លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរប្រុងប្រយ័ត្នកុំឲ្យមានឫកធំ

ចូរប្រុងប្រយ័ត្នកុំឲ្យមានឫកធំ

ចូរ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​មាន​ឫក​ធំ

​«​ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ​»។—យ៉ាកុប ៤:៦

១​. សូម​លើក​ឧទាហរណ៍​ខ្លះ​ៗ​ដែល​បង្ហាញ​ពី​អ្វី​ដែល​អាច​នាំ​ឲ្យ​យើង​មាន​មោទនភាព។

 តើ​ធ្លាប់​មាន​កាលៈទេសៈ​ណា​ដែល​នាំ​ឲ្យ​អ្នក​មាន​មោទនភាព​ទេ? យើង​ភាគ​ច្រើន​ធ្លាប់​មាន​មោទនភាព​ម្ដងម្កាល​ដែរ ហើយ​នេះ​មិន​ជា​ការ​ខុស​ទេ។ ជា​ឧទាហរណ៍ ពេល​អាន​សៀវភៅ​តាម​ដាន​ពី​សាលា​ដែល​ប្រាប់​ថា​កូន​ខ្លួន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​រៀន​សូត្រ​ហើយ​មាន​កិរិយា​ល្អ នោះ​មាតា​បិតា​ពិត​ជា​មាន​ទឹក​មុខ​រីករាយ​ដោយ​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​កូន។ សាវ័ក​ប៉ុល​និង​គូកន​របស់​គាត់​ក៏​មាន​មោទនភាព​ឬ​អួត​ចំពោះ​ក្រុមជំនុំ​ថ្មី​ដែល​ពួក​គាត់​បាន​ជួយ​ស្ថាបនា​ឡើង ពីព្រោះ​បងប្អូន​ក្នុង​ក្រុមជំនុំ​នោះ​មាន​ជំនឿ​ខ្ជាប់ខ្ជួន​ពេល​រង​ទុក្ខ​បៀតបៀន។—ថែស្សាឡូនីចទី១ ១:១, ៦; ២:១៩, ២០; ថែស្សាឡូនីចទី២ ១:១, ៤

២​. ហេតុ​អ្វី​ក៏​មិន​គួរ​គប្បី​ឲ្យ​យើង​មាន​ចិត្ត​ធំ?

ឧទាហរណ៍​ទាំង​នេះ​បង្ហាញ​ថា យើង​អាច​មាន​មោទនភាព​ហើយ​ចិត្ត​សប្បាយ​ផង​ពេល​យើង​មាន​អ្វី​ឬ​បាន​ធ្វើ​អ្វី​ដ៏​ល្អ។ ប៉ុន្តែ បើ​យើង​មាន​មោទនភាព​ហួស​ហេតុ​ពេក​អំពី​វត្ថុ​ទ្រព្យ ភាព​ធំដុំ សមត្ថភាព ឬ​ក៏​ភាព​ស្អាត​សង្ហា​របស់​ខ្លួន នេះ​អាច​នាំ​ឲ្យ​មាន​ចិត្ត​អំនួត​វិញ។ ចិត្ត​ធំ​បែប​នេះ​ច្រើន​តែ​សម្ដែង​មក​ជា​ឫក​ខ្ពស់។ ក្នុង​នាម​ជា​គ្រីស្ទាន​ពិត យើង​ច្បាស់​ជា​ចង់​ជៀស​វាង​ចិត្ត​ធំ​ឬ​អំនួត​បែប​នេះ។ ហេតុ​អ្វី? ពីព្រោះ​យើង​មាន​ទំនោរ​ចិត្ត​ទន់​ទោរ​រក​ភាព​អាត្មានិយម។ នេះ​ជា​ចិត្ត​គំនិត​អាក្រក់​ដែល​យើង​បាន​ទទួល​មត៌ក​ពី​អ័ដាម​ដែល​ជា​បុព្វ​បុរស​របស់​យើង។ (​លោកុប្បត្តិ ៨:២១​) ជា​លទ្ធផល​នោះ ចិត្ត​យើង​ងាយ​បញ្ឆោត​ខ្លួន​ឲ្យ​មាន​មោទនភាព​ហួស​ហេតុ​ដល់​ម្ល៉េះ​បាន​ជា​កើត​មាន​ចិត្ត​ធំ។ ជា​ឧទាហរណ៍ ជន​គ្រីស្ទាន​ត្រូវ​ទប់​ចិត្ត​កុំ​ឲ្យ​មាន​អំនួត​ដោយ​ព្រោះ​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន បាន​រៀន​សូត្រ​ច្រើន មាន​បំនិន​អ្វី​មួយ ឬ​ចំពោះ​សញ្ជាតិ​របស់​ខ្លួន។ ពួក​គ្រីស្ទាន​ក៏​មិន​គួរ​មាន​ចិត្ត​ធំ​ដោយសារ​សម្រេច​ការ​ច្រើន​ជាង​ឬ​ល្អ​ជាង​អ្នក​ដទៃ។ ការ​អួត​ខ្លួន​ចំពោះ​អ្វី​ៗ​បែប​នេះ​ជា​ការ​ខុស ហើយ​មិន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា​ឡើយ។—យេរេមា ៩:២៣; កិច្ចការ ១០:៣៤, ៣៥; កូរិនថូសទី១ ៤:៧; កាឡាទី ៥:២៦; ៦:៣, ៤

៣​. តើ​មនុស្ស​ដែល​មាន​ឫក​ធំ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្នក​ដទៃ? តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​យ៉ាង​ណា​អំពី​ចិត្ត​ឆ្មើងឆ្មៃ?

មាន​មូលហេតុ​មួយ​ទៀត​ដែល​យើង​គួរ​ទប់ទល់​នឹង​ចិត្ត​ធំ។ បើ​យើង​ចេះ​តែ​មាន​ចិត្ត​អំនួត នេះ​អាច​នាំ​ឲ្យ​មាន​ឫក​ធំ​ហើយ​ចិត្ត​ឆ្មើងឆ្មៃ​ផង។ មនុស្ស​ដែល​មាន​ឫក​ធំ​មិន​គ្រាន់​តែ​គិត​ច្រើន​ហួស​ហេតុ​ពេក​អំពី​ខ្លួន​ទេ តែ​ក៏​មើលងាយ​អ្នក​ដទៃ​ដែល​ខ្លួន​ចាត់​ទុក​ថា​មាន​ឋានៈ​ទាប​ឬ​អន់​ជាង​ខ្លួន។ (​លូកា ១៨:៩; យ៉ូហាន ៧:៤៧​-​៤៩​) ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​ចិត្ត​«​ឆ្មើងឆ្មៃ​»​ពេល​រៀប​រាប់​អំពី​លក្ខណៈ​អាក្រក់​ឯ​ទៀត​ដែល​ចេញ​«​ពី​ក្នុង​ចិត្ត​»​ហើយ​«​ធ្វើ​ឲ្យ​មនុស្ស​ស្មោកគ្រោក​»។ (​ម៉ាកុស ៧:២០​-​២៣​) បណ្ដា​គ្រីស្ទាន​ទទួល​ស្គាល់​ថា ការ​ជៀស​វាង​កុំ​ឲ្យ​មាន​ឫក​ធំ​និង​ចិត្ត​ឆ្មើងឆ្មៃ​ពិត​ជា​ចាំបាច់​ណាស់!

៤​. តើ​ការ​ពិចារណា​ឧទាហរណ៍​ផ្សេង​ៗ​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​មនុស្ស​ដែល​ធ្លាប់​មាន​ឫក​ធំ នឹង​ជួយ​យើង​បាន​យ៉ាង​ណា?

ការ​ពិចារណា​មើល​កំណត់​ហេតុ​ផ្សេង​ៗ​ក្នុង​ព្រះ​គម្ពីរ​អំពី​មនុស្ស​ដែល​ធ្លាប់​បង្ហាញ​ឫក​ធំ អាច​ជួយ​យើង​ជៀស​វាង​ពី​ចិត្ត​គំនិត​បែប​នេះ។ យ៉ាង​នេះ​យើង​អាច​សម្គាល់​ថា តើ​ខ្លួន​មាន​អំនួត​ទេ? ឬ​តើ​ការ​ប្រព្រឹត្ត​របស់​យើង​បង្ហាញ​ថា​មាន​ឫក​ធំ​បន្ដិច​ម្ដង​ៗ​ឬ​ទេ? កំណត់​ហេតុ​ទាំង​នេះ​ក៏​នឹង​ជួយ​យើង​យក​ឈ្នះ​គំនិត​និង​អារម្មណ៍​ដែល​នាំ​ឲ្យ​មាន​ឫក​ធំ។ បើ​យើង​ឈ្នះ​លើ​ទំនោរ​ចិត្ត​នេះ យើង​នឹង​មិន​ទទួល​ទោស​ពេល​ដែល​ព្រះ​សម្រេច​តាម​ការ​ព្រមាន​របស់​ទ្រង់​ដែល​ថា​៖ ​«​អញ​នឹង​ដក​យក​ពួក​អ្នក​ដែល​អួត​អាង​ដោយ​ឆ្មើងឆ្មៃ​ចេញ​ពី​កណ្ដាល​ឯង​ទៅ នោះ​ឯង​នឹង​លែង​មាន​ចិត្ត​អំនួត​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ​ត​ទៅ​»។—សេផានា ៣:១១

ព្រះ​យេហូវ៉ា​កាត់​ទោស​ពួក​អ្នក​ដែល​មាន​ឫក​ធំ

៥, ៦​. តើ​ផារ៉ោន​បង្ហាញ​ឫក​ធំ​យ៉ាង​ដូច​ម្ដេច? តើ​មាន​លទ្ធផល​អ្វី?

យើង​ក៏​អាច​ដឹង​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​ដែល​មាន​ឫក​ធំ ដោយ​ពិនិត្យ​មើល​របៀប​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​លើ​ពួក​អ្នក​ដែល​កាន់​អំណាច​យ៉ាង​ខ្លាំង ដូច​ជា​ផារ៉ោន​ជា​ដើម។ គ្មាន​អ្នក​ណា​សង្ស័យ​ថា​ផារ៉ោន​មាន​ឫក​ធំ។ ផារ៉ោន​ចាត់​ទុក​អង្គ​ទ្រង់​ជា​ព្រះ​មួយ​អង្គ​ដែល​មនុស្ស​ត្រូវ​ថ្វាយ​បង្គំ ហើយ​ទ្រង់​ក៏​ស្អប់​និង​មើលងាយ​ពួក​អ៊ីស្រាអែល​ដែល​ជា​ខ្ញុំ​កញ្ជះ​របស់​ទ្រង់។ សូម​គិត​អំពី​របៀប​ដែល​ផារ៉ោន​បាន​តប​ឆ្លើយ​ពេល​ទទួល​សំណូម​ពរ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​ចេញ​ទៅ​«​ថ្វាយ​បូជា​»​ដល់​ព្រះ​យេហូវ៉ា​នៅ​ទីរហោស្ថាន។ ផារ៉ោន​បង្ហាញ​ឫក​ធំ​ដោយ​មាន​បន្ទូល​ឆ្លើយ​ថា​៖ ​«​តើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ណា​ដែល​អញ​ត្រូវ​ស្ដាប់​តាម​ទ្រង់​នឹង​ឲ្យ​សាសន៍​អ៊ីស្រាអែល​ចេញ​ទៅ​នោះ?​»។—និក្ខមនំ ៥:១, ២

ពេល​ផារ៉ោន​បាន​រង​ទុក្ខ​សេចក្ដី​វេទនា​ប្រាំ​មួយ​ប្រការ​ហើយ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ម៉ូសេ​សួរ​ស្តេច​ស្រុក​អេស៊ីប​ថា​៖ ​«​តើ​ឯង​នៅ​តែ​ដំកើង​ខ្លួន​ទាស់​នឹង​រាស្ត្រ​អញ ព្រម​ទាំង​ឃាត់​មិន​ឲ្យ​គេ​ទៅ​ទៀត​ឬ?​»។ (​និក្ខមនំ ៩:១៧​) រួច​មក ម៉ូសេ​ព្រមាន​ប្រាប់​អំពី​សេចក្ដី​វេទនា​ទី​ប្រាំ​ពីរ គឺ​ការ​ទម្លាក់​ព្រឹល​យ៉ាង​ខ្លាំង​ឲ្យ​បង្ខូច​ស្រុក។ មក​ដល់​សេចក្ដី​វេទនា​ទី​ដប់​នោះ ផារ៉ោន​អនុញ្ញាត​ឲ្យ​ពួក​អ៊ីស្រាអែល​ចេញ​ទៅ តែ​ក្រោយ​មក​ទ្រង់​ប្ដូរ​ព្រះទ័យ​ហើយ​ដេញ​តាម​ពួក​គេ​វិញ។ នៅ​ទីបំផុត ផារ៉ោន​និង​ពល​ទ័ព​ទ្រង់​បាន​ជាប់​នៅ​កណ្ដាល​សមុទ្រ​ក្រហម។ សូម​គិត​ទៅ​មើល​ថា តើ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​ទឹក​សមុទ្រ​នោះ​ជន់​មក​លើ​គេ? តើ​ឫក​ធំ​របស់​ផារ៉ោន​នាំ​ឲ្យ​មាន​ផល​អ្វី? ពួក​ទ័ព​ខ្លាំង​ពូកែ​របស់​ផារ៉ោន​បាន​លាន់​មាត់​ថា​៖ ​«​ចូរ​យើង​រាល់​គ្នា​រត់​ពី​សាសន៍​អ៊ីស្រាអែល​នេះ​ចេញ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​ច្បាំង​នឹង​យើង​ជំនួស​គេ​ហើយ​»។—និក្ខមនំ ១៤:២៥

៧​. តើ​ពួក​អ្នក​គ្រប់គ្រង​នៅ​ស្រុក​បាប៊ីឡូន​បាន​បង្ហាញ​ឫក​ធំ​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​ក៏​បាន​បន្ទាប​អ្នក​គ្រប់គ្រង​ឯ​ទៀត​ដែល​មាន​ឫក​ធំ។ ស្តេច​មួយ​អង្គ​បែប​នោះ​គឺ​ជា​ស្តេច​របស់​សាសន៍​អាសស៊ើរ នាម​សានហេរីប។ (​អេសាយ ៣៦:១​-​៤, ២០; ៣៧:៣៦​-​៣៨​) យូរ​ៗ​ទៅ ពួក​បាប៊ីឡូន​បាន​ឈ្នះ​លើ​សាសន៍​អាសស៊ើរ ប៉ុន្តែ​ស្តេច​សាសន៍​បាប៊ីឡូន​ពីរ​អង្គ​ក៏​បាន​ត្រូវ​បន្ទាប​ចុះ​ដែរ។ សូម​នឹក​ចាំ​អំពី​ពេល​ដែល​ស្តេច​បេលសាសារ​និង​ពួក​អ្នក​ធំ​ដែល​ជា​ភ្ញៀវ​របស់​ទ្រង់​បាន​ជប់លៀង​ជា​មួយ​គ្នា ទាំង​សរសើរ​ព្រះ​នានា​របស់​សាសន៍​បាប៊ីឡូន​ពេល​សោយ​ស្រា​ទំពាំង​បាយ​ជូរ​ក្នុង​ពែង​ដែល​បាន​ត្រូវ​យក​ពី​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា។ មួយ​រំពេច​នោះ មាន​អ្វី​ដែល​មើល​ដូច​ជា​ម្រាម​ដៃ​នៃ​មនុស្ស​បាន​លេច​ចេញ​មក​ហើយ​សរសេរ​សារ​មួយ​នៅ​លើ​ជញ្ជាំង។ ព្យាការី​ដានីយ៉ែល​បាន​ត្រូវ​ហៅ​មក​ឲ្យ​បកស្រាយ​អត្ថន័យ​សារ​ចម្លែក​នោះ ហើយ​លោក​បាន​រំឭក​ស្តេច​បេលសាសារ​ថា​៖ ​«​ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​បាន​ប្រទាន​រាជ្យ . . . ដល់​នេប៊ូក្នេសា​ជា​ព្រះ​បិតា​ទ្រង់ . . . តែ​កាល​ព្រះទ័យ​ទ្រង់​បាន​ប៉ោង​ឡើង . . . ទ្រង់​ត្រូវ​ទំលាក់​ចុះ​ពី​បល្ល័ង្ក​រាជ្យ​របស់​ទ្រង់ ហើយ​គេ​ក៏​ដក​កិត្ដិយស​របស់​ទ្រង់​ចេញ។ . . . តែ​ទ្រង់​ដែល​ជា​ព្រះ​រាជ​បុត្រ ឱ​បេលសាសារ​អើយ! ទោះ​បើ​ទ្រង់​បាន​ជ្រាប​រឿង​ទាំង​នោះ​ហើយ​ក៏​ដោយ គង់​តែ​ទ្រង់​មិន​បាន​បន្ទាប​ព្រះទ័យ​ដែរ​»។ (​ដានីយ៉ែល ៥:៣, ១៨, ២០, ២២​) នៅ​វេលា​យប់​នោះ​ឯង ពួក​ទ័ព​សាសន៍​មេឌី​ពើ​ស៊ី​បាន​ដណ្ដើម​យក​ទី​ក្រុង​បាប៊ីឡូន ហើយ​បាន​ធ្វើ​គត់​ដល់​ស្តេច​បេលសាសារ។—ដានីយ៉ែល ៥:៣០, ៣១

៨​. ចំពោះ​អ្នក​ខ្លះ​ដែល​មាន​ឫក​ធំ​នោះ តើ​ព្រះ​យេហូវ៉ា​បាន​កាត់​ទោស​គេ​យ៉ាង​ដូច​ម្ដេច?

សូម​គិត​អំពី​មនុស្ស​ឯ​ទៀត​ដែល​មាន​ឫក​ធំ​ទាំង​ស្អប់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ដូច​ជា​សាសន៍​ភីលីស្ទីន​ម្នាក់​ឈ្មោះ​កូលីយ៉ាត​ដែល​មាន​មាឌ​ធំ​សម្បើម និង​នាយក​រដ្ឋមន្ត្រី​សាសន៍​ពើ​ស៊ី​ម្នាក់​ឈ្មោះ​ហាម៉ាន ព្រម​ទាំង​ស្តេច​ហេរ៉ូឌ អ័គ្រីប៉ា​ដែល​គ្រប់គ្រង​នៅ​ខេត្ត​យូដា។ ដោយ​ព្រោះ​បុរស​បី​នាក់​នេះ​មាន​ឫក​ធំ​នោះ ព្រះ​យេហូវ៉ា​បាន​ប្រហារ​ជីវិត​គេ​ដោយ​របៀប​គួរ​ឲ្យ​អាម៉ាស់​មុខ​មែន។ (​សាំយូអែលទី១ ១៧:៤២​-​៥១; នាងអេសធើរ ៣:៥, ៦; ៧:១០; កិច្ចការ ១២:១​-​៣, ២១​-​២៣​) របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​កាត់​ទោស​មនុស្ស​ដែល​មាន​ឫក​ធំ​ទាំង​នោះ បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖ ​«​សេចក្ដី​ឆ្មើងឆ្មៃ​នាំ​មុខ​សេចក្ដី​ហិនវិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ​»។ (​សុភាសិត ១៦:១៨​) ប្រាកដ​ហើយ គ្មាន​ហេតុ​សោះ​ឲ្យ​យើង​សង្ស័យ​ថា ​«​ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ​»​មែន។—យ៉ាកុប ៤:៦

៩​. តើ​ពួក​ស្តេច​របស់​ក្រុង​ទី​រ៉ុស​បាន​ក្លាយ​ជា​អ្នក​ក្បត់​យ៉ាង​ដូច​ម្ដេច?

នៅ​ដើម​ដំបូង​នោះ ស្តេច​របស់​ក្រុង​ទី​រ៉ុស​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ពួក​អ្នក​គ្រប់គ្រង​ស្រុក​អេស៊ីប អាសស៊ើរ​និង​បាប៊ីឡូន ដ្បិត​ទ្រង់​បាន​ជួយ​រាស្ត្រ​របស់​ព្រះ​វិញ។ ក្នុង​កំ​លុង​ការ​សោយ​រាជ្យ​របស់​ស្តេច​ដាវីឌ​និង​សាឡូម៉ូន​នោះ ស្តេច​នៅ​ក្រុង​ទី​រ៉ុស​បាន​បញ្ជូន​ជាង​ជំនាញ និង​សម្ភារៈ​សំណង់ ដើម្បី​កសាង​អគារ​រាជ្យ​និង​ព្រះ​វិហារ​របស់​ព្រះ។ (​សាំយូអែលទី២ ៥:១១; របាក្សត្រទី២ ២:១១​-​១៦​) តែ​គួរ​ឲ្យ​សោក​ស្ដាយ​មែន យូរ​ៗ​ទៅ​ពួក​ស្តេច​នៅ​ក្រុង​ទី​រ៉ុស​បាន​ក្លាយ​ជា​អ្នក​ប្រឆាំង​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​វិញ។ ហេតុ​អ្វី?—ទំនុកដំកើង ៨៣:៣​-​៧; យ៉ូអែល ៣:៤​-​៦; អេម៉ុស ១:៩, ១០

«​ចិត្ត​ឯង​បាន​ស្ទួយ​ឡើង​»​

១០, ១១​. (​ក​) តើ​អ្នក​ណា​មាន​លក្ខណៈ​ដូច​ពួក​ស្តេច​នៅ​ក្រុង​ទី​រ៉ុស? (​ខ​) ហេតុ​អ្វី​ក៏​ពួក​ស្តេច​នៅ​ក្រុង​ទី​រ៉ុស​ចាប់​ផ្ដើម​មាន​ទស្សនៈ​អាក្រក់​ចំពោះ​សាសន៍​អ៊ីស្រាអែល?

១០ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ព្យាការី​អេសេគាល​បក​អាក្រាត​នូវ​លក្ខណៈ​អាក្រក់​របស់​ពួក​ស្តេច​នៅ​ក្រុង​ទី​រ៉ុស​និង​បន្ទោស​ពួក​គេ​ផង។ សារ​នោះ​ចំពោះ​«​ស្តេច​ក្រុង​ទី​រ៉ុស​»​ ពណ៌នា​យ៉ាង​ចំ​ៗ​នូវ​អាកប្បកិរិយា​របស់​ពួក​អ្នក​គ្រង​រាជ​នៅ​ក្រុង​ទី​រ៉ុស​និង​សាតាំង​ផង ដែល​«​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្ដី​ពិត​»។ (​អេសេគាល ២៨:១២; យ៉ូហាន ៨:៤៤​) ដំបូង​នោះ សាតាំង​ជា​បុគ្គល​វិញ្ញាណ​ស្មោះ​ត្រង់​មួយ​រូប​ក្នុង​ចំណោម​បុត្រា​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា​ដែល​រួម​គ្នា​ជា​អង្គការ​របស់​ទ្រង់​នៅ​ស្ថានសួគ៌។ តាម​រយៈ​អេសេគាល​នោះ ព្រះ​យេហូវ៉ា​បាន​បង្ហើប​ឲ្យ​ដឹង​នូវ​មូលហេតុ​ដែល​ពួក​ស្តេច​របស់​ក្រុង​ទី​រ៉ុស​និង​សាតាំង​បាន​ក្បត់​ព្រះ។

១១ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​៖ ​«​ពីដើម ឯង​បាន​នៅ​ក្នុង​ច្បារ​អេដែន​ជា​សួន​របស់​ព្រះ។ ឯង​បាន​ប្រដាប់​កាយ​ដោយ​ត្បូង​ដ៏​មាន​ដំឡៃ​គ្រប់​មុខ . . . ឯង​ជា​ចេរូប៊ីន​ដែល​បាន​ចាក់​ប្រេង​តាំង​ឡើង​ជា​អ្នក​គ្រប​បាំង . . . ចាប់​តាំង​ពី​ថ្ងៃ​ដែល​ឯង​កើត​មក​នោះ ឯង​បាន​គ្រប់​លក្ខណ៍​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង​ដរាប​ដល់​វេលា​ដែល​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ឯង ដ្បិត​ដោយសារ​ការ​ជួញ​ប្រែ​ដ៏​បរិបូរ​របស់​ឯង នោះ​គេ​បាន​បំពេញ​ឯង​ដោយ​សេចក្ដី​ច្រឡោត​ហើយ​ឯង​បាន​ធ្វើ​បាប។ . . . ឱ​ចេរូប៊ីន​ដែល​គ្រប​បាំង​អើយ! អញ[​នឹង​]បំផ្លាញ​ឯង។ . . . ចិត្ត​ឯង​បាន​ស្ទួយ​ឡើង​ដោយ​ព្រោះ​សេចក្ដី​លំអ​របស់​ឯង។ ឯង​បាន​បង្ខូច​ប្រាជ្ញា​ឯង​ដោយ​ពន្លឺ​រស្មី​របស់​ឯង​»។ (​អេសេគាល ២៨:១៣​-​១៧​) ពិត​មែន​ហើយ ពួក​ស្តេច​នៅ​ក្រុង​ទី​រ៉ុស​មាន​ឫក​ធំ​ដល់​ម្ល៉េះ​បាន​ជា​ហ៊ាន​ធ្វើ​បាប​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ ក្រុង​ទី​រ៉ុស​បាន​ក្លាយ​ជា​មជ្ឈ​មណ្ឌល​នៃ​ពួក​ឈ្មួញ​ដូរ ហើយ​មាន​ឈ្មោះ​ល្បី​ដោយ​មាន​ផលិតផល​ដ៏​សែន​ស្អាត។ ដូច្នេះ​ទី​រ៉ុស​ជា​ទី​ក្រុង​មួយ​ដែល​មាន​ភាព​ស្តុកស្តម្ភ​ហួស​ប្រមាណ​ណាស់! (​អេសាយ ២៣:៨, ៩​) ពួក​ស្តេច​របស់​ក្រុង​ទី​រ៉ុស​ចាប់​ផ្ដើម​មាន​អំនួត​ហួស​ហេតុ​ពេក ហើយ​បាន​កៀប​សង្កត់​លើ​រាស្ត្រ​របស់​ព្រះ។

១២​. តើ​អ្វី​បាន​ជំរុញ​ចិត្ត​សាតាំង​ឲ្យ​ក្បត់​ព្រះ? តាំង​ពីដើម​មក តើ​វា​ខិតខំ​ធ្វើ​អ្វី​ទៀត?

១២ បុគ្គល​វិញ្ញាណ​ដែល​បាន​ទទួល​ឈ្មោះ​សាតាំង​នោះ ក៏​មាន​អាកប្បកិរិយា​ដូច​គ្នា​ដែរ។ នៅ​ដើម​ដំបូង វា​មាន​គ្រប់​ប្រាជ្ញា​ដើម្បី​សម្រេច​កិច្ចការ​ដែល​ព្រះ​ឲ្យ​វា​ធ្វើ។ ជាជាង​ដឹង​គុណ​នោះ វា​ចាប់​ផ្ដើម​«​មាន​ចិត្ត​ធំ​»​ហើយ​ស្អប់​ការ​គ្រប់គ្រង​របស់​ព្រះ។ (​ធីម៉ូថេទី១ ៣:៦​) វា​មាន​អំនួត​ដល់​ម្ល៉េះ​បាន​ជា​ចង់​ឲ្យ​អ័ដាម​និង​អេវ៉ា​ថ្វាយ​បង្គំ​វា។ សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​អាក្រក់​នោះ​បាន​ជាប់​មាន​ផ្ទៃ​ហើយ​បាន​សំរាល​ចេញ​ជា​អំពើ​បាប។ (​យ៉ាកុប ១:១៤, ១៥​) សាតាំង​បាន​ញុះញង់​នាង​អេវ៉ា​ឲ្យ​បរិភោគ​ផ្លែ​ឈើ​ពីដើម​តែ​មួយ​គត់​ដែល​ព្រះ​ហាម។ រួច​មក សាតាំង​ប្រើ​អេវ៉ា​ដើម្បី​ជំរុញ​ទឹក​ចិត្ត​អ័ដាម​ឲ្យ​បរិភោគ​ផ្លែ​ដែល​ស្ថិត​ក្រោម​បំរាម​នោះ។ (​លោកុប្បត្តិ ៣:១​-​៦​) យ៉ាង​នេះ មនុស្ស​មួយ​គូ​ដំបូង​នោះ​បាន​ប្រឆាំង​នឹង​សិទ្ធិ​គ្រប់គ្រង​របស់​ព្រះ ហើយ​បើ​និយាយ​ឲ្យ​ចំ​ទៅ ពួក​គេ​បាន​ក្លាយ​ជា​អ្នក​ថ្វាយ​បង្គំ​សាតាំង​វិញ។ សាតាំង​មាន​ឫក​ធំ​ណាស់! តាំង​ពី​នោះ​មក វា​ក៏​ខិតខំ​ល្បួង​បុគ្គល​វិញ្ញាណ​នៅ​ស្ថានសួគ៌​និង​មនុស្ស​ជាតិ​ទាំង​ឡាយ រួម​ទាំង​ព្រះ​យេស៊ូ​គ្រីស្ទ​ផង ឲ្យ​ប្រឆាំង​នឹង​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា​ដោយ​ថ្វាយ​បង្គំ​វា​វិញ។—ម៉ាថាយ ៤:៨​-​១០; វិវរណៈ ១២:៣, ៤, ៩

១៣​. តើ​ការ​បង្ហាញ​ឫក​ធំ​បាន​បង្កើត​ឲ្យ​មាន​ផល​អ្វី?

១៣ ដូច្នេះ យើង​អាច​ឃើញ​ថា សាតាំង​ជា​អ្នក​បង្ហាញ​ឫក​ធំ​មុន​គេ​បង្អស់ ហើយ​នេះ​ជា​ដើម​ហេតុ​នៃ​បាប ទុក្ខ​លំបាក​និង​អំពើ​ពុក​រលួយ​ក្នុង​លោកិយ​នា​យុគ​សម័យ​នេះ។ ក្នុង​នាម​ជា​«​ព្រះ​របស់​លោកីយ​នេះ​»​ សាតាំង​នៅ​តែ​ញុះញង់​មនុស្ស​ឲ្យ​មាន​អំនួត​និង​ឫក​ធំ។ (​កូរិនថូសទី២ ៤:៤​) សាតាំង​ដឹង​ថា​ពេល​វេលា​របស់​វា​ខ្លី​ណាស់​ហើយ ដូច្នេះ​វា​កំពុង​តែ​ច្បាំង​នឹង​ពួក​គ្រីស្ទាន​ពិត។ វា​មាន​គោល​ដៅ​បង្វែរ​មនុស្ស​ទាំង​ឡាយ​ចេញ​ពី​ព្រះ ដោយ​បបួល​ឲ្យ​គេ​ក្លាយ​ជា​មនុស្ស​ដែល​ស្រឡាញ់​តែ​ខ្លួន​ឯង​ហើយ​មាន​ចរិត​អួតអាង​និង​ឫក​ខ្ពស់។ ព្រះ​គម្ពីរ​បាន​ទាយ​ថា នៅ​«​ជាន់​ក្រោយ​បង្អស់​»​នេះ មនុស្ស​ជា​ច្រើន​នឹង​មាន​អាកប្បកិរិយា​ប្រកប​ទៅ​ដោយ​អត្តទត្ថភាព។—ធីម៉ូថេទី២ ៣:១, ២; វិវរណៈ ១២:១២, ១៧

១៤​. តើ​ព្រះ​យេហូវ៉ា​ប្រើ​ខ្នាត​តម្រា​អ្វី​ក្នុង​ការ​វិនិច្ឆ័យ?

១៤ នៅ​មុខ​ខ្មាំង​សត្រូវ​ដែល​អួត​ខ្លួន​ជា​មនុស្ស​សុចរិត​នោះ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ពន្យល់​អំពី​ខ្នាត​តម្រា​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ក្នុង​ការ​វិនិច្ឆ័យ​មនុស្ស។ ទ្រង់​មាន​បន្ទូល​ថា​៖ ​«​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង​វិញ​»។ យ៉ាង​ហោច​ណាស់ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​នេះ​បី​ដង។ ទ្រង់​ពិត​ជា​មាន​ព្រះទ័យ​អង់អាច​មែន ក្នុង​ការ​លាត​ត្រដាង​នូវ​ផលវិបាក​ដែល​មក​ពី​ឫក​ធំ​របស់​សាតាំង។—លូកា ១៤:១១; ១៨:១៤; ម៉ាថាយ ២៣:១២

ចូរ​ការពារ​ចិត្ត​កុំ​ឲ្យ​មាន​ឫក​ធំ

១៥, ១៦​. ហេតុ​អ្វី​បាន​ជា​នាង​ហាការ​ចាប់​ផ្ដើម​មាន​ឫក​ធំ?

១៥ អ្នក​ប្រហែល​ជា​កត់​សម្គាល់​ថា ឧទាហរណ៍​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​សុទ្ធតែ​សំដៅ​ទៅ​លើ​មនុស្ស​ដែល​មាន​មុខ​មាត់​ធំដុំ​ជា​អ្នក​បង្ហាញ​ឫក​ធំ។ តើ​នេះ​មាន​ន័យ​ថា មនុស្ស​សាមញ្ញ​ធម្មតា​មិន​ចេះ​បង្ហាញ​ឫក​ធំ​ឬ? អត់​ទេ! សូម​មើល​ព្រឹត្ដិការណ៍​មួយ​ក្នុង​រង្វង់​គ្រួសារ​របស់​លោក​អ័ប្រាហាំ។ អ័ប្រាហាំ​ត្រូវ​ក្លាយ​ជា​អយ្យកោ​របស់​សាសន៍​អ៊ីស្រាអែល តែ​លោក​អត់​មាន​កូន​ប្រុស​ដើម្បី​បន្ត​វង្ស​ត្រកូល​ទេ ហើយ​សារ៉ា​ដែល​ជា​ភរិយា​របស់​លោក​ក៏​ចាស់​ហើយ។ នៅ​សម័យ​អ័ប្រាហាំ មនុស្ស​ដែល​មាន​បញ្ហា​នេះ​អាច​យក​ភរិយា​មួយ​ទៀត​ដើម្បី​បន្ត​ពូជ​បាន។ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​គេ​ធ្វើ​ដូច្នេះ​ពីព្រោះ​នៅ​គ្រា​នោះ​ទ្រង់​មិន​ទាន់​តម្រូវ​ឲ្យ​អ្នក​ថ្វាយ​បង្គំ​ពិត​ធ្វើ​តាម​ខ្នាត​តម្រា​ដើម​របស់​ទ្រង់​ចំពោះ​អាពាហ៍ពិពាហ៍។—ម៉ាថាយ ១៩:៣​-​៩

១៦ នាង​សារ៉ា​បាន​ជំរុញ​ចិត្ត​អ័ប្រាហាំ​ឲ្យ​បន្ត​ពូជ​តាម​រយៈ​បាវ​ស្រី​របស់​នាង ឈ្មោះ​ហាការ ដែល​ជា​ស្ត្រី​សាសន៍​អេស៊ីប។ ក្នុង​នាម​ជា​ភរិយា​ទីពីរ​របស់​អ័ប្រាហាំ នាង​ហាការ​ចាប់​មាន​ផ្ទៃពោះ។ នាង​ហាការ​គួរ​មាន​ចិត្ត​កតញ្ញូ​ណាស់ ដោយ​មាន​កិត្ដិយស​បែប​នេះ តែ​នាង​ក្លាយ​ជា​មាន​ចិត្ត​និង​ឫក​ធំ​វិញ។ ព្រះ​គម្ពីរ​រៀប​រាប់​ថា​៖ ‹ពេល​ហាការ​ដឹង​ខ្លួន​ថា​មាន​ទំងន់​ដូច្នោះ នោះ​នាង​ក៏​ចាប់​ផ្ដើម​មើលងាយ​ចៅហ្វាយ​របស់​ខ្លួន›។ ឫក​នោះ​បាន​នាំ​ឲ្យ​មាន​រឿងរ៉ាវ​ក្នុង​រង្វង់​គ្រួសារ​របស់​អ័ប្រាហាំ​ដល់​ម្ល៉េះ​បាន​ជា​នាង​សារ៉ា​ដេញ​ហាការ​ចេញ។ ប៉ុន្តែ បញ្ហា​នេះ​អាច​ដោះស្រាយ​បាន។ ទេវតា​របស់​ព្រះ​ទូន្មាន​ដល់​ហាការ​ថា​៖ ​«​ចូរ​វិល​ទៅ​ឯ​ចៅហ្វាយ​ឯង​វិញ​ទៅ ហើយ​ចុះ​ចូល​នឹង​អំណាច​របស់​គាត់​វិញ​»។ (​លោកុប្បត្តិ ១៦:៤, ៩​) តាម​មើល​ទៅ ហាការ​បាន​ធ្វើ​តាម​ដំបូន្មាន​នេះ​ហើយ​បាន​ប្ដូរ​អាកប្បកិរិយា​របស់​ខ្លួន​ចំពោះ​សារ៉ា។ ជា​លទ្ធផល ហាការ​បាន​ក្លាយ​ជា​អយ្យិកា​របស់​សាសន៍​មួយ​យ៉ាង​ធំ។

១៧, ១៨​. ហេតុ​អ្វី​ក៏​យើង​រាល់​គ្នា​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​មាន​ចិត្ត​ធំ?

១៧ ករណី​របស់​នាង​ហាការ​បង្ហាញ​ថា ពេល​កាលៈទេសៈ​ក្នុង​ជីវិត​ប្រែប្រួល​ឲ្យ​បាន​ប្រសើរ​ឡើង នេះ​អាច​នាំ​ឲ្យ​មនុស្ស​សាមញ្ញ​ធម្មតា​មាន​ឫក​ធំ​ដែរ។ យើង​អាច​ទាញ​យក​មេ​រៀន​ថា សូម្បី​តែ​ជន​គ្រីស្ទាន​ដែល​មាន​ចិត្ត​ស្មោះ​ស​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​ក៏​អាច​កើត​មាន​ឫក​ធំ​ដែរ បើ​គាត់​ក្លាយ​ជា​អ្នក​មាន ឬ​ទទួល​សិទ្ធិ​អំណាច​អ្វី​មួយ។ ជន​គ្រីស្ទាន​ល្អ​ក៏​អាច​ក្លាយ​ជា​មាន​ឫក​ធំ​ពេល​ដែល​អ្នក​ដទៃ​សរសើរ​គាត់​ជា​អ្នក​ចេះ​ដឹង មាន​ប្រាជ្ញា​ឬ​ពូកែ​សម្រេច​ការ។ ពិត​មែន​ហើយ ពួក​គ្រីស្ទាន​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ជានិច្ច​កុំ​ឲ្យ​មាន​ចិត្ត​ធំ ជា​ពិសេស​ពេល​សម្រេច​គោល​ដៅ​ក្នុង​ជីវិត​ឬ​ទទួល​ឯកសិទ្ធិ​បន្ថែម។

១៨ មូលហេតុ​សំខាន់​ចម្បង​ដែល​យើង​គួរ​មាន​ចិត្ត​ចង់​ជៀស​មិន​ខាន​នូវ​ឫក​ធំ​នោះ គឺ​ដោយ​យល់​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អាកប្បកិរិយា​នេះ។ ព្រះ​បន្ទូល​របស់​ព្រះ​ចែង​ថា​៖ ​«​ឫក​ខ្ពស់​នឹង​ចិត្ត​អំនួត គឺ​ចង្កៀង​របស់​មនុស្ស​អាក្រក់ នោះ​ហៅ​ថា​ជា​អំពើ​បាប​ទាំង​អស់​»។ (​សុភាសិត ២១:៤​) គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ព្រះ​គម្ពីរ​ព្រមាន​ដល់​ពួក​គ្រីស្ទាន​ដែល​ជា​«​អ្នក​មាន​នៅ​លោកីយ​នេះ​»​ថា កុំ​ឲ្យ​មាន​«​ឫក​ខ្ពស់​»​ឲ្យ​សោះ។ (​ធីម៉ូថេទី១ ៦:១៧; ចោទិយកថា ៨:១១​-​១៧​) ជន​គ្រីស្ទាន​ដែល​មិន​ជា​អ្នក​មាន​ស្តុកស្តម្ភ​នោះ ក៏​គួរ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​មាន​«​ភ្នែក​អាក្រក់[​ឬ​«​ច្រណែន​ឈ្នានីស​»​]​»​ ដ្បិត​មនុស្ស​ក្រីក្រ​អាច​កើត​មាន​ចិត្ត​ធំ​ដូច​អ្នក​មាន​ដែរ។—ម៉ាកុស ៧:២១​-​២៣; ខ.ស.; យ៉ាកុប ៤:៥

១៩​. តើ​ស្តេច​អូសៀស​បំផ្លាញ​ចំណង​មិត្តភាព​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា​ដោយ​ធ្វើ​អ្វី?

១៩ ចិត្ត​ធំ​និង​អាកប្បកិរិយា​អាក្រក់​ឯ​ទៀត​អាច​បំផ្លាញ​ចំណង​មិត្តភាព​ល្អ​ដែល​យើង​មាន​ជា​មួយ​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ សូម​គិត​អំពី​គំរូ​របស់​ស្តេច​អូសៀស។ ពេល​ដែល​ទ្រង់​ចាប់​ផ្ដើម​គ្រប់គ្រង​នោះ ​«​ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម​ត្រូវ​នៅ​ព្រះ​នេត្រ​ព្រះ​យេហូវ៉ា . . . ទ្រង់​ក៏​តាំង​ព្រះទ័យ​ស្វែង​រក​ព្រះ​យេហូវ៉ា . . . ហើយ​នៅ​វេលា​ដែល​ទ្រង់​ស្វែង​រក​ព្រះ​យេហូវ៉ា​អស់​រវាង​ប៉ុណ្ណា នោះ​ព្រះ​ក៏​បាន​ធ្វើ​ឲ្យ​ទ្រង់​បាន​ចំរើន​ឡើង​យូរ​ប៉ុណ្ណោះ​ដែរ​»។ (​របាក្សត្រទី២ ២៦:៤, ៥​) តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ ស្តេច​អូសៀស​បាន​បំផ្លាញ​ចំណង​មិត្តភាព​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា ដ្បិត​«​ព្រះទ័យ​ទ្រង់​ក៏​ប៉ោង​ធំ​ឡើង​ត្រឡប់​ជា​ខូច​អស់​ទៅ​»។ ស្តេច​អូសៀស​មាន​អំនួត​ដល់​ម្ល៉េះ​បាន​ជា​ហ៊ាន​ចូល​ដុត​កំញាន​នៅ​ក្នុង​ព្រះ​វិហារ។ ពេល​ដែល​ពួក​សង្ឃ​ព្រមាន​ដល់​ទ្រង់​ថា កុំ​ឲ្យ​បំពាន​សិទ្ធិ​ដោយ​ធ្វើ​ដូច្នេះ នោះ​«​អូសៀស​ក៏​ក្រេវក្រោធ​»​ឡើង។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​ដាក់​ទោស​អូសៀស​ដោយ​បណ្ដាល​ឲ្យ​ទ្រង់​កើត​ឃ្លង់ ហើយ​ព្រះ​យេហូវ៉ា​មិន​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​អូសៀស​រហូត​ដល់​មរណកាល​របស់​ទ្រង់។—របាក្សត្រទី២ ២៦:១៦​-​២១

២០​. (​ក​) តើ​ស្តេច​ហេសេគា​ហៀប​នឹង​បំផ្លាញ​ចំណង​មិត្តភាព​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា​ដោយ​ព្រោះ​អ្វី? (​ខ​) ក្នុង​អត្ថបទ​ជា​បន្ទាប់ តើ​យើង​នឹង​រៀន​អ្វី?

២០ សូម​ប្រៀបធៀប​គំរូ​របស់​ស្តេច​ហេសេគា​វិញ។ មាន​គ្រា​មួយ​ដែល​ស្តេច​ហេសេគា​ហៀប​នឹង​បំផ្លាញ​ចំណង​មិត្តភាព​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា ពីព្រោះ​«​ទ្រង់​មាន​ព្រះទ័យ​កំរើក​ធំ​ឡើង​»។ ប៉ុន្តែ គួរ​ឲ្យ​រីករាយ​ណាស់ ​«​ហេសេគា​ទ្រង់​បាន​បន្ទាប​ព្រះទ័យ​ចុះ ពី​ការ​ដែល​មាន​ចិត្ត​ធំ​នោះ​ទៅ​»​ ហើយ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​ទ្រង់​ទៀត។ (​របាក្សត្រទី២ ៣២:២៥, ២៦​) សូម​កត់​សម្គាល់​ថា អ្វី​ដែល​បាន​ជួយ​ហេសេគា​យក​ឈ្នះ​លើ​ចិត្ត​ធំ​នោះ គឺ​ការ​បន្ទាប​ព្រះទ័យ​វិញ។ ត្រូវ​ហើយ ចិត្ត​រាប​ទាប​ជា​លក្ខណៈ​ខុស​ផ្ទុយ​ពី​ចិត្ត​ធំ។ ដូច្នេះ ក្នុង​អត្ថបទ​ជា​បន្ទាប់​យើង​នឹង​ពិនិត្យ​មើល​របៀប​ដែល​គ្រីស្ទាន​គួរ​ចេះ​បន្ទាប​ខ្លួន។

២១​. តើ​ជន​គ្រីស្ទាន​ដែល​ចេះ​បន្ទាប​ខ្លួន​អាច​សង្ឃឹម​ទៅ​លើ​អ្វី?

២១ កុំ​ឲ្យ​យើង​ភ្លេច​ថា ចិត្ត​ធំ​របស់​មនុស្ស​ដែល​មាន​ឫក​ខ្ពស់​បាន​បង្កើត​ផល​អាក្រក់​យ៉ាង​ហួស​ប្រមាណ។ ដោយសារ​«​ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ​»​នោះ ចូរ​ឲ្យ​យើង​ប្ដេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ទប់ទល់​នឹង​ចិត្ត​អំនួត។ ជា​ជន​គ្រីស្ទាន ពេល​ដែល​យើង​ខិតខំ​បន្ទាប​ខ្លួន​នោះ យើង​ក៏​មាន​សេចក្ដី​សង្ឃឹម​រួច​រស់​ជីវិត​ផុត​ពី​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​ជា​គ្រា​លប់​បំបាត់​ចោល​មនុស្ស​ដែល​មាន​ឫក​ធំ ហើយ​ជា​គ្រា​ដក​ចេញ​នូវ​ផលវិបាក​ដែល​មក​ពី​អាកប្បកិរិយា​របស់​គេ។ នៅ​គ្រា​នោះ ​«​សណ្ឋាន​ខ្ពស់​របស់​មនុស្ស​នឹង​ត្រូវ​បង្អោន​ទាប ឯ​សេចក្ដី​ឆ្មើងឆ្មៃ​របស់​មនុស្ស​ក៏​នឹង​ត្រូវ​បន្ទាប​ចុះ។ នៅ​គ្រា​នោះ នឹង​មាន​តែ​ព្រះ​យេហូវ៉ា​១​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​ដំកើង​ឡើង​»។—អេសាយ ២:១៧

ចំណុច​សំរាប់​ការ​រំពឹង​គិត

• សូម​ពន្យល់​ថា តើ​មនុស្ស​ឫក​ធំ​មាន​លក្ខណៈ​បែប​ណា?

• តើ​អ្នក​ណា​ជា​អ្នក​បង្ហាញ​ឫក​ធំ​មុន​គេ​បង្អស់?

• តើ​មាន​ហេតុ​អ្វី​ខ្លះ ដែល​អាច​នាំ​ឲ្យ​មាន​ឫក​ធំ?

• ហេតុ​អ្វី​ក៏​យើង​ត្រូវ​ការពារ​ចិត្ត​កុំ​ឲ្យ​មាន​ឫក​ធំ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៥]

ផារ៉ោន​បាន​ត្រូវ​បន្ទាប​ចុះ​ដោយ​ព្រោះ​ឫក​ធំ​របស់​ទ្រង់

[រូបភាព​នៅ​ទំព័រ​១៦]

នាង​ហាការ​ចាប់​ផ្ដើម​បង្ហាញ​ឫក​ធំ​ដោយសារ​កាលៈទេសៈ​ក្នុង​ជីវិត​ក្លាយ​ជា​ប្រសើរ​ជាង

[រូបភាព​នៅ​ទំព័រ​១៧]

ស្តេច​ហេសេគា​បាន​បន្ទាប​ព្រះទ័យ​ចុះ ហើយ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​ទ្រង់​ទៀត