លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៣៣

លោក​យេស៊ូ​អាច​ការ​ពារ​យើង

លោក​យេស៊ូ​អាច​ការ​ពារ​យើង

តើ​កូន​ចាត់​ទុក​លោក​យេស៊ូ​ជា​ស្ដេច​ដែល​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា ឬ​គ្រាន់​តែ​ជា​កូន​ង៉ែត​តូច​មួយ​ប៉ុណ្ណោះ?

ពេល​លោក​យេស៊ូ​ធំ​ឡើង លោក​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ការពារ​លោក កាល​ដែល​លោក​នៅ​តូច។ ដូច្នេះ តើ​កូន​គិត​ថា​លោក​យេស៊ូ​បាន​អធិដ្ឋាន​អរគុណ​ព្រះ​យេហូវ៉ា​ឬ​ទេ?— ក្រោយ​ពី​លោក​យេស៊ូ​ដឹង​ថា​យ៉ូសែប​និង​នាង​ម៉ារៀ​បាន​ជួយ​សង្គ្រោះ​ជីវិត​របស់​លោក​ដោយ​នាំ​ទៅ​ស្រុក​អេស៊ីប តើ​កូន​គិត​ថា​លោក​យេស៊ូ​ប្រហែល​ជា​និយាយ​អ្វី​ទៅ​កាន់​ពួក​គាត់?—

ឥឡូវ​នេះ លោក​យេស៊ូ​មិន​មែន​ជា​កូន​ង៉ែត​ទេ ហើយ​លោក​ក៏​មិន​រស់​នៅ​ផែន​ដី​ទៀត​ដែរ។ ប៉ុន្តែ ទោះ​ជា​លោក​យេស៊ូ​មិន​រស់​នៅ​ផែន​ដី​ទៀត​ក្ដី តើ​កូន​ជឿ​ថា​លោក​កំពុង​នៅ​រស់​ទេ?— មែន​ហើយ ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ហើយ​ឥឡូវ​លោក​ជា​ស្ដេច​ដ៏​ខ្លាំង​ក្លា​នៅ​ស្ថាន​សួគ៌។ តើ​កូន​គិត​ថា​លោក​អាច​ការពារ​ពួក​អ្នក​ដែល​បម្រើ​លោក​យ៉ាង​ដូច​ម្ដេច?— ជា​ឧទាហរណ៍ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​លោក​អាច​ការពារ​អ្នក​ដែល​ស្រឡាញ់​លោក។ នៅ​ថ្ងៃ​មួយ ពេល​លោក​យេស៊ូ​ជិះ​ទូក​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​លោក តើ​លោក​បាន​ការពារ​ពួក​គេ​យ៉ាង​ដូច​ម្ដេច? ឥឡូវ​សូម​ស្តាប់​រឿង​នេះ។

លោក​យេស៊ូ​បាន​បង្រៀន​បណ្ដា​ជន​ពេញ​មួយ​ថ្ងៃ​នៅ​ជិត​សមុទ្រ​កាលីឡេ។ សមុទ្រ​កាលីឡេ​ជា​បឹង​ធំ​មួយ ដែល​មាន​បណ្ដោយ​២០​គីឡូ​ម៉ែ​ត និង​ទទឹង​១២​គីឡូ​ម៉ែត។ ពេលនោះ​ព្រលប់​ហើយ លោក​បាន​និយាយ​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង​បឹង​»។ ដូច្នេះ ពួក​គាត់​ក៏​បើក​ក្ដោង​ទូក​ចេញ​ដំណើរ​ឆ្លង​បឹង​នោះ។ លោក​យេស៊ូ​អស់​កម្លាំង​ខ្លាំង​ណាស់ ដូច្នេះ​លោក​ក៏​ទៅ​សម្រាន្ត​លើ​ខ្នើយ​នៅ​កន្សៃ​ទូក ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​លង់​លក់​ទៅ។

តើ​លោក​យេស៊ូ​កំពុង​និយាយ​អ្វី​ទៅ​កាន់​ខ្យល់​ព្យុះ​និង​ទឹក​រលក?

ប៉ុន្តែ ពួក​អ្នក​កាន់​តាម​លោក​មិន​បាន​គេង​ទេ ពួក​គាត់​នៅ​ភ្ញាក់​ដើម្បី​ឲ្យ​ទូក​ធ្វើ​ដំណើរ​តាម​ទិស​ត្រឹម​ត្រូវ។ អស់​មួយ​រយៈ​ពេល​គ្មាន​អ្វី​កើត​ឡើង​ទេ តែ​ក្រោយ​មក មាន​ខ្យល់​ព្យុះ​ដ៏​ធំ​មួយ​បក់​បោក​មក និង​ធ្វើ​ឲ្យ​រលក​សមុទ្រ​កញ្ជ្រោល​កាន់​តែ​ខ្លាំង​ឡើង​ៗ ហើយ​រលក​បាន​វាយ​ផ្ទប់​ទូក​នោះ រហូត​ដល់​ទឹក​ចូល​ជិត​ពេញ។

ពួក​អ្នក​កាន់​តាម​លោក​ខ្លាច​ថា​ពួក​គាត់​នឹង​លិច​ទូក។ តែ​លោក​យេស៊ូ​មិន​ខ្លាច​ទេ។ លោក​នៅ​តែ​សម្រាន្ត​នៅ​កន្សៃ​ទូក​នៅ​ឡើយ។ នៅ​ទី​បំផុត ពួក​គាត់​បាន​ទៅ​ដាស់​លោក​ថា​៖ ‹លោក​គ្រូ! លោក​គ្រូ! សូម​សង្គ្រោះ​យើង​ផង យើង​ជិត​ស្លាប់​ដោយ​សារ​ខ្យល់​ព្យុះ​នេះ​ហើយ!›។ នៅ​ពេល​នោះ លោក​ក៏​ក្រោក​ឡើង​និយាយ​ទៅ​កាន់​ខ្យល់​និង​រលក​ថា​៖ ​«​ចូរ​ស្ងៀម​ទៅ!​»។

ភ្លាម​នោះ​ខ្យល់​ឈប់​បក់​ហើយ​សមុទ្រ​ក៏​ស្ងប់​ទៅ។ ពួក​អ្នក​កាន់​តាម​លោក​នឹក​ស្ញប់​ស្ញែង​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង។ ពួកគាត់​មិន​ធ្លាប់​ឃើញ​អ្វី​ដូច​នេះ​ពី​មុន​ទេ។ ដូច្នេះ​ពួក​គាត់​ក៏​បាន​សួរ​គ្នា​ថា​៖ ​«​តើ​លោក​នេះ​ពិត​ជា​អ្នក​ណា? ព្រោះ​សូម្បី​តែ​ខ្យល់​និង​ទឹក​ក៏​លោក​អាច​បញ្ជា​បាន​ដែរ ហើយ​វា​ស្តាប់​បង្គាប់​លោក​»។—លូកា ៨:២២​-​២៥; ម៉ាកុស ៤:៣៥​-​៤១

តើ​កូន​ដឹង​ថា​លោក​យេស៊ូ​ជា​អ្នក​ណា​ទេ?— តើ​កូន​ដឹង​ថា​លោក​បាន​ទទួល​ឫទ្ធានុភាព​មក​ពី​ណា​ទេ?— ពួក​អ្នក​កាន់​តាម​លោក​មិន​គួរ​ភ័យ​ខ្លាច​ឡើយ ពេល​ដែល​មាន​លោក​យេស៊ូ​នៅ​ជា​មួយ​នឹង​ពួក​គាត់។ ព្រោះ​លោក​យេស៊ូ​មិន​មែន​ជា​មនុស្ស​ធម្មតា​ទេ។ លោក​អាច​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន​ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ធ្វើ​បាន​ឡើយ។ ប៉ុន្តែ មាន​ពេល​មួយ​ទៀត​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ការ​អស្ចារ្យ​ពេល​មាន​ខ្យល់​ព្យុះ​នៅ​សមុទ្រ។ សូម​កូន​ស្តាប់​អំពី​រឿង​នេះ។

យូរ​ក្រោយ​មក នៅ​ល្ងាច​ថ្ងៃ​មួយ លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ចេញ​ទូក​ទៅ​ត្រើយ​ម្ខាង​សមុទ្រ​មុន​លោក។ រួច​មក​លោក​យេស៊ូ​បាន​ឡើង​ទៅ​លើ​ភ្នំ​ម្នាក់​ឯង។ នៅ​ទី​នោះ​ជា​កន្លែង​ស្ងាត់​ល្អ ដែល​លោក​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​បិតា។

ពួក​អ្នក​កាន់​តាម​លោក​បាន​ចុះ​ទូក​ហើយ​ក៏​បើក​ក្ដោង​ចេញ​ដំណើរ​ឆ្លង​សមុទ្រ។ ប៉ុន្តែ រំពេចនោះ​មាន​ខ្យល់​បក់​មក​ខ្លាំង​ឡើង​ៗ។ នៅ​ពេល​នោះ​គឺ​យប់​ហើយ។ ពួក​អ្នក​កាន់​តាម​លោក​បាន​ទម្លាក់​ក្ដោង​ចុះ ហើយ​ចាប់​ផ្ដើម​អុំ​វិញ។ តែ​ពួក​គាត់​អុំ​ទៅ​មិន​បាន​ឆ្ងាយ​ទេ ព្រោះ​ខ្យល់​ព្យុះ​បក់​បញ្ច្រាស​ទូក​របស់​ពួក​គាត់។ ទូក​ក៏​យោល​ចុះ​យោល​ឡើង​ក្នុង​រលក​ធំ​ៗ ហើយ​ទឹក​រលក​ក៏​បោក​ផ្ទប់​ចូល​ក្នុង​ទូក។ ពួក​គាត់​ខំ​ប្រឹង​អុំ​ឲ្យ​ដល់​ច្រាំង តែ​ពួក​គាត់​ធ្វើ​មិន​បាន។

នៅ​ពេល​នោះ លោក​យេស៊ូ​នៅ​លើ​ភ្នំ​ម្នាក់​ឯង​នៅ​ឡើយ។ លោក​បាន​នៅ​ទី​នោះ​យូរ។ ប៉ុន្តែ លោក​អាច​ឃើញ​ពួក​អ្នក​កាន់​តាម​លោក​ជិត​មាន​គ្រោះ​ថ្នាក់​ក្នុង​រលក​ធំ​ៗ។ ហេតុ​នេះ​ហើយ លោក​បាន​ចុះ​ពី​ភ្នំ​ទៅ​ច្រាំង​សមុទ្រ។ លោក​យេស៊ូ​ចង់​ជួយ​ពួក​គាត់ ដូច្នេះ​លោក​ក៏​ដើរ​លើ​ទឹក​កាត់​ខ្យល់​ព្យុះ​ទៅ​រក​ពួក​គាត់!

បើ​កូន​ព្យាយាម​ដើរ​លើ​ទឹក តើ​នឹង​មាន​អ្វី​កើត​ឡើង?— កូន​នឹង​លិច ហើយ​អាច​លង់​ទឹក​ស្លាប់​បាន។ ប៉ុន្តែ លោក​យេស៊ូ​គឺ​ខុស​គ្នា។ លោក​មាន​ឫទ្ធានុភាព​ពិសេស។ លោក​យេស៊ូ​ត្រូវ​ដើរ​ឆ្ងាយ​ទៅ​រក​ទូក​របស់​ពួក​អ្នក​កាន់​តាម​លោក។ ពេល​ដែល​ពួក​គាត់​ឃើញ​លោក​យេស៊ូ​កំពុង​ដើរ​លើ​ទឹក​ឆ្ពោះ​មក​រក​ពួក​គាត់ គឺ​ទៀប​ភ្លឺ​ហើយ។ ប៉ុន្តែ ពួក​គាត់​មិន​អាច​ជឿ​អ្វី​ដែល​ពួក​គាត់​ឃើញ​នោះ​ទេ។ ពួក​គាត់​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ហើយ​ក៏​ស្រែក​ឡើង។ រួច​មក លោក​យេស៊ូ​និយាយ​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង គឺ​ខ្ញុំ​ទេ កុំ​ខ្លាច​ឡើយ​»។

ហេតុ​អ្វី​លោក​យេស៊ូ​បាន​ធ្វើ​ការ​អស្ចារ្យ?

ក្រោយ​ពី​លោក​យេស៊ូ​ចូល​ទូក ភ្លាម​នោះ​ខ្យល់​ព្យុះ​ក៏​ស្ងប់​ទៅ។ លើក​នេះ​ទៀត ពួក​អ្នក​កាន់​តាម​លោក​ក៏​នឹក​ស្ញប់​ស្ញែង​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ដែរ។ ពួក​គាត់​បាន​លំឱន​កាយ​គោរព​លោក​យេស៊ូ ហើយ​និយាយ​ថា​៖ ​«​លោក​ពិត​ជា​បុត្រ​របស់​ព្រះ​មែន​»។—ម៉ាថាយ ១៤:២២​-​៣៣; យ៉ូហាន ៦:១៦​-​២១

បើ​យើង​រស់​នៅ​គ្រា​នោះ ហើយ​ឃើញ​លោក​យេស៊ូ​ធ្វើ​ការ​អស្ចារ្យ យើង​ពិត​ជា​កោត​ស្ងើច​ណាស់ មែន​ទេ?— ហេតុ​អ្វី​លោក​យេស៊ូ​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ? តើ​កូន​ដឹង​ទេ?— លោក​ធ្វើ​ដូច្នោះ ដោយ​សារ​លោក​ស្រឡាញ់​ពួក​អ្នក​កាន់​តាម​លោក ហើយ​លោក​ចង់​ជួយ​ពួក​គាត់។ ម្យ៉ាង​ទៀត លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ដើម្បី​បង្ហាញ​ថា​ក្នុង​នាម​ជា​អ្នក​គ្រប់​គ្រង​រាជាណាចក្រ​របស់​ព្រះ លោក​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា ហើយ​ក៏​នឹង​ប្រើ​ឫទ្ធានុភាព​នោះ​នៅ​ថ្ងៃ​អនាគត​ដែរ។

នៅ​សព្វ​ថ្ងៃ​នេះ តើ​លោក​យេស៊ូ​ការពារ​ពួក​អ្នក​កាន់​តាម​លោក​យ៉ាង​ដូច​ម្ដេច?

នៅ​សព្វ​ថ្ងៃ​នេះ ជា​ច្រើន​ដង លោក​យេស៊ូ​ក៏​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ការពារ​ពួកអ្នក​កាន់​តាម​លោក​ដែរ ពេល​ដែល​សាថាន​ខំ​រារាំង​ពួក​គាត់​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ។ ប៉ុន្តែ លោក​យេស៊ូ​មិន​ប្រើ​ឫទ្ធានុភាព​ដើម្បី​ការពារ​ពួក​អ្នក​កាន់​តាម​លោក​មិន​ឲ្យ​ឈឺ ឬ​ជួយ​ពួក​គាត់​ឲ្យ​ជា​សះ​ស្បើយ​ពី​ជំងឺ​នោះ​ឡើយ។ សូម្បី​តែ​ពួក​សាវ័ក​ទាំង​អស់​របស់​លោក​យេស៊ូ​ក៏​បាន​ស្លាប់​ដែរ។ យ៉ាកុប​ជា​បង​ប្រុស​យ៉ូហាន​ត្រូវ​គេ​សម្លាប់ ហើយ​យ៉ូហាន​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក។—សកម្មភាព ១២:២; ការ​បើក​បង្ហាញ ១:៩

ស្រដៀង​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ មិន​ថា​មនុស្ស​បម្រើ​ព្រះ​យេហូវ៉ា​ឬ​មិន​បម្រើ​ក្ដី ពួក​គេ​ទាំង​អស់​គ្នា​អាច​ឈឺ​ហើយ​ស្លាប់។ ប៉ុន្តែ មិន​យូរ​ទៀត ក្នុង​អំឡុង​ពេល​ដែល​លោក​យេស៊ូ​គ្រប់​គ្រង​ជា​ស្ដេច​ក្នុង​រដ្ឋាភិបាល​របស់​ព្រះ អ្វី​ៗ​នឹង​ផ្លាស់​ប្ដូរ​វិញ។ នៅ​ពេល​នោះ គ្មាន​នរណា​ម្នាក់​នឹង​ភ័យ​ខ្លាច​ទៀត​ទេ ដោយ​សារ​លោក​យេស៊ូ​នឹង​ប្រើ​ឫទ្ធានុភាព​របស់​លោក ដើម្បី​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​ស្តាប់​បង្គាប់​លោក។—អេសាយ ៩:៦, ៧

ខ​គម្ពីរ​ផ្សេង​ទៀត​ប្រាប់​អំពី​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក​យេស៊ូ ជា​អ្នក​ដែល​ព្រះ​បាន​តែង​តាំង​ឲ្យ​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​របស់​លោក គឺ​មាន​នៅ ដានីយ៉ែល ៧:១៣, ១៤ ម៉ាថាយ ២៨:១៨ និង​អេភេសូរ ១:២០​-​២២