លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២១

តើ​យើង​គួរ​អួត​ខ្លួន​ទេ?

តើ​យើង​គួរ​អួត​ខ្លួន​ទេ?

តើ​អួត​ខ្លួន​មាន​ន័យ​អ្វី? តើ​កូន​ដឹង​ទេ?— មាន​ឧទាហរណ៍​មួយ។ តើ​កូន​ធ្លាប់​ខំ​ធ្វើ​អ្វី​មួយ​ដែល​កូន​មិន​សូវ​ចេះ​ឬ​ទេ? កូន​ប្រហែល​ជា​ខំ​ប្រឹង​ទាត់​បាល់ ឬ​ក៏​ខំ​ប្រឹង​ជិះ​កង់។ ប៉ុន្តែ តើ​មាន​នរណា​ម្នាក់​ធ្លាប់​ចំអក​ឲ្យ​កូន​ទេ ដោយ​និយាយ​ថា​៖ ​«​ហាស! ហាស! ខ្ញុំ​អាច​ធ្វើ​ល្អ​ជាង​ឯង​»​?— បើ​គាត់​និយាយ​ដូច្នោះ​មែន អ្នក​នោះ​កំពុង​អួត​ខ្លួន​ហើយ។

តើ​កូន​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ពេល​អ្នក​ឯ​ទៀត​ធ្វើ​ដូច្នោះ? តើ​កូន​ចូល​ចិត្ត​ទេ?— បើ​កូន​អួត​ខ្លួន តើ​កូន​គិត​ថា​អ្នក​ឯ​ទៀត​មាន​អារម្មណ៍​យ៉ាង​ណា?— តើ​ជា​ការ​ល្អ​ទេ​ដែល​ប្រាប់​អ្នក​ណា​ម្នាក់​ថា​៖ ​«​ខ្ញុំ​ល្អ​ជាង​ឯង​»​?— តើ​ព្រះ​យេហូវ៉ា​ចូល​ចិត្ត​មនុស្ស​ដែល​និយាយ​ឬ​ធ្វើ​ដូច្នោះ​ទេ?—

ពេល​គ្រូ​ដ៏​ល្អ​ប្រសើរ​នៅ​ផែន​ដី លោក​ស្គាល់​មនុស្ស​ដែល​គិត​ថា​ខ្លួន​ប្រសើរ​ជាង​អ្នក​ឯ​ទៀត។ ពួក​គេ​អួត​ខ្លួន ហើយ​មើល​ងាយ​អ្នក​ឯ​ទៀត​ទាំង​អស់។ ដូច្នេះ​ហើយ នៅ​ថ្ងៃ​មួយ​លោក​យេស៊ូ​បាន​ប្រាប់​រឿង​មួយ​ដល់​ពួក​គេ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យល់​ថា ការ​អួត​ខ្លួន​គឺ​ជា​ការ​ខុស។ សូម​ស្តាប់​រឿង​នោះ។

រឿង​នោះ​គឺ​អំពី​ផារិស៊ី​ម្នាក់​និង​អ្នក​យក​ពន្ធ​ម្នាក់។ ពួក​ផារិស៊ី​គឺ​ជា​អ្នក​បង្រៀន​ខាង​សាសនា​ដែល​ច្រើន​តែ​ធ្វើ​ឫកពា​ដូច​ជា​ពួក​គេ​សុចរិត​ជាង​អ្នក​ឯ​ទៀត។ ក្នុង​រឿង​របស់​លោក​យេស៊ូ ផារិស៊ី​នោះ​បាន​ឡើង​ទៅ​អធិដ្ឋាន​នៅ​វិហារ​របស់​ព្រះ​ក្នុង​ក្រុង​យេរូសាឡិម។

ហេតុ​អ្វី​ព្រះ​ពេញ​ចិត្ត​អ្នក​យក​ពន្ធ តែ​មិន​ពេញ​ចិត្ត​ផារិស៊ី?

លោក​យេស៊ូ​បាន​និយាយ​ថា អ្នក​យក​ពន្ធ​ម្នាក់​ក៏​បាន​ឡើង​ទៅ​វិហារ​ដើម្បី​អធិដ្ឋាន​ដែរ។ មនុស្ស​ភាគ​ច្រើន​មិន​ចូល​ចិត្ត​អ្នក​យក​ពន្ធ​ឡើយ។ ពួក​គេ​គិត​ថា​អ្នក​យក​ពន្ធ​បោក​បញ្ឆោត​ពួក​គេ។ នោះ​ជា​ការ​ពិត​មែន ព្រោះ​អ្នក​យក​ពន្ធ​ជា​ច្រើន​មិន​សូវ​ស្មោះ​ត្រង់​ប៉ុន្មាន​ទេ។

នៅ​ឯ​វិហារ ផារិស៊ី​នោះ​បាន​ចាប់​ផ្ដើម​អធិដ្ឋាន​ដូច​នេះ​ថា​៖ ‹ឱ​ព្រះ​អើយ ខ្ញុំ​អរគុណ​លោក​ដែល​ខ្ញុំ​មិន​ដូច​មនុស្ស​ឯ​ទៀត​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង។ ខ្ញុំ​មិន​បោក​បញ្ឆោត​មនុស្ស​ឯ​ទៀត​ឬ​ធ្វើអាក្រក់​ឡើយ។ ខ្ញុំ​មិន​ដូច​អ្នក​យក​ពន្ធ​ដែល​នៅ​ទី​នោះ​ទេ។ ខ្ញុំ​ជា​មនុស្ស​សុចរិត។ ខ្ញុំ​តម​អាហារ​ពីរ​ដង​រាល់​សប្ដាហ៍។ យ៉ាង​នោះ​ខ្ញុំ​អាច​មាន​ពេល​ច្រើន​ជាង​ដើម្បី​គិត​អំពី​លោក។ ម្យ៉ាង​ទៀត មួយ​ភាគ​ដប់​នៃ​របស់​ទាំង​អស់​ដែល​ខ្ញុំ​ទទួល​នោះ ខ្ញុំ​ជូន​ដល់​វិហារ›។ ផារិស៊ី​នោះ​ច្បាស់​ជា​បាន​គិត​ថា​ខ្លួន​ប្រសើរ​ជាង​អ្នក​ឯ​ទៀត មែន​ទេ?— អ្វី​ដែល​គាត់​អធិដ្ឋាន​ក៏​បាន​បញ្ជាក់​ដូច្នោះ​ដែរ។

ប៉ុន្តែ អ្នក​យក​ពន្ធ​មិន​ធ្វើ​ដូច្នោះ​ទេ។ គាត់​កំពុង​ឈរ​ពី​ចម្ងាយ ហើយ​គាត់​មិន​ទាំង​ហ៊ាន​ងើយ​មើល​មេឃ​ផង ពេល​ដែល​អធិដ្ឋាន។ អ្នក​យក​ពន្ធ​សុំ​ព្រះ​ឲ្យ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​គាត់ ហើយ​គាត់​ក៏​ចេះ​តែ​គក់​ទ្រូង​ដោយ​ក្ដី​សោកស្តាយ។ គាត់​មិន​ខំ​រៀប​រាប់​ប្រាប់​ព្រះ​អំពី​គុណ​សម្បត្តិ​របស់​ខ្លួន​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​អើយ សូម​ប្រោស​ប្រណី​ខ្ញុំ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ផង​»។

តើ​កូន​គិត​ថា ព្រះ​ពេញ​ចិត្ត​បុរស​មួយ​ណា? តើ​ជា​ផារិស៊ី​ដែល​គិត​ថា​ខ្លួន​ជា​មនុស្ស​សុចរិត ឬ​ក៏​ជា​អ្នក​យក​ពន្ធ​ដែល​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​វិញ?—

លោក​យេស៊ូ​បាន​ប្រាប់​ថា ព្រះ​ពេញ​ចិត្ត​ចំពោះ​អ្នក​យក​ពន្ធ។ ហេតុ​អ្វី? លោក​យេស៊ូ​ពន្យល់​ថា​៖ ‹ពី​ព្រោះ​អស់​អ្នក​ណា​ដែល​ខំ​លើក​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ។ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តម្កើង​ឡើង​វិញ›។—លូកា ១៨:៩​-​១៤

តើ​លោក​យេស៊ូ​បាន​បង្រៀន​យើង​នូវ​មេរៀន​អ្វី?— លោក​បង្រៀន​ថា គឺ​ជា​ការ​ខុស​បើ​យើង​គិត​ថា​ខ្លួន​ប្រសើរ​ជាង​អ្នក​ឯ​ទៀត។ យើង​ប្រហែល​ជា​មិន​គិត​ថា​យើង​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ទេ តែ​ការ​ប្រព្រឹត្ត​របស់​យើងអាច​បង្ហាញ​ថា យើង​គិត​ដូច្នោះ​មែន។ តើ​កូន​ធ្លាប់​ធ្វើ​ដូច្នេះ​ទេ?— សូម​គិត​អំពី​គំរូ​របស់​សាវ័ក​ពេត្រុស។

កាល​ដែល​លោក​យេស៊ូ​ប្រាប់​ពួក​សាវ័ក​របស់​លោក​ថា ពេល​លោក​ត្រូវ​គេ​ចាប់​ខ្លួន ពួក​គាត់​នឹង​ចាក​ចេញ​ពី​លោក នោះ​ពេត្រុស​អួត​ថា​៖ ‹ទោះ​បី​ពួក​គាត់​ទាំង​អស់​គ្នា​ចាក​ចេញ​ពី​លោក​ក៏​ដោយ ក៏​ខ្ញុំ​នឹង​មិន​ចាក​ចេញ​ឡើយ!›។ ប៉ុន្តែ​ពេត្រុស​គិត​ខុស​ហើយ។ គាត់​ទុក​ចិត្ត​ខ្លួន​ឯង​ខ្លាំង​ពេក។ នៅ​ទី​បំផុត គាត់​បាន​ចាក​ចេញ​ពី​លោក​យេស៊ូ​មែន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​បាន​ត្រឡប់​មក​រក​លោក​យេស៊ូ​វិញ​ដូច​យើង​នឹង​រៀន​នៅ​ជំពូក​ទី​៣០​ក្នុង​សៀវភៅ​នេះ។—ម៉ាថាយ ២៦:៣១​-​៣៣

សូម​គិត​ឧទាហរណ៍​នៅ​សព្វ​ថ្ងៃ​នេះ​វិញ។ នៅ​ឯ​សាលា​រៀន គ្រូ​ប្រហែល​ជា​សួរ​សំណួរ​ខ្លះ​ៗ​ដល់​កូន​និង​សិស្ស​រួម​ថ្នាក់។ ចុះ​បើ​កូន​អាច​ឆ្លើយ​សំណួរ​បាន​ភ្លាម​ៗ តែ​សិស្ស​ឯ​ទៀត​មិន​អាច​ឆ្លើយ​បាន តើ​កូន​មាន​អារម្មណ៍​យ៉ាង​ណា? កូន​ច្បាស់​ជា​សប្បាយ​ចិត្ត​មែន​ពេល​ដែល​កូន​ដឹង​ចម្លើយ។ ប៉ុន្តែ បើ​កូន​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​នឹង​អ្នក​ដែល​ឆ្លើយ​យឺត តើ​នោះ​ជា​ការ​ល្អ​ទេ?— បើ​យើង​ធ្វើ​ឲ្យ​គេ​សរសើរ​យើង តែ​មើល​ងាយ​អ្នក​ឯ​ទៀត តើ​នោះ​ជា​ការ​ត្រឹម​ត្រូវ​ឬ​ទេ?—

តែ​ផារិស៊ី​បាន​ធ្វើ​ដូច្នោះ។ គាត់​អួត​ខ្លួន​ថា គាត់​ប្រសើរ​ជាង​អ្នក​យក​ពន្ធ។ ប៉ុន្តែ គ្រូ​ដ៏​ល្អ​ប្រសើរ​និយាយ​ថា ផារិស៊ី​មាន​គំនិត​ខុស​ហើយ។ ជា​ការ​ពិត​មែន មនុស្ស​ម្នាក់​អាច​ធ្វើ​អ្វី​មួយ​ប្រសើរ​ជាង​ម្នាក់​ទៀត តែ​នោះ​មិន​មាន​ន័យ​ថា គាត់​ពិត​ជា​មនុស្ស​ប្រសើរ​ជាង​ទេ។

បើ​កូន​ចេះ​ច្រើន​ជាង​ម្នាក់​ទៀត តើ​នេះ​មាន​ន័យ​ថា​កូន​ជា​មនុស្ស​ប្រសើរ​ជាង​ទេ?

ដូច្នេះ បើ​យើង​ចេះ​ច្រើន​ជាង​ម្នាក់​ទៀត តើ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​យើង​អួត​ខ្លួន​ទេ?— សូម​គិត​អំពី​រឿង​នេះ។ តើ​យើង​បាន​បង្កើត​ខួរ​ក្បាល​របស់​យើង​ទេ?— មិន​មែន​ទេ។ គឺ​ព្រះ​ជា​អ្នក​ដែល​ផ្ដល់​ខួរ​ក្បាល​ឲ្យ​យើង​ម្នាក់​ៗ។ ម្យ៉ាង​ទៀត អ្វី​ៗ​ភាគ​ច្រើន​ដែល​យើង​ចេះ គឺ​ដោយ​សារ​យើង​បាន​រៀន​ពី​អ្នក​ឯ​ទៀត។ ប្រហែល​ជា​យើង​ដឹង​ដោយ​សារ​យើង​អាន​រឿង​ផ្សេង​ៗ​ក្នុង​សៀវភៅ ឬ​មាន​អ្នក​ណា​ម្នាក់​បាន​ប្រាប់​យើង​អំពី​រឿង​នោះ។ ទោះ​ជា​យើង​បាន​នឹក​ឃើញ​ដោយ​ខ្លួន​ឯង​ក៏​ដោយ តើ​យើង​អាច​នឹក​ឃើញ​ដោយ​សារ​អ្វី?— មែន​ហើយ គឺ​ដោយ​សារ​យើង​ប្រើ​ខួរ​ក្បាល​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​យើង។

ពេល​ដែល​មនុស្ស​ម្នាក់​ខំ​ព្យាយាម​ធ្វើ​អ្វី​មួយ ជា​ការ​ល្អ​ដែល​កូន​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់សប្បាយ​ចិត្ត។ សូម​ប្រាប់​គាត់​ថា កូន​ចូល​ចិត្ត​អ្វី​ដែល​គាត់​បាន​ធ្វើ។ ប្រហែល​ជា​កូន​អាច​ជួយ​គាត់​ឲ្យ​ធ្វើ​អ្វី​មួយ​នោះ​បាន​ប្រសើរ​ជាង​ថែម​ទៀត។ នោះ​ជា​អ្វី​ដែល​កូន​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​ចំពោះ​កូន​ដែរ មែន​ទេ?—

បើ​កូន​មាន​កម្លាំង​ជាង​អ្នក​ផ្សេង​ទៀត ហេតុ​អ្វី​ជា​ការ​ខុស​បើ​កូន​អួត​ខ្លួន?

អ្នក​ខ្លះ​មាន​កម្លាំង​ជាង​អ្នក​ឯ​ទៀត។ ចុះ​បើ​កូន​មាន​កម្លាំង​ជាង​បង​ប្អូន​របស់​កូន តើ​មាន​មូលហេតុ​ឲ្យ​កូន​អួត​ខ្លួន​ទេ?— អត់​ទេ។ យើង​មាន​កម្លាំង​ដោយ​សារ​ចំណី​អាហារ​ដែល​យើង​បរិភោគ។ ម្យ៉ាង​ទៀត ពន្លឺ​ថ្ងៃ​និង​ភ្លៀង ព្រម​ទាំង​អ្វី​ផ្សេង​ទៀត​ដែល​ចាំ​បាច់​ដើម្បី​ធ្វើ​ឲ្យ​មាន​ផល​ដំណាំ នោះ​សុទ្ធ​តែ​មក​ពី​ព្រះ មែន​ទេ?— ដូច្នេះ យើង​គួរ​តែ​អរគុណ​ព្រះ​ដែល​យើង​អាច​មាន​កម្លាំង​បាន។—សកម្មភាព ១៤:១៦, ១៧

យើង​ទាំង​អស់​គ្នា​មិន​ចូល​ចិត្ត​ស្តាប់​អ្នក​ដែល​អួត​ខ្លួន​ទេ មែន​ទេ?— សូម​ឲ្យ​យើង​ចាំ​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ចូរ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត ដូច​អ្នក​ចង់​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​មក​លើ​អ្នក​»​ដែរ។ បើ​យើង​ធ្វើ​ដូច្នោះ យើង​នឹង​មិន​ដូច​ជា​ផារិស៊ី​ដែល​អួត​ខ្លួន ក្នុង​ឧទាហរណ៍​របស់​គ្រូ​ដ៏​ល្អ​ប្រសើរ​នោះ​ទេ។—លូកា ៦:៣១

នៅ​ពេល​មួយ មាន​មនុស្ស​ម្នាក់​បាន​ប្រាប់​លោក​យេស៊ូ​ថា​លោក​ជា​មនុស្ស​ល្អ។ តើ​គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​និយាយ​ឬ​ទេ ថា‹មែន ខ្ញុំ​ល្អ›?— លោក​មិន​បាននិយាយ​ដូច​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​និយាយ​ថា​៖ ​«​ក្រៅ​ពី​ព្រះ គ្មាន​អ្នក​ណា​ល្អ​ឡើយ​»។ (​ម៉ាកុស ១០:១៨​) ទោះ​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ លោក​មិន​បាន​អួត​ខ្លួន​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ឲ្យ​ការ​សរសើរ​ទាំង​អស់​ដល់​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​លោក។

ដូច្នេះ តើ​កូន​អាច​អួត​អំពី​អ្នក​ណា​ម្នាក់​ទេ?— ពិត​ជា​អាច។ យើង​អាច​អួត​អំពី​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​យើង។ ពេល​យើង​ឃើញ​ថ្ងៃ​លិច​ដ៏​សែន​ស្អាត ឬ​អ្វី​ដ៏​អស្ចារ្យ​ឯ​ទៀត​ដែល​លោក​បាន​បង្កើត នោះ​យើង​អាច​ប្រាប់​អ្នក​ណា​ម្នាក់​ថា‹ព្រះ​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​អស្ចារ្យ​របស់​យើង​ជា​អ្នក​ដែល​បាន​បង្កើត​របស់​ទាំង​នេះ!›។ សូម​យើង​ត្រៀម​ខ្លួន​ជា​និច្ច​ដើម្បី​និយាយ​អំពី​អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ និង​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ​នៅ​ពេល​ខាង​មុខ។

តើ​ក្មេង​ប្រុស​នេះ​កំពុង​អួត​អំពី​អ្វី?

សូម​អាន​អ្វី​ដែល​បទ​គម្ពីរ​ប្រាប់​អំពី​ការ​អួត​ខ្លួន និង​រៀន​អំពី​របៀប​ដែល​យើង​គួរ​ជៀស​វាង​ពី​ការ​អួត​ខ្លួន​នៅ សុភាសិត ១៦:៥, ១៨ យេរេមា ៩:២៣, ២៤ កូរិនថូស​ទី១ ៤:៧ និង១៣:៤