លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៧

តើ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​មាន​ចិត្ត​សប្បាយ?

តើ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​មាន​ចិត្ត​សប្បាយ?

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»​?

យើង​ទាំង​អស់​គ្នា​ចង់​មាន​ចិត្ត​សប្បាយ មែន​ទេ?— ប៉ុន្តែ មនុស្ស​ជា​ច្រើន​គ្មាន​ចិត្ត​សប្បាយ​ទេ។ តើ​កូន​ដឹង​ថា​មូលហេតុ​អ្វី?— នេះ​ដោយ​សារ​ពួក​គេ​មិន​ដឹង​អ្វី​ដែល​សំខាន់​បំផុត​ដែល​នាំ​ឲ្យ​មាន​ចិត្ត​សប្បាយ។ ពួក​គេ​គិត​ថា ដើម្បី​មាន​ចិត្ត​សប្បាយ ត្រូវ​មាន​របស់​របរ​ជា​ច្រើន។ ប៉ុន្តែ ពេល​មាន​របស់​របរ​ច្រើន​ហើយ ពួក​គេ​មិន​បាន​សប្បាយ​ចិត្ត​យូរ​ទេ។

គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​ប្រាប់​អ្វី​ដែល​សំខាន់​បំផុត​ដែល​នាំ​ឲ្យ​មាន​ចិត្ត​សប្បាយ នោះ​គឺ​៖ ​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។ (​សកម្មភាព ២០:៣៥​) ដូច្នេះ តើ​អ្វី​ដែល​នាំ​ឲ្យ​មាន​សុភមង្គល​ឬ​ចិត្ត​សប្បាយ?— ត្រូវ​ហើយ គឺ​ការ​ឲ្យ​អ្វី​មួយ​ដល់​អ្នក​ឯ​ទៀត និង​ការ​ជួយ​ពួក​គេ។ តើ​កូន​បាន​ដឹង​រឿង​នោះ​ពី​មុន​ទេ?—

សូម​យើង​គិត​អំពី​រឿង​នេះ​ថែម​ទៀត។ តើ​លោក​យេស៊ូ​បាន​ប្រាប់​ថា​អ្នក​ដែល​ទទួល​អំណោយ​នឹង​មិន​សប្បាយ​ចិត្ត​ឬ?— មិន​មែន​ទេ។ លោក​មិន​បាន​ប្រាប់​ដូច្នោះ​ទេ។ ធម្មតា​ពេល​កូន​ទទួល​អំណោយ កូន​សប្បាយ​ចិត្ត មែនទេ?— យើង​ទាំង​អស់​គ្នា​សប្បាយ​ចិត្ត​មែន​ពេល​យើង​ទទួល​អ្វី​មួយ​ដែល​ល្អ។

ប៉ុន្តែ លោក​យេស៊ូ​បាន​ប្រាប់​ថា ពេល​យើង​ឲ្យ​គេ​នោះ​យើង​សប្បាយ​ចិត្ត​ជាង។ ដូច្នេះ តើ​អ្នក​ណា​បាន​ឲ្យ​អ្វី​ៗ​ច្រើន​ជាង​គេ​បំផុត​ដល់​យើង? តើ​កូន​គិត​យ៉ាង​ណា?— ត្រូវ​ហើយ គឺ​ព្រះ​យេហូវ៉ា។

គម្ពីរ​ចែង​ថា​ព្រះ​«​ផ្ដល់​ជីវិត ដង្ហើម និង​អ្វី​ៗ​ទាំង​អស់​ដល់​មនុស្ស​គ្រប់​រូប​»។ លោក​ក៏​បាន​ផ្ដល់​ទឹក​ភ្លៀង​និង​ពន្លឺ​ថ្ងៃ​ដែរ ដើម្បី​ឲ្យ​ដំណាំ​លូត​លាស់​ឡើង ហើយ​យើង​មាន​អាហារ​បរិភោគ។ (​សកម្មភាព ១៤:១៧; ១៧:២៥​) នេះ​ជា​មូលហេតុ​ដែល​គម្ពីរ​ហៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ!​»។ (​ធីម៉ូថេ​ទី១ ១:១១​) ពេល​ព្រះ​ឲ្យ​ដល់​អ្នក​ឯ​ទៀត នោះ​ធ្វើ​ឲ្យ​លោក​សប្បាយ​ចិត្ត។ ដូច្នេះ ពេល​យើង​ឲ្យ​អ្នក​ឯ​ទៀត នោះ​ក៏​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ដែរ។

ជា​ជាង​ញ៉ាំ​នំ​ទាំង​អស់​តែ​ម្នាក់​ឯង តើ​កូន​អាច​ធ្វើ​អ្វី​ដើម្បី​សប្បាយ​ចិត្ត​ជាង?

តើ​យើង​អាច​ឲ្យ​អ្វី​ដល់​អ្នក​ឯ​ទៀត? តើ​កូន​គិត​យ៉ាង​ណា?— ជួន​កាល​អំណោយ​ខ្លះ​ត្រូវ​ចាយ​លុយ។ បើ​អំណោយ​នោះ​ជា​របស់​ដែល​គេ​លក់​នៅ​ផ្សារ កូន​ត្រូវ​ឲ្យ​លុយ​គេ។ បើ​កូន​ចង់​ឲ្យ​អំណោយ​បែប​នោះ កូន​ត្រូវ​សន្សំ​លុយ​សិន។

ប៉ុន្តែ មិន​មែន​អំណោយ​ទាំង​អស់​ត្រូវ​ចាយ​លុយ​ទេ។ ជា​ឧទាហរណ៍ នៅ​ពេល​ថ្ងៃ​ក្ដៅ ទឹក​ត្រជាក់​មួយ​កែវ​ពិត​ជា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រួល​មែន។ ដូច្នេះ ពេល​កូន​ឲ្យ​អំណោយ​បែប​នោះ​ដល់​មនុស្ស​ម្នាក់​ដែល​កំពុង​ស្រេក​ទឹក កូន​អាច​សប្បាយ​ចិត្ត​ដោយ​សារបាន​ឲ្យ​ដល់​គេ។

ថ្ងៃ​មួយ កូន​និង​ម្ដាយ​កូន​ប្រហែល​ជា​ធ្វើ​នំ។ នោះ​ធ្វើ​ឲ្យ​កូន​សប្បាយ​ចិត្ត​មែន។ កូន​អាច​ញ៉ាំ​នំ​ទាំង​អស់​នោះ​តែ​ម្នាក់​ឯង​បាន។ ប៉ុន្តែ តើ​កូន​អាច​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​កូន​សប្បាយ​ចិត្ត​ជាង​នេះ​ទៅ​ទៀត?— មែន​ហើយ កូន​អាច​ឲ្យ​នំ​ខ្លះ​ទៅ​មិត្ត​ភក្ដិ​កូន។ តើ​កូន​ចង់​ធ្វើ​ដូច្នោះ​នៅ​ពេល​ណា​មួយ​ទេ?—

គ្រូ​ដ៏​ល្អ​ប្រសើរ​និង​ពួក​សាវ័ក​របស់​លោក​ធ្លាប់​ឲ្យ​ដល់​អ្នក​ឯ​ទៀត ហើយ​នោះ​នាំ​ឲ្យ​ពួក​គាត់មាន​ចិត្ត​សប្បាយ។ តើ​កូន​ដឹង​ថា​ពួក​គាត់​បាន​ឲ្យ​អ្វី​ដល់​អ្នក​ឯ​ទៀត?— គឺ​ជា​អ្វី​ដែល​ល្អ​បំផុត​ក្នុង​ពិភព​លោក​នេះ! អ្វី​ដែល​ល្អ​បំផុត​នោះ​គឺ​សេចក្ដី​ពិត​អំពី​ព្រះ។ ដោយ​សារ​ពួក​គាត់​ស្គាល់​សេចក្ដី​ពិត​នេះ ពួក​គាត់​សប្បាយ​ចិត្ត​ប្រាប់​ដល់​អ្នក​ឯ​ទៀត។ ពួក​គាត់​ធ្វើ​ដូច្នេះ​ដោយ​មិន​ព្រម​ទទួល​លុយ​ទេ។

ថ្ងៃ​មួយ សាវ័ក​ប៉ូល​និង​មិត្ត​ល្អ​ម្នាក់​របស់​គាត់​ឈ្មោះ​លូកា ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ បាន​ជួប​ស្ដ្រី​ម្នាក់​ដែល​ចង់​មាន​សុភមង្គល​ដែល​មក​ពី​ការ​ឲ្យ។ ពួក​គាត់​បាន​ជួប​នាង​នៅ​មាត់​ទន្លេ។ ប៉ូល​និង​លូកា​បាន​ទៅ​ទី​នោះ ពី​ព្រោះ​ពួក​គាត់​ឮ​ថា​ទី​នោះ​ជា​កន្លែង​អធិដ្ឋាន។ ពេល​ទៅ​ដល់ ពួក​គាត់​ពិត​ជា​បាន​ឃើញ​ស្ដ្រី​ខ្លះ​កំពុង​អធិដ្ឋាន​មែន។

ប៉ូល​ចាប់​ផ្ដើម​ប្រាប់​ដំណឹង​ល្អ​អំពី​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​លោក​ដល់​ស្ដ្រី​ទាំង​នោះ។ នៅ​ទី​នោះ​មាន​ស្ដ្រី​ម្នាក់​ឈ្មោះ​លីឌា​ដែល​បាន​ស្តាប់​ប៉ូល​ដោយ​យក​ចិត្ត​ទុក​ដាក់។ ក្រោយ​ពី​បាន​ស្តាប់​ដំណឹង​ល្អ​ហើយ នាង​សប្បាយ​ចិត្ត​ណាស់ ដូច្នេះ​ហើយ នាង​ចង់​ធ្វើ​អ្វី​មួយ​ដល់​ពួក​គាត់​វិញ។ ហេតុ​នេះ នាង​បាន​អង្វរ​ប៉ូល​និង​លូកា​ថា​៖ ​«​ប្រសិនបើ​អ្នក​រាល់​គ្នា​ចាត់​ទុក​ថា​ខ្ញុំ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា សូម​ស្នាក់​នៅ​ផ្ទះ​ខ្ញុំ​»។ រួច​នាង​បាន​បង្ខំ​ពួក​គាត់​ឲ្យ​មក​ស្នាក់​នៅ​ផ្ទះ​របស់​នាង។—សកម្មភាព ១៦:១៣​-​១៥

តើ​លីឌា​កំពុង​និយាយ​អ្វី​ជា​មួយ​ប៉ូល​និង​លូកា?

លីឌា​រីក​រាយ​ដោយ​បាន​ទទួល​អ្នក​បម្រើ​របស់​ព្រះ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​នាង។ នាង​ស្រឡាញ់​ពួក​គាត់ ពី​ព្រោះ​ពួក​គាត់​បាន​ជួយ​នាង​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​របៀប​ដែល​នាង​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ នោះ​បាន​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​ដោយ​នាង​មាន​ឱកាស​ផ្ដល់​អាហារ និង​កន្លែង​សម្រាក​ដល់​ប៉ូល​និង​លូកា។ ដូច្នេះ ដោយ​សារ​លីឌា​ឲ្យ​ដោយ​ចិត្ត​ស្មោះ នោះ​នាង​សប្បាយ​ចិត្ត។ នោះ​ជា​អ្វី​ដែល​យើង​គួរ​ចង​ចាំ។ យើង​នឹង​មិន​សប្បាយ​ចិត្ត​ទេ បើ​យើង​ឲ្យ​ដល់​អ្នក​ឯ​ទៀត​ដោយ​សារ​មាន​គេ​បង្ខំ មិន​មែន​យើង​ឲ្យ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​នោះ។

ហេតុ​អ្វី​លីឌា​សប្បាយ​ចិត្ត​ទទួល​ប៉ូល​និង​លូកា?

ជា​ឧទាហរណ៍ ចុះ​បើ​កូន​មាន​ស្ករ​គ្រាប់​ខ្លះ​ដែល​កូន​ចង់​ញ៉ាំ? បើ​ខ្ញុំ​ប្រាប់​កូន​ឲ្យ​ចែក​ខ្លះ​ដល់​ក្មេង​ម្នាក់​ទៀត តើ​កូន​សប្បាយ​ចិត្ត​នឹង​ចែក​ទេ?— ប៉ុន្តែ ចុះ​បើ​កូន​មាន​ស្ករ​គ្រាប់​ខ្លះ ហើយ​កូន​ជួប​មិត្ត​ភក្ដិ​ដែល​កូន​ស្រឡាញ់​ខ្លាំង តើ​កូន​នឹង​ធ្វើ​យ៉ាង​ណា? បើ​កូន​នឹក​ឃើញ​ចែក​ឲ្យ​មិត្ត​ភក្ដិ​កូន​ដោយ​ខ្លួន​ឯង នោះ​នឹង​ធ្វើ​ឲ្យ​កូន​សប្បាយ​ចិត្ត​ជាង មែន​ទេ?—

ជួន​កាល​យើង​ស្រឡាញ់​មនុស្ស​ម្នាក់​ខ្លាំង​មែនទែន រហូត​ដល់​យើង​ចង់​ឲ្យ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​មាន​ដល់​គាត់ ដោយ​មិន​ទុក​អ្វី​សូម្បី​តែ​បន្តិច​សម្រាប់​ខ្លួន​ឯង។ ស្រដៀង​គ្នា​ដែរ ពេល​យើង​ស្រឡាញ់​ព្រះ​កាន់​តែ​ខ្លាំង យើង​គួរ​មាន​អារម្មណ៍​ចំពោះ​លោក​ដូច​នោះ​ដែរ។

ហេតុ​អ្វី​បាន​ជា​ស្ដ្រី​ក្រី​ក្រ​ម្នាក់​នេះ​មាន​ចិត្ត​សប្បាយ​ក្នុង​ការ​ឲ្យ​អ្វី​ទាំង​អស់​ដែល​នាង​មាន?

គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​ដឹង​អំពី​ស្ដ្រី​ក្រី​ក្រ​ម្នាក់​ដែល​មាន​អារម្មណ៍​ដូច្នោះ។ លោក​បាន​ឃើញ​នាង​នៅ​វិហារ​ក្រុង​យេរូសាឡិម។ នាង​មាន​ប្រាក់​តែ​ពីរ​កាក់ គឺ​ជា​ប្រាក់​ទាំង​អស់​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត។ ប៉ុន្តែ នាង​ដាក់​ទាំង​ពីរ​កាក់​នោះ​ក្នុង​ប្រអប់​វិភាគ​ទាន ឬ​ជា​អំណោយ​សម្រាប់​វិហារ។ នាង​ដាក់​ប្រាក់​នោះ​ដោយ​គ្មាន​នរណា​ម្នាក់​បង្ខំ​នាង​ទេ។ មនុស្ស​ភាគ​ច្រើន​នៅ​ទី​នោះ​មិន​ទាំង​ដឹង​ថា​នាង​បាន​ដាក់​ផង។ នាង​ធ្វើ​ដូច្នោះ ពី​ព្រោះ​នាង​ចង់​ធ្វើ ហើយ​នាង​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា។ នាង​មាន​ចិត្ត​សប្បាយ ដោយ​សារ​នាង​អាច​ឲ្យ​អំណោយ។—លូកា ២១:១​-​៤

យើង​អាច​ឲ្យ​អំណោយ​តាម​របៀប​ច្រើន​យ៉ាង។ តើ​កូន​នឹក​ឃើញ​របៀប​ណា​ខ្លះ​ទេ?— បើ​យើង​ឲ្យ​អំណោយ​ដោយ​សារ​យើង​ពិត​ជា​ចង់​ឲ្យ យើង​នឹង​មាន​ចិត្ត​សប្បាយ។ នេះ​ជា​មូលហេតុ​ដែល​គ្រូ​ដ៏​ល្អ​ប្រសើរ​ប្រាប់​យើង​ថា​៖ ​«​ចូរ​ទម្លាប់​ឲ្យ​គេ​»។ (​លូកា ៦:៣៨​) បើ​យើង​ធ្វើ​ដូច្នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​សប្បាយ​ចិត្ត ហើយ​យើង​នឹង​សប្បាយ​ជាង​គេ​បំផុត!

ស្ដី​អំពី​អ្វី​ដែល​នាំ​ឲ្យ​មាន​ចិត្ត​សប្បាយ សូម​អាន​ថែម​ទៀត​នៅ ម៉ាថាយ ៦:១​-​៤ លូកា ១៤:១២​-​១៤ និង​កូរិនថូស​ទី២ ៩:៧