លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១០

«បណ្ដាំរបស់ព្រះយេហូវ៉ាបានដុះដាល»

«បណ្ដាំរបស់ព្រះយេហូវ៉ាបានដុះដាល»

ពេត្រុស​បាន​ត្រូវ​រំដោះ ហើយ​ការ​បៀតបៀន​មិន​អាច​បញ្ឈប់​ដំណឹង​ល្អ​មិន​ឲ្យ​រីក​សុសសាយ​ទេ

មាន​មូលដ្ឋាន​លើ​សកម្មភាព ១២:១​-​២៥

១​-​៤. តើ​ពេត្រុស​ប្រឈម​មុខ​នឹង​ស្ថានភាព​ដ៏​ពិបាក​អ្វី? ហើយ​បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ដូច​គាត់ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា?

 ទ្វារ​ដែក​ដ៏​ធំ​បាន​បិទ​ពី​ក្រោយ​ពេត្រុស ឮ​សូរ​តែ​ក្ឌាំង។ គាត់​ជាប់​ច្រវាក់​ជា​មួយ​ទាហាន​រ៉ូម​ពីរ​នាក់​ដែល​យាម​គាត់។ ពួក​គេ​កំពុង​នាំ​ខ្លួន​គាត់​ទៅ​ដាក់​ក្នុង​បន្ទប់​គុក​មួយ។ បន្ទាប់​មក គាត់​ត្រូវ​ស៊ូ​ទ្រាំ​អស់​រាប់​ម៉ោង ឬ​ប្រហែល​ជា​អស់​ច្រើន​ថ្ងៃ ដើម្បី​រង់​ចាំ​មើល​ថា​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​គាត់។ គ្មាន​អ្វី​ឲ្យ​គាត់​មើល​ក្រៅ​ពី​ជញ្ជាំង ចម្រឹង ច្រវាក់ និង​ឆ្មាំ​គុក​នោះ​ទេ។

នៅ​ទី​បំផុត ពេត្រុស​បាន​ទទួល​ដំណឹង​ដ៏​អាក្រក់។ ស្ដេច​ហេរ៉ូឌ​អាគ្រីប៉ា​ទី​១ សម្រេច​ចិត្ត​ប្រហារ​ជីវិត​ពេត្រុស។ a គម្រោង​របស់​អាគ្រីប៉ា គឺ​ក្រោយ​ពី​ចប់​បុណ្យ​រំលង គាត់​នឹង​នាំ​ពេត្រុស​មក​ឈរ​នៅ​ចំពោះ​មុខ​មហា​ជន​ដើម្បី​ប្រហារ​ជីវិត ទុក​ជា​អំណោយ​ផ្គាប់​ចិត្ត​បណ្ដា​ជន។ នេះ​មិន​មែន​ជា​ការ​គំរាម​កំហែង​ទេ តែ​គាត់​នឹង​ធ្វើ​មែន ពីព្រោះ​ថ្មី​ៗ​នេះ​អ្នក​គ្រប់​គ្រង​ដដែល​នោះ ក៏​បាន​ប្រហារ​ជីវិត​យ៉ាកុប ដែល​ជា​សាវ័ក​ដូច​ពេត្រុស​ដែរ។

នៅ​ល្ងាច​មុន​ការ​ប្រហារ​ជីវិត​មក​ដល់ តើ​ពេត្រុស​កំពុង​គិត​អ្វី​នៅ​ក្នុង​បន្ទប់​គុក​ដ៏​ងងឹត​អួអាប់? តើ​គាត់​កំពុង​នឹក​គិត​អំពី​រឿង​ច្រើន​ឆ្នាំ​មុន ដែល​លោក​យេស៊ូ​ធ្លាប់​ប្រាប់​ថា នៅ​ថ្ងៃ​ណា​មួយ​គាត់​នឹង​ត្រូវ​គេ​ចង ហើយ​នាំ​ទៅ​កន្លែង​ដែល​គាត់​មិន​ចង់​ទៅ ពោល​គឺ​នឹង​ត្រូវ​គេ​សម្លាប់​ឬ​ទេ? (​យ៉ូន. ២១:១៨, ១៩​) ពេត្រុស​ប្រហែល​ជា​ឆ្ងល់​ថា តើ​ថ្ងៃ​នោះ​បាន​មក​ដល់​ហើយ​ឬ​យ៉ាង​ណា។

បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ដូច​ពេត្រុស តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា? មនុស្ស​ជា​ច្រើន​ច្បាស់​ជា​ខក​ចិត្ត ហើយ​អស់​សង្ឃឹម។ ប៉ុន្តែ សម្រាប់​អ្នក​កាន់​តាម​ដ៏​ស្មោះ​របស់​លោក​យេស៊ូ​គ្រិស្ត តើ​មាន​ស្ថានភាព​ណា​មួយ​ដែល​ពិត​ជា​អស់​សង្ឃឹម​ឬ​ទេ? ស្ដី​អំពី​ការ​បៀតបៀន​នោះ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ ពី​ប្រតិកម្ម​របស់​ពេត្រុស​និង​បង​ប្អូន​រួម​ជំនឿ​ឯ​ទៀត? សូម​យើង​ពិនិត្យ​មើល។

​«​ក្រុម​ជំនុំ​បាន​អធិដ្ឋាន​អង្វរ​ព្រះ​យ៉ាង​អស់​ពី​ចិត្ត​»​ (​សកម្មភាព ១២:១​-​៥​)

៥, ៦. ​(​ក​) ហេតុ​អ្វី​ស្ដេច​ហេរ៉ូឌ​អាគ្រីប៉ា​ទី​១​វាយ​ប្រហារ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក ហើយ​ដោយ​របៀប​ណា? (​ខ​) ហេតុ​អ្វី​បាន​ជា​ការ​ស្លាប់​របស់​យ៉ាកុប​ជា​ការ​សាក​ល្បង​សម្រាប់​ក្រុម​ជំនុំ?

ដូច​យើង​បាន​រៀន​ក្នុង​ជំពូក​មុន ការ​ប្រែ​ចិត្ត​របស់​កូនេលាស​ដែល​ជា​ជន​ជាតិ​ដទៃ និង​ក្រុម​គ្រួសារ​របស់​គាត់ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​មួយ​សម្រាប់​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ ប៉ុន្តែ ជនជាតិ​យូដា​ដែល​មិន​ជឿ​ច្បាស់​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ ពេល​ដឹង​ថា​ឥឡូវ​គ្រិស្ត​សាសនិក​ជា​ច្រើន​ដែល​ជា​ជនជាតិ​យូដា កំពុង​គោរព​ប្រណិប័តន៍​ព្រះ​ជា​មួយ​ជន​ជាតិ​ដទៃ ជា​សាធារណៈ។

ហេរ៉ូឌ​ដែល​ជា​អ្នក​នយោបាយ​ដ៏​វៃ​ឆ្លាត​នេះ​ឃើញ​ថា នេះ​ជា​ឱកាស​ល្អ​ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ជនជាតិ​យូដា។ ដូច្នេះ គាត់​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រិស្ត​សាសនិក។ គាត់​ច្បាស់​ជា​បាន​ដឹង​ថា សាវ័ក​យ៉ាកុប​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក​យេស៊ូ ជា​មូល​ហេតុ​ដែល​គាត់​«​សម្លាប់​យ៉ាកុប​ជា​បង​ប្រុស​របស់​យ៉ូហាន​ដោយ​ដាវ​»។ (​សកម្ម. ១២:២​) នេះ​ជា​ការ​សាក​ល្បង​មួយ​សម្រាប់​ក្រុម​ជំនុំ! យ៉ាកុប​ជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​បី​នាក់ ដែល​បាន​ឃើញ​ការ​ផ្លាស់​ប្រែ​លក្ខណៈ​ក្រៅ​របស់​លោក​យេស៊ូ និង​អព្ភូតហេតុ​ផ្សេង​ទៀត ដែល​សាវ័ក​ឯ​ទៀត​មិន​បាន​ឃើញ។ (​ម៉ាថ. ១៧:១, ២; ម៉ាក. ៥:៣៧​-​៤២​) លោក​យេស៊ូ​បាន​ហៅ​យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន​ប្រុស​យ៉ាកុប​ថា​«​កូន​ផ្គរ​លាន់​»​ ដោយ​សារ​ពួក​គាត់​ជា​មនុស្ស​រឹង​មាំ​ស្វាហាប់។ (​ម៉ាក. ៣:១៧​) ពេល​យ៉ាកុប​ត្រូវ​គេ​សម្លាប់ ក្រុម​ជំនុំ​បាន​បាត់​បង់​សាក្សី​ដ៏​ក្លាហាន​និង​ស្មោះ​ត្រង់​ម្នាក់ ដែល​ជា​សាវ័ក​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ។

៧, ៨. ពេល​ដែល​ពេត្រុស​ជាប់​គុក តើ​ក្រុម​ជំនុំ​បាន​ធ្វើ​អ្វី?

ការ​ប្រហារ​ជីវិត​យ៉ាកុប​បាន​ធ្វើ​ឲ្យ​ជនជាតិ​យូដា​ពេញ​ចិត្ត ដូច​ដែល​អាគ្រីប៉ា​បាន​សង្ឃឹម​ទុក។ នេះ​បាន​ធ្វើ​ឲ្យ​គាត់​មាន​សន្ទុះ​ចិត្ត​កាន់​តែ​ខ្លាំង បាន​ជា​គាត់​តម្រង់​ទៅ​រក​ពេត្រុស​ជា​គោល​ដៅ​បន្ទាប់។ ដូច​បាន​រៀប​រាប់​នៅ​ដើម​ជំពូក​នេះ អាគ្រីប៉ា​បាន​ចាប់​ខ្លួន​ពេត្រុស​ដាក់​គុក។ យ៉ាង​ណា​ក៏​ដោយ អាគ្រីប៉ា​ទំនង​ជា​បាន​នឹក​ឃើញ​ថា គុក​មិន​អាច​ឃុំ​ពួក​សាវ័ក​ជាប់​ទេ ដូច​ដែល​បាន​រៀប​រាប់​ក្នុង​ជំពូក​ទី​៥។ ដូច្នេះ ហេរ៉ូឌ​អាគ្រីប៉ា​បាន​ឲ្យ​គេ​ដាក់​ច្រវាក់​ពេត្រុស​ជាប់​ជា​មួយ​នឹង​ទាហាន​២​នាក់ ព្រម​ទាំង​ដាក់​ឆ្មាំ​គុក​១៦​នាក់​ឲ្យ​ឆ្លាស់​វេន​គ្នា​យាម​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ប្រាកដ​ថា​ពេត្រុស​មិន​អាច​គេច​ខ្លួន​បាន។ ប្រសិន​បើ​ពេត្រុស​រត់​រួច ពួក​អ្នក​យាម​ទាំង​នោះ​នឹង​ត្រូវ​ទទួល​ទោស​ជំនួស​គាត់។ តើ​គ្រិស្ត​សាសនិក​ឯ​ទៀត​អាច​ធ្វើ​អ្វី​ក្រោម​ស្ថានភាព​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​បែប​នេះ?

ក្រុម​ជំនុំ​ដឹង​ច្បាស់​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ។ សកម្មភាព ១២:៥ ចែង​ថា​៖ ​«​ដូច្នេះ ពេត្រុស​ត្រូវ​គេ​ឃុំ​ទុក​ក្នុងគុក តែ​ក្រុម​ជំនុំ​បាន​អធិដ្ឋាន​អង្វរ​ព្រះ​យ៉ាង​អស់​ពី​ចិត្ត​ដើម្បី​គាត់​»។ ក្រុម​ជំនុំ​បាន​អធិដ្ឋាន​អង្វរ​ព្រះ​យ៉ាង​អស់​ពី​ដួង​ចិត្ត សម្រាប់​បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ។ មរណភាព​របស់​យ៉ាកុប មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​ក្នុង​ភាព​អស់​សង្ឃឹម​ឡើយ ហើយ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​គិត​ថា ការ​អធិដ្ឋាន​គ្មាន​ប្រយោជន៍​ដែរ។ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​អធិដ្ឋាន។ លោក​នឹង​តប​ឆ្លើយ បើ​ការ​អធិដ្ឋាន​នោះ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​ហេ. ១៣:១៨, ១៩; យ៉ា. ៥:១៦​) នេះ​ជា​មេ​រៀន​មួយ ដែល​គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ​គួរ​ចង​ចាំ។

៩. ស្ដី​អំពី​ការ​អធិដ្ឋាន តើ​អ្នក​អាច​រៀន​អ្វី​ពី​គំរូ​របស់​គ្រិស្ត​សាសនិក​ឯ​ទៀត​នៅ​សម័យ​ពេត្រុស?

តើ​អ្នក​ស្គាល់​បង​ប្អូន​រួម​ជំនឿ​ណា​ខ្លះ ដែល​កំពុង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ទេ? បង​ប្អូន​ខ្លះ​ប្រហែល​ជា​កំពុង​ស៊ូ​ទ្រាំ​ការ​បៀតបៀន ការ​ដាក់​បម្រាម​ពី​រដ្ឋាភិបាល និង​មហន្តរាយ​ធម្មជាតិ។ បើ​អ្នក​ស្គាល់ សូម​អធិដ្ឋាន​ឲ្យ​ពួក​គាត់​យ៉ាង​អស់​ពី​ចិត្ត។ អ្នក​ក៏​ប្រហែល​ជា​ស្គាល់​បង​ប្អូន​ខ្លះ ដែល​កំពុង​ជួប​ទុក្ខ​លំបាក​ដែល​មិន​សូវ​មាន​គេ​ដឹង ដូច​ជា​បញ្ហា​ក្នុង​ក្រុម​គ្រួសារ ការ​ធ្លាក់​ទឹក​ចិត្ត ឬ​ការ​ល្បង​ល​ខាង​ជំនឿ។ បើ​អ្នក​រំពឹង​គិត​មុន​អធិដ្ឋាន អ្នក​ប្រហែល​ជា​នឹក​ឃើញ​បង​ប្អូន​មួយ​ចំនួន ហើយ​លើក​ឈ្មោះ​ពួក​គាត់​ជម្រាប​ព្រះ​យេហូវ៉ា ជា​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិដ្ឋាន​»។ (​ចសព. ៦៥:២​) យ៉ាង​ណា​មិញ ពេល​អ្នក​ជួប​ទុក្ខ​លំបាក អ្នក​ក៏​ត្រូវ​ការ​ឲ្យ​បង​ប្អូន​ធ្វើ​ដូច​គ្នា​ដែរ។

យើង​អធិដ្ឋាន​ឲ្យ​បង​ប្អូន​ដែល​កំពុង​ជាប់​គុក​ដោយ​សារ​ជំនឿ

«​តាម​ខ្ញុំ​ឲ្យ​ជាប់​»​ (​សកម្មភាព ១២:៦​-​១១)

១០, ១១. សូម​រៀប​រាប់​អំពី​របៀប​ដែល​ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​នាំ​ពេត្រុស​ចេញ​ពី​គុក។

១០ តើ​ពេត្រុស​ព្រួយ​បារម្ភ​អំពី​គ្រោះ​ថ្នាក់​ដែល​គាត់​កំពុង​ប្រឈម​មុខ​ឬ​ទេ? យើង​មិន​ដឹង​ច្បាស់​ឡើយ តែ​នៅ​យប់​ចុង​ក្រោយ​ក្នុង​គុក ពេត្រុស​ដេក​លក់​យ៉ាង​ស្កប់​ស្កល់​នៅ​កណ្ដាល​ទាហាន​ពីរ​នាក់ ដែល​កំពុង​យាម​គាត់។ បុរស​ដ៏​មាន​ជំនឿ​ម្នាក់​នេះ​ជឿ​ជាក់​ថា មិន​ថា​ថ្ងៃ​ស្អែក​មាន​អ្វី​កើត​ឡើង​ទេ ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​គាត់​ជា​និច្ច។ (​រ៉ូម ១៤:៧, ៨​) ទោះ​ជា​យ៉ាង​ណា​ក្ដី ពេត្រុស​មិន​អាច​ដឹង​មុន​អំពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ដែល​ហៀប​នឹង​កើត​ឡើង​ឡើយ។ រំពេច​នោះ មាន​ពន្លឺ​មួយ​ភ្លឺ​ចាំង​ពេញ​ក្នុង​បន្ទប់​គុក ហើយ​ទេវតា​មួយ​រូប​បាន​លេច​មក​ឈរ​នៅ​ទី​នោះ។ តាម​មើល​ទៅ ពួក​ឆ្មាំ​គុក​មើល​មិន​ឃើញ​ទេវតា​នោះ​ទេ។ ទេវតា​ក៏​ដាស់​ពេត្រុស​ឲ្យ​ភ្ញាក់​យ៉ាង​លឿន ហើយ​ច្រវាក់​ដែល​ហាក់​ដូច​ជា​មិន​អាច​បំបែក​បាន បែរ​ជា​របូត​ចេញ​ពី​ដៃ​គាត់​ដោយ​ស្វ័យ​ប្រវត្តិ។

«​ពួក​គាត់ . . . ទៅ​ដល់​ទ្វារ​ដែក​ចូល​ក្រុង ហើយ​ទ្វារ​នោះ​ក៏​របើក​ឯង​នៅ​មុខ​ពួក​គាត់​»។—សកម្មភាព ១២:១០

១១ ទេវតា​បាន​ប្រាប់​ពេត្រុស​នូវ​បញ្ជា​ខ្លី​ៗ​ថា​៖ ​«​ក្រោក​ឡើង​ជា​ប្រញាប់! . . . ចូរ​រៀបចំ​ខ្លួន ហើយ​ពាក់​ស្បែក​ជើង។ . . . ចូរ​ពាក់​សម្លៀក​បំពាក់​ក្រៅ​»។ ពេត្រុស​បាន​ធ្វើ​តាម​យ៉ាង​រហ័ស។ ចុង​ក្រោយ ទេវតា​ប្រាប់​ថា​៖ ​«​តាម​ខ្ញុំ​ឲ្យ​ជាប់​»។ ដូច្នេះ ពេត្រុស​ក៏​តាម​យ៉ាង​ជាប់។ ពួក​គាត់​បាន​ចាក​ចេញ​ពី​បន្ទប់​គុក រួច​ដើរ​ខាង​ស្ដាំ​កាត់​កង​យាម​ផ្សេង​ៗ​ដែល​កំពុង​ប្រចាំ​ការ​នៅ​ខាង​ក្រៅ ហើយ​បន្ដ​ដំណើរ​យ៉ាង​ស្ងៀម​ស្ងាត់ ឆ្ពោះ​ទៅ​កាន់​ទ្វារ​ដែក​ដ៏​ធំ។ តើ​ពួក​គាត់​អាច​ឆ្លង​កាត់​ទ្វារ​ដែក​នោះ​ដោយ​របៀប​ណា? បើ​ពេត្រុស​ឆ្ងល់​ដូច​នោះ បន្តិច​ទៀត​គាត់​នឹង​ដឹង​ចម្លើយ។ កាល​ដែល​ពួក​គាត់​ទៅ​ដល់​ទ្វារ​ដែក ស្រាប់​តែ​ទ្វារ​នោះ​«​ក៏​របើក​ឯង​នៅ​មុខ​ពួក​គាត់​»។ ពួក​គាត់​ឆ្លង​ខ្លោង​ទ្វារ​យ៉ាង​លឿន ហើយ​ចេញ​មក​ដល់​ផ្លូវ​មួយ រួច​ទេវតា​នោះ​ក៏​បាត់​ទៅ។ ពេល​នេះ​នៅ​សល់​តែ​ពេត្រុស​ម្នាក់​ឯង ហើយ​ភ្លាម​នោះ​គាត់​ក៏​ដឹង​ថា អ្វី​ដែល​បាន​កើត​ឡើង​គឺ​ជា​ការ​ពិត មិន​មែន​ជា​ការ​ឃើញ​ក្នុង​គំនិត​ទេ។ ឥឡូវ គាត់​មាន​សេរី​ភាព​ហើយ!—សកម្ម. ១២:៧​-​១១

១២. ពេល​យើង​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ពេត្រុស ហេតុ​អ្វី​នេះ​សម្រាល​ទុក្ខ​យើង?

១២ ពេល​យើង​រំពឹង​គិត​អំពី​ឫទ្ធានុភាព​គ្មាន​ដែន​កំណត់ ដែល​ព្រះ​យេហូវ៉ា​ប្រើ​ដើម្បី​សង្គ្រោះ​អ្នក​បម្រើ​របស់​លោក នោះ​ពិត​ជា​សម្រាល​ទុក្ខ​ណាស់ មែន​ទេ? សូម​គិត អ្នក​ដែល​ចាប់​ពេត្រុស​ដាក់​គុក គឺ​ជា​ស្ដេច​ដែល​មាន​ការ​គាំទ្រ​ពី​កម្លាំង​រដ្ឋាភិបាល​ដ៏​ខ្លាំង​បំផុត​នៅ​ពេល​នោះ។ ប៉ុន្តែ ពេត្រុស​បែរ​ជា​អាច​ដើរ​ចេញ​ពី​គុក​យ៉ាង​ងាយ​ស្រួល! ប្រាកដ​ណាស់ ព្រះ​យេហូវ៉ា​មិន​ធ្វើ​អព្ភូតហេតុ​ដូច​នោះ សម្រាប់​អ្នក​បម្រើ​ទាំង​អស់​របស់​លោក​ទេ។ លោក​មិន​បាន​សង្គ្រោះ​យ៉ាកុប ហើយ​ក្រោយ​មក​ក៏​មិន​បាន​សង្គ្រោះ​ពេត្រុស​ដែរ នេះ​បាន​ធ្វើ​ឲ្យ​ប្រសាសន៍​របស់​លោក​យេស៊ូ​អំពី​ពេត្រុស ក្លាយ​ជា​ការ​ពិត។ គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ​មិន​រំពឹង​ថា នឹង​មាន​ការ​រំដោះ​ខ្លួន​ដោយ​អព្ភូតហេតុ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​ចាំ​មិន​ភ្លេច​ថា ព្រះ​យេហូវ៉ា​មិន​ប្រែ​ប្រួល​ឡើយ។ (​ម៉ាឡ. ៣:៦​) មិន​យូរ​ទៀត ព្រះ​នឹង​ប្រើ​បុត្រ​របស់​លោក​ឲ្យ​រំដោះ​មនុស្ស​រាប់​មិន​អស់ ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ដែល​ប្រៀប​ដូច​ជា​គុក​ដ៏​រឹង​មាំ ដែល​គ្មាន​អ្នក​ណា​អាច​រត់​រួច។ (​យ៉ូន. ៥:២៨, ២៩​) ពេល​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ​នៅ​សព្វ​ថ្ងៃ យើង​អាច​ទទួល​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង​ពី​សេចក្ដី​សន្យា​ទាំង​នេះ។

‹ពួក​គាត់​ឃើញ​ពេត្រុស ហើយ​ក៏​ភ្ញាក់​ផ្អើល​ជា​ខ្លាំង› (​សកម្មភាព ១២:១២​-​១៧​)

១៣​-​១៥. ​(​ក​) ពេល​ពេត្រុស​មក​ដល់ តើ​បង​ប្អូន​ដែល​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​ម៉ារៀ​មាន​ប្រតិកម្ម​យ៉ាង​ណា? (​ខ​) តើ​សៀវភៅ​សកម្មភាព​បាន​បែរ​ទៅ​ផ្ដោត​លើ​អ្នក​ណា​វិញ ហើយ​តើ​ពេត្រុស​នៅ​តែ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​បង​ប្អូន​រួម​ជំនឿ?

១៣ ពេត្រុស​កំពុង​ឈរ​នៅ​លើ​ផ្លូវ​ងងឹត ទាំង​គិត​ថា​ត្រូវ​ទៅ​កន្លែង​ណា។ បន្ទាប់​មក គាត់​ដឹង​អំពី​កន្លែង​ដែល​ត្រូវ​ទៅ។ នៅ​ក្បែរ​នោះ មាន​ផ្ទះ​របស់​ស្ត្រី​គ្រិស្ត​សាសនិក​ម្នាក់ ឈ្មោះ​ម៉ារៀ។ នាង​ទំនង​ជា​ស្ត្រី​មេម៉ាយ​មាន​ទ្រព្យ​សម្បត្តិ​គួរ​សម នាង​មាន​ផ្ទះ​ធំ​ល្មម​សម្រាប់​ក្រុម​ជំនុំ​ជួប​ជុំ​គ្នា។ នាង​គឺ​ជា​ម្ដាយ​របស់​យ៉ូហាន​ដែល​ហៅ​ថា​ម៉ាកុស។ នេះ​ជា​លើក​ដំបូង​ដែល​ឈ្មោះ​យ៉ូហាន​ហៅ​ថា​ម៉ាកុស បាន​ត្រូវ​លើក​ឡើង​ក្នុង​សៀវភៅ​សកម្មភាព ហើយ​ក្រោយ​មក​ពេត្រុស​បាន​ចាត់​ទុក​គាត់​ដូច​ជា​កូន​របស់​ខ្លួន។ (​១ពេ. ៥:១៣​) នៅ​យប់​នោះ បង​ប្អូន​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ​បាន​មក​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​របស់​ម៉ារៀ ហើយ​ទោះ​ជា​យប់​ជ្រៅ​ក៏​ដោយ ពួក​គាត់​កំពុង​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត។ ពួក​គាត់​ប្រាកដ​ជា​អធិដ្ឋាន​សុំ​ឲ្យ​ពេត្រុស​ចេញ​ពី​គុក ប៉ុន្តែ​ពួក​គាត់​មិន​ដឹង​ថា ព្រះ​យេហូវ៉ា​នឹង​ឆ្លើយ​តប​យ៉ាង​ណា​ទេ!

១៤ ពេត្រុស​បាន​មក​គោះ​ទ្វារ​របង​ខាង​មុខ​ផ្ទះ។ រួច​ស្ត្រី​បម្រើ​ម្នាក់​ឈ្មោះ​រ៉ូដា ជា​ភាសា​ក្រិច​មាន​ន័យ​ថា​«​កុលាប​»​ បាន​ចេញ​មក​ឯ​មាត់​ទ្វារ​របង។ នាង​ពិបាក​ជឿ​សំឡេង​ដែល​នាង​បាន​ឮ។ នោះ​ជា​សំឡេង​របស់​ពេត្រុស! ជា​ជាង​បើក​ទ្វារ​របង​ឲ្យ​ពេត្រុស​ចូល នាង​បែរ​ជា​រត់​ទៅ​ក្នុង​ផ្ទះ​វិញ​ដោយ​រំភើប​ចិត្ត ហើយ​ខំ​ប្រាប់​ក្រុម​ជំនុំ​ថា ពេត្រុស​នៅ​ខាង​មុខ​របង! ពួក​គាត់​និយាយ​ថា​នាង​វង្វេង​ហើយ តែ​នាង​នៅ​តែ​ទទូច​ប្រាប់​ថា ពេត្រុស​នៅ​ខាង​ក្រៅ។ ដោយ​ឃើញ​ដូច្នេះ អ្នក​ខ្លះ​ក៏​និយាយ​ថា នាង​ប្រហែល​ជា​ឮ​សំឡេង​ទេវតា​ដែល​តំណាង​ពេត្រុស។ (​សកម្ម. ១២:១២​-​១៥​) ខណៈ​នោះ ពេត្រុស​នៅ​តែ​គោះ​ទ្វារ​ឥត​ឈប់ រហូត​ដល់​ពួក​គាត់​ចេញ​មក​បើក​ទ្វារ​របង។

១៥ ពេល​ពួក​គាត់​បើក​ទ្វារ​ឃើញ​ពេត្រុស នោះ​«​ពួក​គាត់​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​»​! (​សកម្ម. ១២:​១៦​) ពួក​គាត់​សប្បាយ​ចិត្ត​ដល់​ម្ល៉េះ បាន​ជា​ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​ពួក​គាត់​នៅ​ស្ងៀម ដើម្បី​គាត់​អាច​រៀប​រាប់​រឿង​រ៉ាវ​របស់​ខ្លួន។ រួច​គាត់​សុំ​បង​ប្អូន​ទាំង​នោះ​ឲ្យ​យក​រឿង​នេះ ទៅ​ប្រាប់​យ៉ាកុប​និង​អ្នក​កាន់​តាម​ឯ​ទៀត។ បន្ទាប់​មក គាត់​ក៏​ចាក​ចេញ​ទៅ មុន​ពួក​ទាហាន​របស់​ហេរ៉ូឌ​រក​គាត់​ឃើញ។ ពេត្រុស​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ជាង។ សៀវភៅ​សកម្មភាព​មិន​មាន​ការ​និយាយ​អំពី​ពេត្រុស​ទៀត​ទេ ក្រៅ​តែ​អំពី​កំណត់​ហេតុ​នៃ​ការ​ជួយ​ដោះ​ស្រាយ​បញ្ហា​កាត់​ចុង​ស្បែក នៅ​ក្នុង​សកម្មភាព ជំពូក​ទី​១៥។ បន្ទាប់​មក សៀវភៅ​សកម្មភាព​បាន​ផ្ដោត​ទៅ​លើ​កិច្ច​ការ និង​ការ​ធ្វើ​ដំណើរ​របស់​សាវ័ក​ប៉ូល។ ទោះ​ជា​យ៉ាង​ណា​ក្ដី យើង​អាច​ប្រាកដ​ថា ពេត្រុស​បាន​ជួយ​ពង្រឹង​ជំនឿ​បង​ប្អូន​នៅ​គ្រប់​កន្លែង​ដែល​គាត់​ទៅ។ ពេល​គាត់​ចាក​ចេញ​ពី​បង​ប្អូន​ដែល​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​ម៉ារៀ ពួក​គាត់​ច្បាស់​ជា​មាន​អំណរ​ខ្លាំង​ណាស់។

១៦. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​នៅ​ថ្ងៃ​ខាង​មុខ មាន​ឱកាស​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​កាន់​តែ​អរ​សប្បាយ?

១៦ ពេល​ខ្លះ ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​អ្នក​បម្រើ​របស់​លោក ច្រើន​ជាង​អ្វី​ដែល​ពួក​គេ​រំពឹង​ទុក នេះ​ធ្វើ​ឲ្យ​ពួក​គេ​រំភើប​រីករាយ​ហួស​ពី​ការ​នឹក​ស្មាន។ នោះ​ជា​អារម្មណ៍ ដែល​បង​ប្អូន​រួម​ជំនឿ​របស់​ពេត្រុស​មាន​នៅ​យប់​នោះ។ សព្វ​ថ្ងៃ ជួន​កាល​យើង​ក៏​មាន​អារម្មណ៍​ដូច​នោះ​ដែរ ពេល​យើង​ទទួល​ពរ​ដ៏​លើស​លប់​ពី​ព្រះ​យេហូវ៉ា។ (​សុភ. ១០:២២​) នៅ​អនាគត យើង​នឹង​ឃើញ​សេចក្ដី​សន្យា​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា ក្លាយ​ជា​ការ​ពិត​ទូទាំង​ផែនដី។ អ្វី​ដ៏​អស្ចារ្យ​ដែល​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ គឺ​ប្រាកដ​ជា​ល្អ​ហួស​ពី​អ្វី​ដែល​យើង​អាច​ស្រមៃ​ឃើញ​នៅ​សព្វ​ថ្ងៃ​នេះ។ ដូច្នេះ ដរាប​ណា​យើង​បន្ត​ស្មោះ​ត្រង់ ដរាប​នោះ​យើង​អាច​ទន្ទឹង​រង់​ចាំ​ទទួល​ពរ​ជា​ច្រើន​នៅ​ថ្ងៃ​ខាង​មុខ។

​«​ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​មាន​ជំងឺ​»​ (​សកម្មភាព ១២:១៨​-​២៥​)

១៧, ១៨. តើ​អ្វី​ជា​ហេតុ​ដែល​នាំ​ឲ្យ​ក្រុម​មនុស្ស​ស្រែក​បញ្ជោរ​ហេរ៉ូឌ?

១៧ ពេល​ឮ​ថា​ពេត្រុស​រត់​ចេញ​ពី​គុក ហេរ៉ូឌ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង តែ​មិន​មែន​ដោយ​សារ​សប្បាយ​ចិត្ត​នោះ​ទេ។ ដូច្នេះ គាត់​ចេញ​បញ្ជា​ភ្លាម​ៗ​ឲ្យ​គេ​ស្រាវ​ជ្រាវ​រឿង​នោះ រួច​បង្គាប់​ឲ្យ​សួរ​ចម្លើយ​ពួក​អ្នក​យាម​ពេត្រុស។ ពួក​អ្នក​យាម​ទាំង​នោះ​បាន​ត្រូវ​នាំ​ទៅ​«​ដាក់​ទោស​»​ ទំនង​ជា​នាំ​ទៅ​ប្រហារ​ជីវិត។ (​សកម្ម. ១២:១៩​) ហេរ៉ូឌ​អាគ្រីប៉ា​មិន​បាន​ទុក​កេរ្តិ៍​ឈ្មោះ ជា​មនុស្ស​ដែល​មាន​ចិត្ត​មេត្តា​ឬ​ត្រា​ប្រណី​ឡើយ។ តើ​បុរស​ដ៏​ឃោរឃៅ​នេះ​នឹង​ត្រូវ​ដាក់​ទោស​នៅ​ថ្ងៃ​ណា​មួយ​ឬ​ទេ?

១៨ អាគ្រីប៉ា​ប្រហែល​ជា​អាម៉ាស់​មុខ ដែល​មិន​អាច​សម្លាប់​ពេត្រុស​បាន។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​គាត់​នឹង​មាន​ឱកាស​បញ្ចេញ​អំណួត​ម្ដង​ទៀត។ ថ្ងៃ​មួយ ពួក​សត្រូវ​ខ្លះ​ចង់​ផ្សះ​ផ្សា​ជា​មួយ​នឹង​គាត់ ម្ល៉ោះ​ហើយ​ពួក​គេ​ក៏​រៀបចំ​ពិធី​ការ​ទូត​មួយ ហើយ​អាគ្រីប៉ា​បាន​យក​ឱកាស​នោះ ដើម្បី​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​មហា​ជន​ដ៏​ច្រើន។ លូកា​បាន​រៀប​រាប់​ថា ក្នុង​ពិធី​នោះ​«​ហេរ៉ូឌ​បាន​ស្លៀក​ពាក់​សម្លៀក​បំពាក់​ស្ដេច​»។ យ៉ូសេហ្វឺស​ដែល​ជា​ប្រវត្តិ​វិទូ​ជនជាតិ​យូដា​បាន​សរសេរ​ថា សម្លៀក​បំពាក់​របស់​ហេរ៉ូឌ​ធ្វើ​ឡើង​ពី​ប្រាក់ ដូច្នេះ​នៅ​ពេល​ដែល​ពន្លឺ​ចាំង​ផ្លាត​មក​លើ​សម្លៀក​បំពាក់​គាត់ នោះ​មើល​ទៅ​គាត់​ពោរ​ពេញ​ដោយ​សិរី​រុង​រឿង។ រួច​មក អ្នក​នយោបាយ​ដ៏​ក្រអឺត​ក្រទម​នេះ ចាប់​ផ្ដើម​ថ្លែង​សុន្ទរកថា។ ក្រុម​មនុស្ស​ក៏​នាំ​គ្នា​ស្រែក​បញ្ជោរ​ហេរ៉ូឌ​ថា​៖ ​«​នេះ​ជា​សំឡេង​របស់​ព្រះ​មួយ មិន​មែន​ជា​សំឡេង​របស់​មនុស្ស​ទេ!​»។—សកម្ម. ១២:២០​-​២២

១៩, ២០. ​(​ក​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ដាក់​ទោស​ហេរ៉ូឌ? (​ខ​) តើ​កំណត់​ហេតុ​អំពី​មរណភាព​របស់​ហេរ៉ូឌ​អាគ្រីប៉ា សម្រាល​ទុក្ខ​យើង​យ៉ាង​ដូច​ម្ដេច?

១៩ តាម​ពិត​ពាក្យ​សរសើរ​បែប​នោះ គួរ​តែ​និយាយ​ដល់​ព្រះ​វិញ ហើយ​ព្រះ​កំពុង​មើល​អ្វី​ទាំង​នេះ! ហេរ៉ូឌ​មាន​ឱកាស​ជៀស​វាង​ពី​អន្តរាយ។ គាត់​អាច​ស្ដី​បន្ទាស​ក្រុម​មនុស្ស ឬ​យ៉ាង​ហោច​ណាស់ គាត់​មិន​យល់​ស្រប​ជា​មួយ​នឹង​ពួក​គេ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​សុភាសិត​បញ្ជាក់ បាន​កើត​ឡើង​ចំពោះ​គាត់ គឺ​«​អំណួត​នាំ​ឲ្យ​វិនាស​»។ (​សុភ. ១៦:១៨​) ​«​រំពេច​នោះ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​មាន​ជំងឺ​»​ ដែល​បណ្ដាល​ឲ្យ​បុរស​ដ៏​មាន​អំណួត​នេះ ស្លាប់​យ៉ាង​គួរ​ឲ្យ​ខ្ពើម​រអើម។ ខ្លួន​ប្រាណ​ហេរ៉ូឌ​‹ពេញ​ដោយ​ដង្កូវ​ចោះ ហើយ​គាត់​បាន​ដាច់​ខ្យល់​ស្លាប់​ទៅ›។ (​សកម្ម. ១២:២៣​) យ៉ូសេហ្វឺស​ក៏​បាន​កត់​សម្គាល់​ដែរ​ថា ស្ដេច​អាគ្រីប៉ា​ស្រាប់​តែ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​បាន​បន្ថែម​ទៀត​ថា​អាគ្រីប៉ា​ដឹង​ថា ខ្លួន​នឹង​ស្លាប់​ដោយ​សារ​តែ​ទទួល​ការ​សរសើរ​ពី​ក្រុម​មនុស្ស។ យោង​តាម​សំណេរ​របស់​យ៉ូសេហ្វឺស អាគ្រីប៉ា​បាន​រង​ការ​ឈឺ​ចាប់​ពី​ជំងឺ​អស់​ប្រាំ​ថ្ងៃ មុន​ពេល​គាត់​ស្លាប់។ b

២០ ជួន​កាល​មនុស្ស​ដែល​មិន​គោរព​កោត​ខ្លាច​ព្រះ ប្រព្រឹត្ត​អំពើ​អាក្រក់​សព្វ​បែប​យ៉ាង តែ​ហាក់​ដូច​ជា​មិន​បាន​ត្រូវ​ដាក់​ទោស​សោះ។ នោះ​មិន​គួរ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ទេ ដោយ​សារ​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច​»។ (​១​យ៉ូន. ៥:១៩​) ប៉ុន្តែ ពេល​ខ្លះ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​នៅ​តែ​ជួប​ទុក្ខ​លំបាក ខណៈ​ដែល​មនុស្ស​អាក្រក់​ហាក់​ដូច​ជា​បាន​រួច​ផុត​ពី​ការ​ផ្ដន្ទា​ទោស។ ក្នុង​ករណី​បែប​នេះ កំណត់​ហេតុ​ដែល​ទើប​តែ​បាន​លើក​ឡើង​នោះ គឺ​ពិត​ជា​ជួយ​សម្រាល​ទុក្ខ​មែន! កំណត់​ហេតុ​នេះ​ធ្វើ​ឲ្យ​យើង​ឃើញ​ថា ព្រះ​យេហូវ៉ា​កំពុង​ចាត់​វិធានការ ដោយ​រំលឹក​អ្នក​បម្រើ​លោក​ទាំង​អស់​ថា លោក​ជា​ព្រះ​ស្រឡាញ់​យុត្តិធម៌។ (​ចសព. ៣៣:៥​) មិន​យូរ​មិន​ឆាប់ យុត្តិធម៌​របស់​លោក​នឹង​មាន​នៅ​គ្រប់​ទី​កន្លែង។

២១. តើ​សៀវភៅ​សកម្មភាព ជំពូក​ទី​១២ មាន​មេ​រៀន​សំខាន់​អ្វី? ហើយ​ហេតុ​អ្វី​កំណត់​ហេតុ​នេះ អាច​សម្រាល​ទុក្ខ​យើង​នៅ​សព្វ​ថ្ងៃ?

២១ កំណត់​ហេតុ​នេះ​បញ្ចប់​ទៅ ដោយ​ផ្ដល់​នូវ​មេ​រៀន​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ថែម​ទៀត​ថា​៖ ​«​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​បាន​ដុះ​ដាល និង​ចម្រើន​កាន់​តែ​ច្រើន​ឡើង​»។ (​សកម្ម. ១២:២៤​) របាយការណ៍​អំពី​ការ​រីក​ចម្រើន​នៃ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នោះ ក៏​អាច​រំលឹក​យើង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា កំពុង​ឲ្យ​ពរ​មក​លើ​កិច្ច​ការ​ដូច​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ កំណត់​ហេតុ​ក្នុង​សៀវភៅ​សកម្មភាព ជំពូក​ទី​១២ មិន​មែន​ផ្ដោត​ទៅ​លើ​ការ​ស្លាប់​របស់​សាវ័ក​ណា​ម្នាក់ ឬ​ការ​រត់​គេច​ខ្លួន​របស់​សាវ័ក​ណា​មួយ​ឡើយ។ ប៉ុន្តែ គឺ​ផ្ដោត​ទៅ​លើ​ព្រះ​យេហូវ៉ា និង​ការ​ផ្ដួល​រំលំ​គម្រោង​របស់​សា​ថាន ដែល​ប៉ុន​ប៉ង​បំផ្លាញ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក និង​ដែល​រា​រាំង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​មិន​ឲ្យ​ជឿន​ទៅ​មុខ។ ការ​វាយ​ប្រហារ​របស់​វា​មិន​បាន​ជោគ​ជ័យ​ទេ ហើយ​គម្រោង​ការ​ណា​មួយ​របស់​វា ក៏​នឹង​ត្រូវ​បរាជ័យ​ទាំង​ស្រុង​ដែរ។ (​អេ. ៥៤:១៧​) ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​នៅ​ខាង​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ កំពុង​ចូល​រួម​ធ្វើ​កិច្ចការ​ដែល​គ្មាន​ថ្ងៃ​បរាជ័យ​ឡើយ។ នេះ​លើក​ទឹក​ចិត្ត​យើង​ណាស់ មែន​ទេ? នៅ​សព្វ​ថ្ងៃ ការ​ដែល​យើង​រួម​ចំណែក​ធ្វើ​ឲ្យ​«​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​»​រីក​ដុះ​ដាល គឺ​ជា​ឯកសិទ្ធិ​ណាស់!

a សូម​មើល​ប្រអប់​«​ ស្ដេច​ហេរ៉ូឌ​អាគ្រីប៉ា​ទី​១​»។

b វេជ្ជបណ្ឌិត​ម្នាក់​ដែល​ជា​អ្នក​និពន្ធ​បាន​សរសេរ​ថា រោគ​សញ្ញា​ដែល​រៀប​រាប់​ដោយ​យ៉ូសេហ្វឺស​និង​លូកា អាច​បណ្ដាល​មក​ពី​ដង្កូវ​មូល​ៗ​ដែល​បង្ក​ឲ្យ​ស្ទះ​ពោះ​វៀន​យ៉ាង​ធ្ងន់​ធ្ងរ រហូត​ដល់​ស្លាប់។ ជួន​កាល​អ្នក​ដែល​មាន​ជំងឺ​នោះ ក៏​អាច​ក្អួត​ដង្កូវ​ចេញ​មក ឬ​ដង្កូវ​នោះ​ចេញ​ពី​រាង​កាយ​នៅ​ពេល​ដែល​អ្នក​ជំងឺ​ស្លាប់។ សៀវភៅ​មួយ​ប្រាប់​ថា​៖ ​«​ការ​ពណ៌នា​យ៉ាង​ជាក់​លាក់​ប្រកប​ដោយ​វិជ្ជា​ជីវៈ​របស់​គ្រូ​ពេទ្យ​លូកា បង្ហាញ​ថា​ការ​ស្លាប់​របស់​[​ហេរ៉ូឌ​] គឺ​ពិត​ជា​គួរ​ឲ្យ​តក់​ស្លុត​ណាស់​»។