លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ«ចាំយាម»ចុះ! គ្រាជំនុំជម្រះបានមកដល់ហើយ!

ចូរ«ចាំយាម»ចុះ! គ្រាជំនុំជម្រះបានមកដល់ហើយ!

ចូរ​«​ចាំ​យាម​»​ចុះ! គ្រា​ជំនុំ​ជម្រះ​បាន​មក​ដល់​ហើយ!

ព័ត៌មាន​ក្នុង​អត្ថបទ​សិក្សា​នេះ​មាន​មូលដ្ឋាន​លើ​សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ! ដែល​បាន​ចេញ​នៅ​មហា​សន្និបាត​ទូទាំង​ពិភពលោក​ក្នុង​កំឡុង​ឆ្នាំ​២០០៤​-​២០០៥។

​«​[​ចូរ​]ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះ​អម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ​»។—ម៉ាថាយ ២៤:៤២

១, ២​. តើ​ព្រះ​យេស៊ូ​បាន​ប្រដូច​ការ​យាង​មក​របស់​ទ្រង់​ទៅ​នឹង​អ្វី?

 បើ​អ្នក​ដឹង​ថា រាល់​យប់​មាន​ចោរ​គាស់​ចូល​ផ្ទះ​មួយ​ក្នុង​សហគមន៍​របស់​អ្នក តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? អ្នក​នឹង​ប្រុង​ប្រយ័ត្ន​ហើយ​ចាំ​យាម​ជានិច្ច​ដើម្បី​ការពារ​បងប្អូន​ជា​ទី​ស្រឡាញ់​និង​ទ្រព្យ​សម្បត្ដិ​របស់​អ្នក។ យ៉ាង​ណា​មិញ ចោរ​មិន​ផ្ញើ​សំបុត្រ​មក​ប្រាប់​ឲ្យ​ដឹង​ទុក​ជា​មុន​ថា វា​នឹង​មក​នៅ​ពេល​ណា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​ធ្វើ​ចោរ​កម្ម​ដោយ​លួច​លាក់​នៅ​ពេល​មនុស្ស​មិន​ដឹង​ខ្លួន។

ជា​ច្រើន​ដង​ព្រះ​យេស៊ូ​លើក​ពី​សកម្មភាព​លួច​លាក់​របស់​ចោរ​មក​ធ្វើ​ជា​ឧទាហរណ៍។ (​លូកា ១០:៣០; យ៉ូហាន ១០:១០​) ស្តី​អំពី​ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង​នៅ​គ្រា​ចុង​បញ្ចប់​មុន​នឹង​ទ្រង់​យាង​មក​ដើម្បី​សម្រេច​តាម​ការ​ជំនុំ​ជម្រះ​នោះ ព្រះ​យេស៊ូ​បាន​ព្រមាន​ថា​៖ ​«​[​ចូរ​]​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះ​អម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ។ ចូរ​ដឹង​សេចក្ដី​នេះ​ចុះ! បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ជា​ចោរ​នឹង​មក​នៅ​យាម​ណា នោះ​គេ​នឹង​បាន​ចាំ​យាម​មិន​ឲ្យ​ចោរ​ទំលុះ​ចូល​ផ្ទះ​បាន​ទេ​»។ (​ម៉ាថាយ ២៤:៤២, ៤៣​) ដូច្នេះ​ព្រះ​យេស៊ូ​បាន​ប្រដូច​ការ​យាង​មក​របស់​ទ្រង់​ទៅ​នឹង​ពេល​ដែល​ចោរ​មក ពីព្រោះ​ចោរ​មក​នៅ​ពេល​ដែល​គ្មាន​អ្នក​ណា​ដឹង​ជា​មុន​ទេ។

៣, ៤​. (​ក​) តើ​មនុស្ស​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ស្ដាប់​តាម​ការ​ព្រមាន​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​ការ​យាង​មក​របស់​ទ្រង់? (​ខ​) តើ​នេះ​ធ្វើ​ឲ្យ​មាន​សំណួរ​អ្វី​ខ្លះ?

ឧទាហរណ៍​នោះ​គឺ​សមរម្យ ដ្បិត​គ្មាន​អ្នក​ណា​ដឹង​ថា​ព្រះ​យេស៊ូ​នឹង​យាង​មក​នៅ​ពេល​ណា​នោះ​ទេ។ ក្នុង​ទំនាយ​ដដែល​នោះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ​«​ឯ​ត្រង់​ថ្ងៃ​នឹង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​លើ​ស្ថានសួគ៌​ក៏​មិន​ដឹង​ដែរ ជ្រាប​តែ​ព្រះ​វរបិតា​នៃ​ខ្ញុំ​ប៉ុណ្ណោះ​»។ (​ម៉ាថាយ ២៤:៣៦​) ហេតុ​នេះ​ហើយ​ព្រះ​យេស៊ូ​បាន​ដាស់​តឿន​អ្នក​ដែល​កំពុង​តែ​ស្ដាប់​ទ្រង់​ឲ្យ​«​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​»។ (​ម៉ាថាយ ២៤:៤៤​) អ្នក​ដែល​ស្ដាប់​តាម​ការ​ព្រមាន​របស់​ព្រះ​យេស៊ូ​នឹង​ប្រុង​ប្រៀប​ខ្លួន​ដោយ​រក្សា​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ជានិច្ច មិន​ថា​ព្រះ​យេស៊ូ​យាង​មក​សម្រេច​តាម​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​យេហូវ៉ា​នៅ​ពេល​ណា​ក៏​ដោយ។

នេះ​ធ្វើ​ឲ្យ​ចោទ​ជា​សំណួរ​សំខាន់​ៗ​មួយ​ចំនួន ពោល​គឺ តើ​បន្ទូល​ព្រមាន​របស់​ព្រះ​យេស៊ូ​ឲ្យ​«​ចាំ​យាម​»​ គ្រាន់​តែ​សម្រាប់​មនុស្ស​លោកិយ ឬ​ក៏​សម្រាប់​គ្រីស្ទាន​ពិត​ដែរ? ហេតុ​អ្វី​បាន​ជា​បន្ទាន់​ណាស់​ឲ្យ​យើង​«​ចាំ​យាម​»​? ហើយ​តើ​យើង​អាច​«​ចាំ​យាម​»​ដោយ​ដូច​ម្ដេច?

តើ​ការ​ព្រមាន​នោះ​សម្រាប់​អ្នក​ណា?

៥​. ហេតុ​អ្វី​យើង​ដឹង​ថា​ការ​ព្រមាន​ឲ្យ​«​ចាំ​យាម​»​នោះ ក៏​សម្រាប់​ពួក​គ្រីស្ទាន​ពិត​ដែរ?

ពិត​មែន​ថា ចំពោះ​មនុស្ស​ក្នុង​លោកិយ​នេះ ព្រះ​អម្ចាស់​នឹង​យាង​មក​ដូច​ជា​ចោរ​មែន ពីព្រោះ​ពួក​គេ​មិន​ព្រម​ស្ដាប់​តាម​ការ​ព្រមាន​អំពី​សេចក្ដី​ហិនវិនាស​ដែល​ត្រូវ​មក​នៅ​ថ្ងៃ​ខាង​មុខ​នេះ។ (​ពេត្រុសទី២ ៣:៣​-​៧​) ក៏​ប៉ុន្តែ​ចុះ​យ៉ាង​ណា​គ្រីស្ទាន​ពិត​វិញ? សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​កាន់​អ្នក​ជឿ​គ្នីគ្នា​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​នៃ​ព្រះ​អម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់​»។ (​ថែស្សាឡូនីចទី១ ៥:២​) យើង​ជឿជាក់​ថា‹ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​មក​ដល់›ជា​មិន​ខាន។ ប៉ុន្តែ​តើ​នេះ​មាន​ន័យ​ថា​យើង​មិន​ចាំបាច់​ចាំ​យាម​ឬ​ទេ? សូម​កត់​សម្គាល់​ថា ព្រះ​យេស៊ូ​កំពុង​តែ​មាន​បន្ទូល​ទៅ​កាន់​សិស្ស​របស់​ទ្រង់​ពេល​ទ្រង់​បន្ទូល​ថា​៖ ​«​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត​»។ (​ម៉ាថាយ ២៤:៤៤, កំណែ​ជា​អក្សរ​ទ្រេត​) មុន​នោះ ពេល​ដែល​ព្រះ​យេស៊ូ​ដាស់​តឿន​បណ្ដា​សិស្ស​ឲ្យ​ស្វែង​រក​ព្រះ​រាជាណាចក្រ​ជានិច្ច​នោះ ទ្រង់​បាន​ព្រមាន​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​បំរុង​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត​»។ (​លូកា ១២:​៣១, ៤០, កំណែ​ជា​អក្សរ​ទ្រេត​) នេះ​បង្ហាញ​ច្បាស់​ថា ព្រះ​យេស៊ូ​ចង់​ព្រមាន​អ្នក​កាន់​តាម​ទ្រង់​ពេល​ដែល​មាន​បន្ទូល​ថា​ត្រូវ​«​ចាំ​យាម​»​នោះ មែន​ទេ?

៦​. ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​«​ចាំ​យាម​»​នោះ?

ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​«​ចាំ​យាម​»​និង​«​បំរុង​ខ្លួន​ជា​ស្រេច​»​? ព្រះ​យេស៊ូ​ពន្យល់​ថា​៖ ​«​នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​២​នាក់​នៅ​ចំ​ការ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទុក​នៅ ស្ត្រី​២​នាក់​កំពុង​តែ​កិន​ម្សៅ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទុក​នៅ​»។ (​ម៉ាថាយ ២៤:៤០, ៤១​) អ្នក​ដែល​ប្រុង​ប្រៀប​ជា​ស្រេច​នឹង​ត្រូវ​«​យក​ទៅ​»​ឬ​ត្រូវ​សង្គ្រោះ​នៅ​ពេល​ដែល​របប​លោកិយ​អាក្រក់​នេះ​ត្រូវ​បំផ្លាញ​ចោល។ អ្នក​ឯ​ទៀត​នឹង​ត្រូវ​«​ទុក​នៅ​»​ឲ្យ​ទទួល​សេចក្ដី​ហិនវិនាស​ដោយសារ​ពួក​គេ​ចង់​ប្រព្រឹត្ត​តាម​តែ​ចិត្ត​ខ្លួន។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ដែល​ធ្លាប់​ដឹង​ឮ​បន្ទូល​របស់​ព្រះ​យេស៊ូ ប៉ុន្តែ​មិន​បាន​ចាំ​យាម​រហូត​ទេ។

៧​. ដោយសារ​យើង​មិន​ដឹង​ថា​ទីបញ្ចប់​នឹង​មក​នៅ​ពេល​ណា​នោះ តើ​យើង​អាច​ធ្វើ​អ្វី?

ដោយសារ​យើង​មិន​ដឹង​ថា​ទីបញ្ចប់​នៃ​របប​លោកិយ​នេះ​នឹង​មក​ពេល​ណា យើង​មាន​ឱកាស​បង្ហាញ​ថា​យើង​បម្រើ​ព្រះ​ដោយ​មាន​បំណង​ចិត្ត​បរិសុទ្ធ។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ​បាន? ប្រហែល​មើល​ទៅ​ដូច​ជា​ទីបញ្ចប់​ក្រ​មក។ គួរ​ឲ្យ​ស្ដាយ​ណាស់ គ្រីស្ទាន​ខ្លះ​ដែល​មាន​អារម្មណ៍​ដូច្នេះ​បាន​រសាយ​ព្យាយាម​ក្នុង​កិច្ចបំរើ​ព្រះ​យេហូវ៉ា។ ក៏​ប៉ុន្តែ​ដោយសារ​យើង​បាន​ថ្វាយ​ខ្លួន​ចំពោះ​ទ្រង់ នេះ​មាន​ន័យ​ថា​យើង​នឹង​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ មនុស្ស​ដែល​ស្គាល់​ព្រះ​យេហូវ៉ា ដឹង​ថា​ការ​ចាំ​ទំរាំ​ទីបញ្ចប់​មក​ដល់​ហើយ​ទើប​ខ្នះខ្នែង​បម្រើ​ទ្រង់ នោះ​មិន​អាច​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​ទេ។ ទ្រង់​ជ្រាប​ពី​អ្វី​ក្នុង​ចិត្ត។—សាំយូអែលទី១ ១៦:៧

៨​. តើ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​ឲ្យ​យើង​ចាំ​យាម​យ៉ាង​ដូច​ម្ដេច?

ដោយសារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ពិត​នោះ អ្វី​ដែល​ធ្វើ​ឲ្យ​យើង​រីករាយ​បំផុត​គឺ​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់។ (​ទំនុកដំកើង ៤០:៨; ម៉ាថាយ ២៦:៣៩​) ហើយ​យើង​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត។ សេចក្ដី​សង្ឃឹម​នោះ​នៅ​តែ​មាន​តម្លៃ​លើស​លប់​ចំពោះ​យើង ទោះ​បើ​ត្រូវ​រង់ចាំ​យូរ​ជាង​យើង​បាន​នឹក​ស្មាន​ក៏​ដោយ។ សំខាន់​បំផុត យើង​នៅ​តែ​ចាំ​យាម​ពីព្រោះ​យើង​ចង់​ឃើញ​ណាស់​នូវ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា ដ្បិត​ថ្ងៃ​នោះ​ជា​ព្រឹត្ដិការណ៍​សំខាន់​ក្នុង​ការ​សម្រេច​នូវ​គោល​បំណង​របស់​ទ្រង់។ សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ស្មោះ​របស់​យើង​ដែល​ចង់​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នោះ ជំរុញ​ឲ្យ​យើង​ធ្វើ​តាម​ឱវាទ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់ ដោយ​ចាត់​ទុក​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​ជា​អាទិ​ភាព​ក្នុង​ជីវិត​យើង។ (​ម៉ាថាយ ៦:៣៣; យ៉ូហានទី១ ៥:៣​) ឥឡូវ​យើង​នឹង​ពិចារណា​នូវ​ឥទ្ធិពល​ដែល​ការ​ចាំ​យាម​គួរ​មាន​លើ​ការ​សម្រេច​ចិត្ត​និង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង។

តើ​អ្នក​បាន​កំណត់​គោល​ដៅ​នៃ​ជីវិត​របស់​ខ្លួន​ឬ​ទេ?

៩​. ហេតុ​អ្វី​ពេល​គឺ​បន្ទាន់​ឲ្យ​មនុស្ស​លោកិយ​ទទួល​ស្គាល់​អត្ថន័យ​នៃ​ព្រឹត្ដិការណ៍​ពិភពលោក​សម័យ​នេះ?

មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ទទួល​ស្គាល់​ថា​បញ្ហា​ធ្ងន់ធ្ងរ​និង​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​តក់ស្លុត​បាន​ក្លាយ​ជា​រឿង​ធម្មតា​វិញ។ ពួក​គេ​ប្រហែល​ជា​មិន​ពេញ​ចិត្ត​នឹង​គោល​ដៅ​នៃ​ជីវិត​របស់​ខ្លួន​ឡើយ។ ក៏​ប៉ុន្តែ តើ​ពួក​គេ​យល់​នូវ​អត្ថន័យ​ពិត​ប្រាកដ​នៃ​សភាព​ការណ៍​ពិភពលោក​ទេ? តើ​ពួក​គេ​ទទួល​ស្គាល់​ថា​យើង​កំពុង​តែ​រស់​នៅ​«​អវសាន​កាល​នៃ​ពិភពលោក​»​ឬ​ទេ? (​ម៉ាថាយ ២៤:៣, ខ.ស.​) តើ​ពួក​គេ​ទទួល​ស្គាល់​ថា អំពើ​ហិង្សា ភាព​អាត្មានិយម ថែម​ទាំង​ការ​មិន​គោរព​ព្រះ​ដែល​មាន​ទូទាំង​ផែនដី​សព្វ​ថ្ងៃ​នេះ ជា​ទី​សម្គាល់​ថា​នេះ​ជា​គ្រា​«​ជាន់​ក្រោយ​បង្អស់​»​ឬ​ទេ? (​ធីម៉ូថេទី២ ៣:១​-​៥​) ពេល​គឺ​បន្ទាន់​ហើយ! គួរ​ឲ្យ​ពួក​គេ​ទទួល​ស្គាល់​ពី​អត្ថន័យ​នៃ​ព្រឹត្ដិការណ៍​ទាំង​អស់​នេះ​ហើយ​ពិចារណា​គោល​ដៅ​នៃ​ជីវិត​ខ្លួន។

១០​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ប្រាកដ​ថា​យើង​កំពុង​តែ​ចាំ​យាម?

១០ ចុះ​យើង​វិញ? ជា​រៀង​រាល់​ថ្ងៃ​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ទាក់ទង​នឹង​ការងារ​ធ្វើ សុខភាព ក្រុម​គ្រួសារ និង​ការ​ថ្វាយ​បង្គំ​របស់​យើង។ យើង​ដឹង​ពី​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​ហើយ​យើង​ក៏​ព្យាយាម​ធ្វើ​តាម​ដែរ។ ហេតុ​នេះ​យក​ល្អ​ឲ្យ​យើង​សួរ​ខ្លួន​ឯង​ថា​៖ ‹តើ​ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​សេចក្ដី​ខ្វល់ខ្វាយ​នៃ​ជីវិត​ទាញ​បង្វែរ​ខ្ញុំ​ចេញ​ពី​ការ​រក​បំពេញ​គោល​ដៅ​ខាង​វិញ្ញាណ​ឬ​ទេ? តើ​ខ្ញុំ​ឲ្យ​ទស្សនៈ​និង​គំនិត​របស់​លោកិយ​នេះ​មាន​អានុភាព​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ឬ​ទេ?›។ (​លូកា ២១:៣៤​-​៣៦; កូល៉ុស ២:៨​) យើង​ត្រូវ​តែ​បន្ត​បង្ហាញ​ថា​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត ហើយ​មិន​ពឹងផ្អែក​លើ​យោបល់​ខ្លួន​ឡើយ។ (​សុភាសិត ៣:៥​) តាម​វិធី​នេះ យើង​នឹង​«​ចាប់​បាន​ជីវិត​អស់កល្ប​ជានិច្ច​»​ ក្នុង​ពិភពលោក​ថ្មី​របស់​ព្រះ។—ធីម៉ូថេទី១ ៦:១២, ១៩

១១​-​១៣​. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង (​ក​) នៅ​សម័យ​ណូអេ? (​ខ​) នៅ​សម័យ​ឡុត?

១១ ព្រះ​គម្ពីរ​មាន​គំរូ​ជា​ច្រើន​ដែល​ព្រមាន​យើង និង​អាច​ជួយ​ឲ្យ​យើង​បន្ត​ចាំ​យាម។ សូម​ពិចារណា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សម័យ​ណូអេ។ ព្រះ​បាន​រៀបចំ​ឲ្យ​មាន​ការ​ព្រមាន​យូរ​ទុក​ជា​មុន។ ប៉ុន្តែ​ក្រៅ​ពី​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់ គ្មាន​អ្នក​ណា​ចាប់​អារម្មណ៍​អ្វី​សោះ។ (​ពេត្រុសទី២ ២:៥​) ទាក់ទង​នឹង​រឿង​នេះ​ព្រះ​យេស៊ូ​ក៏​បាន​មាន​បន្ទូល​ថា​៖ ​«​កាល​ណា​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ។ ដ្បិត​នៅ​គ្រា​មុន​ទឹក​ជន់​លិច នោះ​គេ​កំពុង​តែ​ស៊ី​ផឹក ហើយ​រៀប​ការ​ប្ដី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ [​«​គេ​មិន​បាន​ចាប់​អារម្មណ៍​អ្វី​សោះ​»​] ទាល់តែ​ទឹក​ជន់​ឡើង យក​គេ​ទៅ​ទាំង​អស់​គ្នា នោះ​ដល់​កាល​ណា​កូន​មនុស្ស​មក ក៏​នឹង​មាន​ដូច្នោះ​ដែរ​»។ (​ម៉ាថាយ ២៤:៣៧​-​៣៩; ខ.ស.​) តើ​យើង​ទាញ​មេ​រៀន​អ្វី​ពី​គំរូ​នេះ? បើ​យើង​ណា​ម្នាក់​ធ្វើ​ឲ្យ​កង្វល់​កង្វាយ​ពី​ជីវិត​ប្រចាំ​ថ្ងៃ​ឬ​សូម្បី​តែ​កិច្ចការ​ធម្មតា​ក្នុង​ជីវិត រំខាន​ដល់​រឿង​ខាង​វិញ្ញាណ​ដែល​ព្រះ​ជំរុញ​ឲ្យ​យើង​ទុក​ជា​អាទិ​ភាព​នោះ យើង​ត្រូវ​តែ​គិត​ម្ដង​ទៀត​ឲ្យ​បាន​ជ្រៅជ្រះ​អំពី​បញ្ហា​នោះ។—រ៉ូម ១៤:១៧

១២ ម្យ៉ាង​ទៀត សូម​គិត​អំពី​សម័យ​ឡុត។ ទី​ក្រុង​សូដុំម​ដែល​ជា​លំនៅ​របស់​ឡុត​និង​ក្រុម​គ្រួសារ​គាត់ ជា​ទី​ក្រុង​រីក​ចំរើន​ណាស់ តែ​ស្ថិត​ក្នុង​សភាព​ថោកទាប​ខាង​សីលធម៌។ ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​របស់​ទ្រង់​ឲ្យ​ទៅ​បំផ្លាញ​ទី​ក្រុង​នោះ​ចោល។ ទេវតា​ទាំង​នោះ​បាន​ជំរុញ​ឡុត​និង​ក្រុម​គ្រួសារ​ឲ្យ​រត់​ពី​ទី​ក្រុង​សូដុំម​មិន​ឲ្យ​ត្រឡប់​មក​វិញ។ ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​ពួក​ទេវតា ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​ក្រុង​សូដុំម​មែន។ ប៉ុន្តែ​តាម​មើល​ទៅ​ប្រពន្ធ​របស់​ឡុត​មិន​បាន​ដាច់​អាល័យ​ពី​ទី​ក្រុង​សូដុំម​ជា​លំនៅ​របស់​គាត់​ឡើយ។ គាត់​មិន​ស្ដាប់​បង្គាប់​ដោយ​បាន​ងាក​មើល​ទៅ​ក្រោយ​វិញ។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​បាត់បង់​ជីវិត។ (​លោកុប្បត្តិ ១៩:​១៥​-​២៦​) ព្រះ​យេស៊ូ​បាន​ព្រមាន​យើង​អំពី​ពេល​អនាគត​ថា​៖ ​«​ចូរ​នឹក​ចាំ​ពី​ប្រពន្ធ​លោក​ឡុត​»។ តើ​យើង​កំពុង​ធ្វើ​តាម​ការ​ព្រមាន​នោះ​ឬ​ទេ?—លូកា ១៧:៣២

១៣ អស់​អ្នក​ដែល​បាន​ស្ដាប់​តាម​ការ​ព្រមាន​ពី​ព្រះ​បាន​ត្រូវ​សង្គ្រោះ។ នេះ​បាន​កើត​ឡើង​ក្នុង​ករណី​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់ ហើយ​ចំពោះ​ឡុត​និង​កូន​ស្រី​ពីរ​នាក់​របស់​គាត់​ដែរ។ (​ពេត្រុសទី២ ២:៩​) យើង​រំពឹង​គិត​អំពី​គំរូ​ទាំង​នេះ​ហើយ​ទទួល​ស្គាល់​មេ​រៀន​មួយ​ទៀត​ថា អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សុចរិត​ត្រូវ​បាន​សង្គ្រោះ។ មេ​រៀន​នេះ​លើក​ទឹក​ចិត្ត​យើង​ផង ហើយ​ពង្រឹង​ក្ដី​សង្ឃឹម​ឲ្យ​មាន​ជំនឿ​ជឿជាក់​ទៅ​លើ​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​របស់​ព្រះ​ស្តី​អំពី​«​ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី​»​ដែល​មាន​«​សុទ្ធតែ​សេចក្ដី​សុចរិត​»។—ពេត្រុសទី២ ៣:១៣

‹គ្រា​ជំនុំជំរះ›បាន​មក​ដល់​ហើយ!

១៤, ១៥​. (​ក​) តើ​គ្រា​ជំនុំ​ជម្រះ​រួម​បញ្ចូល​អ្វី? (​ខ​) តើ​ការ​«​កោត​ខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរី​ល្អ​របស់​ទ្រង់​»​រួម​បញ្ចូល​អ្វី​ខ្លះ?

១៤ ពេល​ដែល​យើង​ចាំ​យាម តើ​យើង​កំពុង​តែ​រង់ចាំ​ព្រឹត្ដិការណ៍​អ្វី​ខ្លះ? សៀវភៅ​វិវរណៈ​បញ្ជាក់​ដំណាក់​កាល​ផ្សេង​ៗ​នៃ​ការ​សម្រេច​នូវ​គោល​បំណង​របស់​ព្រះ។ ប៉ុន្តែ​អ្វី​ចាំបាច់​ត្រូវ​ឲ្យ​យើង​ធ្វើ​តាម​សេចក្ដី​នេះ ទើប​អាច​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច។ បទ​ទំនាយ​នោះ​រៀប​រាប់​យ៉ាង​ក្បោះក្បាយ​អំពី​ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង​នៅ​«​ថ្ងៃ​នៃ​ព្រះ​អម្ចាស់​»​ដែល​ចាប់​ផ្ដើម​ឆ្នាំ​១៩១៤​នៃ​ការ​គ្រង​រាជ្យ​របស់​ព្រះ​គ្រីស្ទ​នៅ​ស្ថានសួគ៌។ (​វិវរណៈ ១:១០​) សៀវភៅ​វិវរណៈ​ប្រាប់​យើង​អំពី​ទេវតា​មួយ​រូប​ដែល​បាន​ទទួល​«​ដំណឹង​ល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​»។ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ប្រកាស​ថា​៖ ​«​ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរី​ល្អ​របស់​ទ្រង់​ចុះ! ដ្បិត​ពេល​ដែល​ទ្រង់​ត្រូវ​ជំនុំជំរះ នោះ​បាន​មក​ដល់​ហើយ​»។ (​វិវរណៈ ១៤:៦, ៧​) ​«​ពេល​»​ឬ​គ្រា​ជំនុំ​ជម្រះ​នោះ​គឺ​រយៈ​ពេល​ខ្លី ក៏​រួម​បញ្ចូល​ពេល​ប្រកាស​រហូត​ដល់​ពេល​ដែល​ត្រូវ​ជំនុំ​ជម្រះ​ដូច​ត្រូវ​បញ្ជាក់​ក្នុង​បទ​ទំនាយ។ សព្វ​ថ្ងៃ​នេះ​យើង​កំពុង​តែ​រស់​នៅ​គ្រា​នោះ។

១៥ ឥឡូវ មុន​ដែល​គ្រា​ជំនុំ​ជម្រះ​ចប់​នោះ យើង​ត្រូវ​ជំរុញ​ឲ្យ ​«​កោត​ខ្លាច​ដល់​ព្រះ ហើយ​សរសើរ​សិរី​ល្អ​របស់​ទ្រង់​»។ តើ​នេះ​រួម​បញ្ចូល​អ្វី​ខ្លះ? ការ​កោត​ខ្លាច​ព្រះ​យ៉ាង​ត្រឹម​ត្រូវ​គួរ​ជំរុញ​ឲ្យ​យើង​បែរ​ចេញ​ពី​សេចក្ដី​អាក្រក់។ (​សុភាសិត ៨:១៣​) ប្រសិន​បើ​យើង​កោត​ខ្លាច​ព្រះ យើង​នឹង​ស្ដាប់​បង្គាប់​ទ្រង់​ហើយ​គោរព​ទ្រង់​យ៉ាង​ជ្រាល​ជ្រៅ។ យើង​នឹង​មិន​ឲ្យ​ខ្លួន​រវល់​រហូត​ដល់​មិន​អាច​អាន​ព្រះ​គម្ពីរ​ជា​បន្ទូល​ទ្រង់​ជា​ទៀងទាត់​ឡើយ។ យើង​ក៏​មិន​មើល​ស្រាល​ឱវាទ​របស់​ទ្រង់​ដែល​ថា​ត្រូវ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ដែរ។ (​ហេព្រើរ ១០:២៤, ២៥​) យើង​ចាត់​ទុក​ឯកសិទ្ធិ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ក្រោម​អំណាច​ព្រះមេស្ស៊ី​ជា​អ្វី​ដែល​មាន​តម្លៃ​លើស​លប់។ យើង​ប្រកាស​ដំណឹង​ល្អ​នោះ​ដោយ​ខ្នះខ្នែង។ យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​គ្រប់​ពេល​វេលា​ហើយ​ដោយ​អស់​ពី​ចិត្ត។ (​ទំនុកដំកើង ៦២:៨​) ដោយ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​មហាក្សត្រ​សកលលោក យើង​គោរព​ទ្រង់​ដោយ​ចិត្ត​ចុះ​ចូល​យ៉ាង​ស្មោះ​ចំពោះ​ការ​គ្រប់គ្រង​របស់​ទ្រង់។ តើ​អ្នក​ពិត​ជា​កោត​ខ្លាច​ព្រះ​ហើយ​សរសើរ​តម្កើង​សិរី​រុងរឿង​របស់​ទ្រង់​តាម​វិធី​ទាំង​អស់​នេះ​ទេ?

១៦​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ការ​ជំនុំ​ជម្រះ​បាប៊ីឡូន​ដ៏​ធំ​ដូច​ត្រូវ​រៀប​រាប់​នៅ​វិវរណៈ ១៤:៨ បាន​សម្រេច​រួច​ហើយ?

១៦ វិវរណៈ​ជំពូក​ទី១៤ រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ឯ​ទៀត​ដែល​នឹង​កើត​ឡើង​ក្នុង​គ្រា​ជំនុំ​ជម្រះ។ បាប៊ីឡូន​ដ៏​ធំ​ដែល​ជា​សាសនា​មិន​ពិត​ទូទាំង​ពិភពលោក​ត្រូវ​រៀប​រាប់​ជា​មុន​ដោយ​ថា​៖ ​«​មាន​ទេវតា​១​ទៀត​មក​តាម​ក្រោយ​ប្រាប់​ថា​៖ ‹ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ បាន​រលំ​ហើយ បាន​រលំ​ហើយ!› ​»។ (​វិវរណៈ ១៤:៨​) ពិត​មែន​ថា ចំពោះ​ព្រះ បាប៊ីឡូន​ដ៏​ធំ​បាន​រលំ​ហើយ។ នៅ​ឆ្នាំ​១៩១៩ អ្នក​បម្រើ​ចាក់​ប្រេង​តាំង​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ចំណង​ជា​និមិត្តរូប ពោល​គឺ​ចំណង​នៃ​សេចក្ដី​បង្រៀន​និង​ទំនៀម​ទម្លាប់​ដែល​មាន​លក្ខណៈ​ដូច​បាប៊ីឡូន​សម័យ​បុរាណ ដែល​មាន​ឥទ្ធិពល​លើ​សាសន៍​ផ្សេង​ៗ​អស់​រាប់​ពាន់​ឆ្នាំ​ហើយ។ (​វិវរណៈ ១៧:១, ១៥​) ចាប់​ពី​ពេល​នោះ​ទៅ ពួក​គេ​អាច​ប្រមូល​អារម្មណ៍​ទៅ​លើ​ការ​ថ្វាយ​បង្គំ​ពិត។ តាំង​ពី​ពេល​នោះ​មក ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​ត្រូវ​ផ្សាយ​ទូទាំង​ពិភពលោក។—ម៉ាថាយ ២៤:១៤

១៧​. តើ​ការ​ចេញ​ពី​បាប៊ីឡូន​ដ៏​ធំ​រួម​បញ្ចូល​អ្វី?

១៧ ការ​ជំនុំ​ជម្រះ​របស់​ព្រះ​ចំពោះ​បាប៊ីឡូន​ដ៏​ធំ​មិន​មាន​តែ​ប៉ុណ្ណេះ​ទេ។ សេចក្ដី​ហិនវិនាស​ចុង​ក្រោយ​របស់​វា​នឹង​មក​ឆាប់​ៗ​ខាង​មុខ​នេះ។ (​វិវរណៈ ១៨:២១​) ដោយ​មាន​ហេតុ​ត្រឹម​ត្រូវ ព្រះ​គម្ពីរ​ដាស់​តឿន​មនុស្ស​នៅ​គ្រប់​កន្លែង​ថា​៖ ​«​ចូរ​ចេញ​ពី​ទី​ក្រុង[​បាប៊ីឡូន​ដ៏​ធំ​] . . . ដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ​»។ (​វិវរណៈ ១៨:៤, ៥​) តើ​យើង​ចេញ​ពី​បាប៊ីឡូន​ដ៏​ធំ​យ៉ាង​ដូច​ម្ដេច? នេះ​មិន​ត្រឹម​តែ​ទាក់ទង​ការ​ផ្ដាច់​ទំនាក់ទំនង​ជា​មួយ​នឹង​សាសនា​មិន​ពិត​ឡើយ។ សូម្បី​តែ​ឥទ្ធិពល​ពី​បាប៊ីឡូន​ដ៏​ធំ​មាន​ក្នុង​ពិធី​បុណ្យ​សាសនា​និង​ទំនៀម​ទម្លាប់​ផ្សេង​ៗ អំពើ​អសីលធម៌​ខាង​កាម ហើយ​នាទី​កំសាន្ត​ដែល​ទាក់ទង​នឹង​មន្តអាគម​ជា​ដើម។ ដើម្បី​ចាំ​យាម​ជានិច្ច ជា​ការ​សំខាន់​គឺ​យើង​មិន​រួម​ចំណែក​ក្នុង​បាប៊ីឡូន​ដ៏​ធំ​ឲ្យ​សោះ ដោយ​ការ​ប្រព្រឹត្ត​និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​យើង។

១៨​. ដោយ​គិត​ពី​អ្វី​ដែល​ត្រូវ​រៀប​រាប់​នៅ​វិវរណៈ ១៤:៩, ១០ តើ​ពួក​គ្រីស្ទាន​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​អ្វី?

១៨ វិវរណៈ ១៤:៩, ១០ រៀប​រាប់​លក្ខណៈ​មួយ​ទៀត​នៃ‹គ្រា​ជំនុំជំរះ›។ ទេវតា​មួយ​ទៀត​ប្រាប់​ថា​៖ ​«​បើ​អ្នក​ណា​ក្រាប​ថ្វាយ​បង្គំ​ដល់​សត្វ​នោះ នឹង​រូប​វា ហើយ​ទទួល​ទីសំគាល់​វា​នៅ​លើ​ថ្ងាស ឬ​នៅ​ដៃ អ្នក​នោះ​នឹង​ត្រូវ​ផឹក​ស្រា​ផង​សេចក្ដី​ឃោរឃៅ​របស់​ព្រះ​»។ ហេតុ​អ្វី? ពីព្រោះ‹សត្វ​នោះ និង​រូប​វា› តំណាង​ការ​គ្រប់គ្រង​របស់​មនុស្ស​ដែល​មិន​ទទួល​ស្គាល់​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា។ គ្រីស្ទាន​ពិត​ប្រុង​ប្រយ័ត្ន​នឹង​ឥទ្ធិពល​របស់​បុគ្គល​ដែល​មិន​ព្រម​ទទួល​ស្គាល់​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត ដោយ​ជៀស​ចេញ​ពី​ចិត្ត​គំនិត​ឬ​ការ​ប្រព្រឹត្ត​ណា​ដែល​សម្គាល់​ពួក​គេ​ជា​អ្នក​បម្រើ​អ្នក​ទាំង​នោះ។ គ្រីស្ទាន​ទាំង​ឡាយ​ដឹង​ថា​ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​ត្រូវ​ស្ថាបនា​ឡើង​នៅ​ស្ថានសួគ៌​ហើយ ក៏​ដឹង​ថា​ការ​គ្រប់គ្រង​របស់​មនុស្ស​នឹង​ត្រូវ​បំផ្លាញ​ចោល តែ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​នៅ​ស្ថិតស្ថេរ​ជា​រៀង​រហូត។—ដានីយ៉ែល ២:៤៤

កុំ​ភ្លេច​ថា​ពេល​គឺ​បន្ទាន់​ហើយ!

១៩, ២០​. (​ក​) ពេល​ដែល​យើង​កាន់​តែ​ជិត​ដល់​ទីបញ្ចប់​នៃ​ជាន់​ក្រោយ​បង្អស់​នេះ តើ​យើង​អាច​ប្រាកដ​ថា​សាតាំង​នឹង​ខំ​ធ្វើ​អ្វី? (​ខ​) តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

១៩ ពេល​ដែល​យើង​កាន់​តែ​ជិត​ដល់​ទីបញ្ចប់​នៃ​គ្រា​ជាន់​ក្រោយ​បង្អស់​នេះ សេចក្ដី​ល្បួង​ផ្សេង​ៗ​និង​ការ​បង្ខិត​បង្ខំ​ពី​លោកិយ​មាន​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ដរាប​ណា​ដែល​យើង​រស់​ក្នុង​របប​លោកិយ​ចាស់​នេះ​និង​មាន​ភាព​ឥត​គ្រប់​ល័ក្ខណ៍ យើង​នៅ​តែ​មាន​បញ្ហា​សុខភាព ទៅ​ជា​ចាស់​ជរា បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ទទួល​រង​ការ​ឈឺ​ចាប់​ផ្លូវ​ចិត្ត ខក​ចិត្ត​នឹង​មនុស្ស​មិន​ស្ដាប់​សារ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​យើង​ខំ​ផ្សព្វផ្សាយ និង​មាន​អ្វី​ជា​ច្រើន​ទៀត។ កុំ​ភ្លេច​ថា​សាតាំង​ចង់​ឆ្លៀត​ប្រយោជន៍​ពី​បញ្ហា​ទាំង​នោះ​ដើម្បី​បង្ខំ​ឲ្យ​យើង​ឈប់​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ឬ​ឈប់​ប្រព្រឹត្ត​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ។ (​អេភេសូរ ៦:១១​-​១៣​) យើង​មិន​ត្រូវ​ភ្លេច​ថា នៅ​សម័យ​យើង​នេះ​ពេល​គឺ​បន្ទាន់​ហើយ!

២០ ព្រះ​យេស៊ូ​ជ្រាប​ថា​ទ្រង់​នឹង​ត្រូវ​គេ​បង្ខិត​បង្ខំ​ឲ្យ​ឈប់​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ ដូច្នេះ​ទ្រង់​ជូន​ឱវាទ​ថា​៖ ​«​[​ចូរ​]ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះ​អម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ​»។ (​ម៉ាថាយ ២៤:៤២​) ដូច្នេះ ចូរ​យើង​ចាំ​ជានិច្ច​ថា​យើង​កំពុង​តែ​រស់​នៅ​គ្រា​ណា​សព្វ​ថ្ងៃ​នេះ! ចូរ​យើង​ការពារ​ខ្លួន​ពី​ល្បិច​កល​របស់​សាតាំង​ដែល​អាច​ធ្វើ​ឲ្យ​យើង​លែង​ខ្នះខ្នែង​ឬ​ឈប់​បម្រើ​ព្រះ​តែ​ម្ដង។ ចូរ​យើង​តាំង​ចិត្ត​រឹង​មាំ​ឲ្យ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដោយ​ខ្នះខ្នែង​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ពេល​ដែល​យើង​ធ្វើ​តាម​ការ​ព្រមាន​របស់​ព្រះ​យេស៊ូ​ដែល​ឲ្យ​«​ចាំ​យាម​»​នោះ ចូរ​ចាំ​ជានិច្ច​ថា ពេល​គឺ​បន្ទាន់​ហើយ។ ធ្វើ​ដូច្នេះ យើង​ថ្វាយ​កិត្ដិយស​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​នឹង​រួម​ចំណែក​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នឹង​ទទួល​ពរ​ជា​រៀង​រហូត។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​យើង​ដឹង​យ៉ាង​ណា​ថា​ការ​ព្រមាន​របស់​ព្រះ​យេស៊ូ​ឲ្យ​«​ចាំ​យាម​»​ ក៏​រួម​បញ្ចូល​ពួក​គ្រីស្ទាន​ពិត​ដែរ?

• តើ​មាន​គំរូ​អ្វី​ក្នុង​ព្រះ​គម្ពីរ​ដែល​ព្រមាន​និង​ជួយ​យើង​ឲ្យ​«​ចាំ​យាម​»​?

• តើ​គ្រា​ជំនុំ​ជម្រះ​ជា​អ្វី? តើ​យើង​ត្រូវ​ដាស់​តឿន​ឲ្យ​ធ្វើ​អ្វី​មុន​ដែល​គ្រា​នោះ​ចប់?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​៥]

ពេល​ដែល​បាប៊ីឡូន​ដ៏​ធំ​ត្រូវ​បំផ្លាញ​ចោល ​គឺ​ជិត​ដល់​ហើយ

[រូបភាព​នៅ​ទំព័រ​៧]

ចូរ​យើង​តាំង​ចិត្ត​រឹង​មាំ​ឲ្យ​ផ្សព្វផ្សាយ​ដោយ​ខ្នះខ្នែង​កាន់​តែ​ខ្លាំង​ឡើង​ៗ​