សំបុត្រពីគណៈអភិបាល
ជូនចំពោះអ្នកប្រកាសរាជាណាចក្រព្រះជាទីស្រឡាញ់!
សូមស្រមៃគិតថា អ្នកជាសាវ័កម្នាក់ដែលកំពុងឈរនៅលើភ្នំដើមអូលីវ ហើយលោកយេស៊ូបានលេចមកជួបអ្នក។ ខណៈដែលលោកហៀបនឹងឡើងទៅស្ថានសួគ៌ លោកបានមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងទទួលឫទ្ធានុភាព ពេលឫទ្ធានុភាពបរិសុទ្ធរបស់ព្រះមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំនៅក្រុងយេរូសាឡិម នៅតំបន់យូឌាទាំងមូល នៅទូទាំងស្រុកសាម៉ារី និងរហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ (សកម្ម. ១:៨) តើអ្នកនឹងមានអារម្មណ៍យ៉ាងណា?
អ្នកទំនងជាព្រួយបារម្ភអំពីភារកិច្ចដ៏ធំនេះ ហើយឆ្ងល់ថា ‹តើតាមរបៀបណាយើងដែលជាអ្នកកាន់តាមមួយក្រុមតូច អាចផ្សព្វផ្សាយ«រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»?›។ អ្នកប្រហែលជានឹកឃើញការព្រមានរបស់លោកយេស៊ូ នៅយប់មុនដែលលោកស្លាប់ថា៖ «ខ្ញុំបម្រើមិនមែនធំជាងម្ចាស់ខ្លួនទេ។ ប្រសិនបើពួកគេបានបៀតបៀនខ្ញុំ នោះពួកគេនឹងបៀតបៀនអ្នករាល់គ្នាដែរ។ ប្រសិនបើពួកគេបានប្រព្រឹត្តតាមពាក្យរបស់ខ្ញុំ នោះពួកគេនឹងប្រព្រឹត្តតាមពាក្យរបស់អ្នករាល់គ្នាដែរ។ ប៉ុន្តែ ពួកគេនឹងធ្វើការទាំងអស់នេះទាស់នឹងអ្នករាល់គ្នា ដោយសារឈ្មោះខ្ញុំ ពីព្រោះពួកគេមិនស្គាល់លោកដែលបានចាត់ខ្ញុំឲ្យមកទេ»។ (យ៉ូន. ១៥:២០, ២១) ពេលអ្នកពិចារណាពាក្យទាំងនោះ អ្នកប្រហែលជាឆ្ងល់ថា‹ពេលប្រឈមមុខការប្រឆាំងឬការបៀតបៀន តើខ្ញុំអាចធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់តាមរបៀបណា?›។
នៅសព្វថ្ងៃ យើងជួបសំណួរស្រដៀងគ្នា។ ក្នុងនាមជាសាក្សីព្រះយេហូវ៉ា យើងក៏មានភារកិច្ចដូចពួកគាត់ដែរ គឺយើងត្រូវធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់ ដល់«មនុស្សគ្រប់ជាតិសាសន៍» និងរហូតដល់«កន្លែងឆ្ងាយបំផុតនៅផែនដី»។ (ម៉ាថ. ២៨:១៩, ២០) តើកិច្ចការនេះអាចសម្រេចបានដោយរបៀបណា ជាពិសេសនៅចំពោះមុខការប្រឆាំងដែលគម្ពីរប្រាប់ទុកជាមុន?
សៀវភៅសកម្មភាពរបស់ពួកសាវ័ក ប្រាប់យើងនូវដំណើររឿងដ៏គួរឲ្យរំភើបចិត្តអំពីរបៀបដែលពួកសាវ័ក និងគ្រិស្តសាសនិកឯទៀតនៅសតវត្សរ៍ទី១អាចបំពេញភារកិច្ចរបស់ខ្លួនបាន ដោយសារជំនួយពីព្រះយេហូវ៉ា។ សៀវភៅដែលអ្នកកំពុងអាននេះ បានត្រូវរៀបចំឡើងដើម្បីជួយអ្នកឲ្យសិក្សាអំពីដំណើររឿងនោះ ហើយជួយអ្នកឲ្យរំភើបចិត្តខ្លាំងចំពោះព្រឹត្តិការណ៍ដ៏រស់រវើកដែលមានក្នុងសៀវភៅសកម្មភាព។ អ្នកនឹងកោតស្ងើចដោយឃើញភាពស្រដៀងគ្នាជាច្រើន រវាងអ្នកបម្រើព្រះនៅសតវត្សរ៍ទី១និងនៅសព្វថ្ងៃ។ ភាពស្រដៀងគ្នាទាំងនេះ មិនត្រឹមតែទាក់ទងនឹងភារកិច្ចរបស់យើងប៉ុណ្ណោះទេ តែក៏ទាក់ទងនឹងរបៀបរៀបចំដើម្បីធ្វើកិច្ចការទាំងនោះដែរ។ ពេលអ្នករំពឹងគិតអំពីភាពស្រដៀងគ្នាទាំងនេះ អ្នកនឹងជឿជាក់កាន់តែខ្លាំងថា ព្រះយេហូវ៉ាកំពុងបន្តដឹកនាំអង្គការរបស់លោកផ្នែកនៅផែនដី។
យើងអធិដ្ឋានហើយសង្ឃឹមថា ការសិក្សាសៀវភៅសកម្មភាពនឹងពង្រឹងទំនុកចិត្តរបស់អ្នកថា ព្រះយេហូវ៉ានឹងជួយអ្នក ហើយថាឫទ្ធានុភាពបរិសុទ្ធរបស់លោកនឹងគាំទ្រអ្នក។ ហេតុនេះ សូមអ្នកទទួលការលើកទឹកចិត្ត ដើម្បីបន្ត«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ និងបន្តជួយមនុស្សឯទៀតឲ្យដើរតាមផ្លូវដែលនាំទៅឯសេចក្ដីសង្គ្រោះ។—សកម្ម. ២៨:២៣; ១ធី. ៤:១៦
ពីបងប្អូនរបស់អ្នក
Governing Body of Jehovah’s Witnesses
(គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា)