ជំពូកទី១៨
‹បើស្វែងរកព្រះ នោះនឹងរកលោកឃើញ›
ប៉ូលផ្សព្វផ្សាយ ដោយប្រើចំណុចដែលអ្នកស្ដាប់នឹងយល់ស្រប
មានមូលដ្ឋានលើសកម្មភាព ១៧:១៦-៣៤
១-៣. (ក) ពេលសាវ័កប៉ូលនៅក្រុងអាថែន ហេតុអ្វីគាត់ទើសចិត្តជាខ្លាំង? (ខ) តាមរយៈការពិនិត្យមើលគំរូរបស់ប៉ូល តើយើងអាចរៀនអ្វីខ្លះ?
ប៉ូលមានអារម្មណ៍ទើសចិត្តជាខ្លាំង ពេលគាត់នៅក្រុងអាថែនក្នុងស្រុកក្រិច។ ក្រុងនោះជាមជ្ឈមណ្ឌលសិក្សា និងជាកន្លែងដែលសូក្រាត ប្លាតុង និងអារីស្តូតបានបង្រៀន។ ក្រុងអាថែនជាក្រុងដ៏ល្បីបំផុតខាងសាសនា។ នៅគ្រប់កន្លែង មិនថាក្នុងវិហារ ទីលានសាធារណៈ ឬនៅតាមដងផ្លូវទេ ប៉ូលឃើញរូបព្រះជាច្រើនប្រភេទដែលអ្នកក្រុងអាថែនគោរពបូជា។ ប៉ូលដឹងច្បាស់ថាព្រះយេហូវ៉ាដែលជាព្រះពិត មានទស្សនៈយ៉ាងណាចំពោះការគោរពបូជារូបព្រះ។ (ដច. ២០:៤, ៥) សាវ័កដ៏ស្មោះត្រង់រូបនេះមានទស្សនៈដូចព្រះយេហូវ៉ា គឺគាត់ស្អប់រូបព្រះ!
២ អ្វីដែលប៉ូលបានឃើញ ពេលគាត់ចូលទៅក្នុងផ្សារឬទីប្រជុំជនក្រុងអាថែន គឺពិតជាធ្វើឲ្យគាត់ភ្ញាក់ផ្អើលក្រៃលែង។ រូបសំណាកអវយវៈភេទជាច្រើនរបស់ព្រះហឺមេសបានត្រូវដាក់តាំងជាជួរ នៅខាងជើងឆៀងខាងលិចជិតខ្លោងទ្វារធំចូលផ្សារ។ រីឯនៅក្នុងផ្សារវិញ គឺពេញទៅដោយរូបសំណាកនិងទីបូជារូបព្រះ។ តើសាវ័កដ៏ខ្នះខ្នែងនេះនឹងនិយាយយ៉ាងណា ដើម្បីផ្សព្វផ្សាយដល់អស់អ្នកដែលកំពុងគោរពបូជារូបព្រះទាំងនោះ? តើគាត់នឹងសង្កត់ចិត្ត ហើយលើកចំណុចដែលពួកគេនឹងយល់ស្របឬទេ? តើគាត់អាចជួយអស់អ្នកដែលស្វែងរកព្រះពិត ឲ្យរកលោកឃើញបានទេ?
៣ ពាក្យសម្ដីរបស់ប៉ូលទៅកាន់ពួកអ្នកមានចំណេះដឹងនៅក្រុងអាថែន បានត្រូវកត់ទុកក្នុងសកម្មភាព ១៧:២២-៣១ ដែលជាគំរូមួយស្ដីអំពីការនិយាយយ៉ាងប៉ិនប្រសប់ ការទាក់ទាញចិត្ត និងការវែកញែក។ តាមរយៈការពិនិត្យមើលគំរូរបស់ប៉ូល យើងអាចរៀនច្រើនអំពីរបៀបរកចំណុចដែលអ្នកស្ដាប់នឹងយល់ស្រប ហើយជួយពួកគេឲ្យចេះវែកញែក។
ការបង្រៀន«នៅឯផ្សារ» (សកម្មភាព ១៧:១៦-២១)
៤, ៥. តើប៉ូលផ្សព្វផ្សាយនៅឯណាក្នុងក្រុងអាថែន? ហើយតើគាត់បានជួបអ្នកស្ដាប់បែបណា?
៤ ប៉ូលបានមកក្រុងអាថែនក្នុងដំណើរជាសាសនទូតលើកទី២ ប្រហែលនៅឆ្នាំ៥០ គ.ស.។ a អំឡុងពេលដែលប៉ូលរង់ចាំស៊ីឡាសនិងធីម៉ូថេមកពីក្រុងបេរៀ គាត់ក៏«ចាប់ផ្ដើមជជែកវែកញែកជាមួយនឹងជនជាតិយូដានៅសាលាប្រជុំ» ដូចដែលគាត់តែងតែធ្វើជាញឹកញាប់។ គាត់ក៏បានទៅ«ផ្សារ»ឬទីប្រជុំជន ដើម្បីជួបអ្នកក្រុងអាថែនដែលមិនមែនជាជនជាតិយូដា។ (សកម្ម ១៧:១៧) ផ្សារក្នុងក្រុងអាថែនដែលស្ថិតនៅខាងជើងឆៀងខាងលិចនៃតំបន់អាក្រូប៉ូលិស មានផ្ទៃដីទំហំប្រាំ ហិចតាឬច្រើនជាងនេះ។ ផ្សារនៅទីនោះមិនគ្រាន់តែជាកន្លែងលក់ដូរប៉ុណ្ណោះទេ តែក៏ជាទីលានសាធារណៈរបស់ក្រុងដែរ។ សៀវភៅយោងមួយរៀបរាប់ថា កន្លែងនោះជា«មជ្ឈមណ្ឌលខាងសេដ្ឋកិច្ច នយោបាយ និងវប្បធម៌របស់ក្រុង»។ ពួកអ្នកក្រុងអាថែនចូលចិត្តជួបជុំគ្នានៅទីនោះ ហើយជជែកដេញដោលគ្នាខាងចំណេះដឹង។
៥ នៅឯផ្សារ ប៉ូលកំពុងជួបពួកអ្នកស្ដាប់ដែលមិនងាយជឿសម្ដីរបស់អ្នកឯទៀត។ ក្នុងចំណោមពួកគេ មានក្រុមអេពីគួនិងក្រុមស្តូអ៊ីក ដែលមកពីសាលាទស្សនវិជ្ជា។ b ក្រុមទាំងពីរនេះតែងតែមានទស្សនៈប្រឆាំងគ្នា។ ក្រុមអេពីគួជឿថាជីវិតកើតឡើងដោយចៃដន្យ បើនិយាយជារួមពួកគេមានទស្សនៈថា៖ «មិនចាំបាច់ខ្លាចព្រះទេ។ ពេលស្លាប់ទៅគ្មានអារម្មណ៍អ្វីឡើយ។ យើងអាចធ្វើអំពើល្អ ហើយអាចទ្រាំនឹងអំពើអាក្រក់»។ រីឯក្រុមស្តូអ៊ីក ពួកគេផ្ដោតទៅលើហេតុនិងផល ហើយពួកគេមិនជឿថាព្រះជាបុគ្គលមួយរូបឡើយ។ ទាំងក្រុមអេពីគួទាំងក្រុមស្តូអ៊ីកមិនជឿទៅលើការប្រោសឲ្យរស់ឡើងវិញ ដូចដែលពួកអ្នកកាន់តាមគ្រិស្តបានបង្រៀនទេ។ ជាក់ស្ដែងណាស់ថាទស្សនៈរបស់ក្រុមទាំងពីរនេះ គឺផ្ទុយទាំងស្រុងពីសេចក្ដីពិតដ៏មានតម្លៃរបស់គ្រិស្តសាសនិកពិតដែលប៉ូលកំពុងផ្សព្វផ្សាយ។
៦, ៧. ពេលបញ្ញវន្តជនជាតិក្រិចខ្លះឮសេចក្ដីបង្រៀនរបស់ប៉ូល តើពួកគេមានប្រតិកម្មយ៉ាងណា? ហើយនៅសព្វថ្ងៃ តើយើងប្រហែលជាជួបនឹងមនុស្សដែលមានប្រតិកម្មស្រដៀងគ្នានោះយ៉ាងណា?
៦ តើពួកបញ្ញវន្តជនជាតិក្រិចមានប្រតិកម្មយ៉ាងណាចំពោះអ្វីដែលប៉ូលបង្រៀន? អ្នកខ្លះហៅប៉ូលថា«អ្នកព្រោកប្រាជ្ញ» ឬ«អ្នកប្រមូលគ្រាប់ពូជ»។ (សកម្ម. ១៧:១៨) បណ្ឌិតម្នាក់បានពន្យល់អត្ថន័យពាក្យភាសាក្រិចនេះថា៖ «ដើមឡើយពាក្យនេះបានត្រូវប្រើក្នុងការពណ៌នាអំពីបក្សីតូចមួយ ដែលហើរឆ្វែលចុះឆ្វែលឡើងដើម្បីពាំគ្រាប់ធញ្ញជាតិ ហើយក្រោយមកពាក្យនេះបានត្រូវប្រើដើម្បីសំដៅទៅលើមនុស្សដែលប្រមូលអាហារសេសសល់ និងរើសអ្វីដែលគេឈប់ប្រើនៅឯផ្សារ។ ប៉ុន្តែក្រោយមកទៀត ពាក្យនេះបានត្រូវប្រើជាន័យធៀប សំដៅទៅលើមនុស្សដែលចេះតែប្រមូលព័ត៌មានពីនេះពីនោះយកមកនិយាយ ជាពិសេសមនុស្សដែលនិយាយទាំងមិនយល់ព័ត៌មានដែលខ្លួនបានប្រមូលមក»។ តាមពិតពួកបញ្ញវន្តទាំងនោះចង់និយាយថា ប៉ូលជាមនុស្សល្ងង់ដែលចេះតែនិយាយតាមពាក្យរបស់អ្នកឯទៀត។ ប៉ុន្តែ ដូចអ្វីដែលយើងនឹងរៀន ប៉ូលមិនភ័យខ្លាចចំពោះពាក្យដៀលត្មះទាំងនោះឡើយ។
៧ នៅសព្វថ្ងៃនេះ ក៏មិនខុសគ្នាដែរ។ ក្នុងនាមជាសាក្សីព្រះយេហូវ៉ា ជារឿយៗយើងឮមនុស្សឯទៀតដាក់ងារឲ្យយើងដោយប្រើពាក្យប្រមាថមើលងាយ ព្រោះតែយើងជឿអ្វីដែលគម្ពីរចែង។ ជាឧទាហរណ៍ សាស្ត្រាចារ្យខ្លះបង្រៀនថាការវិវត្តន៍គឺជារឿងពិត ហើយខំនិយាយបញ្ចុះបញ្ចូលយ៉ាងខ្លាំងថា បើអ្នកជាមនុស្សឆ្លាត អ្នកនឹងព្រមទទួលយកទ្រឹស្ដីនៃរឿងនេះ។ តាមពិត ពួកគេហៅអ្នកដែលមិនព្រមជឿលើការវិវត្តន៍ថា ជាមនុស្សល្ងង់។ ពួកអ្នកដែលមានការអប់រំដូចនោះចង់ឲ្យមនុស្សឯទៀតគិតថា ‹យើងជាអ្នករើសប្រមូលគ្រាប់› ពេលយើងប្រាប់ពួកគេអំពីអ្វីដែលមានចែងក្នុងគម្ពីរ ឬលើក បញ្ជាក់ភ័ស្តុតាងដែលមាននៅក្នុងធម្មជាតិ។ ប៉ុន្តែ យើងមិនភ័យខ្លាចឡើយ។ ផ្ទុយទៅវិញ យើងនិយាយការពារជំនឿរបស់យើងដោយមានទំនុកចិត្ត ស្ដីអំពីរឿងដែលថាជីវិតទាំងឡាយនៅផែនដីគឺជាស្នាដៃរបស់ព្រះយេហូវ៉ា ដែលជាអ្នកបង្កើតដ៏មានប្រាជ្ញា។—បប. ៤:១១
៨. (ក) អ្នកខ្លះទៀតដែលបានស្ដាប់ការថ្លែងរបស់ប៉ូល តើពួកគេមានប្រតិកម្មយ៉ាងណា? (ខ) ហេតុអ្វីបានជាអ្នកខ្លះនាំប៉ូលទៅអារីយ៉ូស? (សូមមើលកំណត់សម្គាល់)
៨ ចំណែកអ្នកខ្លះទៀតដែលបានស្ដាប់ការថ្លែងរបស់ប៉ូលនៅឯផ្សារ ពួកគេយល់ខុសគ្នាពីបញ្ញវន្តទាំងនោះ។ ពួកគេគិតថា៖ «តាមមើលទៅ គាត់ផ្សព្វផ្សាយអំពីព្រះដទៃ»។ (សកម្ម. ១៧:១៨) តើប៉ូលពិតជាកំពុងប្រាប់អំពីព្រះថ្មីដល់អ្នកក្រុងអាថែនឬ? បើមែន ពិតជារឿងធ្ងន់ធ្ងរណាស់ ពីព្រោះនោះស្រដៀងនឹងការចោទប្រកាន់កាលពីប៉ុន្មានរយឆ្នាំមុន ដែលនាំឲ្យសូក្រាតត្រូវគេកាត់ទោសប្រហារជីវិត។ ដូច្នេះ មិនគួរឲ្យភ្ញាក់ផ្អើលឡើយ កាលដែលអ្នកខ្លះបាននាំប៉ូលទៅអារីយ៉ូស ហើយសុំប៉ូលឲ្យពន្យល់សេចក្ដីបង្រៀនដែលស្ដាប់ទៅចម្លែកចំពោះអ្នកក្រុងអាថែន។ c តើតាមរបៀបណាប៉ូលអាចនិយាយការពារដំណឹង ដែលគាត់បានប្រាប់ដល់ពួកអ្នកស្ដាប់ដែលមិនធ្លាប់ឮអំពីគម្ពីរ?
«អ្នកក្រុងអាថែនអើយ ខ្ញុំសង្កេតឃើញថា . . . » (សកម្មភាព ១៧:២២, ២៣)
៩-១១. (ក) តើប៉ូលបានលើកចំណុចអ្វីខ្លះដែលអ្នកស្ដាប់យល់ស្រប? (ខ) តើយើងអាចយកតម្រាប់ប៉ូលក្នុងកិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច?
៩ ដូចបានរៀបរាប់នៅដើមជំពូកនេះ ប៉ូលមានការទើសចិត្តជាខ្លាំង ពេលឃើញមនុស្សគោរពបូជារូបព្រះយ៉ាងព្រោងព្រាត។ ប៉ុន្តែ ជាជាងនិយាយវាយប្រហារពួកគេចំពោះការគោរពបូជារូបព្រះទាំងនោះ ប៉ូលព្យាយាមរក្សាចិត្តស្ងប់។ បន្ទាប់មក គាត់និយាយយ៉ាងប៉ិនប្រសប់ ដោយលើកចំណុចដែលអ្នកស្ដាប់យល់ស្រប ដើម្បីទាក់ទាញចិត្តពួកគេ។ គាត់ចាប់ផ្ដើមដោយប្រើពាក្យថា៖ «អ្នកក្រុងអាថែនអើយ ខ្ញុំសង្កេតឃើញថា អ្នករាល់គ្នាហាក់ដូចជាមានចិត្តកោតខ្លាចព្រះផ្សេងៗជាងអ្នកឯទៀត»។ (សកម្ម. ១៧:២២) ក្នុងន័យមួយ ប៉ូលកំពុងនិយាយថា‹ខ្ញុំឃើញថាអ្នករាល់គ្នា ជាមនុស្សគោរពសាសនាខ្លាំងណាស់›។ ជាដំបូង ប៉ូលនិយាយយ៉ាងឈ្លាសវៃ ដោយសរសើរពួកគេដែលចូលចិត្តអ្វីៗខាងសាសនា។ គាត់យល់ថាមនុស្សមួយចំនួន ដែលប្រៀបដូចជាងងឹតភ្នែកដោយសារសេចក្ដីបង្រៀនរបស់សាសនាមិនពិត ក៏អាចទទួលយកសេចក្ដីពិតបានដែរ ពីព្រោះពីមុនគាត់ផ្ទាល់ធ្លាប់«ប្រព្រឹត្តដោយល្ងង់ខ្លៅ និងគ្មានជំនឿ»។—១ធី. ១:១៣
១០ ប៉ូលបានសង្កេតមើលអ្វីផ្សេងៗដែលពួកអ្នកក្រុងអាថែនប្រើក្នុងការគោរពបូជា នេះធ្វើឲ្យគាត់ដឹងអំពីជំនឿរបស់ពួកគេ។ ហេតុនេះ បន្ទាប់ពីបានលើកចំណុចដែលពួកគេយល់ស្រប ប៉ូលក៏និយាយថាគាត់បានឃើញទីបូជាមួយ ដែលមានអក្សរចារឹកថា«ជូនព្រះដែលគេមិនស្គាល់»។ ប្រភពមួយបានរៀបរាប់ថា៖ «ជនជាតិក្រិចនិងជនជាតិផ្សេងទៀតមានទម្លាប់សង់ទីបូជាជូនដល់‹ព្រះដែលគេ មិនស្គាល់› ពីព្រោះពួកគេខ្លាចថាខ្លួនបានភ្លេចព្រះខ្លះក្នុងការគោរពបូជារបស់ខ្លួន ហើយអាចធ្វើឲ្យព្រះទាំងនោះខឹង»។ តាមរយៈទីបូជាដូចនោះ ពួកអ្នកក្រុងអាថែនបានទទួលស្គាល់ថា មានព្រះមួយដែលពួកគេមិនស្គាល់។ ប៉ូលប្រើប្រធានបទអំពីទីបូជានោះធ្វើជាមូលដ្ឋាន ដើម្បីភ្ជាប់ទៅកាន់ដំណឹងល្អដែលគាត់កំពុងផ្សព្វផ្សាយ។ គាត់បានពន្យល់ថា៖ «ខ្ញុំកំពុងផ្សព្វផ្សាយប្រាប់អ្នករាល់គ្នាអំពីលោកដែលអ្នករាល់គ្នាកំពុងគោរពបូជាដោយមិនស្គាល់នោះ»។ (សកម្ម. ១៧:២៣) ការវែកញែករបស់ប៉ូលមិនស្មុគស្មាញទេ តែមានឥទ្ធិពលខ្លាំងទៅលើចិត្ត។ គាត់មិនមែនកំពុងផ្សព្វផ្សាយអំពីព្រះថ្មីដូចអ្នកខ្លះចោទប្រកាន់ឡើយ ប៉ុន្តែគាត់កំពុងពន្យល់អំពីព្រះដែលពួកគេមិនស្គាល់នោះ គឺជាព្រះពិត។
១១ តើយើងអាចយកតម្រាប់ប៉ូលក្នុងកិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច? បើយើងចេះសង្កេតមើល យើងប្រហែលជាដឹងថាម្ចាស់ផ្ទះកាន់សាសនាអ្វី តាមរយៈវត្ថុដែលគាត់ពាក់ ឬដាក់តាំងក្នុងផ្ទះ ឬដាក់នៅទីធ្លាផ្ទះជាដើម។ ក្នុងករណីបែបនេះ យើងអាចនិយាយថា‹ខ្ញុំឃើញថា អ្នកជាមនុស្សគោរពសាសនា។ ខ្ញុំចូលចិត្តនិយាយជាមួយអ្នកដែលកាន់សាសនា›។ ពេលយើងដឹងអំពីអារម្មណ៍របស់ម្ចាស់ផ្ទះចំពោះសាសនារបស់គាត់ នោះយើងអាចរកចំណុចដែលគាត់នឹងយល់ស្រប ដើម្បីបន្តការសន្ទនា។ សូមចាំថាយើងមិនវិនិច្ឆ័យអ្នកឯទៀតទុកជាមុន ដោយផ្អែកលើជំនឿ សាសនារបស់ពួកគេទេ។ ក្នុងចំណោមយើង បងប្អូនរួមជំនឿជាច្រើនក៏ធ្លាប់ជឿយ៉ាងខ្លាំងលើសេចក្ដីបង្រៀនរបស់សាសនាមិនពិតដែរ។
ព្រះ«មិននៅឆ្ងាយពីយើងម្នាក់ៗទេ» (សកម្មភាព ១៧:២៤-២៨)
១២. តើប៉ូលបានកែប្រែវិធីអ្វីខ្លះក្នុងការនិយាយដើម្បីឲ្យសមជាមួយអ្នកស្ដាប់?
១២ ប៉ូលបានបង្កើតចំណុចដែលអ្នកស្ដាប់យល់ស្រប ប៉ុន្តែតើគាត់នៅតែអាចរក្សាចំណុចរួមនោះដើម្បីបន្តការសន្ទនាឬទេ? ប៉ូលដឹងថាពួកអ្នកដែលស្ដាប់គាត់មានការអប់រំពីទស្សនវិជ្ជារបស់ក្រិច ហើយពួកគេមិនធ្លាប់ស្គាល់បទគម្ពីរទេ។ ដូច្នេះ គាត់បានកែប្រែវិធីក្នុងការនិយាយ ដើម្បីឲ្យសមជាមួយអ្នកស្ដាប់។ ទី១ គាត់ប្រាប់ពីសេចក្ដីបង្រៀនក្នុងគម្ពីរ តែមិននិយាយថាដកស្រង់ពីបទគម្ពីរទេ។ ទី២ គាត់បានដាក់ខ្លួននៅក្នុងចំណោមអ្នកស្ដាប់ ដោយសារពេលខ្លះគាត់បានប្រើពាក្យថា«យើង»។ ទី៣ គាត់បានដកស្រង់ពីសៀវភៅសិក្សារបស់ក្រិច ដើម្បីបង្ហាញថាអ្វីមួយចំនួនដែលគាត់កំពុងបង្រៀននេះ ក៏មាននៅក្នុងសៀវភៅរបស់ពួកគេដែរ។ សូមឲ្យយើងពិចារណាសម្ដីដ៏មានឥទ្ធិពលរបស់ប៉ូល។ ពេលប៉ូលនិយាយអំពីព្រះដែលពួកអ្នកក្រុងអាថែនមិនស្គាល់ តើគាត់ចង់បញ្ជាក់អំពីសេចក្ដីពិតដ៏សំខាន់អ្វី?
១៣. តើប៉ូលបានពន្យល់យ៉ាងណាអំពីដើមកំណើតនៃសកលលោក? ហើយតើសម្ដីរបស់គាត់បញ្ជាក់អំពីអ្វី?
១៣ ព្រះបានបង្កើតសកលលោក។ ប៉ូលនិយាយថា៖ «ព្រះដែលបានបង្កើតពិភពលោកនិងអ្វីៗទាំងអស់ក្នុងពិភពលោក មិននៅក្នុងវិហារដែលធ្វើដោយដៃមនុស្សឡើយ ព្រោះលោកជាម្ចាស់មេឃនិងផែនដី»។ d (សកម្ម. ១៧:២៤) សកលលោកមិនមែនកើតឡើងដោយចៃដន្យទេ។ ព្រះដ៏ពិតគឺជាអ្នកដែលបានបង្កើតអ្វីៗទាំងអស់។ (ចសព. ១៤៦:៦) ព្រះអាធីណាឬបណ្ដាព្រះឯទៀតពឹងផ្អែកទៅលើវិហារ ទីបូជា ឬអាសនៈដើម្បីទទួលសិរីរុងរឿង។ ប៉ុន្តែ ម្ចាស់ដ៏ឧត្តមបំផុតនៃស្ថានសួគ៌និងផែនដី មិនអាស្រ័យនៅក្នុងវិហារដែលធ្វើដោយដៃមនុស្សឡើយ។ (១បស. ៨:២៧) អ្វីដែលប៉ូលនិយាយគឺបញ្ជាក់ថា ព្រះពិតគឺធំជាងនិងខ្ពង់ខ្ពស់ជាងរូបព្រះទាំងអស់ក្នុងវិហារ ដែលមនុស្សបានបង្កើតទៅទៀត។—អេ. ៤០:១៨-២៦
១៤. តើប៉ូលបានបង្ហាញយ៉ាងដូចម្ដេចថា ព្រះមិនពឹងផ្អែកលើមនុស្ស?
១៤ ព្រះមិនពឹងផ្អែកលើមនុស្សឡើយ។ ពួកអ្នកគោរពបូជារូបព្រះមានទម្លាប់យកសម្លៀកបំពាក់ល្អៗមកពាក់ឲ្យរូបព្រះរបស់ពួកគេ ព្រមទាំងជូនសម្ភារៈថ្លៃៗ ឬជូនចំណីអាហារ និងភេសជ្ជៈជាដើម ហាក់ដូចជារូបព្រះពួកគេត្រូវការរបស់ទាំងនេះ! ប៉ុន្តែ ទស្សនវិទូក្រិចខ្លះដែលបានស្ដាប់ប៉ូល ប្រហែលជាគិតថាព្រះមិនត្រូវការអ្វីពីមនុស្សទេ។ បើដូច្នេះ ពួកគេច្បាស់ជាយល់ស្របជាមួយនឹងពាក្យសម្ដីរបស់ប៉ូល ដែលគាត់បាននិយាយថា ព្រះមិនត្រូវការ«ឲ្យមនុស្សបម្រើលោក ហាក់បីដូចជាលោកត្រូវការអ្វីមួយ»ឡើយ។ តាមការពិត គ្មានអំណោយអ្វីដែលមនុស្សអាចជូនដល់ព្រះជាអ្នកបង្កើតពួកគេបានទេ! ផ្ទុយទៅវិញ គឺលោកដែលបានផ្ដល់នូវអ្វីៗដ៏ចាំបាច់សម្រាប់មនុស្ស គឺផ្ដល់«ជីវិត ដង្ហើម និងអ្វីៗទាំងអស់» នេះរួមបញ្ចូលទាំងដួងអាទិត្យ ទឹកភ្លៀង និងដីដ៏មានជីជាតិ។ (សកម្ម. ១៧:២៥; ដក. ២:៧) ដូច្នេះ ព្រះដែលជាអ្នកឲ្យ លោកមិនពឹងផ្អែកលើមនុស្សដែលជាអ្នកទទួលឡើយ។
១៥. ស្ដីអំពីទស្សនៈរបស់ពួកអ្នកក្រុងអាថែនដែលគិតថាពួកគេប្រសើរជាងជនជាតិឯទៀត តើប៉ូលបានលើកបញ្ជាក់ចំណុចអ្វី? ហើយតើយើងអាចទាញមេរៀនដ៏សំខាន់អ្វីពីគំរូរបស់គាត់?
១៥ ព្រះបានបង្កើតមនុស្ស។ ពួកអ្នកក្រុងអាថែនជឿថា ពួកគេប្រសើរជាងជនជាតិឯទៀត។ ប៉ុន្តែ មោទនភាពជាតិ ឬមោទនភាពពូជសាសន៍ គឺផ្ទុយនឹងសេចក្ដីបង្រៀនក្នុងគម្ពីរ។ (បច. ១០:១៧) ប៉ូលបានលើកឡើងអំពីរឿងដ៏រសើបនេះ តាមរបៀបដែលទាក់ទាញចិត្តនិងយ៉ាងប៉ិនប្រសប់។ ពេលប៉ូលនិយាយថា៖ «[ព្រះ]បានបង្កើតជនជាតិទាំងឡាយពីបុរសតែមួយ» នោះមុខជាបានធ្វើឲ្យអ្នកស្ដាប់គិតពិចារណា។ (សកម្ម. ១៧:២៦) ប៉ូលបានសំដៅទៅលើកំណត់ហេតុក្នុងសៀវភៅដើមកំណើតអំពីអាដាម ដែលជាបុព្វបុរសរួមរបស់មនុស្សទាំងអស់។ (ដក. ១:២៦-២៨) ដោយសារមនុស្សគ្រប់រូបមកពីបុព្វបុរសតែមួយ ដូច្នេះគ្មានជាតិសាសន៍ណាល្អជាងជាតិសាសន៍ណាទេ។ អស់អ្នកដែលស្ដាប់ប៉ូលច្បាស់ជាយល់នូវចំណុចដែលប៉ូលបានលើកឡើង។ យើងអាចរៀនមេរៀនដ៏សំខាន់មួយពីគំរូរបស់គាត់។ ពេលដែលយើងផ្សព្វផ្សាយ យើងចង់និយាយដោយប៉ិនប្រសប់ និងដោយសមហេតុសមផល។ ប៉ុន្តែ យើងមិនចង់បន្ថែមបន្ថយសេចក្ដីពិតក្នុងគម្ពីរ ដើម្បីឲ្យអ្នកស្ដាប់ស្រួលទទួលយកជាងនូវអ្វីដែលយើងនិយាយនោះទេ។
១៦. តើព្រះដែលជាអ្នកបង្កើតមានគោលបំណងអ្វីសម្រាប់មនុស្ស?
១៦ ព្រះមានគោលបំណងឲ្យមនុស្សចូលមកជិតលោក។ ទោះជាក្នុងចំណោមអស់អ្នកដែលស្ដាប់ប៉ូល មានទស្សនវិទូខ្លះដែលបានជជែកវែកញែកគ្នាជាយូរមកហើយ អំពីមូលហេតុដែលមនុស្សមានជីវិត ពួកគេនៅតែមិនអាចពន្យល់អំពីរឿងនោះបានយ៉ាងគាប់ចិត្តឡើយ។ ប៉ុន្តែ ប៉ូលបានបញ្ជាក់យ៉ាងច្បាស់នូវគោលបំណងរបស់ព្រះជាអ្នកបង្កើតសម្រាប់មនុស្សជាតិ ដោយនិយាយថា៖ «ប្រសិនបើពួកគេស្វះស្វែងរកលោក នោះពួកគេនឹងរកលោកឃើញ ព្រោះតាមពិត លោកមិននៅឆ្ងាយពីយើងម្នាក់ៗទេ»។ (សកម្ម. ១៧:២៧) ទោះជាពួកអ្នកក្រុងអាថែនមិនទាន់ស្គាល់ព្រះក៏ដោយ នេះមិនមានន័យថាពួកគេមិនអាចស្គាល់លោកនោះទេ ពីព្រោះ លោកមិននៅឆ្ងាយពីអស់អ្នកដែលពិតជាចង់ស្វែងរកលោក និងចង់រៀនអំពីលោកឡើយ។ (ចសព. ១៤៥:១៨) សូមកត់សម្គាល់ថា ប៉ូលបានប្រើពាក្យ«យើង» មានន័យថាគាត់កំពុងរួមបញ្ចូលខ្លួនគាត់ក្នុងចំណោមអស់អ្នក ដែលមានបំណង«ស្វែងរក»ព្រះ។
១៧, ១៨. ហេតុអ្វីមនុស្សគួរមានអារម្មណ៍ចង់ជិតស្និទ្ធជាមួយព្រះ? ហើយតើយើងអាចរៀនអ្វីពីវិធីដែលប៉ូលទាក់ទាញចិត្តអ្នកស្ដាប់?
១៧ មនុស្សគួរមានអារម្មណ៍ចង់ជិតស្និទ្ធជាមួយព្រះ។ ហេតុអ្វី? ពីព្រោះប៉ូលបាននិយាយថា ដោយសារលោក«ទើបមានយើង ហើយគឺដោយសារលោក ទើបយើងមានជីវិត ក៏អាចធ្វើចលនាផង»។ បណ្ឌិតខ្លះប្រាប់ថា ប៉ូលកំពុងសំដៅទៅលើពាក្យរបស់លោកអ៊ីភីមេនេឌីស ដែលជាកវីជនជាតិក្រិចនៅសតវត្សរ៍ទី៦ មុនគ.ស. និងជា«បុគ្គលដ៏សំខាន់ម្នាក់ក្នុងប្រពៃណីសាសនារបស់ពួកអ្នកក្រុងអាថែន»។ ប៉ូលបានលើកឡើងនូវមូលហេតុមួយទៀត ដែលមនុស្សគួរមានអារម្មណ៍ចង់ជិតស្និទ្ធជាមួយព្រះ។ គាត់និយាយថា៖ «ដូចកវីខ្លះរបស់អ្នករាល់គ្នាថា៖ ‹ព្រោះយើងក៏ជាកូនរបស់លោកដែរ›»។ (សកម្ម. ១៧:២៨) ម្ល៉ោះហើយ មនុស្សគួរមានអារម្មណ៍ស្និទ្ធស្នាលជាមួយនឹងព្រះ ពីព្រោះយើងទាំងអស់គ្នាជាកូនចៅរបស់បុព្វបុរសដំបូង ដែលព្រះបានបង្កើត។ ដើម្បីទាក់ទាញចិត្តអ្នកស្ដាប់ ប៉ូលបានដកស្រង់យ៉ាងល្អពីក្នុងសំណេរភាសាក្រិច ដែលអស់អ្នកស្ដាប់ទំនងជាឲ្យតម្លៃយ៉ាងខ្លាំង។ e ដូចប៉ូលដែរ ជួនកាលយើងអាចលើកចំណុចពីក្នុងសៀវភៅប្រវត្តិសាស្ត្រ សព្វវចនាធិប្បាយ ឬពីសៀវភៅផ្សេងទៀតដែលមនុស្សទទួលស្គាល់។ ជាឧទាហរណ៍ ពេលយើងនិយាយដកស្រង់យ៉ាង សមរម្យពីសៀវភៅល្បីឈ្មោះណាមួយ នោះយើងប្រហែលជាជួយអ្នកស្ដាប់ដែលមិនមែនជាសាក្សី ឲ្យយល់អំពីដើមកំណើតនៃទំនៀមទម្លាប់ និងពិធីផ្សេងៗរបស់សាសនាមិនពិត។
១៨ មកដល់ត្រឹមនេះ ប៉ូលបានរៀបរាប់សេចក្ដីពិតសំខាន់ៗអំពីព្រះ ថែមទាំងកែសម្រួលវិធីក្នុងការនិយាយដើម្បីឲ្យសមជាមួយអ្នកស្ដាប់។ តើសាវ័កប៉ូលចង់ឲ្យអ្នកស្ដាប់នៅក្រុងអាថែនធ្វើអ្វី ពេលពួកគេឮព័ត៌មានដ៏សំខាន់នេះ? ដោយមិនបង្អង់យូរ ប៉ូលចាប់ផ្ដើមពន្យល់ពួកគេតទៅទៀត។
‹មនុស្សនៅគ្រប់ទីកន្លែងត្រូវប្រែចិត្ត› (សកម្មភាព ១៧:២៩-៣១)
១៩, ២០. (ក) តើតាមរបៀបណាប៉ូលបាននិយាយយ៉ាងសមហេតុសមផល ដើម្បីបង្ហាញថាការគោរពបូជារូបព្រះដែលធ្វើឡើងដោយដៃមនុស្សគឺជាការល្ងង់ខ្លៅ? (ខ) តើអស់អ្នកដែលស្ដាប់ប៉ូលត្រូវចាត់វិធានការអ្វី?
១៩ ប៉ូលត្រៀមខ្លួនជាស្រេច ដើម្បីជំរុញចិត្តអ្នកស្ដាប់ឲ្យចាត់វិធានការ។ ប៉ូលបន្តវែកញែកដោយសំដៅលើសំណេរភាសាក្រិចដែលគាត់បានដកស្រង់ពីមុន ដោយនិយាយថា៖ «ដូច្នេះ ដោយសារយើងជាកូនរបស់ព្រះ យើងមិនគួរគិតថាព្រះគឺដូចជាមាស ឬប្រាក់ ឬថ្ម ដូចអ្វីដែលបានត្រូវឆ្លាក់តាមការនឹកឃើញរបស់មនុស្សទេ»។ (សកម្ម. ១៧:២៩) ប្រាកដណាស់ បើមនុស្សជាស្នាដៃរបស់ព្រះ តើអាចទៅរួចទេដែលព្រះគឺជារូបដែលជាស្នាដៃរបស់មនុស្សវិញ? ប៉ូលបានវែកញែកយ៉ាងសមហេតុសមផល ដោយលាតត្រដាងពីភាពអសារឥតការនៃការគោរពបូជារូបព្រះ ដែលមនុស្សបានបង្កើត។ (ចសព. ១១៥:៤-៨; អេ. ៤៤:៩-២០) ដោយសារប៉ូលបានប្រើពាក្យ«យើងមិនគួរគិតថា . . . » នោះបង្ហាញឲ្យឃើញថា គាត់បាននិយាយតាមរបៀបដែលមិនធ្វើឲ្យអ្នកស្ដាប់ទើសចិត្តខ្លាំងពេក។
២០ សាវ័កប៉ូលបានបញ្ជាក់យ៉ាងច្បាស់ថា ការចាត់វិធានការគឺជាការសំខាន់ចាំបាច់ណាស់ ដោយនិយាយថា៖ «ព្រះមិនបានប្រកាន់ទោសមនុស្សឡើយក្នុងគ្រាដែលពួកគេខ្វះចំណេះដឹង[ដោយគិតថាព្រះពេញចិត្តចំពោះការគោរពបូជារូបព្រះរបស់ពួកគេ] ប៉ុន្តែឥឡូវនេះ លោកកំពុងប្រាប់មនុស្សជាតិនៅគ្រប់ទីកន្លែងថា ពួកគេត្រូវប្រែចិត្ត»។ (សកម្ម. ១៧:៣០) ការប្រកាសផ្សាយរបស់ប៉ូលដើម្បីសុំឲ្យពួកគេប្រែចិត្ត នោះប្រហែលជាបានធ្វើឲ្យអ្នកខ្លះភ្ញាក់ផ្អើលជាខ្លាំង។ ប៉ុន្តែ ការពន្យល់ដ៏មានឥទ្ធិពលរបស់ប៉ូលបង្ហាញច្បាស់ថាពួកគេជំពាក់ជីវិតព្រះ ហេតុនេះពួកគេត្រូវទទួលខុសត្រូវចំពោះលោក។ ពួកគេត្រូវស្វែងរកព្រះ ហើយរៀនសេចក្ដីពិតអំពីលោក ព្រមទាំងកែប្រែរបៀបរស់នៅឲ្យស្របតាមសេចក្ដីពិត។ សម្រាប់ពួកអ្នកក្រុងអាថែន ជាការចាំបាច់ដែលពួកគេត្រូវដឹងថា ការគោរពបូជារូបព្រះគឺជាអំពើខុសឆ្គង ដូច្នេះពួកគេត្រូវឈប់គោរពបូជារូបព្រះទាំងនោះទៀត។
២១, ២២. តើប៉ូលបានបញ្ចប់សុន្ទរកថារបស់គាត់ដោយប្រើពាក្យដ៏មានឥទ្ធិពលអ្វី? ហើយហេតុអ្វីសម្ដីរបស់គាត់មានន័យយ៉ាងខ្លាំងសម្រាប់យើងនៅសព្វថ្ងៃ?
២១ ប៉ូលបានបញ្ចប់សុន្ទរកថារបស់គាត់ ដោយប្រើពាក្យដែលមានឥទ្ធិពលថា៖ «[ព្រះ]បានកំណត់ថ្ងៃមួយដែលលោកមានគោលបំណងវិនិច្ឆ័យពិភពលោកដោយសេចក្ដីសុចរិត តាមរយៈបុរសម្នាក់ដែលលោកបានតែងតាំង ហើយលោកបានផ្ដល់ការធានាដល់មនុស្សគ្រប់រូប ដោយប្រោសបុរសនោះឲ្យរស់ពីស្លាប់ឡើងវិញ»។ (សកម្ម. ១៧:៣១) ថ្ងៃវិនិច្ឆ័យនឹងមកដល់ នេះជាហេតុផលជាក់លាក់មួយដើម្បីស្វែងរកព្រះពិត! ប៉ូលមិនប្រាប់ឈ្មោះចៅក្រមដែលព្រះបានតែង តាំងនោះទេ។ ប៉ុន្តែ គាត់បាននិយាយអំពីអ្វីដ៏អស្ចារ្យអំពីចៅក្រមនោះថា លោកធ្លាប់រស់នៅជាមនុស្ស រួចមកស្លាប់ ក្រោយមកព្រះបានប្រោសលោកឲ្យរស់ឡើងវិញ!
២២ ការបញ្ចប់ដ៏គួរឲ្យជំរុញចិត្តនេះ គឺមានន័យខ្លាំងណាស់សម្រាប់យើងនៅសព្វថ្ងៃ។ យើងដឹងថាចៅក្រមដែលព្រះបានតែងតាំងនោះ គឺជាលោកយេស៊ូគ្រិស្តដែលព្រះបានប្រោសឲ្យរស់ឡើងវិញ។ (យ៉ូន. ៥:២២) យើងក៏ដឹងដែរថា ថ្ងៃវិនិច្ឆ័យគឺមានរយៈពេល១.០០០ឆ្នាំ ហើយថ្ងៃនោះកាន់តែជិតមកដល់ហើយ។ (បប. ២០:៤, ៦) យើងមិនភ័យខ្លាចថ្ងៃវិនិច្ឆ័យទេ ពីព្រោះយើងជឿជាក់ថា ថ្ងៃនោះនឹងនាំមកនូវពរដែលហួសពីការនឹកស្មាន ដល់អស់អ្នកដែលបានត្រូវវិនិច្ឆ័យថាជាមនុស្សស្មោះត្រង់។ ការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញគឺជាអព្ភូតហេតុដ៏អស្ចារ្យបំផុត ហើយនេះជាការធានាថា សេចក្ដីសង្ឃឹមរបស់យើងអំពីអនាគតដ៏រុងរឿងនឹងក្លាយជាពិត!
«អ្នកខ្លះ . . . បានទៅជាអ្នកជឿ» (សកម្មភាព ១៧:៣២-៣៤)
២៣. តើសុន្ទរកថារបស់ប៉ូលធ្វើឲ្យមនុស្សមានប្រតិកម្មខុសគ្នាយ៉ាងណា?
២៣ សុន្ទរកថារបស់ប៉ូលធ្វើឲ្យអ្នកស្ដាប់មានប្រតិកម្មខុសៗគ្នា។ ពេលពួកគេឮអំពីការប្រោសឲ្យរស់ឡើងវិញ «ពួកគេខ្លះចាប់ផ្ដើមចំអកឲ្យគាត់» រីឯអ្នកខ្លះទៀតបង្ហាញសុជីវធម៌ តែមិនសម្រេចចិត្តច្បាស់លាស់ទេ ដោយប្រាប់ថា៖ «យើងនឹងស្ដាប់អ្នកនិយាយអំពីរឿងនេះតទៅទៀតនៅពេលក្រោយ»។ (សកម្ម. ១៧:៣២) ទោះជាយ៉ាងណាក្ដី មនុស្សមួយចំនួនមានប្រតិកម្មល្អចំពោះដំណឹងដែលប៉ូលផ្សាយ។ គម្ពីរចែងថា៖ «អ្នកខ្លះនៅជាប់នឹងគាត់ ហើយក៏បានទៅជាអ្នកជឿ រួមមានឌីយ៉ូនីស ជាចៅក្រមម្នាក់នៅតុលាការអារីយ៉ូស និងស្ត្រីម្នាក់ឈ្មោះដាម៉ារីស ក៏មានអ្នកឯទៀតផងដែរ»។ (សកម្ម. ១៧:៣៤) ពេលយើងចូលរួមក្នុងកិច្ចផ្សព្វផ្សាយ យើងក៏ជួបមនុស្សដែលមានប្រតិកម្មដូចនោះដែរ។ អ្នកខ្លះប្រហែលជាសើចចំអកឲ្យយើង ចំណែកអ្នកខ្លះទៀតនិយាយគួរសម តែមិនចាប់អារម្មណ៍។ យ៉ាងណាក៏ដោយ យើងរំភើបចិត្តណាស់ ពេលអ្នកណាម្នាក់ព្រមទទួលយកដំណឹងរាជាណាចក្រ ហើយទៅជាអ្នកបម្រើព្រះយេហូវ៉ា។
២៤. តើយើងអាចរៀនអ្វីពីសុន្ទរកថារបស់ប៉ូលទៅកាន់ពួកអ្នកស្ដាប់នៅអារីយ៉ូស?
២៤ ពេលយើងរំពឹងគិតនូវពាក្យសម្ដីរបស់ប៉ូល យើងអាចរៀនច្រើនអំពីការលើកចំណុចដ៏សមហេតុសមផលដែលអ្នកស្ដាប់យល់ស្រប ព្រមទាំងការចេះវែកញែកដែលនាំឲ្យជឿជាក់ និងការចេះកែសម្រួលស្របតាមអ្នកស្ដាប់។ លើសពីនេះទៅទៀត យើងអាចរៀនអំពីសារៈសំខាន់នៃការមានចិត្តអត់ធ្មត់ និងការនិយាយយ៉ាងប៉ិនប្រសប់ដល់អស់អ្នកដែលប្រៀបដូចជាងងឹតភ្នែក ដោយសារជំនឿសាសនាមិនពិត។ យើងក៏អាចរៀនមេរៀនសំខាន់មួយទៀតដែរគឺ យើងមិនត្រូវពត់សេចក្ដីពិតដើម្បីតម្រូវចិត្តអ្នកស្ដាប់ទេ។ ប៉ុន្តែ ពេលយើងធ្វើតាមគំរូរបស់ប៉ូល នោះយើងអាចមានភាពប៉ិនប្រសប់កាន់តែខ្លាំងក្នុងកិច្ចបម្រើផ្សាយ។ រីឯពួកអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំវិញ ពួកគាត់អាចទៅជាអ្នកថ្លែង ឬអ្នកបង្រៀនដែលប្រកបដោយគុណភាពខ្ពស់សម្រាប់បងប្អូន។ បើយើងទាំងអស់គ្នាធ្វើដូច្នេះ នោះយើងនឹងត្រៀមខ្លួនយ៉ាងល្អដើម្បីជួយមនុស្សឯទៀត ឲ្យ‹ស្វែងរកព្រះ នោះនឹងរកលោកឃើញ›។—សកម្ម. ១៧:២៧
a សូមមើលប្រអប់« ក្រុងអាថែន ជាមជ្ឈមណ្ឌលវប្បធម៌នៃពិភពលោកសម័យបុរាណ»។
b សូមមើលប្រអប់« ក្រុមអេពីគួនិងក្រុមស្តូអ៊ីក»។
c អារីយ៉ូសស្ថិតនៅខាងជើងឆៀងខាងលិចនៃតំបន់អាក្រូប៉ូលិស។ ទីនោះជាកន្លែងដែលក្រុមប្រឹក្សាសំខាន់ៗនៃក្រុងអាថែនតែងតែប្រជុំគ្នា។ ពាក្យ«អារីយ៉ូស»អាចសំដៅទៅលើក្រុមប្រឹក្សា ឬសំដៅទៅលើភ្នំអារីយ៉ូសតែម្ដង។ ដូច្នេះ មានការជជែកវែកញែកគ្នារវាងពួកបណ្ឌិតថា តើប៉ូលបានត្រូវនាំទៅភ្នំនោះឬទៅជិតភ្នំនោះ ឬមួយបានត្រូវនាំទៅជួបក្រុមប្រឹក្សា (ប្រហែលជានៅក្នុងទីប្រជុំជន)។
d ពាក្យក្រិចដែលបកប្រែថា«ពិភពលោក» គឺខូស្មូស។ ពាក្យនេះជាភាសាក្រិចគឺសំដៅលើសកលលោកទាំងមូល។ ប៉ូលប្រហែលជាបានប្រើពាក្យនេះ ដើម្បីបន្តរក្សាចំណុចរួមក្នុងការនិយាយជាមួយពួកអ្នកស្ដាប់ដែលជាជនជាតិក្រិច។
e ប៉ូលបានដកស្រង់កំណាព្យអំពីភពផ្កាយមានចំណងជើងថាហ្វីណោមីណា ដែលតែងដោយកវីអឺរ៉ាតឹសនៅក្នុងក្រុមស្តូអ៊ីក។ ស្រដៀងគ្នាដែរ ពាក្យនោះក៏មាននៅក្នុងសំណេរភាសាក្រិចឯទៀត រួមបញ្ចូលចម្រៀងសរសើរព្រះសឺស ដែលតែងដោយអ្នកនិពន្ធឃ្លីនថេសនៅក្នុងក្រុមស្តូអ៊ីក។