លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ផ្នែក​ទី​៥

សូមត្រឡប់មកឯ«គង្វាលដែលរក្សាការពារជីវិតរបស់អ្នក»

សូមត្រឡប់មកឯ«គង្វាលដែលរក្សាការពារជីវិតរបស់អ្នក»

តើ​អ្នក​មាន​បញ្ហា​ណា​មួយ​ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​នេះ​ឬ​ទេ? បើ​មាន​មែន អ្នក​ក៏​មិន​ខុស​ប្លែក​ពី​អ្នក​បម្រើ​ស្មោះ​ត្រង់​ជា​ច្រើន​របស់​ព្រះ​ដែរ។ ពួក​គាត់​ដែល​រស់​នៅ​សម័យ​គម្ពីរ​និង​នៅ​សម័យ​យើង​បាន​ប្រឈម​មុខ​នឹង​ការ​ពិបាក​ស្រដៀង​នឹង​អ្នក​ដែរ។ ប៉ុន្តែ ពួក​គាត់​បាន​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​យក​ឈ្នះ​ការ​ពិបាក​ទាំង​នោះ។ ដូច្នេះ អ្នក​ក៏​អាច​យក​ឈ្នះ​បាន​ដែរ។

ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក កាល​ដែល​អ្នក​ត្រឡប់​មក​លោក​វិញ

សូម​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក កាល​ដែល​អ្នក​ត្រឡប់​មក​លោក​វិញ។ លោក​នឹង​ជួយ​អ្នក​យក​ឈ្នះ​អារម្មណ៍​មិន​ល្អ​ដែល​មក​ពី​ការ​ខ្វល់​ចិត្ត​និង​ការ​ឈឺ​ចិត្ត។ លោក​ក៏​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​និង​គំនិត​ដែល​មក​ពី​ការ​មាន​សមត្ថភាព​វិនិច្ឆ័យ​មិន​ផ្ដន្ទា​ទោស។ ក្រោយ​មក ចិត្ត​អ្នក​ប្រហែល​ជា​ជំរុញ​អ្នក​ឲ្យ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ម្ដង​ទៀត​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ។ ស្ថានភាព​របស់​អ្នក​ក៏​ស្រដៀង​នឹង​ស្ថានភាព​របស់​គ្រិស្ត​សាសនិក​ខ្លះ​នៅ​សតវត្សរ៍​ទី១​ដែរ។ សាវ័ក​ពេត្រុស​បាន​រៀប​រាប់​អំពី​ពួក​គេ​ថា​៖ ​«​ពី​មុន អ្នក​រាល់​គ្នា​ដូច​ចៀម​ដែល​វង្វេង តែ​ឥឡូវ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​មក​ឯ​គង្វាល​ដែល​រក្សា​ការ​ពារ​ជីវិត​របស់​អ្នក​រាល់​គ្នា​»។—ពេត្រុស​ទី​១ ២:២៥

បើ​អ្នក​សម្រេច​ចិត្ត​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ នោះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត។ ហេតុ​អ្វី? ពីព្រោះ​អ្នក​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីករាយ។ (​សុភាសិត ២៧:១១​) ដូច​ដែល​អ្នក​ដឹង​ហើយ​ថា ព្រះ​យេហូវ៉ា​ក៏​មាន​អារម្មណ៍​ដូច​យើង​ដែរ។ ដូច្នេះ អ្វី​ដែល​យើង​ធ្វើ​អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​លោក។ ការ​ពិត ព្រះ​យេហូវ៉ា​មិន​បង្ខំ​យើង​ឲ្យ​ស្រឡាញ់ និង​បម្រើ​លោក​ទេ។ (​ការ​បំភ្លឺ​ច្បាប់ ៣០:១៩, ២០​) បណ្ឌិត​ខាង​គម្ពីរ​ម្នាក់​បាន​និយាយ​ថា​៖ ​«​គ្មាន​អ្នក​ណា​ម្នាក់​អាច​បើក​ចិត្ត​របស់​អ្នក​បាន​ទេ លុះ​ត្រា​តែ​អ្នក​ផ្ទាល់​បើក​ចិត្ត​ដោយ​ខ្លួន​ឯង​»។ តើ​យើង​អាច​បើក​ចិត្ត​របស់​យើង​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ដោយ​សារ​យើង​ស្រឡាញ់​លោក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​ជូន​លោក​នូវ​អំណោយ​ដ៏​មាន​តម្លៃ ពោល​គឺ​ចិត្ត​ស្មោះ​ឥត​ងាក​រេ​របស់​យើង។ បើ​យើង​បម្រើ​លោក​ដោយ​ចិត្ត​ស្មោះ​ឥត​ងាក​រេ នោះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​អំណរ​ខ្លាំង​ក្រៃ​លែង។ ពេល​ដែល​យើង​ជូន​ព្រះ​យេហូវ៉ា​នូវ​ការ​គោរព​ប្រណិប័តន៍​ដែល​លោក​សម​នឹង​ទទួល នោះ​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល​ដែល​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ។—សកម្មភាព ២០:៣៥; ការ​បើក​បង្ហាញ ៤:១១

បន្ថែម​ទៅ​ទៀត ពេល​អ្នក​ត្រឡប់​មក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ម្ដង​ទៀត លោក​នឹង​បំពេញ​ការ​ស្រេក​ឃ្លាន​របស់​អ្នក​ចំពោះ​ការ​ណែនាំ​ពី​លោក។ (​ម៉ាថាយ ៥:៣​) តើ​តាម​របៀប​ណា? មនុស្ស​នៅ​ជុំ​វិញ​ពិភព​លោក​ឆ្ងល់​ថា​‹ហេតុ​អ្វី​យើង​មាន​ជីវិត​រស់​នៅ?›។ ពួក​គេ​ចង់​ដឹង​យ៉ាង​ខ្លាំង​នូវ​ចម្លើយ​ចំពោះ​សំណួរ​អំពី​គោល​បំណង​នៃ​ជីវិត។ ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​សេចក្ដី​ត្រូវ​ការ​ចង់​ទទួល​ការ​ណែនាំ​ពី​លោក។ លោក​បាន​បង្កើត​យើង​ឲ្យ​មាន​សុភមង្គល​ពេញ​លេញ ពី​ការ​បម្រើ​លោក។ ពេល​យើង​ដឹង​ថា យើង​កំពុង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​សារ​យើង​ស្រឡាញ់​លោក នោះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល​ខ្លាំង​បំផុត។—ចម្រៀង​សរសើរ​ព្រះ ៦៣:១​-​៥

សូម​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ត្រឡប់​មក​លោក​វិញ។ ហេតុ​អ្វី​អ្នក​អាច​មាន​ទំនុក​ចិត្ត​បាន? សូម​ពិចារណា​ចំណុច​ខ្លះ​ៗ។ សៀវភៅ​នេះ​បាន​ត្រូវ​រៀបចំ​ឡើង​ដោយ​យក​ចិត្ត​ទុក​ដាក់​និង​ដោយ​អធិដ្ឋាន​យ៉ាង​ច្រើន។ អ្នក​ប្រហែល​ជា​បាន​ទទួល​សៀវភៅ​នេះ ដោយ​សារ​មាន​អ្នក​ចាស់​ទុំ​ឬ​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់​យក​មក​ជូន​អ្នក។ ក្រោយ​មក អ្នក​មាន​ចិត្ត​ជំរុញ​ឲ្យ​អាន​សៀវភៅ​នេះ ហើយ​ចង់​ធ្វើ​តាម​យោបល់​ដែល​អ្នក​បាន​អាន។ នេះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​មិន​បាន​ភ្លេច​អ្នក​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​កំពុង​ទាញ​នាំ​អ្នក​បន្តិច​ម្ដង​ៗ​ឲ្យ​ត្រឡប់​មក​លោក​វិញ។—យ៉ូហាន ៦:៤៤

យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​មិន​ដែល​ភ្លេច​អ្នក​បម្រើ​លោក​ដែល​បាន​វង្វេង​ឡើយ។ នេះ​ជា​អ្វី​ដែល​បង​ស្រី​ដានណឺ​បាន​ដឹង​គុណ​ចំពោះ​ព្រះ​យេហូវ៉ា។ គាត់​បាន​ប្រាប់​ថា​៖ ​«​ខ្ញុំ​បាន​រសាត់​ចេញ​ពី​សេចក្ដី​ពិត​បន្តិច​ម្ដង​ៗ។ ប៉ុន្តែ​ជា​រឿយ​ៗ ខ្ញុំ​បាន​រំពឹង​គិត​អំពី​ចម្រៀង​សរសើរ​ព្រះ ១៣៩:២៣, ២៤ ដែល​ចែង​ថា​៖ ‹ឱ​ព្រះ​អើយ សូម​ស្វែង​យល់​អំពី​ខ្ញុំ​យ៉ាង​ល្អិត​ល្អន់ ហើយ​សូម​ស្គាល់​ចិត្ត​ខ្ញុំ​យ៉ាង​ច្បាស់​ផង។ សូម​ពិនិត្យ​មើល​ខ្ញុំ ដើម្បី​ដឹង​ថា​ខ្ញុំ​ខ្វល់​ខ្វាយ​អំពី​រឿង​អ្វី​ខ្លះ។ សូម​លោក​មើល​ខ្ញុំ​ឲ្យ​ដឹង​ថា ក្នុង​ចិត្ត​គំនិត​ខ្ញុំ​មាន​អ្វី​ដែល​មិន​ល្អ​ឬ​យ៉ាង​ណា ហើយ​សូម​មេត្តា​នាំ​ខ្ញុំ​ដើរ​លើ​ផ្លូវ​ទៅ​កាន់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់›។ ខ្ញុំ​បាន​ដឹង​ក្នុង​ចិត្ត​ថា ខ្ញុំ​គ្មាន​ចំណែក​ក្នុង​ពិភព​លោក​នេះ​ទេ ហើយ​ខ្ញុំ​ក៏​ចូល​មិន​ចុះ​ជា​មួយ​នឹង​ពិភព​លោក​នេះ​ដែរ។ ខ្ញុំ​ក៏​ដឹង​ដែរ​ថា ខ្ញុំ​គួរ​តែ​នៅ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា។ ក្រោយ​មក ខ្ញុំ​ចាប់​ផ្ដើម​យល់​ថា ព្រះ​យេហូវ៉ា​មិន​ដែល​បោះ​បង់​ខ្ញុំ​ឡើយ។ អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ គឺ​ខ្ញុំ​ត្រូវ​រក​វិធី​ត្រឡប់​ទៅ​លោក​វិញ​ប៉ុណ្ណោះ។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​បាន​ត្រឡប់​មក​វិញ!​»។

​«​ខ្ញុំ​ចាប់​ផ្ដើម​យល់​ថា ព្រះ​យេហូវ៉ា​មិន​ដែល​បោះ​បង់​ខ្ញុំ​ទេ។ អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ គឺ​ខ្ញុំ​ត្រូវ​រក​វិធី​ត្រឡប់​ទៅ​លោក​វិញ​ប៉ុណ្ណោះ​»​

យើង​អធិដ្ឋាន​អស់​ពី​ចិត្ត​ដើម្បី​ឲ្យ​អ្នក​ទទួល​«​អំណរ​ពី​ព្រះ​យេហូវ៉ា​»​ម្ដង​ទៀត។ (​នេហេមា ៨:១០​) អ្នក​នឹង​មិន​ស្ដាយ​ក្រោយ​ឡើយ បើ​អ្នក​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ។