លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៣៨

ហេតុ​អ្វី​យើង​គួរ​ស្រឡាញ់​លោក​យេស៊ូ?

ហេតុ​អ្វី​យើង​គួរ​ស្រឡាញ់​លោក​យេស៊ូ?

សូម​ស្រមៃ​ថា កូន​នៅ​ក្នុង​ទូក​មួយ​ដែល​កំពុង​លិច។ តើ​កូន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​មក​សង្គ្រោះ​កូន​ឬ​ទេ?— ចុះ​បើ​មាន​អ្នក​ណា​ម្នាក់​បាន​លះ​បង់​ជីវិត​របស់​គាត់​ដើម្បី​សង្គ្រោះ​កូន?— តាម​ពិត លោក​យេស៊ូ​គ្រិស្ដ​បាន​លះ​បង់​ជីវិត​របស់​លោក​ដើម្បី​យើង។ ដូច​យើង​បាន​រៀន​ក្នុង​ជំពូក​ទី​៣៧​ហើយ​ថា លោក​យេស៊ូ​បាន​ឲ្យ​ជីវិត​របស់​លោក​ជា​ថ្លៃ​លោះ​ដើម្បី​សង្គ្រោះ​យើង។

លោក​យេស៊ូ​មិន​បាន​សង្គ្រោះ​យើង​ពី​ការ​លង់​ទឹក​នោះ​ទេ។ បើ​ដូច្នេះ តើ​លោកសង្គ្រោះ​យើង​ពី​អ្វី? តើ​កូន​នៅ​ចាំ​ទេ?— គឺ​លោកសង្គ្រោះ​យើង​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​ដែល​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ពី​អាដាម។ មនុស្ស​ខ្លះ​បាន​ធ្វើ​អំពើ​ដ៏​អាក្រក់​ណាស់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​ក៏​បាន​ស្លាប់​ជំនួស​ពួក​គេ​ដែរ។ តើ​កូន​សុខ​ចិត្ត​ប្រថុយ​ជីវិត​ដើម្បី​សង្គ្រោះ​មនុស្ស​ដែល​បាន​ធ្វើ​អំពើ​អាក្រក់​ទេ?—

គម្ពីរ​ប្រាប់​ថា​៖ ​«​កម្រ​មាន​អ្នក​ណា​សុខ​ចិត្ត​ស្លាប់​ដើម្បី​មនុស្ស​សុចរិត តែ​ដើម្បី​មនុស្ស​ល្អ ប្រហែល​ជា​មាន​អ្នក​ដែល​ហ៊ាន​ស្លាប់​»។ ប៉ុន្តែ គម្ពីរ​ពន្យល់​ថា​លោក​យេស៊ូ‹បាន​ស្លាប់​ដើម្បី​មនុស្ស​ដែល​មិន​គោរព​ព្រះ› នោះ​រួម​បញ្ចូល​មនុស្ស​ដែល​មិន​ទាំង​បម្រើ​ព្រះ​ផង! គម្ពីរ​ប្រាប់​ថែម​ទៀត​ថា​៖ ​«​គ្រិស្ដ​ស្លាប់​ដើម្បី​យើង កាល​ដែល​យើង​នៅ​ជា​អ្នក​ធ្វើ​ខុស​នៅ​ឡើយ​»។—រ៉ូម ៥:៦​-​៨

តើ​កូន​នៅ​ចាំ​ទេ​ថា សាវ័ក​មួយ​ណា​ដែល​ពេល​មុន​បាន​ធ្វើ​អំពើ​ដ៏​អាក្រក់?— សាវ័ក​នោះ​បាន​សរសេរ​ថា​៖ ​«​គ្រិស្ដ​យេស៊ូ​បាន​ចូល​ក្នុង​ពិភព​លោក​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ក្នុង​ចំណោម​អ្នក​ទាំង​នោះ ខ្ញុំ​ខុស​ធ្ងន់​ជាង​គេ​»។ សាវ័ក​ដែល​បាន​និយាយ​ពាក្យ​ទាំង​នេះ គឺ​ជា​សាវ័ក​ប៉ូល។ គាត់​បាន​និយាយ​ថា​គាត់​ធ្លាប់​ជា​«​មនុស្ស​ឥត​វិចារណញ្ញាណ​»​ឬ​មិន​ចេះ​ពិចារណា ហើយ​ថា​គាត់​បាន​បន្ត​«​ប្រព្រឹត្ត​អំពើ​អាក្រក់​»។—ធីម៉ូថេ​ទី១ ១:១៥; ទីតុស ៣:៣

ព្រះ​បាន​ចាត់​បុត្រ​របស់​លោក​ឲ្យ​ស្លាប់​ដើម្បី​មនុស្ស​ដូច​នោះ នេះ​បង្ហាញ​ថា​លោក​ស្រឡាញ់​មនុស្ស​ខ្លាំង​ណាស់! ឥឡូវ សូម​កូន​បើក​គម្ពីរ ហើយ​អាន​អំពី​រឿង​នេះ​ក្នុង​សៀវភៅ​យ៉ូហាន ជំពូក​ទី៣ ខ​១៦។ ខ​នេះ​ចែង​ថា​៖ ​«​ព្រះ​ស្រឡាញ់​ពិភព​លោក[​ជា​មនុស្ស​ដែល​រស់​នៅ​ផែន​ដី​]ដល់​ម៉្លេះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។

តើ​លោក​យេស៊ូ​បាន​រង​ទុក្ខ​អ្វី​ខ្លះ ពេល​លោក​ឲ្យ​ជីវិត​របស់​លោក​ដើម្បី​យើង?

លោក​យេស៊ូ​បាន​បង្ហាញ​ថា លោក​ស្រឡាញ់​យើង​ដូច​បិតា​លោក​ស្រឡាញ់​យើង​ដែរ។ កូន​ប្រហែល​ជា​នៅ​ចាំ​រឿង​នោះ​ក្នុង​ជំពូក​ទី​៣០ ដែល​រៀប​រាប់​អំពី​លោក​យេស៊ូ​បាន​រង​ទុក្ខ​ជា​ច្រើន​នៅ​យប់​ដែល​គេ​បាន​ចាប់​លោក។ គេ​បាន​យក​លោក​ទៅ​ផ្ទះ​របស់​សម្ដេច​សង្ឃ​កៃ​ផា នៅ​ទី​នោះ​គេ​បាន​វិនិច្ឆ័យ​ទោស​លោក។ គេ​បាន​នាំ​សាក្សី​ក្លែង​ក្លាយ​មក ដើម្បី​ឲ្យ​និយាយ​កុហក​អំពី​លោក ហើយ​មនុស្ស​បាន​ដាល់​លោក។ នៅ​ពេល​នោះ​ដែរ ពេត្រុស​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លោក​យេស៊ូ។ ឥឡូវ​សូម​ឲ្យ​យើង​ស្រមៃ​ថា យើង​កំពុង​នៅ​កន្លែង​នោះ ហើយ​ឃើញ​អ្វី​ដែល​កើត​ឡើង​ក្រោយ​មក។

ពេញ​មួយ​យប់​លោក​យេស៊ូ​មិន​បាន​សម្រាន្ត​សោះ។ ព្រឹក​ឡើង ពួក​សង្ឃ​ហៅ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឬ​តុលាការ​កំពូល​របស់​ពួក​យូដា​មក​ភ្លាម​ៗ ដើម្បី​កាត់​ក្ដី​ម្ដង​ទៀត ដោយ​សារ​ការ​វិនិច្ឆ័យ​ទោស​ដែល​គេ​ធ្វើ​នៅ​ពេល​យប់​នោះ គឺ​មិន​ស្រប​ច្បាប់​ទេ។ នៅ​ពេល​នោះ​ដែរ ពួក​គេ​បាន​ចោទ​ប្រកាន់​លោក​យេស៊ូ​ពី​បទ​ប្រឆាំង​ព្រះ។

បន្ទាប់​មក ពួក​សង្ឃ​បាន​ចង​លោក​យេស៊ូ ហើយ​នាំ​លោក​ទៅ​ជួប​ពីឡាត​ជា​អភិបាល​រ៉ូម។ ពួក​គេ​ប្រាប់​ពីឡាត​ថា​៖ ‹យេស៊ូ​នេះ​ប្រឆាំង​នឹង​រដ្ឋាភិបាល។ គាត់​គួរ​តែ​ស្លាប់›។ ប៉ុន្តែ ពីឡាត​យល់​ថា ពួក​សង្ឃ​ទាំង​នេះ​កំពុង​និយាយ​កុហក​ទេ។ ដូច្នេះ ពីឡាត​ប្រាប់​ពួក​គេ​ថា​៖ ‹ខ្ញុំ​មិន​ឃើញ​ថា​បុរស​នេះ​ធ្វើ​ខុស​អ្វី​ទេ។ ខ្ញុំ​នឹង​ដោះ​លែង​គាត់›។ ទោះ​ជា​ពីឡាត​ប្រាប់​យ៉ាង​នោះ​ក៏​ដោយ ពួក​សង្ឃ​និង​អ្នក​ឯ​ទៀត​ស្រែក​ឡើង​ថា​៖ ‹អត់​ទេ! ត្រូវ​តែ​សម្លាប់​គាត់!›។

ក្រោយ​មក ពីឡាត​បាន​ព្យាយាម​ប្រាប់​ពួក​គេ​ម្ដង​ទៀត​ថា គាត់​នឹង​ដោះ​លែង​លោក​យេស៊ូ។ ប៉ុន្តែ ពួក​សង្ឃ​បាន​ញុះញង់​បណ្ដា​ជន​ឲ្យ​ស្រែក​ឡើង​ថា​៖ ‹បើ​លោក​ដោះ​លែង​គាត់ លោក​ក៏​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែរ! សម្លាប់​គាត់​ទៅ!›។ បណ្ដា​ជន​ចាប់​ផ្ដើម​ស្រែក​ខ្លាំង​ៗ។ ដូច្នេះ តើ​ពីឡាត​បាន​ធ្វើ​អ្វី? តើ​កូន​ដឹង​ទេ?—

ពីឡាត​បាន​ស្តាប់​តាម​បណ្ដា​ជន។ មុន​ដំបូង​គាត់​ឲ្យ​គេ​វាយ​លោក​យេស៊ូ រួច​មក​បញ្ជូន​លោក​ទៅ​ពួក​ទាហាន​ដើម្បី​ឲ្យ​គេ​សម្លាប់​លោក។ ពួក​គេ​បាន​ក្រង​បន្លា​ធ្វើ​ជា​មកុដ​បំពាក់​លើ​ក្បាល​លោក ហើយ​ពួក​គេ​ចំអក​ឲ្យ​ដោយ​ធ្វើ​ជា​លំឱន​កាយ​គោរព​លោក។ បន្ទាប់​មក គេ​ឲ្យ​លោកយេស៊ូ​លី​បង្គោល​ឈើ​ធំ​មួយ ហើយ​នាំ​លោក​ទៅ​ខាង​ក្រៅ​ក្រុង​នៅ​កន្លែង​មួយ​ដែល​គេ​ហៅ​ថា​កន្លែង​លលាដ៍​ក្បាល។ នៅ​ទី​នោះ ពួក​គេ​បាន​យក​ដែក​គោល​ដំ​ដៃ​និង​ជើង​លោក​យេស៊ូ​ភ្ជាប់​នឹង​បង្គោល​ឈើ។ រួច​មក ពួក​គេ​បញ្ឈរ​បង្គោល​នោះ​ឡើង ដើម្បី​ព្យួរ​លោក​យេស៊ូ។ ឈាម​របស់​លោក​ហូរ​ស្រោច​ខ្លួន។ លោក​ច្បាស់​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់។

ប៉ុន្តែ លោក​យេស៊ូ​មិន​ស្លាប់​ភ្លាម​ៗ​ទេ។ លោក​ត្រូវ​គេ​ព្យួរ​នៅ​លើ​បង្គោល​ឈើ​នោះ។ ពួក​សង្ឃនាយក​បាន​ចំអក​ឲ្យ​លោក។ អ្នក​ដែល​ដើរ​កាត់​បាន​និយាយ​ថា​៖ ​«​បើ​អ្នក​ឯង​ជា​បុត្រ​ព្រះ​មែន ចូរ​ចុះ​ពី​បង្គោល​ទារុណកម្ម​មក!​»។ ប៉ុន្តែ លោក​យេស៊ូ​ដឹង​អំពី​គោល​បំណង​ដែល​បិតា​លោក​បាន​ចាត់​លោក​ឲ្យ​មក​ផែន​ដី។ ដូច្នេះ លោក​ដឹង​ថា​លោក​ត្រូវ​ឲ្យ​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក ដើម្បី​ឲ្យ​យើង​អាច​មាន​ឱកាស​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ នៅ​ទី​បំផុត ប្រហែល​ជា​ម៉ោង​បីរសៀល លោក​យេស៊ូ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ទៅ​បិតា​លោក ហើយ​ផុត​ដង្ហើម​ទៅ។—ម៉ាថាយ ២៦:៣៦–២៧:៥០; ម៉ាកុស ១៥:១; លូកា ២២:៣៩–២៣:៤៦; យ៉ូហាន ១៨:១–១៩:៣០

លោក​យេស៊ូ​ពិត​ជា​ខុស​ពី​អាដាម​ឆ្ងាយ​ណាស់! អាដាម​មិន​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ទេ។ គាត់​មិន​បាន​ស្តាប់​បង្គាប់​ព្រះ​ឡើយ។ គាត់​ក៏​មិន​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​ដែរ។ ដោយ​សារ​គាត់​បាន​ធ្វើ​អំពើ​ខុស​ឆ្គង យើង​ទាំង​អស់​គ្នា​បាន​កើត​មក​ដោយ​មាន​ភាព​ខុស​ឆ្គង។ ប៉ុន្តែ លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​ចំពោះ​យើង។ លោក​ស្តាប់​បង្គាប់​ព្រះ​ជា​និច្ច។ បន្ថែម​ទៀត លោក​បាន​ឲ្យ​ជីវិត​របស់​លោក ដើម្បី​ដក​ចេញ​នូវ​ផល​វិបាក​ដែល​អាដាម​បាន​បន្សល់​ទុក​ឲ្យ​យើង។

តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ថា​យើង​ស្រឡាញ់​លោក​យេស៊ូ?

តើ​កូន​យល់​តម្លៃ​នៃ​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ទេ?— ពេល​កូន​អធិដ្ឋាន​ទៅ​ព្រះ តើ​កូន​អរគុណ​លោក​ដែល​បាន​ឲ្យ​បុត្រ​របស់​លោក​ដល់​យើង​ទេ?— សាវ័ក​ប៉ូល​បាន​ដឹង​គុណ​លោក​យេស៊ូ​ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ​ដើម្បី​គាត់។ ប៉ូល​បាន​សរសេរ​ថា បុត្រ​របស់​ព្រះ​«​បាន​ស្រឡាញ់​ខ្ញុំ ហើយ​បាន​ប្រគល់​ខ្លួន​ដើម្បី​ខ្ញុំ​»។ (​កាឡាទី ២:២០​) លោក​យេស៊ូ​បាន​ស្លាប់​ដើម្បី​កូន​និង​ដើម្បី​ខ្ញុំ​ដែរ។ លោក​បាន​ឲ្យ​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​ដើម្បី​ឲ្យ​យើង​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! ការ​ដឹង​អំពី​នោះ​ពិត​ជា​ជំរុញ​ចិត្ត​យើង​ឲ្យ​ស្រឡាញ់​លោក​យេស៊ូ។

សាវ័ក​ប៉ូល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ដ​សាសនិក​នៅ​ក្រុង​កូរិនថូស​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​ដែល​គ្រិស្ដ​មាន ជំរុញ​ចិត្ត​យើង​»។ តើ​សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ដ​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បែប​ណា? តើ​កូន​គិត​យ៉ាង​ណា?— សូម​កត់​សម្គាល់​ចម្លើយ​របស់​សាវ័ក​ប៉ូល​ថា​គ្រិស្ដ​«​បាន​ស្លាប់​ដើម្បី​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​ដែល​រស់ អាច​រស់​ដើម្បី​លោក . . . មិន​មែន​រស់​ដើម្បី[​បំពេញ​ចិត្ត​]ខ្លួន​ឯង​ទៀត​ទេ​»។—កូរិនថូស​ទី២ ៥:១៤, ១៥

តើ​មាន​វិធី​ណា​ខ្លះ​ដែល​កូន​អាច​បង្ហាញ​ថា​កូន​កំពុង​រស់​នៅ​ដើម្បី​បំពេញ​ចិត្ត​របស់​គ្រិស្ដ? តើ​កូន​អាច​គិត​ឃើញ​ទេ?— វិធី​មួយ​គឺ​កូន​អាច​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​កូន​បាន​រៀន​អំពី​លោក។ សូម​គិត​អំពី​វិធី​មួយ​ទៀត ឧបមា​ថា​កូន​នៅ​ម្នាក់​ឯង ដូច្នេះ​ឪពុក​ម្ដាយ​របស់​កូន​មិន​អាច​ឃើញ​អ្វី​ដែល​កូន​កំពុង​ធ្វើ​ទេ ហើយ​អ្នក​ឯ​ទៀត​ក៏​មិន​អាច​ឃើញ​កូន​ដែរ។ តើ​កូន​នឹង​មើល​អ្វី​មួយ​ក្នុង​ទូរទស្សន៍​ឬ​អ៊ីនធឺណិត ដែល​លោក​យេស៊ូ​មិន​ពេញ​ចិត្ត​ឬ​ទេ?— សូម​ចាំ​ថា ឥឡូវ​នេះ​លោក​យេស៊ូ​មាន​ជីវិត​រស់​នៅ ហើយ​អាច​ឃើញ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ធ្វើ!

តើ​អ្នក​ណា​អាច​ឃើញ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ធ្វើ?

មូលហេតុ​មួយ​ទៀត​ដែល​យើង​គួរ​ស្រឡាញ់​លោក​យេស៊ូ គឺ​យើង​ចង់​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​បាន​និយាយ​ថា​៖ ​«​បិតា​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​ខ្ញុំ​»។ តើ​កូន​ដឹង​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់​លោក​យេស៊ូ និង​មូលហេតុ​ដែល​យើង​គួរ​ស្រឡាញ់​លោក​យេស៊ូ​ដែរ​ទេ?— គឺ​ដោយ​សារ​លោក​យេស៊ូ​សុខ​ចិត្ត​ស្លាប់​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ (​យ៉ូហាន ១០:១៧​) ដូច្នេះ សូម​ធ្វើ​តាម​ពាក្យ​ក្នុង​គម្ពីរ​ដែល​ថា​៖ ​«​ចូរ​យក​តម្រាប់​តាម​ព្រះ ក្នុង​នាម​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​លោក ចូរ​បន្ត​រស់​នៅ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ដូច​គ្រិស្ដ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​បាន​ប្រគល់​ខ្លួន​លោក​ដើម្បី​អ្នក​រាល់​គ្នា​»។—អេភេសូរ ៥:១, ២

ដើម្បី​យើង​មាន​ចិត្ត​កតញ្ញូ​ជ្រាល​ជ្រៅ​ចំពោះ​លោក​យេស៊ូ និង​ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ​ដើម្បី​យើង សូម​អាន យ៉ូហាន ៣:៣៥; ១៥:៩, ១០ និង​យ៉ូហាន​ទី១ ៥:១១, ១២