ជំពូកទី១៥
«ពង្រឹងក្រុមជំនុំនានា»
អ្នកធ្វើដំណើរត្រួតពិនិត្យជួយពង្រឹងជំនឿក្រុមជំនុំ
មានមូលដ្ឋានលើសកម្មភាព ១៥:៣៦–១៦:៥
១-៣. (ក) តើដៃគូធ្វើដំណើរថ្មីរបស់ប៉ូលជានរណា? ហើយតើគាត់ជាមនុស្សបែបណា? (ខ) តើយើងនឹងរៀនអ្វីខ្លះក្នុងជំពូកនេះ?
នៅតាមផ្លូវដ៏រដិបរដុបកាត់ក្រុងផ្សេងៗ សាវ័កប៉ូលងាកមើលទាំងគិតពិចារណាអំពីប្អូនប្រុសវ័យក្មេងម្នាក់ ដែលកំពុងដើរក្បែរគាត់។ ប្អូនប្រុសនោះឈ្មោះធីម៉ូថេ ជាយុវជនដែលពោរពេញទៅដោយកម្លាំង និងភាពស្វាហាប់។ គាត់ប្រហែលជានៅក្នុងវ័យខ្ទង់២០ឆ្នាំ។ ធីម៉ូថេកំពុងបោះជំហានចាកចេញពីផ្ទះរបស់ខ្លួន។ កាលដែលថ្ងៃកាន់តែជ្រេ ពួកគាត់ធ្វើដំណើរកាន់តែឆ្ងាយ ចេញពីតំបន់ក្រុងលីស្ត្រានិងក្រុងអ៊ីកូនាម។ តើមានអ្វីខ្លះដែលកំពុងរង់ចាំពួកគាត់? ប៉ូលបានដឹងខ្លះហើយ ពីព្រោះនេះជាការធ្វើដំណើរជាសាសនទូតលើកទី២។ គាត់ដឹងថានឹងជួបគ្រោះថ្នាក់ ព្រមទាំងជួបបញ្ហាជាច្រើនទៀត។ ចុះយ៉ាងណាយុវជននេះ តើគាត់អាចស៊ូទ្រាំនឹងស្ថានភាពដ៏ពិបាកបានទេ?
២ ប៉ូលមានទំនុកចិត្តលើយុវជនធីម៉ូថេដ៏រាបទាបនេះ ប្រហែលច្រើនជាងធីម៉ូថេមានទំនុកចិត្តលើខ្លួនឯង។ បទពិសោធន៍កន្លងទៅថ្មីៗ បានធ្វើឲ្យប៉ូលយល់ថា គាត់ត្រូវការដៃគូរួមដំណើរដ៏ស័ក្តិសម។ ប៉ូលដឹងថាភារកិច្ចទៅលេងក្រុមជំនុំនិងពង្រឹងជំនឿបងប្អូន តម្រូវឲ្យគាត់និងអ្នកដែលធ្វើដំណើរទៅជាមួយគាត់ មានការប្ដេជ្ញាចិត្តឥតងាករេ និងការរួមចិត្តគំនិតតែមួយ។ ហេតុអ្វីបានជាប៉ូលមានអារម្មណ៍ដូច្នេះ? មូលហេតុមួយ ប្រហែលជាដោយសារមិនយូរមុននោះ គាត់និងបាណាបាសមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ចែកផ្លូវគ្នា។
៣ ក្នុងជំពូកនេះ យើងនឹងរៀនច្រើនអំពីវិធីល្អបំផុត ដើម្បីដោះស្រាយការមិនចុះសម្រុងគ្នា។ យើងក៏នឹងរៀនដែរអំពីមូលហេតុ ដែលប៉ូលបានជ្រើសរើសធីម៉ូថេឲ្យទៅជាមួយគាត់ ហើយយើងនឹងយល់កាន់តែច្បាស់ អំពីតួនាទីដ៏សំខាន់របស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនៅសព្វថ្ងៃនេះ។
«ឥឡូវ ចូរយើងនាំគ្នាត្រឡប់ទៅឯបងប្អូន . . . ដើម្បីសួរសុខទុក្ខពួកគាត់» (សកម្មភាព ១៥:៣៦)
៤. ក្នុងដំណើរជាសាសនទូតលើកទី២ តើប៉ូលមានគោលបំណងអ្វី?
៤ ក្នុងជំពូកទី១៤ យើងបានឃើញពីរបៀបដែលបងប្រុសបួននាក់រួមមាន ប៉ូល បាណាបាស យូដាស និងស៊ីឡាស បានពង្រឹងនិងលើកទឹកចិត្តក្រុមជំនុំនៅក្រុងអាន់ទីយ៉ូក ដោយ ប្រាប់ពីការសម្រេចចិត្តរបស់គណៈអភិបាលអំពីការកាត់ចុងស្បែក។ តើប៉ូលបានធ្វើអ្វីបន្ទាប់មក? គាត់បានទៅជួបបាណាបាស ដើម្បីប្រាប់អំពីគម្រោងធ្វើដំណើរថ្មី ដោយនិយាយថា៖ «ឥឡូវ ចូរយើងនាំគ្នាត្រឡប់ទៅឯបងប្អូននៅគ្រប់ក្រុងដែលយើងបានផ្សព្វផ្សាយបណ្ដាំរបស់ព្រះយេហូវ៉ា ដើម្បីសួរសុខទុក្ខពួកគាត់»។ (សកម្ម. ១៥:៣៦) ប៉ូលមិនគ្រាន់តែនិយាយអំពីការទៅសួរសុខទុក្ខធម្មតាៗចំពោះគ្រិស្តសាសនិក ដែលទើបតែជឿថ្មីនោះទេ។ សៀវភៅសកម្មភាពបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីគោលបំណងរបស់ប៉ូលក្នុងដំណើរជាសាសនទូតលើកទី២។ គោលបំណងទី១ គាត់នឹងបន្តប្រាប់អំពីការសម្រេចចិត្តរបស់គណៈអភិបាល។ (សកម្ម. ១៦:៤) គោលបំណងទី២ ក្នុងនាមជាអ្នកធ្វើដំណើរត្រួតពិនិត្យ ប៉ូលតាំងចិត្តជួយបងប្អូនក្នុងក្រុមជំនុំឲ្យមានជំនឿកាន់តែរឹងមាំ។ (រ៉ូម ១:១១, ១២) តើអង្គការសាក្សីព្រះយេហូវ៉ានៅសព្វថ្ងៃ ធ្វើតាមគំរូរបស់ពួកសាវ័កយ៉ាងដូចម្ដេច?
៥. តើគណៈអភិបាលសព្វថ្ងៃផ្ដល់ការណែនាំនិងការលើកទឹកចិត្តដល់ក្រុមជំនុំតាមវិធីណា?
៥ សព្វថ្ងៃលោកយេស៊ូគ្រិស្តប្រើគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា ឲ្យផ្ដល់ការណែនាំដល់ក្រុមជំនុំរបស់លោក តាមរយៈសំបុត្រ សៀវភៅក្នុងគេហទំព័រនិងសៀវភៅបោះពុម្ព និងកិច្ចប្រជុំជាដើម។ បុរសដ៏ស្មោះត្រង់ដែលបានត្រូវរើសតាំងទាំងនេះ ផ្ដល់ការណែនាំ និងការលើកទឹកចិត្តដល់ក្រុមជំនុំទាំងអស់នៅទូទាំងពិភពលោក។ គណៈអភិបាលក៏ព្យាយាមរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមជំនុំនីមួយៗដែរ។ ដើម្បីធ្វើដូច្នេះ ពួកគាត់រៀបចំឲ្យមានទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ គណៈអភិបាលតែងតាំងដោយផ្ទាល់នូវអ្នកចាស់ទុំរាប់ពាន់នាក់ ដែលមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីឲ្យបម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។
៦, ៧. តើអ្នកត្រួតពិនិត្យប្រចាំមណ្ឌលមានភារកិច្ចអ្វីខ្លះ?
៦ នៅសព្វថ្ងៃ អ្នកធ្វើដំណើរត្រួតពិនិត្យផ្ដោតទៅលើការយកចិត្តទុកដាក់ និងផ្ដល់ការលើកទឹកចិត្តពីគម្ពីរ ដល់បងប្អូនទាំងអស់ក្នុងក្រុមជំនុំដែលពួកគាត់ទៅទស្សនកិច្ច។ តើពួកគាត់ធ្វើដូច្នេះតាមរបៀបណា? ពួកគាត់ធ្វើតាមគំរូរបស់ប៉ូលនិងគ្រិស្តសាសនិកឯទៀតនៅសតវត្សរ៍ទី១។ ប៉ូលបានដាស់តឿនអ្នកត្រួតពិនិត្យឯទៀតថា៖ «ចូរប្រកាសបណ្ដាំរបស់ព្រះ។ ចូរប្រកាសជាបន្ទាន់នៅពេលដែលមានអំណោយផល និងនៅពេលដែលមានការលំបាក។ ចូរប្រដៅតម្រង់ ស្ដីបន្ទោស លើកទឹកចិត្ត ដោយមានចិត្តអត់ធ្មត់និងការប៉ិនប្រសប់គ្រប់យ៉ាងក្នុងការបង្រៀន។ . . . ចូរបំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ»។—២ធី. ៤:២, ៥
៧ ស្របទៅតាមពាក្យទាំងនោះ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងប្រពន្ធរបស់គាត់(បើរៀបការហើយ) ចូលរួមផ្នែកផ្សេងៗក្នុងកិច្ចបម្រើផ្សាយជាមួយបងប្អូនក្នុងតំបន់។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ និងមានភាពប៉ិនប្រសប់ក្នុងការបង្រៀន។ គុណសម្បត្តិទាំងនេះមានឥទ្ធិពលល្អទៅលើហ្វូងចៀម។ (រ៉ូម ១២:១១; ២ធី ២:១៥) អ្នកត្រួត ពិនិត្យប្រចាំមណ្ឌលមានកេរ្តិ៍ឈ្មោះជាអ្នកបង្ហាញសេចក្ដីស្រឡាញ់ ដែលមិនគិតពីប្រយោជន៍ខ្លួន។ ពួកគាត់ស្ម័គ្រចិត្តបម្រើបងប្អូនឯទៀត ទោះជាត្រូវធ្វើដំណើរក្នុងអាកាសធាតុមិនល្អ ឬក្នុងតំបន់ដែលមានគ្រោះថ្នាក់ក្ដី។ (ភី ២:៣, ៤) បន្ថែមទៅទៀត អ្នកត្រួតពិនិត្យប្រចាំមណ្ឌលក៏លើកទឹកចិត្ត បង្រៀន និងដាស់តឿនក្រុមជំនុំនីមួយៗដែរ ដោយថ្លែងសុន្ទរកថាផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ។ បងប្អូនទាំងអស់ក្នុងក្រុមជំនុំអាចទទួលប្រយោជន៍ ដោយសង្កេតមើលការប្រព្រឹត្តរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល ហើយយកតម្រាប់ជំនឿរបស់ពួកគាត់។—ហេ. ១៣:៧
«ផ្ទុះកំហឹងយ៉ាងខ្លាំង» (សកម្មភាព ១៥:៣៧-៤១)
៨. តើបាណាបាសគិតយ៉ាងណាចំពោះគម្រោងរបស់ប៉ូល ក្នុងការធ្វើដំណើរទៅ‹សួរសុខទុក្ខបងប្អូន›ជាមួយគ្នា?
៨ បាណាបាសយល់ស្របនឹងគម្រោងរបស់ប៉ូល ក្នុងការទៅ‹សួរសុខទុក្ខបងប្អូន›។ (សកម្ម. ១៥:៣៦) ពួកគាត់ទាំងពីរធ្លាប់ធ្វើដំណើរជាមួយគ្នានិងសហការគ្នាយ៉ាងល្អ ហើយថែមទាំងស្គាល់តំបន់ផ្សេងៗ និងបងប្អូនដែលពួកគាត់បានទៅលេងរួចហើយ។ (សកម្ម. ១៣:២–១៤:២៨) ដូច្នេះ គម្រោងដែលពួកគាត់រួមដំណើរគ្នាទៅសួរសុខទុក្ខបងប្អូនលើកនេះ ហាក់ដូចជាសមហេតុផលនិងមានប្រយោជន៍។ ប៉ុន្តែ រឿងដ៏តានតឹងមួយបានផ្ទុះឡើង។ សកម្មភាព ១៥:៣៧ ចែងថា៖ «បាណាបាសបានតាំងចិត្តយកយ៉ូហានហៅថាម៉ាកុសទៅជាមួយ»។ បាណាបាសមិនបានសួរយោបល់ប៉ូលថា គាត់អាចយកម៉ាកុសដែលជាបងប្អូនជីដូនមួយរបស់គាត់ ឲ្យធ្វើដំណើរទៅជាមួយបានឬយ៉ាងណា។ ផ្ទុយទៅវិញ បាណាបាស«បានតាំងចិត្ត»ឬសម្រេចចិត្តហើយថា ត្រូវយកម៉ាកុសទៅជាមួយ។
៩. ហេតុអ្វីប៉ូលមិនយល់ព្រមឲ្យបាណាបាសនាំម៉ាកុសទៅជាមួយ?
៩ ប៉ូលមិនយល់ព្រមឡើយ។ ហេតុអ្វី? គម្ពីររៀបរាប់ថា៖ «ប៉ុន្តែ ប៉ូលគិតថាមិនគួរយកម៉ាកុសទៅជាមួយទេ ដោយសារគាត់ធ្លាប់ចាកចេញពីពួកគាត់នៅប៉ាមភីលៀ ហើយមិនបានទៅបំពេញកិច្ចការជាមួយនឹងពួកគាត់ឡើយ»។ (សកម្ម. ១៥:៣៨) ម៉ាកុសធ្លាប់ទៅជាមួយប៉ូលនិងបាណាបាសក្នុងដំណើរជាសាសនទូតលើកទី១ ប៉ុន្តែគាត់មិនបាននៅរហូតដល់ចប់ភារកិច្ចទេ។ (សកម្ម. ១២:២៥; ១៣:១៣) បន្ទាប់ពីចេញដំណើរមិនទាន់បានប៉ុន្មានផង ខណៈដែលនៅប៉ាមភីលៀនៅឡើយ ម៉ាកុសបានបោះបង់ចោលភារកិច្ចរបស់ខ្លួន ហើយត្រឡប់ទៅផ្ទះនៅក្រុងយេរូសាឡិមវិញ។ គម្ពីរមិនបានប្រាប់មូលហេតុដែលម៉ាកុសចាកចេញទេ តែតាមមើលទៅ សាវ័កប៉ូលចាត់ទុកទង្វើរបស់ម៉ាកុសថា គ្មានទំនួលខុសត្រូវ។ នេះប្រហែលជាមូលហេតុ ដែលធ្វើឲ្យប៉ូលមិនអាចទុកចិត្តម៉ាកុសបាន។
១០. តើអ្វីបាននាំឲ្យប៉ូលនិងបាណាបាសខ្វែងគំនិតគ្នា? ហើយតើមានលទ្ធផលយ៉ាងណា?
១០ ទោះជាយ៉ាងណាក៏ដោយ បាណាបាសទាមទារថា ត្រូវតែយកម៉ាកុសទៅជាមួយ។ ប៉ុន្តែ ប៉ូលបដិសេធដាច់អហង្ការ។ សកម្មភាព ១៥:៣៩ ប្រាប់ថា៖ «ពួកគាត់ក៏ផ្ទុះកំហឹងយ៉ាងខ្លាំង ហើយចែកផ្លូវគ្នា»។ រួចមក បាណាបាសចុះទូកធ្វើដំណើរត្រឡប់ទៅស្រុកកំណើតរបស់គាត់នៅឯកោះគីប្រុស ដោយយកម៉ាកុសទៅជាមួយដែរ។ ចំណែកប៉ូលវិញ គាត់បន្តធ្វើតាមគម្រោងរបស់គាត់។ កំណត់ហេតុរៀបរាប់ថា៖ «ប៉ូលបានជ្រើសរើសស៊ីឡាស រួចចេញទៅ ក្រោយពីបងប្អូនបានអធិដ្ឋានសុំឲ្យព្រះយេហូវ៉ាបង្ហាញគុណដ៏វិសេសលើសលប់ដល់គាត់»។ (សកម្ម. ១៥:៤០) ពួកគាត់ទាំងពីរបានធ្វើដំណើរជាមួយគ្នា«កាត់ស្រុកស៊ីរីនិងស្រុកស៊ីលីស៊ី ដោយពង្រឹងក្រុមជំនុំនានា»។—សកម្ម. ១៥:៤១
១១. ដើម្បីរក្សាទំនាក់ទំនងល្អជាមួយបងប្អូនដែលធ្វើឲ្យយើងឈឺចិត្ត តើគុណសម្បត្តិអ្វីខ្លះដែលយើងត្រូវការជាចាំបាច់?
១១ កំណត់ហេតុនេះ រំលឹកយើងអំពីភាពមិនល្អឥតខ្ចោះរបស់យើង។ ប៉ូលនិងបាណាបាសបានត្រូវតែងតាំង ជាអ្នកតំណាងពិសេសរបស់គណៈអភិបាល។ ប៉ូលទំនងជាសមាជិកម្នាក់នៃគណៈអភិបាល។ ប៉ុន្តែ ពេលមានបញ្ហាកើតឡើង ប៉ូលនិងបាណាបាសបានធ្វើតាមភាពមិនល្អឥតខ្ចោះរបស់ខ្លួន។ ប៉ុន្តែ តើពួកគាត់បានទុកបញ្ហានោះ ឲ្យទៅជាជម្លោះរ៉ាំរ៉ៃរវាងពួកគាត់ទាំងពីរឬទេ? ទោះជាមានភាពមិនល្អឥតខ្ចោះក្ដី ប៉ូលនិងបាណាបាសជាមនុស្សរាបទាប និងមានចិត្តគំនិតដូចគ្រិស្ត។ ប្រាកដណាស់ថា ទីបំផុតពួកគាត់បានអភ័យទោសឲ្យគ្នា និងបន្តរក្សាសាមគ្គីភាពជាបងប្អូនរួមជំនឿ។ (អេភ. ៤:១-៣) ក្រោយមក ប៉ូលនិងម៉ាកុសបានរួមធ្វើការជាមួយគ្នាក្នុងកិច្ចបម្រើផ្សេងទៀត។ a—កូឡ. ៤:១០
១២. ដោយធ្វើតាមគំរូប៉ូលនិងបាណាបាស តើអ្នកចាស់ទុំនៅសព្វថ្ងៃគួរបង្ហាញគុណសម្បត្តិអ្វីខ្លះ?
១២ ទោះជាប៉ូលនិងបាណាបាសបានផ្ទុះកំហឹងដាក់គ្នាក៏ដោយ នោះមិនមែនជាចរិតរបស់ពួកគាត់ទេ។ បាណាបាសត្រូវគេស្គាល់ថា ជាមនុស្សដែលមានអារម្មណ៍កក់ក្ដៅ និងចិត្តទូលាយ។ ម្ល៉ោះហើយ ពួកសាវ័កមិនបានហៅឈ្មោះគាត់ថាយ៉ូសែបទេ តែបានដាក់ឈ្មោះមួយទៀតឲ្យគាត់ថាបាណាបាស ដែលមានន័យថា«កូននៃការសម្រាលទុក្ខ»។ (សកម្ម. ៤:៣៦) រីឯប៉ូលវិញ គាត់ត្រូវគេស្គាល់ថា ជាមនុស្សដែលប្រព្រឹត្តដោយស្លូតបូត និងដោយការថ្នាក់ថ្នម។ (១ថែ. ២:៧, ៨) ដោយធ្វើតាមគំរូប៉ូលនិងបាណាបាស ពួកអ្នកចាស់ទុំនៅសព្វថ្ងៃ រួមទាំងអ្នកត្រួតពិនិត្យប្រចាំមណ្ឌល គួរបន្តព្យាយាមបង្ហាញចិត្តរាបទាប និងប្រព្រឹត្តចំពោះអ្នកចាស់ទុំឯទៀត ក៏ដូចជាចំពោះហ្វូងចៀម ដោយការថ្នាក់ថ្នម។—១ពេ. ៥:២, ៣
‹បងប្អូនតែងតែនិយាយល្អអំពីគាត់› (សកម្មភាព ១៦:១-៣)
១៣, ១៤. (ក) តើធីម៉ូថេជាអ្នកណា? ហើយតើប៉ូលបានជួបគាត់ក្នុងពេលណាខ្លះ? (ខ) ហេតុអ្វីបានជាប៉ូលយកចិត្តទុកដាក់ជាពិសេសចំពោះធីម៉ូថេ? (គ) តើធីម៉ូថេបានទទួលភារកិច្ចអ្វី?
១៣ ប៉ូលកំពុងទៅខេត្តកាឡាទីរបស់រ៉ូម ក្នុងដំណើរជាសាសនទូតលើកទី២។ នៅទីនោះ មានក្រុមជំនុំមួយចំនួនរួចហើយ។ ទីបំផុត «ប៉ូលបានទៅដល់ក្រុងឌើបេនិងក្រុងលីស្ត្រា»។ គម្ពីរចែងថែមទៀតថា៖ «នៅទីនោះ មានអ្នកកាន់តាមម្នាក់ឈ្មោះធីម៉ូថេ ជាកូនរបស់ស្ត្រីជនជាតិយូដាម្នាក់ដែលជាអ្នកជឿ តែឪពុកគាត់ជាជនជាតិក្រិច»។—សកម្ម. ១៦:១ b
១៤ ប៉ូលមុខជាធ្លាប់ជួបក្រុមគ្រួសាររបស់ធីម៉ូថេ ពេលគាត់ធ្វើដំណើរទស្សនកិច្ចលើកទី១នៅតំបន់នោះ ប្រហែលនៅឆ្នាំ៤៧ គ.ស.។ ប្រមាណពីរឬបីឆ្នាំក្រោយមក ឥឡូវប៉ូលកំពុងធ្វើទស្សនកិច្ចនៅតំបន់នោះជាលើកទី២ ពេលនេះប៉ូលយកចិត្តទុកដាក់ជាពិសេសចំពោះយុវជនធីម៉ូថេ។ ហេតុអ្វី? ពីព្រោះ‹បងប្អូនតែងតែនិយាយល្អអំពីគាត់›។ ធីម៉ូថេមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្អក្នុងតំបន់ដែលគាត់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែគាត់មានកេរ្តិ៍ឈ្មោះល្អរហូតទៅដល់ក្រុមជំនុំផ្សេងៗ ដែលនៅក្រៅតំបន់គាត់រស់នៅទៀតផង។ កំណត់ហេតុប្រាប់ថា បងប្អូននៅក្រុងលីស្ត្រានិងក្រុងអ៊ីកូនាម ដែលនៅចម្ងាយប្រហែល៣០គីឡូម៉ែត្រ តែងនិយាយល្អអំពីគាត់។ (សកម្ម. ១៦:២) ក្រោមការដឹកនាំរបស់ឫទ្ធានុភាពបរិសុទ្ធ ពួកអ្នកចាស់ទុំបានប្រគល់ភារកិច្ចដ៏សំខាន់មួយឲ្យធីម៉ូថេ គឺឲ្យគាត់ជួយដល់ប៉ូលនិងស៊ីឡាស ដែលជាអ្នកធ្វើដំណើរត្រួតពិនិត្យ។—សកម្ម. ១៦:៣
១៥, ១៦. ហេតុអ្វីបានជាធីម៉ូថេមានកេរ្តិ៍ឈ្មោះល្អ?
១៥ ទោះជាធីម៉ូថេនៅក្មេងក៏ដោយ ហេតុអ្វីបានជាគាត់មានកេរ្តិ៍ឈ្មោះល្អ? តើនេះដោយសារភាពវៃឆ្លាត រូបរាង ឬសមត្ថភាពពីកំណើតរបស់គាត់ឬ? ជាញឹកញយ មនុស្សច្រើនតែកោតស្ងើចនឹងលក្ខណៈទាំងនោះ។ សូម្បីតែអ្នកប្រកាសទំនាយសាំយូអែល ក៏ធ្លាប់ឲ្យតម្លៃយ៉ាងខ្លាំងចំពោះរូបរាងខាងក្រៅដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាបានរំឭកគាត់ថា៖ «របៀបដែលមនុស្សមើល គឺខុសពីរបៀបដែលព្រះមើល ព្រោះមនុស្សមើលតែសម្បកក្រៅ ប៉ុន្តែព្រះយេហូវ៉ាមើលក្នុងចិត្តវិញ»។ (១សាំ. ១៦:៧) ធីម៉ូថេមានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមបងប្អូនរួមជំនឿ ដោយសារគុណសម្បត្តិរបស់គាត់ មិនមែនដោយសាររូបរាង ឬសមត្ថភាពពីកំណើតរបស់គាត់ឡើយ។
១៦ ច្រើនឆ្នាំក្រោយមក សាវ័កប៉ូលបានលើកឡើងអំពីគុណសម្បត្តិខ្លះរបស់ធីម៉ូថេ។ ប៉ូលរៀបរាប់អំពីចិត្តគំនិតល្អរបស់ធីម៉ូថេ និងសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ខ្លួន ព្រមទាំងចិត្តខ្នះខ្នែងរបស់គាត់ក្នុងការបំពេញភារកិច្ចពីព្រះ។ (ភី. ២:២០-២២) ធីម៉ូថេក៏បានត្រូវស្គាល់ថា ជាមនុស្សមានជំនឿដែល«គ្មានពុតត្បុត»។—២ធី. ១:៥
១៧. នៅសព្វថ្ងៃនេះ តើប្អូនៗវ័យក្មេងអាចយកតម្រាប់ធីម៉ូថេតាមវិធីណា?
១៧ នៅសព្វថ្ងៃនេះ ប្អូនៗវ័យក្មេងជាច្រើនយកតម្រាប់ធីម៉ូថេ ដោយបណ្ដុះគុណសម្បត្តិដែលព្រះពេញចិត្ត។ ដូច្នេះ ពួកគេមានកេរ្តិ៍ឈ្មោះល្អជាមួយព្រះយេហូវ៉ា និងរាស្ត្ររបស់ លោក សូម្បីតែពួកគេនៅក្មេង។ (សុភ. ២២:១; ១ធី. ៤:១៥) ពួកគេបង្ហាញជំនឿដែលគ្មានពុតត្បុត ហើយមិនរស់នៅដោយមានមុខពីរឡើយ។ (ចសព. ២៦:៤) ជាលទ្ធផល ប្អូនៗវ័យក្មេងជាច្រើនអាចមានភារកិច្ចសំខាន់ក្នុងក្រុមជំនុំដូចធីម៉ូថេដែរ។ ពេលប្អូនៗវ័យក្មេងមានគុណសម្បត្តិគ្រប់គ្រាន់ជាអ្នកផ្សព្វផ្សាយដំណឹងល្អ ហើយក្រោយមកប្រគល់ខ្លួនជូនព្រះ និងទទួលការជ្រមុជទឹក នោះពិតជាលើកទឹកចិត្តបងប្អូនទាំងអស់ដែលស្រឡាញ់ព្រះយេហូវ៉ា!
«ជំនឿរបស់ក្រុមជំនុំនានាកាន់តែរឹងមាំ» (សកម្មភាព ១៦:៤, ៥)
១៨. (ក) ក្នុងនាមជាអ្នកធ្វើដំណើរត្រួតពិនិត្យ តើប៉ូលនិងធីម៉ូថេមានឯកសិទ្ធិអ្វី? (ខ) តើក្រុមជំនុំបានទទួលពរយ៉ាងណា?
១៨ ប៉ូលនិងធីម៉ូថេធ្វើការជាមួយគ្នាអស់ជាច្រើនឆ្នាំ។ ក្នុងនាមជាអ្នកធ្វើដំណើរត្រួតពិនិត្យ ពួកគាត់បំពេញភារកិច្ចផ្សេងៗដែលគណៈអភិបាលផ្ដល់ឲ្យ។ គម្ពីរចែងថា៖ «កាលដែលធ្វើដំណើរកាត់ក្រុងនានា ពួកគាត់តែងប្រាប់ពួកអ្នកដែលនៅក្រុងទាំងនោះអំពីបង្គាប់ដែលពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិមបានសម្រេច ដើម្បីឲ្យពួកគេធ្វើតាម»។ (សកម្ម. ១៦:៤) ក្រុមជំនុំប្រាកដជាបានធ្វើតាមការណែនាំពីពួកសាវ័ក និងពួកបុរសចាស់ទុំក្នុងក្រុងយេរូសាឡិម។ ជាលទ្ធផល «ជំនឿរបស់ក្រុមជំនុំនានាកាន់តែរឹងមាំ ហើយក្រុមជំនុំទាំងនោះក៏ចម្រើនឡើងជារៀងរាល់ថ្ងៃ»។—សកម្ម. ១៦:៥
១៩, ២០. ហេតុអ្វីគ្រិស្តសាសនិកគួរស្ដាប់បង្គាប់«ពួកអ្នកដែលនាំមុខ»?
១៩ សាក្សីព្រះយេហូវ៉ាសព្វថ្ងៃក៏ទទួលពរដែរ ពីការធ្វើតាមបង្គាប់របស់‹ពួកអ្នកដែលនាំមុខពួកគេ›។ (ហេ. ១៣:១៧) ស្ថានភាពក្នុងពិភពលោកតែងតែផ្លាស់ប្ដូរ ម្ល៉ោះហើយជាការសំខាន់ណាស់ ដែលគ្រិស្តសាសនិកបន្តទទួលយកសេចក្ដីបង្រៀន និងធ្វើតាមភ្លាមៗនូវការណែនាំ ដែលមកពី«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ (ម៉ាថ. ២៤:៤៥; ១កូ. ៧:២៩-៣១) ការធ្វើដូច្នេះអាចការពារយើងកុំឲ្យរសាត់ចេញពីសេចក្ដីពិត និងជួយយើងរក្សាខ្លួនមិនឲ្យប្រឡូកប្រឡាក់ជាមួយពិភពលោកនេះ។—យ៉ា. ១:២៧
២០ ពិតណាស់ ពួកអ្នកត្រួតពិនិត្យសព្វថ្ងៃ រួមទាំងសមាជិកគណៈអភិបាល ក៏ជាមនុស្សមិនល្អឥតខ្ចោះ ដូចប៉ូល បាណាបាស ម៉ាកុស និងអ្នកចាស់ទុំឯទៀតដែលបានត្រូវរើសតាំងនៅសតវត្សរ៍ទី១ដែរ។ (រ៉ូម ៥:១២; យ៉ា. ៣:២) ប៉ុន្តែ ដោយសារគណៈអភិបាលធ្វើតាមបណ្ដាំរបស់ព្រះយ៉ាងហ្មត់ចត់ និងធ្វើតាមគំរូរបស់ពួកសាវ័កយ៉ាងដិតដល់ នោះបង្ហាញថាពួកគាត់ជាមនុស្សដែលគួរឲ្យទុកចិត្ត។ (២ធី. ១:១៣, ១៤) ហេតុនេះ បងប្អូនក្នុងក្រុមជំនុំមានកម្លាំងចិត្តកាន់តែខ្លាំង និងមានជំនឿកាន់តែរឹងមាំ។
a សូមមើលប្រអប់« ម៉ាកុសមានឯកសិទ្ធិជាច្រើន»។
b សូមមើលប្រអប់« ធីម៉ូថេ ជាខ្ញុំបម្រើ‹ក្នុងការធ្វើឲ្យដំណឹងល្អជឿនទៅមុខ›»។