លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៧

ការ​ស្តាប់​បង្គាប់​ការ​ពារ​ជីវិត​កូន

ការ​ស្តាប់​បង្គាប់​ការ​ពារ​ជីវិត​កូន

បើ​កូន​ធ្វើ​អ្វី​ៗ​បាន​តាម​ចិត្ត តើ​កូន​សប្បាយ​ចិត្ត​ទេ? តើ​មាន​ពេល​ដែល​កូន​មិន​ចង់​ឲ្យ​នរណា​ម្នាក់​បង្គាប់​កូន​ឲ្យ​ធ្វើ​អ្វី​មួយ​ទេ? សូម​និយាយ​ត្រង់​ៗ​មើល តើ​កូន​គិត​យ៉ាង​ណា?—

ហេតុ​អ្វី​កូន​គួរ​ស្តាប់​អ្នក​ដែល​មាន​អាយុ​ច្រើន​ជាង?

ប៉ុន្តែ តើ​មួយ​ណា​ល្អ​ជាង​សម្រាប់​កូន? បើ​កូន​ធ្វើ​អ្វី​ៗ​តាម​ចិត្ត តើ​កូន​ពិត​ជា​នឹង​បាន​ផល​ល្អ​ទេ? ឬ​តើ​កូន​នឹង​បាន​ផល​ល្អ​ជាង បើ​កូន​ស្តាប់​បង្គាប់​ឪពុក​ម្ដាយ?— ព្រះ​ប្រាប់​ថា​កូន​ត្រូវ​ស្តាប់​បង្គាប់​ឪពុក​ម្ដាយ។ ព្រះ​ពិត​ជា​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​បង្គាប់​កូន​ឲ្យ​ធ្វើ​ដូច្នេះ។ ដើម្បី​យល់​មូលហេតុ​នោះ សូម​យើង​ពិចារណា​ជា​មួយ​គ្នា។

តើ​កូន​អាយុ​ប៉ុន្មាន?— តើ​កូន​ដឹង​ថា​ឪពុក​របស់​កូន​អាយុ​ប៉ុន្មាន?— តើ​ម្ដាយ​ឬ​តា​យាយ​របស់​កូន​អាយុ​ប៉ុន្មាន?— ពួក​គាត់​រស់​នៅ​យូរ​ជាង​កូន។ បើ​មនុស្ស​ណា​ម្នាក់​រស់​នៅ​កាន់​តែ​យូរ​គាត់​នឹង​រៀន​កាន់​តែ​ច្រើន​ដែរ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គាត់​ឮ​ច្រើន​ជាង ឃើញ​ច្រើន​ជាង និង​ធ្វើ​អ្វី​ៗ​ច្រើន​ជាង។ ដូច្នេះ កូន​ក្មេង​អាច​រៀន​ពី​មនុស្ស​ដែល​មាន​អាយុ​ច្រើន​ជាង។

តើ​កូន​ស្គាល់​អ្នក​ណា​ម្នាក់​ដែល​មាន​អាយុ​តិច​ជាង​កូន​ទេ?— តើ​កូន​ចេះ​ច្រើន​ជាង​គាត់​ទេ?— ហេតុ​អ្វី​កូន​ចេះ​ច្រើន​ជាង?— គឺ​ដោយ​សារ​កូន​មាន​អាយុ​ច្រើន​ជាង។ ហេតុ​នេះ​ហើយ​បើ​ប្រៀប​ជា​មួយ​អ្នក​ដែល​មាន​អាយុ​តិច​ជាង កូន​មាន​ពេល​ច្រើន​ជាង​ដើម្បី​រៀន។

តើ​អ្នក​ណា​ដែល​រស់​នៅ​តាំង​ពី​យូរ​ហើយ​មុន​កូន មុន​ខ្ញុំ និង​មុន​មនុស្ស​ទាំង​អស់?— គឺ​ព្រះ​យេហូវ៉ា។ ដូច្នេះ លោក​ចេះ​ច្រើន​ជាង​កូន និង​ចេះ​ច្រើន​ជាង​ខ្ញុំដែរ។ ពេល​លោក​បង្គាប់​យើង​ឲ្យ​ធ្វើ​អ្វី​មួយ យើង​ដឹង​ប្រាកដ​ថា​នោះ​ជា​អ្វី​ដែល​ត្រឹម​ត្រូវ ទោះ​ជា​ពិបាក​ធ្វើ​ក៏​ដោយ។ ធ្លាប់​មាន​ពេល​មួយ​ដែល​គ្រូ​ដ៏​ល្អ​ប្រសើរ​ក៏​ពិបាក​ស្តាប់​បង្គាប់​ដែរ។ តើ​កូន​ដឹង​ថា​ពេល​ណា​ទេ?—

ពេល​មួយ ព្រះ​បាន​សុំ​លោក​យេស៊ូ​ឲ្យ​ធ្វើ​អ្វី​មួយ​ដ៏​ពិបាក​យ៉ាង​ខ្លាំង។ លោក​យេស៊ូ​បាន​អធិដ្ឋាន​អំពី​រឿង​នោះ ដូច​កូន​ឃើញ​នៅ​ក្នុង​រូប​ភាព​នេះ។ លោក​អធិដ្ឋាន​ថា​៖ ‹បើ​បិតា​ចង់ សូម​ដក​ការ​ពិបាក​នេះ​ចេញ​ពី​ខ្ញុំ›។ ដោយ​អធិដ្ឋាន​អំពី​រឿង​នេះ លោក​យេស៊ូ​បង្ហាញ​ថា​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​មិន​តែង​តែ​ស្រួល​ទេ។ ប៉ុន្តែ តើ​កូន​ដឹង​ទេ? ទី​បំផុត តើ​លោក​យេស៊ូ​បាន​និយាយ​អ្វី?—

តើ​យើង​អាច​រៀន​អ្វី​ពី​សេចក្ដី​អធិដ្ឋាន​របស់​លោក​យេស៊ូ?

លោក​យេស៊ូ​បាន​បញ្ចប់​ដោយ​និយាយ​ថា​៖ ​«​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច មិន​មែន​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទេ​»។ (​លូកា ២២:៤១, ៤២​) ពិត​មែន លោក​ចង់​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច មិន​មែន​បំណង​ប្រាថ្នា​របស់​លោក​ទេ។ លោក​យេស៊ូ​សម្រេច​ចិត្ត​ស្តាប់​តាម​ព្រះ ជា​ជាង​ធ្វើ​តាម​អ្វី​ដែល​លោក​គិត​ថា​ល្អ​ជាង​គេ។

តើ​យើង​អាច​រៀន​អ្វី​ពី​មេរៀន​នេះ?— យើង​រៀន​ថា​ការ​ធ្វើ​តាម​បង្គាប់​ព្រះ នោះ​តែង​តែ​ត្រឹម​ត្រូវ ទោះ​ជា​ពិបាក​ធ្វើ​ក៏​ដោយ។ ប៉ុន្តែ យើង​ក៏​រៀន​មេរៀន​មួយ​ទៀត​ដែរ។ តើ​កូន​ដឹង​ថា​នោះ​ជា​អ្វី​ទេ?— យើង​រៀន​ថា​ព្រះ​និង​លោក​យេស៊ូ​មិន​មែន​ជា​បុគ្គល​តែ​មួយ​ដូច​មនុស្ស​ខ្លះ​និយាយ​ឡើយ។ ព្រះ​យេហូវ៉ា​មាន​អាយុ​ច្រើន​ជាង និង​ចេះ​ច្រើន​ជាង​លោក​យេស៊ូ​ដែល​ជា​កូន​របស់​លោក​ទៅ​ទៀត។

ពេល​យើង​ស្តាប់​បង្គាប់​ព្រះ នោះ​បង្ហាញ​ថា​យើង​ស្រឡាញ់​លោក។ គម្ពីរ​ចែង​ថា​៖ ​«​ការ​ស្រឡាញ់​ព្រះ មាន​ន័យ​ថា យើង​កាន់​តាម​បញ្ញត្តិ​របស់​លោក​»។ (​យ៉ូហាន​ទី១ ៥:៣​) ដូច្នេះ កូន​ឃើញ​ទេ យើង​ទាំង​អស់​គ្នា​ត្រូវ​ស្តាប់​បង្គាប់​ព្រះ។ កូន​ក៏​ចង់​ស្តាប់​បង្គាប់​លោក​ដែរ មែន​ទេ?—

សូម​បើក​គម្ពីរ​ហើយ​ពិចារណា​អំពី​អ្វី​ដែល​ព្រះ​បង្គាប់​កូន​ៗ។ យើង​អាន​គម្ពីរ​នៅ​សៀវភៅអេភេសូរ ជំពូក​៦ ខ​១ ខ​២ និងខ​៣។ គម្ពីរ​ចែង​ថា​៖ ​«​កូន​ទាំង​ឡាយ​អើយ ចូរ​ស្តាប់​បង្គាប់​ឪពុក​ម្ដាយ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក​ម្ចាស់ ព្រោះ​ធ្វើ​ដូច្នេះ​គឺ​សុចរិត​៖ ‹ចូរ​គោរព​ឪពុក​និង​ម្ដាយ​របស់​អ្នក›។ នេះ​ជា​បញ្ញត្តិ​ទី​មួយ​ដែល​មាន​សេចក្ដី​សន្យា​ជាប់​ជា​មួយ​៖ ‹ដើម្បី​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ ហើយ​មាន​ជីវិត​យូរ​អង្វែង​នៅ​ផែន​ដី›​»។

ឃើញ​ទេ​កូន ព្រះ​យេហូវ៉ា​ផ្ទាល់​ជា​អ្នក​ប្រាប់​កូន​ឲ្យ​ស្តាប់​បង្គាប់​ឪពុក​ម្ដាយ។ ចុះ​ពាក្យ​«​គោរព​»​ឪពុក​ម្ដាយ​មាន​ន័យ​យ៉ាង​ណា? មាន​ន័យ​ថា​កូន​ត្រូវ​ស្តាប់​ពួក​គាត់​ដោយ​យក​ចិត្ត​ទុក​ដាក់។ ព្រះ​សន្យា​ថា បើ​កូន​ស្តាប់​បង្គាប់​ឪពុក​ម្ដាយ នោះ​កូន​នឹង​«​ប្រកប​ដោយ​សេចក្ដី​សុខ​»។

ចាំ​ខ្ញុំ​និយាយ​រឿង​មួយ​ឲ្យ​ស្តាប់ មាន​មនុស្ស​ខ្លះ​បាន​រួច​រស់​ជីវិត​ដោយ​សារ​ពួក​គេ​បាន​ស្តាប់​បង្គាប់។ មនុស្ស​ទាំង​នោះ​បាន​រស់​នៅ​យូរ​យារ​មក​ហើយ​នៅ​ក្រុង​យេរូសាឡិម​ដែល​ជា​ក្រុង​ធំ​មួយ។ មនុស្ស​ភាគ​ច្រើន​នៅ​ក្រុង​នោះ​មិន​ស្តាប់​បង្គាប់​ព្រះ​ទេ ដូច្នេះ​លោក​យេស៊ូ​បាន​ព្រមាន​ពួក​គេ​ថា​ព្រះ​នឹង​បំផ្លាញ​ក្រុង​នោះ។ លោក​យេស៊ូ​ក៏​បាន​ប្រាប់​អំពី​របៀប​ដែល​ពួក​គេ​អាច​រួច​រស់​ជីវិត​ដែរ បើ​ពួក​គេ​ស្រឡាញ់​អ្វី​ដែល​ត្រឹម​ត្រូវ។ លោក​បាន​ប្រាប់​ថា​៖ ‹ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​កង​ទ័ព​បោះជំរំ​ជុំ​វិញ​ក្រុង​យេរូសាឡិម អ្នក​នឹង​ដឹង​ថា​ក្រុង​នោះ​ជិត​ត្រូវ​បំផ្លិចបំផ្លាញ​ហើយ។ នោះ​ជា​ពេល​ដែល​ត្រូវ​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម ហើយ​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ›។—លូកា ២១:២០​-​២២

តើ​ការ​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច?

ដូច​លោក​យេស៊ូ​និយាយ​មែន កង​ទ័ព​រ៉ូម​បាន​មក​វាយលុក​ក្រុង​យេរូសាឡិម។ កង​ទ័ព​រ៉ូម​បាន​បោះជំរំ​ជុំ​វិញ​ក្រុង។ ក្រោយ​មក​មិន​ដឹង​ជា​មក​ពី​មូលហេតុ​ណា​មួយ កង​ទ័ព​បាន​ត្រឡប់​ទៅ​វិញ។ មនុស្ស​ភាគ​ច្រើន​គិត​ថា​ពួក​គេ​ផុត​គ្រោះ​ថ្នាក់​ហើយ។ ដូច្នេះ ពួក​គេ​មិន​ចេញ​ពី​ក្រុង​ទេ។ ប៉ុន្តែ យោង​ទៅ​តាម​អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រាប់ តើ​ពួក​គេ​គួរ​ធ្វើ​អ្វី?— បើ​ពេល​នោះ​កូន​រស់​នៅ​ក្រុង​យេរូសាឡិម តើ​កូន​នឹង​ធ្វើ​យ៉ាង​ណា?— អស់​អ្នក​ដែល​ពិត​ជា​ជឿ​លោក​យេស៊ូ​បាន​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ ហើយ​រត់​សំដៅ​ទៅ​តំបន់​ភ្នំ​ឆ្ងាយ​ពី​ក្រុង​យេរូសាឡិម។

អស់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ គ្មាន​អ្វី​កើត​ឡើង​ដល់​ក្រុង​យេរូសាឡិម​សោះ។ ឆ្នាំ​ទី២​គ្មាន​អ្វី​កើត​ឡើង។ ឆ្នាំ​ទី៣​នៅ​តែ​គ្មាន​អ្វី​កើត​ឡើង​ដដែល។ មនុស្ស​ខ្លះ​ប្រហែល​ជា​គិត​ថា​ពួក​អ្នក​ដែល​បាន​ចេញ​ពី​ក្រុង​ជា​ពួក​ឆោត​ល្ងង់។ ប៉ុន្តែ ដល់​ឆ្នាំ​ទី​៤​កង​ទ័ព​រ៉ូម​ត្រឡប់​មក​វិញ។ កង​ទ័ពរ៉ូម​បាន​បោះជំរំ​ជុំ​វិញ​ក្រុង​យេរូសាឡិម​ម្ដង​ទៀត។ ពេល​នោះ​យឺត​ពេល​ហើយ​ដើម្បី​រត់​គេច។ លើក​នេះ​ពួក​កង​ទ័ព​បាន​បំផ្លាញ​ក្រុង។ មនុស្ស​ភាគ​ច្រើន​នៅ​ក្នុង​ក្រុង​ស្លាប់ ហើយ​អ្នក​ដែល​នៅ​សល់​បាន​ត្រូវ​ចាប់​យក​ជា​ឈ្លើយ។

ប៉ុន្តែ តើ​មាន​អ្វី​កើត​ឡើង​ដល់​ពួក​អ្នក​ដែល​បាន​ស្តាប់​បង្គាប់​លោក​យេស៊ូ?— ពួក​គេ​បាន​រួច​ជីវិត។ ពួក​គាត់​នៅ​ឆ្ងាយ​ពី​ក្រុង​យេរូសាឡិម។ ដោយ​ហេតុ​នោះ ពួក​គាត់​បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់។ ការ​ស្តាប់​បង្គាប់​បាន​ការពារ​ជីវិត​ពួក​គាត់។

បើ​កូន​ស្តាប់​បង្គាប់ តើ​ការ​ស្តាប់​បង្គាប់​នឹង​ការពារ​ជីវិត​កូន​ដែរ​ទេ?— ឪពុក​ម្ដាយ​របស់​កូន​ប្រហែល​ជា​ហាម​កូន​កុំ​ឲ្យ​ទៅ​លេង​នៅ​តាម​ផ្លូវ​ឬ​នៅ​មាត់​ទន្លេ។ ហេតុ​អ្វី​បាន​ជា​ពួក​គាត់​ហាម​កូន​ដូច្នោះ?— គឺ​ដោយ​សារ​ពួក​គាត់​ខ្លាច​ថា​ឡាន​អាច​បុក​កូន​ឬ​កូន​អាច​លង់​ទឹក​ហើយ​ស្លាប់។ ប៉ុន្តែ ថ្ងៃ​មួយ​ប្រហែល​ជា​កូន​គិត​ថា‹នៅ​ផ្លូវ​អត់​មាន​ឡាន​ផង។ ខ្ញុំ​មិន​មាន​គ្រោះ​ថ្នាក់ទេ។ ក្មេង​ៗ​ឯ​ទៀត​លេង​នៅ​តាម​ផ្លូវ​ឬ​នៅ​មាត់​ទឹក ហើយ​ខ្ញុំ​មិន​ដែល​ឃើញ​ពួក​គេ​មាន​គ្រោះ​ថ្នាក់​ដែរ›។

ទោះ​ជា​ពេល​កូន​ឃើញ​ថា​គ្មាន​គ្រោះ​ថ្នាក់​ក្ដី ហេតុ​អ្វី​កូន​គួរ​ស្តាប់​បង្គាប់?

នោះ​ជា​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​នៅ​ក្រុង​យេរូសាឡិម​បាន​គិត។ ក្រោយ​ពួក​កង​ទ័ព​រ៉ូម​បាន​ចេញ​ទៅ​វិញ មើល​ទៅ​ដូច​ជា​មាន​សុវត្ថិភាព។ ដោយ​សារ​ឃើញ​អ្នក​ឯ​ទៀត​បន្ត​នៅ​ក្នុង​ក្រុង ដូច្នេះ ពួក​គេ​ក៏​នៅ​ក្នុង​ក្រុង​ដែរ។ ពួក​គេ​បាន​ទទួល​ការ​ព្រមាន​ហើយ តែ​ពួក​គេ​មិន​ស្តាប់​តាម​ទេ។ ជា​លទ្ធផល ពួក​គេ​បាន​បាត់​បង់​ជីវិត។

សូម​ពិចារណា​ឧទាហរណ៍​មួយ​ទៀត។ តើ​កូន​ធ្លាប់​លេង​ឈើ​គូស​ទេ?— ពេល​កូន​គូស​ឈើ​គូស កូន​ឃើញ​ភ្លើង មើល​ទៅ​ដូច​ជា​សប្បាយ។ ប៉ុន្តែ ការ​លេង​ឈើ​គូស​អាច​មាន​គ្រោះ​ថ្នាក់។ ផ្ទះ​ទាំង​មូល​អាច​ឆេះ​អស់ ហើយ​កូន​ក៏​អាច​ស្លាប់​ដែរ!

សូម​ចាំ​ថា ការ​ស្តាប់​បង្គាប់​តែ​ពេល​ខ្លះ​មិន​គ្រប់​គ្រាន់​ទេ។ ប៉ុន្តែ បើ​កូន​ស្តាប់​បង្គាប់​ជា​និច្ច នោះ​ប្រាកដជា​នឹង​ការពារ​កូន។ តើ​អ្នក​ណា​ជា​អ្នក​ប្រាប់​កូន​ថា​៖ ​«​កូន​ទាំង​ឡាយ​អើយ ចូរ​ស្តាប់​បង្គាប់​ឪពុក​ម្ដាយ​»​?— គឺ​ព្រះ។ សូម​ចាំ​ថា លោក​ប្រាប់​ដូច្នេះ​ព្រោះ​លោក​ស្រឡាញ់​កូន។

ឥឡូវ​សូម​អាន​បទ​គម្ពីរ​ទាំង​នេះ​ដែល​បង្ហាញ​ថា​ការ​ស្តាប់​បង្គាប់​គឺ​សំខាន់​នៅ សុភាសិត ២៣:២២ សាស្តា ១២:១៣ អេសាយ ៤៨:១៧, ១៨ និង​កូឡុស ៣:២០