លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំបុត្រពីគណៈអភិបាល

សំបុត្រពីគណៈអភិបាល

ជូន​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ជា​ទី​ស្រឡាញ់

ដូច​បង​ប្អូន​ដឹង​ហើយ គម្ពីរ​ជា​សៀវភៅ​ដែល​មាន​កំណត់​ហេតុ​ជា​ច្រើន​អំពី​មនុស្ស។ មនុស្ស​ទាំង​នោះ​គឺ​ជា​បុរស​និង​ស្ត្រី​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា។ ពួក​គាត់​«​មាន​អារម្មណ៍​ដូច​យើង​»​ ហើយ​មាន​ការ​ពិបាក​ស្រដៀង​នឹង​យើង​ដែរ។ (​យ៉ាកុប ៥:១៧, កំ.ស.​) ពួក​គាត់​ខ្លះ​មាន​បញ្ហា​និង​ទុក្ខ​កង្វល់​ជា​ច្រើន។ ពួក​គាត់​ខ្លះ​ទៀត​ត្រូវ​សមាជិក​ក្រុម​គ្រួសារ​និង​បង​ប្អូន​រួម​ជំនឿ​ធ្វើ​ឲ្យ​ឈឺ​ចិត្ត​ជា​ខ្លាំង។ ចំណែក​បង​ប្អូន​ខ្លះ​ទៀត​តែង​តែ​នឹក​ឃើញ​កំហុស​ដែល​ខ្លួន​បាន​ធ្វើ​ពី​មុន ហើយ​នៅ​តែ​បន្ទោស​ខ្លួន​រហូត។

តើ​ពួក​គាត់​ទាំង​នោះ​បាន​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា​ទាំង​ស្រុង​ឬ? មិន​មែន​ទេ។ ពួក​គាត់​ជា​ច្រើន​មាន​អារម្មណ៍​ដូច​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​ដែល​បាន​អធិដ្ឋាន​ថា​៖ ​«​ខ្ញុំ​បាន​បែរ​ចេញ​ដូច​ចៀម​ដែល​វង្វេង​ផ្លូវ។ សូម​មេត្តា​ស្វែង​រក​អ្នក​បម្រើ​របស់​លោក ព្រោះ​ខ្ញុំ​មិន​បាន​ភ្លេច​បញ្ញត្តិ​របស់​លោក​ទេ​»។ (​ចម្រៀង​សរសើរ​ព្រះ ១១៩:១៧៦​) តើ​អ្នក​អាច​យល់​អារម្មណ៍​របស់​គាត់​ឬ​ទេ?

ព្រះ​យេហូវ៉ា​មិន​ដែល​ភ្លេច​អ្នក​គោរព​ប្រណិប័តន៍​លោក​ដែល​បាន​ឈប់​ចូល​រួម​ជា​មួយ​នឹង​រាស្ត្រ​របស់​លោក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ខំ​ជួយ​ពួក​គាត់។ លោក​ច្រើន​តែ​ធ្វើ​ដូច្នេះ​តាម​រយៈ​បង​ប្អូន​រួម​ជំនឿ​របស់​ពួក​គាត់។ ជា​ឧទាហរណ៍ សូម​គិត​អំពី​យ៉ូប​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ។ គាត់​បាន​ជួប​នឹង​បញ្ហា​ជា​ច្រើន​ដូច​ជា បាត់​បង់​ទ្រព្យ​សម្បត្តិ កូន​ៗ​ជា​ទី​ស្រឡាញ់​បាន​ស្លាប់ ហើយ​ខ្លួន​គាត់​ក៏​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ទៀត​ផង។ យ៉ូប​ក៏​បាន​ស៊ូ​ទ្រាំ​នឹង​ពាក្យ​សម្ដី​បញ្ឈឺ​ចិត្ត​ពី​ពួក​អ្នក​ដែល​គួរ​តែ​ជួយ​គាំទ្រ​គាត់។ ប៉ុន្តែ យ៉ូប​មិន​បាន​ងាក​រេ​ចេញ​ពី​ព្រះ​យេហូវ៉ា​ឡើយ ទោះ​ជា​នៅ​ពេល​នោះ​គាត់​មាន​គំនិត​មិន​ត្រឹម​ត្រូវ​ក៏​ដោយ។ (​យ៉ូប ១:២២; ២:១០​) តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​យ៉ូប​ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច?

វិធី​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​យ៉ូប គឺ​តាម​រយៈ​បង​ប្អូន​រួម​ជំនឿ​របស់​គាត់​ម្នាក់​ឈ្មោះ​អេលីហ៊ូ។ ពេល​ដែល​យ៉ូប​បាន​ប្រាប់​អំពី​កង្វល់​របស់​គាត់ អេលីហ៊ូ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ហើយ​ក្រោយ​មក​ឫទ្ធានុភាព​ព្រះ​បាន​ជំរុញ​គាត់​ឲ្យ​និយាយ​ទៅ​កាន់​យ៉ូប។ តើ​អេលីហ៊ូ​បាន​និយាយ​អ្វី​ខ្លះ? តើ​គាត់​និយាយ​រិះ​គន់​យ៉ូប ឬ​ព្យាយាម​ធ្វើ​ឲ្យ​យ៉ូប​បន្ទោស​ខ្លួន ឬ​ធ្វើ​ឲ្យ​យ៉ូប​អាម៉ាស់​មុខ​ឬ​ទេ? តើ​អេលីហ៊ូ​គិត​ថា​ខ្លួន​គាត់​ប្រសើរ​ជាង​យ៉ូប​ឬ​ទេ? មិន​មែន​ទេ គាត់​គ្មាន​គំនិត​ដូច្នេះ​ឡើយ! ឫទ្ធានុភាព​របស់​ព្រះ​បាន​ជំរុញ​គាត់​ឲ្យ​និយាយ​ថា​៖ ​«​នៅ​ចំពោះ​មុខ​ព្រះ​ដ៏​ពិត ខ្ញុំ​ក៏​ដូច​អ្នក​ដែរ ខ្ញុំ​បាន​ត្រូវ​បង្កើត​ពី​ដី​ឥដ្ឋ​ដូច​គ្នា​»។ រួច​មក គាត់​បាន​ធ្វើ​ឲ្យ​យ៉ូប​មាន​ទំនុក​ចិត្ត ដោយ​និយាយ​ថា​៖ ​«​អ្នក​មិន​ចាំ​បាច់​ខ្លាច​ខ្ញុំ​ឡើយ ខ្ញុំ​មិន​ប្រើ​សម្ដី​ធ្ងន់​ពេក​ធ្វើ​ឲ្យ​អ្នក​ព្រួយ​ចិត្ត​ទេ​»។ (​យ៉ូប ៣៣:៦, ៧​) ដូច្នេះ ជា​ជាង​ធ្វើ​ឲ្យ​យ៉ូប​កាន់​តែ​ពិបាក​ចិត្ត អេលីហ៊ូ​បាន​ឲ្យ​ដំបូន្មាន​និង​ការ​លើក​ទឹក​ចិត្ត​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដល់​យ៉ូប។

យើង​ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ដឹង​ថា យើង​ខ្ញុំ​ក៏​មាន​អារម្មណ៍​ដូច​នេះ​ចំពោះ​បង​ប្អូន​ដែរ។ ហេតុ​នេះ យើង​ខ្ញុំបាន​រៀបចំ​សៀវភៅ​ស្តើង​នេះ។ មុន​ដំបូង យើង​បាន​ស្ដាប់​និង​គិត​ពិចារណា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​កាលៈទេសៈ និង​អារម្មណ៍​របស់​បង​ប្អូន​មួយ​ចំនួន​ដែល​បាន​រសាត់​ចេញ។ (​សុភាសិត ១៨:១៣​) បន្ទាប់​មក យើង​បាន​អធិដ្ឋាន​ហើយ​ស្រាវ​ជ្រាវ​បទ​គម្ពីរ និង​ពិនិត្យ​មើល​កំណត់​ហេតុ​ផ្សេង​ៗ។ កំណត់​ហេតុ​ទាំង​នោះ​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​បម្រើ​លោក​នៅ​សម័យ​មុន ដែល​ធ្លាប់​ជួប​ប្រទះ​កាលៈទេសៈ​ស្រដៀង​នឹង​បង​ប្អូន​ដែរ។ ក្រោយ​មក យើង​បាន​បញ្ចូល​កំណត់​ហេតុ​គម្ពីរ​ទាំង​នោះ​ជា​មួយ​នឹង​បទ​ពិសោធន៍​នៅ​សម័យ​នេះ ដើម្បី​រៀប​រៀង​សៀវភៅ​ស្តើង​នេះ​ឡើង។ ដោយ​ក្ដី​ស្រឡាញ់​យ៉ាង​កក់​ក្ដៅ យើង​សូម​អញ្ជើញ​បង​ប្អូន​អាន​សៀវភៅ​នេះ ហើយ​សូម​ជឿ​ជាក់​ថា​យើង​ខ្ញុំ​ស្រឡាញ់​បង​ប្អូន​យ៉ាង​ស្មោះ។

Governing Body of Jehovah’s Witnesses

(​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា​)