លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៣៩

ព្រះ​ប្រោស​បុត្រ​លោក​ឲ្យ​រស់​ឡើង​វិញ

ព្រះ​ប្រោស​បុត្រ​លោក​ឲ្យ​រស់​ឡើង​វិញ

លោក​យេស៊ូ​បាន​យំ​ពេល​ដែល​ឡាសា​មិត្ត​ភក្ដិ​របស់​លោក​បាន​ស្លាប់។ តើ​កូន​គិត​ថា​ព្រះ​យេហូវ៉ា​ពិបាក​ចិត្ត​ទេ ពេល​ឃើញ​លោក​យេស៊ូ​រង​ទុក្ខ​ហើយ​ស្លាប់​នោះ?— គម្ពីរ​ប្រាប់​ថា ព្រះ​«​ព្រួយ​ព្រះ​ហឫទ័យ​»​ ហើយ​រហូត​ដល់​ឈឺ​ចិត្ត​ពេល​មាន​រឿង​អាក្រក់​កើត​ឡើង។—ទំនុក​តម្កើង ៧៨:៤០; យ៉ូហាន ១១:៣៥

តើ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ខ្លាំង​យ៉ាង​ណា​ពេល​ឃើញ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​ស្លាប់? តើ​កូន​អាច​ស្រមៃ​គិត​បាន​ទេ?— លោក​យេស៊ូ​ជឿ​ជាក់​ថា​ព្រះ​នឹង​មិន​ភ្លេច​លោក​ទេ។ ហេតុ​នេះ​ហើយ មុន​លោក​ស្លាប់​លោក​បាន​និយាយ​ពាក្យ​ចុង​ក្រោយ​ថា​៖ ​«​បិតា! ខ្ញុំ​សូម​ប្រគល់​ជីវិត​ខ្ញុំ​ជូន​លោក!​»។—លូកា ២៣:៤៦

លោក​យេស៊ូ​ជឿ​ជាក់​ថា​ព្រះ​នឹង​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ហើយ​លោក​នឹង​មិន​ត្រូវ​ទុក​ចោល​នៅ​ក្នុង​«​ផ្នូរ​»​ទេ។ ក្រោយ​ពី​ព្រះ​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ សាវ័ក​ពេត្រុស​បាន​ដក​ស្រង់​ពាក្យ​ក្នុង​គម្ពីរ​អំពី​លោក​យេស៊ូ​ថា​៖ ​«​លោក​មិន​បាន​ត្រូវ​ទុក​ចោល​ក្នុង​ផ្នូរ ហើយ​សាច់​របស់​លោក​ក៏​មិន​បាន​ខូច​ទៅ​ដែរ​»។ (​សកម្មភាព ២:៣១; ទំនុក​តម្កើង ១៦:១០​) មែន​ហើយ រូប​កាយ​របស់​លោក​យេស៊ូ​មិន​បាន​ទុក​ឲ្យ​រលួយ​នៅ​ក្នុង​ផ្នូរ ហើយ​ធុំ​ក្លិន​ស្អុយ​នោះ​ទេ។

ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​ថែម​ទាំង​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា លោក​នឹង​មិន​ស្លាប់​យូរ​ទេ។ លោក​បាន​ពន្យល់​ពួក​គាត់​ថា លោក​នឹង​«​ត្រូវ​គេ​សម្លាប់ ហើយ​នៅ​ថ្ងៃ​ទី​បី​លោក​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ (​លូកា ៩:២២​) ដូច្នេះ ពួក​អ្នក​កាន់​តាម​លោក​ពិត​ជា​មិន​គួរ​ភ្ញាក់​ផ្អើល​ឡើយ ពេល​ដែល​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ តើ​ពួក​គាត់​បាន​ភ្ញាក់​ផ្អើល​ទេ?— សូម​ឲ្យ​យើង​ស្វែងរក​ចម្លើយ។

ប្រហែល​ជា​នៅ​ម៉ោង​បី​រសៀល​ថ្ងៃ​សុក្រ គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​ស្លាប់​នៅ​លើ​បង្គោល​ទារុណកម្ម។ មាន​បុរស​អ្នក​មាន​ម្នាក់​ឈ្មោះ​យ៉ូសែប គាត់​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយ​គាត់​ជា​អ្នក​ជឿ​លើ​លោក​យេស៊ូ តែ​គាត់​លាក់​មិន​ឲ្យ​អ្នក​ឯ​ទៀត​ដឹង។ ពេល​គាត់​ដឹង​ថា​លោក​យេស៊ូ​ស្លាប់ គាត់​បាន​ទៅ​ជួប​ពីឡាត​ជា​អភិបាល​រ៉ូម។ គាត់​បាន​សុំ​យក​សព​លោក​យេស៊ូ​ចុះ​ពី​បង្គោល​ឈើ ហើយ​យក​ទៅ​បញ្ចុះ។ រួច​មក យ៉ូសែប​បាន​សែង​សព​លោក​យេស៊ូ​ទៅ​សួន​ច្បារ​មួយ​ដែល​មាន​ផ្នូរ។

ក្រោយ​ពី​គេ​ដាក់​សព​លោក​ទៅ​ក្នុង​ផ្នូរ​ហើយ គេ​បាន​ប្រមៀល​ថ្ម​ធំ​មួយ​បិទ​ខាង​មុខ​ផ្នូរ។ ដូច្នេះ ផ្នូរ​បាន​ត្រូវ​បិទ​ជិត។ ថ្ងៃ​ទី​បី​ជា​ថ្ងៃ​អាទិត្យ។ មុន​ថ្ងៃ​រះ កាល​មេឃ​នៅ​ងងឹត​នៅ​ឡើយ មាន​ពួក​បុរស​កំពុង​យាម​ផ្នូរ។ ពួក​សង្ឃនាយក​បាន​ចាត់​ពួក​គេ​ឲ្យ​ទៅ​យាម​នៅ​ទី​នោះ។ តើ​កូន​ដឹង​ថា​ហេតុ​អ្វី​ទេ?—

ពី​ព្រោះ​ពេល​លោក​យេស៊ូ​ប្រាប់​ថា​លោក​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​សង្ឃ​ក៏​បាន​ឮ​ដែរ។ ដូច្នេះ ដើម្បី​ការពារ​កុំ​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​លួច​សព​លោក ហើយ​ប្រាប់​ថា​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ ពួក​សង្ឃ​បាន​ដាក់​ពួក​អ្នក​យាម​នៅ​ទី​នោះ។ កាល​ដែល​ពួក​គេ​កំពុង​យាម ស្រាប់​តែ​ដី​បាន​រញ្ជួយ ហើយ​មាន​ពន្លឺ​ភ្លឺ​ចិញ្ចាច​ចិញ្ចែង។ ពន្លឺ​នោះ​មក​ពី​ទេវតា​របស់​ព្រះ​យេហូវ៉ា! ពេល​ពួក​ទាហាន​ឃើញ​ដូច​នោះ ពួក​គេ​ភ័យ​ខ្លាច​ណាស់ រហូត​ដល់​លែង​កម្រើក​ខ្លួន។ ក្រោយ​មក ទេវតា​នោះ​បាន​ប្រមៀល​ថ្ម​ចេញ​ពី​ផ្នូរ។ ចំណែក​ឯ​សព​លោក​យេស៊ូ​មិន​នៅ​ក្នុង​នោះ​ទេ!

ហេតុ​អ្វី​ផ្នូរ​នេះ​នៅ​ទទេ? តើ​មាន​អ្វី​បាន​កើត​ឡើង?

ដូច​ជា​សាវ័ក​ពេត្រុស​បាន​និយាយ​ក្រោយ​មក​ថា​៖ ​«​គឺ​លោក​យេស៊ូ​នេះ​ហើយ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ (​សកម្មភាព ២:៣២​) ព្រះ​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ ហើយ​ឲ្យ​លោក​មាន​រូប​កាយ​ស្រដៀង​នឹង​រូប​កាយ ដែល​លោក​ធ្លាប់​មាន​មុន​ពេល​លោក​មក​ផែន​ដី។ ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​រូប​កាយ​វិញ្ញាណ ដូច​រូប​កាយ​ដែល​ទេវតា​មាន​ដែរ។ (​ពេត្រុស​ទី១ ៣:១៨​) ដូច្នេះ ដើម្បី​ឲ្យ​មនុស្ស​មើល​ឃើញ​លោក​យេស៊ូ លោក​ត្រូវ​តែ​កាឡា​ខ្លួន​ជា​មនុស្ស​មាន​រូប​កាយ​សាច់​ឈាម។ តើ​លោក​ធ្វើ​ដូច្នោះ​ទេ?— សូម​ឲ្យ​ស្តាប់​អ្វី​ដែល​កើត​ឡើង​ក្រោយ​ពី​ទេវតា​បាន​ប្រមៀល​ថ្ម​ចេញ។

ពេល​ថ្ងៃ​រះ ពួក​ទាហាន​បាន​ចេញ​ទៅ។ ម៉ារៀ​ម៉ាក់ដាឡេន​និង​ស្ដ្រី​ឯ​ទៀត​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ធ្វើ​ដំណើរ​មក​ផ្នូរ។ ពួក​គាត់​កំពុង​និយាយ​គ្នា​ថា​៖ ‹តើ​អ្នក​ណា​នឹង​ប្រមៀល​ថ្ម​ដ៏​ធ្ងន់​នោះ​ចេញ​ឲ្យ​យើង?›។ (​ម៉ាកុស ១៦:៣​) ប៉ុន្តែ ពេល​ពួក​គាត់​មក​ដល់​ផ្នូរ ថ្ម​នោះ​បាន​ត្រូវ​ប្រមៀល​ចេញ​ហើយ ថែម​ទាំង​ផ្នូរ​នៅ​ទទេ​ទៀត! សព​លោក​យេស៊ូ​លែង​មាន​ទៀត​ហើយ! រំពេច​នោះ ម៉ារៀ​ម៉ាក់ដាឡេន​បាន​រត់​ទៅ​ប្រាប់​ពួក​សាវ័ក​ខ្លះ​របស់​លោក​យេស៊ូ។

ចំណែក​ស្ដ្រី​ផ្សេង​ទៀត​បាន​ចាំ​នៅ​ឯ​ផ្នូរ។ ពួក​គាត់​ឆ្ងល់​ថា​៖ ‹តើ​សព​លោក​យេស៊ូ​នៅ​ឯ​ណា?›។ ស្រាប់​តែ​មាន​បុរស​ពីរ​នាក់​ដែល​មាន​សម្លៀក​បំពាក់​ភ្លឺ​ចិញ្ចាច​ចិញ្ចែង​បាន​លេច​មក។ ពួក​គាត់​ជា​ទេវតា! ពួក​គាត់​បាន​និយាយ​ទៅ​ស្ដ្រី​ទាំង​នោះ​ថា​៖ ‹ហេតុ​អ្វី​ពួក​នាង​មក​រក​លោក​យេស៊ូ? លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ។ ចូរ​ប្រញាប់​ទៅ​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក›។ ស្ដ្រី​ទាំង​នោះ​ច្បាស់​ជា​រត់​លឿន​ណាស់! នៅ​តាម​ផ្លូវ​មាន​បុរស​ម្នាក់​មក​ជួប​ពួក​គាត់។ តើ​បុរស​នោះ​ជា​អ្នក​ណា? តើ​កូន​ដឹង​ទេ?—

បុរស​នោះ​ជា​លោក​យេស៊ូ ដែល​បាន​កាឡា​ខ្លួន​ជា​មនុស្ស​មាន​រូប​កាយ​សាច់​ឈាម! លោក​ក៏​បាន​និយាយ​ទៅ​កាន់​ស្ដ្រី​ទាំង​នោះ​ថា​៖ ‹ចូរ​ទៅ​ប្រាប់​ពួក​អ្នក​កាន់​តាម​ខ្ញុំ›។ ឮ​ដូច្នោះ​ស្ដ្រី​ទាំង​នោះ​រំភើប​ចិត្ត​ណាស់។ ពេល​ពួក​គាត់​ជួប​ពួក​សាវ័ក ពួក​គាត់​ក៏​ប្រាប់​ថា​៖ ‹លោក​យេស៊ូ​រស់​ឡើង​វិញ​ហើយ! ពួក​យើង​បាន​ឃើញ​លោក!›។ ម៉ារៀ​បាន​ប្រាប់​ពេត្រុស​និង​យ៉ូហាន​រួច​ហើយ​អំពី​ផ្នូរ​នៅ​ទទេ។ ដូច្នេះ ពេត្រុស​និង​យ៉ូហាន​ទៅ​មើល​ផ្នូរ​ដោយ​ខ្លួន​គាត់​ផ្ទាល់ ដូច​កូន​ឃើញ​ក្នុង​រូប​ភាព។ ពួក​គាត់​មើល​ក្រណាត់​ដែល​គេ​បាន​រុំ​សព​លោក​យេស៊ូ ហើយ​ក៏​ឆ្ងល់​អំពី​អ្វី​ដែលបាន​កើត​ឡើង។ ពួក​គាត់​ចង់​ជឿ​ថា​លោក​យេស៊ូ​រស់​ឡើង​វិញ តែ​រឿង​នោះ​ហាក់​ដូច​ជា​អស្ចារ្យ​ពេក។

តើ​ពេត្រុស​និង​យ៉ូហាន​ប្រហែល​ជា​កំពុង​គិត​អ្វី?

នៅ​ថ្ងៃ​អាទិត្យ​ដដែល​នោះ លោក​យេស៊ូ​បាន​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​កាន់​តាម​ពីរ​នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ភូមិ​អេម៉ាស។ លោក​យេស៊ូ​បាន​ដើរ​បណ្ដើរ​ហើយ​និយាយ​ជា​មួយ​ពួក​គាត់​បណ្ដើរ តែ​ពួក​គាត់​មើល​មិន​ស្គាល់​លោក​ទេ ព្រោះ​លោក​មិន​មាន​រូប​កាយ​សាច់​ឈាម​ដូច​គ្នា​នឹង​រូប​កាយ​ពី​មុន​ទេ។ ប៉ុន្តែ ពេល​លោក​យេស៊ូ​អធិដ្ឋាន​និង​ពិសា​អាហារ​ជា​មួយ​ពួក​គាត់ ទើប​ពួក​គាត់​ស្គាល់​ថា​ជា​លោក។ ពួក​គាត់​រំភើប​ចិត្ត​ខ្លាំង​ណាស់ ដូច្នេះ​ពួក​គាត់​ប្រញាប់​ធ្វើ​ដំណើរ​ជា​ច្រើន​គីឡូ​ម៉ែ​ត​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ! ប្រហែល​ជា​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​នោះ លោក​យេស៊ូ​បាន​លេច​មក​ជួប​ពេត្រុស ដើម្បី​ឲ្យ​គាត់​ឃើញ​ថា​លោក​បាន​រស់​ឡើង​វិញ​មែន។

នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ដដែល​នោះ ពួក​អ្នក​កាន់​តាម​បាន​ជួប​ជុំ​គ្នា​ក្នុង​បន្ទប់​មួយ។ ពួក​គាត់​បាន​ចាក់​សោ​បន្ទប់។ រំពេច​នោះ លោក​យេស៊ូ​លេច​មក​ក្នុង​ចំណោម​ពួក​គាត់​តែ​ម្ដង! ឥឡូវ​ពួក​គាត់​ដឹង​ថា​គ្រូ​ដ៏​ល្អ​ប្រសើរ​ពិត​ជា​បាន​រស់​ឡើង​វិញ​មែន។ សូម​ស្រមៃ​គិត​ទៅ​មើល តើ​ពួក​គាត់​សប្បាយ​ចិត្ត​យ៉ាង​ណា​ពេល​ឃើញ​លោក​យេស៊ូ​នោះ!—ម៉ាថាយ ២៨:១​-​១៥; លូកា ២៤:១​-​៤៩; យ៉ូហាន ១៩:៣៨–២០:២១

ក្នុង​អំឡុង​ពេល​៤០​ថ្ងៃ លោក​យេស៊ូ​បាន​លេច​មក​ក្នុង​រូប​កាយ​សាច់​ឈាម​ផ្សេង​ពី​គ្នា ដើម្បី​បង្ហាញ​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​ឃើញ​ថា​លោក​បាន​រស់​ឡើង​វិញ​មែន។ ក្រោយ​មក លោក​បាន​ចាក​ចេញ​ពី​ផែន​ដី​ត្រឡប់​ទៅ​នៅ​ជា​មួយ​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌​វិញ។ (​សកម្មភាព ១:៩​-​១១​) មិន​យូរ​ក្រោយ​មក ពួក​អ្នក​កាន់​តាម​លោក​ចាប់​ផ្ដើម​ប្រាប់​ដល់​មនុស្ស​គ្រប់​គ្នា​ថា ព្រះ​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ហើយ។ សូម្បី​តែ​ពួក​សង្ឃ​វាយ​ពួក​គាត់ ហើយ​ពួក​គាត់​ខ្លះ​ត្រូវ​គេ​សម្លាប់​ក្ដី ពួក​គាត់​នៅ​បន្ត​ផ្សព្វ​ផ្សាយ​ជា​និច្ច។ ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ដឹង​ថា បើ​ស្លាប់ ព្រះ​នឹង​ប្រោស​ពួក​គាត់​ឲ្យ​រស់​ឡើង​វិញ ដូច​លោក​ប្រោស​បុត្រ​របស់​លោក​ឲ្យ​រស់​ឡើង​វិញ​ដែរ។

ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ប្រាប់​មនុស្ស​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ គឺ​លោក​បាន​ប្រោស​បុត្រ​របស់​លោក​ឲ្យ​រស់​ឡើង​វិញ។ យើង​ក៏​អាច​ធ្វើ​ដូច​ពួក​គាត់​ដែរ។ យើង​មិន​ចាំ​បាច់​ខ្លាច​ទេ ទោះ​ជា​មនុស្ស​គំរាម​ថា​សម្លាប់​យើង​ក៏​ដោយ។ បើ​យើង​ស្លាប់ ព្រះ​យេហូវ៉ា​មិន​ភ្លេច​យើង​ទេ លោក​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ ដូច​លោក​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ដែរ។

ព្រះ​នឹក​ចាំ​អ្នក​ដែល​បម្រើ​លោក ហើយ​សូម្បី​តែ​ពួក​គេ​ស្លាប់​ហើយ​ក្ដី លោក​នឹង​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ។ ពេល​យើង​ដឹង​ដូច​នេះ ពិត​ជា​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ណាស់ មែន​ទេ?— ការ​ដឹង​ដូច​នេះ គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​ស្វែង​យល់​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ តើ​យើង​ពិត​ជា​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​បាន​ទេ? តើ​កូន​ដឹង​ទេ?— សូម​ស្តាប់​អំពី​រឿង​នេះ​នៅ​ជំពូក​បន្ទាប់។

ការ​ជឿ​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គួរ​ពង្រឹង​ជំនឿ​និង​សេចក្ដី​សង្ឃឹម​របស់​យើង។ សូម​អាន សកម្មភាព ២:២២​-​៣៦; ៤:១៨​-​២០ និង​កូរិនថូស​ទី១ ១៥:៣​-​៨, ២០​-​២៣