លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី១

ព្រះអាចជួយឲ្យអាពាហ៍ពិពាហ៍មានសុភមង្គល

ព្រះអាចជួយឲ្យអាពាហ៍ពិពាហ៍មានសុភមង្គល

«លោកដែលបានបង្កើតមនុស្សជាតិដំបូង បានបង្កើតពួកគេជាប្រុសនិងស្រី»។—ម៉ាថាយ ១៩:៤

ព្រះយេហូវ៉ា * ជាអ្នកផ្ដើមឲ្យមានអាពាហ៍ពិពាហ៍។ គម្ពីរបរិសុទ្ធប្រាប់យើងថា ព្រះបានបង្កើតបុរសដំបូងឈ្មោះអាដាម រួចមកបង្កើតស្ដ្រីដំបូង ហើយ«នាំទៅ»គាត់។ អាដាមសប្បាយចិត្ដណាស់ រហូតដល់និយាយថា៖ ‹នេះហើយជាឆ្អឹងពីឆ្អឹងខ្ញុំ ជាសាច់ពីសាច់ខ្ញុំ›។ (លោកុប្បត្ដិ ២:២២, ២៣) នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ានៅតែចង់ឲ្យប្ដីប្រពន្ធមានសុភមង្គល។

ពេលដែលអ្នករៀបការហើយ ប្រហែលជាអ្នកសង្ឃឹមថាជីវិតអាពាហ៍ពិពាហ៍របស់អ្នកនឹងល្អឥតខ្ចោះ។ ប៉ុន្ដែតាមការពិត សូម្បីតែប្ដីប្រពន្ធដែលស្រឡាញ់គ្នាយ៉ាងខ្លាំង ក៏គង់តែនឹងជួបបញ្ហាខ្លះជាមិនខាន។ (កូរិនថូសទី១ ៧:២៨) នៅក្នុងសៀវភៅនេះ អ្នកនឹងរកឃើញគោលការណ៍ល្អក្នុងគម្ពីរ។ បើអ្នកធ្វើតាម នោះអ្នកអាចមានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍និងក្នុងក្រុមគ្រួសារ។—ទំនុកតម្កើង ១៩:៨-១១

១ បំពេញតួនាទីដែលព្រះយេហូវ៉ាផ្ដល់ឲ្យ

គម្ពីររៀបរាប់ថា: ប្ដីជាប្រមុខក្នុងក្រុមគ្រួសារ។—អេភេសូរ ៥:២៣

បើអ្នកជាប្ដីម្នាក់ ព្រះយេហូវ៉ាចង់ឲ្យអ្នកយកចិត្ដទុកដាក់ចំពោះប្រពន្ធ ហើយថ្នាក់ថ្នមនាង។ (ពេត្រុសទី១ ៣:៧) លោកបានបង្កើតនាងដើម្បីជួយជ្រោមជ្រែងអ្នក ដូច្នេះ លោកចង់ឲ្យអ្នកប្រព្រឹត្ដចំពោះនាងដោយថ្លៃថ្នូរនិងដោយសេចក្ដីស្រឡាញ់។ (លោកុប្បត្ដិ ២:១៨) អ្នកត្រូវស្រឡាញ់ប្រពន្ធរបស់អ្នកយ៉ាងខ្លាំង រហូតដល់ចាត់ទុកប្រយោជន៍របស់នាងថាសំខាន់ជាងប្រយោជន៍របស់អ្នក។—អេភេសូរ ៥:២៥-២៩

បើអ្នកជាប្រពន្ធ ព្រះយេហូវ៉ាចង់ឲ្យអ្នកគោរពប្ដីយ៉ាងជ្រាលជ្រៅ ហើយជួយជ្រោមជ្រែងគាត់ក្នុងការធ្វើជាប្រមុខក្រុមគ្រួសារ។ (កូរិនថូសទី១ ១១:៣; អេភេសូរ ៥:៣៣) ពេលដែលប្ដីរបស់អ្នកធ្វើការសម្រេចចិត្ដណាមួយ សូមគាំទ្រគាត់ ហើយសហការជាមួយនឹងគាត់ដោយស្មោះអស់ពីចិត្ដ។ (កូឡុស ៣:១៨) ពេលដែលអ្នកធ្វើដូច្នេះ អ្នកមានតម្លៃខ្លាំងណាស់ចំពោះប្ដីនិងព្រះយេហូវ៉ា។—ពេត្រុសទី១ ៣:១-

សូមសាកធ្វើតាមយោបល់នេះ:

  • សូមសួរគូរបស់អ្នកថា តើអ្នកអាចធ្វើយ៉ាងណា ដើម្បីក្លាយទៅជាប្ដីប្រពន្ធដែលល្អជាង។ រួចមក សូមស្តាប់ដោយយកចិត្ដទុកដាក់ ហើយខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យបានប្រសើរជាង

  • សូមអត់ធ្មត់។ ព្រោះនេះតម្រូវឲ្យចំណាយពេលយូរ ដើម្បីអ្នកទាំងពីររៀនឲ្យស្គាល់ចិត្ដគ្នា ហើយមានសុភមង្គល

២ គិតអំពីអារម្មណ៍គូជានិច្ច

គម្ពីររៀបរាប់ថា: អ្នកត្រូវគិតអំពីប្រយោជន៍គូរបស់អ្នកជាមុន។ (ភីលីព ២:៣, ៤) សូមចាំថា ព្រះយេហូវ៉ាតម្រូវឲ្យអ្នកដែលបម្រើលោក «ប្រព្រឹត្ដដោយសុភាពចំពោះមនុស្សទាំងអស់»។ ដូច្នេះ អ្នកត្រូវប្រព្រឹត្ដចំពោះគូអ្នកដោយចាត់ទុកគាត់ថាមានតម្លៃ។ (ធីម៉ូថេទី២ ២:២៤) គម្ពីរប្រាប់ថា«មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ»។ ហេតុនេះ អ្នកត្រូវគិតឲ្យបានហ្មត់ចត់អំពីអ្វីដែលអ្នកនឹងនិយាយ។ (សុភាសិត ១២:១៨) សកម្មពលរបស់ព្រះយេហូវ៉ានឹងជួយអ្នកឲ្យនិយាយដោយសប្បុរសនិងដោយសេចក្ដីស្រឡាញ់។—កាឡាទី ៥:២២, ២៣; កូឡុស ៤:៦

សូមសាកធ្វើតាមយោបល់នេះ:

  • សូមអធិដ្ឋានទៅព្រះឲ្យលោកជួយអ្នកមានចិត្ដស្ងប់ និងមានទស្សនៈទូលាយជានិច្ច មុនដែលអ្នកពិភាក្សាអំពីរឿងធំណាមួយជាមួយនឹងគូរបស់អ្នក

  • សូមគិតឲ្យបានហ្មត់ចត់អំពីអ្វីដែលអ្នកនឹងនិយាយ ហើយអំពីរបៀបដែលអ្នកនឹងនិយាយ

៣ ជួយគំនិតគ្នា

គម្ពីររៀបរាប់ថា: ពេលដែលអ្នករៀបការ អ្នកនិងគូរបស់អ្នកក្លាយទៅជា«សាច់ឈាមតែមួយ»។ (ម៉ាថាយ ១៩:៥) ទោះជាយ៉ាងនោះក៏ដោយ អ្នកទាំងពីរនៅតែជាបុគ្គលពីរផ្សេងគ្នា ហើយក៏អាចមានទស្សនៈខុសគ្នាដែរ។ ដូច្នេះ អ្នកត្រូវរៀនឲ្យចេះរួមចិត្ដរួមគំនិតគ្នា។ (ភីលីព ២:២) ការរួមចិត្ដរួមគំនិតគ្នា គឺសំខាន់ចាំបាច់ពេលធ្វើការសម្រេចចិត្ដរឿងណាមួយ។ គម្ពីរចែងថា«អស់ទាំងគំនិតដែលចង់ធ្វើ នោះបានសំរេចមែនទែន ដោយសារការប្រឹក្សាគ្នា»។ (សុភាសិត ២០:១៨) កាលដែលអ្នកនិងគូអ្នកធ្វើការសម្រេចចិត្ដអំពីរឿងសំខាន់ណាមួយ សូមធ្វើតាមគោលការណ៍គម្ពីរ។—សុភាសិត ៨:៣២, ៣៣

សូមសាកធ្វើតាមយោបល់នេះ:

  • សូមប្រាប់អារម្មណ៍របស់អ្នក មិនគ្រាន់តែប្រាប់ព័ត៌មានទស្សនៈរបស់ខ្លួននោះទេ

  • សូមពិភាក្សាជាមួយនឹងគូអ្នកសិន មុននឹងសន្យារឿងអ្វីមួយជាមួយនឹងអ្នកទៀត

^ វគ្គ 4 ក្នុងគម្ពីរប្រាប់ថានាមរបស់ព្រះ គឺយេហូវ៉ា។