លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរចេះបន្ទាបខ្លួនដោយចិត្ដស្មោះ

ចូរចេះបន្ទាបខ្លួនដោយចិត្ដស្មោះ

ចូរ​ចេះ​បន្ទាប​ខ្លួន​ដោយ​ចិត្ត​ស្មោះ

​«​ព្រះ​អង្គ​សង្គ្រោះ​មនុស្ស​ទន់​ទាប​»។—សា​មូអែល​ទី២ [​សាំយូអែលទី២​] ២២:២៨, ខ.ស.

១, ២​. តើ​អ្នក​គ្រប់គ្រង​ជា​ច្រើន​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​អ្វី?

 ប្រាសាទ​ពី​រ៉ា​មី​ត​ទាំង​ប៉ុន្មាន​នៅ​ប្រទេស​អេស៊ីប​ជា​ទី​សំអាង​ពី​ភាព​ឧត្តុង្គ​ឧត្តម​របស់​ស្តេច​ខ្លះ​ដែល​ធ្លាប់​គ្រប់គ្រង​នៅ​ស្រុក​នោះ។ អ្នក​គ្រប់គ្រង​ឯ​ទៀត​ដែល​មាន​ឈ្មោះ​ល្បី​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស រួម​បញ្ចូល​ស្តេច​សានហេរីប​នៅ​ស្រុក​អាសស៊ើរ បុរស​ជនជាតិ​ក្រិច​ម្នាក់​ដែល​គេ​ហៅ​ថា​អា​ឡិច​សង់​ដ៏​ឧត្តម និង​សេសារ​យូលាស​នៅ​ស្រុក​រ៉ូម។ អ្នក​គ្រប់គ្រង​ទាំង​ប៉ុន្មាន​នេះ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា ពោល​គឺ មិន​ធ្លាប់​មាន​ឈ្មោះ​ជា​អ្នក​បន្ទាប​ខ្លួន​ដោយ​ចិត្ត​ស្មោះ​ទេ។—ម៉ាថាយ ២០:២៥, ២៦

តើ​អ្នក​ស្រមៃ​គិត​ថា​អ្នក​គ្រប់គ្រង​ទាំង​នោះ​បាន​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​ខ្លួន​ដោយ​មាន​បំណង​ជួយ​សម្រាល​ទុក្ខ​រាស្ត្រ​ដែល​មាន​ឋានៈ​ទាបថោក​ឬ​ទេ? ពិត​ជា​អត់​ទេ! ហើយ​អ្នក​ក៏​មិន​នឹក​ស្មាន​ថា អ្នក​ធំ​ទាំង​នោះ​នឹង​ចូល​ទៅ​ក្នុង​ខ្ទម​របស់​មនុស្ស​រហេមរហាម​ដើម្បី​ពង្រឹង​កម្លាំង​គេ​ដែរ។ តែ​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់គ្រង​ដ៏​ខ្ពស់​បំផុត​ក្នុង​សកលលោក​ទាំង​មូល ហើយ​ទ្រង់​មាន​ទស្សនៈ​ខុស​ស្រឡះ​ពី​អ្នក​គ្រប់​គ្រង​ទាំង​នោះ​ចំពោះ​មនុស្ស​សាមញ្ញ!

គំរូ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បន្ទាប​ខ្លួន

៣​. តើ​អ្នក​គ្រប់គ្រង​ដ៏​ខ្ពស់​បំផុត​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ប្រជា​រាស្ត្រ?

ព្រះ​យេហូវ៉ា​ជា​ព្រះ​មួយ​អង្គ​ដែល​មាន​ភាព​ថ្កុំថ្កើង​យ៉ាង​ហួស​ប្រមាណ តែ​«​ព្រះ​នេត្រ​[​ទ្រង់​]​ចេះ​តែ​ទត​ច្រវាត់​នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល​ដើម្បី​នឹង​សំដែង​ព្រះ​ចេស្ដា​ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​»។ (​របាក្សត្រទី២ ១៦:៩​) ពេល​ដែល​ព្រះ​យេហូវ៉ា​រក​ឃើញ​អ្នក​ថ្វាយ​បង្គំ​ដែល​ទន់​ទាប​ហើយ​មាន​ចិត្ត​សង្រេង​ដោយ​ព្រោះ​បាន​រង​ទុក្ខ​លំបាក​ផ្សេង​ៗ​នោះ តើ​ទ្រង់​ធ្វើ​អ្វី? ពេល​នោះ ព្រះ​យេហូវ៉ា​ប្រើ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​«​ដើម្បី​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង ហើយ​ឲ្យ​ចិត្ត​មនុស្ស​សង្រេង​បាន​សង្ឃឹម​ឡើង​ដែរ​»​ ហាក់​ដូច​ជា​ទ្រង់​គង់​«​នៅ​ជា​មួយ​»​នឹង​គេ។ (​អេសាយ ៥៧:១៥​) យ៉ាង​នេះ ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​មាន​សង្ឃឹម​ឬ​កម្លាំង​ចិត្ត​ឡើង​វិញ​ដើម្បី​បម្រើ​ទ្រង់​ដោយ​អំណរ​ម្ដង​ទៀត។ ព្រះ​យេហូវ៉ា​ពិត​ជា​មាន​ព្រះ​ទ័យ​រាប​ទាប​មែន!

៤, ៥​. (​ក​) តើ​អ្នក​តែង​បទ​ទំនុកដំកើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​របៀប​គ្រប់គ្រង​របស់​ព្រះ? (​ខ​) តើ​ព្រះ​យេហូវ៉ា​«​ឱន​ព្រះ​នេត្រ​»​ដើម្បី​ជួយ​«​មនុស្ស​ក្រីក្រ​»​ក្នុង​ន័យ​អ្វី?

ព្រះ​អម្ចាស់​មហាក្សត្រ​យើង​បាន​បន្ទាប​ខ្លួន​យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ ដើម្បី​ជួយ​មនុស្ស​ជាតិ​ដែល​មាន​បាប។ គ្មាន​នរណា​ទៀត​ក្នុង​សកលលោក​ទាំង​មូល​ដែល​បាន​បន្ទាប​ខ្លួន​ដល់​កម្រិត​ទ្រង់​ឡើយ។ អ្នក​តែង​បទ​ទំនុកដំកើង​អាច​សរសេរ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​ស្ថិត​នៅ​ទី​ខ្ពស់​លើ​គ្រប់​ទាំង​សាសន៍ ហើយ​សិរី​ល្អ​នៃ​ទ្រង់​ក៏​ខ្ពស់​ជាង​ផ្ទៃ​មេឃ។ តើ​មាន​អ្នក​ឯ​ណា​ឲ្យ​ដូច​ជា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​នោះ? ទ្រង់​ឱន​ព្រះ​នេត្រ​ដើម្បី​ទត​មើល​ផ្ទៃ​មេឃ​នឹង​ផែនដី ទ្រង់​លើក​មនុស្ស​ក្រីក្រ​ឡើង​ចេញ​ពី​ធូលីដី ហើយ​មនុស្ស​កំសត់​ទុគ៌ត​ចេញ​ពី​គំនរ​សំរាម​»។—ទំនុកដំកើង ១១៣:៤​-​៧

ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​បរិសុទ្ធ ដូច្នេះ​ទ្រង់​មិន​ចេះ​បង្ហាញ​ព្រះទ័យ​«​ឆ្មើងឆ្មៃ​»​សោះ​ឡើយ។ (​ម៉ាកុស ៧:២២, ២៣​) ឃ្លា​«​ឱន​ព្រះ​នេត្រ​»​ក្នុង​បទ​ទំនុកដំកើង​នោះ បង្ហាញ​ពី​បុគ្គល​ខ្ពស់​មួយ​អង្គ​កំពុង​តែ​ចុះ​មក​ទាក់ទង​នឹង​ពួក​អ្នក​ដែល​មាន​ឋានៈ​ទាប​ជាង។ ដូច្នេះ ព្រះ​គម្ពីរ​ខ្លះ​បកប្រែ​ឃ្លា​នេះ​នៅ​ទំនុកដំកើង ១១៣:៦ ថា​ព្រះ​បន្ទាប​អង្គ​ទ្រង់។ ឃ្លា​នេះ​ពិត​ជា​ជួយ​យើង​ស្រមៃ​គិត​អំពី​ព្រះ​មួយ​អង្គ​ដែល​មាន​ព្រះទ័យ​រាប​ទាប កំពុង​តែ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ថ្វាយ​បង្គំ​ដ៏​មិន​គ្រប់​លក្ខណ៍​របស់​ទ្រង់ ទាំង​បង្ហាញ​ព្រះទ័យ​ស្រទន់​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ!—សាំយូអែលទី២ ២២:៣៦

មូលហេតុ​ដែល​ព្រះ​យេស៊ូ​ចេះ​បន្ទាប​អង្គ​ទ្រង់

៦​. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ព្រះទ័យ​រាប​ទាប​យ៉ាង​អស្ចារ្យ​បំផុត​ដោយ​ធ្វើ​អ្វី?

ការ​ចាត់​បុត្រ​ច្បង​ស្ងួនភ្ងា​ឲ្យ​ចាប់​កំណើត​នៅ​លើ​ផែនដី​រហូត​ដល់​ជា​មនុស្ស​ពេញ​វ័យ​ដែល​អាច​សង្គ្រោះ​មនុស្ស​ជាតិ​បាន គឺ​ពិត​ជា​អស្ចារ្យ​បំផុត​ក្នុង​ការ​បង្ហាញ​ពី​ព្រះទ័យ​រាប​ទាប​និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។ (​យ៉ូហាន ៣:១៦​) ព្រះ​យេស៊ូ​បាន​បង្រៀន​ដល់​យើង​នូវ​សេចក្ដី​ពិត​អំពី​ព្រះ​វរបិតា​របស់​ទ្រង់​នៅ​ស្ថានសួគ៌ ហើយ​ក្រោយ​មក​បាន​លះបង់​ជីវិត​ទ្រង់​ជា​មនុស្ស​គ្រប់​លក្ខណ៍​ដើម្បី​លោះ​«​បាប​មនុស្ស​លោក​»។ (​យ៉ូហាន ១:២៩; ១៨:៣៧​) ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា​ទ្រង់​មាន​បុគ្គលិកលក្ខណៈ​ដូច​បិតា​ទ្រង់ រួម​ទាំង​ព្រះទ័យ​រាប​ទាប​ផង ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ចុះ​ចូល​តាម​អ្វី​ដែល​ព្រះ​យេហូវ៉ា​សុំ​ឲ្យ​ទ្រង់​ធ្វើ។ ក្នុង​ចំណោម​បុគ្គល​ទាំង​ឡាយ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​មក ព្រះ​យេស៊ូ​ជា​គំរូ​ដ៏​ប្រសើរ​បំផុត​ស្តី​ពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​បន្ទាប​ខ្លួន។ មនុស្ស​ជា​ច្រើន​មិន​កោត​ស្ងើច​នឹង​ព្រះទ័យ​រាប​ទាប​របស់​ព្រះ​យេស៊ូ​ទេ ដ្បិត​សត្រូវ​របស់​ទ្រង់​បាន​ចាត់​ទុក​ទ្រង់​ជា​«​មនុស្ស​សណ្ឋាន​ទាបថោក​បំផុត​»​វិញ។ (​ដានីយ៉ែល ៤:១៧​) យ៉ាង​ណា​ក៏​ដោយ សាវ័ក​ប៉ុល​បាន​ទទួល​ស្គាល់​ថា បងប្អូន​រួម​ជំនឿ​ត្រូវ​ត្រាប់​តាម​ព្រះ​យេស៊ូ​ដោយ​បន្ទាប​ខ្លួន​ក្នុង​ការ​ទាក់ទង​គ្នា។—កូរិនថូសទី១ ១១:១; ភីលីព ២:៣, ៤

៧, ៨​. (​ក​) តើ​ព្រះ​យេស៊ូ​បាន​រៀន​ឲ្យ​ចេះ​បន្ទាប​អង្គ​ទ្រង់​យ៉ាង​ដូច​ម្ដេច? (​ខ​) ចំពោះ​អស់​អ្នក​ណា​ដែល​អាច​ក្លាយ​ជា​សិស្ស​របស់​ទ្រង់ តើ​ព្រះ​យេស៊ូ​អញ្ជើញ​ឲ្យ​គេ​ធ្វើ​អ្វី?

ប៉ុល​បាន​បញ្ជាក់​ពី​គំរូ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេស៊ូ​ពេល​ដែល​គាត់​សរសេរ​ថា​៖ ​«​[​បងប្អូន​]ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះ​គ្រីស្ទ​យេស៊ូ​វ​វិញ ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្ដី​ដែល​ស្មើ​នឹង​ព្រះ​នោះ​ទុក​ជា​សេចក្ដី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ។ គឺ​ទ្រង់​បាន​លះបង់​ព្រះ​អង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះ​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្ដាប់​បង្គាប់​រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង​»។—ភីលីព ២:៥​-​៨

មនុស្ស​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ព្រះ​យេស៊ូ​បាន​រៀន​ឲ្យ​ចេះ​បន្ទាប​អង្គ​ទ្រង់​យ៉ាង​ដូច​ម្ដេច?›។ ការ​រៀន​ឲ្យ​ចេះ​បន្ទាប​អង្គ​ទ្រង់​ជា​ផល​ល្អ​ដែល​ព្រះ​យេស៊ូ​បាន​ទទួល​ពេល​ធ្វើ​ការ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​វរបិតា​ទ្រង់​អស់​រាប់​សិប​លាន​ឆ្នាំ ដោយ​ទ្រង់​បំពេញ​មុខ​នាទី​ជា​«​មេ​ជាង​»​ក្នុង​ការ​បង្កើត​របស់​សព្វសារពើ។ (​សុភាសិត ៨:៣០​) ពេល​មនុស្ស​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ​ជា​លើក​ដំបូង​ក្នុង​សួនច្បារ​អេដែន​នោះ បុត្រ​ច្បង​របស់​ព្រះ​យេហូវ៉ា​បាន​កត់​សម្គាល់​នូវ​របៀប​ដែល​ព្រះ​វរបិតា​ប្រព្រឹត្ត​ដោយ​ព្រះទ័យ​រាប​ទាប​ទៅ​លើ​មនុស្ស​ទាំង​ពីរ​នាក់​នោះ។ ដូច្នេះ ពេល​ដែល​ព្រះ​យេស៊ូ​គង់​នៅ​លើ​ផែនដី ទ្រង់​ក៏​បាន​បង្ហាញ​នូវ​ព្រះទ័យ​រាប​ទាប​ដូច​ព្រះ​វរបិតា​ទ្រង់​ដែរ ហើយ​បាន​អញ្ជើញ​មនុស្ស​ឲ្យ​មក​ឯ​ទ្រង់​ដោយ​មាន​បន្ទូល​ថា​៖ ​«​ចូរ​ទទួល​នឹម​ខ្ញុំ​ហើយ​រៀន​នឹង​ខ្ញុំ​ចុះ! ដ្បិត​ខ្ញុំ​ស្លូត​ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង​»។—ម៉ាថាយ ១១:​២៩; យ៉ូហាន ១៤:៩

៩​. (​ក​) ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​ស្រឡាញ់​កូន​ក្មេង​ដូច្នេះ? (​ខ​) តើ​ព្រះ​យេស៊ូ​បង្រៀន​មេ​រៀន​អ្វី​ដោយ​យក​កូន​តូច​ម្នាក់​ដាក់​ពី​មុខ​ពួក​អ្នក​កាន់​តាម​ទ្រង់?

ក្មេង​តូច​ៗ​មិន​ខ្លាច​ព្រះ​យេស៊ូ​ទេ ពីព្រោះ​ទ្រង់​បង្ហាញ​ព្រះទ័យ​រាប​ទាប​យ៉ាង​ស្មោះ។ ជា​លទ្ធផល ក្មេង​ៗ​ចង់​ចូល​ទៅ​ជិត​ព្រះ​យេស៊ូ ហើយ​ទ្រង់​ក៏​បាន​បង្ហាញ​ថា​ទ្រង់​ស្រឡាញ់​គេ​ដោយ​យក​ព្រះទ័យ​ទុក​ដាក់​នឹង​គេ​ដែរ។ (​ម៉ាកុស ១០:១៣​-​១៦​) ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​ស្រឡាញ់​កូន​ក្មេង​ដូច្នេះ? គឺ​ពីព្រោះ​គេ​មាន​លក្ខណៈ​ផ្សេង​ៗ​ដែល​សិស្ស​ពេញ​វ័យ​ខ្លះ​របស់​ទ្រង់​មិន​តែង​តែ​បង្ហាញ។ ជាក់​ស្តែង​ក្មេង​ៗ​តែង​តែ​សួរ​សំណួរ​ជា​ច្រើន​ពី​មនុស្ស​ចាស់ ដែល​បង្ហាញ​ថា​គេ​ទទួល​ស្គាល់​ពួក​គាត់​ជា​អ្នក​ធំ​ជាង។ ពិត​ណាស់ ការ​បង្រៀន​កូន​ក្មេង​គឺ​ស្រួល​ជាង​បង្រៀន​មនុស្ស​ពេញ​វ័យ ហើយ​ក្មេង​ៗ​ក៏​មិន​សូវ​មាន​ចិត្ត​ធំ​ដូច​មនុស្ស​ពេញ​វ័យ។ មាន​គ្រា​មួយ​ដែល​ព្រះ​យេស៊ូ​បាន​យក​កូន​តូច​ម្នាក់​ដាក់​ពី​មុខ​ពួក​អ្នក​កាន់​តាម​ទ្រង់ ហើយ​មាន​បន្ទូល​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត​ហើយ​ត្រឡប់​ដូច​ជា​កូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ពុំ​បាន​ឡើយ​»។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៀត​ថា​៖ ​«​អ្នក​ណា​ដែល​បន្ទាប​ខ្លួន​ឲ្យ​បាន​ដូច​កូន​តូច​នេះ អ្នក​នោះ​ឯង​ឈ្មោះ​ថា ធំ​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌​ហើយ​»។ (​ម៉ាថាយ ១៨:៣, ៤​) ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពី​ខ្នាត​តម្រា​ថា​៖ ​«​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង​វិញ​»។—លូកា ១៤:១១; ១៨:១៤; ម៉ាថាយ ២៣:១២

១០​. តើ​យើង​និង​ពិភាក្សា​អំពី​សំណួរ​អ្វី​ខ្លះ?

១០ ខ្នាត​តម្រា​ពិត​នោះ​ក៏​នាំ​ឲ្យ​យើង​ឆ្ងល់​ថា បើ​យើង​ចេះ​បន្ទាប​ខ្លួន​ដោយ​ចិត្ត​ស្មោះ​ដើម្បី​ឲ្យ​បាន​ជីវិត​ជា​រៀង​រហូត ហេតុ​អ្វី​ក៏​ជួន​កាល​ពិបាក​ម្ល៉េះ​ឲ្យ​ជន​គ្រីស្ទាន​យើង​បន្ទាប​ខ្លួន? ហេតុ​អ្វី​ក៏​ពិបាក​ឲ្យ​យើង​បំបាត់​ចោល​ចិត្ត​អំណួត​និង​មាន​ចិត្ត​រាប​ទាប​ពេល​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​? តើ​មាន​ជំនួយ​អ្វី​ដើម្បី​ឲ្យ​យើង​ចេះ​បន្ទាប​ខ្លួន​ដោយ​ចិត្ត​ស្មោះ?—យ៉ាកុប ៤:៦, ១០

ហេតុ​ដែល​នាំ​ឲ្យ​ពិបាក​បន្ទាប​ខ្លួន

១១​. ហេតុ​អ្វី​ក៏​មិន​គួរ​ឲ្យ​ឆ្ងល់​ថា​យើង​ត្រូវ​ខំ​ពុះពារ​ឲ្យ​ចេះ​បន្ទាប​ខ្លួន?

១១ បើ​អ្នក​ខិតខំ​បង្ហាញ​ចិត្ត​រាប​ទាប​តែ​មើល​ទៅ​ដូច​ជា​មិន​សូវ​ចេះ​បន្ទាប​ខ្លួន​វិញ កុំ​អស់​សង្ឃឹម​ឡើយ ដ្បិត​បងប្អូន​ឯ​ទៀត​ក៏​ធ្លាប់​មាន​បញ្ហា​ដូច​គ្នា​ដែរ។ នៅ​ឆ្នាំ​១៩២០ ទស្សនាវដ្ដី​នេះ​បាន​ពន្យល់​អំពី​ការ​ដាស់​តឿន​ក្នុង​ព្រះ​គម្ពីរ​ឲ្យ​យើង​ចេះ​បន្ទាប​ខ្លួន​ដោយ​ចែង​ថា​៖ ​«​ពេល​ដែល​យើង​រៀន​ថា ព្រះ​អម្ចាស់​ចាត់​ទុក​ចិត្ត​រាប​ទាប​ជា​គុណសម្បត្ដិ​ដ៏​សំខាន់​មួយ នេះ​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​សិស្ស​ពិត​ទាំង​ឡាយ​របស់​ទ្រង់​ព្យាយាម​បន្ទាប​ខ្លួន​រាល់​តែ​ថ្ងៃ​»។ រួច​មក អត្ថបទ​នោះ​បាន​សរសេរ​សារភាព​ថា​៖ ​«​ទោះ​ជា​មាន​ដំបូន្មាន​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ​ក៏​ដោយ មើល​ទៅ​ដូច​ជា​ការ​ចេះ​បន្ទាប​ខ្លួន​ជា​បញ្ហា​ធំ​បំផុត​ដែល​មនុស្ស​ត្រូវ​យក​ឈ្នះ​ពេល​ចាប់​ផ្ដើម​កាន់​តាម​ព្រះ​អម្ចាស់ ដោយសារ​ពួក​គេ​មាន​ទំនោរ​ចិត្ត​អាក្រក់​បណ្ដាល​មក​ពី​ភាព​មិន​គ្រប់​លក្ខណ៍​»។ នេះ​ជួយ​បញ្ជាក់​នូវ​មូលហេតុ​មួយ​ដែល​ពួក​គ្រីស្ទាន​ត្រូវ​ខិតខំ​បន្ទាប​ខ្លួន គឺ​ដោយ​ព្រោះ​យើង​មាន​ទំនោរ​ចិត្ត​មិន​គ្រប់​លក្ខណ៍​ទោរ​ទន់​ទៅ​រក​កិត្ដិយស​ដែល​យើង​មិន​គួរ​នឹង​ទទួល។ យើង​មាន​ទំនោរ​ចិត្ត​បែប​នេះ​ពីព្រោះ​យើង​ជា​កូន​ចៅ​របស់​អ័ដាម​និង​អេវ៉ា​ដែល​ជា​មនុស្ស​មួយ​គូ​ដ៏​មាន​បាប​ដោយសារ​បាន​ចុះ​ចាញ់​នឹង​ចំណង់​ចំណូល​ចិត្ត​ដែល​បង្ហាញ​អត្តទត្ថភាព។—រ៉ូម ៥:១២

១២, ១៣​. (​ក​) តើ​លោកិយ​នេះ​បាន​នាំ​ឲ្យ​ពួក​គ្រីស្ទាន​មាន​ការ​ពិបាក​ក្នុង​ការ​បន្ទាប​ខ្លួន​យ៉ាង​ណា? (​ខ​) ពេល​ដែល​យើង​ខំ​រៀន​ឲ្យ​ចេះ​បន្ទាប​ខ្លួន​នោះ តើ​អ្នក​ណា​គាប​សង្កត់​លើ​យើង?

១២ មូលហេតុ​មួយ​ទៀត​ដែល​យើង​ប្រហែល​ជា​មាន​ការ​ពិបាក​ក្នុង​ការ​បន្ទាប​ខ្លួន គឺ​ដោយ​សារ​តែ​យើង​រស់​ក្នុង​លោកិយ​ដែល​ពោរពេញ​ដោយ​ការ​ញុះញង់​ឲ្យ​មនុស្ស​មាន​ឋានៈ​ឬ​មុខ​មាត់​ធំដុំ​ជាង​អ្នក​ដទៃ។ មនុស្ស​ភាគ​ច្រើន​ក្នុង​លោកិយ​នេះ​មាន​គោល​ដៅ​មួយ​គឺ ចង់​តែ​បំពេញ​តាម​«​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម​[​ដែល​មាន​បាប​] នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត​»​ប៉ុណ្ណោះ។ (​យ៉ូហានទី១ ២:១៦​) ជាជាង​អនុញ្ញាត​ឲ្យ​ក្ដី​ប៉ង​ប្រាថ្នា​របស់​លោកិយ​នេះ​កាន់​កាប់​លើ​ជីវិត ជា​សិស្ស​របស់​ព្រះ​យេស៊ូ​យើង​ត្រូវ​រក្សា​ឲ្យ​មាន​ភ្នែក​ល្អ​ដែល​ចេះ​តែ​ផ្ដោត​អារម្មណ៍​លើ​ការ​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ។—ម៉ាថាយ ៦:២២​-​២៤, ៣១​-​៣៣; យ៉ូហានទី១ ២:១៧

១៣ មូលហេតុ​ទី​បី​ដែល​ការ​ចេះ​បន្ទាប​ខ្លួន​ជា​ការ​ពិបាក​នោះ ដោយសារ​អ្នក​ដែល​មាន​ឫក​ធំ​មុន​គេ​បង្អស់ គឺ​អារក្ស​សាតាំង ជា​អ្នក​គ្រប់គ្រង​លោកិយ​នេះ។ (​កូរិនថូសទី២ ៤:៤; ធីម៉ូថេទី១ ៣:៦​) សាតាំង​តែង​តែ​ញុះញង់​មនុស្ស​ឲ្យ​មាន​លក្ខណៈ​អាក្រក់​ដូច​វា។ ជាក់​ស្តែង​វា​បាន​ខិតខំ​ល្បួង​ព្រះ​យេស៊ូ​ឲ្យ​ថ្វាយ​បង្គំ​វា ដោយ​សន្យា​ប្រគល់​«​អស់​ទាំង​នគរ​ក្នុង​លោកីយ​នឹង​សិរី​លំអ​របស់​នគរ​ទាំង​នោះ​»​ដល់​ទ្រង់​វិញ។ ព្រះ​យេស៊ូ​រមែង​មាន​ព្រះទ័យ​រាប​ទាប ដូច្នេះ​ទ្រង់​បដិសេធ​ដាច់ខាត​នូវ​សេចក្ដី​ស្នើ​សុំ​របស់​សាតាំង។ (​ម៉ាថាយ ៤:៨, ១០​) ដូច​គ្នា​ដែរ សាតាំង​ក៏​ប៉ុនប៉ង​ល្បួង​ពួក​គ្រីស្ទាន​ឲ្យ​ស្វែង​រក​កិត្ដិយស​សម្រាប់​តែ​ខ្លួន​ឯង។ ប៉ុន្តែ ជន​គ្រីស្ទាន​ដែល​ចេះ​បន្ទាប​ខ្លួន​នោះ ខំ​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ​ដោយ​សរសើរ​និង​លើក​កិត្ដិយស​ថ្វាយ​ព្រះ​យេហូវ៉ា។—ម៉ាកុស ១០:១៧, ១៨

ការ​រៀន​ឲ្យ​ចេះ​បន្ទាប​ខ្លួន​ដោយ​ចិត្ត​ស្មោះ

១៤​. តើ​ការ‹ប្រព្រឹត្ត​បែប​ដូច​ជា​មាន​ចិត្ត​សុភាព›ឬ‹ធ្វើ​ឫក​ហាក់​ដូច​ជា​ដាក់​ខ្លួន›នោះ មាន​ន័យ​អ្វី?

១៤ ពេល​ដែល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ដល់​បងប្អូន​នៅ​ទី​ក្រុង​កូល៉ុស គាត់​បាន​ព្រមាន​កុំ​ឲ្យ​មាន​ឫកពា​រាប​ទាប​តែ​សម្បក​ក្រៅ​ដើម្បី​ឲ្យ​មនុស្ស​កោត​ស្ងើច។ ប៉ុល​បាន​ហៅ​អាកប្បកិរិយា​នេះ​ជា​ការ​«​ប្រព្រឹត្ត​បែប​សុភាព​[​ឬ​«​ធ្វើ​ឫក​ជា​ដាក់​ខ្លួន​»​]​»។ មនុស្ស​ដែល​ចេះ​តែ​ធ្វើ​ឫក​ហាក់​ដូច​ជា​បន្ទាប​ខ្លួន​នោះ មិន​មែន​ជា​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ៗ​ខាង​វិញ្ញាណ​ទេ។ ផ្ទុយ​ទៅ​វិញ ធាតុ​ពិត​របស់​គេ​ត្រូវ​ស​ឲ្យ​ឃើញ​ថា ​«​មាន​ចិត្ត​ប៉ោង​ឡើង​»​ដោយ​អំណួត​វិញ។ (​កូល៉ុស ២:១៨, ២៣; ខ.ស.​) ព្រះ​យេស៊ូ​បាន​ចង្អុល​ចំពោះ​មនុស្ស​ខ្លះ​ដែល​មាន​ឫកពា​ហាក់​ដូច​ជា​បន្ទាប​ខ្លួន។ ព្រះ​យេស៊ូ​បាន​ថ្កោល​ទោស​ពួក​ផារិស៊ី​ដែល​ចូល​ចិត្ត​អធិស្ឋាន​នៅ​មុខ​មនុស្ស ហើយ​តម​អាហារ​ដោយ​ក្លែង​ទឹក​មុខ​ក្រៀម​ក្រំ​ស្រងូត​ស្រងាត់​ឲ្យ​មនុស្ស​ឃើញ។ ផ្ទុយ​ទៅ​វិញ សេចក្ដី​អធិស្ឋាន​របស់​យើង​មាន​តម្លៃ​ចំពោះ​ព្រះ​ឲ្យ​តែ​យើង​ទូល​ឡើង​ដោយ​ចិត្ត​រាប​ទាប​ពិត។—ម៉ាថាយ ៦:៥, ៦, ១៦

១៥​. (​ក​) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​រក្សា​ឲ្យ​មាន​ចិត្ត​សុភាព? (​ខ​) តើ​អ្នក​ណា​ខ្លះ​បាន​តាំង​គំរូ​ល្អ​ក្នុង​ការ​បន្ទាប​ខ្លួន?

១៥ ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​គំរូ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្ហាញ​ព្រះទ័យ​រាប​ទាប។ ពេល​ដែល​បណ្ដា​គ្រីស្ទាន​ប្រមូល​អារម្មណ៍​លើ​គំរូ​ទាំង​នោះ នេះ​អាច​ជួយ​ពួក​គាត់​ឲ្យ​ចេះ​បង្ហាញ​ចិត្ត​សុភាព​ដ៏​ស្មោះ។ ការ​សិក្សា​យ៉ាង​ទៀងទាត់​នូវ​ព្រះ​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​ដែល‹អ្នក​បម្រើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›រៀបចំ​ដើម្បី​បកស្រាយ​ន័យ​ព្រះ​គម្ពីរ អាច​ជួយ​ពួក​គ្រីស្ទាន​ផ្ចង់​អារម្មណ៍​លើ​គំរូ​របស់​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ។ (​ម៉ាថាយ ២៤:៤៥​) ការ​សិក្សា​បែប​នេះ​ជា​ចាំបាច់​ណាស់​ចំពោះ​ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន​ដើម្បី​«​កុំ​ឲ្យ[​ពួក​គាត់​]កើត​មាន​ចិត្ត​ធំ​លើ​ពួក​បងប្អូន​ខ្លួន​»។ (​ចោទិយកថា ១៧:១៩, ២០; ពេត្រុសទី១ ៥:១​-​៣​) ចូរ​រំពឹង​គិត​អំពី​គំរូ​របស់​បុគ្គល​ជា​ច្រើន​ដែល​បាន​ទទួល​ពរ​ដោយ​ព្រោះ​ចេះ​បន្ទាប​ខ្លួន ដូច​ជា​នាងរស់ ហាណា​និង​អេលីសាបិត​ជា​ដើម។ (​នាងរស់ ១:១៦, ១៧; សាំយូអែលទី១ ១:១១, ២០; លូកា ១:៤១​-​៤៣​) សូម​នឹក​គិត​ដែរ​អំពី​គំរូ​ដ៏​ល្អ​របស់​បុរស​នានា​ដែល​មាន​មុខ​នាទី​សំខាន់ តែ​បាន​រក្សា​ឲ្យ​មាន​ចិត្ត​រាប​ទាប​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា ដូច​ជា​ដាវីឌ យ៉ូសៀស យ៉ូហានបាទីស្ទ​និង​សាវ័ក​ប៉ុល។ (​របាក្សត្រទី២ ៣៤:១, ២, ១៩, ២៦​-​២៨; ទំនុកដំកើង ១៣១:១; យ៉ូហាន ១:២៦, ២៧; ៣:២៦​-​៣០; កិច្ចការ ២១:២០​-​២៦; កូរិនថូសទី១ ១៥:៩​) ហើយ​ចុះ​យ៉ាង​ណា​ចំពោះ​បងប្អូន​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​នានា​នៅ​សម័យ​យើង​នេះ? យើង​មាន​បងប្អូន​គ្នីគ្នា​ជា​ច្រើន​ដែល​ចេះ​បន្ទាប​ខ្លួន​ទុក​ជា​គំរូ​សម្រាប់​យើង។ ការ​រំពឹង​គិត​អំពី​គំរូ​របស់​ពួក​គាត់​នឹង​ជួយ​គ្រីស្ទាន​ពិត​ឲ្យ​«​មាន​ចិត្ត​សុភាព​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​»​មែន!—ពេត្រុសទី១ ៥:៥

១៦​. តើ​កិច្ច​បម្រើ​គ្រីស្ទាន​ជួយ​យើង​បន្ទាប​ខ្លួន​យ៉ាង​ដូច​ម្ដេច?

១៦ ការ​រួម​ចំណែក​យ៉ាង​ទៀងទាត់​ក្នុង​កិច្ច​បម្រើ​គ្រីស្ទាន​ក៏​នឹង​ជួយ​ឲ្យ​យើង​ចេះ​បន្ទាប​ខ្លួន​ជានិច្ច​ដែរ។ បើ​យើង​មាន​ចិត្ត​សុភាព នេះ​អាច​ជួយ​យើង​ឲ្យ​មាន​ប្រសិទ្ធភាព​ពេល​ជួប​មនុស្ស​ដែល​យើង​ពុំ​ស្គាល់ មិន​ថា​ពេល​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឬ​នៅ​កន្លែង​ណា​ទៀត​ក៏​ដោយ។ ចិត្ត​សុភាព​អាច​ជួយ​យើង​ច្រើន​ណាស់ ពេល​ដែល​ម្ចាស់​ផ្ទះ​មាន​ឫកពា​ទ្រ​គោះ​ឬ​បង្ហាញ​ទឹក​មុខ​ព្រងើយ​កន្តើយ​ចំពោះ​សារ​ព្រះ​រាជាណាចក្រ​ដែល​យើង​ផ្សាយ​នោះ។ ជួន​កាល​មនុស្ស​ខ្លះ​ចង់​តែ​និយាយ​ដេញ​ដោល​ផ្ចាញ់ផ្ចាល​ពី​ជំនឿ​គ្រីស្ទាន ហើយ​តាម​ធម្មតា​ការ​ចេះ​បន្ទាប​ខ្លួន​នោះ​អាច​ជួយ​យើង​ឆ្លើយ​សំណួរ​«​ដោយ​សុភាព​ហើយ​កោត​ខ្លាច[​ឬ​«​ទន់ភ្លន់​ដោយ​គោរព​»​]​»​សិទ្ធិ​ម្ចាស់​ផ្ទះ។ (​ពេត្រុសទី១ ៣:១៥; ៣:១៦, ខ.ស.​) អ្នក​បម្រើ​ព្រះ​ខ្លះ​ដែល​បន្ទាប​ខ្លួន​បាន​ផ្លាស់​ទីលំនៅ​ទៅ​កន្លែង​ផ្សេង ហើយ​បាន​ជួយ​មនុស្ស​ដែល​មាន​កម្រិត​វប្បធម៌​ផ្សេង​ៗ​និង​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ។ ដោយ​មាន​បំណង​ផ្សាយ​ដំណឹង​ល្អ​និង​ជួយ​មនុស្ស​ដែល​ព្រម​ស្ដាប់​នោះ អ្នក​ផ្សព្វផ្សាយ​ទាំង​នេះ​ប្រហែល​ជា​ត្រូវ​បន្ទាប​ខ្លួន​និង​មាន​ចិត្ត​អត់ធ្មត់​ពេល​រៀន​ភាសា​មួយ​ទៀត​ដែល​យ៉ាប់យ៉ឺន។ នេះ​ជា​កិច្ចការ​ដ៏​គួរ​ឲ្យ​សរសើរ​ណាស់!—ម៉ាថាយ ២៨:១៩, ២០

១៧​. ក្នុង​នាម​ជា​ជន​គ្រីស្ទាន តើ​យើង​មាន​ភារកិច្ច​អ្វី​ខ្លះ​ដែល​តម្រូវ​ឲ្យ​ចេះ​បន្ទាប​ខ្លួន?

១៧ បងប្អូន​ជា​ច្រើន​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​ជា​ជន​គ្រីស្ទាន​ដោយ​រក​ប្រយោជន៍​អ្នក​ដទៃ​ជាជាង​រក​សម្រាប់​ខ្លួន។ ជា​ឧទាហរណ៍ បិតា​គ្រីស្ទាន​ត្រូវ​ចេះ​បន្ទាប​ខ្លួន​ទើប​សុខ​ចិត្ត​ឆ្លៀត​ពេល​ពី​កិច្ចការ​របស់​គាត់​ផ្ទាល់ ដើម្បី​រៀបចំ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្រៀន​ព្រះ​គម្ពីរ​ដល់​កូន។ ពេល​ដែល​កូន​ៗ​ចេះ​បន្ទាប​ខ្លួន នេះ​ក៏​ជួយ​ឲ្យ​គេ​ស្ដាប់​បង្គាប់​និង​គោរព​ប្រតិបត្ដិ​ដល់​មាតា​បិតា​ដែល​ជា​មនុស្ស​មិន​គ្រប់​លក្ខណ៍​ដែរ។ (​អេភេសូរ ៦:១​-​៤​) ភរិយា​ដែល​មាន​ស្វាមី​មិន​រួម​ជំនឿ តែង​តែ​ជួបប្រទះ​កាលៈទេសៈ​ដែល​តម្រូវ​ឲ្យ​នាង​បន្ទាប​ខ្លួន​ដោយ​មាន​បំណង​ឲ្យ‹កិរិយា​បរិសុទ្ធ​និង​ការ​ចេះ​គោរព​កោត​ខ្លាច›របស់​នាង​ទាញ​ចិត្ត​ស្វាមី​មក។ (​ពេត្រុសទី១ ៣:១, ២, ខ.ស.​) សេចក្ដី​ស្រឡាញ់​ដែល​សុខ​ចិត្ត​លះបង់​ប្រយោជន៍​ខ្លួន​និង​ការ​ចេះ​បន្ទាប​ខ្លួន​ជា​គុណសម្បត្ដិ​ដ៏​សំខាន់​ណាស់ ដែល​អាច​ជួយ​បាន​ពេល​យើង​រស់​នៅ​ជា​មួយ​មាតា​បិតា​ដែល​មាន​វ័យ​ចាស់​ឬ​មាន​សុខភាព​ទ្រុឌទ្រោម។—ធីម៉ូថេទី១ ៥:៤

ការ​បន្ទាប​ខ្លួន​អាច​ជួយ​ដោះស្រាយ​បញ្ហា

១៨​. តើ​ការ​ចេះ​បន្ទាប​ខ្លួន​អាច​ជួយ​យើង​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ណា?

១៨ មនុស្ស​ទាំង​ឡាយ​ដែល​បម្រើ​ព្រះ សុទ្ធតែ​មាន​ភាព​មិន​គ្រប់​លក្ខណ៍​ទាំង​អស់​គ្នា។ (​យ៉ាកុប ៣:២​) ម្ដងម្កាល​ប្រហែល​ជា​មាន​ហេតុ​ដែល​នាំ​ឲ្យ​ជន​គ្រីស្ទាន​ពីរ​នាក់​មាន​ទំនាក់ទំនង​ប្រេះ​ឆា។ តាម​ធម្មតា ពួក​គាត់​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ដោយ​ធ្វើ​តាម​យោបល់​ឲ្យ​«​ទ្រាំទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក។ បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ! ដូច​ជា​ព្រះ​គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ​»។ (​កូល៉ុស ៣:១៣​) ការ​ធ្វើ​តាម​យោបល់​នេះ​មិន​តែង​តែ​ស្រួល​ទេ តែ​ការ​ចេះ​បន្ទាប​ខ្លួន​អាច​ជួយ​នាំ​ឲ្យ​មាន​ផល​ល្អ​បាន។

១៩​. ពេល​ទៅ​ជួប​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​តូច​ចិត្ត​នោះ តើ​យើង​គួរ​ចង​ចាំ​អ្វី?

១៩ ជួន​កាល​គ្រីស្ទាន​ម្នាក់​ប្រហែល​ជា​មាន​អារម្មណ៍​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ទំនាក់ទំនង​ប្រេះ​ឆា មក​ពី​មាន​រឿង​ធ្ងន់ធ្ងរ​ដល់​ម្ល៉េះ​ដែល​គាត់​មិន​អាច​បំភ្លេច​បាន។ បើ​ដូច្នេះ ការ​ចេះ​បន្ទាប​ខ្លួន​នឹង​ជួយ​ឲ្យ​គាត់​ទៅ​ជួប​អ្នក​ដែល​មាន​កំហុស​ដោយ​មាន​បំណង​ផ្សះផ្សា​ឲ្យ​ជា​នឹង​គ្នា​វិញ។ (​ម៉ាថាយ ១៨:១៥​) មូលហេតុ​មួយ​ដែល​បងប្អូន​គ្រីស្ទាន​ចង​គំនុំ​នឹង​គ្នា​ម្ដងម្កាល គឺ​ដោយសារ​ម្នាក់​ឬ​ទាំង​ពីរ​នាក់​មាន​ចិត្ត​អំណួត​ហើយ​មិន​ព្រម​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន។ ឬ​ក៏​ជួន​កាល​បុគ្គល​ដែល​ទៅ​ជួប​អ្នក​ដែល​មាន​កំហុស​នោះ មាន​ឫក​ធំ​ឬ​ចេះ​តែ​រិះគន់​ពេក​ហាក់​ដូច​ជា​ខ្លួន​ជា​មនុស្ស​សុចរិត​ជាង​គេ។ ផ្ទុយ​ទៅ​វិញ ការ​បង្ហាញ​អាកប្បកិរិយា​រាប​ទាប​អាច​ជួយ​ច្រើន​ណាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា។

២០, ២១​. តើ​មាន​ជំនួយ​សំខាន់​ចម្បង​អ្វី​ដើម្បី​ឲ្យ​ចេះ​បន្ទាប​ខ្លួន?

២០ ចំណុច​សំខាន់​ក្នុង​ការ​រៀន​ឲ្យ​ចេះ​បន្ទាប​ខ្លួន​នោះ គឺ​ការ​អធិស្ឋាន​សូម​ជំនួយ​និង​វិញ្ញាណ​បរិសុទ្ធ​ពី​ព្រះ។ ប៉ុន្តែ ចូរ​ឲ្យ​យើង​ចាំ​ថា ​«​ទ្រង់​ផ្ដល់​ព្រះ​គុណ[​រួម​ទាំង​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​]មក​ពួក​រាបសា​វិញ​»។ (​យ៉ាកុប ៤:៦​) ដូច្នេះ បើ​មាន​ជំទាស់​នឹង​បងប្អូន​រួម​ជំនឿ ចូរ​អធិស្ឋាន​សូម​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​ចេះ​បន្ទាប​ខ្លួន​ដោយ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន មិន​ថា​មាន​កំហុស​ច្រើន​ឬ​តិច​ក្ដី។ បើ​អ្នក​តូច​ចិត្ត​ហើយ​បុគ្គល​ដែល​មាន​កំហុស​នោះ​មក​និយាយ​«​សុំ​អត់​ទោស​»​ដោយ​ចិត្ត​ស្មោះ ចូរ​អត់​ទោស​ឲ្យ​គាត់​ដោយ​ចិត្ត​រាប​ទាប​ចុះ! បើ​អ្នក​ពិបាក​អត់​ទោស​ឲ្យ​គាត់ ចូរ​អធិស្ឋាន​សូម​ព្រះ​យេហូវ៉ា​ជួយ​កុំ​ឲ្យ​មាន​ចិត្ត​ធំ។

២១ ពេល​ដែល​យើង​ទទួល​ស្គាល់​នូវ​ផល​ប្រយោជន៍​ដែល​មក​ពី​ការ​បន្ទាប​ខ្លួន នេះ​គួរ​ជំរុញ​យើង​ឲ្យ​មាន​ចិត្ត​ចង់​ចេះ​បង្ហាញ​គុណសម្បត្ដិ​ដ៏​សំខាន់​នេះ​ជានិច្ច។ ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​គំរូ​ដ៏​ល្អ​អស្ចារ្យ​ដែល​ជួយ​យើង​ធ្វើ​ដូច្នេះ​មែន! កុំ​ឲ្យ​យើង​ភ្លេច​នូវ​សេចក្ដី​សន្យា​របស់​ព្រះ​ដែល​ថា​៖ ​«​ផល​នៃ​សេចក្ដី​សុភាព​»​ឬ​ចិត្ត​រាប​ទាប និង​«​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​គឺ​ជា​ទ្រព្យ​សម្បត្ដិ កិត្ដិសព្ទ នឹង​ជីវិត​»។—សុភាសិត ២២:៤

ចំណុច​សម្រាប់​ការ​រំពឹង​គិត

• តើ​អ្នក​ណា​តាំង​គំរូ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្ហាញ​ចិត្ត​រាប​ទាប?

• ហេតុ​អ្វី​ក៏​ពិបាក​ម្ល៉េះ​ឲ្យ​យើង​ចេះ​បន្ទាប​ខ្លួន?

• តើ​មាន​ជំនួយ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​យើង​ចេះ​បន្ទាប​ខ្លួន?

• ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ​ឲ្យ​យើង​បង្ហាញ​ចិត្ត​រាប​ទាប​ជានិច្ច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៨]

ព្រះ​យេស៊ូ​ពិត​ជា​ចេះ​បន្ទាប​អង្គ​ទ្រង់

[រូបភាព​នៅ​ទំព័រ​២០]

ការ​ចេះ​បន្ទាប​ខ្លួន​អាច​ជួយ​យើង​ពេល​ជួប​មនុស្ស​ដែល​ពុំ​ស្គាល់​ក្នុង​កិច្ច​ផ្សព្វផ្សាយ

[រូបភាព​នៅ​ទំព័រ​២២]

បណ្ដា​គ្រីស្ទាន​អាច​បន្ទាប​ខ្លួន​ដោយ​របៀប​ផ្សេង​ៗ​