លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៩

កុំ​ចុះ​ចាញ់​សេចក្ដី​ល្បួង

កុំ​ចុះ​ចាញ់​សេចក្ដី​ល្បួង

តើ​មាន​នរណា​ម្នាក់​ធ្លាប់​សុំ​កូន​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ខុស​ទេ?— បើ​កូន​មិន​ធ្វើ តើ​គាត់​ថា​កូន​កំសាក​ទេ? ឬ​មួយ​ក៏​គាត់​និយាយ​ថា​ធ្វើ​ទៅ​មុខ​ជា​បាន​សប្បាយ ហើយ​ថា​គឺ​មិន​ខុស​ទេ​បើ​ធ្វើ​ដូច្នោះ?— ពេល​នរណា​ម្នាក់​ធ្វើ​បែប​នេះ​ចំពោះ​យើង មាន​ន័យ​ថា​គាត់​កំពុង​ព្យាយាម​ល្បួង​យើង​ហើយ។

ពេល​យើង​ជួប​ការ​ល្បួង តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា? តើ​យើង​គួរ​ចុះ​ចាញ់​ហើយ​ធ្វើ​អ្វី​ដែល​ខុស​ឬ?— បើ​យើង​ធ្វើ​ដូច្នោះ ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ទេ។ ប៉ុន្តែ តើ​កូន​ដឹង​ថា​នរណា​នឹង​សប្បាយ​ចិត្ត​ទេ?— មែន​ហើយ មេកំណាច​សាថាន​នឹង​សប្បាយ​ចិត្ត។

សាថាន​ជា​សត្រូវ​របស់​ព្រះ ហើយ​ក៏​ជា​សត្រូវ​របស់​យើង​ដែរ។ យើង​មិន​អាច​មើល​វា​ឃើញ​ទេ ពី​ព្រោះ​វា​ជា​បុគ្គល​វិញ្ញាណ។ ប៉ុន្តែ វា​អាច​មើល​យើង​ឃើញ។ ថ្ងៃ​មួយ​មេកំណាច​បាន​និយាយ​ជា​មួយ​នឹង​លោក​យេស៊ូ​ដែល​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ ហើយ​ព្យាយាម​ល្បួង​លោក។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ។ បន្ទាប់​មក ពេល​យើង​ជួប​ការ​ល្បួង យើង​នឹង​ដឹង​ថា​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា។

ពេល​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក តើ​លោក​ប្រហែល​ជា​ចាប់​ផ្ដើម​នឹក​ចាំ​អំពី​អ្វី?

លោក​យេស៊ូ​តែង​តែ​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ លោក​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​អំពី​រឿង​នេះ​ពេល​ដែល​លោក​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ទន្លេ​យ៉ូដាន់។ ក្រោយ​ពី​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក ភ្លាម​ៗ​នោះ​សាថាន​បាន​ព្យាយាម​ល្បួង​លោក។ គម្ពីរ​ចែង​ថា​៖ ​«​មេឃ​បាន​បើក​ចំហ​»​ចំពោះ​លោក​យេស៊ូ។ (​ម៉ាថាយ ៣:១៦​) នេះ​អាច​មាន​ន័យ​ថា​លោក​ចាប់​ផ្ដើម​នឹក​ចាំ​អ្វី​ៗ​ទាំង​អស់ ស្ដី​អំពី​ជីវិត​របស់​លោក​នៅ​ស្ថាន​សួគ៌​ពេល​ដែល​លោក​ធ្លាប់​នៅ​ជា​មួយ​ព្រះ។

ក្រោយ​ពី​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ លោក​បាន​ទៅ​តំបន់​ស្ងាត់​ជ្រងំ ដើម្បី​រំពឹង​គិត​អំពី​រឿង​ដែល​លោក​ចាប់​ផ្ដើម​នឹកចាំ។ លោក​បាន​នៅ​ទី​នោះ​អស់​៤០​ថ្ងៃ​និង​៤០​យប់។ ក្នុង​រយៈ​ពេល​នោះ​លោក​យេស៊ូ​មិន​បាន​ពិសា​អ្វី​សោះ។ ដូច្នេះ​នៅ​ពេល​នោះ​លោក​ឃ្លាន​ខ្លាំង​ណាស់។ គឺ​នៅ​ពេល​នោះ​ឯង​ដែល​សាថាន​បាន​ព្យាយាម​ល្បួង​លោក​យេស៊ូ។

តើ​មេកំណាច​បាន​ប្រើ​ដុំ​ថ្ម​ដើម្បី​ល្បួង​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

មេកំណាច​បាន​និយាយ​ថា​៖ ​«​ប្រសិនបើ​អ្នក​ជា​កូន​របស់​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ក្លាយ​ជា​នំ​ប៉័ង​ទៅ​»។ សូម​កូន​គិត​មើល បើ​ពេល​នោះ​មាន​នំ​ប៉័ង​ខ្លះ មិន​ដឹង​ជា​ឆ្ងាញ់​យ៉ាង​ណា​ទេ! ប៉ុន្តែ តើ​លោក​យេស៊ូ​អាច​បង្គាប់​ដុំ​ថ្ម​ឲ្យ​ទៅ​ជា​នំ​ប៉័ង​បាន​ទេ?— ត្រូវ​ហើយ លោក​អាច​ធ្វើ​បាន។ ហេតុ​អ្វី? ពី​ព្រោះ​លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ ហើយ​លោក​មាន​សមត្ថភាព​ពិសេស។

បើ​កូន​នៅ​ទី​នោះ ហើយ​មេកំណាច​សុំ​កូន​ឲ្យ​ធ្វើ​ដុំ​ថ្ម​ក្លាយ​ជា​នំ​ប៉័ង តើ​កូន​នឹង​ធ្វើ​ទេ?— ពេល​នោះ​លោក​យេស៊ូ​ឃ្លាន​ខ្លាំង​ណាស់។ ដូច្នេះ បើ​លោក​ធ្វើ​ឲ្យ​ដុំ​ថ្ម​ក្លាយ​ជា​នំ​ប៉័ង​តែ​មួយ​ដង នោះ​ប្រហែល​ជា​មិន​ខុស​ទេ មែន​ទេ?— ប៉ុន្តែ លោក​យេស៊ូ​ដឹង​ថា​ជា​ការ​ខុស បើ​យក​អំណាច​របស់​លោក​ទៅ​ប្រើ​តាម​របៀប​នោះ។ ព្រះ​យេហូវ៉ា​បាន​ប្រគល់​អំណាច​ទាំង​នោះ​ដល់​លោក​យេស៊ូ​ដើម្បី​ឲ្យ​ទាញ​នាំ​មនុស្ស​មក​ឯ​ព្រះ មិន​មែន​ដើម្បី​ប្រយោជន៍​ខ្លួន​ទេ។

ដូច្នេះ លោក​យេស៊ូ​បាន​ប្រាប់​សាថាន​នូវ​អ្វី​ដែល​បាន​សរសេរ​ទុក​ក្នុង​គម្ពីរ​ថា​៖ ‹មនុស្ស​មិន​ត្រូវ​រស់​ដោយ​សារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​គ្រប់​ទាំង​ពាក្យ​ដែល​ចេញ​ពី​មាត់​ព្រះ​យេហូវ៉ា​មក›។ លោក​យេស៊ូ​ដឹង​ថា​ការ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត គឺ​សំខាន់​ជាង​ការ​មាន​អាហារ​បរិភោគ​ទៅ​ទៀត។

ប៉ុន្តែ មេកំណាច​សាកល្បង​លោក​ម្ដង​ទៀត។ វា​នាំ​លោក​យេស៊ូ​ចូល​ទៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម ហើយ​ឲ្យ​លោក​ឈរ​នៅ​ទី​ខ្ពស់​នៃ​វិហារ។ រួច​មក​សាថាន​បាន​និយាយ​ថា​៖ ‹ប្រសិនបើ​អ្នក​ជា​កូន​របស់​ព្រះ​មែន ចូរ​លោត​ចុះពី​ទី​នេះ។ ពី​ព្រោះ​បទ​គម្ពីរ​ចែង​ថា បណ្ដា​ទេវតា​របស់​ព្រះ​នឹង​ទ្រ​អ្នក​មិន​ឲ្យ​អ្នក​មាន​គ្រោះ​ថ្នាក់​ឡើយ›។

ហេតុ​អ្វី​សាថាន​និយាយ​យ៉ាង​នេះ?— វា​និយាយ​ដូច្នេះ​ដើម្បី​ល្បួង​លោក​យេស៊ូ​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ផ្ដេសផ្ដាស។ ប៉ុន្តែ ម្ដង​នេះ​ទៀត លោក​យេស៊ូ​នៅ​តែ​មិន​ស្តាប់​តាម​បង្គាប់​សាថាន​ដដែល។ លោក​បាន​ប្រាប់​សាថាន​ថា​៖ ​«​បទ​គម្ពីរ​ចែង​ទៀត​ថា​៖ ‹អ្នក​មិន​ត្រូវ​ល្បង​ល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ឡើយ›​»។ លោក​យេស៊ូ​ដឹង​ថា​ការ​ល្បង​ល​ព្រះ​យេហូវ៉ា ដោយ​ធ្វើ​អ្វី​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ខ្លួន​គឺ​មិន​ត្រឹម​ត្រូវ​ទេ។

យ៉ាង​ណា​ក៏​ដោយ សាថាន​នៅ​តែ​មិន​ព្រម​ឈប់។ បន្ទាប់​មក​វា​បាន​យក​លោក​យេស៊ូ​ទៅ​លើ​ភ្នំ​មួយ​ដ៏​ខ្ពស់​ក្រៃ​លែង។ នៅ​ទី​នោះ វា​បង្ហាញ​លោក​នូវ​រាជាណាចក្រ​ឬ​រដ្ឋាភិបាល​ទាំង​ឡាយ​ក្នុង​ពិភព​លោក និង​ភាព​រុងរឿង​របស់​រាជាណាចក្រ​ទាំង​នោះ។ រួច​ហើយ​សាថាន​និយាយ​ថា​៖ ​«​អ្វី​ៗ​ទាំង​នេះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក ប្រសិនបើ​អ្នក​ក្រាប​ប្រណិប័តន៍​ខ្ញុំ​ម្ដង​»។

សូម​គិត​អំពី​សំណើ​របស់​មេកំណាច។ តើ​រាជាណាចក្រ​ឬ​រដ្ឋាភិបាល​ទាំង​ឡាយ​របស់​មនុស្ស ពិត​ជា​របស់​សាថាន​ទេ?— លោក​យេស៊ូ​មិន​បាន​និយាយ​ថា​រាជាណាចក្រ​ទាំង​នោះ​មិន​មែន​ជា​របស់​សាថាន​ទេ។ បើ​រាជាណាចក្រ​ទាំង​នោះ​មិន​មែន​ជា​របស់​សាថាន​ទេ លោក​ច្បាស់​ជា​នឹង​ប្រកែក​ជា​មិន​ខាន។ សាថាន​ពិត​ជា​អ្នក​គ្រប់​គ្រង​ជាតិ​សាសន៍​ទាំង​អស់​នៃ​ពិភព​លោក​នេះ​មែន។ សូម្បី​តែ​គម្ពីរ​ក៏​ហៅ​វា​ថា​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»​ដែរ។—យ៉ូហាន ១២:៣១

ហេតុ​អ្វី​សាថាន​អាច​ឲ្យ​រាជាណាចក្រ​ទាំង​នេះ​ដល់​លោក​យេស៊ូ?

បើ​មេកំណាច​សន្យា​ថា​នឹង​ឲ្យ​អ្វី​មួយ​ដល់​កូន តើ​កូន​នឹង​គោរព​ប្រណិប័តន៍​វា​ទេ?— លោក​យេស៊ូ​ដឹង​ថា​ការ​គោរព​ប្រណិប័តន៍​មេកំណាច​ជា​ការ​ខុស មិន​ថា​អ្វី​ក៏​ដោយ​ដែល​វា​សន្យា​ឲ្យ​ដល់​លោក។ ហេតុ​នេះ​ហើយ លោក​យេស៊ូ​បាន​និយាយ​ថា​៖ ‹នែ! សាថាន! ចូរ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ! ពី​ព្រោះ​គម្ពីរ​ចែង​ថា​គឺ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​អ្នក​ត្រូវ​គោរព​ប្រណិប័តន៍ ហើយ​ត្រូវ​បម្រើ​តែ​លោក​ប៉ុណ្ណោះ›។—ម៉ាថាយ ៤:១​-​១០; លូកា ៤:១​-​១៣

បើ​កូន​ជួប​នឹង​ការ​ល្បួង តើ​កូន​នឹង​ធ្វើ​យ៉ាង​ណា?

យើង​ក៏​ជួប​នឹង​ការ​ល្បួង​ដែរ។ តើ​កូន​ដឹង​ទេ​ថា​ការ​ល្បួង​មាន​អ្វី​ខ្លះ?— មាន​ឧទាហរណ៍​មួយ ប្រហែល​ម្ដាយ​កូន​បាន​ធ្វើ​នំ​ឬ​បង្អែម​ដ៏​ឈ្ងុយ​ឆ្ងាញ់។ គាត់​ប្រហែល​ជា​ប្រាប់​កូន​ថា​កុំ​ញ៉ាំ​ឲ្យ​សោះ​រហូត​ដល់​ពេល​បាយ។ ប៉ុន្តែ កូន​ឃ្លាន​ខ្លាំង​ពេក ដូច្នេះ​កូន​ប្រហែល​ជា​មាន​អារម្មណ៍​ចង់​ញ៉ាំ​នំ​ឬ​បង្អែម​នោះ​ណាស់។ តើ​កូន​នឹង​ស្តាប់​បង្គាប់​ម្ដាយ​កូន​ទេ?— សាថាន​មិន​ចង់​ឲ្យ​កូន​ស្តាប់​បង្គាប់​ម្ដាយ​កូន​ទេ។

សូម​គិត​អំពី​លោក​យេស៊ូ។ លោក​ក៏​ឃ្លាន​ខ្លាំង​ណាស់​ដែរ។ ប៉ុន្តែ​លោក​ដឹង​ថា​ការ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​គឺ​សំខាន់​ជាង​ការ​ញ៉ាំ។ ពេល​កូន​ស្តាប់​បង្គាប់​ម្ដាយ​កូន នោះ​បង្ហាញ​ថា​កូន​ធ្វើ​ដូច​លោក​យេស៊ូ​ដែរ។

ជា​ឧទាហរណ៍ ប្រហែល​ជា​មាន​ក្មេង​ឯ​ទៀត​ចង់​ឲ្យ​ថ្នាំ​ខ្លះ​ដល់​កូន​លេប។ ពួក​គេ​ប្រហែល​ជា​ប្រាប់​កូន​ថា ថ្នាំ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​សប្បាយ​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ថ្នាំ​ទាំង​នេះ​ប្រហែល​ជា​ថ្នាំ​ញៀន។ ថ្នាំ​នោះ​អាច​បង្ខូច​សុខភាព​របស់​កូន ហើយ​ក៏​អាច​ធ្វើ​ឲ្យ​កូន​ស្លាប់​បាន​ដែរ។ ឧទាហរណ៍​មួយ​ទៀត ប្រហែល​ជា​មាន​បុគ្គល​ម្នាក់ឲ្យ​បារី​មួយ​ដើម​ដល់​កូន ហើយ​ថា​បើ​កូន​មិន​ជក់​ទេ នោះ​កូន​ជា​មនុស្ស​កំសាក។ ប៉ុន្តែ​បារី​ក៏​មាន​សារធាតុ​ញៀន​ដែរ។ ដូច្នេះ តើ​កូន​នឹង​ធ្វើ​យ៉ាង​ណា?—

សូម​គិត​អំពី​លោក​យេស៊ូ។ សាថាន​បាន​ល្បួង​លោក​យេស៊ូ​ឲ្យ​ប្រថុយ​ជីវិត​ដោយ​ប្រាប់​លោក​ឲ្យ​លោត​ចុះ​ពី​លើ​វិហារ។ ប៉ុន្តែ​លោក​យេស៊ូ​មិន​ព្រម​ធ្វើ​ទេ។ ចុះ​បើ​មាន​អ្នក​ណា​ម្នាក់​និយាយ​ថា​កូន​ជា​មនុស្ស​កំសាក ដោយ​សារ​កូន​មិន​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់ តើ​កូន​នឹង​ធ្វើ​យ៉ាង​ណា?— លោក​យេស៊ូ​មិន​បាន​ស្តាប់​តាម​សាថាន​ទេ។ ដូច្នេះ​កូន​ក៏​មិន​ត្រូវ​ស្តាប់​តាម​អ្នក​ណា​ម្នាក់​ដែល​ល្បួង​កូន​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស​ដែរ។

ហេតុ​អ្វី​ការ​គោរព​បូជា​រូប​សំណាក​ជា​ការ​ខុស?

ថ្ងៃ​មួយ​ប្រហែល​ជា​មាន​គេ​សុំ​កូន​ឲ្យ​គោរព​បូជា​រូប​សំណាក ហើយ​នោះ​ជា​អ្វី​ដែល​គម្ពីរ​ថា យើង​មិន​ត្រូវ​ធ្វើ​សោះ​ឡើយ។ (​និក្ខមនំ ២០:៤, ៥​) ការ​គោរព​បូជា​នោះ​ប្រហែល​ជា​ផ្នែក​មួយ​ក្នុង​ពិធី​ដែល​គេ​ធ្វើ​ឡើង​នៅ​សាលា​រៀន។ ដូច្នេះ គេ​ប្រហែល​ជា​ប្រាប់​កូន​ថា បើ​កូន​មិន​ព្រម​ធ្វើ​ទេ កូន​មិន​អាច​ទៅ​សាលា​រៀន​បាន​ទៀត​ឡើយ។ តើ​កូន​នឹង​ធ្វើ​យ៉ាង​ណា?—

តាម​ពិត​យើង​ស្រួល​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ពេល​ដែល​មនុស្ស​គ្រប់​គ្នា​ធ្វើ​ដូច្នោះ​ដែរ។ ប៉ុន្តែ ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​អាច​ជា​ការ​ពិបាក​ណាស់ ពេល​ដែល​អ្នក​ឯ​ទៀត​ខំ​ល្បួង​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស។ ពួក​គេ​ប្រហែល​ជា​ប្រាប់​ថា អ្វី​ដែល​ពួក​គេ​ធ្វើ​មិន​សូវ​ជា​អាក្រក់​ប៉ុន្មាន​ទេ។ ប៉ុន្តែ​សំណួរ​ដ៏​សំខាន់​នោះ​គឺ តើ​ព្រះ​ប្រាប់​យ៉ាង​ណា​អំពី​រឿង​នោះ? លោក​ស្គាល់​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង។

ដូច្នេះ​មិន​ថា​អ្នក​ឯ​ទៀត​និយាយ​យ៉ាង​ណា​ទេ យើង​មិន​ត្រូវ​ធ្វើ​អ្វី​ដែល​ព្រះ​ប្រាប់​ថា​ខុស​ឡើយ។ ដោយ​ធ្វើ​ដូច្នោះ យើង​នឹង​ធ្វើ​ឲ្យ​ព្រះ​សប្បាយ​ចិត្ត​ជា​និច្ច ហើយ​យើង​ច្បាស់​ជា​មិន​ចង់​ឲ្យ​មេកំណាច​ពេញ​ចិត្ត​ឡើយ។

ដើម្បី​ដឹង​ព័ត៌មាន​ថែម​ទៀត​អំពី​របៀប​យក​ឈ្នះ​ការ​ល្បួង​កុំ​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស សូម​អាន ទំនុក​តម្កើង ១:១, ២ សុភាសិត ១:១០, ១១ ម៉ាថាយ ២៦:៤១ និង​ធីម៉ូថេ​ទី២ ២:២២