លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៤

កុំ​ក្លាយ​ទៅ​ជា​ចោរ​ឲ្យ​សោះ!

កុំ​ក្លាយ​ទៅ​ជា​ចោរ​ឲ្យ​សោះ!

តើ​ធ្លាប់​មាន​អ្នក​ណា​ម្នាក់​លួច​អ្វី​មួយ​ដែល​ជា​របស់​កូន​ទេ?— តើ​នោះ​បាន​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​យ៉ាង​ណា?— អ្នក​ណា​ដែល​បាន​លួច​របស់​កូន​នោះ គឺ​ជា​ចោរ ហើយ​គ្មាន​អ្នក​ណា​ចូល​ចិត្ត​ចោរ​ទេ។ តើ​កូន​គិត​ថា មនុស្ស​ម្នាក់​ក្លាយ​ទៅ​ជា​ចោរ​យ៉ាង​ដូច​ម្ដេច? តើ​គាត់​កើត​មក​ជា​ចោរ​តែ​ម្ដង​ឬ?—

យើង​ទើប​តែ​បាន​រៀន​ហើយ​ថា មនុស្ស​កើត​មក​ដោយ​មាន​ភាព​ខុស​ឆ្គង។ ដូច្នេះ យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ គ្មាន​អ្នក​ណា​ដែល​កើត​មក​ជា​ចោរ​ទេ។ ប្រហែល​ជា​ក្រុម​គ្រួសារ​គាត់​ល្អ ហើយ​ឪពុក​ម្ដាយ និង​បង​ប្អូន​របស់​គាត់​ជា​មនុស្ស​ទៀង​ត្រង់ ប៉ុន្តែ​ដោយ​សារ​គាត់​ចង់​បាន​ប្រាក់ និង​វត្ថុ​ទ្រព្យ​យ៉ាង​ខ្លាំង នោះ​អាច​នាំ​ឲ្យ​គាត់​ក្លាយ​ទៅ​ជា​ចោរ។

តើ​កូន​គិត​ថា​អ្នក​ណា​ជា​ចោរ​មុន​ដំបូង?— សូម​គិត​អំពី​រឿង​នេះ។ គ្រូ​ដ៏​ល្អ​ប្រសើរ​ស្គាល់​ចោរ​នោះ​ពេល​ដែល​លោក​នៅ​ស្ថាន​សួគ៌។ ចោរ​នោះ​គឺ​ជា​ទេវតា​មួយ​រូប។ ប៉ុន្តែ ដោយ​សារ​ព្រះ​បាន​បង្កើត​ទេវតា​ទាំង​អស់​ល្អ​ឥត​ខ្ចោះ ដូច្នេះ តើ​ទេវតា​នោះ​បាន​ក្លាយ​ទៅ​ជា​ចោរ​យ៉ាង​ដូច​ម្ដេច?— ក្នុង​ជំពូក​ទី​៨​នៃ​សៀវភៅ​នេះ យើង​បាន​រៀន​ហើយ​ថា​ទេវតា​នោះ​ចង់​បាន​អ្វី​មួយ​ដែល​មិន​មែន​ជា​របស់​ខ្លួន។ តើ​ទេវតា​នោះ​ចង់​បាន​អ្វី? តើ​កូន​ចាំ​ទេ?—

ក្រោយ​ពី​ព្រះ​បាន​បង្កើត​បុរស​និង​ស្ដ្រី​ទី១ ទេវតា​នោះ​ចង់​ឲ្យ​ពួក​គេ​គោរព​ប្រណិប័តន៍​វា។ ទេវតា​នោះ​គ្មាន​សិទ្ធិ​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​ពួក​គេ​ឡើយ។ ការ​គោរព​ប្រណិប័តន៍​នោះ​ជា​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ទេវតា​នោះ​បាន​លួច​អ្វី​ដែល​ជា​របស់​លោក ដោយ​ធ្វើ​ឲ្យ​អាដាម​និង​អេវ៉ា​គោរព​ប្រណិប័តន៍​វា​វិញ។ ដូច្នេះ ទេវតា​នោះ​បាន​ក្លាយ​ទៅ​ជា​ចោរ។ វា​បាន​ទៅ​ជា​មេកំណាច​សាថាន។

តើ​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ក្លាយ​ទៅ​ជា​ចោរ?— គឺ​ការ​ចង់​បាន​អ្វី​ដែល​មិន​មែន​ជា​របស់​ខ្លួន។ បើ​គាត់​ចង់​បាន​របស់​នោះ​ខ្លាំង​ពេក នេះ​អាច​នាំ​ឲ្យ​គាត់​ធ្វើ​អាក្រក់ ទោះ​បី​គាត់​ជា​មនុស្សល្អ​ក្ដី។ ជួន​កាល​អ្នក​ដែល​ទៅ​ជា​ចោរ​មិន​ព្រម​កែ​ខ្លួន ហើយ​ធ្វើ​អំពើ​ល្អ​វិញ​ទេ។ សាវ័ក​ម្នាក់​របស់​លោក​យេស៊ូ​មាន​ចិត្ត​គំនិត​បែប​នោះ។ គាត់​ឈ្មោះ​យូដាស​អ៊ីស្ការីយ៉ុត។

យូដាស​ដឹង​ថា ការ​លួច​គេ​គឺ​ខុស ពី​ព្រោះ​គាត់​បាន​រៀន​ច្បាប់​របស់​ព្រះ​តាំង​ពី​គាត់​នៅ​ក្មេង​មក​ម៉្លេះ។ គាត់​ដឹង​ថា មាន​ពេល​មួយ​ព្រះ​បាន​និយាយ​ពី​ស្ថាន​សួគ៌​ប្រាប់​បណ្ដា​ជន​របស់​លោក​ថា​៖ ‹កុំ​ឲ្យ​លួច​ឲ្យ​សោះ›។ (​និក្ខមនំ ២០:១៥​) ពេល​យូដាស​ធំ​ឡើង គាត់​បាន​ជួប​គ្រូ​ដ៏​ល្អ​ប្រសើរ ហើយ​បាន​ទៅ​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក។ ក្រោយ​មក​លោក​យេស៊ូ​បាន​ជ្រើស​រើស​យូដាស​ឲ្យ​ធ្វើ​ជា​សាវ័ក​ម្នាក់​ក្នុង​ចំណោម​សាវ័ក​ទាំង​១២។

លោក​យេស៊ូ​និង​សាវ័ក​របស់​លោក​បាន​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ហើយ​បរិភោគ​ជា​មួយ​គ្នា។ ម្យ៉ាង​ទៀត ប្រាក់​ទាំង​អស់​ដែល​ពួក​គាត់​មាន បាន​ទុក​ក្នុង​ប្រអប់​មួយ។ លោក​យេស៊ូ​បាន​ឲ្យ​យូដាស​មើល​ខុស​ត្រូវ​ប្រអប់​នោះ។ ប្រាក់​ទាំង​នោះ​មិន​មែន​ជា​របស់​យូដាស​ទេ។ ប៉ុន្តែ មួយ​រយៈ​ពេល​ក្រោយ​មក តើ​យូដាស​បាន​ធ្វើ​អ្វី? តើ​កូន​ដឹង​ទេ?—

ហេតុ​អ្វី​យូដាស​បាន​លួច?

យូដាស​ចាប់​ផ្ដើម​យក​ប្រាក់​ពី​ក្នុង​ប្រអប់​ពេល​ដែល​គាត់​មិន​ត្រូវ​យក។ គាត់​បាន​យក​ពេល​ដែល​អ្នក​ឯ​ទៀត​មិន​បាន​ឃើញ​គាត់ ហើយ​គាត់​ព្យាយាម​រក​វិធី​ផ្សេង​ៗ​ដើម្បី​បាន​ប្រាក់​ថែម​ទៀត។ គាត់​ចាប់​ផ្ដើម​គិត​អំពី​ប្រាក់​គ្រប់​ពេល​វេលា។ ចិត្ត​គំនិត​ដ៏​អាក្រក់​នេះ​បាន​នាំ​ឲ្យ​យូដាស​ធ្វើ​អ្វី​មួយ គ្រាន់​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ដែល​គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​ត្រូវ​គេ​សម្លាប់។ តើ​គាត់​បាន​ធ្វើ​អ្វី? សូម​ស្តាប់​អំពី​រឿង​នោះ។

បង​ស្រី​ម្នាក់​របស់​ឡាសា​ឈ្មោះ​ម៉ារៀ ដែល​ជា​មិត្ត​របស់​លោក​យេស៊ូ នាង​បាន​យក​ប្រេង​ក្រអូប​ដែល​មាន​តម្លៃ​ថ្លៃ​ណាស់​មក​ចាក់​លាប​ជើង​របស់​លោក​យេស៊ូ។ ប៉ុន្តែ យូដាស​មិន​ពេញ​ចិត្ត​ទេ។ តើ​កូន​ដឹង​មូលហេតុ​អ្វី​ទេ?— គាត់​ថា​ដោយ​សារ​ប្រេង​នោះ​អាច​លក់​បាន ហើយ​យក​ប្រាក់​ចែក​ឲ្យ​អ្នក​ក្រ។ តែ​តាម​ពិត​គាត់​ចង់​មាន​ប្រាក់​ច្រើន​ថែម​ទៀត​នៅ​ក្នុង​ប្រអប់ ដើម្បី​គាត់​អាច​លួច​បាន។—យ៉ូហាន ១២:១​-​៦

លោក​យេស៊ូ​បាន​ប្រាប់​យូដាស​កុំ​ឲ្យ​រំខាន​ម៉ារៀ ព្រោះ​នាង​បាន​ធ្វើ​ការ​ល្អ​ហើយ។ ពេល​ដែល​លោក​យេស៊ូ​ប្រាប់​ដូច​នោះ យូដាស​មិន​ពេញ​ចិត្ត​ទេ។ ដូច្នេះ គាត់​បាន​ទៅ​ជួប​ពួក​សង្ឃនាយក​ដែល​ជា​សត្រូវ​របស់​លោក​យេស៊ូ។ ពួក​គេ​ចង់​ចាប់​លោក​យេស៊ូ។ ប៉ុន្តែ ពួក​គេ​ចង់​ចាប់​លោក​នៅ​ពេល​យប់ ដើម្បី​កុំ​ឲ្យ​មនុស្ស​មើល​ឃើញ​ពួក​គេ។

យូដាស​ប្រាប់​ពួក​សង្ឃ​ថា​៖ ‹ខ្ញុំ​នឹង​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រក​ឃើញ​ហើយ​ចាប់​លោក​យេស៊ូ បើ​អ្នក​រាល់​គ្នា​ឲ្យ​ប្រាក់​ខ្ញុំ។ តើ​អ្នក​រាល់​គ្នា​នឹង​ឲ្យ​ខ្ញុំ​ប៉ុន្មាន?›។

ពួក​សង្ឃ​ឆ្លើយ​ថា​៖ ‹យើង​នឹង​ឲ្យ​អ្នក​សាមសិប​កាក់​ធ្វើ​ពី​ប្រាក់›។—ម៉ាថាយ ២៦:១៤​-​១៦

យូដាស​បាន​យក​ប្រាក់​នោះ។ នេះ​ប្រៀប​ដូច​ជា​គាត់​បាន​លក់​គ្រូ​ដ៏​ល្អ​ប្រសើរ​ឲ្យ​បុរស​ទាំង​នោះ! សូម​កូន​គិត​ទៅ​មើល ការ​ធ្វើ​ដូច​នោះ​ជា​អំពើ​អាក្រក់​ណាស់ មែន​ទេ?— តែ​នេះ​ជា​អ្វី​ដែល​កើត​ឡើង ពេល​អ្នក​ណា​ម្នាក់​ក្លាយ​ទៅ​ជា​ចោរ​លួច​ប្រាក់​គេ។ គាត់​ស្រឡាញ់​ប្រាក់​ខ្លាំង​ជាង​ស្រឡាញ់​អ្នក​ឯ​ទៀត ហើយ​សូម្បី​តែ​ខ្លាំង​ជាង​ព្រះ​ដែរ។

កូន​ប្រហែល​ជា​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ជាង​អ្វី​ៗ​ទាំង​អស់›។ គួរ​ឲ្យ​សរសើរ​ណាស់​ដែល​កូន​មាន​អារម្មណ៍​ដូច​នោះ។ ពេល​លោក​យេស៊ូ​ជ្រើស​រើស​យូដាស​ឲ្យ​ធ្វើ​ជា​សាវ័ក​ម្នាក់ គាត់​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​នោះ​ដែរ។ មាន​អ្នក​ផ្សេង​ទៀត​ដែល​ប្រហែល​ជា​មាន​អារម្មណ៍​ដូច្នោះ​ដែរ មុន​ក្លាយ​ទៅ​ជា​ចោរ។ សូម​ស្តាប់​រឿង​អំពី​មនុស្ស​ខ្លះ​បែប​នោះ។

តើ​អេកាន​និង​ដាវីឌ​កំពុង​គិត​អំពី​ការ​អាក្រក់​អ្វី?

អ្នក​បម្រើ​ម្នាក់​របស់​ព្រះ​ឈ្មោះ​អេកាន គាត់​បាន​រស់​នៅ​យូរ​មុន​ដែល​គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​កើត​មក។ អេកាន​បាន​ឃើញ​អាវ​វែង​ដ៏​ស្អាត​មួយ មាស​មួយ​ដុំ និង​ដុំ​ប្រាក់​ខ្លះ​ៗ។ អ្វី​ទាំង​នោះ​មិន​មែន​ជា​របស់​គាត់​ទេ។ គម្ពីរ​ប្រាប់​ថា​នោះ​ជា​របស់​ព្រះ​យេហូវ៉ា ដោយសារ​វា​បាន​ត្រូវ​ដក​ហូត​ពី​សត្រូវ​របស់​បណ្ដា​ជន​លោក។ ប៉ុន្តែ អេកាន​ចង់​បាន​នោះ​ខ្លាំង​ណាស់ រហូត​ដល់​គាត់​ហ៊ាន​លួច​វា​ទៀត​ផង។—យ៉ូស្វេ ៦:១៩; ៧:១១, ២០​-​២២

មាន​ឧទាហរណ៍​មួយ​ទៀត។ នៅ​សម័យ​បុរាណ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​លើ​បណ្ដា​ជន​អ៊ីស្រាអែល។ នៅ​ថ្ងៃ​មួយ ដាវីឌ​បាន​សម្លឹង​មើល​ស្ដ្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ​បាតសេបា។ គាត់​បាន​បន្ត​មើល​បាតសេបា ហើយ​គិត​ចង់​យក​នាង​មក​ផ្ទះ​ដើម្បី​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន។ ក៏​ប៉ុន្តែ នាង​ជា​ប្រពន្ធ​របស់​អ៊ូរី។ ដូច្នេះ តើ​ដាវីឌ​គួរ​ធ្វើ​យ៉ាង​ណា?—

ដាវីឌ​គួរ​ឈប់​គិត​អំពី​ការ​ចង់​បាន​បាតសេបា។ ប៉ុន្តែ គាត់​មិន​បាន​ឈប់​គិត​ទេ។ ដូច្នេះ ដាវីឌ​បាន​យក​នាង​មក​ផ្ទះ​របស់​គាត់។ រួច​មក គាត់​បានរៀបចំ​គម្រោង​ការ​ដើម្បី​សម្លាប់​អ៊ូរី។ ហេតុ​អ្វី​ដាវីឌ​បាន​ធ្វើ​អំពើ​អាក្រក់​ទាំង​នេះ?— ដោយ​សារ​គាត់​ចង់​បាន​ប្រពន្ធ​របស់​អ្នក​ឯ​ទៀត។—សាំយូអែល​ទី២ ១១:២​-​២៧

តើ​ក្នុង​ន័យ​អ្វី​ដែល​អាប់សាឡំម​ជា​ចោរ?

ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ទុក​ជីវិត​ឲ្យ​ដាវីឌ ដោយ​សារ​គាត់​បាន​ប្រែ​ចិត្ត។ តែ​តាំង​ពី​ពេល​នោះ​មក ដាវីឌ​បាន​មាន​បញ្ហា​ជា​ច្រើន។ កូន​ប្រុស​របស់​គាត់​ឈ្មោះ​អាប់សាឡំម​ចង់​ដណ្ដើម​យក​តំណែង​ជា​ស្ដេច។ ដូច្នេះ អាប់សាឡំម​បាន​ឱប​បណ្ដា​ជន​ហើយ​ថើប​ពួក​គេ ពេល​ដែល​ពួក​គេ​មក​ជួប​ដាវីឌ។ គម្ពីរ​ចែង​ថា​៖ ‹អាប់សាឡំម​បាន​លួច​ចិត្ត​ពួក​ជន​ជាតិ​អ៊ីស្រាអែល›ឲ្យ​ក្បត់​ដាវីឌ។ គាត់​ធ្វើ​ឲ្យ​បណ្ដា​ជន​ទាំង​នោះ​ចង់​លើក​គាត់​ធ្វើ​ជា​ស្ដេច​ជំនួស​ដាវីឌ។—សាំយូអែល​ទី២ ១៥:១​-​១២

តើ​កូន​ធ្លាប់​ចង់​បាន​អ្វី​មួយ​យ៉ាង​ខ្លាំង​ដូច​អេកាន ដាវីឌ និង​អាប់សាឡំម​ទេ?— បើ​អ្វី​នោះ​ជា​របស់​អ្នក​ផ្សេង​ទៀត ហើយ​គេ​ប្រាប់​កុំ​ឲ្យ​កូន​យក តែ​កូន​នៅ​តែ​យក នោះ​មាន​ន័យ​ថា​កូន​លួច​គេ​ហើយ។ តើ​សាថាន​ដែល​ជា​ចោរ​មុន​ដំបូង​ចង់​បាន​អ្វី? តើ​កូន​ចាំ​ទេ?— វា​ចង់​ឲ្យ​មនុស្ស​គោរព​ប្រណិប័តន៍​វា​មិន​មែន​ព្រះ​ទេ។ ដូច្នេះ ពេល​សាថាន​បាន​ធ្វើ​ឲ្យ​អាដាម​និង​អេវ៉ា​ស្តាប់​បង្គាប់​វា នោះ​មាន​ន័យ​ថា​វា​កំពុង​លួច​អ្វី​ដែល​ជា​របស់​ព្រះ។

ពេល​មនុស្ស​ណា​ម្នាក់​មាន​អ្វី​មួយ​ដែល​ជា​របស់​ខ្លួន គាត់​មាន​សិទ្ធិ​ប្រាប់​ថា​អ្នក​ណា​ដែល​អាច​ប្រើ​បាន។ ជា​ឧទាហរណ៍ ប្រហែល​ជា​កូន​ទៅ​លេង​ជា​មួយ​ក្មេង​ឯ​ទៀត​នៅ​ផ្ទះ​របស់​ពួក​គេ។ បើ​កូន​យក​អ្វី​មួយ​ពី​ផ្ទះ​របស់​ពួក​គេ​មក​ផ្ទះ​របស់​កូន​វិញ តើ​នោះ​មិន​អី​ទេ​ឬ?— កូន​អាច​យក​បាន បើ​ឪពុក​ម្ដាយ​របស់​ពួក​គេ​ប្រាប់​កូន​ឲ្យ​យក។ បើ​ពួក​គេ​មិន​បាន​ប្រាប់​ឲ្យ​កូន​យក​ទេ នោះ​មាន​ន័យ​ថា​កូន​លួច​គេ។

តើ​អ្វី​ប្រហែល​ជា​ជំរុញ​ចិត្ត​កូន​ឲ្យ​ចង់​លួច?— ដោយ​សារ​កូន​ចង់​បាន​អ្វី​មួយ​ដែល​មិន​មែន​ជា​របស់​កូន។ ទោះ​ជា​អ្នក​ឯ​ទៀត​មិន​បាន​ឃើញ​កូន​យក​ក៏​ដោយ តើ​អ្នក​ណា​ឃើញ​កូន?— គឺ​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត យើង​ត្រូវ​ចាំ​ថា​ព្រះ​យេហូវ៉ា​ស្អប់​ការ​លួច។ ដូច្នេះ បើ​កូន​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង នោះ​នឹង​ជួយ​កូន​កុំ​ឲ្យ​ក្លាយ​ទៅ​ជា​ចោរ។

គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ​លួច​គឺ​ខុស។ សូម​អាន ម៉ាកុស ១០:១៧​-​១៩ រ៉ូម ១៣:៩ និង​អេភេសូរ ៤:២៨