លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៩

«ព្រះមិនរើសមុខទេ»

«ព្រះមិនរើសមុខទេ»

គ្រិស្ត​សាសនិក​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​ដទៃ​ដែល​មិន​កាត់​ចុង​ស្បែក

មាន​មូលដ្ឋាន​លើ​សកម្មភាព ១០:១–១១:៣០

១​-​៣. តើ​ពេត្រុស​បាន​ឃើញ​ក្នុង​គំនិត​អំពី​រឿង​អ្វី? ហើយ​ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​យល់​អំពី​រឿង​នោះ?

 នេះ​ជា​ឆ្នាំ​៣៦ គ.ស. ពន្លឺ​ដួង​អាទិត្យ​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ​បាន​ចាំង​មក​លើ​ពេត្រុស កាល​ដែល​គាត់​កំពុង​អធិដ្ឋាន​នៅ​លើ​ដំបូល​ផ្ទះ​មួយ ក្បែរ​សមុទ្រ​ក្នុង​ក្រុង​កំពង់​ផែ​យ៉ុបប៉ា។ គាត់​បាន​ស្នាក់​នៅ​ផ្ទះ​នោះ​អស់​ប៉ុន្មាន​ថ្ងៃ​មក​ហើយ។ ការ​ស្នាក់​នៅ​របស់​គាត់​បង្ហាញ​ថា គាត់​គ្មាន​ចិត្ត​គំនិត​រើស​អើង​ទេ។ ម្ចាស់​ផ្ទះ​នោះ​ឈ្មោះ​ស៊ីម៉ូន មាន​មុខ​របរ​ជា​អ្នក​ច្នៃ​ស្បែក ហេតុ​នេះ​ហើយ​ជនជាតិ​យូដា​ខ្លះ មិន​ចង់​ស្នាក់​នៅ​ជា​មួយ​មនុស្ស​បែប​នេះ​ឡើយ។ a យ៉ាង​ណា​មិញ បន្តិច​ទៀត​ពេត្រុស​នឹង​រៀន​មេ​រៀន​ដ៏​សំខាន់​មួយ អំពី​ភាព​មិន​លម្អៀង​របស់​ព្រះ​យេហូវ៉ា។

កាល​ដែល​ពេត្រុស​កំពុង​អធិដ្ឋាន គាត់​ក៏​លង់​ស្មារតី​ឃើញ​អ្វី​មួយ​ក្នុង​គំនិត។ អ្វី​ដែល​គាត់​ឃើញ​នឹង​ធ្វើ​ឲ្យ​ជនជាតិ​យូដា​ខ្លះ​ខឹង។ គាត់​ឃើញ​ផ្ទាំង​ក្រណាត់​មួយ​ចុះ​ពី​លើ​មេឃ ហើយ​ក្នុង​ក្រណាត់​នោះ​មាន​សត្វ​គ្រប់​ប្រភេទ ដែល​មិន​ស្អាត​តាម​ច្បាប់​ម៉ូសេ។ រួច​មាន​សំឡេង​មួយ​ប្រាប់​ពេត្រុស​ឲ្យ​សម្លាប់​សត្វ​នោះ ហើយ​បរិភោគ​ទៅ តែ​ពេត្រុស​តប​ថា​៖ ​«​ខ្ញុំ​មិន​ដែល​បរិភោគ​អ្វី​ដែល​មិន​ស្អាត​ឬ​ស្មោក​គ្រោក​ឡើយ​»។ ប៉ុន្តែ សំឡេង​នោះ​បាន​ប្រាប់​គាត់​អស់​បី​ដង​ថា​៖ ​«​ឈប់​ហៅ​អ្វី​ៗ​ដែល​ព្រះ​បាន​សម្អាត ថា​មិន​ស្អាត​ឡើយ​»។ (​សកម្ម. ១០:១៤​-​១៦​) ពេត្រុស​មិន​យល់​អំពី​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត​ទេ តែ​មិន​យូរ​ទៀត​គាត់​នឹង​យល់​យ៉ាង​ច្បាស់។

តើ​អ្វី​ដែល​ពេត្រុស​បាន​ឃើញ​ក្នុង​គំនិត​មាន​ន័យ​យ៉ាង​ណា? ជា​ការ​សំខាន់​ដែល​យើង​យល់​អត្ថន័យ​អំពី​រឿង​នោះ ពីព្រោះ​នោះ​បង្ហាញ​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស។ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ពិត យើង​មិន​អាច​ផ្សព្វ​ផ្សាយ​យ៉ាង​សព្វ​គ្រប់​បាន​ទេ បើ​យើង​មិន​មាន​ទស្សនៈ​ដូច​ព្រះ​ចំពោះ​មនុស្ស​ឯ​ទៀត។ ដើម្បី​យល់​អ្វី​ដែល​ពេត្រុស​បាន​ឃើញ​ក្នុង​គំនិត សូម​យើង​ពិចារណា​អំពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ដែល​ទាក់​ទង​នឹង​រឿង​នោះ។

«​អធិដ្ឋាន​អង្វរ​ព្រះ​ជា​និច្ច​»​ (​សកម្មភាព ១០:១​-​៨)

៤, ៥. តើ​កូនេលាស​ជា​អ្នក​ណា? ហើយ​តើ​មាន​អ្វី​កើត​ឡើង​ពេល​គាត់​កំពុង​អធិដ្ឋាន?

ពេត្រុស​មិន​បាន​ដឹង​ថា នៅ​មុន​ថ្ងៃ​នោះ​ក្នុង​ក្រុង​សេសារៀ ដែល​មាន​ចម្ងាយ​ប្រហែល​៥០​គីឡូ​ម៉ែត្រ​ទៅ​ភាគ​ខាង​ជើង មាន​បុរស​ម្នាក់​ឈ្មោះ​កូនេលាស ក៏​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ដែរ។ កូនេលាស​ជា​មេ​បញ្ជាការ​កង​ទ័ព​រ៉ូម និង​ជា​«​អ្នក​គោរព​កោត​ខ្លាច​ព្រះ​»។ b គាត់​ក៏​ជា​គំរូ​ល្អ​សម្រាប់​មេ​គ្រួសារ​ដែរ ​«​គាត់​និង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់ ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ​»។ កូនេលាស​មិន​មែន​ជា​អ្នក​ចូល​សាសនា​យូដា​ទេ គាត់​ជា​ជន​ជាតិ​ដទៃ​ដែល​មិន​កាត់​ចុង​ស្បែក។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ដល់​ជនជាតិ​យូដា​ដែល​ខ្វះ​ខាត និង​បាន​ជួយ​ពួក​គេ​ជា​សម្ភារៈ។ បុរស​ស្មោះ​ត្រង់​នេះ​តែង​«​អធិដ្ឋាន​អង្វរ​ព្រះ​ជា​និច្ច​»។—សកម្ម. ១០:២

ប្រហែល​ម៉ោង​បី​រសៀល កាល​ដែល​កូនេលាស​កំពុង​អធិដ្ឋាន គាត់​បាន​ទទួល​ការ​បើក​បង្ហាញ​ក្នុង​គំនិត ដោយ​ឃើញ​ទេវតា​មួយ​រូប​ប្រាប់​គាត់​ថា​៖ ​«​ព្រះ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក ក៏​បាន​កត់​សម្គាល់ ហើយ​ចាំ​ការ​ដែល​អ្នក​បាន​ធ្វើ​ទាន​ដល់​ជន​ក្រី​ក្រ​»។ (​សកម្ម. ១០:៤​) តាម​ការ​ណែនាំ​ពី​ទេវតា កូនេលាស​បាន​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​អញ្ជើញ​សាវ័ក​ពេត្រុស។ កូនេលាស​ជា​ជន​ជាតិ​ដទៃ​ដែល​មិន​កាត់​ចុង​ស្បែក ហៀប​នឹង​ចូល​តាម​ទ្វារ​ដែល​នៅ​តែ​បិទ​សម្រាប់​គាត់​នៅ​ពេល​នោះ។ គាត់​ហៀប​នឹង​ឮ​ដំណឹង​ល្អ​ដែល​ផ្ដល់​សេចក្ដី​សង្គ្រោះ។

៦, ៧. ​(​ក​) សូម​រៀប​រាប់​បទ​ពិសោធន៍​មួយ​ដែល​បង្ហាញ​ថា ព្រះ​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​ចិត្ត​ស្មោះ ដែល​ចង់​ស្គាល់​សេចក្ដី​ពិត​អំពី​លោក។ (​ខ​) តាម​រយៈ​បទ​ពិសោធន៍​បែប​នេះ តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា?

តើ​ព្រះ​នៅ​តែ​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​ចិត្ត​ស្មោះ ដែល​ចង់​ស្គាល់​សេចក្ដី​ពិត​អំពី​លោក​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? សូម​ពិចារណា​បទ​ពិសោធន៍​មួយ។ ស្ត្រី​ម្នាក់​នៅ​ប្រទេស​អាល់បានី​បាន​ទទួល​ទស្សនាវដ្ដី​ប៉ម​យាម​មួយ ដែល​មាន​អត្ថបទ​អំពី​ការ​ចិញ្ចឹម​អប់រំ​កូន។ c នាង​បាន​ប្រាប់​សាក្សី​ដែល​មក​ជួប​នាង​ថា​៖ ​«​ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ ព្រោះ​ខ្ញុំ​ទើប​តែ​បាន​អធិដ្ឋាន​សុំ​ព្រះ​ជួយ​ខ្ញុំ​ឲ្យ​ចេះ​ចិញ្ចឹម​អប់រំ​កូន ហើយ​លោក​ក៏​ចាត់​អ្នក​ឲ្យ​មក​ជួប​ខ្ញុំ! អ្នក​បាន​ឲ្យ​ខ្ញុំ​នូវ​ព័ត៌មាន​ដែល​ខ្ញុំ​ពិត​ជា​ត្រូវ​ការ!​»។ ស្ត្រី​នោះ​និង​កូន​ស្រី​របស់​នាង​ក៏​ចាប់​ផ្ដើម​សិក្សា​គម្ពីរ ហើយ​ក្រោយ​មក​ប្ដី​របស់​នាង​បាន​ចូល​រួម​ដែរ។

តើ​មាន​តែ​បទ​ពិសោធន៍​នេះ​ប៉ុណ្ណោះ​ឬ? មិន​មែន​ទេ! រឿង​បែប​នេះ​កើត​ឡើង​ជា​ច្រើន​ដង​នៅ​ទូ​ទាំង​ពិភព​លោក។ ហេតុ​នេះ យើង​មិន​ចាត់​ទុក​ថា វា​គ្រាន់​តែ​ជា​រឿង​ចៃដន្យ​ឡើយ។ ដូច្នេះ តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា? ទី​១ ព្រះ​យេហូវ៉ា​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​អស់​អ្នក ដែល​ស្វែង​រក​លោក​ដោយ​ចិត្ត​ស្មោះ។ (​១បស. ៨:៤១​-​៤៣; ចសព. ៦៥:២​) ទី​២ ទេវតា​គាំទ្រ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង។—បប. ១៤:៦, ៧

​«​ពេត្រុស​កំពុង​ងឿង​ឆ្ងល់​ក្នុង​ចិត្ត​»​ (​សកម្មភាព ១០:៩​-​២៣​ក​)

៨, ៩. តើ​ព្រះ​បាន​ប្រើ​ឫទ្ធានុភាព​បរិសុទ្ធ​ដើម្បី​បើក​បង្ហាញ​ឲ្យ​ពេត្រុស​ដឹង​អំពី​អ្វី? ហើយ​តើ​ពេត្រុស​មាន​ប្រតិកម្ម​យ៉ាង​ណា?

ខណៈ​ដែល​ពេត្រុស​នៅ​លើ​ដំបូល​ផ្ទះ ​«​កំពុង​ងឿង​ឆ្ងល់​ក្នុង​ចិត្ត​»​អំពី​អត្ថន័យ​នៃ​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត ស្រាប់​តែ​អ្នក​នាំ​សារ​របស់​កូនេលាស​មក​ដល់។ (​សកម្ម. ១០:១៧​) ពេត្រុស​បាន​និយាយ​អស់​បី​ដង​ថា គាត់​មិន​ព្រម​បរិភោគ​អាហារ​ដែល​មិន​ស្អាត​តាម​ច្បាប់​ម៉ូសេ​ឡើយ។ ដូច្នេះ តើ​គាត់​សុខ​ចិត្ត​ទៅ​ជា​មួយ​បុរស​ទាំង​នេះ ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ជន​ជាតិ​ដទៃ​ឬ​ទេ? ស្ដី​អំពី​រឿង​នេះ ព្រះ​បាន​ប្រើ​ឫទ្ធានុភាព​បរិសុទ្ធ ដើម្បី​បង្ហាញ​ឲ្យ​គាត់​ដឹង​អំពី​បំណង​ប្រាថ្នា​របស់​លោក។ ឫទ្ធានុភាព​របស់​ព្រះ​បាន​ប្រាប់​ពេត្រុស​ថា​៖ ​«​មើល! បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក។ ដូច្នេះ ចូរ​ក្រោក​ឡើង ចុះ​ទៅ​ក្រោម ហើយ​ទៅ​ជា​មួយ​នឹង​ពួក​គេ កុំ​សង្ស័យ​ឡើយ ព្រោះ​ខ្ញុំ​បាន​ចាត់​ពួក​គេ​ឲ្យ​មក​»។ (​សកម្ម. ១០:១៩, ២០​) ប្រាកដ​ណាស់ តាម​រយៈ​ការ​ឃើញ​ក្នុង​គំនិត​អំពី​ផ្ទាំង​ក្រណាត់​ដ៏​ធំ​មួយ មុខ​ជា​បាន​ជួយ​ពេត្រុស​ឲ្យ​ត្រៀម​ខ្លួន ដើម្បី​ធ្វើ​តាម​ការ​ណែនាំ​ពី​ឫទ្ធានុភាព​បរិសុទ្ធ។

ពេល​ពេត្រុស​ដឹង​ថា ព្រះ​បាន​បង្គាប់​កូនេលាស​ឲ្យ​ចាត់​ពួក​អ្នក​នាំ​សារ​មក​ហៅ​គាត់ នោះ​គាត់​បាន​អញ្ជើញ​បុរស​ទាំង​នោះ​ចូល​ក្នុង​ផ្ទះ ​«​ហើយ​ឲ្យ​ពួក​គេ​ស្នាក់​នៅ​ជា​មួយ​នឹង​គាត់​»។ (​សកម្ម. ១០:២៣​ក​) សាវ័ក​ដែល​ស្ដាប់​បង្គាប់​នេះ​បាន​កែ​ប្រែ​ទស្សនៈ​របស់​ខ្លួន ក្រោយ​ពី​បាន​ដឹង​ថែម​ទៀត​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ។

១០. តើ​ព្រះ​យេហូវ៉ា​ដឹក​នាំ​រាស្ត្រ​របស់​លោក​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​គួរ​សួរ​ខ្លួន​អំពី​សំណួរ​អ្វី​ខ្លះ?

១០ រហូត​មក​ដល់​សព្វ​ថ្ងៃ បន្តិច​ម្ដង​ៗ​ព្រះ​យេហូវ៉ា​កំពុង​ដឹក​នាំ​រាស្ត្រ​របស់​លោក​ឲ្យ​យល់​ដឹង​ថែម​ទៀត។ (​សុភ. ៤:១៨​) លោក​ដឹក​នាំ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ តាម​រយៈ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក។ (​ម៉ាថ. ២៤:៤៥​) ម្ដង​ម្កាល យើង​ប្រហែល​ជា​ទទួល​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​បណ្ដាំ​របស់​ព្រះ ឬ​ការ​ផ្លាស់​ប្ដូរ​ណា​មួយ​ក្នុង​របៀប​រៀបចំ​របស់​អង្គការ​លោក។ ដូច្នេះ យើង​គួរ​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​យល់​ដឹង​ថ្មី​ទាំង​នោះ? តើ​ខ្ញុំ​ចុះ​ចូល​ក្រោម​ការ​ដឹក​នាំ​នៃ​ឫទ្ធានុភាព​របស់​ព្រះ​ក្នុង​រឿង​ទាំង​នោះ​ឬ​ទេ?›។

ពេត្រុស​«​បង្គាប់​ពួក​គេ​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​»​ (​សកម្មភាព ១០:២៣​ខ​-​៤៨​)

១១, ១២. តើ​ពេត្រុស​បាន​ធ្វើ​អ្វី ពេល​គាត់​មក​ដល់​ក្រុង​សេសារៀ? ហើយ​តើ​គាត់​បាន​រៀន​មេ​រៀន​អ្វី?

១១ នៅ​ថ្ងៃ​បន្ទាប់​ពី​ពេត្រុស​បាន​ឃើញ​ក្នុង​គំនិត គាត់​និង​មនុស្ស​៩​នាក់​ទៀត រួម​មាន​អ្នក​នាំ​សារ​បី​នាក់​ដែល​កូនេលាស​ចាត់​ឲ្យ​មក និង​«​បង​ប្រុស​[​ជនជាតិ​យូដា​]​៦​នាក់​»​ដែល​មក​ពី​ក្រុង​យ៉ុបប៉ា នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ក្រុង​សេសារៀ។ (​សកម្ម. ១១:១២​) ក្នុង​ពេល​កំពុង​រង់​ចាំ​ពេត្រុស កូនេលាស​បាន​ហៅ​ប្រមូល​«​ញាតិ​សន្ដាន​និង​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្លួន​»​ ដែល​ជា​ជន​ជាតិ​ដទៃ​ឲ្យ​មក​ជួប​ជុំ​គ្នា។ (​សកម្ម. ១០:២៤​) ពេល​ពេត្រុស​មក​ដល់ គាត់​បាន​ធ្វើ​អ្វី​មួយ​ដែល​គាត់​មិន​ដែល​គិត​ថា​នឹង​ធ្វើ​ឡើយ គឺ​គាត់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ជន​ជាតិ​ដទៃ​ដែល​មិន​កាត់​ចុង​ស្បែក! ពេត្រុស​បាន​ពន្យល់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ជនជាតិ​យូដា​គ្មាន​ច្បាប់​ចូល​ទៅ​ជិត​ឬ​ទាក់​ទង​ជា​មួយ​នឹង​ជន​ជាតិ​ដទៃ​ទេ។ ប៉ុន្តែ ព្រះ​បាន​បង្ហាញ​ខ្ញុំ​ថា ខ្ញុំ​មិន​គួរ​ហៅ​មនុស្ស​ណា​ម្នាក់​ថា​មិន​ស្អាត​ឬ​ស្មោក​គ្រោក​ឡើយ​»។ (​សកម្ម. ១០:២៨​) ឥឡូវ​ពេត្រុស​បាន​យល់​ថា អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត គឺ​បង្រៀន​គាត់​នូវ​មេ​រៀន​មួយ មិន​ត្រឹម​តែ​អំពីប្រភេទ​អាហារ​ដែល​គួរ​បរិភោគ​ឬ​មិន​គួរ​បរិភោគ​នោះ​ទេ តែ​ក៏​បង្រៀន​ថា​គាត់​មិន​គួរ​«​ហៅ​មនុស្ស​ណា​ម្នាក់​[​សូម្បី​តែ​ជន​ជាតិ​ដទៃ​]​ថា​មិន​ស្អាត​»​ឡើយ។

«​កូនេលាស​កំពុង​រង់​ចាំ​ពួក​គាត់ ហើយ​បាន​ហៅ​ញាតិ​សន្ដាន​និង​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្លួន​ឲ្យ​មក​ជុំ​គ្នា​»។—សកម្ម​ភាព ១០:២៤

១២ មនុស្ស​ទាំង​អស់​នៅ​ក្នុង​ផ្ទះ​នោះ កំពុង​រង់​ចាំ​ស្ដាប់​ពេត្រុស។ កូនេលាស​និយាយ​ថា​៖ ​«​យើង​ទាំង​អស់​នៅ​ជុំ​គ្នា​ចំពោះ​មុខ​ព្រះ ដើម្បី​ស្ដាប់​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​អ្នក​ឲ្យ​និយាយ​»។ (​សកម្ម. ១០:៣៣​) សូម​ស្រមៃ​គិត ពេល​អ្នក​ឮ​បុគ្គល​ណា​ម្នាក់​ដែល​ចង់​ដឹង​អំពី​ព្រះ​យេហូវ៉ា​និយាយ​បែប​នេះ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា? ពេត្រុស​ចាប់​ផ្ដើម​និយាយ​ពាក្យ​ដ៏​មាន​ឥទ្ធិពល​ថា​៖ ​«​ឥឡូវ​ខ្ញុំ​យល់​ច្បាស់​ថា ព្រះ​មិន​រើស​មុខ​ទេ។ ប៉ុន្តែ នៅ​គ្រប់​ប្រជា​ជាតិ អ្នក​ណា​ដែល​កោត​ខ្លាច​លោក ហើយ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ លោក​ពេញ​ចិត្ត​អ្នក​នោះ​»។ (​សកម្ម. ១០:៣៤, ៣៥​) ពេត្រុស​បាន​រៀន​ថា ទស្សនៈ​របស់​ព្រះ​មិន​ផ្អែក​ទៅ​លើ​ជាតិ​សាសន៍ សញ្ជាតិ ឬ​សម្បក​ក្រៅ​ឡើយ។ រួច​មក ពេត្រុស​បាន​ផ្សព្វ​ផ្សាយ​ប្រាប់​ពួក​គេ​អំពី​កិច្ច​បម្រើ​របស់​លោក​យេស៊ូ មរណភាព​របស់​លោក និង​ការ​ដែល​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

១៣, ១៤. ​(​ក​) តើ​ការ​ប្រែ​ចិត្ត​របស់​កូនេលាស​និង​ជន​ជាតិ​ដទៃ​ឯ​ទៀត​នៅ​ឆ្នាំ​៣៦ គ.ស. ជា​សញ្ញា​សម្គាល់​អំពី​អ្វី? (​ខ​) ហេតុ​អ្វី​យើង​មិន​ត្រូវ​វិនិច្ឆ័យ​មនុស្ស​ឯ​ទៀត​ដោយ​មើល​សម្បក​ក្រៅ?

១៣ ឥឡូវ​មាន​អ្វី​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​បាន​កើត​ឡើង​៖ ​«​កាល​ដែល​ពេត្រុស​កំពុង​និយាយ​»​ នោះ​ឫទ្ធានុភាព​បរិសុទ្ធ​បាន​ត្រូវ​ចាក់​ទៅ​លើ​«​ជន​ជាតិ​ដទៃ​»​ទាំង​នេះ។ (​សកម្ម. ១០:៤៤, ៤៥​) នេះ​ជា​ហេតុ​ការណ៍​តែ​មួយ​គត់​ដែល​គម្ពីរ​បាន​រៀប​រាប់​ថា ឫទ្ធានុភាព​បរិសុទ្ធ​បាន​ត្រូវ​ចាក់​មុន​ការ​ជ្រមុជ​ទឹក។ ពេត្រុស​ដឹងថា​សញ្ញា​សម្គាល់​នេះ​ជា​ការ​ពេញ​ចិត្ត​ពី​ព្រះ ដូច្នេះ​គាត់​«​បង្គាប់​ពួក​គេ​[​ជា​ជន​ជាតិ​ដទៃ​មួយ​ក្រុម​នោះ​]​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​»។ (​សកម្ម. ១០:៤៨​) ការ​ប្រែ​ចិត្ត​របស់​ជន​ជាតិ​ដទៃ​ទាំង​នេះ​នៅ​ឆ្នាំ​៣៦ គ.ស. ជា​សញ្ញា​សម្គាល់​នៃ​ការ​បញ្ចប់​រយៈ​ពេល ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឯកសិទ្ធិ​ពិសេស​ដល់​ជនជាតិ​យូដា។ (​ដាន. ៩:​២៤​-​២៧​) ខណៈ​នេះ កាល​ដែល​ពេត្រុស​កំពុង​នាំ​មុខ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​ដទៃ គាត់​បាន​ប្រើ​កូន​សោ​ទី​៣ ដែល​ជា​កូន​សោ​ចុង​ក្រោយ​នៃ​«​កូន​សោ​នៃ​រាជាណាចក្រ​»។ (​ម៉ាថ. ១៦:១៩​) កូន​សោ​នេះ​បើក​ឱកាស​ឲ្យ​ជន​ជាតិ​ដទៃ​ដែល​មិន​កាត់​ចុង​ស្បែក ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង ដោយ​ឫទ្ធានុភាព​បរិសុទ្ធ។

១៤ នៅ​សព្វ​ថ្ងៃ​ក្នុង​នាម​ជា​អ្នក​ប្រកាស​ដំណឹង​រាជាណាចក្រ យើង​ដឹង​ថា​«​ព្រះ​មិន​រើស​មុខ​ឡើយ​»។ (​រ៉ូម ២:១១​) លោក​មាន​បំណង​ប្រាថ្នា​ឲ្យ​«​មនុស្ស​គ្រប់​ប្រភេទ​ទទួល​សេចក្ដី​សង្គ្រោះ​»។ (​១ធី. ២:៤​) ហេតុ​នេះ យើង​មិន​ត្រូវ​វិនិច្ឆ័យ​មនុស្ស​ឯ​ទៀត ដោយ​មើល​សម្បក​ក្រៅ​ឡើយ។ យើង​មាន​ភារកិច្ច​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​អំពី​រាជាណាចក្រ​ព្រះ ហើយ​នោះ​រួម​បញ្ចូល​ការ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទាំង​អស់ មិន​ថា​ពួក​គេ​មាន​ជាតិ​សាសន៍ សញ្ជាតិ រូប​រាង ឬ​ជំនឿ​បែប​ណា​ទេ។

«​ពួក​គេ​ក៏​លែង​ជំទាស់​ទៀត ហើយ​ពួក​គេ​តម្កើង​ព្រះ​»​ (​សកម្មភាព ១១:១​-​១៨)

១៥, ១៦. ហេតុ​អ្វី​គ្រិស្ត​សាសនិក​ជន​ជាតិ​យូដា​ខ្លះ​រិះ​គន់​ពេត្រុស? ហើយ​តើ​ពេត្រុស​បាន​បក​ស្រាយ​យ៉ាង​ណា​អំពី​ទង្វើ​របស់​គាត់?

១៥ ពេត្រុស​ច្បាស់​ជា​ចង់​ប្រាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង ដូច្នេះ​គាត់​បាន​ចេញ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម។ ប៉ុន្តែ តាម​មើល​ទៅ ដំណឹង​អំពី​ជន​ជាតិ​ដទៃ​ដែល​មិន​កាត់​ចុង​ស្បែក​បាន​«​ទទួល​បណ្ដាំ​របស់​ព្រះ​»​ ក៏​ឮ​ដល់​ក្រុង​យេរូសាឡិម មុន​ពេល​ដែល​ពេត្រុស​ទៅ​ដល់។ ពេល​ពេត្រុស​ទៅ​ដល់​ក្រុង​យេរូសាឡិម មិន​យូរ​ប៉ុន្មាន​«​ពួក​អ្នក​ដែល​គាំទ្រ​ការ​កាត់​ចុង​ស្បែក ចាប់​ផ្ដើម​រិះ​គន់​គាត់​»។ ពួក​គេ​ទើស​ចិត្ត ដោយ​សារ​ពេត្រុស​បាន​ចូល​ទៅ​ក្នុង​«​ផ្ទះ​របស់​បុរស​ដែល​មិន​បាន​ទទួល​ការ​កាត់​ចុង​ស្បែក ថែម​ទាំង​បរិភោគ​ជា​មួយ​នឹង​ពួក​គេ​ទៀត​ផង​»។ (​សកម្ម. ១១:១​-​៣​) បញ្ហា​មិន​មែន​ថា​ជន​ជាតិ​ដទៃ អាច​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត​ឬ​មិន​អាច​នោះ​ទេ តែ​បញ្ហា​ត្រង់​ថា​គ្រិស្ត​សាសនិក​ជន​ជាតិ​យូដា​ទាំង​នោះ ទាម​ទារ​ឲ្យ​ជន​ជាតិ​ដទៃ​ធ្វើ​តាម​ច្បាប់​ម៉ូសេ រួម​បញ្ចូល​ទាំង​ការ​កាត់​ចុង​ស្បែក​ដែរ ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត។ នេះ​បង្ហាញ​ថា​គ្រិស្ត​សាសនិក​ខ្លះ នៅ​តែ​ពិបាក​ឈប់​ធ្វើ​តាម​ច្បាប់​ម៉ូសេ។

១៦ តើ​ពេត្រុស​បាន​បក​ស្រាយ​យ៉ាង​ណា​អំពី​ទង្វើ​របស់​គាត់? យោង​តាម​សកម្មភាព ១១:​៤​-​១៦ គាត់​បាន​លើក​ឡើង​បួន​ចំណុច​ធ្វើ​ជា​ភ័ស្តុតាង​បញ្ជាក់​ថា គាត់​បាន​ទទួល​ការ​ណែនាំ​ពី​ស្ថាន​សួគ៌​៖ ទី​១ ការ​បើក​បង្ហាញ​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត (​ខ​៤​-​១០​) ទី​២ បង្គាប់​ពី​ឫទ្ធានុភាព​របស់​ព្រះ (​ខ​១១, ១២​) ទី​៣ ទេវតា​បាន​ទៅ​ជួប​កូនេលាស (​ខ​១៣, ១៤​) និង​ទី​៤ ឫទ្ធានុភាព​បរិសុទ្ធ​បាន​ត្រូវ​ចាក់​ទៅ​លើ​ជន​ជាតិ​ដទៃ (​ខ​១៥, ១៦​)។ រួច​មក ពេត្រុស​បាន​បញ្ចប់​សេចក្ដី​ដោយ​សួរ​សំណួរ​ដ៏​ជំរុញ​ចិត្ត​ថា​៖ ​«​ដូច្នេះ ប្រសិន​បើ​ព្រះ​បាន​ផ្ដល់​អំណោយ​ទាន​[​នៃ​ឫទ្ធានុភាព​បរិសុទ្ធ​]​ដល់​ពួក​គេ​[​ជា​ជន​ជាតិ​ដទៃ​ដែល​ជា​អ្នក​ជឿ​] ដូច​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ពួក​យើង​[​ជា​ជនជាតិ​យូដា​]​ដែល​បាន​ជឿ​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត តើ​ខ្ញុំ​ជា​អ្នក​ណា​ដែល​អាច​ឃាត់​ព្រះ​បាន?​»។—សកម្ម. ១១:១៧

១៧, ១៨. ​(​ក​) បន្ទាប់​ពី​ស្ដាប់​អំណះអំណាង​ដែល​ពេត្រុស​បាន​លើក​ឡើង តើ​គ្រិស្ត​សាសនិក​ជន​ជាតិ​យូដា​ត្រូវ​ប្រឈម​មុខ​នឹង​ការ​សម្រេច​ចិត្ត​អ្វី? (​ខ​) ហេតុ​អ្វី​ការ​រក្សា​សាមគ្គីភាព​ក្នុង​ក្រុម​ជំនុំ​មិន​មែន​ជា​រឿង​ងាយ​ស្រួល? ហើយ​តើ​យើង​គួរ​សួរ​ខ្លួន​នូវ​សំណួរ​អ្វី​ខ្លះ?

១៧ បន្ទាប់​ពី​ស្ដាប់​អំណះអំណាង​ដែល​ពេត្រុស​បាន​លើក​ឡើង គ្រិស្ត​សាសនិក​ជន​ជាតិ​យូដា​ទាំង​នោះ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​សម្រេច​ចិត្ត​ថា តើ​ពួក​គេ​អាច​លះ​ចោល​ការ​រើស​អើង​ទាំង​ស្រុង ហើយ​ព្រម​ទទួល​ជន​ជាតិ​ដទៃ​ដែល​ទើប​តែ​បាន​ទទួល​ការ​ជ្រមុជ​ទឹក ជា​បង​ប្អូន​រួម​ជំនឿ​ឬ​ទេ? គម្ពីរ​ប្រាប់​ថា​៖ ​«​កាល​ដែល​ឮ​អ្វី​ៗ​ទាំង​នេះ ពួក​គេ​[​គឺ​ពួក​សាវ័ក​និង​គ្រិស្ត​សាសនិក​ជន​ជាតិ​យូដា​ឯ​ទៀត​]​ក៏​លែង​ជំទាស់​ទៀត ហើយ​ពួក​គេ​តម្កើង​ព្រះ​ដោយ​ពោល​ថា​៖ ‹បើ​ដូច្នេះ ព្រះ​ក៏​បាន​ផ្ដល់​ឱកាស​ឲ្យ​ជន​ជាតិ​ដទៃ​ប្រែ​ចិត្ត ដើម្បី​ទទួល​ជីវិត​ដែរ›​»។ (​សកម្ម. ១១:១៨​) ការ​ដែល​ពួក​គាត់​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ នោះ​បាន​ជួយ​រក្សា​សាមគ្គីភាព​ក្នុង​ក្រុម​ជំនុំ​មែន។

១៨ សូម្បី​តែ​នៅ​សព្វ​ថ្ងៃ ការ​រក្សា​សាមគ្គីភាព​ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដែរ ពីព្រោះ​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ពួក​គេ​មក​ពី​«​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ជន​ជាតិ និង​គ្រប់​ភាសា​»។ (​បប. ៧:៩​) ក្នុង​ក្រុម​ជំនុំ​ជា​ច្រើន មាន​បង​ប្អូន​ដែល​មាន​ជាតិ​សាសន៍ វប្បធម៌ និង​ប្រវត្តិ​ខុស​ៗ​គ្នា។ ហេតុ​នេះ ជា​ការ​ល្អ​ឲ្យ​យើង​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​បាន​ដក​ការ​រើស​អើង​ទាំង​អស់​ចេញ​ពី​ក្នុង​ចិត្ត​របស់​ខ្ញុំ​ហើយ​ឬ​នៅ? តើ​ខ្ញុំ​បាន​ប្ដេជ្ញា​មិន​អនុញ្ញាត​ឲ្យ​ចិត្ត​គំនិត​បែក​បាក់​គ្នា​របស់​ពិភព​លោក​នេះ រួម​ទាំង​ជាតិ​និយម ការ​ស្នេហា​ជាតិ មោទនភាព​ចំពោះ​វប្បធម៌ និង​ការ​រើង​អើង​ពូជ​សាសន៍ មាន​ឥទ្ធិពល​មក​លើ​របៀប​ដែល​ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ឬ​ទេ?›។ សូម​នឹក​ចាំ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ពេត្រុស​(​ឬ​កេផាស​) នៅ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​ជន​ជាតិ​ដទៃ​បាន​ប្រែ​ចិត្ត​ជា​លើក​ដំបូង។ នៅ​ពេល​នោះ ពេត្រុស​បាន​ទទួល​ឥទ្ធិពល​ដោយ​ចាប់​ផ្ដើម​រើស​អើង​ចំពោះ​បង​ប្អូន​ឯ​ទៀត គឺ​គាត់​បាន​«​នៅ​ដោយ​ឡែក​»​ពី​គ្រិស្ត​សាសនិក​ជន​ជាតិ​ដទៃ។ ហេតុ​នេះ ប៉ូល​បាន​កែ​តម្រង់​គាត់។ (​កាឡ. ២:១១​-​១៤​) ចូរ​យើង​បន្ត​ប្រុង​ប្រយ័ត្ន​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ចិត្ត​គំនិត​រើស​អើង​មាន​ឥទ្ធិពល​មក​លើ​យើង។

​«​មនុស្ស​ច្រើន​សន្ធឹក​ក៏​បាន​ជឿ​»​ (​សកម្មភាព ១១:១៩​-​២៦​ក​)

១៩. តើ​គ្រិស្ត​សាសនិក​ជនជាតិ​យូដា​នៅ​ក្រុង​អាន់ទីយ៉ូក ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ណា​ខ្លះ? ហើយ​តើ​មាន​លទ្ធផល​អ្វី?

១៩ តើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​ដទៃ ដែល​មិន​កាត់​ចុង​ស្បែក​ឬ​ទេ? សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ក្រោយ​មក នៅ​ក្រុង​អាន់ទីយ៉ូក​ស្រុក​ស៊ីរី។ d ក្រុង​នោះ​មាន​សហគមន៍​ជនជាតិ​យូដា​ដ៏​ធំ​មួយ តែ​មិន​សូវ​មាន​ការ​ស្អប់​គ្នា​រវាង​ជនជាតិ​យូដា​និង​ជន​ជាតិ​ដទៃ​ទេ។ ដូច្នេះ ក្រុង​អាន់ទីយ៉ូក​ជា​តំបន់​ដែល​មាន​អំណោយ​ផល​សម្រាប់​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​ដទៃ។ នៅ​ក្រុង​នោះ​ហើយ ដែល​គ្រិស្ត​សាសនិក​ជន​ជាតិ​យូដា​ខ្លះ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ដល់​«​ពួក​អ្នក​ដែល​និយាយ​ភាសា​ក្រិច​»។ (​សកម្ម. ១១:២០​) ប៉ុន្តែ ពួក​គេ​មិន​គ្រាន់​តែ​បាន​ផ្សព្វ​ផ្សាយ​ដល់​ជនជាតិ​យូដា ដែល​និយាយ​ភាសា​ក្រិច​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​ដទៃ ដែល​មិន​កាត់​ចុង​ស្បែក​ដែរ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​កិច្ច​ការ​នេះ ជា​ហេតុ​ដែល​«​មនុស្ស​ច្រើន​សន្ធឹក​ក៏​បាន​ជឿ​»។—សកម្ម. ១១:២១

២០, ២១. តើ​បាណាបាស​បាន​បង្ហាញ​ចិត្ត​សុភាព​រាប​ទាប​យ៉ាង​ណា? ហើយ​តើ​យើង​អាច​បង្ហាញ​ចិត្ត​សុភាព​រាប​ទាប​ដូច​នោះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

២០ ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡិម បាន​ចាត់​បាណាបាស​ឲ្យ​ទៅ​ក្រុង​អាន់ទីយ៉ូក ដើម្បី​ថែរក្សា​មនុស្ស​ជា​ច្រើន​ដែល​ប្រៀប​ដូច​ជា​វាល​ស្រូវ ដែល​ត្រៀម​នឹង​ប្រមូល​ផល។ ប៉ុន្តែ គាត់​មិន​អាច​ធ្វើ​កិច្ច​ការ​នោះ​តែ​ម្នាក់​ឯង​បាន​ទេ ដោយ​សារ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ដំណឹង​ល្អ។ ម្ល៉ោះ​ហើយ ច្បាស់​ជា​គ្មាន​អ្នក​ណា​ដែល​ស័ក្ដិ​សម​ជាង​សុល​ក្នុង​ការ​ជួយ​ធ្វើ​កិច្ច​ការ​នោះ​ឡើយ ពីព្រោះ​គាត់​ជា​សាវ័ក​ដើម្បី​ជួយ​ប្រជា​ជាតិ​នានា។ (​សកម្ម. ៩:១៥; រ៉ូម ១:៥​) តើ​បាណាបាស​នឹង​ចាត់​ទុក​សុល​ជា​គូ​ប្រកួត​ប្រជែង​ឬ​ទេ? មិន​មែន​ទេ។ ផ្ទុយ​ទៅ​វិញ បាណាបាស​បាន​បង្ហាញ​ចិត្ត​សុភាព​រាប​ទាប។ គាត់​បាន​ទៅ​ក្រុង​តើសុស​ដើម្បី​ជួប​សុល ហើយ​នាំ​សុល​ទៅ​ក្រុង​អាន់ទីយ៉ូក​ដើម្បី​ជួយ​គ្នា។ ពួក​គាត់​ទាំង​ពីរ​នាក់​បាន​ចំណាយ​ពេល​អស់​មួយ​ឆ្នាំ ដើម្បី​ពង្រឹង​ក្រុម​ជំនុំ​នៅ​ទី​នោះ។—សកម្ម. ១១:​២២​-​២៦​ក

២១ តើ​យើង​អាច​បង្ហាញ​ថា យើង​មាន​ចិត្ត​សុភាព​រាប​ទាប​ក្នុង​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ដូច​ម្ដេច? គុណ​សម្បត្តិ​នេះ​ទាក់​ទង​នឹង​ការ​ស្គាល់​កម្រិត​សមត្ថភាព​របស់​ខ្លួន។ យើង​ទាំង​អស់​គ្នា​មាន​កម្លាំង និង​សមត្ថភាព​ខុស​ៗ​គ្នា។ ជា​ឧទាហរណ៍ បង​ប្អូន​ខ្លះ​ប្រហែល​ជា​ពូកែ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ ឬ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ តែ​គាត់​ពិបាក​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍ ឬ​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ បើ​អ្នក​ចង់​រីក​ចម្រើន​ផ្នែក​ណា​មួយ​ក្នុង​កិច្ច​បម្រើ​ផ្សាយ ចូរ​សុំ​ជំនួយ​ពី​បង​ប្អូន​ឯ​ទៀត។ ដោយ​ធ្វើ​ដូច្នេះ អ្នក​អាច​ទៅ​ជា​អ្នក​ផ្សាយ​ដែល​កាន់​តែ​មាន​ភាព​ប៉ិន​ប្រសប់ និង​មាន​អំណរ​កាន់​តែ​ខ្លាំង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។—១កូ. ៩:២៦

ការ​ផ្ញើ​«​ជំនួយ​ទៅ​បង​ប្អូន​»​ (​សកម្មភាព ១១:២៦​ខ​-​៣០​)

២២, ២៣. តើ​បង​ប្អូន​នៅ​ក្រុង​អាន់ទីយ៉ូក​បាន​ធ្វើ​អ្វី ដែល​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​រួម​ជំនឿ? ហើយ​តើ​រាស្ត្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​កំពុង​ធ្វើ​អ្វី ដែល​ស្រដៀង​នឹង​ពួក​គាត់​នៅ​សម័យ​នោះ?

២២ ក្រុង​អាន់ទីយ៉ូក​ជា​កន្លែង ​«​ដែល​ពួក​អ្នក​កាន់​តាម​បាន​ត្រូវ​ហៅ​ថា​គ្រិស្ត​សាសនិក​ជា​លើក​ដំបូង តាម​ការ​ណែនាំ​របស់​ព្រះ​»។ (​សកម្ម. ១១:២៦​ខ​) ឈ្មោះ​ដែល​ព្រះ​បាន​អនុម័ត​នេះ គឺ​ជា​ការ​ពណ៌នា​យ៉ាង​ស័ក្ដិ​សម​សម្រាប់​អស់​អ្នក ដែល​មាន​របៀប​រស់​នៅ​តាម​គំរូ​របស់​គ្រិស្ត។ កាល​ដែល​មនុស្ស​ពី​ជាតិ​សាសន៍​ផ្សេង​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក តើ​នេះ​នាំ​ឲ្យ​មាន​ចំណង​សាមគ្គីភាព​ជា​បង​ប្អូន​រួម​ជំនឿ រវាង​អ្នក​ជឿ​ជា​ជនជាតិ​យូដា​និង​អ្នក​ជឿ​ជា​ជន​ជាតិ​ដទៃ​ឬ​ទេ? សូម​យើង​ពិចារណា​អំពី​គ្រា​នៃ​ភាព​អត់​ឃ្លាន​ជា​ខ្លាំង ដែល​បាន​កើត​ឡើង​ប្រហែល​ជា​នៅ​ឆ្នាំ​៤៦ គ.ស.។ e នៅ​សម័យ​នោះ ភាព​អត់​ឃ្លាន​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង មក​លើ​ជន​ក្រី​ក្រ​ដែល​គ្មាន​ស្បៀង​បម្រុង និង​ប្រាក់​សន្សំ​ទុក។ ក្នុង​អំឡុង​ភាព​អត់​ឃ្លាន​នោះ គ្រិស្ត​សាសនិក​ជន​ជាតិ​យូដា​ដែល​រស់​នៅ​តំបន់​យូឌា ភាគ​ច្រើន​ទំនង​ជា​ជន​ក្រី​ក្រ ដែល​ខ្វះ​ខាត​ស្បៀង​អាហារ​យ៉ាង​ខ្លាំង។ ពេល​ដឹង​អំពី​រឿង​នេះ បង​ប្អូន​នៅ​ក្រុង​អាន់ទីយ៉ូក ដែល​រួម​មានគ្រិស្ត​សាសនិក​ជន​ជាតិ​ដទៃ បាន​ផ្ញើ​«​ជំនួយ​ទៅ​បង​ប្អូន​ដែល​រស់​នៅ​តំបន់​យូឌា​»។ (​សកម្ម. ១១:២៩​) ជំនួយ​របស់​ពួក​គេ​ពិត​ជា​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់ ជា​បង​ប្អូន​រួម​ជំនឿ​មែន!

២៣ នៅ​សព្វ​ថ្ងៃ រាស្ត្រ​របស់​ព្រះ​ក៏​មាន​ការ​ប្រព្រឹត្ត​ដូច​គ្នា​ដែរ។ ពេល​យើង​ឮ​ថា បង​ប្អូន​រួម​ជំនឿ​ក្នុង​ស្រុក ឬ​នៅ​ប្រទេស​ផ្សេង​ត្រូវ​ការ​ជំនួយ យើង​ស្ម័គ្រ​ចិត្ត​ជួយ​ពួក​គេ។ គណៈ​កម្មាធិការ​ការិយាល័យ​សាខា​បាន​ចាត់​ចែង​ជា​បន្ទាន់ ឲ្យ​គណៈ​កម្មាធិការ​ផ្ដល់​ជំនួយ​ពេល​មាន​មហន្តរាយ​រៀបចំ​វិធានការ ដើម្បី​មើល​ថែ​បង​ប្អូន​ដែល​អាច​នឹង​រង​គ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ​ដូច​ជា ព្យុះ​សង្ឃរា រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមី​ជា​ដើម។ កិច្ច​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ផ្ដល់​ជំនួយ​ទាំង​អស់​នេះ បង្ហាញ​អំពី​សាមគ្គីភាព​និង​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ជា​បង​ប្អូន​រួម​ជំនឿ។—យ៉ូន. ១៣:៣៤, ៣៥; ១​យ៉ូន. ៣:១៧

២៤. តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា យើង​ចង​ចាំ​អត្ថន័យ​នៃ​អ្វី​ដែល​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​ពេត្រុស​ឃើញ​ក្នុង​គំនិត?

២៤ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ពិត យើង​ចង​ចាំ​អត្ថន័យ​នៃ​អ្វី​ដែល​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​ពេត្រុស​ឃើញ​ក្នុង​គំនិត នៅ​លើ​ដំបូល​ផ្ទះ​ក្នុង​ក្រុង​យ៉ុបប៉ា នា​សតវត្សរ៍​ទី​១។ ព្រះ​ដែល​យើង​គោរព​ប្រណិប័តន៍ មិន​រើស​មុខ​ឡើយ។ លោក​មាន​បំណង​ឲ្យ​យើង​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​អំពី​រាជាណាចក្រ​របស់​លោក ដែល​រួម​បញ្ចូល​ការ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ឯ​ទៀត ដោយ​មិន​គិត​ពី​ជាតិ​សាសន៍ ពូជ​ពង្ស​វង្ស​ត្រកូល ឬ​ឋានៈ​ក្នុង​សង្គម​ឡើយ។ ដូច្នេះ ចូរ​យើង​ប្ដេជ្ញា​ចិត្ត​ផ្ដល់​ឱកាស​ដល់​មនុស្ស​គ្រប់​រូប ដែល​ព្រម​ស្ដាប់​ដំណឹង​ល្អ។—រ៉ូម ១០:១១​-​១៣

ពេល​បង​ប្អូន​របស់​យើង​ត្រូវ​ការ​ជំនួយ យើង​ស្ម័គ្រ​ចិត្ត​ជួយ​ពួក​គេ

a ជនជាតិ​យូដា​ខ្លះ​មើល​ងាយ​អ្នក​ច្នៃ​ស្បែក ដោយ​សារ​អ្នក​ធ្វើ​ការ​ងារ​នេះ​ត្រូវ​ប៉ះ​ស្បែក​សត្វ និង​សព​សត្វ ព្រម​ទាំង​សម្ភារៈ​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​សម្រាប់​កិច្ច​ការ​នោះ។ ម្យ៉ាង​ទៀត អ្នក​ច្នៃ​ស្បែក​ត្រូវ​គេ​ចាត់​ទុក​ថា ជា​មនុស្ស​ដែល​មិន​ស័ក្ដិ​សម​ក្នុង​ការ​ចូល​វិហារ​ឡើយ។ កន្លែង​ដែល​គាត់​រក​ស៊ី​ត្រូវ​នៅ​ឆ្ងាយ​ពី​ក្រុង​ជាង​២២​ម៉ែត្រ។ នេះ​ប្រហែល​ជា​មូលហេតុ​មួយ ដែល​ផ្ទះ​ស៊ីម៉ូន​នៅ​«​ក្បែរ​មាត់​សមុទ្រ​»។—សកម្ម. ១០:៦

b សូម​មើល​ប្រអប់​«​ កូនេលាស​និង​កង​ទ័ព​រ៉ូម​»។

c អត្ថបទ​ចំណង​ជើង​ថា​«​យោបល់​ដែល​អាច​ទុក​ចិត្ត​បាន​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០០៦ ទំព័រ​៤​ដល់​៧។

d សូម​មើល​ប្រអប់​«​ ក្រុង​អាន់ទីយ៉ូក​ស្រុក​ស៊ីរី​»។

e យ៉ូសេហ្វឺស​ដែល​ជា​ប្រវត្តិ​វិទូ​ជនជាតិ​យូដា ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​«​ភាព​អត់​ឃ្លាន​ជា​ខ្លាំង​»​នេះ ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​របស់​អធិរាជ​ក្លូឌាស (​នៅ​ឆ្នាំ​៤១​-​៥៤ គ.ស.​)។