លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៤៧

តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ហាម៉ាគេដូន​ជិត​មក​ដល់​ហើយ?

តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ហាម៉ាគេដូន​ជិត​មក​ដល់​ហើយ?

តើ​កូន​ដឹង​ថា​សញ្ញា​សម្គាល់​ជា​អ្វី​ទេ?— នៅ​ជំពូក​ទី​៤៦ យើង​បាន​អាន​រួច​ហើយ​អំពី​សញ្ញា​សម្គាល់​ដែល​ព្រះ​បាន​ឲ្យ ដែល​ថា​លោក​នឹង​មិន​បំផ្លាញ​ចោល​ពិភព​លោក​នេះ​ដោយ​ទឹក​ជំនន់​ទៀត​ទេ។ ម្យ៉ាង​ទៀត ពួក​សាវ័ក​ក៏​បាន​សួរ​លោក​យេស៊ូ​អំពី​សញ្ញា​សម្គាល់ ដើម្បី​ពួក​គាត់​អាច​ដឹង​ថា ពេល​ណា​លោក​ត្រឡប់​មក​វិញ ហើយ​ពេល​ណា​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​នឹង​មក​ដល់។—ម៉ាថាយ ២៤:៣

ដោយ​សារ​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌ ហើយ​មនុស្ស​មើល​មិន​ឃើញ​លោក​ទេ នោះ​ពួក​គេ​ត្រូវ​ការ​សញ្ញា​សម្គាល់​ដែល​អាច​មើល​ឃើញ ដែល​បង្ហាញ​ថា​លោក​កំពុង​គ្រប់​គ្រង​ជា​ស្ដេច។ ហេតុ​នេះ លោក​យេស៊ូ​បាន​ប្រាប់​អំពី​ព្រឹត្តិការណ៍​ខ្លះ ដែល​ពួក​អ្នក​កាន់​តាម​លោក​នឹង​ឃើញ​នៅ​ផែន​ដី​នេះ។ នៅ​ពេល​ដែល​ព្រឹត្តិការណ៍​ទាំង​នេះ​កើត​ឡើង នោះ​បញ្ជាក់​ថា​លោក​បាន​ត្រឡប់​មក​វិញ ក្នុង​ន័យ​ថា​លោក​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច​នៅ​ស្ថាន​សួគ៌។

ដើម្បី​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​អំពី​សារៈសំខាន់​នៃ​ការ​ចាំ​យាម លោក​បាន​ប្រាប់​ពួក​គាត់​ថា​៖ ​«​ចូរ​កត់​សម្គាល់​ដើម​ល្វាតូច​និង​ដើម​ឈើ​ឯ​ទៀត។ ពេល​ដែល​អ្នក​ឃើញ​ថា​វា​ចេញ​ពន្លក អ្នក​ដឹង​ថា​រដូវ​ក្ដៅ​គឺ​ជិត​ដល់​ហើយ​»។ កូន​ក៏​ដឹង​ដែរ​ថា​ពេល​ណា​រដូវ​ក្ដៅ​ជិត​មក​ដល់ មែន​ទេ? ដូច​គ្នា​ដែរ កូន​អាច​ដឹង​ថា​ពេល​ណា​ហាម៉ាគេដូន​ជិត​មក​ដល់ ដោយ​ឃើញ​ព្រឹត្តិការណ៍​ផ្សេង​ៗ​កើត​ឡើង​ដូច​លោក​យេស៊ូ​បាន​ប្រាប់។—លូកា ២១:២៩, ៣០

ពេល​លោក​យេស៊ូ​និយាយ​អំពី​ដើម​ល្វា​តូច តើ​លោក​ចង់​បង្រៀន​យើង​អំពី​អ្វី?

នៅ​ទំព័រ​នេះ​និង​ទំព័រ​បន្ទាប់ យើង​នឹង​មើល​រូប​ភាព​នៃ​ព្រឹត្តិការណ៍​ខ្លះ​ៗ​ដែល​លោក​យេស៊ូ​បាន​ប្រាប់។ ព្រឹត្តិការណ៍​ទាំង​នេះ​ជា​ផ្នែក​នៃ​សញ្ញា​សម្គាល់​ដែល​ថា​រាជាណាចក្រ​ព្រះ​គឺ​ជិត​ដល់​ហើយ។ ពេល​ដែល​ព្រឹត្តិការណ៍​ទាំង​អស់​នេះ​កើត​ឡើង គ្រិស្ដ​ដែល​ជា​អ្នក​គ្រប់​គ្រង​ក្នុងរាជាណាចក្រ​របស់​ព្រះ​នឹង​បំផ្លាញ​ចោល​រដ្ឋាភិបាល​ទាំង​អស់​នៅ​ផែន​ដី​នេះ ដូច​បាន​រៀប​រាប់​ក្នុង​ជំពូក​ទី​៤៦

ឥឡូវ​សូម​ពិនិត្យ​មើល​រូប​ភាព​នៅ​ទំព័រ​ទាំង​ពីរ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ រួច​មក​យើង​នឹង​ពិគ្រោះ​អំពី​រូប​ភាព​ទាំង​នេះ។ នៅ​សៀវភៅ​ម៉ាថាយ ២៤:៦​-​១៤ និង​លូកា ២១:៩​-​១១ បង្ហាញ​អំពី​ព្រឹត្តិការណ៍​ផ្សេង​ៗ។ កូន​អាច​ឃើញ​ព្រឹត្តិការណ៍​ទាំង​នោះ​ក្នុង​រូប​ភាព​ខាង​លើ​នេះ។ រូប​ភាព​នីមួយ​ៗ​មាន​លេខ។ ដើម្បី​យល់​អំពី​រូប​ភាព​ទាំង​នេះ សូម​អាន​វគ្គ​ដែល​មាន​លេខ​ដូច​គ្នា​នឹង​រូប​ភាព​ទាំង​នេះ។ ឥឡូវ​សូម​មើល​ថា តើ​សញ្ញា​សម្គាល់​ដែល​លោក​យេស៊ូ​បាន​ប្រាប់​នោះ កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ​មែន​ឬ​មិន​មែន?

(​១​) លោក​យេស៊ូ​បាន​ប្រាប់​ថា​៖ ​«​អ្នក​នឹង​ឮ​សូរ​សង្គ្រាម និង​ឮ​គេ​និយាយ​អំពី​សង្គ្រាម . . . ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ​»។ តើ​កូន​ធ្លាប់​ឮ​មនុស្ស​និយាយ​អំពី​សង្គ្រាម​ទេ?— សង្គ្រាម​លោក​លើក​ទី១​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​១៩១៤​ដល់​ឆ្នាំ​១៩១៨។ រួច​មក សង្គ្រាម​លោក​លើក​ទី២​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​១៩៣៩​ដល់​១៩៤៥។ មុន​សង្គ្រាម​ទាំង​ពីរ​នេះ មិន​ដែល​មាន​សង្គ្រាម​ពេញ​ពិភព​លោក​ទេ។ ចុះ​នៅ​សព្វ​ថ្ងៃ​នេះ​វិញ? គឺ​នៅ​តែ​មាន​សង្គ្រាម​ពេញ​ផែន​ដី​នៅ​ឡើយ។ សឹង​តែ​រាល់​ថ្ងៃ យើង​ឮ​ព័ត៌មាន​អំពី​សង្គ្រាម តាម​វិទ្យុ សារ​ព័ត៌មាន និង​ទូរទស្សន៍។

(​២​) លោក​យេស៊ូ​ក៏​បាន​និយាយ​ថា​៖ ​«​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ . . . មាន​ការ​អត់​ឃ្លាន​ទៀត​ផង​»។ កូន​ប្រហែល​ជា​ដឹង​ហើយ​ថា មិន​មែន​មនុស្ស​គ្រប់​រូប​មាន​ចំណី​អាហារ​គ្រប់​គ្រាន់​សម្រាប់​បរិភោគ​នោះ​ទេ។ ជា​រៀង​រាល់​ថ្ងៃ​មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់ ដោយ​សារ​គ្មាន​ចំណី​អាហារ​គ្រប់​គ្រាន់។

(​៣​) លោក​យេស៊ូ​បាន​បន្ថែម​ថា​៖ ‹នឹង​មាន​រោគ​រាតត្បាត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ›។ តើ​កូន​ដឹង​ថា​រោគ​រាតត្បាត​ជា​អ្វី​ទេ?— រោគ​រាតត្បាត​ជា​ជំងឺ​ដែល​ឆ្លង​រាលដាល​ដល់​មនុស្ស​ជា​ច្រើន។ បើ​ជំងឺ​នោះ​ធ្ងន់​អាច​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់។ ជា​ឧទាហរណ៍ រោគ​រាតត្បាត​ដ៏​ធ្ងន់ធ្ងរ​មួយ​ហៅ​ថា​គ្រុន​ផ្ដាសាយ​អេស្ប៉ាញ៉ុល បាន​សម្លាប់​មនុស្ស​អស់​ប្រហែល​ជា​២០​លាន​នាក់ ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ នៅ​សម័យ​របស់​យើង​មនុស្ស​ជាង​២០​លាននាក់​ប្រហែល​ជា​ស្លាប់​ដោយ​សារ​ជំងឺ​អេដស៍។ បន្ថែម​ទៅ​ទៀត មាន​ជំងឺ​មហារីក ជំងឺ​បេះដូង និង​ជំងឺ​ផ្សេង​ទៀត​ដែល​សម្លាប់​មនុស្ស​អស់​រាប់​ពាន់​នាក់​ជា​រៀង​រាល់​ឆ្នាំ។

(​៤​) លោក​យេស៊ូ​បាន​ប្រាប់​ផ្នែក​មួយ​ទៀត​នៃ​សញ្ញា​សម្គាល់ ដែល​ថា​៖ ​«​នឹង​មាន​រញ្ជួយ​ដី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​»។ តើ​កូន​ដឹង​ថា​រញ្ជួយ​ដី​ជា​អ្វី​ទេ?— រញ្ជួយ​ដី​ធ្វើ​ឲ្យ​ដី​កក្រើក ញ័រ​រង្គោះរង្គើ បណ្ដាល​ឲ្យ​ផ្ទះ​ជា​ច្រើន​រលំ​បាក់ ហើយ​ជា​ញឹក​ញយ​បាន​សម្លាប់​មនុស្ស។ តាំង​ពី​ឆ្នាំ​១៩១៤​មក មាន​រញ្ជួយ​ដី​ជា​ច្រើន​បាន​កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ តើ​កូន​ធ្លាប់​ឮ​អំពី​ការ​រញ្ជួយ​ដី​ទេ?—

(​៥​) លោក​យេស៊ូ​បាន​និយាយ​អំពី​ផ្នែក​មួយ​ទៀត​នៃ​សញ្ញា​សម្គាល់​គឺ‹អំពើ​អាក្រក់​នឹង​មាន​កាន់​តែ​ច្រើន​ឡើង​ៗ​›។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ការ​លួច​និង​អំពើ​ឃោរ​ឃៅ​ជា​ច្រើន​ដូច្នេះ។ មនុស្ស​គ្រប់​ទី​កន្លែង​ភ័យ​ខ្លាច​ថា​មាន​ចោរ​គាស់​ផ្ទះ​របស់​ពួក​គេ។ តាំង​ពី​មុន​មក​មិន​ដែល​មាន​អំពើ​អាក្រក់​និង​អំពើ​ឃោរ​ឃៅ​គ្រប់​បែប​យ៉ាង​ដូច​សព្វ​ថ្ងៃ​នេះ​ទេ។

(​៦​) លោក​យេស៊ូ​បាន​ប្រាប់​អំពី​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់​ដែល​ជា​ផ្នែក​នៃ​សញ្ញា​សម្គាល់​នេះ​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។ (​ម៉ាថាយ ២៤:១៤​) បើ​កូន​ជឿ​ទៅ​លើ​«​ដំណឹង​ល្អ​នេះ​»​ កូន​គួរ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ដំណឹង​នេះ។ ដោយ​ធ្វើ​ដូច្នេះ កូន​អាច​ចូល​រួម​ជួយ​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​កើត​ឡើង។

មនុស្ស​ខ្លះ​ប្រហែល​ជា​និយាយ​ថា​ព្រឹត្តិការណ៍​ដែល​លោក​យេស៊ូ​បាន​ទាយ​ប្រាប់​ទុក​ជា​មុន​នោះ ជា​រឿង​ធម្មតា​ដែល​តែង​តែ​មាន។ ប៉ុន្តែ ព្រឹត្តិការណ៍​ទាំង​អស់​នោះ​មិន​ដែល​កើត​ឡើង​នៅ​ពេល​ដំណាល​គ្នា​ក្នុង​ពិភព​លោក​ដូច​នេះ​ពី​មុន​ទេ។ ដូច្នេះ តើ​កូន​យល់​អត្ថន័យ​នៃ​សញ្ញា​សម្គាល់​នេះ​ទេ?— នេះ​មាន​ន័យ​ថា ពេល​យើង​ឃើញ​ព្រឹត្តិការណ៍​ទាំង​នោះ​កើត​ឡើង យើង​ដឹង​ថា​មិន​យូរ​ទៀត​ពិភព​លោក​ដ៏​អាក្រក់​នេះ​នឹង​ត្រូវ​ប្ដូរ​ជំនួស​ដោយ​ពិភព​លោក​ថ្មី​របស់​ព្រះ។

ពេល​លោក​យេស៊ូ​ប្រាប់​សញ្ញា​សម្គាល់​នេះ លោក​ក៏​បាន​និយាយ​អំពី​រដូវ​ពិសេស​នៅ​ឆ្នាំ​នោះ​ដែរ។ លោក​បាន​និយាយ​ថា​៖ ​«​ចូរ​អធិដ្ឋាន​ជា​និច្ច សុំ​កុំ​ឲ្យ​ត្រូវ​រត់​គេច​ខ្លួន​នៅ​រដូវ​រងា​»។ (​ម៉ាថាយ ២៤:២០​) តើ​កូន​គិត​ថា​លោក​ចង់​មាន​ន័យ​យ៉ាង​ណា?—

សូម​កូន​គិត ឧបមា​ថា​មនុស្ស​ម្នាក់​រត់​គេច​ពី​មហន្តរាយ​នៅ​អំឡុង​រដូវ​រងា តើ​អាច​មាន​អ្វី​កើត​ឡើង?— ក្នុង​អំឡុង​រដូវ​រងា​គឺ​ពិបាក​ធ្វើ​ដំណើរ ថែម​ទាំង​អាច​មាន​គ្រោះ​ថ្នាក់​ទៀត​ផង។ ដូច្នេះ ទោះ​ជា​គាត់​រត់​គេច​ខ្លួន​បាន​ក៏​ដោយ តែ​ក៏​គេច​ខ្លួន​ទាំង​ពិបាក​ដែរ។ បើ​អ្នក​ណា​ម្នាក់​ស្លាប់​ក្នុង​ព្យុះ​នា​រដូវ​រងា​នោះ ដោយ​សារ​តែ​គាត់​ជាប់​ធ្វើ​នេះ​ធ្វើ​នោះ មិន​ព្រម​ធ្វើ​ដំណើរ​ឲ្យ​បាន​មុន​រដូវ​រងា​ចាប់​ផ្ដើម នោះ​ពិត​ជា​គួរ​ឲ្យ​ស្តាយ​ណាស់ មែន​ទេ?—

ពេល​លោក​យេស៊ូ​និយាយ​អំពី​ការ​ព្យាយាម​រត់​គេច​ខ្លួន​ក្នុង​អំឡុង​រដូវ​រងា តើ​លោក​ចង់​បង្រៀន​យើង​អំពី​អ្វី?

ឥឡូវ តើ​កូន​យល់​មូលហេតុ​ដែល​លោក​យេស៊ូ​បញ្ជាក់​ថា កុំ​ឲ្យ​ចាំ​រហូត​ដល់​រដូវ​រងា​ទើប​រត់​គេច​ខ្លួន​ទេ?— លោក​ចង់​ប្រាប់​យើង​ថា យើង​ដឹង​ថា​ហាម៉ាគេដូន​គឺ​ជិត​ដល់​ហើយ ដូច្នេះ យើង​មិន​ចង់​ពន្យារ​ពេល​ទេ តែ​ចង់​ចាត់​វិធានការ​ភ្លាម​ៗ ដោយ​បម្រើ​ព្រះ​ដើម្បី​បង្ហាញ​ថា​យើង​ស្រឡាញ់​លោក។ បើ​យើង​ពន្យារ​ពេល នោះ​អាច​លែង​មាន​ឱកាស​បម្រើ​ព្រះ​យេហូវ៉ា។ បើ​ដូច្នេះ យើង​នឹង​ដូច​មនុស្ស​នៅ​សម័យ​ទឹក​ជន់​លិច ដែល​បាន​ឮ​ការ​ព្រមាន​របស់​ណូអេ​ហើយ តែ​មិន​បាន​ចូល​ទៅ​ក្នុង​ទូក​ធំ​ទេ។

ក្រោយ​មក យើង​នឹង​រៀន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ក្រោយ​ពី​សង្គ្រាម​ហាម៉ាគេដូន ពោល​គឺ​អ្វី​ដែល​ព្រះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ខាង​មុខ​សម្រាប់​យើង​ទាំង​អស់​គ្នា ដែល​ស្រឡាញ់​និង​បម្រើ​លោក​នៅ​ពេល​ឥឡូវ​នេះ។

បទ​គម្ពីរ​នៅ​ខាង​ក្រោម​នេះ​បង្ហាញ​ថា​ហាម៉ាគេដូន​គឺ​ជិត​ដល់​ហើយ​នៅ ធីម៉ូថេ​ទី២ ៣:១​-​៥ និង​ពេត្រុស​ទី២ ៣:៣, ៤