លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៥

‹នេះ​ជា​កូន​របស់​ខ្ញុំ›

‹នេះ​ជា​កូន​របស់​ខ្ញុំ›

ពេល​កូន​ៗ​ធ្វើ​ល្អ ឪពុក​ម្ដាយ​របស់​ពួក​គេ​ពេញ​ចិត្ត។ ជា​ឧទាហរណ៍ ពេល​កូន​ប្រុស​ឬ​កូន​ស្រី​ម្នាក់​ធ្វើ​អ្វី​មួយ​បាន​ល្អ ឪពុក​របស់​កូន​នោះ​សប្បាយ​ចិត្ត​និយាយ​ថា​៖​«​នេះ​ជា​កូន​របស់​ខ្ញុំ​»។

លោក​យេស៊ូ​តែង​តែ​ធ្វើ​អ្វី​ដែល​បិតា​របស់​លោក​គាប់​ចិត្ត។ ដូច្នេះ បិតា​របស់​លោក​ពេញ​ចិត្ត​នឹង​លោក​ណាស់។ នៅ​ថ្ងៃ​មួយ ពេល​លោក​យេស៊ូ​នៅ​ជា​មួយ​អ្នក​កាន់​តាម​លោក​បី​នាក់ តើ​កូន​ចាំ​អ្វី​ដែល​បិតា​របស់​លោក​បាន​ធ្វើ​ទេ?— ត្រូវ​ហើយ ព្រះ​បាន​និយាយ​ពី​ស្ថាន​សួគ៌​មក​កាន់​ពួក​គេ​ថា​៖ ​«​នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ខ្ញុំ​ពេញ​ចិត្ត​»។—ម៉ាថាយ ១៧:៥

លោក​យេស៊ូ​តែង​តែ​រីក​រាយ​ដើម្បី​ធ្វើ​អ្វី​ដែល​បិតា​លោក​ពេញ​ចិត្ត។ តើ​កូន​ដឹង​ថា​មក​ពី​ហេតុ​អ្វី​ទេ? ដោយ​សារ​លោក​ពិត​ជា​ស្រឡាញ់​បិតា​លោក។ បើ​មនុស្ស​ម្នាក់​ធ្វើ​អ្វី​ដោយ​បង្ខំ​ចិត្ត ការ​នោះ​ហាក់​ដូច​ជា​ពិបាក។ ប៉ុន្តែ បើ​គាត់​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ នោះ​ងាយ​ស្រួល​ជាង។ តើ​កូន​ដឹង​ទេ​ពាក្យ​ស្ម័គ្រ​ចិត្ត​មាន​ន័យ​អ្វី?— មាន​ន័យ​ថា ធ្វើ​អ្វី​មួយ​ដោយ​សារ​យើង​ចង់​ធ្វើ។

សូម្បី​តែ​មុន​លោក​យេស៊ូ​មក​ផែន​ដី លោក​ស្ម័គ្រ​ចិត្ត​ធ្វើ​អ្វី​ក៏​ដោយ​ដែល​បិតា​លោក​សុំ​ឲ្យ​លោក​ធ្វើ។ នេះ​ដោយ​សារ​លោក​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​លោក។ លោក​យេស៊ូ​រស់​នៅ​ជា​មួយ​បិតា​លោក​នៅ​ស្ថាន​សួគ៌​ដែល​ជា​កន្លែង​ដ៏​អស្ចារ្យ​មួយ។ ប៉ុន្តែ​ព្រះ​មាន​កិច្ច​ការ​ដ៏​ពិសេស​ឲ្យ​លោក​យេស៊ូ​ធ្វើ។ ដើម្បី​ធ្វើ​កិច្ច​ការ​នោះ លោក​យេស៊ូ​ត្រូវ​ចាក​ចេញ​ពី​ស្ថាន​សួគ៌។ លោក​ត្រូវ​កើត​ជា​ទារក​ម្នាក់​នៅ​ផែន​ដី។ លោក​យេស៊ូ​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ច​ការ​នេះ ដោយ​សារ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​លោក​ធ្វើ។

តើ​ទេវតា​កាព្រីយ៉ែល​បាន​ប្រាប់​អ្វី​ដល់​ម៉ារៀ?

លោក​យេស៊ូ​បាន​កើត​ជា​ទារក​ម្នាក់​នៅ​ផែន​ដី។ តើ​កូន​ស្គាល់​ឈ្មោះ​ម្ដាយ​របស់​លោក​ទេ?— នាង​ឈ្មោះ​ម៉ារៀ។ ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​ពី​ស្ថាន​សួគ៌​ឈ្មោះ​កាព្រីយ៉ែល​ឲ្យ​ទៅ​ប្រាប់​នាង​ម៉ារៀ។ កាព្រីយ៉ែល​ប្រាប់​ម៉ារៀ​ថា នាង​នឹង​មាន​កូន​ប្រុស​មួយ។ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា យេស៊ូ។ ចុះ​តើ​អ្នក​ណា​ត្រូវ​ជា​ឪពុក​របស់​កូន​នោះ?— ទេវតា​ប្រាប់​ថា ឪពុករបស់​កូន​នោះ​គឺ​ព្រះ​យេហូវ៉ា។ ហេតុ​នេះ​ហើយ លោក​យេស៊ូ​បាន​ត្រូវ​ហៅ​ថា​កូន​របស់​ព្រះ។

តើ​កូន​គិត​ថា​ម៉ារៀ​តប​ឆ្លើយ​យ៉ាង​ណា​អំពី​រឿង​នេះ?— តើ​នាង​ប្រាប់​ថា​៖ ​«​ខ្ញុំ​មិន​ចង់​ធ្វើ​ជា​ម្ដាយ​របស់​លោក​យេស៊ូ​»​ឬ​ទេ? មិន​មែន​ទេ។ ម៉ារៀ​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​នាង​ធ្វើ។ ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​កូន​របស់​ព្រះ​នៅ​ស្ថាន​សួគ៌​អាច​កើត​ជា​ទារក​នៅ​ផែន​ដី​បាន? តើ​កំណើត​របស់​លោក​យេស៊ូ​ខុស​គ្នា​ពី​កំណើត​របស់​ទារក​ឯ​ទៀត​ទាំង​អស់​យ៉ាង​ដូច​ម្ដេច? តើ​កូន​ដឹង​ទេ?—

ព្រះ​បាន​បង្កើត​ឪពុក​ម្ដាយ​ដំបូង​របស់​យើង គឺ​អាដាម​និង​អេវ៉ា​ឲ្យ​មាន​សមត្ថភាព​រួម​គ្នា​តាម​របៀប​ដ៏​ពិសេស​មួយ។ ក្រោយ​មក​ទារក​ក៏​ចាប់​ផ្ដើម​លូត​លាស់​ក្នុង​ផ្ទៃ​ម្ដាយ។ មនុស្ស​ខ្លះ​និយាយ​ថា នេះ​ជា​ការ​អស្ចារ្យ​ណាស់! កូន​ប្រាកដជា​គិត​ដូច្នោះ​ដែរ មែន​ទេ?

ឥឡូវ​ព្រះ​បាន​ធ្វើ​អ្វី​មួយ​ដែល​អស្ចារ្យ​ជាង​នោះ​ទៅ​ទៀត។ លោក​បាន​ផ្ទេរ​ជីវិត​កូន​របស់​លោក​ពី​ស្ថាន​សួគ៌​ហើយ​ដាក់​ក្នុង​ផ្ទៃ​របស់​នាង​ម៉ារៀ។ មុន​នោះ​ព្រះ​មិន​ធ្លាប់​ធ្វើ​ដូច្នេះ​ទេ ហើយ​លោក​ក៏​នឹង​មិន​ធ្វើ​ដូច្នោះ​ម្ដង​ទៀត​ដែរ។ ជា​លទ្ធផល​នៃ​ការ​អស្ចារ្យ​នេះ លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​លូត​លាស់​ក្នុង​ផ្ទៃ​ម៉ារៀ​ដូច​ទារក​ឯ​ទៀត​លូត​លាស់​ក្នុង​ផ្ទៃ​ម្ដាយ​ដែរ។ ក្រោយ​ពី​នោះ​ម៉ារៀ​បាន​រៀប​ការ​ជា​មួយ​យ៉ូសែប។

ជិត​ដល់​ពេល​ដែល​លោក​យេស៊ូ​ត្រូវ​កើត ម៉ារៀ​និង​យ៉ូសែប​បាន​ទៅ​លេង​ក្រុង​បេថ្លេហិម។ ប៉ុន្តែ នៅ​ទី​នោះ​មាន​មនុស្ស​ច្រើន​ណាស់។ សូម្បី​តែ​បន្ទប់​មួយ​ក៏​គ្មាន​សម្រាប់​ម៉ារៀ​និង​យ៉ូសែប​ដែរ។ ដូច្នេះ ពួក​គាត់​ត្រូវ​ស្នាក់​នៅ​ក្នុង​ក្រោល​សត្វ។ នៅ​ទី​នោះ​លោក​យេស៊ូ​បាន​កើត​មក ហើយ​លោក​បាន​ត្រូវ​ដាក់​នៅ​ក្នុង​ស្នូក​មួយ ដូច​កូន​ឃើញ​ក្នុង​រូប​ភាព​នៅ​ទំព័រ​៣៤។ ស្នូក​គឺ​ជា​ប្រដាប់​ដាក់​ចំណី​ឲ្យ​សត្វ​គោ​និង​សត្វ​ឯ​ទៀត​ស៊ី។

ហេតុ​អ្វី​លោក​យេស៊ូ​បាន​ត្រូវ​ដាក់​នៅ​ក្នុង​ស្នូក?

នៅ​យប់​ដែល​លោក​យេស៊ូ​កើត​មក មាន​អ្វី​មួយ​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត​បាន​កើត​ឡើង។ នៅ​ជិត​ក្រុង​បេថ្លេហិម ទេវតា​មួយ​រូប​បាន​លេច​មក​ជួប​ពួក​គង្វាល​ខ្លះ។ ទេវតា​ប្រាប់​ពួក​គេ​ថា លោក​យេស៊ូ​ជា​បុគ្គល​ដ៏​សំខាន់​ម្នាក់។ ទេវតា​នោះ​និយាយ​ថា​៖ ‹មើល! ខ្ញុំ​ប្រាប់​ដំណឹង​ល្អ​ដែល​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​រីក​រាយ។ ថ្ងៃ​នេះ មាន​អ្នក​ដែល​បាន​កើត​មក​ដើម្បី​សង្គ្រោះ​មនុស្ស›។—លូកា ២:១០, ១១

តើ​ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​នេះ​បាន​ប្រាប់​ដំណឹង​ល្អ​អ្វី​ដល់​ពួក​គង្វាល?

ទេវតា​នោះ​បាន​ប្រាប់​ពួក​គង្វាល​ថា ពួក​គេ​អាច​រក​លោក​យេស៊ូ​នៅ​ក្រុង​បេថ្លេហិម ហើយ​នឹង​ឃើញ​លោក​កំពុង​ដេក​នៅ​ក្នុង​ស្នូក។ រំពេច​នោះ ទេវតា​ឯ​ទៀត​នៅ​ស្ថាន​សួគ៌​បាន​ចូល​រួម​ជា​មួយ​ទេវតា​ដំបូង​នោះ​ដើម្បី​សរសើរ​ព្រះ។ ពួក​ទេវតា​ច្រៀង​ថា​៖ ‹សូម​សរសើរ​តម្កើង​ព្រះ​នៅ​ផែន​ដី សូម​ឲ្យ​មនុស្ស​ជា​ទី​គាប់​ចិត្ត​លោក​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត›។—លូកា ២:១២​-​១៤

ពេល​ទេវតា​ទាំង​នោះ​ចេញ​ទៅ ពួក​គង្វាល​បាន​ទៅ​ក្រុង​បេថ្លេហិម ហើយ​រក​ឃើញ​លោក​យេស៊ូ។ នៅ​ទី​នោះ​ពួក​គេ​បាន​ប្រាប់​យ៉ូសែប​និង​ម៉ារៀ​អំពី​អ្វី​ដ៏​ល្អ​ទាំង​អស់​ដែល​ពួក​គេ​បាន​ឮ។ ដោយ​សារ​ម៉ារៀ​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ម្ដាយ​របស់​លោក​យេស៊ូ តើ​កូន​គិត​ថា​នាង​សប្បាយ​យ៉ាង​ណា?

ក្រោយ​មក យ៉ូសែប​និង​ម៉ារៀ​បាន​នាំ​លោក​យេស៊ូ​ទៅ​ក្រុង​ណាសារ៉ែត ជា​កន្លែង​ដែល​លោក​យេស៊ូ​ធំ​ឡើង។ ពេល​លោក​ពេញ​វ័យ លោក​បាន​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​ដ៏​ល្អ​ប្រសើរ គឺ​ការ​បង្រៀន​អ្នក​ឯ​ទៀត។ នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ការ​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​កូន​របស់​លោក​ធ្វើ​នៅ​ផែន​ដី។ លោក​យេស៊ូ​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ច​ការ​នោះ ដោយ​សារ​លោក​ស្រឡាញ់​បិតា​របស់​លោក​ដែល​នៅ​ស្ថាន​សួគ៌​ខ្លាំង​ណាស់។

មុន​លោក​យេស៊ូ​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ លោក​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ទន្លេ​យ៉ូដាន់។ យ៉ូហាន​ជា​អ្នក​ជ្រមុជ​ទឹក​ឲ្យ​លោក។ ក្រោយ​នោះ​មាន​អ្វី​ដ៏​អស្ចារ្យ​មួយ​បាន​កើត​ឡើង! ពេល​លោក​យេស៊ូ​បាន​ងើប​ឡើង​ពី​ទឹក នោះ​ឮ​សំឡេង​ព្រះ​យេហូវ៉ា​ពី​លើ​មេឃ​ថា​៖ ​«​នេះ​ជា​បុត្រ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជា​ទី​ពេញ​ចិត្ត​ខ្ញុំ​ណាស់​»។ (​ម៉ាថាយ ៣:១៧​) ពេល​ដែល​ឪពុក​ម្ដាយ​ប្រាប់​កូន​ថា ពួក​គាត់​ស្រឡាញ់​កូន កូន​ច្បាស់​ជា​សប្បាយ​ចិត្ត មែន​ទេ?— យើង​អាច​ដឹង​ប្រាកដ​ថា លោក​យេស៊ូ​ក៏​សប្បាយ​ចិត្ត​ដែរ។

លោក​យេស៊ូ​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ លោក​មិន​ធ្វើ​ពុត​ជា​បុគ្គល​ផ្សេង​ទៀត​ឡើយ។ លោក​មិន​បាន​ប្រាប់​មនុស្ស​ថា​លោក​ជា​ព្រះ​នោះ​ទេ។ ទេវតា​កាព្រីយ៉ែល​បាន​ប្រាប់​នាង​ម៉ារៀ​ថា លោក​យេស៊ូ​នឹង​ត្រូវ​ហៅ​ថា​ជា​បុត្រ​របស់​ព្រះ។ លោក​យេស៊ូ​ផ្ទាល់​ក៏​បាន​និយាយ​ដែរ​ថា លោក​ជា​បុត្រ​របស់​ព្រះ។ ម្យ៉ាង​ទៀត លោក​មិន​បាន​ប្រាប់​មនុស្ស​ថា លោក​ចេះ​ជាង​បិតា​របស់​លោក​នោះ​ទេ។ ដូច្នេះ​ហើយ លោក​យេស៊ូ​និយាយ​ថា​៖ ​«​បិតា​នៅ​ស្ថាន​សួគ៌​គឺ​ធំ​ជាង​ខ្ញុំ​»។—យ៉ូហាន ១៤:២៨

សូម្បី​តែ​នៅ​ស្ថាន​សួគ៌ លោក​យេស៊ូ​តែង​តែ​ធ្វើ​កិច្ច​ការ​ដែល​បិតា​របស់​លោក​បាន​ឲ្យ​លោក​ធ្វើ។ លោក​មិន​បាន​និយាយ​ថា លោក​នឹង​ធ្វើ​កិច្ច​ការ​នោះ តែ​បែរ​ទៅ​ជា​ធ្វើ​អ្វី​ផ្សេង​ទៀត​នោះ​ទេ។ លោក​ស្រឡាញ់​បិតា​របស់​លោក។ ដូច្នេះ លោក​ធ្វើ​តាម​អ្វី​ដែល​បិតា​ប្រាប់។ ក្រោយ​មក​ពេល​លោក​យេស៊ូ​មក​ផែន​ដី លោក​បាន​ធ្វើ​អ្វី​ដែល​បិតា​ស្ថាន​សួគ៌​ប្រាប់​លោក​ឲ្យ​ធ្វើ។ លោក​មិន​បាន​ចំណាយ​ពេល​វេលា​ដើម្បី​ធ្វើ​អ្វី​ផ្សេង​ទៀត​ឡើយ។ នេះ​ជា​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ចំពោះ​កូន​របស់​លោក​មែន!

យើង​ក៏​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ដែរ មែន​ទេ?— ដូច្នេះ យើង​ត្រូវ​តែ​បង្ហាញ​ថា យើង​ពិត​ជា​ស្តាប់​បង្គាប់​ព្រះ​ដូច​លោក​យេស៊ូ​ដែរ។ ព្រះ​និយាយ​មក​កាន់​យើង​តាម​រយៈ​គម្ពីរ។ បើ​យើង​គ្រាន់​តែ​ធ្វើ​ពុត​ជា​ស្តាប់​ព្រះ តែ​ក្រោយ​មក​បែរ​ជា​ជឿ​ហើយ​ធ្វើ​ផ្ទុយ​ពី​អ្វី​ដែល​គម្ពីរ​បាន​ចែង នោះ​ជា​ការ​មិន​ត្រឹម​ត្រូវ មែន​ទេ?— សូម​ចាំ​ថា បើ​យើង​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា​មែន យើង​នឹង​សប្បាយ​ចិត្ត​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ត។

ឥឡូវ​សូម​អាន​បទ​គម្ពីរ​ទាំង​នេះ​ដែល​ប្រាប់​អំពី​អ្វី​ដែល​យើង​ត្រូវ​ដឹង​និង​ជឿ​អំពី​លោក​យេស៊ូ​នៅ ម៉ាថាយ ៧:២១​-​២៣ យ៉ូហាន ៤:២៥, ២៦ និង​ធីម៉ូថេ​ទី១ ២:៥, ៦