លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៤៨

កូន​អាច​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុខ​សាន្ត​របស់​ព្រះ

កូន​អាច​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុខ​សាន្ត​របស់​ព្រះ

ព្រះ​បាន​ឲ្យ​អាដាម​និង​អេវ៉ា​រស់​នៅ​ក្នុង​សួន​អេដែន។ ប៉ុន្តែ ដោយ​សារ​ពួក​គេ​មិន​ស្តាប់​បង្គាប់​ព្រះ ពួក​គេ​បាន​ស្លាប់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​កូន​ចៅ​របស់​ពួក​គេ រួម​ទាំង​យើង​ដែរ អាច​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន។ គម្ពីរ​ប្រាប់​ពី​សេចក្ដី​សន្យា​នោះ​ថា​៖ ‹ពួក​អ្នក​សុចរិត​នឹង​បាន​ផែន​ដី​ទុក​ជា​មរដក ហើយ​នឹង​រស់​នៅ​ផែន​ដី​ជា​និច្ច›។—ទំនុក​តម្កើង ៣៧:២៩

គម្ពីរ​ប្រាប់​អំពី​«​មេឃ​ថ្មី​»​និង​«​ផែន​ដី​ថ្មី​»។ (​អេសាយ ៦៥:១៧; ពេត្រុស​ទី២ ៣:១៣​) ​«​មេឃ​»​ដែល​មាន​ឥឡូវ​នេះ សំដៅ​ទៅ​លើ​រដ្ឋាភិបាល​ទាំង​ឡាយ​របស់​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ​«​មេឃ​ថ្មី​»​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​ដ៏​សុចរិត​របស់​ព្រះ ដែល​មាន​លោក​យេស៊ូ​និង​អ្នក​ដែល​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​នៅ​ស្ថាន​សួគ៌។ រដ្ឋាភិបាល​នេះ​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ពេញ​ផែន​ដី។ ដូច្នេះ ពេល​រដ្ឋាភិបាល​នេះ​គ្រប់​គ្រង​ផែន​ដី​ទាំង​មូល នោះ​ពិត​ជា​គ្រា​ដ៏​សប្បាយ​ណាស់!

ចុះ​កូន​ដឹង​ថា​«​ផែន​ដី​ថ្មី​»​សំដៅ​ទៅ​លើ​អ្វី​ទេ?— ផែន​ដី​ថ្មី​សំដៅ​ទៅ​លើ​មនុស្ស​ល្អ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី​យើង​ដឹង​ដូច្នេះ? ពេល​គម្ពីរ​និយាយ​អំពី​«​ផែន​ដី​»​ ជួន​កាល​មិន​មាន​ន័យ​ថា​ផែន​ដី​មែនទែន​ទេ តែ​សំដៅ​ទៅ​លើ​មនុស្ស​ដែល​រស់​នៅ​ផែន​ដី​វិញ។ (​លោកុប្បត្តិ ១១:១; ទំនុក​តម្កើង ៦៦:៤; ៩៦:១​) ដូច្នេះ មនុស្ស​ដែល​ជា​ផែន​ដី​ថ្មី​នឹង​រស់​នៅ​ផែន​ដី​នេះ។

មនុស្ស​អាក្រក់​ដែល​រស់​នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ នឹង​លែង​មាន​ទៀត។ សូម​ចាំ​ថា នៅ​សម័យ​ណូអេ​ទឹក​បាន​ជន់​លិច​បំផ្លាញ​មនុស្ស​អាក្រក់​ទាំង​អស់។ ម្យ៉ាង​ទៀត ដូច​យើង​បាន​រៀន​រួច​ហើយ​ថា ពិភព​លោក​ដ៏​អាក្រក់​នៅ​សព្វ​ថ្ងៃ​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល​នៅ​ហាម៉ាគេដូន។ ឥឡូវ​សូម​ឲ្យ​យើង​ពិចារណា​ថា តើ​មនុស្ស​នឹង​មាន​ជីវិត​បែប​ណា​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ​ក្រោយ​ពី​សង្គ្រាម​ហាម៉ាគេដូន?

តើ​កូន​ចង់​រស់​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុខ​សាន្ត​របស់​ព្រះ​ដែល​ជា​សួន​ឧទ្យាន​ឬ​ទេ?— គ្មាន​គ្រូ​ពេទ្យ​ណា​ម្នាក់​ដែល​អាច​ជួយ​យើង​ឲ្យ​រស់​ជា​រៀង​រហូត​បាន​ទេ ហើយ​ក៏​គ្មាន​ថ្នាំ​ណា​ដែល​អាច​ជួយ​យើង​មិន​ឲ្យ​ស្លាប់​បាន​ដែរ។ វិធី​តែ​មួយ​គត់​ដើម្បី​យើង​អាច​រស់​ជា​រៀង​រហូត គឺ​ដោយ​ចូល​ទៅ​ជិត​ព្រះ។ គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​ប្រាប់​យើង​នូវ​របៀប​ដែល​យើង​អាច​ចូល​ទៅ​ជិត​ព្រះ។

សូម​យើង​បើក​គម្ពីរ​ទៅ​សៀវភៅ​យ៉ូហាន ជំពូក​ទី​១៧ ខ​៣។ ក្នុង​ខ​នេះ គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​និយាយ​ថា​៖ ​«​ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ ព្រម​ទាំង​យេស៊ូ​គ្រិស្ដ ដែល​លោក​បាន​ចាត់​ឲ្យ​មក​»។

តាម​ខ​គម្ពីរ​នេះ តើ​លោក​យេស៊ូ​បាន​និយាយ​ថា​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រស់​ជា​រៀង​រហូត?— ដំបូង​បង្អស់ យើង​ត្រូវ​ស្គាល់​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌​របស់​យើង​ឲ្យ​បាន​ច្បាស់ ព្រម​ទាំង​បុត្រ​របស់​លោក ដែល​បាន​ប្រគល់​ជីវិត​ដើម្បី​យើង។ ដូច្នេះ នេះ​មាន​ន័យ​ថា យើង​ត្រូវ​សិក្សា​គម្ពីរ។ សៀវភៅ​សូម​ស្តាប់​គ្រូ​ដ៏​ល្អ​ប្រសើរ​នេះ នឹង​ជួយ​យើង​ឲ្យ​សិក្សា​គម្ពីរ។

ប៉ុន្តែ តើ​តាម​របៀប​ណា​ការ​រៀន​អំពី​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​រស់​ជា​រៀង​រហូត?— តាម​ធម្មតា យើង​ត្រូវ​បរិភោគ​អាហារ​ជា​រៀង​រាល់​ថ្ងៃ ដូច​គ្នា​ដែរ យើង​ក៏​ត្រូវ​រៀន​អំពី​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ​ដែរ។ គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​មិន​ត្រូវ​រស់​ដោយ​សារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​គ្រប់​ទាំង​ប្រសាសន៍​ដែល​ចេញ​ពី​មាត់​ព្រះ​យេហូវ៉ា​មក​»។—ម៉ាថាយ ៤:៤

ម្យ៉ាង​ទៀត យើង​ក៏​ត្រូវ​ស្គាល់​លោក​យេស៊ូ​គ្រិស្ដ​ឲ្យ​បាន​ច្បាស់​ដែរ ពី​ព្រោះ​ព្រះ​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​ដក​យក​ភាព​ខុស​ឆ្គង​របស់​យើង។ គម្ពីរ​ចែង​ថា​៖ ​«​គ្មាន​សេចក្ដី​សង្គ្រោះ​តាម​រយៈ​អ្នក​ណា​ទៀត​ឡើយ​»​ ហើយ​គម្ពីរ​ក៏​ចែង​ដែរ​ថា​៖ ​«​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​សកម្មភាព ៤:១២; យ៉ូហាន ៣:៣៦​) ប៉ុន្តែ តើ​ការ​«​បង្ហាញ​ជំនឿ​»​លើ​លោក​យេស៊ូ​មាន​ន័យ​អ្វី?— នេះ​មាន​ន័យ​ថា យើង​ពិត​ជា​ជឿ​ទៅ​លើ​លោក​យេស៊ូ ហើយ​ទទួល​ស្គាល់​ថា​យើង​មិន​អាច​រស់​ជា​រៀង​រហូត​បាន​ទេ បើ​គ្មាន​លោក។ តើ​យើង​ជឿ​ដូច្នោះ​ឬ​ទេ?— បើ​យើង​ជឿ​ដូច្នោះ​មែន ជា​រៀង​រាល់​ថ្ងៃ យើង​នឹង​ស្តាប់​គ្រូ​ដ៏​ល្អ​ប្រសើរ ហើយ​យើង​នឹង​ធ្វើ​តាម​បង្គាប់​របស់​លោក។

វិធី​ល្អ​មួយ​ដើម្បី​ស្តាប់​គ្រូ​ដ៏​ល្អ​ប្រសើរ គឺ​អាន​សៀវភៅ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត។ ម្យ៉ាង​ទៀត សូម​កូន​ពិនិត្យ​មើល​និង​រំពឹង​គិត​អំពី​រូប​ភាព​ទាំង​អស់​ដែល​មាន​ក្នុង​សៀវភៅ​នេះ​ដែរ។ សូម​សាកល្បង​មើល ដើម្បី​ដឹង​ថា​កូន​នឹង​ឆ្លើយ​យ៉ាង​ណា​អំពី​រូប​ភាព​ទាំង​នេះ។ សូម​អាន​សៀវភៅ​នេះ​ជា​មួយ​នឹង​ឪពុក​ឬ​ម្ដាយ​របស់​កូន។ បើ​ឪពុក​ឬ​ម្ដាយ​របស់​កូន​មិន​អាច​អាន​ជា​មួយ​នឹង​កូន​បាន​ទេ សូម​អាន​សៀវភៅ​នេះ​ជា​មួយ​នឹង​អ្នក​ពេញ​វ័យ ឬ​ជា​មួយ​នឹង​ក្មេង​ៗ​ឯ​ទៀត។ បើ​កូន​អាច​ជួយ​អ្នក​ផ្សេង​ទៀត​ឲ្យ​ស្តាប់​គ្រូ​ដ៏​ល្អ​ប្រសើរ ហើយ​ជួយ​ពួក​គេ​ឲ្យ​ដឹង​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដើម្បី​រស់​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ នោះ​ពិត​ជា​ប្រសើរ​ណាស់ មែន​ទេ?—

គម្ពីរ​ប្រាប់​យើង​ថា​៖ ‹ពិភព​លោក​នេះ​កំពុង​ឈាន​ទៅ​រក​ការ​សាប​សូន្យ›។ ប៉ុន្តែ គម្ពីរ​ក៏​ពន្យល់​ប្រាប់​ដែរ អំពី​របៀប​ដែល​យើង​អាច​រស់​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ ដោយ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ អ្នក​នោះ​នឹង​នៅ​ជាប់​ជា​រៀង​រហូត​វិញ​»។ (​យ៉ូហាន​ទី១ ២:១៧​) តើ​តាម​របៀប​ណា​យើង​អាច​រស់​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុខ​សាន្ត​របស់​ព្រះ? តើ​កូន​ដឹង​ទេ?— ត្រូវ​ហើយ គឺ​យើង​ត្រូវ​ស្គាល់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្បាស់ ព្រម​ទាំង​លោក​យេស៊ូ​ដែល​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក។ ប៉ុន្តែ យើង​ក៏​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​រៀន​ដែរ។ យើង​សង្ឃឹម​ថា ពេល​កូន​សិក្សា​សៀវភៅ​នេះ នោះ​នឹង​ជួយ​កូន​ឲ្យ​ធ្វើ​ដូច្នោះ​មែន។