លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ផ្នែក​ទី​១

«ចៀមណាដែលបាត់ ខ្ញុំនឹងស្វែងរក»

«ចៀមណាដែលបាត់ ខ្ញុំនឹងស្វែងរក»

ចៀម​មួយ​កំពុង​ស៊ី​ស្មៅ​នៅ​ឯ​វាល ដោយ​មិន​ដឹង​ខ្លួន​វា​បាន​ឃ្លាត​ចេញ​ពី​ហ្វូង។ ពេល​វា​ងើប​មុខ​ឡើង វា​ភ័យ​ស្រឡាំងកាំង ដោយ​សារ​មិន​ឃើញ​ចៀម​ឯ​ទៀត​និង​គង្វាល​ទេ។ ឥឡូវ មេឃ​ចាប់​ផ្ដើម​ងងឹត​ហើយ។ ចៀម​វង្វេង​នោះ​កំពុង​នៅ​ក្នុង​ជ្រលង​ភ្នំ​មួយ​ដែល​ជា​តំបន់​របស់​សត្វ​សាហាវ។ ចៀម​នោះ​គ្មាន​អ្នក​ការ​ពារ​ទេ។ មិន​យូរ​ក្រោយ​មក ចៀម​នោះ​ឮ​សំឡេង​ស្រែក​ហៅ​ដែល​វា​ធ្លាប់​ស្គាល់ គឺ​សំឡេង​របស់​គង្វាល ដែល​កំពុង​តែ​រត់​មក​រក​វា។ គង្វាល​បាន​លើក​ចៀម​ឡើង និង​ដាក់​វា​ក្នុង​អាវ​ក្រៅ​របស់​គាត់ ហើយ​បី​វា​មក​ផ្ទះ​វិញ។

ជា​ច្រើន​ដង ព្រះ​យេហូវ៉ា​បាន​ប្រដូច​ខ្លួន​លោក​ទៅ​នឹង​គង្វាល។ ក្នុង​បណ្ដាំ​របស់​លោក លោក​បាន​ផ្ដល់​ការ​ធានា​ដល់​យើង​ថា​៖ ​«​ខ្ញុំ​ផ្ទាល់​នឹង​ស្វែង​រក​ចៀម​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ថែ​រក្សា​ពួក​គេ​»។—អេសេគាល ៣៤:​១១, ១២

​«​ចៀម​ដែល​ខ្ញុំ​ថែ​រក្សា​»​

តើ​អ្នក​ណា​ជា​ចៀម​របស់​ព្រះ​យេហូវ៉ា? បើ​និយាយ​ឲ្យ​ចំ​ទៅ ចៀម​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​ដែល​ស្រឡាញ់​និង​គោរព​ប្រណិប័តន៍​លោក។ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​យើង​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​បង្កើត​មនុស្ស​យើង ចូរ​យើង​មក​ក្រាប​គោរព​ប្រណិប័តន៍​លោក។ ពីព្រោះ​លោក​ជា​ព្រះ​របស់​យើង ហើយ​យើង​ជា​រាស្ត្រ​របស់​លោក លោក​ថែ​រក្សា​យើង​ដូច​ជា​ចៀម​ដែល​នៅ​ឯ​វាល​ស្មៅ​»។ (​ចម្រៀង​សរសើរ​ព្រះ ៩៥:៦, ៧​) ដូច​ចៀម​តាម​គង្វាល អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ចង់​ធ្វើ​តាម​លោក​ដែល​ជា​គង្វាល​របស់​ពួក​គេ​យ៉ាង​ខ្លាំង។ តើ​ពួក​គេ​មិន​ដែល​ធ្វើ​ខុស​សោះ​ឬ? មិន​មែន​ទេ។ ម្ដង​ម្កាល ក្នុង​ន័យ​ធៀប​អ្នក​បម្រើ​របស់​ព្រះ​បាន​ទៅ​ជា​«​ចៀម​ដែល​វង្វេង​»។ (​អេសេគាល ៣៤:១២; ម៉ាថាយ ១៥:២៤; ពេត្រុស​ទី​១ ២:២៥​) ទោះ​ជា​ដូច្នោះ​ក៏​ដោយ ពេល​បុគ្គល​ម្នាក់​រសាត់​ចេញ ព្រះ​យេហូវ៉ា​សង្ឃឹម​ជា​និច្ច​ថា​គាត់​នឹង​ត្រឡប់​មក​វិញ។

តើ​អ្នក​នៅ​តែ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​ជា​គង្វាល​របស់​អ្នក​ឬ​ទេ? នៅ​សព្វ​ថ្ងៃ​នេះ តើ​ព្រះ​យេហូវ៉ា​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​លោក​ជា​គង្វាល? សូម​ពិចារណា​វិធី​បី​យ៉ាង​៖

លោក​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ឃ្វាល​ពួក​គេ​នៅ​លើ​វាល​ស្មៅ​ខៀវ​ខ្ចី . . . ពួក​គេ​នឹង​ដេក​នៅ​លើ​កន្លែង​ដ៏​ស្រស់បំព្រង ហើយ​ពួក​គេ​មាន​ស្មៅ​ខៀវ​ខ្ចី​ជា​អាហារ​»។ (​អេសេគាល ៣៤:១៤​) តាម​វិធី​ផ្សេង​ៗ ព្រះ​យេហូវ៉ា​តែង​តែ​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​តាម​ត្រូវ​ពេល និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​យើង​ជា​និច្ច។ ពេល​អ្នក​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា តើ​អ្នក​នៅ​ចាំ​ថា​លោក​បាន​តប​ឆ្លើយ​តាម​រយៈ​អត្ថបទ សុន្ទរកថា ឬ​វីដេអូ​ណា​មួយ​ឬ​ទេ? បទ​ពិសោធន៍​នោះ​ច្បាស់​ជា​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ផ្ទាល់ មែន​ទេ?

លោក​ការ​ពារ​និង​ទ្រ​ទ្រង់​យើង។ ព្រះ​យេហូវ៉ា​សន្យា​ថា​៖ ​«​ចៀម​ណា​ដែល​វង្វេង ខ្ញុំ​នឹង​នាំ​ត្រឡប់​មក​វិញ។ ចៀម​ណា​ដែល​មាន​របួស ខ្ញុំ​នឹង​រុំ​របួស​ឲ្យ។ ចៀម​ណា​ដែល​ខ្សោយ ខ្ញុំ​នឹង​ពង្រឹង​កម្លាំង​»។ (​អេសេគាល ៣៤:១៦​) ព្រះ​យេហូវ៉ា​ចម្រើន​កម្លាំង​ដល់​ចៀម​ដែល​ខ្សោយ គឺ​អ្នក​ដែល​ខ្សោយ​ដោយ​សារ​មាន​ទុក្ខ​កង្វល់​ច្រើន​ពន់​ពេក។ លោក​រុំ​របួស​ឲ្យ​ចៀម​ដែល​មាន​របួស ក្នុង​ន័យ​ថា​ជួយ​អ្នក​ដែល​ឈឺ​ចិត្ត ឲ្យ​ជា​សះ​ស្បើយ ទោះ​ជា​ការ​ឈឺ​ចិត្ត​នោះ​ដោយ​សារ​បង​ប្អូន​រួម​ជំនឿ​ក៏​ដោយ។ លោក​ធ្វើ​ឲ្យ​ពួក​គេ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ម្យ៉ាង​ទៀត ចំពោះ​ចៀម​ដែល​វង្វេង និង​ដែល​ប្រហែល​ជា​ខំ​យក​ឈ្នះ​នឹង​គំនិត​មិន​ល្អ​ចំពោះ​ខ្លួន​ឯង លោក​ក៏​នាំ​ពួក​គេ​ត្រឡប់​មក​វិញ​ដែរ។

លោក​រមែង​គិត​អំពី​យើង។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ប្រមូល​ចៀម​ខ្ញុំ​ពី​កន្លែង​ដែល​ពួក​គេ​បាន​ខ្ចាត់​ខ្ចាយ​ទៅ​»​ ហើយ​«​ចៀម​ណា​ដែល​បាត់ ខ្ញុំ​នឹង​ស្វែង​រក​»។ (​អេសេគាល ៣៤:១២, ១៦​) ចំពោះ​ព្រះ​យេហូវ៉ា ចៀម​ដែល​វង្វេង​គឺ​អាច​ត្រឡប់​មក​វិញ​បាន លោក​មិន​អស់​សង្ឃឹម​ចំពោះ​ពួក​គេ​ឡើយ។ លោក​ដឹង​ពេល​មាន​ចៀម​មួយ​វង្វេង ហើយ​លោក​ស្វែង​រក​ចៀម​នោះ។ ពេល​លោក​រក​ឃើញ​ចៀម​នោះ លោក​អរ​សប្បាយ​ជា​ខ្លាំង។ (​ម៉ាថាយ ១៨:១២​-​១៤​) ម្ល៉ោះ​ហើយ លោក​ហៅ​អ្នក​គោរព​ប្រណិប័តន៍​លោក​ថា​«​ចៀម​ដែល​ខ្ញុំ​ថែ​រក្សា​»។ (​អេសេគាល ៣៤:៣១​) អ្នក​ក៏​ជា​ចៀម​មួយ​ក្នុង​ចំណោម​ហ្វូង​ចៀម​របស់​លោក​ដែរ។

ចំពោះ​ព្រះ​យេហូវ៉ា ចៀម​ដែល​វង្វេង​គឺ​អាច​ត្រឡប់​មក​វិញ​បាន លោក​មិន​អស់​សង្ឃឹម​ចំពោះ​ពួក​គេ​ឡើយ។ ពេល​លោក​រក​ឃើញ​ចៀម​នោះ លោក​អរ​សប្បាយ​ជា​ខ្លាំង

​«​សូម​ឲ្យ​អ្វី​ៗ​ទាំង​អស់​បាន​ដូច​ដើម​វិញ​»​

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ស្វែង​រក​អ្នក​និង​អញ្ជើញ​អ្នក​ឲ្យ​ត្រឡប់​មក​រក​លោក​វិញ? ពីព្រោះ​លោក​ចង់​ឲ្យ​អ្នក​មាន​សុភមង្គល។ លោក​សន្យា​ថា​៖ ​«​ពរ​ទាំង​ប៉ុន្មាន​នឹង​ធ្លាក់​មក​ដូច​ជា​ភ្លៀង​»​ទៅ​លើ​ចៀម​របស់​លោក។ (​អេសេគាល ៣៤:២៦​) នេះ​ជា​សេចក្ដី​សន្យា​ដែល​អ្នក​អាច​ទុក​ចិត្ត​បាន ព្រោះ​អ្នក​ធ្លាប់​ឃើញ​ភ័ស្តុតាង​រួច​ហើយ។

អ្នក​ប្រហែល​ជា​នៅ​ចាំ​អនុស្សាវរីយ៍​ខ្លះ​ដែល​អ្នក​មាន​កាល​ដែល​អ្នក​បាន​ស្គាល់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ពេល​ដែល​អ្នក​បាន​រៀន​សេចក្ដី​ពិត​សំខាន់​ៗ​ជា​លើក​ដំបូង អំពី​នាម​របស់​ព្រះ​និង​គោល​បំណង​របស់​លោក​ចំពោះ​មនុស្សជាតិ តើ​ពេល​នោះ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? អ្នក​ប្រហែល​ជា​នៅ​ចាំ ពេល​អ្នក​ចូល​រួម​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ដោយ​សាមគ្គីភាព​នៅ​សន្និបាត​និង​មហា​សន្និបាត តើ​នោះ​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ខ្លាំង​ប៉ុន​ណា? ពេល​អ្នក​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ដែល​បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ស្មោះ អ្នក​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​សប្បាយ​រីករាយ​និង​ស្កប់​ចិត្ត​យ៉ាង​ខ្លាំង មែន​ទេ?

អ្នក​អាច​មាន​អំណរ​ដូច​នោះ​ម្ដង​ទៀត។ អ្នក​បម្រើ​ព្រះ​ពី​សម័យ​មុន​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ សូម​លោក​នាំ​យើង​ត្រឡប់​មក​ឯ​លោក​វិញ ហើយ​យើង​នឹង​ប្រញាប់​ត្រឡប់​មក​ឯ​លោក។ សូម​ឲ្យ​អ្វី​ៗ​ទាំង​អស់​បាន​ដូច​ដើម​វិញ​»។ (​បទ​ទំនួញ ៥:២១​) ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​នោះ ហើយ​រាស្ត្រ​របស់​លោក​បាន​ត្រឡប់​មក​គោរព​ប្រណិប័តន៍​លោក​វិញ​ដោយ​មាន​អំណរ​សា​ជា​ថ្មី។ (​នេហេមា ៨:១៧​) ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ដូច្នោះ​ដែរ​ចំពោះ​អ្នក។

ប៉ុន្តែ ការ​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ​គឺ​ស្រួល​និយាយ​តែ​ពិបាក​ធ្វើ។ សូម​ពិចារណា​ការ​ពិបាក​ខ្លះ​ៗ​ដែល​រា​រាំង​អ្នក​មិន​ឲ្យ​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ និង​របៀប​ដែល​អ្នក​អាច​យក​ឈ្នះ​ការ​ពិបាក​ទាំង​នោះ។