ជំពូកទី១៩
«ចូរបន្តនិយាយ ហើយកុំនៅស្ងៀម»
ប៉ូលធ្វើការចិញ្ចឹមជីវិត តែគាត់ចាត់ទុកការផ្សព្វផ្សាយថាជាកិច្ចការសំខាន់បំផុត
មានមូលដ្ឋានលើសកម្មភាព ១៨:១-២២
១-៣. ហេតុអ្វីសាវ័កប៉ូលមកក្រុងកូរិនថូស? ហើយតើគាត់អាចជួបការពិបាកអ្វីខ្លះ?
នៅចុងឆ្នាំ៥០ គ.ស. សាវ័កប៉ូលនៅក្រុងកូរិនថូសដែលជាមជ្ឈមណ្ឌលដ៏រីកចម្រើន និងជាកន្លែងដែលមានជនជាតិក្រិច រ៉ូម និងជនជាតិយូដារស់នៅច្រើនកុះករ។ a ប៉ូលមិនបានមកក្រុងនេះដើម្បីធ្វើជំនួញឬធ្វើការទេ។ គាត់មកក្រុងនេះដោយមានមូលហេតុដ៏សំខាន់ជាង គឺដើម្បីធ្វើជាសាក្សីបញ្ជាក់អំពីរាជាណាចក្ររបស់ព្រះ។ ប៉ូលត្រូវការកន្លែងស្នាក់នៅ តែគាត់មិនចង់ធ្វើជាបន្ទុកដល់បងប្អូនណាម្នាក់ឡើយ។ ម្យ៉ាងទៀត គាត់ក៏មិនចង់ឲ្យអ្នកណាម្នាក់គិតថា ដោយសារគាត់កំពុងបំពេញកិច្ចបម្រើផ្សាយ បងប្អូនឯទៀតត្រូវទំនុកបម្រុងគាត់នោះទេ។ ដូច្នេះ តើគាត់នឹងធ្វើអ្វី?
២ ប៉ូលមានមុខរបរជាអ្នកដេរត្រសាល។ ការងារនេះមិនងាយស្រួលទេ តែគាត់សុខចិត្តធ្វើការដោយដៃគាត់ផ្ទាល់ដើម្បីចិញ្ចឹមជីវិតខ្លួន។ តើគាត់អាចរកការងារបែបណានៅក្នុងក្រុងដ៏មមាញឹកនេះ? តើគាត់អាចរកបានកន្លែងស្នាក់នៅដ៏សមរម្យមួយទេ? ទោះជាជួបប្រទះនឹងការពិបាកបែបនេះក៏ដោយ ប៉ូលមិនបានឈប់ចាត់ទុកការផ្សព្វផ្សាយ ថាជាកិច្ចការសំខាន់បំផុតរបស់គាត់ឡើយ។
៣ ដូច្នេះ ប៉ូលស្នាក់នៅក្រុងកូរិនថូសអស់មួយរយៈ ហើយគាត់បានទទួលលទ្ធផលល្អជាច្រើនក្នុងកិច្ចបម្រើផ្សាយ។ ដោយពិចារណាអំពីសកម្មភាពរបស់ប៉ូលក្នុងក្រុងកូរិនថូស នោះអាចជួយយើងឲ្យធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់អំពីរាជាណាចក្រព្រះ ក្នុងតំបន់ដែលយើងរស់នៅ។ តើតាមរបៀបណា?
«ពួកគាត់ជាអ្នកធ្វើត្រសាល» (សកម្មភាព ១៨:១-៤)
៤, ៥. (ក) តើប៉ូលស្នាក់នៅជាមួយអ្នកណាក្នុងក្រុងកូរិនថូស? ហើយតើគាត់ធ្វើការងារអ្វី? (ខ) ហេតុអ្វីប៉ូលចេះដេរត្រសាល?
៤ ក្រោយពីប៉ូលបានទៅដល់ក្រុងកូរិនថូសអស់មួយរយៈ គាត់បានជួបប្ដីប្រពន្ធជនជាតិ យូដាមួយគូដែលទទួលគាត់យ៉ាងរាក់ទាក់ គឺអាគីឡានិងប្រពន្ធឈ្មោះព្រីស៊ីល ឬព្រីស្កា។ ប្ដីប្រពន្ធមួយគូនេះបានរើទៅរស់នៅក្រុងកូរិនថូស ដោយសារអធិរាជក្លូឌាសបានបង្គាប់ឲ្យ«ជនជាតិយូដាទាំងអស់ចេញពីក្រុងរ៉ូម»។ (សកម្ម. ១៨:១, ២) អាគីឡានិងព្រីស៊ីលមិនគ្រាន់តែអញ្ជើញប៉ូលឲ្យស្នាក់នៅផ្ទះរបស់ពួកគេប៉ុណ្ណោះទេ តែក៏អញ្ជើញគាត់ឲ្យធ្វើការជាមួយនឹងពួកគេទៀតផង។ គម្ពីរចែងថា៖ «[ប៉ូល]បានធ្វើការនិងស្នាក់នៅផ្ទះជាមួយនឹងពួកគាត់ ដោយសារប៉ូលមានមុខរបរដូចពួកគាត់ដែរ ព្រោះពួកគាត់ជាអ្នកធ្វើត្រសាល»។ (សកម្ម. ១៨:៣) ប៉ូលស្នាក់នៅផ្ទះរបស់ប្ដីប្រពន្ធដ៏សប្បុរសនេះ ក្នុងពេលគាត់បំពេញកិច្ចបម្រើផ្សាយនៅក្រុងកូរិនថូស។ អំឡុងពេលដែលគាត់ស្នាក់នៅផ្ទះអាគីឡានិងព្រីស៊ីល ប៉ូលប្រហែលជាបានសរសេរសំបុត្រជាច្រើន ដែលក្រោយមកបានត្រូវរួមបញ្ចូលក្នុងគម្ពីរ។ b
៥ ហេតុអ្វីប៉ូលដែលបានទទួលការអប់រំ«ពីកាម៉េលាល» បែរជាទៅធ្វើជាអ្នកដេរត្រសាលទៅវិញ? (សកម្ម. ២២:៣) តាមមើលទៅ ជនជាតិយូដានៅសតវត្សរ៍ទី១ មិនបានចាត់ទុកការបង្រៀនកូនឲ្យចេះធ្វើការដោយដៃ ថាជាការអាប់ឱននោះទេ ទោះជាកូនប្រហែលជាបានទទួលការអប់រំខ្ពស់ណាមួយក៏ដោយ។ ប៉ូលមកពីក្រុងតើសុសក្នុងស្រុកស៊ីលីស៊ី ជាតំបន់ដែលល្បីល្បាញខាងក្រណាត់ស៊ីលីសៀម ដែលគេយកមកធ្វើជាត្រសាល។ ដូច្នេះ គាត់ទំនងជាបានរៀនធ្វើត្រសាលតាំងពីក្មេង។ តើការដេរត្រសាលត្រូវធ្វើអ្វីខ្លះ? គឺត្រូវត្បាញជាក្រណាត់ ឬយកក្រណាត់ក្រាស់ៗមកកាត់ ហើយដេរធ្វើជាត្រសាល។ យ៉ាងណាក៏ដោយ នោះជាកិច្ចការដ៏លំបាកមួយ។
៦, ៧. (ក) តើប៉ូលមានទស្សនៈយ៉ាងណាចំពោះការងារដេរត្រសាល? ហើយហេតុអ្វីយើងដឹងថាអាគីឡានិងព្រីស៊ីលមានទស្សនៈដូចប៉ូល? (ខ) តើគ្រិស្តសាសនិកនៅសព្វថ្ងៃធ្វើតាមគំរូរបស់ប៉ូល អាគីឡា និងព្រីស៊ីលយ៉ាងដូចម្ដេច?
៦ ប៉ូលមិនបានចាត់ទុកការដេរត្រសាល ថាជាអាជីពសំខាន់ក្នុងជីវិតរបស់គាត់ទេ។ គាត់ធ្វើការងារនេះដើម្បីចិញ្ចឹមខ្លួនក្នុងកិច្ចបម្រើផ្សាយ ពីព្រោះគាត់ប្រកាសដំណឹងល្អ«ដោយមិនយកថ្លៃ»។ (២កូ. ១១:៧) តើអាគីឡានិងព្រីស៊ីលមានទស្សនៈយ៉ាងណាចំពោះមុខរបររបស់ពួកគេ? ពិតណាស់ ក្នុងនាមជាគ្រិស្តសាសនិកពួកគេមានទស្សនៈដូចប៉ូលដែរ។ តាមពិតពេលប៉ូលចាកចេញពីក្រុងកូរិនថូសនៅឆ្នាំ៥២ គ.ស. អាគីឡានិងព្រីស៊ីលបានទៅតាមគាត់ ហើយរស់នៅក្រុងអេភេសូរ។ នៅទីនោះ ពួកគេបានឲ្យក្រុមជំនុំប្រើផ្ទះរបស់ពួកគេធ្វើជាកន្លែងប្រជុំ។ (១កូ. ១៦:១៩) ក្រោយមកពួកគេត្រឡប់ទៅក្រុងរ៉ូម រួចធ្វើដំណើរមកក្រុងអេភេសូរវិញ។ ប្ដីប្រពន្ធដ៏ខ្នះខ្នែងនេះបានចាត់ទុកប្រយោជន៍រាជាណាចក្រថាសំខាន់បំផុត ហើយស្ម័គ្រចិត្តបម្រើអ្នកឯទៀត។ ដូច្នេះ «ក្រុមជំនុំទាំងអស់របស់ប្រជាជាតិនានា»មានអំណរគុណជាខ្លាំងចំពោះពួកគេ។—រ៉ូម ១៦:៣-៥; ២ធី. ៤:១៩
៧ នៅសព្វថ្ងៃគ្រិស្តសាសនិកធ្វើតាមគំរូរបស់ប៉ូល អាគីឡា និងព្រីស៊ីល។ បងប្អូនដែលជាអ្នកផ្សព្វផ្សាយដ៏ខ្នះខ្នែងក៏ព្យាយាមធ្វើការដែរ ដើម្បីកុំទៅជាបន្ទុកធ្ងន់ដល់បងប្អូនឯទៀត ដែលនាំឲ្យពួកគេ«ត្រូវចំណាយប្រាក់ច្រើន»។ (១ថែ. ២:៩) គួរឲ្យសរសើរណាស់ អ្នកផ្សព្វផ្សាយពេញពេលជាច្រើនខិតខំធ្វើការក្រៅម៉ោង ឬធ្វើការតាមរដូវដើម្បីចិញ្ចឹមជីវិត ក្នុងអំឡុងពេលដែលពួកគេបំពេញកិច្ចបម្រើផ្សាយ ដែលជាកិច្ចការដ៏សំខាន់បំផុតរបស់ខ្លួន។ ដូចអាគីឡានិងព្រីស៊ីល អ្នកបម្រើព្រះយេហូវ៉ាជាច្រើននាក់ដែលមានចិត្តសប្បុរស តែងតែផ្ដល់កន្លែងស្នាក់នៅដល់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ អស់អ្នកដែល«មានទម្លាប់ទទួលអ្នកឯទៀតដោយរាក់ទាក់»ដឹងថា ការធ្វើដូច្នោះនាំឲ្យពួកគេទទួលការលើកទឹកចិត្តនិងកម្លាំងចិត្ត។—រ៉ូម ១២:១៣
«អ្នកក្រុងកូរិនថូសជាច្រើននាក់ . . . ចាប់ផ្ដើមជឿ» (សកម្មភាព ១៨:៥-៨)
៨, ៩. ពេលប៉ូលខ្នះខ្នែងផ្សព្វផ្សាយដល់ជនជាតិយូដា ហើយជួបនឹងការប្រឆាំងយ៉ាងខ្លាំង តើគាត់មានប្រតិកម្មបែបណា? ហើយតើក្រោយមកគាត់ផ្សព្វផ្សាយនៅឯណា?
៨ ប៉ូលគ្រាន់តែចាត់ទុកការងាររបស់គាត់ថាជាមធ្យោបាយ ដើម្បីជួយគាត់ឲ្យបំពេញកិច្ចបម្រើផ្សាយប៉ុណ្ណោះ មិនមែនជាអ្វីសំខាន់បំផុតក្នុងជីវិតទេ។ នេះបានសឲ្យឃើញ ពេលដែលស៊ីឡាសនិងធីម៉ូថេបាននាំយកអំណោយជាបរិបូរពីតំបន់ម៉ាសេដូន។ (២កូ. ១១:៩) ភ្លាមៗបន្ទាប់ពីស៊ីឡាសនិងធីម៉ូថេមកដល់ ប៉ូល«ចាប់ផ្ដើមផ្ចង់អារម្មណ៍ទាំងស្រុងទៅលើការផ្សព្វផ្សាយបណ្ដាំរបស់ព្រះ»។ (សកម្ម. ១៨:៥) ប៉ុន្តែ ការដែលប៉ូលខ្នះខ្នែងផ្សព្វផ្សាយដល់ជនជាតិយូដា បាននាំឲ្យគាត់ជួបនឹងការប្រឆាំងជាខ្លាំង។ ពេលប៉ូលប្រាប់ជនជាតិយូដានូវសេចក្ដីបង្រៀនអំពីគ្រិស្តដែលសង្គ្រោះជីវិត ពួកគេមិនព្រមទទួលយកទេ។ ដូច្នេះ ដើម្បីបង្ហាញថា គាត់មិនទទួលខុសត្រូវចំពោះជីវិតរបស់ពួកគេទៀត គាត់បានរលាស់សម្លៀកបំពាក់របស់គាត់ ហើយនិយាយទៅកាន់ជនជាតិយូដាដែលជាអ្នកប្រឆាំងគាត់ថា៖ «អ្នករាល់គ្នាត្រូវទទួលខុសត្រូវចំពោះអ្វីក៏ដោយដែលកើតឡើងដល់អ្នករាល់គ្នា។ ខ្ញុំគ្មានទោសទេ។ ចាប់ពីពេលនេះទៅ ខ្ញុំនឹងទៅឯជនជាតិដទៃវិញ»។—សកម្ម. ១៨:៦; អេគ. ៣:១៨, ១៩
៩ បន្ទាប់មក តើប៉ូលផ្សព្វផ្សាយនៅឯណា? បុរសម្នាក់ឈ្មោះទីទិយុសយូស្ទុស មានផ្ទះនៅជិតសាលាប្រជុំ គាត់ទំនងជាអ្នកប្ដូរមកកាន់សាសនាយូដា។ គាត់បានឲ្យផ្ទះដល់ប៉ូលប្រើប្រាស់ ដូច្នេះប៉ូលចាប់ផ្ដើមប្រើផ្ទះរបស់យូស្ទុសដើម្បីធ្វើកិច្ចការផ្សព្វផ្សាយ ហើយឈប់ប្រើសាលាប្រជុំទៀត។ (សកម្ម. ១៨:៧) រីឯផ្ទះរបស់អាគីឡានិងព្រីស៊ីលនៅតែជាកន្លែងដែលប៉ូលស្នាក់នៅ ក្នុងអំឡុងពេលគាត់នៅក្រុងកូរិនថូស។ ប៉ុន្តែ ផ្ទះរបស់យូស្ទុសបានក្លាយជាទីស្នាក់ការបំពេញកិច្ចបម្រើផ្សាយរបស់សាវ័កប៉ូល។
១០. តើអ្វីបង្ហាញថាប៉ូលមិនបានតាំងចិត្តផ្សព្វផ្សាយចំពោះតែជនជាតិដទៃប៉ុណ្ណោះទេ?
១០ ពាក្យរបស់ប៉ូលដែលថា«ចាប់ពីពេលនេះទៅ ខ្ញុំនឹងទៅឯជនជាតិដទៃវិញ» តើនេះមានន័យថាប៉ូលលែងចាប់អារម្មណ៍ទាំងស្រុងចំពោះជនជាតិយូដាទាំងអស់ និងអស់អ្នកដែលដូរមកកាន់សាសនាយូដា រួមទាំងអ្នកដែលព្រមស្ដាប់ដំណឹងល្អឬ? មិនមែនទេ! ជាឧទាហរណ៍ «គ្រីស្ពូសដែលជាអ្នកទទួលខុសត្រូវសាលាប្រជុំបានទៅជាអ្នកជឿលោកម្ចាស់ ហើយពួកអ្នកផ្ទះទាំងអស់របស់គាត់ក៏ដូច្នោះដែរ»។ បន្ថែមទៅទៀត មនុស្សជាច្រើនដែលចូលរួមនៅសាលាប្រជុំ ក៏បង្ហាញជំនឿដូចគ្រីស្ពូសដែរ។ គម្ពីរចែងថា៖ «អ្នកក្រុងកូរិនថូសជាច្រើននាក់ដែលបានឮ ក៏ចាប់ផ្ដើមជឿ ហើយទទួលការជ្រមុជទឹក»។ (សកម្ម. ១៨:៨) ផ្ទះរបស់ទីទិយុសយូស្ទុសបានក្លាយជាកន្លែងជួបជុំគ្នាសម្រាប់ក្រុមជំនុំថ្មី ដែលទើបតែបង្កើតឡើងនៅក្រុងកូរិនថូស។ ការប្រែចិត្តរបស់ជនជាតិយូដា ឬពួកអ្នកដែលដូរមកកាន់សាសនាយូដា បានកើតឡើងបន្ទាប់ពីប៉ូលរលាស់សម្លៀកបំពាក់របស់គាត់។ យើងសន្និដ្ឋានដូច្នេះ ព្រោះលូកាច្រើនតែសរសេរកំណត់ហេតុក្នុងសៀវភៅសកម្មភាព តាមលំដាប់លំដោយ។ ចំណុចនេះបញ្ជាក់ថា សាវ័កប៉ូលចេះផ្សព្វផ្សាយដល់មនុស្សគ្រប់ប្រភេទ។
១១. តើតាមរបៀបណាសាក្សីព្រះយេហូវ៉ានៅសព្វថ្ងៃធ្វើតាមគំរូរបស់ប៉ូល កាលដែលពួកគេព្យាយាមផ្សព្វផ្សាយដល់អស់អ្នកដែលនៅក្នុងពិភពគ្រិស្តសាសនា?
១១ បច្ចុប្បន្ននៅប្រទេសជាច្រើន សេចក្ដីបង្រៀននៃពិភពគ្រិស្តសាសនាបានចាក់ឫសយ៉ាងជ្រៅ ហើយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចិត្តរបស់សមាជិកពួកគេ។ នៅប្រទេសខ្លះឬកោះមួយចំនួន សាសនទូតនៃពិភពគ្រិស្តសាសនាបានធ្វើឲ្យមនុស្សជាច្រើន ដូរមកកាន់សាសនាគ្រិស្ត។ ការគោរពប្រណិប័តន៍របស់មនុស្សទាំងនោះ ច្រើនតែផ្អែកលើទំនៀមទម្លាប់ប៉ុណ្ណោះ។ ការប្រកាន់ខ្ជាប់ទំនៀមទម្លាប់ដូចនេះធ្វើឲ្យពួកគេពិបាកផ្លាស់ប្ដូរជំនឿ ដូចជនជាតិយូដាក្នុងក្រុងកូរិនថូសនៅសតវត្សរ៍ទី១ពិបាកផ្លាស់ប្ដូរជំនឿដែរ។ ប៉ុន្តែ ក្នុងនាមជាសាក្សីព្រះយេហូវ៉ា យើងធ្វើតាមគំរូរបស់ប៉ូលដោយផ្សព្វផ្សាយយ៉ាងខ្នះខ្នែងដល់មនុស្សបែបនោះ ហើយជួយពួកគេឲ្យមានចំណេះត្រឹមត្រូវពីគម្ពីរ។ ទោះជាពួកគេប្រឆាំងយើង ឬមេដឹកនាំសាសនារបស់ពួកគេបៀតបៀនយើងក៏ដោយ យើងមិនអស់សង្ឃឹមឡើយ។ យើងនៅតែអាចរកឃើញមនុស្សជាច្រើន ដែលមានចិត្តរាបទាបនិងចង់ស្គាល់សេចក្ដីពិត ក្នុងចំណោមអស់អ្នកដែល«មានចិត្តខ្នះខ្នែងក្នុងការបម្រើព្រះ តែគ្មានចំណេះត្រឹមត្រូវ»។—រ៉ូម ១០:២
សកម្មភាព ១៨:៩-១៧)
«ខ្ញុំមានមនុស្សជាច្រើននៅក្រុងនេះ» (១២. តើការបើកបង្ហាញដែលប៉ូលឃើញក្នុងគំនិត បានធានាយ៉ាងណាចំពោះគាត់?
១២ បើប៉ូលមានការងឿងឆ្ងល់អំពីការបន្តកិច្ចផ្សព្វផ្សាយក្នុងក្រុងកូរិនថូស ចម្ងល់របស់គាត់ច្បាស់ជារលាយបាត់ នៅយប់ដែលលោកម្ចាស់យេស៊ូលេចមកជួបគាត់នៅក្នុងគំនិត។ លោកម្ចាស់មានប្រសាសន៍ទៅគាត់ថា៖ «កុំខ្លាចឡើយ តែចូរបន្តនិយាយ ហើយកុំនៅស្ងៀម ពីព្រោះខ្ញុំនៅជាមួយនឹងអ្នក ហើយគ្មានអ្នកណាម្នាក់នឹងវាយធ្វើបាបអ្នកឡើយ ព្រោះខ្ញុំមានមនុស្សជាច្រើននៅក្រុងនេះ»។ (សកម្ម. ១៨:៩, ១០) នេះពិតជាលើកទឹកចិត្តប៉ូលមែន! លោកម្ចាស់បានធានាចំពោះគាត់ដោយផ្ទាល់ថា គាត់នឹងត្រូវការពារពីគ្រោះថ្នាក់ ហើយថានៅក្នុងក្រុងនេះមានមនុស្សជាច្រើនសមនឹងទទួលដំណឹងល្អ។ តើប៉ូលបានធ្វើយ៉ាងណា? គម្ពីរចែងថា៖ «គាត់បាននៅទីនោះអស់មួយឆ្នាំកន្លះ ដោយបង្រៀនពួកគេអំពីបណ្ដាំរបស់ព្រះ»។—សកម្ម. ១៨:១១
១៣. ពេលប៉ូលត្រូវគេនាំខ្លួនទៅកន្លែងវិនិច្ឆ័យក្ដី តើគាត់ប្រហែលជាបានគិតអំពីអ្វី? ប៉ុន្តែ តើមានហេតុផលអ្វីដែលនាំឲ្យប៉ូលគិតថា គាត់នឹងមិនទទួលលទ្ធផលដូចស្ទេផាន?
១៣ ក្រោយពីប៉ូលស្នាក់នៅក្រុងកូរិនថូសអស់ប្រហែលមួយឆ្នាំ គាត់បានឃើញភ័ស្តុតាងថែមទៀត ដែលបញ្ជាក់អំពីការគាំទ្ររបស់លោកម្ចាស់។ នៅពេលនោះ«ជនជាតិយូដាបាននាំគ្នាតតាំងប្រឆាំងប៉ូល ហើយយកគាត់ទៅឯកន្លែងវិនិច្ឆ័យក្ដី»។ (សកម្ម. ១៨:១២) អ្នកខ្លះនិយាយថាកន្លែងវិនិច្ឆ័យក្ដីនោះ គឺជាវេទិកាដែលធ្វើពីថ្មម៉ាបពណ៌ខៀវនិងពណ៌សដែលមានឆ្លាក់ជាក្បាច់រចនា។ កន្លែងនោះប្រហែលជាមានទីតាំងនៅជិតកណ្ដាលផ្សារក្រុងកូរិនថូស ហើយទីធ្លាខាងមុខកន្លែងវិនិច្ឆ័យក្ដី គឺធំល្មមដែលអាចឲ្យមនុស្សជាច្រើនជួបជុំគ្នា។ តាមការរកឃើញរបស់បុរាណវត្ថុវិទូបង្ហាញថា កន្លែងវិនិច្ឆ័យក្ដីនោះនៅជិតសាលាប្រជុំ ប្រហែលដើរតែប៉ុន្មានជំហានប៉ុណ្ណោះ។ នេះមានន័យថាកន្លែងវិនិច្ឆ័យក្ដីនោះ ក៏នៅជិតផ្ទះរបស់យូស្ទុសដែរ។ កាលដែលប៉ូលត្រូវគេនាំខ្លួនទៅកន្លែងវិនិច្ឆ័យក្ដី គាត់ប្រហែលជាបានគិតអំពីពេលដែលស្ទេផានត្រូវគេគប់ថ្មសម្លាប់។ ស្ទេផានជាមនុស្សដំបូង ដែលបានស្លាប់ដោយសារជំនឿ។ ពីមុនប៉ូលដែលគេស្គាល់ថាជាសុល គាត់«ពេញចិត្តនឹងការធ្វើឃាតស្ទេផាន»។ (សកម្ម. ៨:១) ឥឡូវ តើរឿងដូចគ្នានេះនឹងកើតឡើងចំពោះប៉ូលឬទេ? ច្បាស់ជាមិនមែនទេ ពីព្រោះគាត់បានទទួលការធានាថា៖ «គ្មានអ្នកណាម្នាក់នឹងវាយធ្វើបាបអ្នកឡើយ»។—សកម្ម. ១៨:១០
១៤, ១៥. (ក) តើជនជាតិយូដាបានចោទប្រកាន់ប៉ូលអំពីរឿងអ្វី? ហើយហេតុអ្វីកាលីយ៉ូច្រានចោលរឿងក្ដីនេះ? (ខ) តើមានអ្វីកើតឡើងចំពោះសូស្តែន? ហើយតើក្រោយមកគាត់ប្រហែលជាបានផ្លាស់ប្ដូរយ៉ាងណា?
១៤ ពេលគេនាំប៉ូលទៅដល់កន្លែងវិនិច្ឆ័យក្ដី តើមានអ្វីកើតឡើង? អ្នកអង្គុយនៅកន្លែង កាត់ក្ដីគឺអភិបាលខេត្តអាខេយ៉ា ឈ្មោះកាលីយ៉ូ ដែលត្រូវជាបងប្រុសរបស់ទស្សនវិទូរ៉ូម ឈ្មោះស៊ីនីកា។ ជនជាតិយូដាបានចោទប្រកាន់ប៉ូល ដោយនិយាយថា៖ «បុរសនេះបញ្ចុះបញ្ចូលមនុស្សឲ្យគោរពប្រណិប័តន៍ព្រះតាមរបៀបខុសច្បាប់»។ (សកម្ម. ១៨:១៣) ពួកគេចោទប្រកាន់ប៉ូលថាបានរំលោភច្បាប់ ដោយផ្សព្វផ្សាយនាំអ្នកឯទៀតឲ្យដូរសាសនា។ ប៉ុន្តែ កាលីយ៉ូយល់ឃើញថា ប៉ូលមិនបានប្រព្រឹត្ត«អំពើខុសឆ្គង»ឡើយ ហើយក៏មិនបានធ្វើ«បទឧក្រិដ្ឋធ្ងន់ធ្ងរ»ណាមួយដែរ។ (សកម្ម. ១៨:១៤) កាលីយ៉ូមិនចង់ចូលរួមក្នុងជម្លោះរបស់ជនជាតិយូដាទេ។ ហេតុនេះ មុនពេលដែលប៉ូលនិយាយការពារខ្លួន កាលីយ៉ូបានច្រានចោលរឿងក្ដីនោះ! ពួកអ្នកចោទប្រកាន់ប៉ូល ខឹងខ្លាំងណាស់។ ដូច្នេះ ពួកគេក៏បញ្ចេញកំហឹងទៅលើសូស្តែន។ គាត់ប្រហែលជាអ្នកមើលការខុសត្រូវលើសាលាប្រជុំជំនួសតំណែងគ្រីស្ពូស។ ពួកគេបានចាប់សូស្តែន «ហើយចាប់ផ្ដើមវាយគាត់នៅមុខកន្លែងវិនិច្ឆ័យក្ដី»។—សកម្ម. ១៨:១៧
១៥ ហេតុអ្វីកាលីយ៉ូមិនរារាំងក្រុមមនុស្សកុំឲ្យវាយធ្វើបាបសូស្តែន? ពីព្រោះកាលីយ៉ូប្រហែលជាគិតថា សូស្តែនគឺជាមេដឹកនាំនៃក្រុមបះបោរដែលប្រឆាំងប៉ូល ដូច្នេះគឺសមហើយ ដែលពួកគេវាយធ្វើបាបគាត់។ មិនថាកាលីយ៉ូគិតយ៉ាងណាទេ ហេតុការណ៍នេះទំនងជាបាននាំឲ្យមានលទ្ធផលល្អ។ ច្រើនឆ្នាំក្រោយមក ពេលប៉ូលសរសេរសំបុត្រទី១ទៅកាន់ក្រុមជំនុំនៅក្រុងកូរិនថូស គាត់បានលើកឡើងអំពីបងប្រុសម្នាក់ឈ្មោះសូស្តែន។ (១កូ. ១:១, ២) តើនេះជាសូស្តែនដែលបានត្រូវគេវាយនៅក្នុងក្រុងកូរិនថូសឬ? បើមែន បទពិសោធន៍ដ៏ឈឺចាប់នោះប្រហែលជាបានជួយសូស្តែន ឲ្យក្លាយទៅជាគ្រិស្តសាសនិក។
១៦. លោកម្ចាស់បានមានប្រសាសន៍ថា៖ «ចូរបន្តនិយាយ ហើយកុំនៅស្ងៀម ពីព្រោះខ្ញុំនៅជាមួយនឹងអ្នក» តើនេះទាក់ទងយ៉ាងណានឹងការផ្សព្វផ្សាយរបស់យើង?
១៦ សូមចាំថា ក្រោយពីជនជាតិយូដាបានបដិសេធអ្វីដែលប៉ូលផ្សព្វផ្សាយ នោះលោកម្ចាស់យេស៊ូបានធានាដល់ប៉ូលថា៖ «កុំខ្លាចឡើយ តែចូរបន្តនិយាយ ហើយកុំនៅស្ងៀម ពីព្រោះ ខ្ញុំនៅជាមួយនឹងអ្នក»។ (សកម្ម. ១៨:៩, ១០) យើងក៏ត្រូវចាំពាក្យទាំងនោះដែរ ជាពិសេសពេលមនុស្សឯទៀតបដិសេធដំណឹងដែលយើងផ្សាយ។ សូមកុំភ្លេចឲ្យសោះថា ព្រះយេហូវ៉ាមើលឃើញចិត្ត ហើយលោកទាញនាំមនុស្សដែលមានចិត្តស្មោះឲ្យមកឯលោក។ (១សាំ. ១៦:៧; យ៉ូន. ៦:៤៤) ពាក្យទាំងនេះពិតជាលើកទឹកចិត្តយើង ឲ្យបន្តជាប់រវល់ក្នុងកិច្ចបម្រើផ្សាយ! ជារៀងរាល់ឆ្នាំ មានមនុស្សរាប់សែននាក់ទទួលការជ្រមុជទឹក។ នេះមានន័យថាជារៀងរាល់ថ្ងៃ មនុស្សរាប់រយនាក់បានទទួលការជ្រមុជទឹក។ តើលោកយេស៊ូបានផ្ដល់ការធានាអ្វី ដល់អស់អ្នកដែលធ្វើតាមបង្គាប់លោកក្នុងការ«ទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយជាអ្នកកាន់តាម»លោក? លោកបានផ្ដល់ការធានាថា៖ «ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។—ម៉ាថ. ២៨:១៩, ២០
«ប្រសិនបើព្រះយេហូវ៉ាពេញចិត្ត» (សកម្មភាព ១៨:១៨-២២)
១៧, ១៨. ពេលប៉ូលចុះទូកទៅក្រុងអេភេសូរ តើគាត់ប្រហែលជាបាននឹកគិតអំពីអ្វី?
១៧ តើការប្រព្រឹត្តរបស់កាលីយ៉ូចំពោះពួកអ្នកចោទប្រកាន់ប៉ូល បាននាំមកនូវសន្តិភាពមួយរយៈដល់ក្រុមជំនុំគ្រិស្តសាសនិក ដែលទើបតែបង្កើតថ្មីនៅក្រុងកូរិនថូសឬទេ? យើងមិនដឹងច្បាស់ទេ។ ប៉ុន្តែ ប៉ូលបាននៅទីនោះ«អស់ជាច្រើនថ្ងៃទៀត» មុនពេលគាត់លាបងប្អូននៅក្រុងកូរិនថូស។ ប្រហែលនៅជិតខែមេសា ក្នុងឆ្នាំ៥២ គ.ស. ប៉ូលមានគម្រោងចុះទូកធ្វើដំណើរទៅស្រុកស៊ីរី តាមកំពង់ផែក្រុងសង់គ្រា ដែលមានចម្ងាយប្រហែល១១គីឡូម៉ែត្រខាងកើតក្រុងកូរិនថូស។ មុនពេលចាកចេញពីក្រុងសង់គ្រា ប៉ូល«បានកាត់សក់ឲ្យខ្លី . . . ដោយសារជាប់សម្បថ»។ c (សកម្ម. ១៨:១៨) បន្ទាប់មក គាត់បានយកអាគីឡានិងព្រីស៊ីល ចុះទូកឆ្លងសមុទ្រអេជានទៅក្រុងអេភេសូរ ដែលស្ថិតនៅតំបន់អាស៊ីប៉ែកខាងលិច។
១៨ កាលដែលប៉ូលចុះទូកចេញពីក្រុងសង់គ្រា គាត់ទំនងជានឹកគិតអំពីពេលដែលគាត់នៅក្រុងកូរិនថូស។ គាត់មានអនុស្សាវរីយ៍ល្អជាច្រើន ដែលធ្វើឲ្យគាត់ពេញចិត្តយ៉ាងខ្លាំង។ រយៈពេល១៨ខែដែលប៉ូលផ្សព្វផ្សាយនៅក្រុងកូរិនថូស នាំឲ្យមានលទ្ធផលល្អ។ ក្រុមជំនុំដំបូងក្នុងក្រុងកូរិនថូស បានត្រូវបង្កើតឡើងនៅផ្ទះរបស់យូស្ទុស។ ក្នុងចំណោមអស់អ្នកដែលបានទៅជាអ្នកជឿ មានយូស្ទុស គ្រីស្ពូសនិងពួកអ្នកផ្ទះរបស់គាត់ ព្រមទាំងមនុស្សជាច្រើនទៀត។ ប៉ូលស្រឡាញ់អ្នកកាន់តាមថ្មីទាំងនោះ ពួកគេជាអ្នកដែលគាត់បានជួយឲ្យក្លាយជាគ្រិស្តសាសនិក។ ក្រោយមក គាត់បានសរសេរសំបុត្រទៅពួកគេ ហើយរៀបរាប់ថាពួកគេ ជាសំបុត្រចារក្នុងចិត្តរបស់គាត់។ យើងក៏ស្រឡាញ់អស់អ្នក ដែលយើងមានឯកសិទ្ធិជួយឲ្យស្គាល់សេចក្ដីពិតដែរ។ ពួកគេប្រៀបដូចជា«សំបុត្របញ្ជាក់»ដែលបង្ហាញអំពីការខំប្រឹងរបស់យើងក្នុងកិច្ចបម្រើផ្សាយ។ ពេលយើងឃើញពួកគេ យើងពិតជាសប្បាយរីករាយណាស់!—២កូ. ៣:១-៣
១៩, ២០. តើប៉ូលបានធ្វើអ្វីពេលគាត់មកដល់ក្រុងអេភេសូរ? ហើយតើយើងអាចរៀនអ្វីពីគំរូរបស់គាត់ ស្ដីអំពីការសម្រេចគោលដៅក្នុងកិច្ចបម្រើផ្សាយ?
១៩ ពេលទៅដល់ក្រុងអេភេសូរ ប៉ូលចាប់ផ្ដើមកិច្ចបម្រើផ្សាយរបស់គាត់ភ្លាមៗ។ គាត់«ចូលសាលាប្រជុំ ហើយជជែកវែកញែកជាមួយនឹងជនជាតិយូដា»។ (សកម្ម. ១៨:១៩) លើកនេះប៉ូលស្នាក់នៅក្រុងអេភេសូរតែមួយរយៈពេលខ្លីប៉ុណ្ណោះ ទោះជាបងប្អូននៅទីនោះសុំគាត់ឲ្យស្នាក់នៅយូរជាង «ក៏គាត់មិនព្រមដែរ»។ ពេលគាត់លាបងប្អូននៅក្រុងអេភេសូរ គាត់និយាយថា៖ «ប្រសិនបើព្រះយេហូវ៉ាពេញចិត្ត ខ្ញុំនឹងត្រឡប់មកឯអ្នករាល់គ្នាម្ដងទៀត»។ (សកម្ម. ១៨:២០, ២១) ប៉ូលដឹងថានៅមានមនុស្សច្រើនទៀតក្នុងក្រុងអេភេសូរ ដែលត្រូវការឮដំណឹងល្អ។ ប៉ូលមានគម្រោងត្រឡប់មកវិញ តែគាត់ទុកឲ្យព្រះយេហូវ៉ាជាអ្នកសម្រេច។ នេះជាគំរូដ៏ល្អដែលយើងគួរចងចាំ មែនទេ? ពេលយើងព្យាយាមសម្រេចគោលដៅក្នុងកិច្ចបម្រើព្រះ យើងត្រូវចាត់វិធានការ។ ប៉ុន្តែ យើងត្រូវបន្តពឹងផ្អែកលើការណែនាំពីព្រះយេហូវ៉ា ហើយប្រព្រឹត្តស្របតាមបំណងរបស់លោកជានិច្ច។—យ៉ា. ៤:១៥
២០ ក្រោយចាកចេញពីអាគីឡានិងព្រីស៊ីលនៅក្រុងអេភេសូរ ប៉ូលក៏ជិះទូកឆ្លងសមុទ្រចុះទៅក្រុងសេសារៀ។ រួចមក គាត់ទំនងជា«ឡើងទៅ»ក្រុងយេរូសាឡិម ដើម្បីសួរសុខទុក្ខបងប្អូននៅទីនោះ។ (សកម្ម. ១៨:២២) បន្ទាប់មក ប៉ូលបន្តទៅផ្ទះរបស់គាត់នៅក្រុងអាន់ទីយ៉ូកស្រុកស៊ីរី។ ដំណើរជាសាសនទូតលើកទី២របស់គាត់ បានត្រូវបញ្ចប់ទៅដោយជោគជ័យ។ តើអ្វីកំពុងរង់ចាំគាត់ក្នុងដំណើរជាសាសនទូតលើកចុងក្រោយ?
a សូមមើលប្រអប់« ក្រុងកូរិនថូសម្ចាស់នៃសមុទ្រពីរ»។
b សូមមើលប្រអប់« សំបុត្រដែលសរសេរក្រោមការដឹកនាំរបស់ព្រះ ផ្ដល់ការលើកទឹកចិត្ត»។
c សូមមើលប្រអប់« សម្បថរបស់ប៉ូល»។