លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២

«អ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំ»

«អ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំ»

របៀប​ដែល​លោក​យេស៊ូ​ជួយ​ពួក​សាវ័ក​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​នាំ​មុខ​ក្នុង​ការ​ផ្សព្វ​ផ្សាយ

មាន​មូលដ្ឋាន​លើ​សកម្មភាព ១:១​-​២៦

១​-​៣. តើ​លោក​យេស៊ូ​ចាក​ចេញ​ពី​ពួក​សាវ័ក​របស់​លោក​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​សំណួរ​អ្វី​ខ្លះ?

 ពួក​សាវ័ក​មិន​ចង់​ឲ្យ​ពេល​វេលា​នោះ​ចប់​ឡើយ។ ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ គឺ​ពិត​ជា​គួរ​ឲ្យ​រំភើប​ចិត្ត​ណាស់​សម្រាប់​ពួក​គាត់! កាល​ដែល​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ បាន​ធ្វើ​ឲ្យ​ពួក​គាត់​ប្រែ​ពី​អស់​សង្ឃឹម ទៅ​ជា​មាន​អំណរ​ក្រៃ​លែង។ ឥឡូវ​អស់​៤០​ថ្ងៃ​ដែល​លោក​យេស៊ូ បាន​លេច​មក​ជួប​អ្នក​កាន់​តាម​លោក​អស់​ជា​ច្រើន​ដង ដើម្បី​បង្រៀន​និង​លើក​ទឹក​ចិត្ត​ពួក​គាត់​ថែម​ទៀត។ ប៉ុន្តែ នៅ​ថ្ងៃ​នេះ លោក​លេច​មក​ជួប​ពួក​គាត់​ជា​លើក​ចុង​ក្រោយ។

កាល​ដែល​កំពុង​ឈរ​ជុំ​គ្នា​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សាវ័ក​បាន​ស្ដាប់​គ្រប់​ទាំង​ប្រសាសន៍​របស់​លោក​យេស៊ូ។ លុះ​ពេល​លោក​មាន​ប្រសាសន៍​ចប់ លោក​លើក​ដៃ​ឲ្យ​ពរ​ដល់​ពួក​គាត់។ អ្វី​ៗ​ហាក់​ដូច​ជា​លឿន​ណាស់​សម្រាប់​ពួក​គាត់។ បន្ទាប់​មក លោក​ចាប់​ផ្ដើម​ឡើង​ផុត​ពី​ដី! ពួក​អ្នក​កាន់​តាម​សម្លឹង​មើល​លោក កាល​ដែល​លោក​ឡើង​ខ្ពស់​ទៅ​ៗ។ នៅ​ទី​បំផុត ពពក​បាន​គ្រប​បាំង​លោក​ពី​ភ្នែក​ពួក​គាត់។ ទោះ​ជា​លោក​ទៅ​បាត់​ក៏​ដោយ ពួក​គាត់​នៅ​តែ​សម្លឹង​មើល​ទៅ​មេឃ។—លូក. ២៤:៥០; សកម្ម. ១:៩, ១០

ព្រឹត្តិការណ៍​នេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង មក​លើ​ជីវិត​របស់​ពួក​សាវ័ក។ ក្រោយ​ពី​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ម្ចាស់​របស់​ពួក​គាត់​ឡើង​ទៅ​ស្ថាន​សួគ៌ តើ​ពួក​គាត់​នឹង​ធ្វើ​អ្វី? យើង​ជឿ​ជាក់​ថា ម្ចាស់​របស់​ពួក​គាត់​បាន​ជួយ​ពួក​គាត់​ឲ្យ​ត្រៀម​ខ្លួន ដើម្បី​បន្ត​ធ្វើ​កិច្ចការ​ដែល​លោក​បាន​ចាប់​ផ្ដើម។ តើ​តាម​របៀប​ណា​លោក​បាន​បង្ហាត់​បង្រៀន​ពួក​គាត់ ឲ្យ​បំពេញ​ភារកិច្ច​ដ៏​សំខាន់​នេះ? ហើយ​តើ​ពួក​គាត់​មាន​ប្រតិកម្ម​យ៉ាង​ណា? តើ​នេះ​ទាក់​ទង​យ៉ាង​ណា​នឹង​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ? ជំពូក​ទី​១​នៃ​សៀវភៅ​សកម្មភាព មាន​ចម្លើយ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។

‹លោក​យេស៊ូ​បាន​បង្ហាញ​ខ្លួន​ជា​ច្រើន​ដង› (​សកម្មភាព ១:១​-​៥​)

៤. ពេល​លូកា​សរសេរ​សៀវភៅ​សកម្មភាព តើ​ដើម​ដំបូង​គាត់​រៀប​រាប់​ទៅ​កាន់​អ្នក​ណា?

ពេល​លូកា​សរសេរ​សៀវភៅ​សកម្មភាព ដើម​ដំបូង​គាត់​រៀប​រាប់​ដំណើរ​រឿង​ទៅ​កាន់​ថេអូហ្វីល ដែល​ជា​មនុស្ស​ដូច​គ្នា​ក្នុង​សៀវភៅ​ដំណឹង​ល្អ​របស់​លូកា។ a នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា កំណត់​ហេតុ​ក្នុង​សៀវភៅ​សកម្មភាព បន្ត​ពី​កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ដែល​លូកា​បាន​សរសេរ។ ក្នុង​សៀវភៅ​សកម្មភាព លូកា​ចាប់​ផ្ដើម​ដោយ​សង្ខេប​ព្រឹត្តិការណ៍ ដែល​បាន​កត់​ទុក​នៅ​ចុង​បញ្ចប់​នៃ​សៀវភៅ​ដំណឹង​ល្អ ដោយ​ប្រើ​ពាក្យ​ផ្សេង​គ្នា និង​បន្ថែម​ព័ត៌មាន​លម្អិត​មួយ​ចំនួន​ទៀត។

៥, ៦. ​(​ក​) តើ​អ្វី​អាច​ជួយ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ឲ្យ​មាន​ជំនឿ​រឹង​មាំ​ជា​និច្ច? (​ខ​) ហេតុ​អ្វី​ជំនឿ​របស់​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​ផ្អែក​លើ​‹ភ័ស្តុតាង​ច្បាស់​លាស់​ជា​ច្រើន›?

តើ​អ្វី​នឹង​ជួយ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ឲ្យ​មាន​ជំនឿ​រឹង​មាំ​ជា​និច្ច? នៅ​សកម្មភាព ១:៣ ចែង​អំពី​លោក​យេស៊ូ​ថា​៖ ​«​លោក​បាន​បង្ហាញ​ខ្លួន​[​ឬ​បង្ហាញ​ភ័ស្តុតាង​ច្បាស់​លាស់​]​ឲ្យ​ពួក​គាត់​ឃើញ​ជា​ច្រើន​ដង . . . ថា លោក​មាន​ជីវិត​រស់​នៅ​ពិត​មែន​»។ ក្នុង​គម្ពីរ មាន​តែ​លូកា​ជា​«​គ្រូ​ពេទ្យ​ជា​ទី​ស្រឡាញ់​»​ប៉ុណ្ណោះ ដែល​ប្រើ​ពាក្យ​«​បង្ហាញ​ខ្លួន​»​ ឬ​បញ្ជាក់​«​ភ័ស្តុតាង​ច្បាស់​លាស់​»។ (​កូឡ. ៤:១៤​) នោះ​គឺ​ជា​ពាក្យ​ដែល​ប្រើ​ក្នុង​សំណេរ​វេជ្ជសាស្ត្រ និង​ជា​ពាក្យ​ដែល​មាន​ន័យ​ថា​ភ័ស្តុតាង​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត និង​អាច​ជឿ​បាន។ លោក​យេស៊ូ​បាន​ផ្ដល់​ភ័ស្តុតាង​បែប​នោះ! លោក​បាន​លេច​មក​ជួប​ពួក​អ្នក​កាន់​តាម​ជា​ច្រើន​ដង។ ជួន​កាល​លោក​លេច​មក​ជួប​ម្នាក់​ឬ​ពីរ​នាក់ តែ​ពេល​ខ្លះ​ទៀត​លោក​លេច​មក​ជួប​ពួក​សាវ័ក​ទាំង​អស់ ហើយ​នៅ​ពេល​មួយ​លោក​លេច​មក​ជួប​ពួក​អ្នក​កាន់​តាម​ជាង​៥០០​នាក់។ (​១កូ. ១៥:៣​-​៦​) ភ័ស្តុតាង​ទាំង​អស់​នេះ ពិត​ជា​ពង្រឹង​ជំនឿ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​មែន!

ជំនឿ​របស់​គ្រិស្ត​សាសនិក​ពិត​នៅ​សព្វ​ថ្ងៃ​នេះ ក៏​មាន​មូលដ្ឋាន​លើ​‹ភ័ស្តុតាង​ច្បាស់​លាស់​ជា​ច្រើន›​ដែរ។ តើ​មាន​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​លោក​យេស៊ូ​ធ្លាប់​រស់​នៅ​ផែនដី ហើយ​ស្លាប់​ដើម្បី​ភាព​ខុស​ឆ្គង​របស់​យើង រួច​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឬ​ទេ? ពិត​ជា​មាន​មែន! ក្នុង​បណ្ដាំ​របស់​ព្រះ មាន​កំណត់​ហេតុ​អំពី​សាក្សី​ដែល​អាច​ទុក​ចិត្ត​បាន នេះ​ផ្ដល់​នូវ​ភ័ស្តុតាង​ដ៏​គួរ​ឲ្យ​ជឿ​ជាក់​ទាំង​អស់​ដែល​យើង​ត្រូវ​ការ។ ការ​សិក្សា​កំណត់​ហេតុ​ទាំង​នេះ ព្រម​ទាំង​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ អាច​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​កាន់​តែ​រឹង​មាំ។ សូម​ចាំ​ថា​ជំនឿ​ពិត​មាន​មូលដ្ឋាន​លើ​ភ័ស្តុតាង​ច្បាស់​លាស់ មិន​មែន​ចេះ​តែ​ជឿ​ដោយ​ងងឹត​ងងុល​នោះ​ទេ។ ការ​មាន​ជំនឿ​ពិត គឺ​សំខាន់​ចាំ​បាច់​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—យ៉ូន. ៣:១៦

៧. ស្ដី​អំពី​ការ​បង្រៀន​និង​ផ្សព្វ​ផ្សាយ តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​អ្វី​សម្រាប់​ពួក​អ្នក​កាន់​តាម​លោក?

លោក​យេស៊ូ​ក៏​បាន​«​ប្រាប់​ពួក​គាត់​អំពី​រាជាណាចក្រ​របស់​ព្រះ​»​ដែរ។ ជា​ឧទាហរណ៍ លោក​បាន​ពន្យល់​អំពី​ទំនាយ​ដែល​ថា មេស្ស៊ី​នឹង​ត្រូវ​រង​ទុក្ខ ហើយ​ស្លាប់។ (​លូក. ២៤:១៣​-​៣២, ៤៦, ៤៧​) ពេល​លោក​យេស៊ូ​ពន្យល់​អំពី​តួ​នាទី​របស់​លោក​ជា​មេស្ស៊ី នោះ​លោក​បាន​លើក​ឡើង​អំពី​រាជាណាចក្រ​របស់​ព្រះ ពីព្រោះ​ព្រះ​បាន​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​ស្ដេច។ រាជាណាចក្រ​ព្រះ​គឺ​ជា​ប្រធានបទ ដែល​លោក​យេស៊ូ​តែង​តែ​លើក​យក​មក​ផ្សព្វ​ផ្សាយ ហើយ​អ្នក​កាន់​តាម​លោក​សព្វ​ថ្ងៃ​នេះ​ក៏​ធ្វើ​តាម​គំរូ​របស់​លោក​ដែរ ដោយ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ។—ម៉ាថ. ២៤:១៤; លូក. ៤:៤៣

​«​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី​»​ (​សកម្មភាព ១:៦​-​១២​)

៨, ៩. ​(​ក​) តើ​ពួក​សាវ័ក​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ពីរ​យ៉ាង​អ្វី? (​ខ​) តើ​លោក​យេស៊ូ​បាន​កែ​តម្រូវ​ទស្សនៈ​របស់​ពួក​គាត់​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​មាន​មេ​រៀន​អ្វី​សម្រាប់​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ?

ពេល​ពួក​សាវ័ក​មក​ជួប​ជុំ​គ្នា​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​គាត់​បាន​ជួប​លោក​យេស៊ូ​ជា​លើក​ចុង​ក្រោយ​នៅ​ផែនដី។ ពួក​គាត់​បាន​សួរ​លោក ដោយ​ចង់​ដឹង​យ៉ាង​ខ្លាំង​ថា​៖ ​«​លោក​ម្ចាស់ តើ​លោក​នឹង​តាំង​រាជាណាចក្រ​អ៊ីស្រាអែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?​»។ (​សកម្ម. ១:៦​) សំណួរ​ដែល​ពួក​សាវ័ក​បាន​សួរ​នេះ បង្ហាញ​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ពីរ​យ៉ាង។ ទី​១ ពួក​គាត់​បាន​សន្និដ្ឋាន​ថា រាជាណាចក្រ​ព្រះ​នឹង​ត្រូវ​ស្ថាបនា​ឡើង​វិញ​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល។ ទី​២ ពួក​គាត់​រំពឹង​ថា​រាជាណាចក្រ​ព្រះ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​ភ្លាម​ៗ​«​នៅ​ពេល​នេះ​»។ តើ​តាម​របៀប​ណា​លោក​យេស៊ូ​បាន​ជួយ​ពួក​គាត់​ឲ្យ​កែ​តម្រូវ​ទស្សនៈ​មិន​ត្រឹម​ត្រូវ​នោះ?

ស្ដី​អំពី​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ទី​១ លោក​យេស៊ូ​ទំនង​ជា​ដឹង​ថា​ការ​យល់​ដឹង​របស់​ពួក​គាត់ នឹង​ត្រូវ​កែ​តម្រូវ​ឆាប់​ៗ​ខាង​មុខ​នេះ។ តាម​ពិត​នៅ​១០​ថ្ងៃ​ទៀត អ្នក​កាន់​តាម​លោក​នឹង​ឃើញ​នូវ​ការ​រៀបចំក្រុម​ថ្មីហៅ​ថា អ៊ីស្រាអែល​នៃ​ព្រះ! ទំនាក់​ទំនង​របស់​ព្រះ​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ពី​កំណើត ជិតដល់​ទី​បញ្ចប់​ហើយ។ ស្ដី​អំពី​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ទី​២ លោក​យេស៊ូ​បាន​រំលឹក​ពួក​គាត់​យ៉ាង​សប្បុរស​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​ដឹង​អំពី​ពេល​វេលា​ឬ​គ្រា​កំណត់ ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​សម្រេច​រួច​ហើយ​នោះ​ទេ​»។ (​សកម្ម. ១:៧​) ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​តាម​ពេល​វេលា ដែល​លោក​បាន​កំណត់​ជា​និច្ច។ មុន​ពេល​លោក​យេស៊ូ​ស្លាប់ លោក​បាន​ប្រាប់​ថា សូម្បី​តែ​បុត្រ​របស់​ព្រះ​ក៏​មិន​ជ្រាប​ថា​ទី​បញ្ចប់​នឹង​មក​នៅ​«​ថ្ងៃ​និង​ម៉ោង​»​ណា​នោះ​ដែរ ​«​មាន​តែ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ដែល​ជ្រាប​»។ (​ម៉ាថ. ២៤:៣៦​) រហូត​មក​ដល់​សព្វ​ថ្ងៃ បើ​គ្រិស្ត​សាសនិក​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក​អំពី​ពេល​វេលា​នៃ​ទី​បញ្ចប់​របស់​ពិភព​លោក​នេះ នោះ​មាន​ន័យ​ថា​ពួក​គេ​កំពុង​ខ្វល់​ខ្វាយ​អំពី​រឿង​ដែល​ពួក​គេ​មិន​ចាំ​បាច់​ដឹង។

១០. ដូច​ពួក​សាវ័ក តើ​យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​បែប​ណា? ហើយ​ហេតុ​អ្វី?

១០ ទោះ​ជា​យ៉ាង​ណា​ក្ដី យើង​មិន​គួរ​មើល​ងាយ​ពួក​សាវ័ក​របស់​លោក​យេស៊ូ ដែល​ជា​អ្នក​មាន​ជំនឿ​ខ្លាំង​នោះ​ទេ។ ពួក​គាត់​ទទួល​យក​ការ​កែ​តម្រង់​ដោយ​ចិត្ត​រាប​ទាប។ បន្ថែម​ទៅ​ទៀត ទោះ​ជា​សំណួរ​របស់​ពួក​គាត់​បង្ហាញ​អំពី​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ក៏​ដោយ សំណួរ​នោះ​ក៏​បង្ហាញ​អំពី​ចិត្ត​គំនិត​ល្អ​របស់​ពួក​គាត់​ដែរ។ ម្ដង​ហើយ​ម្ដង​ទៀត លោក​យេស៊ូ​បាន​ដាស់​តឿន​ពួក​អ្នក​កាន់​តាម​លោក ឲ្យ​«​ចាំ​យាម​»។ (​ម៉ាថ. ២៤:៤២; ២៥:១៣; ២៦:៤១​) ពួក​គាត់​ពិត​ជា​បាន​ធ្វើ​ដូច្នេះ​មែន ដោយ​សារ​ពួក​គាត់​តែង​ទន្ទឹង​ចាំ​មើល​ទី​សម្អាង​ដែល​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​ហៀប​នឹង​ចាត់​វិធានការ។ នេះ​ក៏​ជា​ចិត្ត​គំនិត​ដែល​យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​នៅ​សព្វ​ថ្ងៃ​ដែរ។ ជា​ពិសេស អំឡុង​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ដ៏​សំខាន់​នេះ យើង​ត្រូវ​ចាំ​យាម​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។—២ធី. ៣:១​-​៥

១១, ១២. ​(​ក​) តើ​លោក​យេស៊ូ​បាន​ប្រគល់​ភារកិច្ច​អ្វី​ដល់​ពួក​អ្នក​កាន់​តាម​លោក? (​ខ​) ហេតុ​អ្វី​ជា​ការ​សមរម្យ​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​ឫទ្ធានុភាព​បរិសុទ្ធ មុន​លោក​ប្រាប់​អំពី​ភារកិច្ច​ផ្សព្វ​ផ្សាយ?

១១ លោក​យេស៊ូ​បាន​រំលឹក​ពួក​សាវ័ក​អំពី​អ្វី​ដែល​ពួក​គាត់ គួរ​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធានុភាព ពេល​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម នៅ​តំបន់​យូឌា​ទាំង​មូល នៅ​ទូ​ទាំង​ស្រុក​សាម៉ារី និង​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី​»។ (​សកម្ម. ១:៨​) ដំណឹង​អំពី​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ នឹង​ត្រូវ​ប្រកាស​មុន​បង្អស់​នៅ​ក្រុង​យេរូសាឡិម ជា​កន្លែង​ដែល​គេ​បាន​សម្លាប់​លោក។ បន្ទាប់​មក ដំណឹង​នោះ​នឹង​ត្រូវ​ប្រកាស​ដល់​តំបន់​យូឌា​ទាំង​មូល រួច​ដល់​ស្រុក​សាម៉ារី និង​រហូត​ដល់​កន្លែង​ឆ្ងាយ​ៗ។

១២ ជា​ការ​សមរម្យ​មែន មុន​នឹង​លោក​យេស៊ូ​ប្រាប់​អំពី​ភារកិច្ច​ផ្សព្វ​ផ្សាយ​ដល់​ពួក​អ្នក​កាន់​តាម​លោក នោះ​លោក​បាន​សន្យា​ម្ដង​ទៀត​ថា ឫទ្ធានុភាព​បរិសុទ្ធ​នឹង​ជួយ​ពួក​គេ។ តាម​ពិត​ពាក្យ​«​ឫទ្ធានុភាព​បរិសុទ្ធ​»​ មាន​ជាង​៤០​ដង​ក្នុង​សៀវភៅ​សកម្មភាព។ ម្ដង​ហើយ​ម្ដង​ទៀត កំណត់​ហេតុ​ដ៏​រស់​រវើក​ក្នុង​សៀវភៅ​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​មិន​អាច​សម្រេច​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​បាន​ទេ បើ​គ្មាន​ជំនួយ​ពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក។ ដូច្នេះ ជា​ការ​សំខាន់​ណាស់ ដែល​យើង​អធិដ្ឋាន​សុំ​ឫទ្ធានុភាព​ពី​ព្រះ​ជា​ទៀង​ទាត់! (​លូក. ១១:១៣​) នៅ​ឥឡូវ​នេះ យើង​កាន់​តែ​ត្រូវ​ការ​ឫទ្ធានុភាព​របស់​ព្រះ​ជាង​ពេល​ណា​ទាំង​អស់។

១៣. តើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដែល​ព្រះ​ប្រគល់​ឲ្យ​រាស្ត្រ​របស់​លោក​នៅ​សព្វ​ថ្ងៃ​មាន​កម្រិត​ធំ​ប៉ុន​ណា? ហើយ​ហេតុ​អ្វី​យើង​គួរ​បំពេញ​ភារកិច្ច​នេះ​យ៉ាង​សកម្ម?

១៣ ឥឡូវ​«​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី​»​ក្នុង​សម័យ​យើង គឺ​ខុស​គ្នា​ពី​សម័យ​នោះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ដូច​បាន​លើក​ឡើង​នៅ​ជំពូក​មុន សាក្សី​ព្រះ​យេហូវ៉ា​បាន​ទទួល​យក​ភារកិច្ច​ផ្សព្វ​ផ្សាយ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត ដោយ​សារ​ពួក​គេ​ដឹង​ថា​ព្រះ​ចង់​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ ឮ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​លោក។ (​១ធី. ២:៣, ៤​) តើ​អ្នក​កំពុង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​ដែល​សង្គ្រោះ​ជីវិត​នេះ​ឬ​ទេ? គ្មាន​កិច្ច​ការ​ណា​ដែល​ធ្វើ​ឲ្យ​ស្កប់​ចិត្ត​ជាង​នេះ​ឡើយ! ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​កម្លាំង​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​សម្រេច​កិច្ច​ការ​នេះ។ សៀវភៅ​សកម្មភាព​នឹង​ប្រាប់​អ្នក​យ៉ាង​ច្រើន​អំពី​វិធី​ផ្សព្វ​ផ្សាយ​ត្រឹម​ត្រូវ និង​ចិត្ត​គំនិត​ដែល​អ្នក​គួរ​មាន ដើម្បី​ជួយ​អ្នក​ឲ្យ​កាន់​តែ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

១៤, ១៥. ​(​ក​) តើ​ទេវតា​បាន​និយាយ​យ៉ាង​ណា​អំពី​ការ​ត្រឡប់​មក​វិញ​របស់​គ្រិស្ត? ហើយ​តើ​ទេវតា​ចង់​មាន​ន័យ​អ្វី? (​សូម​មើល​កំណត់​សម្គាល់​) (​ខ​) តើ​តាម​របៀប​ណា​គ្រិស្ត​បាន​ត្រឡប់​មក​វិញ​‹តាម​បែប​ដូច​គ្នា› ពេល​ដែល​លោក​ចាក​ចេញ​ទៅ?

១៤ ដូច​បាន​រៀប​រាប់​នៅ​ដើម​ជំពូក​នេះ លោក​យេស៊ូ​បាន​ឡើង​ផុត​ពី​ដី ហើយ​ពួក​អ្នក​កាន់​តាម​ក៏​មើល​លោក​លែង​ឃើញ​ទៀត។ ប៉ុន្តែ សាវ័ក​ទាំង​១១​នាក់​នៅ​តែ​សម្លឹង​មើល​ទៅ​មេឃ។ ទី​បំផុត ទេវតា​ពីរ​រូប​បាន​លេច​មក​ជួប​ពួក​គាត់ ហើយ​បន្ទោស​តិច​ៗ​ថា​៖ ​«​អ្នក​ស្រុក​កាលីឡេ​អើយ ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​ឈរ​មើល​មេឃ​ដូច្នេះ? លោក​យេស៊ូ​នោះ​ហើយ​ដែល​បាន​ត្រូវ​យក​ឡើង​ទៅ​លើ​មេឃ ក៏​នឹង​មក​តាម​បែប​ដូច​ដែល​អ្នក​រាល់​គ្នា​ឃើញ​លោក​ឡើង​ទៅ​លើ​មេឃ​ដែរ​»។ (​សកម្ម. ១:១១​) តើ​ទេវតា​ចង់​មាន​ន័យ​ថា​លោក​យេស៊ូ​នឹង​ត្រឡប់​មក​វិញ ក្នុង​រូប​កាយ​ជា​សាច់​ឈាម​ឬ​រូប​កាយ​ដដែល ដូច​សាសនា​ខ្លះ​បង្រៀន​ឬ? ទេវតា​មិន​បាន​មាន​ន័យ​ដូច្នោះ​ទេ។ ហេតុ​អ្វី​យើង​ដឹង?

១៥ ទេវតា​បាន​និយាយ​ថា លោក​យេស៊ូ​នឹង​ត្រឡប់​មក​វិញ​«​តាម​បែប​ដូច​ដែល​អ្នក​រាល់​គ្នា​ឃើញ​»​ b មិន​មែន​ថា​តាម​រូប​កាយ​ដូច​គ្នា​ទេ។ តើ​លោក​យេស៊ូ​បាន​ចាក​ចេញ​ទៅ តាម​បែប​យ៉ាង​ណា? ពេល​ដែល​ទេវតា​ចាប់​ផ្ដើម​និយាយ​ទៅ​កាន់​ពួក​សាវ័ក លោក​យេស៊ូ​បាន​ឡើង​ទៅ​បាត់​ពី​ភ្នែក​ពួក​គាត់​ហើយ។ មាន​តែ​ពួក​សាវ័ក​ប៉ុណ្ណោះ​យល់​ថា លោក​យេស៊ូ​បាន​ចាក​ចេញ​ពី​ផែនដី ហើយ​ឡើង​ទៅ​ឯ​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌។ ដូច្នេះ ពេល​គ្រិស្ត​ត្រឡប់​មក​វិញ លោក​នឹង​មក​តាម​បែប​ដូច​គ្នា​ដែរ។ ពិត​ជា​កើត​ឡើង​ដូច្នោះ​មែន! សព្វ​ថ្ងៃ​នេះ មាន​តែ​អស់​អ្នក​ដែល​យល់​បទ​គម្ពីរ​ច្បាស់​ទេ ទើប​ដឹង​ថា​លោក​យេស៊ូ​កំពុង​គ្រប់​គ្រង​ជា​ស្ដេច។ (​លូក. ១៧:២០​) ម្ល៉ោះ​ហើយ យើង​ត្រូវ​ស្គាល់​ភ័ស្តុតាង​ដែល​បញ្ជាក់​អំពី​វត្តមាន​របស់​គ្រិស្ត ហើយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រឿង​នោះ ដើម្បី​ឲ្យ​ពួក​គេ​យល់​ថា គ្រា​ដែល​យើង​រស់​នៅ​គឺ​ជា​គ្រា​បន្ទាន់។

​«​សូម​លោក​បញ្ជាក់​ថា . . . លោក​បាន​ជ្រើស​រើស​បុរស​មួយ​ណា​»​ (​សកម្មភាព ១:១៣​-​២៦​)

១៦​-​១៨. ​(​ក​) នៅ​សកម្មភាព ១:១៣, ១៤ តើ​យើង​រៀន​អ្វី​អំពី​ការ​ជួប​ជុំ​គ្នា​របស់​គ្រិស្ត​សាសនិក​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ? (​ខ​) តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ម៉ារៀ​ជា​ម្ដាយ​លោក​យេស៊ូ? (​គ​) ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ?

១៦ យើង​អាច​យល់​មូលហេតុ​ដែល​ពួក​សាវ័ក ​«​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ដោយ​មាន​អំណរ​ពន់​ពេក​»។ (​លូក. ២៤:៥២​) ប៉ុន្តែ តើ​ពួក​គាត់​នឹង​ធ្វើ​តាម​បង្គាប់​និង​ការ​ណែនាំ​របស់​គ្រិស្ត​យ៉ាង​ណា? នៅ​សកម្មភាព ជំពូក​ទី​១ ខ​១៣​និង​១៤ ប្រាប់​ថា​ពួក​អ្នក​កាន់​តាម​បាន​ជួប​ជុំ​គ្នា​នៅ​«​បន្ទប់​ខាង​លើ​»​ ហើយ​យើង​នឹង​រៀន​ព័ត៌មាន​លម្អិត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​អំពី​ការ​ជួប​ជុំ​គ្នា​នោះ។ ជា​ទូទៅ ផ្ទះ​នៅ​ស្រុក​ប៉ាឡេស្ទីន​ច្រើន​តែ​មាន​បន្ទប់​នៅ​ខាង​លើ ដែល​មាន​ជណ្ដើរ​នៅ​ខាង​ក្រៅ។ ​«​បន្ទប់​ខាង​លើ​»​នោះ ប្រហែល​ជា​នៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​ម៉ាកុស​ដែល​បាន​រៀប​រាប់​ក្នុង​សកម្មភាព ១២:១២។ ទោះ​ជា​យ៉ាង​ណា​ក្ដី បន្ទប់​នោះ​ទំនង​ជា​បន្ទប់​សាមញ្ញ តែ​មាន​ប្រយោជន៍​សម្រាប់​ពួក​អ្នក​កាន់​តាម​គ្រិស្ត​ជួប​ជុំ​គ្នា។ ប៉ុន្តែ តើ​អ្នក​ណា​ជួប​ជុំ​គ្នា​នៅ​ទី​នោះ ហើយ​តើ​ពួក​គេ​ធ្វើ​អ្វី?

១៧ សូម​កត់​សម្គាល់​ថា ការ​ជួប​ជុំ​គ្នា​នៅ​បន្ទប់​ខាង​លើ​នោះ មិន​គ្រាន់​តែ​មាន​ពួក​សាវ័ក​ឬ​ពួក​បុរស​ប៉ុណ្ណោះ​ទេ តែ​ក៏​«​មាន​ពួក​ស្ត្រី​ខ្លះ​»​ដែរ។ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​លោក​យេស៊ូ។ នេះ​ជា​កំណត់​ហេតុ​ចុង​ក្រោយ​ក្នុង​គម្ពីរ ដែល​រៀប​រាប់​អំពី​ឈ្មោះ​នាង។ យើង​អាច​ស្រមៃ​ឃើញ​ម៉ារៀ​នៅ​ទី​នោះ ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​ដោយ​ចិត្ត​រាប​ទាប មិន​មែន​ដើម្បី​មាន​មុខ​មាត់​ទេ។ នាង​ច្បាស់​ជា​ទទួល​ការ​សម្រាល​ទុក្ខ​ណាស់ ពេល​ឃើញ​កូន​ប្រុស​ទាំង​បួន​នាក់​ទៀត ដែល​មិន​ជឿ​ក្នុង​អំឡុង​ដែល​លោក​យេស៊ូ​នៅ​រស់ តែ​ឥឡូវ​បាន​ក្លាយ​ជា​អ្នក​ជឿ ហើយ​នៅ​ជា​មួយ​នឹង​នាង​ដែរ។ (​ម៉ាថ. ១៣:៥៥; យ៉ូន. ៧:៥​) ពួក​គេ​បាន​កែ​ប្រែ​ចិត្ត​គំនិត ចាប់​តាំង​ពី​លោក​យេស៊ូ​ដែល​ជា​បង​ប្រុស​បាន​ស្លាប់ ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—១កូ. ១៥:៧

១៨ បន្ថែម​ទៅ​ទៀត សូម​កត់​សម្គាល់​អំពី​មូលហេតុ​ដែល​ពួក​អ្នក​កាន់​តាម​ជួប​ជុំ​គ្នា។ គម្ពីរ​ចែង​ថា​៖ ‹អ្នក​ទាំង​អស់​នេះ​កំពុង​ព្យាយាម​ក្នុង​ការ​អធិដ្ឋាន​ដោយ​មាន​គោល​បំណង​តែ​មួយ›។ (​សកម្ម. ១:១៤​) កិច្ច​ប្រជុំ​តែង​តែ​ជា​ផ្នែក​សំខាន់​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​គ្រិស្ត​សាសនិក។ យើង​ជួប​ជុំ​ដើម្បី​លើក​ទឹក​ចិត្ត​គ្នា ដើម្បី​ទទួល​ការ​ណែនាំ​និង​ឱវាទ​ពី​ព្រះ​យេហូវ៉ា ហើយ​សំខាន់​បំផុត​គឺ​ដើម្បី​គោរព​ប្រណិប័តន៍​លោក ដែល​ជា​បិតា​ស្ថាន​សួគ៌​របស់​យើង។ ពេល​យើង​អធិដ្ឋាន និង​ច្រៀង​សរសើរ​លោក​នៅ​ឯ​កិច្ច​ប្រជុំ នេះ​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​ជា​ខ្លាំង ហើយ​នេះ​ក៏​សំខាន់​ចំពោះ​យើង​ដែរ។ សូម​យើង​កុំ​គេច​វេះ​ពី​កិច្ច​ប្រជុំ​ដ៏​ពិសិដ្ឋ និង​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ទាំង​នេះ​ឡើយ!—ហេ. ១០:២៤, ២៥

១៩​-​២១. (​ក​) តើ​យើង​រៀន​អ្វី​ពី​តួ​នាទី​របស់​ពេត្រុស​ក្នុង​ក្រុម​ជំនុំ? (​ខ​) ហេតុ​អ្វី​ចាំ​បាច់​មាន​អ្នក​មក​ជំនួស​យូដាស? ហើយ​តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​វិធី​ដោះ​ស្រាយ​រឿង​នេះ?

១៩ ឥឡូវ​ពួក​អ្នក​កាន់​តាម​គ្រិស្ត​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ ហើយ​សាវ័ក​ពេត្រុស​បាន​នាំ​មុខ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​រឿង​នេះ។ (​ខ​១៥​-​២៦​) យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​ពេល​ដឹង​ថា គ្រាន់​តែ​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពី​ពេត្រុស​បដិសេធ​លោក​ម្ចាស់​អស់​បី​ដង គាត់​បាន​កែ​ប្រែ​និង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ (​ម៉ាក. ១៤:៧២​) យើង​ទាំង​អស់​គ្នា​ងាយ​នឹង​ធ្វើ​ខុស ដូច្នេះ​យើង​ត្រូវ​ការ​ការ​រំលឹក​ថា ព្រះ​យេហូវ៉ា​«​លោក​ល្អ​ពិត​មែន ហើយ​លោក​បម្រុង​តែ​នឹង​អភ័យ​ទោស​»​ ដល់​អស់​អ្នក​ដែល​ប្រែ​ចិត្ត​យ៉ាង​ស្មោះ។—ចសព. ៨៦:៥

២០ ពេត្រុស​យល់​ឃើញ​ថា គួរ​មាន​បុគ្គល​ម្នាក់​មក​ជំនួស​យូដាស​ដែល​ជា​សាវ័ក​ក្បត់​លោក​យេស៊ូ។ ប៉ុន្តែ តើ​អ្នក​ណា​គួរ​ជំនួស​គាត់? សាវ័ក​ថ្មី​គួរ​ជា​អ្នក​ដែល​បាន​កាន់​តាម​លោក​យេស៊ូ​រហូត ក្នុង​អំឡុង​ពេល​ដែល​លោក​បំពេញ​កិច្ច​បម្រើ និង​ដែល​បាន​ឃើញ​លោក​រស់​ឡើង​វិញ។ (​សកម្ម. ១:២១, ២២​) នេះ​ស្រប​តាម​ពាក្យ​សន្យា​របស់​លោក​យេស៊ូ ដែល​ថា​៖ ​«​អ្នក​រាល់​គ្នា​ដែល​បាន​កាន់​តាម​ខ្ញុំ នឹង​អង្គុយ​លើ​បល្ល័ង្ក​១២ ហើយ​វិនិច្ឆ័យ​ក្ដី​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​១២​»។ (​ម៉ាថ. ១៩:២៨​) តាម​មើល​ទៅ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​សាវ័ក​១២​នាក់​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ក្នុង​ពេល​ដែល​លោក​បំពេញ​កិច្ច​បម្រើ​នៅ​ផែនដី ក្លាយ​ទៅ​ជា​«​ថ្ម​គ្រឹះ​១២​»​នៃ​យេរូសាឡិម​ថ្មី​នៅ​អនាគត។ (​បប. ២១:២, ១៤​) ហេតុ​នេះ ព្រះ​បាន​ធ្វើ​ឲ្យ​ពេត្រុស​យល់​ថា ទំនាយ​អំពី​«​ចូរ​ឲ្យ​អ្នក​ឯ​ទៀត​យក​តំណែង​ត្រួតពិនិត្យ​របស់​គាត់​»​ គឺ​ត្រូវ​អនុវត្ត​ចំពោះយូដាស។—ចសព. ១០៩:៨

២១ តើ​ការ​ជ្រើស​រើស​សាវ័ក​ថ្មី​បាន​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ការ​ចាប់​ឆ្នោត ដែល​ជា​ទម្លាប់​ធម្មតា​នៅ​សម័យ​គម្ពីរ។ (​សុភ. ១៦:៣៣​) ប៉ុន្តែ នេះ​ជា​លើក​ចុង​ក្រោយ​ដែល​គម្ពីរ​បាន​លើក​ឡើង​អំពី​ការ​ចាប់​ឆ្នោត។ តាម​មើល​ទៅ បន្ទាប់​ពី​មាន​ការ​ចាក់​ឫទ្ធានុភាព​បរិសុទ្ធ នោះ​គេ​លែង​ប្រើ​វិធី​ចាប់​ឆ្នោត​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក្ដី សូម​កត់​សម្គាល់​អំពី​មូលហេតុ​ដែល​មាន​ការ​ចាប់​ឆ្នោត។ ពួក​សាវ័ក​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា លោក​ជ្រាប​អ្វី​ៗ​ដែល​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ទាំង​អស់។ សូម​លោក​បញ្ជាក់​ថា ក្នុង​ចំណោម​បុរស​ពីរ​នាក់​នេះ លោក​បាន​ជ្រើស​រើស​បុរស​មួយ​ណា​»។ (​សកម្ម. ១:២៣, ២៤​) ពួក​គាត់​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ជា​អ្នក​ជ្រើស​រើស។ ជា​លទ្ធផល ម៉ាធាស​បាន​ត្រូវ​ជ្រើស​រើស។ គាត់​ទំនង​ជា​អ្នក​កាន់​តាម​ម្នាក់​ក្នុង​ចំណោម​អ្នក​កាន់​តាម​៧០​នាក់ ដែល​លោក​យេស៊ូ​បាន​ចាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ។ យ៉ាង​នេះ ម៉ាធាស​បាន​ទៅ​ជា​សាវ័ក​ម្នាក់​ក្នុង​ចំណោម​«​សាវ័ក​ទាំង​១២​នាក់​»។ cសកម្ម. ៦:២

២២, ២៣. ហេតុ​អ្វី​យើង​គួរ​ចុះ​ចូល​និង​ធ្វើ​តាម​ការ​ណែនាំ​របស់​ពួក​អ្នក​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ?

២២ កំណត់​ហេតុ​នេះ​រំលឹក​យើង​អំពី​សារៈ​សំខាន់ ដែល​រាស្ត្រ​របស់​ព្រះ​មាន​របៀប​រៀបចំ​ដ៏​រៀប​រយ។ រហូត​មក​ដល់​សព្វ​ថ្ងៃ បង​ប្អូន​ប្រុស​ដែល​ចេះ​ទទួល​ខុស​ត្រូវ បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ។ ពួក​អ្នក​ចាស់​ទុំ​គិត​ពិចារណា​ខ​គម្ពីរ​យ៉ាង​ដិត​ដល់​ដើម្បី​ដឹង​ថា បង​ប្អូន​ប្រុស​ទាំង​នោះ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ស្រប​តាម​តម្រូវ​ការ​ក្នុង​បណ្ដាំ​របស់​ព្រះ​ឬ​យ៉ាង​ណា ហើយ​ពួក​អ្នក​ចាស់​ទុំ​ក៏​អធិដ្ឋាន​សុំ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​ជួយ​ណែនាំ​ក្នុង​រឿង​នោះ​ដែរ។ ហេតុ​នេះ ក្រុម​ជំនុំ​ចាត់​ទុក​បង​ប្អូន​ប្រុស​ទាំង​នោះ​ថា បាន​ត្រូវ​តែង​តាំង​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ។ រីឯ​យើង​វិញ យើង​បន្ត​ចុះ​ចូល​និង​ធ្វើ​តាម​ការ​ណែនាំ​របស់​ពួក​គាត់ ព្រម​ទាំង​លើក​ស្ទួយ​ស្មារតី​សហការ​ក្នុង​ក្រុម​ជំនុំ។—ហេ. ១៣:១៧

យើង​បន្ត​ចុះ​ចូល​និង​ស្ដាប់​បង្គាប់​ពួក​អ្នក​ដែល​បាន​ទទួល​ការ​តែង​តាំង​ជា​អ្នក​ត្រួត​ពិនិត្យ

២៣ ពួក​អ្នក​កាន់​តាម​ទាំង​នោះ​បាន​ទទួល​កម្លាំង​ចិត្ត ពេល​ឃើញ​លោក​យេស៊ូ​រស់​ឡើង​វិញ។ ម្យ៉ាង​ទៀត ការ​កែ​លម្អ​របៀប​រៀបចំ​ក្នុង​ក្រុម​ជំនុំ ក៏​បាន​ពង្រឹង​ជំនឿ​របស់​ពួក​គេ​ដែរ។ ដូច្នេះ ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ។ យើង​នឹង​ពិចារណា​ព្រឹត្តិការណ៍​សំខាន់​ៗ​ទាំង​នោះ​នៅ​ជំពូក​បន្ទាប់។

a ក្នុង​សៀវភៅ​ដំណឹង​ល្អ លូកា​និយាយ​ទៅ​កាន់​ថេអូហ្វីល​ថា ​«​ថេអូហ្វីល​ជា​ទី​គោរព​»។ ហេតុ​នេះ អ្នក​ខ្លះ​គិត​ថា​ថេអូហ្វីល​ប្រហែល​ជា​មាន​ឋានៈ​ខ្ពស់ ហើយ​មិន​ទាន់​ក្លាយ​ទៅ​ជា​អ្នក​ជឿ​ទេ។ (​លូក. ១:៣​) ប៉ុន្តែ ក្នុង​សៀវភៅ​សកម្មភាព លូកា​គ្រាន់​តែ​ហៅ​គាត់​ថា​«​ថេអូហ្វីល​»​ប៉ុណ្ណោះ។ បណ្ឌិត​គម្ពីរ​ខ្លះ​ពន្យល់​ថា ថេអូហ្វីល​បាន​ទៅ​ជា​អ្នក​ជឿ ក្រោយ​ពី​គាត់​អាន​សៀវភៅ​ដំណឹង​ល្អ​ដែល​លូកា​បាន​សរសេរ។ ហេតុ​នេះ​បាន​ជា​ពួក​គេ​និយាយ​ថា លូកា​បាន​ដក​ពាក្យ​«​ជា​ទី​គោរព​»​ ពេល​សរសេរ​ទៅ​កាន់​ថេអូហ្វីល​ក្នុង​នាម​ជា​បង​ប្អូន​រួម​ជំនឿ។

b នៅ​ទី​នេះ​គម្ពីរ​ប្រើ​ពាក្យ​ភាសា​ក្រិច​ត្រូផូស ដែល​មាន​ន័យ​ថា​«​បែប​»​ ហើយ​មិន​ប្រើ​ពាក្យ​ម័រភី ដែល​មាន​ន័យ​ថា​«​សណ្ឋាន​»​នោះ​ទេ។

c ក្រោយ​មក​ប៉ូល​បាន​ត្រូវ​តែង​តាំង​ជា​«​សាវ័ក​សម្រាប់​ជន​ជាតិ​ដទៃ​»​ តែ​គាត់​មិន​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​ចំណោម​សាវ័ក​ទាំង​១២​នាក់​ឡើយ។ (​រ៉ូម ១១:១៣; ១កូ. ១៥:៤​-​៨​) គាត់​មិន​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ឯកសិទ្ធិ​ពិសេស​នោះ​ទេ ពីព្រោះ​គាត់​មិន​មែន​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ក្នុង​ពេល​ដែល​លោក​បំពេញ​កិច្ច​បម្រើ​នៅ​ផែនដី​ឡើយ។