លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៨

បុគ្គល​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​យើង

បុគ្គល​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​យើង

កូន​ប្រាកដជា​យល់​ស្រប​ថា​មាន​បុគ្គល​ដែល​មាន​ឋានៈ​ខ្ពស់​ជាង ឬ​ប្រសើរ​ជាង ហើយ​ខ្លាំង​ជាង​កូន​និង​ខ្ញុំ​ដែរ។ តើ​កូន​គិត​ថា​នរណា​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​យើង?— គឺ​ព្រះ​យេហូវ៉ា។ ចុះ​កូន​របស់​លោក​ដែល​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ​វិញ? តើ​លោក​មាន​ឋានៈ​ខ្ពស់​ជាង​យើង​ទេ?— លោក​ប្រាកដជា​មាន​ឋានៈ​ខ្ពស់​ជាង​យើង​មែន។

លោក​យេស៊ូ​ធ្លាប់​រស់​នៅ​ស្ថាន​សួគ៌​ជា​មួយ​ព្រះ។ លោក​ជា​បុគ្គល​វិញ្ញាណ ឬ​ជា​ទេវតា​មួយ​រូប។ តើ​ព្រះ​បាន​បង្កើត​ទេវតា​ឯ​ទៀត ឬ​បុគ្គល​វិញ្ញាណ​ដែល​ជា​កូន​របស់​លោក​ឬ​ទេ?— មែន លោក​បាន​បង្កើត​ទេវតា​រាប់​លាន​រូប។ ទេវតា​ទាំង​នេះ​មាន​ឋានៈ​ខ្ពស់​ជាង ហើយ​មាន​កម្លាំង​ខ្លាំង​ជាង​យើង​ដែរ។—ដានីយ៉ែល ៧:១០; ហេប្រឺ ១:១៣, ១៤

តើ​កូន​ចាំ​ឈ្មោះ​ទេវតា​ដែល​បាន​និយាយ​ជា​មួយ​នាង​ម៉ារៀ​ទេ?— គឺ​កាព្រីយ៉ែល។ ទេវតា​នោះ​បាន​ប្រាប់​ម៉ារៀ​ថា​កូន​របស់​នាង​គឺ​ជា​កូន​របស់​ព្រះ។ ព្រះ​បាន​ផ្ទេរ​ជីវិត​កូន​របស់​លោក​ដែល​ជា​បុគ្គល​វិញ្ញាណ​ទៅ​ក្នុង​ផ្ទៃ​នាង​ម៉ារៀ យ៉ាង​នេះ​លោក​យេស៊ូ​អាច​កើត​ជា​ទារក​ម្នាក់​នៅ​ផែន​ដី។—លូកា ១:២៦, ២៧

តើ​យ៉ូសែប​និង​ម៉ារៀ​ប្រហែល​ជា​បាន​ប្រាប់​អ្វី​ដល់​លោក​យេស៊ូ?

តើ​កូន​ជឿ​ការ​អស្ចារ្យ​នោះ​ទេ? តើ​កូន​ជឿ​ថា​លោក​យេស៊ូ​ធ្លាប់​រស់​នៅ​ស្ថាន​សួគ៌​ជា​មួយ​ព្រះ​ទេ?— លោក​យេស៊ូ​បាន​និយាយ​ថា​លោក​ធ្លាប់​រស់​នៅ​មែន។ តើ​លោក​យេស៊ូ​ដឹង​រឿង​នេះ​យ៉ាង​ដូច​ម្ដេច? ពេល​លោក​នៅ​ក្មេង ម៉ារៀ​ប្រហែល​ជា​បាន​ប្រាប់​លោក​យេស៊ូ​អំពី​អ្វី​ដែល​កាព្រីយ៉ែល​បាន​និយាយ​ប្រាប់​នាង។ យ៉ូសែប​ក៏​ទំនង​ជា​បាន​ប្រាប់​លោក​យេស៊ូ​ដែរ​ថា បិតា​ពិត​របស់​លោក​គឺ​ជា​ព្រះ។

ពេល​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក ព្រះ​បាន​និយាយ​ពី​ស្ថាន​សួគ៌​មក​ថា​៖ ​«​នេះ​ជា​បុត្រ . . . របស់​ខ្ញុំ​»។ (​ម៉ាថាយ ៣:១៧​) នៅ​យប់​មុន​ថ្ងៃ​លោក​យេស៊ូ​ស្លាប់ លោក​បាន​អធិដ្ឋាន​ថា​៖ ​«​បិតា​អើយ . . . សូម​តម្កើង​ខ្ញុំ ពោល​គឺ​ឲ្យ​ខ្ញុំ​នៅ​ក្បែរ​លោក​ដោយ​មាន​សិរី​រុងរឿង​ដែល​ខ្ញុំ​ធ្លាប់​មាន​នៅ​ក្បែរ​លោក កាល​មិន​ទាន់​មាន​ពិភព​លោក​នៅ​ឡើយ​»។ (​យ៉ូហាន ១៧:៥​) ពិត​មែន លោក​យេស៊ូ​បាន​សុំ​ទៅ​រស់​នៅ​ស្ថាន​សួគ៌​ជា​មួយ​ព្រះ​វិញ។ តើ​លោក​អាច​ទៅ​រស់​នៅ​ទី​នោះ​តាម​របៀប​ណា?— លុះ​ត្រា​តែ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​លោក​ទៅ​ជា​ទេវតា​ម្ដង​ទៀត ឬ​ជា​បុគ្គល​វិញ្ញាណ​ដែល​យើង​មើល​មិន​ឃើញ។

ឥឡូវ ខ្ញុំ​សូម​សួរ​សំណួរ​ដ៏​សំខាន់​មួយ។ តើ​ទេវតា​ទាំង​អស់​សុទ្ធតែ​ល្អ​ឬ? តើ​កូន​គិត​យ៉ាង​ណា?— មាន​ពេល​មួយ​នៅ​អតីតកាល ទេវតា​ទាំង​អស់​សុទ្ធតែ​ល្អ។ នេះ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្កើត​ពួក​គេ ហើយ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត​គឺ​ល្អ​ប្រពៃ។ ប៉ុន្តែ បន្ទាប់​មក​មាន​ទេវតា​មួយ​រូប​ក្លាយ​ទៅ​ជា​អាក្រក់។ តើ​រឿង​នោះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?

ដើម្បី​ដឹង​ចម្លើយ សូម​គិត​ឡើង​វិញ​អំពី​ពេល​ដែល​ព្រះ​បាន​បង្កើត​បុរស​និង​ស្ដ្រី​ទី១ គឺ​អាដាម​និង​អេវ៉ា។ មនុស្ស​ខ្លះ​និយាយ​ថា​រឿង​អំពី​ពួក​គាត់​គ្រាន់​តែ​ជា​រឿង​ប្រឌិត​ប៉ុណ្ណោះ។ ប៉ុន្តែ គ្រូ​ដ៏​ល្អ​ប្រសើរ​ដឹង​ថា​នោះ​ជា​រឿង​ពិត។

ពេល​ព្រះ​បង្កើត​អាដាម​និង​អេវ៉ា លោក​បាន​ដាក់​ពួក​គាត់​ក្នុង​សួន​ឧទ្យាន​ដ៏​ស្រស់បំព្រង​មួយ​ហៅ​ថា​អេដែន។ ពួក​គាត់​អាច​មាន​កូន​ច្រើន​នាក់ មាន​គ្រួសារ​ដ៏​ធំ​មួយ ហើយ​អាច​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ជា​រៀង​រហូត។ ប៉ុន្តែ ពួក​គាត់​ត្រូវ​រៀន​មេរៀន​ដ៏​សំខាន់​មួយ។ មេរៀន​នោះ​យើង​បាន​ពិភាក្សា​រួច​ហើយ។ ឥឡូវ​សូម​ឲ្យ​យើង​រៀន​សា​ឡើង​វិញ​អំពី​រឿង​នោះ។

តើ​អាដាម​និង​អេវ៉ា​អាច​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​បាន​ប្រាប់​អាដាម​និង​អេវ៉ា​ថា ពួក​គាត់​អាច​ញ៉ាំ​ផ្លែ​ពី​ដើម​ឈើ​ទាំង​អស់​ក្នុង​សួន​នោះ។ ប៉ុន្តែ មាន​ដើម​ឈើ​មួយ​ដើម​ដែល​ពួក​គាត់​មិន​អាច​ញ៉ាំ​ផ្លែ​បាន​ទេ។ ព្រះ​បាន​ប្រាប់​ពួក​គាត់​ថា​នឹង​មាន​អ្វី​កើត​ឡើង បើ​ពួក​គាត់​ញ៉ាំ​ផ្លែ​ពី​ដើម​ឈើ​នោះ។ លោក​ថា​៖ ​«​[​អ្នក​]នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។ (​លោកុប្បត្តិ ២:១៧​) ដូច្នេះ តើ​មាន​មេរៀន​អ្វី​ដែល​អាដាម​និង​អេវ៉ា​ត្រូវ​រៀន?—

ពួក​គាត់​ត្រូវ​រៀន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា។ មនុស្ស​ត្រូវ​ស្តាប់​បង្គាប់​ព្រះ ទើប​អាច​រស់​ជា​រៀង​រហូត។ បើ​អាដាម​និង​អេវ៉ា​គ្រាន់​តែ​និយាយ​ថា​ពួក​គាត់​នឹង​ស្តាប់​បង្គាប់​ព្រះ នោះ​មិន​គ្រប់​គ្រាន់​ទេ។ ពួក​គាត់​ត្រូវ​បង្ហាញ​តាម​រយៈ​ការ​ប្រព្រឹត្ត។ បើ​ពួក​គាត់​ស្តាប់​បង្គាប់​ព្រះ នោះ​បង្ហាញ​ថា​ពួក​គាត់​ស្រឡាញ់​លោក និង​ចង់​ឲ្យ​លោក​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ពួក​គាត់។ បន្ទាប់​មក​ពួក​គាត់​អាច​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន។ ប៉ុន្តែ បើ​ពួក​គាត់​ញ៉ាំ​ផ្លែ​ពី​ដើម​ឈើ​នោះ តើ​នេះ​បង្ហាញ​អ្វី?—

នេះ​បង្ហាញ​ថា​ពួក​គាត់​មិន​ដឹង​គុណ​ព្រះ​ទេ។ បើ​កូន​នៅ​ទី​នោះ តើ​កូន​នឹង​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​ទេ?— ដំបូង អាដាម​និង​អេវ៉ា​បាន​ស្តាប់​បង្គាប់​ព្រះ​មែន។ ក៏​ប៉ុន្តែ ក្រោយ​មក បុគ្គល​ម្នាក់​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​មនុស្ស បាន​បោក​បញ្ឆោត​អេវ៉ា។ បុគ្គល​នោះ​បាន​ធ្វើ​ឲ្យ​នាង​លែង​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា។ តើ​អ្នក​នោះ​ជា​នរណា?—

តើ​នរណា​ធ្វើ​ឲ្យ​សត្វ​ពស់​និយាយ​ទៅ​នាង​អេវ៉ា?

គម្ពីរ​ចែង​ថា សត្វ​ពស់​មួយ​បាន​និយាយ​ទៅ​កាន់​អេវ៉ា។ ប៉ុន្តែ កូន​ដឹង​ថា​សត្វ​ពស់​មិន​ចេះ​និយាយ​ទេ។ ដូច្នេះ តើ​វា​អាច​និយាយ​យ៉ាង​ដូច​ម្ដេច​បាន?— ទេវតា​មួយ​រូប​បាន​ធ្វើ​ឲ្យ​សត្វ​ពស់​នោះ​ហាក់​ដូច​ជា​កំពុង​និយាយ។ ប៉ុន្តែ តាម​ពិត​គឺ​ជា​ទេវតា​នោះ​ទេ​ដែល​កំពុង​និយាយ។ ទេវតា​នោះ​បាន​ចាប់​ផ្ដើម​មាន​គំនិត​អាក្រក់ គឺ​ចង់​ឲ្យ​អាដាម​និង​អេវ៉ា​គោរព​ប្រណិប័តន៍​និង​ស្តាប់​បង្គាប់​វា​ជា​ជាង​ព្រះ។ វា​ចង់​ដណ្ដើម​យក​ឋានៈ​របស់​ព្រះ។

ដូច្នេះ ទេវតា​អាក្រក់​នោះ​បាន​ដាក់​គំនិត​មិន​ល្អ​ទៅ​ក្នុង​ចិត្ត​គំនិត​របស់​អេវ៉ា។ តាម​រយៈ​សត្វ​ពស់​វា​និយាយ​ទៅ​កាន់​នាង​ថា​៖ ‹ព្រះ​និយាយ​កុហក។ អ្នក​មិន​ស្លាប់​ទេ។ បើ​អ្នក​ញ៉ាំ​ផ្លែ​ពី​ដើម​ឈើ​នោះ អ្នក​នឹង​មាន​ប្រាជ្ញា​ដូច​ព្រះ​ដែរ›។ បើ​កូន​នៅ​ទី​នោះ តើ​កូន​នឹង​ជឿ​សម្ដី​នោះ​ទេ?—

អេវ៉ា​ចាប់​ផ្ដើម​ចង់​បាន​របស់​ដែល​ព្រះ​មិន​បាន​ឲ្យ​នាង។ នាង​បាន​ញ៉ាំ​ផ្លែ​ពី​ដើម​ឈើ​ដែល​ព្រះ​បាន​ហាមឃាត់។ រួច​មក​នាង​បាន​ឲ្យ​ខ្លះ​ទៅ​អាដាម។ អាដាម​មិន​ជឿ​អ្វី​ដែល​សត្វ​ពស់​នោះ​បាន​និយាយ​ទេ។ ប៉ុន្តែ អាដាម​ស្រឡាញ់​អេវ៉ា​ខ្លាំង​ជាង​ស្រឡាញ់​ព្រះ។ ដូច្នេះ​ហើយ​អាដាម​ក៏​បាន​ញ៉ាំ​ផ្លែ​ពី​ដើម​ឈើ​នោះ​ដែរ។—លោកុប្បត្តិ ៣:១​-​៦; ធីម៉ូថេ​ទី១ ២:១៤

តើ​មាន​លទ្ធផល​អ្វី?— អាដាម​និង​អេវ៉ា​បាន​ទៅ​ជា​មិន​ល្អ​ឥត​ខ្ចោះ ចាស់ ហើយ​ស្លាប់។ ដោយ​សារ​ពួក​គាត់​មិន​ល្អ​ឥត​ខ្ចោះ កូន​ទាំង​អស់​របស់​ពួក​គាត់​ក៏​មិន​ល្អ​ឥត​ខ្ចោះ​ដែរ។ ទី​បំផុត​ពួកគេ​ទាំង​អស់​គ្នា​កាន់​តែ​ចាស់​ទៅ​ៗ​ហើយ​ស្លាប់។ ព្រះ​មិន​បាន​កុហក​ទេ! ជីវិត​ពិត​ជា​អាស្រ័យ​ទៅ​លើ​ការ​ស្តាប់​បង្គាប់​លោក​មែន! (​រ៉ូម ៥:១២​) គម្ពីរ​ប្រាប់​យើង​ថា​ទេវតា​ដែល​បាន​កុហក​នាង​អេវ៉ា​បាន​ត្រូវ​ហៅ​ថា មេកំណាច​និង​សាថាន។ ទេវតា​ឯ​ទៀត​ដែល​បាន​ទៅ​ជា​អាក្រក់​បាន​ត្រូវ​ហៅ​ថា ពួក​វិញ្ញាណ​កំណាច។—យ៉ាកុប ២:១៩; ការ​បើក​បង្ហាញ ១២:៩

តើ​អ្វី​បាន​កើត​ឡើង​ដល់​អាដាម​និង​អេវ៉ា​ក្រោយ​ពី​ពួក​គាត់​មិន​ស្តាប់​បង្គាប់​ព្រះ?

ឥឡូវ តើ​កូន​អាច​យល់​ទេ​អំពី​មូលហេតុ​ដែល​ទេវតា​ល្អ​ដែល​ព្រះ​បាន​បង្កើត​បាន​ក្លាយ​ទៅ​ជា​អាក្រក់?— ពី​ព្រោះ​វា​ចាប់​ផ្ដើម​គិត​អំពី​អ្វី​ដែល​អាក្រក់ ហើយ​ចង់​ឲ្យ​គេ​គិត​ថា​វា​ខ្ពស់​ជាង​គេ​បំផុត។ វា​ដឹង​ថា​ព្រះ​បាន​ប្រាប់​អាដាម​និង​អេវ៉ា​ឲ្យ​បង្កើត​កូន និង​ចង់​ឲ្យ​ពួក​គាត់​ទាំង​អស់​គ្នា​គោរព​ប្រណិប័តន៍​លោក។ មេកំណាច​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មិន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ដូច្នេះ​ហើយ វា​ព្យាយាម​ដាក់​គំនិត​មិន​ត្រឹម​ត្រូវ​ទៅ​ក្នុង​ចិត្ត​គំនិត​របស់​យើង។—យ៉ាកុប ១:១៣​-​១៥

មេកំណាច​និយាយ​ថា គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា​ទេ។ វា​និយាយ​ថា​កូន​និង​ខ្ញុំ​មិន​ស្រឡាញ់​ព្រះ ហើយ​ថា​យើង​មិន​ចង់​ធ្វើ​តាម​បង្គាប់​លោក​ទេ។ វា​និយាយ​ថា​យើង​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​នៅ​ពេល​ដែល​អ្វី​ៗ​កើត​ឡើង​ដូច​ចិត្ត​យើង​ចង់​ប៉ុណ្ណោះ។ តើ​មេកំណាច​និយាយ​ត្រូវ​ទេ? តើ​យើង​ធ្វើ​ដូច្នោះ​មែន​ទេ?

គ្រូ​ដ៏​ល្អ​ប្រសើរ​និយាយ​ថា​មេកំណាច​ជា​អ្នក​ភូតភរ! លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដោយ​ស្តាប់​បង្គាប់​ព្រះ។ លោក​ស្តាប់​បង្គាប់​ព្រះ មិន​គ្រាន់​តែ​ពេល​ស្រួល​ប៉ុណ្ណោះ​ទេ។ លោក​ស្តាប់​បង្គាប់​ព្រះ​គ្រប់​ពេល​ទាំង​អស់ សូម្បី​តែ​ពេល​ដែល​មនុស្ស​ធ្វើ​ឲ្យ​លោក​ពិបាក​ក្ដី។ លោក​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​រហូត​ដល់​ស្លាប់។ នោះ​ជា​មូលហេតុ​ដែល​ព្រះ​បាន​ប្រោស​លោក​ឲ្យ​មាន​ជីវិត​ឡើង​វិញ ហើយ​រស់​ជា​រៀង​រហូត។

ដូច្នេះ តើ​កូន​ថា​នរណា​ជា​សត្រូវ​ធំ​បំផុត​របស់​យើង?— មែន​ហើយ គឺ​មេកំណាច​សាថាន។ តើ​កូន​អាច​មើល​ឃើញ​វា​ទេ?— ពិត​ជា​អត់​ទេ! ប៉ុន្តែ យើង​ដឹង​ថា​មាន​សាថាន​មែន ហើយ​ដឹង​ថា​វា​មាន​អំណាច​និង​ឋានៈ​ខ្ពស់​ជាង​យើង។ ប៉ុន្តែ តើ​នរណា​មាន​ឋានៈ​ខ្ពស់​ជាង​មេកំណាច?— គឺ​ព្រះ​យេហូវ៉ា។ ដូច្នេះ​យើង​ដឹង​ថា​ព្រះ​អាច​ការពារ​ជីវិត​យើង។

សូម​អាន​អំពី​បុគ្គល​ដែល​យើង​គួរ​គោរព​ប្រណិប័តន៍​នៅ ចោទិយកថា ៣០:១៩, ២០ យ៉ូស្វេ ២៤:១៤, ១៥ សុភាសិត ២៧:១១ និង​ម៉ាថាយ ៤:១០