​ក្រុម​ថ្មី​ហៅ​ថា​អ៊ីស្រាអែល​នៃ​ព្រះ ដែល​ជា​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​លោក​បាន​រើស​តាំង។ (​កាឡ. ៦:១៦​) ប៉ុន្តែ មិន​មាន​តែ​ប៉ុណ្ណឹង​ទេ។ ពេល​ពេត្រុស​និយាយ​ទៅ​កាន់​ក្រុម​មនុស្ស​ដ៏​កក​កុញ​នៅ​ថ្ងៃ​នោះ គាត់​បាន​ប្រើ​កូន​សោ​ទី​១​ក្នុង​ចំណោម​កូន​សោ​ទាំង​បី ដែល​ជា​«​កូន​សោ​នៃ​រាជាណាចក្រ​»​ ហើយ​កូន​សោ​នីមួយ​ៗ​បើក​ឱកាស​ឲ្យ​ក្រុម​មនុស្ស​ផ្សេង​ៗ​ទទួល​ឯកសិទ្ធិ​ពិសេស។ (​ម៉ាថ. ១៦:១៨, ១៩​) កូន​សោ​ទី​១ គឺ​សម្រាប់​ជនជាតិ​យូដា​និង​អ្នក​ចូល​សាសនា​យូដា ដើម្បី​ពួក​គេ​អាច​ទទួល​យក​ដំណឹង​ល្អ និង​អាច​ទទួល​ការ​តែង​តាំង​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។ d ដូច្នេះ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ផ្នែក​របស់​អ៊ីស្រាអែល​នៃ​ព្រះ។ ដោយ​ហេតុ​នេះ ពួក​គេ​នឹង​មាន​សេចក្ដី​សង្ឃឹម​ធ្វើ​ជា​ស្ដេច និង​ជា​សង្ឃ​ក្នុង​រាជាណាចក្រ​មេស្ស៊ី។ (​បប. ៥:៩, ១០​) បន្ទាប់​មក ឱកាស​នេះ​ក៏​នឹង​ត្រូវ​ផ្ដល់​ឲ្យ​ដល់​ជន​ជាតិ​សាម៉ារី ក្រោយ​មក​ឲ្យ​ដល់​ជន​ជាតិ​ដទៃ។ តើ​គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ​អាច​រៀន​អ្វី ពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.?

​«​ជួប​ជុំ​គ្នា​នៅ​កន្លែង​តែ​មួយ​»​ (​សកម្មភាព ២:១​-​៤​)

៤. តើ​ក្រុម​ជំនុំ​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​៣៣ គ.ស. បាន​រីក​ចម្រើន​ទៅ​ជា​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ចាប់​ផ្ដើម​ឡើង ដោយ​ពួក​អ្នក​កាន់​តាម​ប្រហែល​១២០​នាក់ ដែល​បាន​មក​«​ជួប​ជុំ​គ្នា​នៅ​កន្លែង​តែ​មួយ​»​ក្នុង​បន្ទប់​ខាង​លើ។ ពួក​គេ​បាន​ត្រូវ​តែង​តាំង​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។ (​សកម្ម. ២:១​) នៅ​ចុង​បញ្ចប់​ថ្ងៃ​នោះ ចំនួន​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក​ទៅ​ជា​បង​ប្អូន​រួម​ជំនឿ បាន​កើន​ឡើង​រាប់​ពាន់​នាក់។ នោះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​នៃ​ការ​រីក​ចម្រើន​របស់​អង្គការ​មួយ ដែល​បន្ត​កើន​ឡើង​រហូត​មក​ដល់​សព្វ​ថ្ងៃ! ប្រាកដ​ហើយ ព្រះ​កំពុង​ប្រើ​បុរស​ស្ត្រី​មួយ​ក្រុម​ដែល​ជា​អ្នក​កោត​ខ្លាច​លោក ពោល​គឺ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​នៅ​សម័យ​ទំនើប ឲ្យ​ប្រកាស​ផ្សាយ​«​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​»​ ដល់​«​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ​»​ មុន​ទី​បញ្ចប់​មក​ដល់។—ម៉ាថ. ២៤:១៤

៥. តើ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ក៏​ដូច​ជា​សព្វ​ថ្ងៃ​នេះ ទទួល​ពរ​អ្វី​ខ្លះ​ពី​ការ​សេព​គប់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ?

ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សម័យ​នោះ ជា​ប្រភព​ដែល​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​បង​ប្អូន​រួម​ជំនឿ ពោល​គឺ​ដល់​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ហើយ​នៅ​សម័យ​នេះ​ក៏​រួម​បញ្ចូល​«​ចៀម​ឯ​ទៀត​»​ដែរ។ (​យ៉ូន. ១០:១៦​) ក្នុង​សំបុត្រ​ដែល​ប៉ូល​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​រ៉ូម គាត់​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ការ​គាំទ្រ និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ ដោយ​ប្រាប់​ថា​៖ ​«​ខ្ញុំ​ចង់​ជួប​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់ ដើម្បី​ខ្ញុំ​អាច​ឲ្យ​ពរ​ពី​ព្រះ​ដល់​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​រឹង​មាំ ឬ​ដើម្បី​យើង​ម្នាក់​ៗ​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ជំនឿ​របស់​យើង គឺ​ជំនឿ​របស់​អ្នក​រាល់​គ្នា និង​ជំនឿ​របស់​ខ្ញុំ​»។—រ៉ូម ១:១១, ១២

៦, ៧. នៅ​សព្វ​ថ្ងៃ តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​កំពុង​ធ្វើ​តាម​បង្គាប់​លោក​យេស៊ូ ដែល​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់​ជាតិ​សាសន៍?

ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ មាន​គោល​បំណង​ដូច​គ្នា​នឹង​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១។ ពិត​មែន​ថា​ភារកិច្ច​ដែល​លោក​យេស៊ូ​បាន​ប្រគល់​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក ជា​ភារកិច្ច​ពិបាក តែ​ក៏​ធ្វើ​ឲ្យ​ពួក​គាត់​រំភើប​ចិត្ត​ជា​ខ្លាំង​ដែរ។ លោក​បង្គាប់​ពួក​គាត់​ថា​៖ ​«​ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​ខ្ញុំ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក រួច​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​»។—ម៉ាថ. ២៨:​១៩, ២០

ព្រះ​យេហូវ៉ា​ប្រើ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៃ​សាក្សី​ព្រះ​យេហូវ៉ា ដើម្បី​សម្រេច​កិច្ច​ការ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ។ ពិត​ណាស់ គឺ​មិន​ស្រួល​ទេ ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង។ ម្ល៉ោះ​ហើយ សាក្សី​ព្រះ​យេហូវ៉ា​បាន​បោះ​ពុម្ព​សៀវភៅ​ជាង​១.០០០​ភាសា ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ពេល​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ជា​ទៀង​ទាត់ ចូល​រួម​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ ហើយ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត នោះ​អ្នក​នឹង​មាន​មូលហេតុ​រីករាយ​ត្រេក​អរ។ នៅ​សព្វ​ថ្ងៃ អ្នក​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​តូច​នៅ​ផែនដី ដែល​មាន​ឯកសិទ្ធិ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​នាម​ព្រះ​យេហូវ៉ា!

៨. តើ​បង​ប្អូន​ម្នាក់​ៗ​បាន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​កិច្ច​ប្រជុំ​ក្រុម​ជំនុំ?

ព្រះ​យេហូវ៉ា​ឲ្យ​យើង​នូវ​បង​ប្អូន​រួម​ជំនឿ​ទូ​ទាំង​ពិភព​លោក ដើម្បី​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ដោយ​អំណរ​ក្នុង​អំឡុង​គ្រា​ដ៏​លំបាក​នេះ។ ប៉ូល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ​ថា​៖ ​«​ចូរ​យើង​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ មិន​មែន​ដោយ​គេច​វេះ​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​មាន​ទម្លាប់​គេច​វេះ​នោះ​ទេ តែ​ដោយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ថ្ងៃ​នោះ​កាន់​តែ​ខិត​ចូល​មក​ដល់​»។ (​ហេ. ១០:២៤, ២៥​) ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​គឺ​ជា​ការ​រៀបចំ​ពី​ព្រះ​យេហូវ៉ា ដើម្បី​យើង​អាច​លើក​ទឹក​ចិត្ត​បង​ប្អូន​ឯ​ទៀត ហើយ​យើង​ក៏​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ។ ចូរ​បន្ត​ជិត​ស្និទ្ធ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ។ ចូរ​កុំ​គេច​វេះ​ពី​ការ​ជួប​ជុំ​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ឡើយ!

​«​ពួក​គេ​ម្នាក់​ៗ​កំពុង​ឮ . . . ភាសា​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​»​ (​សកម្មភាព ២:៥​-​១៣​)

«​យើង​កំពុង​ឮ​ពួក​គេ​និយាយ​អំពី​ការ​ដ៏​រុង​រឿង​របស់​ព្រះ​ជា​ភាសា​របស់​យើង​»។—សកម្មភាព ២:១១

៩, ១០. ដើម្បី​អាច​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង តើ​បង​ប្អូន​ខ្លះ​បាន​ធ្វើ​យ៉ាង​ណា?

សូម​ស្រមៃ​គិត​អំពី​អារម្មណ៍​រំភើប​ក្រៃ​លែង​របស់​ជនជាតិ​យូដា និង​ពួក​អ្នក​ចូល​សាសនា​យូដា នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.។ ភាគ​ច្រើន​អស់​អ្នក​ដែល​មក​ចូល​រួម​ក្នុង​បុណ្យ​នោះ ទំនង​ជា​និយាយ​ភាសា​ដែល​គេ​ប្រើ​ជា​ទូទៅ ប្រហែល​ជា​ភាសា​ក្រិច​ឬ​ភាសា​ហេប្រឺ។ ប៉ុន្តែ ឥឡូវ​«​ពួក​គេ​ម្នាក់​ៗ​កំពុង​ឮ​[​ពួក​អ្នក​កាន់​តាម​]​និយាយ​ភាសា​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​»។ (​សកម្ម. ២:៦​) អ្នក​ទាំង​នោះ​ប្រាកដ​ជា​រំជួល​ចិត្ត​ជា​ខ្លាំង ពេល​ឮ​ដំណឹង​ល្អ​ជា​ភាសា​កំណើត​របស់​ខ្លួន។ ពិត​ណាស់​គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ មិន​បាន​ទទួល​សមត្ថភាព​ចេះ​និយាយ​ភាសា​បរទេស​ដោយ​អព្ភូតហេតុ​ទេ តែ​ពួក​គេ​ជា​ច្រើន​នាក់​អាច​ផ្សព្វ​ផ្សាយ​ដំណឹង​រាជាណាចក្រ​ដល់​មនុស្ស​គ្រប់​ជាតិ​សាសន៍​បាន។ តើ​តាម​របៀប​ណា? បង​ប្អូន​ខ្លះ​បាន​រៀន​ភាសា​ថ្មី ដើម្បី​អាច​បម្រើ​នៅ​ក្រុម​ជំនុំ​ភាសា​បរទេស​ដែល​នៅ​ជិត​តំបន់​របស់​ខ្លួន ឬ​រហូត​ដល់​ផ្លាស់​ទៅ​រស់​នៅ​ប្រទេសក្រៅ​ទៀត​ផង។ ជា​រឿយ​ៗ មនុស្ស​ដែល​ស្ដាប់​ពួក​គេ​ផ្សព្វ​ផ្សាយ ច្រើន​តែ​កោត​ស្ងើច​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ។

១០ សូម​ពិចារណា​គំរូ​របស់​ប្អូន​ស្រី​គ្រីស្ទីន ដែល​បាន​រៀន​វគ្គ​សិក្សា​ភាសា​ហ្គូចារ៉ាទី ជា​មួយ​នឹង​សាក្សី​៧​នាក់​ទៀត។ ពេល​គ្រីស្ទីន​បាន​ជួប​អ្នក​រួម​ការ​ងារ​ដែល​ជា​យុវតី​និយាយ​ភាសា​ហ្គូចារ៉ាទី នោះ​គ្រីស្ទីន​ក៏​ទៅ​ស្វាគមន៍​នាង​ជាភាសា​កំណើត​របស់​នាង។ យុវតី​នោះ​កោត​ស្ងើច​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ចង់​ដឹង​មូលហេតុ​ដែល​គ្រីស្ទីន​ខំ​រៀន​ភាសា​ហ្គូចារ៉ាទី។ នេះ​បាន​បើក​ឱកាស​ឲ្យ​គ្រីស្ទីន​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​ល្អ។ យុវតី​នោះ​និយាយ​ទៅ​គ្រីស្ទីន​ថា​៖ ​«​គ្មាន​សាសនា​ណា​ដែល​លើក​ទឹក​ចិត្ត​សមាជិក​ខ្លួន ឲ្យ​រៀន​ភាសា​ដែល​ពិបាក​បែប​នេះ​ទេ។ ខ្ញុំ​ជឿ​ថា​អ្នក​ច្បាស់​ជា​មាន​អ្វី​ដ៏​សំខាន់​ចង់​ប្រាប់​ហើយ​»។

១១. តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង?

១១ ជា​ការ​ពិត មិន​មែន​យើង​ទាំង​អស់​គ្នា​អាច​រៀន​ភាសា​ផ្សេង​ទេ។ ប៉ុន្តែ យើង​អាច​រៀបចំ​ទុក​ជា​មុន​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​រាជាណាចក្រ ដល់​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង។ តើ​តាម​វិធី​ណា? វិធី​មួយ គឺ​ដោយ​ប្រើ​កម្ម​វិធី​JW​ភាសា ដើម្បី​រៀន​ពាក្យ​សួរ​សុខ​ទុក្ខ​ជា​ភាសា​ណា​មួយ ហើយ​អ្នក​ក៏​អាច​រៀន​ប៉ុន្មាន​ឃ្លា​ថែម​ទៀត​ដែរ ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ដែល​និយាយ​ភាសា​នោះ។ សូម​ប្រាប់​ពួក​គេ​អំពី​គេហទំព័រ jw.org រួច​មក​សូម​បង្ហាញ​វីដេអូ និង​សៀវភៅ​ផ្សេង​ៗ​ជា​ភាសា​របស់​ពួក​គេ។ ការ​ប្រើ​ព័ត៌មាន​ដូច​នោះ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ក៏​អាច​នាំ​ឲ្យ​យើង​មាន​អំណរ​ដូច​បង​ប្អូន​នៅ​សតវត្សរ៍​ទី​១​ដែរ ពីព្រោះ​ពេល​ដែល​ជន​ជាតិ​ផ្សេង​ៗ​បាន​ឮ​ដំណឹង​ល្អ​ពី​បង​ប្អូន​ទាំង​នោះ​ជា​«​ភាសា​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​»​ នោះ​ពួក​គេ​រំភើប​ចិត្ត​ជា​ខ្លាំង។

​«​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​»​ (​សកម្មភាព ២:១៤​-​៣៧​)

១២. ​(​ក​) ស្ដី​អំពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. តើ​ទំនាយ​នៅ​យ៉ូអែល​បាន​ចែង​យ៉ាង​ណា? (​ខ​) ហេតុ​អ្វី​យើង​ដឹង​ថា​ទំនាយ​នៅ​យ៉ូអែល​បាន​ក្លាយ​ជា​ពិត​នៅ​សតវត្សរ៍​ទី​១?

១២ ​«​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​»​ ហើយ​និយាយ​ទៅ​កាន់​មនុស្ស​ដ៏​ច្រើន​ពី​ជាតិ​សាសន៍​ផ្សេង​ៗ។ (​សកម្ម. ២:១៤​) គាត់​បាន​ពន្យល់​ដល់​អស់​អ្នក​ដែល​ស្ដាប់​ថា ព្រះ​បាន​ផ្ដល់​សមត្ថភាព​ឲ្យ​ពួក​គាត់​និយាយ​ភាសា​ផ្សេង​ៗ​ដោយ​អព្ភូតហេតុ ដើម្បី​សម្រេច​ទំនាយ​នៅ​យ៉ូអែល​ដែល​ថា​៖ ​«​ខ្ញុំ​នឹង​ចាក់​ឫទ្ធានុភាព​របស់​ខ្ញុំ​ទៅ​លើ​មនុស្ស​គ្រប់​ប្រភេទ​»។ (​យ៉ូល. ២:២៨​) មុន​ពេល​លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌ លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​ថា​៖ ​«​ខ្ញុំ​នឹង​សុំ​បិតា​នៅ​ស្ថាន​សួគ៌ រួច​លោក​នឹង​ឲ្យ​អ្នក​ជួយ​មួយ​ទៀត​ដល់​អ្នក​រាល់​គ្នា​»។ អ្នក​ជួយ​ដែល​លោក​យេស៊ូ​បាន​លើក​ឡើង​នោះ គឺ​«​ឫទ្ធានុភាព​»។—យ៉ូន. ១៤:១៦, ១៧

១៣, ១៤. តើ​ពេត្រុស​ព្យាយាម​ធ្វើ​ឲ្យ​សេចក្ដី​ពិត​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​របស់​អ្នក​ស្ដាប់​តាម​វិធី​ណា? ហើយ​តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

១៣ ពេត្រុស​បាន​សរុប​សេចក្ដី ដោយ​និយាយ​យ៉ាង​ចំ​ៗ​ទៅ​បណ្ដា​ជន​ថា​៖ ​«​ចូរ​ឲ្យ​ពូជ​ពង្ស​អ៊ីស្រាអែល​ទាំង​អស់​ដឹង​យ៉ាង​ច្បាស់​ថា លោក​យេស៊ូ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រហារ​ជីវិត​លើ​បង្គោល​ឈើ លោក​ជា​អ្នក​ដែល​ព្រះ​បាន​តែង​តាំង​ជា​លោក​ម្ចាស់​និង​ជា​គ្រិស្ត​»។ (​សកម្ម. ២:៣៦​) ប្រាកដ​ណាស់ ភាគ​ច្រើន​ពួក​អ្នក​ដែល​កំពុង​ស្ដាប់​ពេត្រុស​និយាយ មិន​បាន​មាន​វត្តមាន​នៅ​ពេល​ដែល​លោកយេស៊ូ​ត្រូវ​គេ​ប្រហារ​ជីវិត​លើ​បង្គោល​ទារុណកម្ម​ទេ។ ប៉ុន្តែ ដោយ​សារ​ពួក​គេ​ជា​ប្រជា​ជាតិ​តែ​មួយ ពួក​គេ​ត្រូវ​រួម​ចំណែក​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​នេះ។ យ៉ាង​ណា​មិញ សូម​កត់​សម្គាល់​ថា ពេត្រុស​បាន​និយាយ​ទៅ​កាន់​ជន​រួម​ជាតិ ដោយ​ការ​គោរព​និង​ដោយ​ជំរុញ​ចិត្ត​ពួក​គេ។ គោល​ដៅ​របស់​ពេត្រុស គឺ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ប្រែ​ចិត្ត មិន​មែន​ដើម្បី​បន្ទោស​ពួក​គេ​ទេ។ តើ​ពួក​គេ​ខឹង​ដែល​ពេត្រុស​និយាយ​ដូច្នេះ​ទេ? ពួក​គេ​មិន​ខឹង​ទេ! ផ្ទុយ​ទៅ​វិញ ពួក​គេ​«​សោក​ស្ដាយ​ជា​ខ្លាំង​»​ ហើយ​សួរ​ថា​៖ ​«​តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា?​»។ ការ​ដែល​ពេត្រុស​និយាយ​ដោយ​បង្ហាញ​ការ​គោរព ទំនង​ជា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ចិត្ត​មនុស្ស​ជា​ច្រើន រហូត​ដល់​ជំរុញ​ពួក​គេ​ឲ្យ​ប្រែ​ចិត្ត។—សកម្ម. ២:៣៧

១៤ យើង​អាច​ធ្វើ​តាម​វិធី​របស់​ពេត្រុស ក្នុង​ការ​ទាក់​ទាញ​ចិត្ត​របស់​មនុស្ស​ឯ​ទៀត។ ពេល​ផ្សព្វ​ផ្សាយ យើង​មិន​ចាំ​បាច់​បដិសេធ​រាល់​ទស្សនៈ​ដែល​ខុស​ពី​គម្ពីរ ដែល​ម្ចាស់​ផ្ទះ​ប្រហែល​ជា​បាន​លើក​ឡើង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ចង់​និយាយ​ចំណុច​ណា​ដែល​អាច​យល់​ស្រប​គ្នា។ បន្ទាប់​ពី​បាន​បង្កើត​ចំណុច​ស្រប​គ្នា​ជា​មួយ​នឹងអ្នក​ស្ដាប់​ហើយ នោះ​យើង​អាច​វែក​ញែក​យ៉ាង​ប៉ិន​ប្រសប់​ពី​បណ្ដាំ​របស់​ព្រះ។ ជា​ញឹក​ញយ ពេល​យើង​ធ្វើ​តាម​វិធី​នោះ មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ទំនង​ជា​មាន​ប្រតិកម្ម​ល្អ​ចំពោះ​អ្វី​ដែល​យើង​ផ្សាយ។

​«​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​»​ (​សកម្មភាព ២:៣៨​-​៤៧​)

១៥. ​(​ក​) តើ​ពេត្រុស​បាន​ឆ្លើយ​តប​យ៉ាង​ណា ហើយ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? (​ខ​) ហេតុ​អ្វី​មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​ឮ​ដំណឹង​ល្អ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ មាន​លក្ខណៈ​គ្រប់​គ្រាន់​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​នោះ?

១៥ នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ដែល​ជា​ថ្ងៃ​ដ៏​រំភើប​ចិត្ត ពេត្រុស​បាន​ឆ្លើយ​តប​ទៅ​ជនជាតិ​យូដា និង​ពួក​អ្នក​ចូល​សាសនា​យូដា​ថា​៖ ​«​ចូរ​ប្រែ​ចិត្ត ហើយ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​»។ (​សកម្ម. ២:៣៨​) ជា​លទ្ធផល មនុស្ស​ប្រហែល​៣.០០០​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក ទំនង​ជា​ក្នុង​អាង​ទឹក​ដែល​នៅ​ក្នុង​ឬ​នៅ​ជិត​ក្រុង​យេរូសាឡិម។ e តើ​ពួក​គេ​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​មិន​គិត​ពិចារណា​ឬ? តាម​រយៈ​កំណត់​ហេតុ​នេះ តើ​សិស្ស​គម្ពីរ និង​កូន​ៗ​ដែល​មាន​ឪពុក​ម្ដាយ​ជា​គ្រិស្ត​សាសនិក​ត្រូវ​ប្រញាប់​ទទួល​ការ​ជ្រមុជ​ទឹក មុន​ដែល​ខ្លួន​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដែរ​ឬ​ទេ? មិន​មែន​ទាល់​តែ​សោះ។ សូម​ចាំ​ថា ជនជាតិ​យូដា​និង​អ្នក​ចូល​សាសនា​យូដា​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. គឺ​ជា​ពួក​អ្នក​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​សិក្សា​បណ្ដាំ​របស់​ព្រះ ហើយ​ពួក​គេ​ក៏​ជា​ផ្នែក​មួយ​នៃ​ប្រជា​ជាតិ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​បង្ហាញ​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ដោយ​អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ​ដើម្បី​ចូល​រួម​បុណ្យ​នេះ។ ក្រោយ​ពី​ពួក​គេ​ទទួល​យក​សេចក្ដី​ពិត​ដ៏​សំខាន់ ដែល​ទាក់​ទង​នឹង​តួ​នាទី​របស់​លោក​យេស៊ូ​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ ពួក​គេ​បាន​ត្រៀម​ខ្លួន​ដើម្បី​បម្រើ​ព្រះ​ត​ទៅ​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក្ដី ឥឡូវ​ពួក​គេ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត។

១៦. តើ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ បាន​បង្ហាញ​ចិត្ត​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន​យ៉ាង​ដូច​ម្ដេច?

១៦ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ឲ្យ​ពរ​ដល់​ក្រុម​នោះ។ កំណត់​ហេតុ​បាន​រៀប​រាប់​ទៀត​ថា​៖ ​«​អស់​អ្នក​ណា​ដែល​ទៅ​ជា​អ្នក​ជឿ​បាន​នៅ​ជា​មួយ​គ្នា ហើយ​ចែក​អ្វី​ៗ​ទាំង​អស់​ជា​មួយ​គ្នា។ ពួក​គេ​ក៏​លក់​ដី​និង​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​មាន រួច​យក​ប្រាក់​មក​ចែក​ដល់​គ្រប់​គ្នា តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ម្នាក់​ៗ​»។ f (​សកម្ម. ២:៤៤, ៤៥​) គ្រិស្ត​សាសនិក​ពិត​ទាំង​អស់​ប្រាកដ​ជា​ចង់​ធ្វើ​តាម​គំរូ​របស់​ពួក​គេ ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន។

១៧. តើ​អ្នក​ដែល​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​ត្រូវ​ធ្វើ​តាម​ជំហាន​អ្វី​ខ្លះ?

១៧ ពេល​អ្នក​ណា​ម្នាក់​ចង់​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​នោះ​ត្រូវ​ធ្វើ​តាម​ជំហាន​ចាំ​បាច់​មួយ​ចំនួន​ក្នុង​គម្ពីរ។ មុន​ដំបូង គាត់​ត្រូវ​មាន​ចំណេះ​អំពី​បណ្ដាំ​របស់​ព្រះ។ (​យ៉ូន. ១៧:៣​) បន្ទាប់​មក គាត់​ត្រូវ​បង្ហាញ​ជំនឿ ហើយ​ប្រែ​ចិត្ត​ដោយ​សោក​ស្ដាយ​យ៉ាង​ស្មោះ​ចំពោះ​ទង្វើ​របស់​ខ្លួន​ពី​មុន។ (​សកម្ម. ៣:១៩​) រួច​មក គាត់​ត្រូវ​វិល​មក​វិញ ហើយ​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ (​រ៉ូម ១២:២; អេភ. ៤:២៣, ២៤​) ក្រោយ​ពី​បាន​ធ្វើ​តាម​ជំហាន​ទាំង​នេះ គាត់​អាច​ប្រគល់​ខ្លួន​ជូន​ព្រះ​ដោយ​អធិដ្ឋាន ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។—ម៉ាថ. ១៦:២៤; ១ពេ. ៣:២១

១៨. តើ​អ្នក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត​មាន​ឯកសិទ្ធិ​អ្វី?

១៨ តើ​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត​ហើយ​ឬ​នៅ? បើ​រួច​ហើយ សូម​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​ដែល​អ្នក​បាន​ទទួល។ ដូច​ពួក​អ្នក​កាន់​តាម​គ្រិស្ត​នៅ​សតវត្សរ៍​ទី​១​ដែល​ពេញ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ នោះ​ព្រះ​យេហូវ៉ា​ក៏​អាច​ប្រើ​យើង​តាម​វិធី​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់ និង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែរ!

c ​«​អណ្ដាត​ភ្លើង​»​មិន​មែន​ជា​ភ្លើង​មែន​ទែន​ទេ ប៉ុន្តែ​«​ហាក់​ដូច​ជា​ភ្លើង​»​ គឺ​ថា​ចំពោះ​ពួក​គេ​អ្វី​ដែល​លេច​មក​សណ្ឋិត​លើ​អ្នក​កាន់​តាម​ម្នាក់​ៗ គឺ​មាន​លក្ខណៈ​ដូច​ជា​ភ្លើង។

e នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​១៩៩៣ នា​មហា​សន្និបាត​អន្តរជាតិ​មួយ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ក្នុង​ក្រុង​កៀវ​ប្រទេស​អ៊ុយក្រែន មាន​មនុស្ស​៧.៤០២​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ក្នុង​អាង​ចំនួន​៦។ ការ​ជ្រមុជ​ទឹក​នោះ ចំណាយ​ពេល​អស់​២​ម៉ោង​១៥​នាទី។

f ការ​រៀបចំ​បណ្ដោះ​អាសន្ន​នេះ បាន​បំពេញ​សេចក្ដី​ត្រូវ​ការ​នៅ​ពេល​នោះ ដោយ​សារ​ភ្ញៀវ​ដែល​បន្ត​នៅ​ក្រុង​យេរូសាឡិម​ចង់​ទទួល​ចំណេះ​ថែម​ទៀត​អំពី​សេចក្ដី​ពិត។ ការ​ចែក​រំលែក​នេះ​ធ្វើ​ឡើង​ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​ស្ម័គ្រ​ចិត្ត មិន​មែន​ដោយ​គាំទ្រ​គោល​នយោបាយ​ណា​មួយ​ទេ។—សកម្ម. ៥:១​-​៤