ជំពូកទី១៦
«សូមឆ្លងមកតំបន់ម៉ាសេដូន»
ពរដែលមកពីការទទួលយកភារកិច្ច និងការស៊ូទ្រាំចំពោះការបៀតបៀនដោយអំណរ
មានមូលដ្ឋានលើសកម្មភាព ១៦:៦-៤០
១-៣. (ក) តើឫទ្ធានុភាពបរិសុទ្ធបានដឹកនាំប៉ូលនិងក្រុមរបស់គាត់យ៉ាងដូចម្ដេច? (ខ) តើយើងនឹងពិនិត្យមើលព្រឹត្តិការណ៍អ្វីខ្លះ?
ស្ត្រីមួយក្រុមកំពុងចាកចេញពីក្រុងភីលីពតំបន់ម៉ាសេដូន ហើយមិនយូរប៉ុន្មាន ពួកនាងបានមកដល់ទន្លេតូចមួយហៅថា ទន្លេហ្គាន់ហ្គីធីស។ ជាទម្លាប់ ពួកនាងអង្គុយនៅច្រាំងទន្លេដើម្បីអធិដ្ឋានទៅព្រះនៃអ៊ីស្រាអែល។ ព្រះយេហូវ៉ាកំពុងមើលពួកនាង។—២ប្រ. ១៦:៩; ចសព. ៦៥:២
២ ដំណាលគ្នានោះ មានបុរសមួយក្រុមកំពុងចាកចេញពីក្រុងលីស្ត្រា ដែលនៅទិសខាងត្បូងនៃស្រុកកាឡាទី មានចម្ងាយជាង៨០០គីឡូម៉ែត្រ ពីទិសខាងកើតនៃក្រុងភីលីព។ ប៉ុន្មានថ្ងៃក្រោយមក ពួកគាត់បានទៅដល់ផ្លូវចាក់បេតុងដ៏ធំមួយរបស់រ៉ូម ដែលលាតសន្ធឹងទៅទិសខាងលិច ឆ្ពោះទៅតំបន់ដែលមានប្រជាជនច្រើនបំផុតនៃតំបន់អាស៊ី។ បុរសទាំងនោះមាន ប៉ូល ស៊ីឡាស និងធីម៉ូថេ ដែលមានសន្ទុះចិត្តជាខ្លាំងចង់ធ្វើដំណើរតាមផ្លូវនេះ ចុះទៅក្រុងអេភេសូរនិងក្រុងឯទៀត ដែលមានបណ្ដាជនរាប់ពាន់នាក់ចង់ឮអំពីគ្រិស្ត។ ប៉ុន្តែ មុននឹងពួកគាត់ចាប់ផ្ដើមធ្វើដំណើរ ឫទ្ធានុភាពបរិសុទ្ធបានបញ្ឈប់ពួកគាត់។ គម្ពីរមិនបានប្រាប់ថាបញ្ឈប់ពួកគាត់តាមរបៀបណាទេ តែបានហាមពួកគាត់ផ្សព្វផ្សាយនៅអាស៊ី។ ហេតុអ្វី? ពីព្រោះដោយប្រើឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ លោកយេស៊ូចង់ដឹកនាំប៉ូលនិងក្រុមរបស់គាត់ ឲ្យធ្វើដំណើរកាត់តាមតំបន់អាស៊ីប៉ែកខាងលិច ឆ្លងទៅសមុទ្រអេជាន រួចបន្តឆ្ពោះទៅដល់ច្រាំងទន្លេហ្គាន់ហ្គីធីស។
៣ នៅសព្វថ្ងៃ យើងអាចរៀនមេរៀនដ៏សំខាន់មួយពីរបៀបដែលលោកយេស៊ូដឹកនាំប៉ូល និងក្រុមរបស់គាត់ក្នុងដំណើរដែលមិនធម្មតានេះ ឆ្ពោះទៅកាន់តំបន់ម៉ាសេដូន។ ដូច្នេះ សូមយើងពិនិត្យមើលព្រឹត្តិការណ៍មួយចំនួន ដែលកើតឡើងក្នុងអំឡុងដំណើរផ្សព្វផ្សាយជាសាសនទូតលើកទី២របស់ប៉ូល ដែលចាប់ផ្ដើមប្រហែលជានៅឆ្នាំ៤៩ គ.ស.។
«ព្រះបានហៅយើង» (សកម្មភាព ១៦:៦-១៥)
៤, ៥. (ក) ពេលទៅជិតដល់ស្រុកប៊ីធូនា តើមានអ្វីកើតឡើងចំពោះប៉ូលនិងក្រុមរបស់គាត់? (ខ) តើពួកគាត់បានសម្រេចចិត្តធ្វើអ្វី? ហើយតើនាំឲ្យមានលទ្ធផលយ៉ាងណា?
៤ ប៉ូលនិងក្រុមរបស់គាត់បានត្រូវហាមផ្សព្វផ្សាយនៅអាស៊ី ដូច្នេះពួកគាត់បានដូរទិសដៅដោយធ្វើដំណើរទៅទិសខាងជើង ដើម្បីផ្សព្វផ្សាយនៅក្រុងផ្សេងៗនៃស្រុកប៊ីធូនា។ ដើម្បីទៅដល់ទីនោះ ពួកគាត់ប្រហែលជាបានដើរអស់ជាច្រើនថ្ងៃតាមផ្លូវលំ កាត់តំបន់ដែលមានប្រជាជន រស់នៅតិច ជាតំបន់របស់ស្រុកព្រីគា និងស្រុកកាឡាទី។ ប៉ុន្តែ ពេលពួកគាត់ទៅជិតដល់ស្រុកប៊ីធូនា លោកយេស៊ូបានប្រើឫទ្ធានុភាពបរិសុទ្ធដើម្បីបញ្ឈប់ពួកគាត់ម្ដងទៀត។ (សកម្ម. ១៦:៦, ៧) នៅពេលនោះ ពួកគាត់ប្រាកដជាឆ្ងល់ខ្លាំងណាស់។ ពួកគាត់ដឹងអំពីអ្វីដែលត្រូវនិយាយ និងអំពីវិធីដែលត្រូវផ្សព្វផ្សាយ តែពួកគាត់មិនដឹងថាត្រូវទៅផ្សព្វផ្សាយនៅកន្លែងណាទេ។ នេះហាក់ដូចជាពួកគាត់បានគោះទ្វារដើម្បីចូលអាស៊ី តែទ្វារមិនបានត្រូវបើកឲ្យពួកគាត់ឡើយ។ ដូច្នេះ ពួកគាត់ក៏បែរទៅគោះទ្វារដើម្បីចូលស្រុកប៊ីធូនា តែទ្វារក៏មិនបានត្រូវបើកឲ្យពួកគាត់ដែរ។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលតាំងចិត្តបន្តគោះទ្វារ រហូតដល់គាត់រកឃើញទ្វារដែលបើកចំហ។ បន្ទាប់មក ពួកគាត់បានធ្វើការសម្រេចចិត្តមួយដែលមើលទៅមិនសូវសមហេតុសមផល។ ពួកគាត់បានធ្វើដំណើរបត់ទៅទិសខាងលិច ហើយដើរអស់៥៥០គីឡូម៉ែត្រ កាត់តាមក្រុងមួយទៅក្រុងមួយ រហូតទៅដល់កំពង់ផែនៃក្រុងត្រូអាស ដែលជាច្រកចូលទៅតំបន់ម៉ាសេដូន។ (សកម្ម. ១៦:៨) ឥឡូវ ប៉ូលគោះទ្វារជាលើកទី៣ រួចទ្វារក៏បានបើកចំហយ៉ាងធំសម្រាប់ពួកគាត់!
៥ លូកាបានចូលរួមជាមួយនឹងប៉ូលនៅក្រុងត្រូអាស គាត់បានរាយការណ៍អំពីព្រឹត្តិការណ៍នោះថា៖ «នៅពេលយប់ ប៉ូលឃើញអ្វីមួយក្នុងគំនិត គឺបុរសជនជាតិម៉ាសេដូនម្នាក់កំពុងឈរអង្វរគាត់ថា៖ ‹សូមឆ្លងមកតំបន់ម៉ាសេដូន ហើយជួយយើងផង›។ ក្រោយពីគាត់ឃើញការនោះក្នុងគំនិតហើយភ្លាម នោះយើងបានរកឱកាសចេញដំណើរទៅតំបន់ម៉ាសេដូន ដោយសន្និដ្ឋានថា ព្រះបានហៅយើងឲ្យទៅប្រកាសដំណឹងល្អដល់ពួកគេ»។ a (សកម្ម. ១៦:៩, ១០) នៅទីបំផុត ប៉ូលបានដឹងអំពីកន្លែងដែលគាត់ត្រូវទៅផ្សព្វផ្សាយ។ ប៉ូលប្រាកដជាសប្បាយចិត្តខ្លាំងណាស់ ដែលគាត់មិនបានបោះបង់ចោលគោលដៅពាក់កណ្ដាលទី! ភ្លាមៗនោះ ពួកគាត់ទាំងបួននាក់បានចុះទូកទៅតំបន់ម៉ាសេដូន។
៦, ៧. (ក) តើយើងអាចរៀនអ្វីពីព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងអំឡុងការធ្វើដំណើររបស់ប៉ូល? (ខ) តាមរយៈបទពិសោធន៍របស់ប៉ូល តើយើងអាចប្រាកដអំពីអ្វី?
៦ តើយើងអាចរៀនអ្វីពីកំណត់ហេតុនោះ? សូមកត់សម្គាល់ថា៖ បន្ទាប់ពីប៉ូលបានចាកចេញពីអាស៊ី ទើបឫទ្ធានុភាពរបស់ព្រះមករារាំងគាត់។ រួចមក បន្ទាប់ពីប៉ូលទៅជិតដល់ស្រុកប៊ីធូនា ទើបលោកយេស៊ូមកបញ្ឈប់គាត់ ហើយបន្ទាប់ពីគាត់ទៅដល់ក្រុងត្រូអាស ទើបលោកយេស៊ូបង្គាប់គាត់ឲ្យទៅតំបន់ម៉ាសេដូន។ លោកយេស៊ូដែលជាប្រមុខក្រុមជំនុំ ប្រហែលជាដឹកនាំយើងតាមវិធីស្រដៀងគ្នាដែរនៅសព្វថ្ងៃនេះ។ (កូឡ. ១:១៨) ជាឧទាហរណ៍ បងប្អូនខ្លះប្រហែលជាបានគិតអស់មួយរយៈអំពីការបម្រើជាអ្នកត្រួសត្រាយពេញពេល ឬរើទៅតំបន់ដែលត្រូវការអ្នកផ្សព្វផ្សាយរាជាណាចក្រច្រើនជាង។ ប៉ុន្តែ ប្រហែលជាបន្ទាប់ពីយើងចាត់វិធានការជាក់លាក់មួយចំនួន ទើបលោកយេស៊ូប្រើឫទ្ធានុភាពរបស់ព្រះ ដើម្បីជួយយើងឲ្យសម្រេចគោលដៅរបស់ខ្លួន។ ហេតុអ្វី? សូមគិតឧទាហរណ៍នេះ អ្នកបើកឡានអាចបញ្ជាឡានឲ្យបត់ឆ្វេងឬបត់ស្ដាំបាន លុះត្រាតែឡានបរទៅមុខសិន។ ស្រដៀងគ្នាដែរ លោកយេស៊ូនឹងដឹកនាំយើងឲ្យបង្កើនកិច្ចបម្រើផ្សាយ លុះត្រាតែយើងមានសកម្មភាពជាមុនសិន ពោលគឺយើងត្រូវខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើដូច្នោះ។
៧ ប៉ុន្តែ ចុះយ៉ាងណាបើការខិតខំរបស់យើងមិនចេញផ្លែផ្កា? តើយើងគួរបោះបង់ចោលដោយគិតថា ឫទ្ធានុភាពរបស់ព្រះមិនជួយណែនាំយើងឬទេ? មិនមែនទេ។ សូមចាំថាប៉ូលក៏បានជួបឧបសគ្គខ្លះដែរ។ ប៉ុន្តែ គាត់នៅតែបន្តស្វែងរកទ្វារដែលបើកចំហ រហូតដល់គាត់បានរកឃើញ។ យើងអាចប្រាកដថា បើយើងបន្តព្យាយាមស្វែងរក‹ទ្វារបើកចំហយ៉ាងធំសម្រាប់ឲ្យយើងបំពេញកិច្ចបម្រើ› នោះយើងក៏នឹងទទួលរង្វាន់ដូចគ្នាដែរ។—១កូ. ១៦:៩
៨. (ក) សូមរៀបរាប់អំពីក្រុងភីលីព។ (ខ) តើការផ្សព្វផ្សាយរបស់ប៉ូលនៅ«កន្លែងអធិដ្ឋាន» នាំឲ្យមានលទ្ធផលដ៏រីករាយអ្វី?
៨ ក្រោយពីទៅដល់តំបន់ម៉ាសេដូន ក្រុមរបស់ប៉ូលក៏ធ្វើដំណើរទៅក្រុងភីលីព។ បណ្ដាជនដែលរស់នៅក្រុងនោះ មានមោទនភាពដែលពួកគេបានទៅជាពលរដ្ឋរ៉ូម។ ចំពោះទាហានរ៉ូមចូលនិវត្តន៍ដែលរស់នៅទីនោះ ពួកគេចាត់ទុកក្រុងភីលីពដែលនៅក្រោមអាណានិគមរ៉ូម គឺប្រៀបដូចជាប្រទេសអ៊ីតាលីតូចមួយដែលនៅក្នុងតំបន់ម៉ាសេដូន។ រីឯនៅតាមដងទន្លេដ៏តូចមួយដែលនៅខាងក្រៅទ្វារកំពែងក្រុង ពួកសាសនទូតទាំងនោះបានរកឃើញកន្លែងមួយ ដែលពួកគាត់គិតថាជា«កន្លែងអធិដ្ឋាន»។ b នៅថ្ងៃឈប់សម្រាក ពួកគាត់បានចេញទៅទីនោះ ហើយជួបស្ត្រីជាច្រើនដែលកំពុងជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ។ ដូច្នេះ ពួកគាត់ក៏អង្គុយ ហើយនិយាយ ជាមួយនឹងពួកនាង។ មានស្ត្រីម្នាក់ឈ្មោះលីឌា«កំពុងស្ដាប់ ហើយព្រះយេហូវ៉ាបានបើកចិត្តនាងទាំងស្រុង»។ អ្វីដែលលីឌាបានរៀនពីសាសនទូតទាំងនោះ មានឥទ្ធិពលខ្លាំងទៅលើចិត្តរបស់នាង រហូតដល់នាងនិងពួកអ្នកផ្ទះរបស់នាងទទួលការជ្រមុជទឹក។ រួចមក នាងក៏បានទទូចឲ្យប៉ូលនិងក្រុមរបស់គាត់មកស្នាក់នៅផ្ទះរបស់នាង។ c—សកម្ម. ១៦:១៣-១៥
៩. តើបងប្អូនជាច្រើននៅសព្វថ្ងៃធ្វើតាមគំរូប៉ូលយ៉ាងដូចម្ដេច? ហើយតើពួកគេបានទទួលពរអ្វីខ្លះ?
៩ សូមស្រមៃគិតអំពីភាពសប្បាយរីករាយ កាលដែលលីឌាបានទទួលការជ្រមុជទឹក! ប៉ូលមុខជាត្រេកអរខ្លាំងណាស់ ដែលគាត់បានទទួលយកការអញ្ជើញឲ្យ«ឆ្លងមកតំបន់ម៉ាសេដូន»។ ម្យ៉ាងទៀត គាត់សប្បាយចិត្តពន់ពេកដែលព្រះយេហូវ៉ាបានប្រើគាត់និងក្រុមរបស់គាត់ ដើម្បីឆ្លើយតបសេចក្ដីអធិដ្ឋានរបស់ស្ត្រីទាំងនោះដែលកោតខ្លាចព្រះ! ស្រដៀងគ្នាដែរ នៅសព្វថ្ងៃបងប្អូនជាច្រើន មិនថាក្មេងចាស់ ប្រុសស្រី នៅលីវឬរៀបការទេ ពួកគេបានផ្លាស់ទៅតំបន់ដែលត្រូវការអ្នកផ្សាយច្រើនជាង។ ពិតមែនថាពួកគេបានប្រឈមមុខការលំបាក តែនោះមិនអាចប្រៀបស្មើនឹងការស្កប់ចិត្តដែលពួកគេបានជួបមនុស្ស ដែលព្រមទទួលយកសេចក្ដីពិតដូចលីឌាឡើយ។ តើអ្នកអាចកែសម្រួលរបៀបរស់នៅ ដើម្បី«ឆ្លងមក»តំបន់ដែលត្រូវការអ្នកផ្សាយច្រើនជាងឬទេ? បើអ្នកធ្វើដូច្នោះ អ្នកនឹងទទួលពរជាច្រើន។ ជាឧទាហរណ៍ សូមគិតអំពីប្អូនប្រុសម្នាក់ឈ្មោះអេរ៉ុន ដែលមានវ័យខ្ទង់២០ឆ្នាំ បានរើទៅបម្រើនៅអាម៉េរិកកណ្ដាល។ គាត់បានប្រាប់អំពីអារម្មណ៍របស់បងប្អូនជាច្រើនដែលផ្លាស់ទៅបម្រើនៅប្រទេសក្រៅ ក៏ដូចជាអារម្មណ៍របស់គាត់ដែរ ដោយនិយាយថា៖ «ការបម្រើនៅប្រទេសក្រៅបានជួយខ្ញុំឲ្យមានជំនឿរឹងមាំ និងកាន់តែជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ ការផ្សព្វផ្សាយគឺល្អណាស់ ខ្ញុំមានសិស្សគម្ពីរ៨នាក់!»។
«បណ្ដាជនបានក្រោកឡើង . . . ប្រឆាំងពួកគាត់» (សកម្មភាព ១៦:១៦-២៤)
១០. តើវិញ្ញាណកំណាចបានប្រើវិធីអ្វី ដើម្បីបង្កឲ្យមានការប្រឆាំងបៀតបៀនទៅលើប៉ូលនិងក្រុមរបស់គាត់?
១០ សាថានពិតជាខឹងសម្បារយ៉ាងខ្លាំង ដែលដំណឹងល្អចាប់ផ្ដើមរីកដុះដាលក្នុងទឹកដីមួយនៃពិភពលោក ដែលវានិងពួកវិញ្ញាណកំណាចរបស់វាកំពុងត្រួតត្រា។ ដូច្នេះ មិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលសាថានបានបង្កឲ្យមានការប្រឆាំងបៀតបៀនទៅលើប៉ូល និងបងប្អូនដែលធ្វើដំណើរជាមួយគាត់! កាលដែលពួកគាត់បន្តផ្សព្វផ្សាយនៅកន្លែងអធិដ្ឋាន ក៏មានក្មេងស្រីបម្រើម្នាក់ដែលមានវិញ្ញាណកំណាចចូល និងដែលបានរកប្រាក់ជាច្រើនឲ្យម្ចាស់របស់នាងដោយការទស្សន៍ទាយ ចេះតែដើរតាមពួកគាត់ ទាំងស្រែកឡើងថា៖ «បុរសទាំងនេះជាខ្ញុំបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយពួកគេកំពុងផ្សព្វផ្សាយប្រាប់អ្នករាល់គ្នាអំពីផ្លូវដែលនាំទៅឯសេចក្ដីសង្គ្រោះ»។ ប្រហែលជាវិញ្ញាណកំណាចបានធ្វើឲ្យក្មេងស្រីនោះ ស្រែកឡើងនូវពាក្យទាំងនេះ ដើម្បីបង្ហាញថាការទស្សន៍ទាយរបស់នាងនិងការបង្រៀនរបស់ប៉ូល គឺមកពីប្រភពតែមួយ។ វិធីនេះអាចធ្វើឲ្យអ្នកមើលលែងមានចំណាប់អារម្មណ៍ស្ដាប់អ្វីដែលពួកអ្នកកាន់តាមពិតរបស់គ្រិស្តកំពុងបង្រៀន។ ប៉ុន្តែ ប៉ូលបានធ្វើឲ្យក្មេងស្រីនោះឈប់ស្រែកទៀត ដោយបណ្ដេញវិញ្ញាណកំណាចចេញពីនាង។—សកម្ម. ១៦:១៦-១៨
១១. បន្ទាប់ពីប៉ូលនិងស៊ីឡាសបណ្ដេញវិញ្ញាណកំណាចចេញពីក្មេងស្រីបម្រើនោះ តើមានអ្វីកើតឡើងចំពោះពួកគាត់?
១១ ពេលពួកម្ចាស់របស់ក្មេងស្រីខ្ញុំបម្រើបានដឹងថា ប្រភពចំណូលរបស់ពួកគេបាត់បង់អស់ នោះពួកគេក៏ក្ដៅក្រហាយក្នុងចិត្តជាខ្លាំង។ ពួកគេបានអូសប៉ូលនិងស៊ីឡាសទៅឯផ្សារ ជាកន្លែងជំនុំជម្រះរបស់ពួកអាជ្ញាធរស៊ីវិលតំណាងឲ្យរ៉ូម។ ពួកម្ចាស់របស់ក្មេងស្រីនោះបានញុះញង់ពួកចៅក្រមឲ្យមានការរើសអើងនិងស្នេហាជាតិ ដោយនិយាយពាក្យថា៖ «បុរសទាំងនេះកំពុងរំខានក្រុងយើងខ្លាំងណាស់។ ពួកគេជាជនជាតិយូដា ហើយពួកគេកំពុងផ្សព្វផ្សាយអំពីទំនៀមទម្លាប់ដែលយើងគ្មានច្បាប់ទទួលឬកាន់តាមទេ ព្រោះយើងជាពលរដ្ឋរ៉ូម»។ ពាក្យសម្ដីរបស់ពួកគេបានផលភ្លាមៗ គឺ«បណ្ដាជន[នៅផ្សារ]បានក្រោកឡើងជាមួយគ្នាប្រឆាំងពួកគាត់[គឺប៉ូលនិងស៊ីឡាស]»។ រួចមក ពួកអាជ្ញាធរស៊ីវិល«បង្គាប់ឲ្យវាយពួកគាត់នឹងដំបង»។ បន្ទាប់មក ពួកគេយកប៉ូលនិងស៊ីឡាសទៅដាក់គុក។ ឆ្មាំគុកបានបោះបុរសរបួសទាំងពីរនាក់នោះទៅបន្ទប់គុកខាងក្នុង ហើយដាក់ខ្នោះជើងពួកគាត់។ (សកម្ម. ១៦:១៩-២៤) ពេលដែលឆ្មាំគុកបិទទ្វារ បន្ទប់គុកក៏ងងឹតស្លុបដល់ម្ល៉េះ បានជាប៉ូលនិងស៊ីឡាសមិនអាចមើលមុខគ្នាឃើញ។ ប៉ុន្តែ ព្រះយេហូវ៉ាកំពុងមើល។—ចសព. ១៣៩:១២
១២. (ក) តើពួកអ្នកកាន់តាមគ្រិស្តមានទស្សនៈយ៉ាងណាចំពោះការបៀតបៀន? ហើយហេតុអ្វី? (ខ) រហូតមកដល់សព្វថ្ងៃ តើសាថាននិងពួកអ្នកដែលទទួលឥទ្ធិពលពីវានៅតែប្រើវិធីប្រឆាំងបែបណា?
១២ ជាច្រើនឆ្នាំមុន លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមថា៖ «ពួកគេនឹងបៀតបៀនអ្នករាល់គ្នា»។ (យ៉ូន. ១៥:២០) ដូច្នេះ ពេលប៉ូលនិងក្រុមរបស់គាត់ឈានជើងចូលក្នុងតំបន់ម៉ាសេដូន ពួកគាត់បានត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខនឹងការប្រឆាំង។ ពួកគាត់មិនមានទស្សនៈថា ការបៀតបៀននោះមកពីព្រះយេហូវ៉ាលែងពេញចិត្តចំពោះពួកគាត់ទេ តែមកពីសាថានកំពុងបង្ហាញកំហឹង។ សព្វថ្ងៃពួកអ្នកដែលទទួលឥទ្ធិពលពីសាថាន ក៏ប្រើវិធីស្រដៀងគ្នានឹងវិធីដែលបានត្រូវប្រើក្នុងក្រុងភីលីពដែរ។ ពួកអ្នកប្រឆាំងបាននិយាយមិនពិតអំពីយើងនៅសាលា និងនៅកន្លែងធ្វើការ ក្នុងបំណងញុះញង់ឲ្យមានការធ្វើទុក្ខបុកម្នេញមកលើយើង។ នៅប្រទេសខ្លះ ពួកអ្នកប្រឆាំងបានចោទប្រកាន់យើងនៅចំពោះមុខតុលាការ ហាក់ដូចជានិយាយថា៖ ‹សាក្សីព្រះយេហូវ៉ាទាំងនេះបង្កចលាចល ដោយបង្រៀនទំនៀមទម្លាប់ដែលពួកយើង«ជាអ្នកកាន់តាមប្រពៃណី» មិនអាចទទួលយកបានទេ›។ ចំណែកនៅតំបន់ខ្លះទៀត បងប្អូនរួមជំនឿរបស់យើងត្រូវគេវាយដំ និងចាប់ដាក់គុក។ ប៉ុន្តែ ព្រះយេហូវ៉ាកំពុងមើល។—១ពេ. ៣:១២
«ទទួលការជ្រមុជទឹកដោយមិនបង្អែបង្អង់» (សកម្មភាព ១៦:២៥-៣៤)
១៣. តើអ្វីដែលនាំឲ្យឆ្មាំគុកសួរថា៖ «តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលសេចក្ដីសង្គ្រោះ»?
១៣ បន្ទាប់ពីព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់ចិត្តនៅថ្ងៃនោះ ប៉ូលនិងស៊ីឡាសច្បាស់ជាត្រូវការសម្រាក ដើម្បីមានកម្លាំងកាយកម្លាំងចិត្តឡើងវិញ។ ប៉ុន្តែ លុះពាក់កណ្ដាលអធ្រាត្រ ពួកគាត់បានធូរស្បើយខ្លះពីមុខរបួសដែលមកពីគេវាយដំ ហើយក៏នាំគ្នា«អធិដ្ឋាននិងច្រៀងសរសើរព្រះ»។ បន្ទាប់មក ស្រាប់តែដីរញ្ជួយយ៉ាងខ្លាំងធ្វើឲ្យគ្រឹះគុករង្គោះរង្គើ! កាលដែលឆ្មាំគុកភ្ញាក់ឡើងឃើញទ្វារគុកនៅចំហ គាត់គិតថាពួកអ្នកទោសបានរត់បាត់អស់ហើយ។ គាត់ដឹងថាខ្លួននឹងត្រូវដាក់ទោស ពីបទបណ្ដោយឲ្យអ្នកទោសរត់ចេញពីគុក ហេតុនេះគាត់ក៏«ហូតដាវបម្រុងនឹងសម្លាប់ខ្លួន»។ ប៉ុន្តែ ប៉ូលស្រែកឡើងថា៖ «កុំធ្វើបាបខ្លួនឡើយ! ព្រោះយើងទាំងអស់គ្នានៅឯនេះទេ!»។ ពេលឮដូច្នោះ ឆ្មាំគុកសួរទាំងភ័យស្លន់ស្លោថា៖ «លោក តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលសេចក្ដីសង្គ្រោះ?»។ ប៉ូលនិងស៊ីឡាសមិនអាចសង្គ្រោះគាត់បានទេ មានតែលោកយេស៊ូប៉ុណ្ណោះដែលអាចសង្គ្រោះគាត់បាន។ ម្ល៉ោះហើយ ពួកគាត់ឆ្លើយថា៖ ‹ចូរមានជំនឿលើលោកម្ចាស់យេស៊ូ ហើយអ្នកនឹងទទួលសេចក្ដីសង្គ្រោះ›។—សកម្ម. ១៦:២៥-៣១
១៤. (ក) តើប៉ូលនិងស៊ីឡាសបានជួយឆ្មាំគុកតាមវិធីណា? (ខ) ដោយសារប៉ូលនិងស៊ីឡាសបានស៊ូទ្រាំការបៀតបៀនដោយអំណរ តើពួកគាត់បានទទួលពរអ្វី?
១៤ តើឆ្មាំគុកសួរសំណួរនោះអស់ពីចិត្តឬទេ? ប៉ូលមិនបានសង្ស័យនូវចិត្តស្មោះរបស់បុរសនោះឡើយ។ បុរសឆ្មាំគុកនោះជាជនជាតិដទៃ ដូច្នេះគាត់មិនស្គាល់បទគម្ពីរទេ។ មុនដែលគាត់អាចក្លាយជាគ្រិស្តសាសនិក ដំបូងគាត់ត្រូវរៀន ហើយទទួលយកសេចក្ដីពិតក្នុងគម្ពីរជាមុនសិន។ ដូច្នេះ ប៉ូលនិងស៊ីឡាសចំណាយពេល«ប្រាប់បណ្ដាំរបស់ព្រះយេហូវ៉ាដល់ឆ្មាំគុក»។ កាលដែលពួកគាត់ទាំងពីរកំពុងជក់ចិត្តក្នុងការបង្រៀនគម្ពីរដល់ឆ្មាំគុក ពួកគាត់ប្រហែលជាភ្លេចថាខ្លួនឈឺមុខរបួស។ ប៉ុន្តែ ឆ្មាំគុកបានកត់សម្គាល់ឃើញពួកគាត់មានរបួសយ៉ាងជ្រៅនៅលើខ្នង ដូច្នេះឆ្មាំគុកបានលាងសម្អាតរបួសឲ្យពួកគាត់។ បន្ទាប់មក ឆ្មាំគុកនិងពួកអ្នកផ្ទះរបស់គាត់«បានទទួលការជ្រមុជទឹកដោយមិនបង្អែបង្អង់»។ ប៉ូលនិងស៊ីឡាសពិតជាបានទទួលពរ ដែលមកពីការស៊ូទ្រាំនិងការបៀតបៀនដោយអំណរមែន!—សកម្ម. ១៦:៣២-៣៤
១៥. (ក) តើសព្វថ្ងៃសាក្សីព្រះយេហូវ៉ាជាច្រើនធ្វើតាមគំរូរបស់ប៉ូលនិងស៊ីឡាសយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីយើងគួរបន្តទៅសួរសុខទុក្ខម្ដងហើយម្ដងទៀតដល់អស់អ្នកដែលរស់នៅក្នុងតំបន់របស់យើង?
១៥ ដូចប៉ូលនិងស៊ីឡាសដែរ សព្វថ្ងៃសាក្សីព្រះយេហូវ៉ាជាច្រើនបន្តផ្សព្វផ្សាយដំណឹងល្អ ខណៈដែលពួកគេកំពុងជាប់គុកដោយសារជំនឿ ហើយពួកគេទទួលបានលទ្ធផលល្អ។ ជាឧទាហរណ៍ ក្នុងចំណោមសាក្សីព្រះយេហូវ៉ានៅប្រទេសមួយដែលរដ្ឋាភិបាលបានដាក់បម្រាម នោះមានចំនួន៤០ភាគរយដែលបានរៀនអំពីព្រះយេហូវ៉ានិងចូលសេចក្ដីពិត កាលដែលពួកគេជាប់គុក! (អេ. ៥៤:១៧) សូមកត់សម្គាល់ដែរថា ឆ្មាំគុកបានសុំជំនួយគឺបន្ទាប់ពីដីរញ្ជួយ។ ស្រដៀងគ្នាដែរ ពីមុនមនុស្សខ្លះដែលមិនព្រមទទួលយកដំណឹងរាជាណាចក្រ ប្រហែលជាឥឡូវពួកគេនឹងព្រមស្ដាប់ បន្ទាប់ពីពួកគេជួបហេតុការណ៍ដ៏គួរឲ្យតក់ស្លុត។ ការដែលយើងបន្តទៅសួរសុខទុក្ខម្ដងហើយម្ដងទៀត ដល់អស់អ្នកដែលរស់នៅក្នុងតំបន់របស់យើង នោះបង្ហាញថាយើងត្រៀមខ្លួនជាស្រេចដើម្បីជួយពួកគេ។
«តើពួកគេចង់បណ្ដេញយើងចេញដោយសម្ងាត់ឬ?» (សកម្មភាព ១៦:៣៥-៤០)
១៦. នៅព្រឹកបន្ទាប់ពីប៉ូលនិងស៊ីឡាសត្រូវគេវាយ តើមានស្ថានភាពបញ្ច្រាសគ្នាយ៉ាងណា?
១៦ លុះព្រឹកឡើង បន្ទាប់ពីវាយប៉ូលនិងស៊ីឡាស ពួកអាជ្ញាធរស៊ីវិលក៏បង្គាប់ឲ្យដោះលែង ពួកគាត់។ ប៉ុន្តែ ប៉ូលនិយាយថា៖ «យើងជាពលរដ្ឋរ៉ូម តែពួកគេបានវាយយើងនឹងរំពាត់ជាសាធារណៈ ដោយមិនទាន់ទាំងវិនិច្ឆ័យទោស រួចបោះយើងទៅក្នុងគុក។ ឥឡូវនេះ តើពួកគេចង់បណ្ដេញយើងចេញដោយសម្ងាត់ឬ? ទេ! ចូរឲ្យពួកគេមកនាំយើងចេញដោយខ្លួនឯង»។ ពេលដឹងថាបុរសទាំងពីរនាក់នោះជាពលរដ្ឋរ៉ូម ពួកអាជ្ញាធរស៊ីវិល«ក៏ភ័យខ្លាច» ពីព្រោះពួកគេបានរំលោភសិទ្ធិមនុស្ស។ d ប៉ុន្តែ ឥឡូវស្ថានភាពគឺបញ្ច្រាសគ្នា។ ពួកអាជ្ញាធរស៊ីវិលបានវាយពួកអ្នកកាន់តាមគ្រិស្តជាសាធារណៈ ដូច្នេះពួកគេក៏ត្រូវសុំទោសពួកអ្នកកាន់តាមគ្រិស្តជាសាធារណៈវិញដែរ។ ពួកអាជ្ញាធរស៊ីវិលបានអង្វរប៉ូលនិងស៊ីឡាសឲ្យចាកចេញពីក្រុងភីលីព។ ពួកគាត់ទាំងពីរនាក់ព្រមធ្វើតាមការអង្វររបស់ពួកអាជ្ញាធរ។ ប៉ុន្តែ ជាដំបូងពួកគាត់បានឆ្លៀតពេលទៅលើកទឹកចិត្តក្រុមអ្នកជឿថ្មីដែលកំពុងកើនឡើង រួចមកទើបពួកគាត់ចាកចេញពីក្រុងភីលីព។
១៧. តាមរយៈការសង្កេតមើលការស៊ូទ្រាំរបស់ប៉ូលនិងស៊ីឡាស តើពួកអ្នកកាន់តាមថ្មីអាចរៀនមេរៀនដ៏សំខាន់អ្វី?
១៧ ប្រសិនបើមុននោះប៉ូលនិងស៊ីឡាសប្រើសិទ្ធិជាពលរដ្ឋរ៉ូម នោះពួកគាត់ប្រហែលជាមិនបានត្រូវគេវាយទេ។ (សកម្ម. ២២:២៥, ២៦) ប៉ុន្តែ បើពួកគាត់ធ្វើដូច្នេះតាំងពីដំបូង ប្រហែលជាធ្វើឲ្យពួកអ្នកកាន់តាមខ្លះនៅក្រុងភីលីពគិតថា ពួកគាត់ប្រើសិទ្ធិជាពលរដ្ឋរ៉ូមដើម្បីរួចផុតពីទុក្ខលំបាកដែលមកពីការកាន់តាមគ្រិស្ត។ តើនេះអាចប៉ះពាល់យ៉ាងណាដល់ជំនឿរបស់ពួកអ្នកកាន់តាម ដែលមិនមែនជាពលរដ្ឋរ៉ូម? ពីព្រោះច្បាប់រ៉ូមមិនជួយការពារពួកគេពីការវាយធ្វើបាបទេ។ ដូច្នេះ ប៉ូលនិងដៃគូរួមការងារបានស៊ូទ្រាំនឹងការដាក់ទណ្ឌកម្ម ដើម្បីទុកគំរូដល់ពួកអ្នកជឿថ្មីឲ្យបន្តកាន់ជំហរមាំមួន ទោះជាស្ថិតនៅក្រោមការបៀតបៀនក្ដី។ បន្ថែមទៅទៀត ពួកគាត់បានទាមទារឲ្យពួកអាជ្ញាធរស៊ីវិលទទួលស្គាល់សិទ្ធិជាពលរដ្ឋរ៉ូមរបស់ពួកគាត់ ដើម្បីបង្ខំឲ្យពួកអាជ្ញាធរទាំងនោះសារភាពជាសាធារណៈថា ពួកគេបានរំលោភបំពានលើច្បាប់។ នេះប្រហែលជាធ្វើឲ្យពួកអាជ្ញាធរស៊ីវិល មិនសូវហ៊ានវាយធ្វើបាបបងប្អូនរួមជំនឿផ្សេងទៀតនៅពេលក្រោយមក ហើយក៏បានផ្ដល់នូវការការពារតាមផ្លូវច្បាប់មួយកម្រិតដល់បងប្អូនទាំងនោះ ដើម្បីកុំឲ្យមានការបៀតបៀននៅថ្ងៃមុខ។
១៨. (ក) តើសព្វថ្ងៃពួកអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំគ្រិស្តសាសនិកធ្វើតាមគំរូរបស់ប៉ូលតាមរបៀបណា? (ខ) តើយើង«ធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់»យ៉ាងដូចម្ដេច?
១៨ នៅសព្វថ្ងៃ ពួកអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំគ្រិស្តសាសនិក ក៏ទុកគំរូល្អក្នុងការនាំមុខដែរ។ ពួកគាត់ស្ម័គ្រចិត្តធ្វើកិច្ចការណាក៏ដោយ ដែលពួកគាត់ចង់ឲ្យបងប្អូនរួមជំនឿធ្វើតាម។ ស្រដៀងគ្នានឹងប៉ូល យើងត្រូវគិតពិចារណាយ៉ាងដិតដល់អំពីរបៀបនិងពេលណា ដែលត្រូវប្រើសិទ្ធិរបស់យើងតាមផ្លូវច្បាប់ដើម្បីការពារខ្លួន។ បើចាំបាច់យើងក៏ត្រូវប្ដឹងទៅតុលាការក្នុងស្រុក តុលាការថ្នាក់ជាតិ និងរហូតដល់តុលាការអន្តជាតិ ដើម្បីទទួលបានសិទ្ធិការពារតាមផ្លូវច្បាប់ក្នុងការគោរព ប្រណិប័តន៍ព្រះយេហូវ៉ា។ គោលបំណងរបស់យើងមិនមែនដើម្បីកែទម្រង់ក្នុងសង្គមទេ ប៉ុន្តែដើម្បី«ធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់» ដូចដែលប៉ូលបានសរសេរសំបុត្រទៅកាន់ក្រុមជំនុំនៅក្រុងភីលីព ប្រមាណជា១០ឆ្នាំក្រោយពីគាត់ជាប់គុកនៅទីនោះ។ (ភី. ១:៧) ក៏ប៉ុន្តែ ទោះជាការប្ដឹងផ្ដល់នៅតុលាការមានលទ្ធផលបែបណាក៏ដោយ ដូចប៉ូលនិងក្រុមរបស់គាត់ យើងប្ដេជ្ញាចិត្តបន្ត«ប្រកាសដំណឹងល្អ»នៅកន្លែងណាដែលឫទ្ធានុភាពរបស់ព្រះដឹកនាំយើង។—សកម្ម. ១៦:១០
a សូមមើលប្រអប់« លូកា ជាអ្នកសរសេរសៀវភៅសកម្មភាព»។
b ប្រហែលជនជាតិយូដាមិនបានត្រូវអនុញ្ញាតឲ្យមានសាលាប្រជុំនៅក្នុងក្រុងភីលីពទេ ដោយសារមានទាហានជើងចាស់ប្រចាំការនៅទីនោះ ឬដោយសារមានបុរសជនជាតិយូដាមិនគ្រប់ចំនួន១០នាក់ (ដើម្បីមានសាលាប្រជុំមួយ យ៉ាងហោចណាស់ត្រូវការបុរសជនជាតិយូដា១០នាក់)។
c សូមមើលប្រអប់« លីឌា ជាអ្នកលក់ក្រណាត់ពណ៌ស្វាយ»។
d យោងតាមច្បាប់រ៉ូម ពលរដ្ឋរ៉ូមមានសិទ្ធិទទួលបាននូវការជំនុំជម្រះដោយយុត្តិធម៌ជានិច្ច ហើយពលរដ្ឋរ៉ូមមិនអាចត្រូវដាក់ទោសជាសាធារណៈមុនការវិនិច្ឆ័យក្ដីឡើយ។