លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១២

លោក​យេស៊ូ​បង្រៀន​យើង​ឲ្យ​ចេះ​អធិដ្ឋាន

លោក​យេស៊ូ​បង្រៀន​យើង​ឲ្យ​ចេះ​អធិដ្ឋាន

តើ​កូន​និយាយ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ទេ?— លោក​ចង់​ឲ្យ​កូន​និយាយ​ជា​មួយ​នឹង​លោក។ ពេល​កូន​និយាយ​ជា​មួយ​នឹង​ព្រះ នេះ​ហៅ​ថា​សេចក្ដី​អធិដ្ឋាន។ លោក​យេស៊ូ​តែង​តែ​និយាយ​ជា​មួយ​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌។ ជួន​កាល​លោក​ចង់​នៅ​ម្នាក់​ឯង​ពេល​លោក​និយាយ​ជា​មួយ​ព្រះ។ គម្ពីរ​រៀប​រាប់​ថា នៅ​ពេល​មួយ​«​លោក​បាន​ឡើង​លើ​ភ្នំ​តែ​ម្នាក់​ឯង​ដើម្បី​អធិដ្ឋាន។ ទោះ​ជា​យប់​ជ្រៅ​ក៏​ដោយ តែ​លោក​នៅ​ទី​នោះ​ម្នាក់​ឯង​»។—ម៉ាថាយ ១៤:២៣

តើ​កូន​អាច​អធិដ្ឋាន​តែ​ម្នាក់​ឯង​ទៅ​ព្រះ​យេហូវ៉ា​នៅ​ពេល​ណា?— នៅ​ពេល​យប់​មុន​ចូល​គេង ប្រហែល​កូន​អាច​និយាយ​ជា​មួយ​ព្រះ​យេហូវ៉ា​តែ​ម្នាក់​ឯង។ លោក​យេស៊ូ​បាន​ប្រាប់​ថា​៖ ​«​ពេល​ដែល​អ្នក​អធិដ្ឋាន ចូរ​ចូល​ទៅ​ក្នុង​បន្ទប់​ផ្ទាល់​ខ្លួន​ហើយ​បិទ​ទ្វារ សឹម​អធិដ្ឋាន​ជម្រាប​បិតា​របស់​អ្នក​»។ (​ម៉ាថាយ ៦:៦​) រាល់​យប់​មុន​ចូល​គេង តើ​កូន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ទេ?— កូន​គួរ​តែ​ធ្វើ​ដូច្នេះ។

លោក​យេស៊ូ​បាន​អធិដ្ឋានពេល​នៅ​ម្នាក់​ឯង និង​ពេល​នៅ​ជា​មួយ​អ្នក​ឯ​ទៀត

លោក​យេស៊ូ​ក៏​បាន​អធិដ្ឋាន​ពេល​មនុស្ស​ឯ​ទៀត​នៅ​ជា​មួយ​លោក​ដែរ។ ពេល​ឡាសា​ជា​មិត្ត​របស់​លោក​យេស៊ូ​ស្លាប់ លោក​បាន​អធិដ្ឋាន​ឲ្យ​អ្នក​ឯ​ទៀត​ស្តាប់​នៅ​ទី​បញ្ចុះ​សព​ឡាសា។ (​យ៉ូហាន ១១:៤១, ៤២​) ម្យ៉ាង​ទៀត លោក​យេស៊ូ​ក៏​បាន​អធិដ្ឋាន​ពេល​លោក​ប្រជុំ​ជា​មួយ​អ្នក​កាន់​តាម​លោក​ដែរ។ ចុះ​កូន​វិញ? តើ​កូន​ទៅ​កិច្ច​ប្រជុំ​ដែរ​ឬ​ទេ? នៅ​ទី​នោះ​តើ​មាន​គេ​អធិដ្ឋាន​ទេ?— នៅ​កន្លែង​នោះ ធម្មតា​មនុស្ស​ចាស់​ជាង​កូន​ជា​អ្នក​អធិដ្ឋាន។ សូម​យក​ចិត្ត​ទុក​ដាក់​ស្តាប់​អ្វី​ដែល​គាត់​និយាយ ពី​ព្រោះ​គាត់​កំពុង​អធិដ្ឋាន​ទៅ​ព្រះ​ដើម្បី​កូន។ រួច​មក ពេល​អធិដ្ឋាន​ចប់​កូន​អាច​ថា​៖ ​«​អាមេន​»។ ពេល​កូន​ថា​«​អាមេន​»​ តើ​កូន​ដឹង​ថា​មាន​ន័យ​អ្វី​ទេ?— នេះ​មាន​ន័យ​ថា កូន​ចូល​ចិត្ត​សេចក្ដី​អធិដ្ឋាន​នោះ ហើយ​យល់​ស្រប ព្រម​ទាំង​ចង់​ឲ្យ​សេចក្ដី​អធិដ្ឋាន​នោះ​ជា​របស់​កូន​ដែរ។

ហេតុ​អ្វី​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​អ្នក​ដែល​អធិដ្ឋាន​នៅ​កិច្ច​ប្រជុំ?

លោក​យេស៊ូ​ក៏​បាន​អធិដ្ឋាន​ពេល​បរិភោគ​អាហារ​ដែរ។ លោក​បាន​អរគុណ​ព្រះ​យេហូវ៉ា​សម្រាប់​អាហារ។ តើ​កូន​តែង​តែ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​មុន​ញ៉ាំ​អាហារ​ទេ?— គឺ​ល្អ​ឲ្យ​យើង​អរគុណ​ព្រះ​យេហូវ៉ា​មុន​ញ៉ាំ​អាហារ។ ពេល​កូន​ញ៉ាំ​អាហារ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត ប្រហែល​ជា​មាន​អ្នក​ណា​ម្នាក់​អធិដ្ឋាន។ ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​កូន​ញ៉ាំ​ម្នាក់​ឯង? ឬ​ចុះ​បើ​កូន​ញ៉ាំ​ជា​មួយ​នឹង​មនុស្ស​ដែល​មិន​អរគុណ​ព្រះ​យេហូវ៉ា?— នៅ​ពេល​នោះ កូន​ត្រូវ​អធិដ្ឋាន​ខ្លួន​ឯង។

តើ​កូន​ត្រូវ​អធិដ្ឋាន​ឮ​ៗ​ជា​និច្ច​ទេ? ឬ​បើ​កូន​អធិដ្ឋាន​ក្នុង​ចិត្ត តើ​ព្រះ​យេហូវ៉ា​អាច​ឮ​ទេ?— យើង​អាច​ដឹង​ចម្លើយ​ដោយ​អាន​អំពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​នេហេមា។ គាត់​ជា​អ្នកគោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ម្នាក់។ គាត់​ធ្វើ​ការ​នៅ​ក្នុង​វាំង​របស់​ស្ដេច​ពើស៊ី​ឈ្មោះ​អើថាស៊ើកសេស។ ថ្ងៃ​មួយ​នេហេមា​មាន​ទឹក​មុខ​ព្រួយ​យ៉ាង​ខ្លាំង ដោយ​សារ​គាត់​បាន​ឮ​ថា កំពែង​ក្រុង​យេរូសាឡិម​ដែល​ជា​ក្រុង​ដ៏​សំខាន់​នៃ​រាស្ដ្រ​របស់​ព្រះ​បាន​ត្រូវ​បាក់បែក។

តើ​នៅ​ពេល​ណា​ដែល​កូន​អាច​អធិដ្ឋាន​ក្នុង​ចិត្ត​ដូច​នេហេមា?

ពេល​ស្ដេច​សួរ​នេហេមា​អំពី​មូលហេតុ​ដែល​គាត់​មាន​ទឹក​មុខ​ព្រួយ នោះ​នេហេមា​បាន​អធិដ្ឋាន​ក្នុង​ចិត្ត​ភ្លាម​ៗ។ បន្ទាប់​មក នេហេមា​បាន​ប្រាប់​ស្ដេច​អំពី​មូលហេតុ​ដែល​គាត់​ព្រួយ​ចិត្ត។ ដូច្នេះ គាត់​បាន​សុំ​ស្ដេច​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​សង់​កំពែង​ឡើង​វិញ។ តើ​អ្វី​បាន​កើត​ឡើង?—

ត្រូវ​ហើយ ព្រះ​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​នេហេមា។ ស្ដេច​បាន​ប្រាប់​នេហេមា​ថា គាត់​អាច​ទៅ​បាន! ស្ដេច​បាន​ឲ្យ​ឈើ​ជា​ច្រើន​ដល់​នេហេមា​ដើម្បី​សង់​កំពែង​ទៀត​ផង។ ដូច្នេះ សូម្បី​តែ​យើង​អធិដ្ឋាន​ក្នុង​ចិត្ត​ក្ដី ព្រះ​ប្រាកដជា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង។—នេហេមា ១:២, ៣; ២:៤​-​៨

ឥឡូវ​សូម​គិត​អំពី​រឿង​នេះ។ ពេល​អធិដ្ឋាន តើ​កូន​គួរ​ឱន​ក្បាល​ទេ? តើ​កូន​គួរ​លុត​ជង្គង់​ទេ? តើ​កូន​គិត​យ៉ាង​ណា​ដែរ?— ជួន​កាល​លោក​យេស៊ូ​លុត​ជង្គង់​ពេល​អធិដ្ឋាន។ ពេល​ខ្លះ​ទៀត លោក​ក៏​ឈរ។ ជួន​កាល​លោក​ងើយ​ក្បាល​មើល​ទៅ​មេឃ​ពេល​លោក​អធិដ្ឋាន។ លោក​ក៏​បាន​ធ្វើ​ដូច​នេះ​ដែរ​ពេល​លោក​អធិដ្ឋាន​ឲ្យ​ឡាសា។

ដូច្នេះ តើ​នេះ​មាន​ន័យ​ដូច​ម្ដេច?— មែន​ហើយ នេះ​មាន​ន័យ​ថា​ឥរិយាបថ​របស់​កូន​មិន​មែន​ជា​អ្វី​ដែល​សំខាន់​ទេ។ ពេល​ខ្លះ​ជា​ការ​ល្អ​ដែល​កូន​ឱន​ក្បាល​ហើយ​បិទ​ភ្នែក។ នៅ​ពេល​ផ្សេង​ទៀត កូន​ក៏​អាច​លុត​ជង្គង់​ដូច​លោក​យេស៊ូ​ដែរ។ ប៉ុន្តែ សូម​ចាំ​ថា យើង​អាច​អធិដ្ឋាន​ទៅ​ព្រះ​បាន​គ្រប់​ពេល មិន​ថា​ពេល​ថ្ងៃ ឬ​ពេល​យប់​ក្ដី លោក​នឹង​ស្តាប់​យើង។ ស្ដី​អំពី​ការ​អធិដ្ឋាន អ្វី​ដែល​សំខាន់​នោះ​គឺ​ឲ្យ​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​កំពុង​ស្តាប់​យើង។ តើ​កូន​ជឿ​ថា​ព្រះ​យេហូវ៉ា​ស្តាប់​សេចក្ដី​អធិដ្ឋាន​របស់​កូន​ទេ?—

តើ​កូន​អាច​អធិដ្ឋាន​ទៅ​ព្រះ​អំពី​រឿង​អ្វី​ខ្លះ?

ពេល​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា តើ​យើង​គួរ​និយាយ​អ្វី?— សូម​ប្រាប់​ខ្ញុំ។ ពេល​កូន​អធិដ្ឋាន តើ​កូន​និយាយ​ជា​មួយ​ព្រះ​អំពី​អ្វី​ខ្លះ?— ព្រះ​យេហូវ៉ា​ឲ្យ​យើង​នូវ​របស់​ដ៏​ល្អ​ជា​ច្រើន ហើយ​ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​យើង​អរគុណ​លោក​ចំពោះ​របស់​ទាំង​នោះ មែន​ទេ?— យើង​អាច​អរគុណ​លោក​សម្រាប់​ចំណី​អាហារ​ដែល​យើង​ញ៉ាំ។ ប៉ុន្តែ តើ​កូន​ធ្លាប់​អរគុណ​លោក​អំពី​ផ្ទៃ​មេឃ​ព័ណ៌​ខៀវ ដើម​ឈើ​ព័ណ៌​បៃតង និង​ផ្កា​ផ្សេង​ៗ​ដ៏​ស្រស់​ស្អាត​ឬ​ទេ?— លោក​ក៏​បាន​បង្កើត​របស់​ទាំង​នោះ​ដែរ។

នៅ​ពេល​មួយ អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​សុំ​លោក​ឲ្យ​បង្រៀន​ពួក​គាត់​អំពី​របៀប​អធិដ្ឋាន។ ដូច្នេះ គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​បង្រៀន​ពួក​គាត់​អំពី​អ្វី​ដ៏​សំខាន់​ជាង​គេ​ដែល​ត្រូវ​អធិដ្ឋាន។ តើ​កូន​ដឹង​អំពី​អ្វី​ទាំង​នេះ​ទេ?— សូម​យក​គម្ពីរ​របស់​កូន ហើយ​បើក​ទៅ​សៀវភៅ​ម៉ាថាយ ជំពូក​ទី​៦។ ចាប់​ពីខ​៩​រហូត​ដល់​ខ១៣ យើង​ឃើញ​មាន​សេចក្ដី​អធិដ្ឋាន​ដែល​មនុស្ស​ជា​ច្រើន​ស្គាល់។ សូម​យើង​អាន​ជា​មួយ​គ្នា។

នៅ​ទី​នេះ​យើង​រៀន​ថា លោក​យេស៊ូ​បាន​ប្រាប់​យើង​ឲ្យ​អធិដ្ឋាន​អំពី​នាម​របស់​ព្រះ។ លោក​បាន​អធិដ្ឋាន​សូម​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ។ តើ​ព្រះ​មាន​នាម​ឬ​ឈ្មោះ​អ្វី?— ត្រូវ​ហើយ ឈ្មោះ​យេហូវ៉ា ហើយ​យើង​គួរ​ស្រឡាញ់​ឈ្មោះ​នោះ។

យើង​ក៏​រៀន​ដែរ​ថា លោក​យេស៊ូ​បាន​បង្រៀន​យើង​អធិដ្ឋាន​សូម​ឲ្យ​រាជាណាចក្រ​របស់​ព្រះ​បាន​មក​ដល់។ រាជាណាចក្រ​នេះ​គឺ​សំខាន់ ពី​ព្រោះ​នេះ​នឹង​នាំ​ឲ្យ​ផែន​ដី​មាន​សន្តិភាព ហើយ​ធ្វើ​ឲ្យ​ផែន​ដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន។

ម្យ៉ាង​ទៀត យើង​រៀន​ថា គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​អធិដ្ឋាន​សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច​នៅ​ផែន​ដី​ដូច​នៅ​ស្ថាន​សួគ៌​ដែរ។ បើ​យើង​អធិដ្ឋាន​អំពី​រឿង​នេះ នោះ​យើង​ក៏​គួរ​ធ្វើ​តាម​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​យើង​ធ្វើ​ដែរ។

បន្ទាប់​មក លោក​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​អធិដ្ឋាន​សុំ​អាហារ​ដែល​យើង​ត្រូវ​ការ​សម្រាប់​ថ្ងៃ​នេះ។ លោក​ក៏​បាន​ប្រាប់​ដែរ​ថា ពេល​យើង​បាន​ធ្វើ​អ្វី​ខុស​ឆ្គង នោះ​យើង​គួរ​អធិដ្ឋាន​ទៅ​ព្រះ​ថា យើង​ស្តាយ​ដែល​យើង​បាន​ធ្វើ​ខុស។ បន្ថែម​ទៀត យើង​គួរ​សុំ​ព្រះ​អភ័យ​ទោស​ឲ្យ​យើង។ ប៉ុន្តែ មុន​ដែល​លោក​អភ័យ​ទោស​ឲ្យ​យើង យើង​ត្រូវ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត បើ​ពួក​គេ​បាន​ធ្វើ​អ្វី​មួយ​ខុស​ចំពោះ​យើង។ តើ​ការ​ធ្វើ​ដូច​នោះ​ងាយ​ស្រួល​សម្រាប់​កូន​ទេ?—

ចុង​ក្រោយ លោក​យេស៊ូ​បាន​និយាយ​ថា យើង​គួរ​អធិដ្ឋាន​សូម​ព្រះ​យេហូវ៉ា​ជួយ​ការពារ​យើង​ពី​មេកំណាច​សាថាន។ ដូច្នេះ ជា​ការ​ល្អ​បើ​យើង​អធិដ្ឋាន​ជម្រាប​ព្រះ​អំពី​រឿង​ទាំង​អស់​នេះ។

យើង​គួរ​ជឿ​ថា ព្រះ​យេហូវ៉ា​ស្តាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង។ បន្ថែម​ទៅ​ទៀត យើង​គួរ​សុំ​លោក​ជួយ​យើង ហើយ​យើង​ក៏​គួរ​អរគុណ​លោក​ជា​និច្ច​ដែរ។ លោក​សប្បាយ​ចិត្ត​ណាស់​ពេល​យើង​ធ្វើ​តាម​អ្វី​ដែល​យើង​អធិដ្ឋាន ហើយ​សុំ​លោក​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ។ លោក​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ៗ​ទាំង​នេះ។ តើ​កូន​ជឿ​ដូច្នោះ​ទេ?—

ស្ដី​អំពី​សេចក្ដី​អធិដ្ឋាន​មាន​ឱវាទ​ល្អ​ថែម​ទៀត​ក្នុង រ៉ូម ១២:១២ ពេត្រុស​ទី១ ៣:១២ និង​យ៉ូហាន​ទី១ ៥:១៤