លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៣៧

ចូរ​នឹក​ចាំ​អំពី​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក

ចូរ​នឹក​ចាំ​អំពី​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក

សូម​ស្រមៃ​គិត​ថា មាន​មនុស្ស​ម្នាក់​បាន​ឲ្យ​អំណោយ​ដ៏​ពិសេស​មួយ​ដល់​កូន។ តើ​កូន​នឹង​មាន​អារម្មណ៍​យ៉ាង​ណា?— តើ​កូន​គ្រាន់​តែ​និយាយ​អរគុណ ហើយ​ភ្លេច​អ្នក​ដែល​បាន​ឲ្យ​អំណោយ​នោះ​ទេ? ឬ​មួយ​ក៏​កូន​នៅ​នឹក​ចាំ​អំពី​គាត់ និង​អំណោយ​ដែល​គាត់​បាន​ឲ្យ​ដល់​កូន?—

ព្រះ​យេហូវ៉ា​បាន​ឲ្យ​អំណោយ​មួយ​ដ៏​អស្ចារ្យ​ដល់​យើង។ លោក​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​មក​ផែន​ដី​ដើម្បី​ស្លាប់​ជំនួស​យើង។ ហេតុ​អ្វី​លោក​យេស៊ូ​ត្រូវ​ស្លាប់​ជំនួស​យើង? តើ​កូន​ដឹង​ទេ?— យើង​ត្រូវ​រក​ចម្លើយ ពី​ព្រោះ​រឿង​នេះ​គឺ​សំខាន់​ណាស់។

ដូច​ដែល​យើង​បាន​រៀន​នៅ​ជំពូក​ទី​២៣ អាដាម​បាន​ធ្វើ​អំពើ​ខុស​ឆ្គង ដោយ​សារ​គាត់​បំពាន​ច្បាប់​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ។ ម៉្លោះ​ហើយ យើង​បាន​ទទួល​ភាព​ខុស​ឆ្គង​ពី​អាដាម ដែល​ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា។ ដូច្នេះ តើ​កូន​គិត​ថា​យើង​ត្រូវ​ការ​អ្វី?— បើ​និយាយ​ក្នុង​ន័យ​ធៀប យើង​ត្រូវ​ការ​ឪពុក​ថ្មី។ ឪពុក​ថ្មី​នោះ​ត្រូវ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​បាន​នៅ​ល្អ​ឥត​ខ្ចោះ​រហូត​អស់​មួយ​ជីវិត​នៅ​ផែន​ដី។ តើ​កូន​គិត​ថា​អ្នក​ណា​អាច​ទៅ​ជា​ឪពុក​ថ្មី​នោះ?— គឺ​លោក​យេស៊ូ។

ព្រះ​យេហូវ៉ា​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​មក​ផែន​ដី ដើម្បី​លោក​អាច​ទៅ​ជា​ឪពុក​ថ្មី​របស់​យើង​ជំនួស​អាដាម។ គម្ពីរ​ប្រាប់​ថា​៖ ​«​‹អាដាម បុរស​ទី​មួយ​បាន​ទៅ​ជា​ព្រលឹង​មាន​ជីវិត›។ ឯ​អាដាម​ចុង​ក្រោយ​បាន​ទៅ​ជា​វិញ្ញាណ​ដែល​ផ្ដល់​ជីវិត​»។ តើ​អ្នក​ណា​ជា​អាដាម​ទី១?— គឺ​ជា​បុរស​ដំបូង​ដែល​ព្រះ​បាន​បង្កើត​ពី​ធូលី​ដី។ តើ​អ្នក​ណា​ជា​អាដាម​ទី២?— គឺ​លោក​យេស៊ូ។ គម្ពីរ​បញ្ជាក់​ដូច្នេះ ដោយ​ចែង​ថា​៖ ​«​បុរស​ទី​មួយ[​អាដាម​]មក​ពី​ផែន​ដី ហើយ​បាន​ត្រូវ​ធ្វើ​ពី​ធូលី​ដី ឯ​បុរស​ទី​ពីរ[​លោក​យេស៊ូ​]មក​ពី​ស្ថាន​សួគ៌​»។—កូរិនថូស​ទី១ ១៥:៤៥, ៤៧; លោកុប្បត្តិ ២:៧

ព្រះ​បាន​យក​ជីវិត​របស់​លោក​យេស៊ូ​ពី​ស្ថាន​សួគ៌ ហើយ​ដាក់​ក្នុង​ផ្ទៃ​នាង​ម៉ារៀ ដូច្នេះ លោក​យេស៊ូ​មិន​បាន​ទទួល​ភាព​ខុស​ឆ្គង​ពី​អាដាម​សោះ។ ហេតុ​នេះ លោក​យេស៊ូ​ជា​មនុស្ស​ល្អឥត​ខ្ចោះ។ (​លូកា ១:៣០​-​៣៥​) ដោយ​សារ​មូលហេតុ​នេះ​ដែរ ពេល​លោក​យេស៊ូ​កើត​មក ទេវតា​បាន​និយាយ​ទៅ​ពួក​គង្វាល​ថា​៖ ​«​ថ្ងៃ​នេះ​អ្នក​ដែល​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា . . . បាន​កើត​មក​»។ (​លូកា ២:១១​) ប៉ុន្តែ ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​សង្គ្រោះ​យើង តើ​ទារក​យេស៊ូ​ត្រូវ​ធ្វើ​អ្វី​សិន?— លោក​ត្រូវ​ធំ​ឡើង​និង​ក្លាយ​ទៅ​ជា​បុរស​ពេញ​វ័យ​ម្នាក់​ដូច​អាដាម ទើប​លោក​យេស៊ូ​អាច​ក្លាយ​ទៅ​ជា‹អាដាម​ទី២›បាន។

គម្ពីរ​ចែង​ថា លោក​យេស៊ូ​ដែល​ជា​អ្នក​សង្គ្រោះ​យើង​ក៏​នឹង​ក្លាយ​ទៅ​ជា​«​ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប​»​ដែរ។ (​អេសាយ ៩:៦, ៧​) ដូច្នេះ លោក​យេស៊ូ​ដែល​ជា​បុរស​ល្អ​ឥត​ខ្ចោះ​អាច​ទៅ​ជា​បិតា​ឬ​ឪពុក​របស់​យើង​ជំនួស​អាដាម ដែល​បាន​ធ្វើ​អំពើ​ខុស​ឆ្គង និង​ទៅ​ជា​មិន​ល្អ​ឥត​ខ្ចោះ។ ហេតុ​នេះ យើង​អាច​ជ្រើស​រើស‹អាដាម​ទី២›ធ្វើ​ជា​ឪពុក​របស់​យើង។ ប៉ុន្តែ តើ​លោក​យេស៊ូ​ជា​កូន​របស់​អ្នក​ណា? លោក​ជា​កូន​របស់​ព្រះ​យេហូវ៉ា។

តើ​មាន​អ្វី​ខ្លះ​ដែល​អាដាម​និង​លោក​យេស៊ូ​មាន​ដូច​គ្នា? ហេតុ​អ្វី​ការ​ដូច​គ្នា​របស់​ពួក​គាត់​គឺ​សំខាន់​ម៉្លេះ?

ដោយ​រៀន​អំពី​លោក​យេស៊ូ នោះ​លោក​អាច​ទៅ​ជា​អ្នក​សង្គ្រោះ​របស់​យើង។ តើ​កូន​នៅ​ចាំ​ទេ ថា​យើង​ត្រូវ​ការ​សង្គ្រោះ​ពី​អ្វី?— យើង​ត្រូវ​ការ​អ្នក​សង្គ្រោះ​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​ដែល​យើង​បាន​ទទួល​ពី​អាដាម។ ពេល​លោក​យេស៊ូ​ពេញ​វ័យ លោក​បាន​ឲ្យ​ជីវិត​ល្អ​ឥត​ខ្ចោះ​របស់​លោក​ជា​គ្រឿង​បូជា​សម្រាប់​យើង គ្រឿង​បូជា​នោះ​ហៅ​ថា​ថ្លៃ​លោះ។ ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​មាន​ថ្លៃ​លោះ ដើម្បី​បំបាត់​ចោល​ភាព​ខុស​ឆ្គង​របស់​យើង។—ម៉ាថាយ ២០:២៨; រ៉ូម ៥:៨; ៦:២៣

យើង​ប្រាកដជា​មិន​ចង់​ភ្លេច​អ្វី​ដែល​ព្រះ​និង​បុត្រ​របស់​លោក​បាន​ធ្វើ​ដើម្បី​យើង​ទេ មែន​ទេ?— លោក​យេស៊ូ​បាន​បង្ហាញ​ពួក​អ្នក​កាន់​តាម​លោក​អំពី​វិធី​ពិសេស​មួយ​ដែល​អាច​ជួយ​យើង​ឲ្យ​នឹក​ចាំ​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ។ សូម​ស្តាប់​អំពី​រឿង​នេះ។

សូម​ស្រមៃ​ថា កូន​កំពុង​នៅ​បន្ទប់​ខាង​លើ​ក្នុង​ផ្ទះ​មួយ​នៅ​ក្រុង​យេរូសាឡិម។ នោះ​គឺ​ជាពេល​យប់។ លោក​យេស៊ូ​និង​ពួក​សាវ័ក​កំពុង​អង្គុយ​រួម​តុ​ជា​មួយ​គ្នា។ នៅ​លើ​តុ​មាន​សាច់​ចៀម​អាំង និង​នំ​ប៉័ង​សំប៉ែត​ខ្លះ​ៗ ព្រម​ទាំង​ស្រា​ក្រហម​ដែរ។ ពួក​គាត់​កំពុង​ធ្វើ​ពិធី​ពិសេស​មួយ។ ហេតុ​អ្វី​ពួក​គាត់​ធ្វើ​ពិធី​នេះ? តើ​កូន​ដឹង​ទេ?—

ពិធី​នេះ​គឺ​ដើម្បី​រំលឹក​ពួក​គាត់​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អស់​រាប់​រយ​ឆ្នាំ​មុន ពេល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ដ្រ​របស់​លោក​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប។ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​រាស្ដ្រ​របស់​លោក​ថា​៖ ‹ចូរ​សម្លាប់​កូន​ចៀម​មួយ​សម្រាប់​គ្រួសារ​នីមួយ​ៗ ហើយ​ត្រូវ​យក​ឈាម​វា​លាប​នៅ​ក្រប​ទ្វារ​ផ្ទះ​របស់​អ្នក​រាល់​គ្នា›។ រួច​មក លោក​បាន​ប្រាប់​ទៀត​ថា​៖ ‹ចូរ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា ហើយ​បរិភោគ​សាច់​ចៀម​នោះ​ទៅ›។

តើ​ឈាម​របស់​កូន​ចៀម​បាន​ការពារ​បណ្ដា​ជន​អ៊ីស្រាអែល​យ៉ាង​ណា?

បណ្ដា​ជន​អ៊ីស្រាអែល​បាន​ធ្វើ​ដូច្នោះ​មែន។ នៅ​យប់​នោះ ទេវតា​របស់​ព្រះ​បាន​កាត់​រំលង​ស្រុក​អេស៊ីប។ នៅ​ផ្ទះ​ភាគ​ច្រើន ទេវតា​បាន​សម្លាប់​កូន​ច្បង​របស់​ពួក​គេ។ ប៉ុន្តែ ពេល​ទេវតា​បាន​ឃើញ​ឈាម​របស់​សត្វ​ចៀម​លាប​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​ណា ទេវតា​បាន​រំលង​ផ្ទះ​នោះ។ ហេតុ​នេះ​ហើយ នៅ​ក្នុង​ផ្ទះ​ទាំង​នោះ គ្មាន​កូន​ក្មេង​ណា​ម្នាក់​បាន​ស្លាប់​ទេ។ ក្រោយ​ពី​ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​សម្លាប់​កូន​ច្បង​របស់​សាសន៍​អេស៊ីប នោះ​បាន​ធ្វើ​ឲ្យ​ផារ៉ូ​ដែល​ជា​ស្ដេច​ស្រុក​នោះ​ភ័យ​ខ្លាច​ណាស់។ ដូច្នេះ ផារ៉ូ​បាន​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹យើង​ដោះ​លែង​ពួក​ឯង។ ចូរ​ចេញ​ពី​ស្រុក​អេស៊ីប​ទៅ!›។ នៅ​ពេល​នោះ ពួក​គេ​បាន​ដាក់​អីវ៉ាន់​នៅ​លើ​ខ្នង​របស់​សត្វ​អូដ្ឋ​និង​លា ហើយ​ធ្វើ​ដំណើរ​ចេញ​ទៅ។

ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​ពួក​គេ​ភ្លេច​អំពី​របៀប​ដែល​លោក​បាន​រំដោះ​ពួក​គេ​ឲ្យ​មាន​សេរី​ភាព​ទេ។ ដូច្នេះ លោក​បាន​ប្រាប់​ថា​៖ ‹ក្នុង​មួយ​ឆ្នាំ​ម្ដង អ្នក​ត្រូវ​បរិភោគ​អាហារ​ដូច​អាហារ​ដែល​អ្នក​បាន​បរិភោគ​នៅ​យប់​នេះ›។ ពួក​គេ​ហៅ​ពិធី​ពិសេស​នេះ​ថា​បុណ្យ​រំលង។ តើ​កូន​ដឹង​ថា​ហេតុ​អ្វី​ទេ?— ពី​ព្រោះ​នៅ​យប់​នោះ​ទេវតា​របស់​ព្រះ‹បាន​រំលង›ផ្ទះ​ណា​ដែល​មាន​លាប​ឈាម។—និក្ខមនំ ១២:១​-​១៣, ២៤​-​២៧, ៣១

ពេល​លោក​យេស៊ូ​និង​ពួក​សាវ័ក​កំពុង​បរិភោគ​អាហារ​រំលង ពួក​គាត់​បាន​គិត​អំពី​ព្រឹត្តិការណ៍​នោះ។ បន្ទាប់​មក លោក​យេស៊ូ​បាន​ធ្វើ​ពិធី​ដ៏​សំខាន់​មួយ​ទៀត។ ប៉ុន្តែ មុន​លោក​ធ្វើ​ពិធី​នោះ លោក​បាន​ឲ្យ​យូដាស​ដែល​ជា​សាវ័ក​មិន​ស្មោះ​ត្រង់​ចេញ​ទៅ។ រួច​មក លោក​យេស៊ូ​បាន​យកនំ​ប៉័ង​មួយ​ដុំ​ដែល​នៅ​សល់ ហើយ​អធិដ្ឋាន រួច​កាច់​ហុច​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក។ លោក​និយាយ​ថា​៖ ​«​ចូរ​យក​ពិសា​ចុះ​»។ ក្រោយ​មក លោក​បាន​ប្រាប់​ពួក​គាត់​ថា​៖ ‹នំ​ប៉័ង​នេះ​ជា​តំណាង​រូប​កាយ​របស់​ខ្ញុំ​ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ ពេល​ខ្ញុំ​ស្លាប់​ដើម្បី​អ្នក​រាល់​គ្នា›។

បន្ទាប់​មក លោក​យេស៊ូ​បាន​យក​ពែង​ស្រា​ក្រហម រួច​លោក​បាន​អធិដ្ឋាន​អរគុណ​ព្រះ​ម្ដង​ទៀត ហើយ​ហុច​បន្ត​ទៅ​ពួក​អ្នក​កាន់​តាម​លោក ដោយ​និយាយ​ថា​៖ ​«​ចូរ​អ្នក​ទាំង​អស់​គ្នា​ពិសា​ពី​ពែង​នេះ​»។ លោក​ក៏​ប្រាប់​ពួក​គេ​ថា​៖ ‹ស្រា​នេះ​តំណាង​ឈាម​របស់​ខ្ញុំ។ មិន​យូរ​ទៀត ខ្ញុំ​នឹង​បង្ហូរ​ឈាម​របស់​ខ្ញុំ​ដើម្បី​រំដោះ​អ្នក​រាល់​គ្នា​ពី​ភាព​ខុស​ឆ្គង។ សូម​បន្ត​ធ្វើ​ដូច្នេះ​ដើម្បី​រំលឹក​អំពី​ខ្ញុំ›។—ម៉ាថាយ ២៦:២៦​-​២៨; កូរិនថូស​ទី១ ១១:២៣​-​២៦

លោក​យេស៊ូ​បាន​ប្រដូច​ឈាម​លោក​ទៅ​នឹង​ស្រា​ក្រហម តើ​ឈាម​នោះ​អាច​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​យើង?

លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​បន្ត​ធ្វើ​ដូច្នេះ​ដើម្បី​រំលឹក​អំពី​លោក មែនទេ? — នេះ​មាន​ន័យ​ថា ពួក​គាត់​នឹង​មិន​ធ្វើ​បុណ្យ​រំលង​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ មួយ​ឆ្នាំ​ម្ដង ពួក​គាត់​នឹង​ពិសា​អាហារ​ពិសេស​នេះ ដើម្បី​រំលឹក​អំពី​លោក​យេស៊ូ​និង​សេចក្ដី​ស្លាប់​របស់​លោក។ ពិធី​នេះ​គេ​ហៅ​ថា​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់។ នៅ​សព្វ​ថ្ងៃ​នេះ យើង​ច្រើន​តែ​ហៅ​ថា​ពិធី​រំលឹក។ ហេតុ​អ្វី?— ពី​ព្រោះ​ពិធី​នេះ​រំលឹក​យើង​អំពី​អ្វី​ដែល​លោក​យេស៊ូ​និង​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​លោក​បាន​ធ្វើ​ដើម្បី​យើង។

ពេល​យើង​មើល​នំ​ប៉័ង​នៅ​ពិធី​រំលឹក យើង​គួរ​គិត​អំពី​រូប​កាយ​របស់​លោក​យេស៊ូ។ លោក​បាន​សុខ​ចិត្ត​បូជាជីវិត​ជា​គ្រឿង​បូជា​ដើម្បី​ឲ្យ​យើង​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ចុះ​យ៉ាង​ណា​ស្រា​ក្រហម​វិញ?— ពេល​យើង​មើល​ស្រា​ក្រហម នោះ​គួរ​រំលឹក​យើង​អំពី​ឈាម​ដ៏​ថ្លៃ​វិសេស​របស់​លោក​យេស៊ូ។ ឈាម​របស់​លោក​គឺ​ថ្លៃ​វិសេស​ជាង​ឈាម​របស់​កូន​ចៀម​ក្នុង​បុណ្យ​រំលង​នៅ​ស្រុក​អេស៊ីប​ទៅ​ទៀត។ តើ​កូន​ដឹង​ថា​ហេតុ​អ្វី​ទេ?— គម្ពីរ​ប្រាប់​ថា​ឈាម​របស់​លោក​យេស៊ូ​អាច​នាំ​ឲ្យ​យើង​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ភាព​ខុស​ឆ្គង។ ណា​មួយ​ទៀត ពេល​ភាព​ខុស​ឆ្គង​របស់​យើង​បាន​ត្រូវ​ដក​ចេញ យើង​នឹង​លែង​ឈឺ លែង​ចាស់ ហើយ​លែង​ស្លាប់​ទៀត។ ដូច្នេះ ពេល​យើង​ចូល​រួម​ពិធី​រំលឹក យើង​គួរ​គិត​អំពី​រឿង​នោះ។

នៅ​ក្នុង​ពិធី​រំលឹក​សព្វ​ថ្ងៃ​នេះ តើ​មនុស្ស​គ្រប់​រូប​គួរ​ពិសា​នំ​ប៉័ង​និង​ស្រា​ក្រហម​ទេ?— នៅ​សម័យ​លោក​យេស៊ូ លោក​បាន​ប្រាប់​អ្នក​ដែល​ពិសា​នំ​ប៉័ង​និង​ស្រា​ក្រហម​នោះ​ថា​៖ ‹អ្នក​នឹង​មាន​ចំណែក​ក្នុង​រាជាណាចក្រ​របស់​ខ្ញុំ ហើយ​អង្គុយ​លើ​បល្ល័ង្ក​នៅ​ស្ថាន​សួគ៌​ជា​មួយ​នឹង​ខ្ញុំ›។ (​លូកា ២២:១៩, ២០, ៣០​) នេះ​មាន​ន័យ​ថា​ពួក​គាត់​នឹង​ទៅ​ស្ថាន​សួគ៌​ធ្វើ​ជា​ស្ដេច​ជា​មួយ​នឹង​លោក។ ដូច្នេះ មាន​តែ​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​គ្រប់​គ្រង​ជា​មួយ​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ ដែល​គួរ​ពិសា​នំ​ប៉័ង​និង​ស្រា​ក្រហម​នោះ។

ប៉ុន្តែ ទោះ​ជា​យើង​មិន​ពិសា​នំ​ប៉័ង​និង​ស្រា​ក្រហម​នោះ​ក៏​ដោយ ក៏​យើង​គួរ​ចូល​រួម​ពិធី​រំលឹក​ដែរ។ ហេតុ​អ្វី​យើង​គួរ​ចូល​រួម? តើ​កូន​ដឹង​ទេ?— ពី​ព្រោះ​លោក​យេស៊ូ​ក៏​បាន​ឲ្យ​ជីវិត​របស់​លោក​ដើម្បី​យើង​ដែរ។ ដូច្នេះ ពេល​យើង​ចូល​រួម​ពិធី​រំលឹក នោះ​បង្ហាញ​ថា​យើង​មិន​ភ្លេច​គុណ​លោក ហើយ​យើង​នឹក​ចាំ​ថា​នេះ​ជា​អំណោយ​ដ៏​អស្ចារ្យ​របស់​ព្រះ។

ខ​គម្ពីរ​ដែល​បង្ហាញ​អំពី​សារៈសំខាន់​នៃ​ថ្លៃ​លោះ​របស់​លោក​យេស៊ូ​មាន​ក្នុង កូរិនថូស​ទី១ ៥:៧ អេភេសូរ ១:៧ ធីម៉ូថេ​ទី១ ២:៥, ៦ និង​ពេត្រុស​ទី១ ១:១៨, ១៩