លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ាជាអ្នកគង្វាលយើង

ព្រះយេហូវ៉ាជាអ្នកគង្វាលយើង

ព្រះ​យេហូវ៉ា​ជា​អ្នក​គង្វាល​យើង

​«​ព្រះ​យេហូវ៉ា ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ។ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ​»។—ទំនុកដំកើង ២៣:១

១​-​៣​. ហេតុ​អ្វី​ក៏​យើង​មិន​គួរ​ងឿង​ឆ្ងល់​ឡើយ ថា​ដាវីឌ​បាន​ប្រៀបធៀប​ព្រះ​យេហូវ៉ា​ទៅ​នឹង​អ្នក​គង្វាល​ម្នាក់?

 បើ​មាន​គេ​សូម​ឲ្យ​អ្នក​ពន្យល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ថែទាំ​រាស្ត្រ​ទ្រង់ តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា? តើ​អ្នក​នឹង​លើក​ឧទាហរណ៍​អ្វី​ដើម្បី​បញ្ជាក់​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ថ្នាក់ថ្នម​ពួក​អ្នក​ដែល​បម្រើ​ទ្រង់​ដោយ​ចិត្ត​ស្មោះ​ភក្ដី? ជាង​៣.០០០​ឆ្នាំ​មុន​នេះ ស្តេច​ដាវីឌ​បាន​សរសេរ​បទ​ទំនុកដំកើង​មួយ​ដែល​ជា​ពាក្យ​ប្រៀបប្រដូច​ពី​មុខ​របរ​របស់​ទ្រង់​ពេល​នៅ​ក្មេង ដែល​ពណ៌នា​យ៉ាង​ពីរោះ​ក្រៃលែង​អំពី​បុគ្គលិកលក្ខណៈ​របស់​ព្រះ​យេហូវ៉ា។

ពេល​នៅ​ក្មេង​នោះ ដាវីឌ​ជា​អ្នក​គង្វាល ដូច្នេះ​គាត់​ចេះ​មើល​ថែរក្សា​សត្វ​ចៀម​យ៉ាង​ល្អ។ ដាវីឌ​ដឹង​ច្បាស់​ថា បើ​ទុក​សត្វ​ចៀម​តែ​ឯង​នោះ វា​ងាយ​វង្វេង​ចេញ មាន​គេ​ចាប់​លួច​ឬ​មាន​សត្វ​ព្រៃ​ហែក​ស៊ី។ (​សាំយូអែលទី១ ១៧:៣៤​-​៣៦​) បើ​គ្មាន​អ្នក​គង្វាល​នាំ​ផ្លូវ​ហើយ​ថែ​សត្វ​ចៀម វា​ប្រហែល​ជា​រក​វាល​ស្មៅ​និង​ចំណី​ដោយ​ខ្លួន​ឯង​មិន​បាន​ទេ។ ពេល​មាន​ព្រះ​ជន្មាយុ​ច្រើន​បន្ដិច ដាវីឌ​ច្បាស់​ជា​នឹក​គិត​ដោយ​សប្បាយ​នូវ​ពេល​វេលា​ច្រើន​ម៉ោង​ដែល​ទ្រង់​បាន​ចំណាយ​ក្នុង​ការ​នាំ​ផ្លូវ ការពារ​និង​ផ្ដល់​ចំណី​ដល់​សត្វ​ចៀម។

ពេល​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​ដាវីឌ​សរសេរ​អំពី​របៀប​ដែល​ព្រះ​អង្គ​ថែទាំ​រាស្ត្រ​ទ្រង់ នោះ​មិន​ជា​ហេតុ​ងឿង​ឆ្ងល់​ឡើយ​ថា​ដាវីឌ​បាន​នឹក​រំឭក​ពី​ភារកិច្ច​របស់​អ្នក​គង្វាល។ បទ​ទំនុកដំកើង​ទី២៣​ដែល​ដាវីឌ​បាន​សរសេរ​នោះ ចាប់​ផ្ដើម​ដោយ​ពាក្យ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ។ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ​»។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​មូលហេតុ​ដែល​ពាក្យ​នោះ​សម​ណាស់! រួច​មក បទ​ទំនុកដំកើង​ទី២៣​នេះ​នឹង​ជួយ​យើង​សម្គាល់​វិធី​ដែល​ព្រះ​យេហូវ៉ា​ថែទាំ​អ្នក​ថ្វាយ​បង្គំ​ទ្រង់​ដូច​ជា​អ្នក​គង្វាល​ដែល​ថែ​មើល​សត្វ​ចៀម។—ពេត្រុសទី១ ២:២៥

ការ​ប្រៀបធៀប​ដ៏​សមរម្យ

៤, ៥​. តើ​ព្រះ​គម្ពីរ​រៀប​រាប់​យ៉ាង​ណា​អំពី​លក្ខណៈ​របស់​សត្វ​ចៀម?

ព្រះ​គម្ពីរ​ប្រើ​ឋានន្តរ​នាម​ជា​ច្រើន​ពេល​សំដៅ​ទៅ​លើ​ព្រះ​យេហូវ៉ា តែ​ពេល​ហៅ​ទ្រង់​ជា‹ព្រះ​ដែល​ឃ្វាល​មនុស្ស› នេះ​ជា​ឋានន្តរ​នាម​ដែល​បង្ហាញ​ច្បាស់​បំផុត​នូវ​ព្រះទ័យ​ថ្នាក់ថ្នម​របស់​ទ្រង់។ (​ទំនុកដំកើង ៨០:​១​) ដើម្បី​យល់​ច្បាស់​ជាង​នូវ​មូលហេតុ​ដែល​សមរម្យ​ហៅ​ព្រះ​យេហូវ៉ា​ជា​អ្នក​គង្វាល​នោះ មាន​ប្រយោជន៍​ឲ្យ​យើង​ដឹង​ចំណុច​ពីរ​សិន គឺ​ទី​មួយ យល់​អំពី​លក្ខណៈ​នៃ​សត្វ​ចៀម ហើយ​ទីពីរ យល់​អំពី​កាតព្វកិច្ច​និង​គុណសម្បត្ដិ​នៃ​អ្នក​គង្វាល​ដ៏​ល្អ។

ព្រះ​គម្ពីរ​រៀប​រាប់​ច្រើន​ដង​អំពី​លក្ខណៈ​នៃ​សត្វ​ចៀម ថា​ជា​សត្វ​ដែល​ចូល​ចិត្ត​មាន​អ្នក​គង្វាល​ដែល​ចេះ​ស្រឡាញ់​វា (​សាំយូអែលទី២ ១២:​៣​) ហើយ​ជា​សត្វ​ស្លូត (​អេសាយ ៥៣:៧​) និង​ងាយ​រងគ្រោះ។ (​មីកា ៥:៧​) អ្នក​និពន្ធ​ម្នាក់​ដែល​ធ្លាប់​ចិញ្ចឹម​សត្វ​ចៀម​ច្រើន​ឆ្នាំ​បាន​កត់​សម្គាល់​ថា​៖ ​«​ចៀម​មិន​ចេះ​ថែរក្សា​ខ្លួន​ឯង​ទេ តាម​ដែល​មនុស្ស​ខ្លះ​ស្មាន​នោះ​ឡើយ។ យើង​ត្រូវ​មើល​វា​ហើយ​ថ្នាក់ថ្នម​វា​ជានិច្ច ច្រើន​ជាង​បសុសត្វ​ឯ​ណា​ទៀត​»។ សត្វ​ចៀម​ដែល​មិន​ចេះ​ថែ​ខ្លួន​ឯង​នោះ ត្រូវ​ការ​អ្នក​គង្វាល​ឲ្យ​ថែទាំ​វា​ដោយ​ថ្នាក់ថ្នម ទើប​វា​អាច​រស់​នៅ​យ៉ាង​យូរ​បាន។—អេសេគាល ៣៤:៥

៦​. តើ​វចនានុក្រម​មួយ​ដែល​បកស្រាយ​អត្ថន័យ​ពាក្យ​ក្នុង​ព្រះ​គម្ពីរ​ពន្យល់​យ៉ាង​ណា​អំពី​ភារកិច្ច​ប្រចាំ​ថ្ងៃ​របស់​អ្នក​គង្វាល​ពី​បុរាណ?

តើ​អ្នក​គង្វាល​ពី​បុរាណ​មាន​ភារកិច្ច​ប្រចាំ​ថ្ងៃ​អ្វី​ខ្លះ? វចនានុក្រម​មួយ​ដែល​បកស្រាយ​អត្ថន័យ​ពាក្យ​ក្នុង​ព្រះ​គម្ពីរ​ពន្យល់​ថា​៖ ​«​ព្រឹក​ព្រលឹម​អ្នក​គង្វាល​ត្រូវ​នាំ​ហ្វូង​សត្វ​ចេញ​ពី​ក្រោល​ទៅ ដោយ​ដើរ​មុខ​នាំ​វា​ទៅ​ឯ​វាល​ស្មៅ។ នៅ​ឯ​វាល​ស្មៅ​នោះ អ្នក​គង្វាល​ត្រូវ​ថែ​មើល​ចៀម​អស់​មួយ​ថ្ងៃ​ដោយ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ចៀម​ណា​ដើរ​វង្វេង​ចេញ​ពី​ហ្វូង​វា។ បើ​ចៀម​ណា​មួយ​ដើរ​ចេញ​ពី​ហ្វូង​ទៅ អ្នក​គង្វាល​ខំ​រក​វា​ឲ្យ​ទាល់តែ​ឃើញ​ហើយ​នាំ​មក​ឯ​ហ្វូង​វិញ។ . . . ពេល​ព្រលប់​អ្នក​គង្វាល​ត្រូវ​នាំ​ហ្វូង​ចៀម​មក​បញ្ចូល​ក្រោល ទាំង​រាប់​ក្បាល​វា​ពេល​ដើរ​ចូល​តាម​ទ្វារ ក្រោម​ដំបង​អ្នក​គង្វាល ដើម្បី​ឲ្យ​ប្រាកដ​ថា​គ្រប់​ចំនួន​ហើយ។ . . . ពេល​យប់ អ្នក​គង្វាល​ក៏​ត្រូវ​ការពារ​ហ្វូង​ចៀម​ជានិច្ច​ជា​កាល មិន​ឲ្យ​សត្វ​ព្រៃ​ពាធា​ឬ​ចោរ​ដើរ​ក្រឡឹង​ក្រោល​ដើម្បី​រក​វិធី​លួច​ចៀម​»។ a

៧​. ហេតុ​អ្វី​ម្ដងម្កាល អ្នក​គង្វាល​ត្រូវ​បង្ហាញ​ចិត្ត​អត់ធ្មត់​ដោយ​ថ្នាក់ថ្នម​ចៀម​លើស​ជាង​ធម្មតា?

ម្ដងម្កាល​អ្នក​គង្វាល​ត្រូវ​បង្ហាញ​ចិត្ត​អត់ធ្មត់​ដោយ​ថ្នាក់ថ្នម​ចៀម​លើស​ជាង​ធម្មតា ជា​ពិសេស​ចំពោះ​មេ​ចៀម​ដែល​មាន​គភ៌​ហើយ​ចំពោះ​កូន​ដែល​នៅ​បៅ​ដោះ​ផង។ (​លោកុប្បត្តិ ៣៣:​១៣​) សៀវភៅ​មួយ​ដែល​បកស្រាយ​ន័យ​ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​ជា​ច្រើន​ដង មេ​ចៀម​បង្កើត​កូន​ឆ្ងាយ​ពី​ហ្វូង​វា ប្រហែល​នៅ​ចង្កេះ​ភ្នំ​ក៏​មាន។ ពេល​មេ​ចៀម​ងាយ​រងគ្រោះ​នោះ អ្នក​គង្វាល​ការពារ​វា​ដោយ​យក​ចិត្ត​ទុក​ដាក់​ហើយ​លើក​បី​កូន​ចៀម​ដែល​ទើប​នឹង​កើត​យក​ទៅ​ដាក់​ជា​មួយ​ហ្វូង​ចៀម​វិញ។ ប្រហែល​ជា​អ្នក​គង្វាល​បី​ឬ​ព​កូន​ចៀម​ដាក់​ក្នុង​អាវ​ធំ​ប៉ុន្មាន​ថ្ងៃ ទាល់តែ​វា​អាច​ដើរ​ដោយ​ខ្លួន​ឯង​បាន​»។ (​អេសាយ ៤០:​១០, ១១​) គឺ​ច្បាស់​ហើយ អ្នក​គង្វាល​ល្អ​ត្រូវ​តែ​មាន​កម្លាំង​ខ្លាំង​ផង ហើយ​ចេះ​ថ្នាក់ថ្នម​ផង​ដែរ។

៨​. តើ​ដាវីឌ​រៀប​រាប់​មូលហេតុ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ទ្រង់​មាន​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា?

​«​ព្រះ​យេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ​»។ នេះ​ពិត​ជា​ការ​ពណ៌នា​យ៉ាង​ច្បាស់​លាស់​នូវ​មុខ​នាទី​របស់​ព្រះ​វរបិតា​យើង​នៅ​ឯ​ស្ថានសួគ៌ មែន​ទេ? ពេល​យើង​ពិនិត្យ​មើល​បទ​ទំនុកដំកើង​ទី២៣ យើង​នឹង​ឃើញ​ថា ព្រះ​យេហូវ៉ា​ពិត​ជា​ថែទាំ​យើង​ដូច​ជា​អ្នក​គង្វាល​ដែល​មាន​កម្លាំង​ខ្លាំង​ហើយ​ចេះ​ថ្នាក់ថ្នម​ចៀម​ទ្រង់។ ក្នុង​ទំនុកដំកើង​ទី២៣ ខ​មួយ ដាវីឌ​មាន​ប្រសាសន៍​ដែល​បញ្ជាក់​ពី​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​រៀបចំ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ឲ្យ​ចៀម​«​មិន​ខ្វះ​អ្វី​សោះ​»។ ក្នុង​ខ​ទាំង​ប៉ុន្មាន​បន្ទាប់​ពី​ខ​មួយ​នោះ ដាវីឌ​រៀប​រាប់​មូលហេតុ​បី​យ៉ាង​ដែល​ទ្រង់​មាន​ទំនុក​ចិត្ត គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​នាំ​ផ្លូវ​ផង ការពារ​ផង ហើយ​ផ្ដល់​ចំណី​ឲ្យ​ចៀម​ទ្រង់​ផង។ យើង​សូម​ពិភាក្សា​ចំណុច​ទាំង​នេះ​ម្ដង​មួយ​ៗ។

«​ទ្រង់​នាំ​ខ្ញុំ​»​

៩​. តើ​ដាវីឌ​ជួយ​យើង​ស្រមៃ​គិត​អំពី​ទិដ្ឋភាព​សុខសាន្ត​បែប​ណា? តើ​ចៀម​អាច​រក​ទី​កន្លែង​បែប​នោះ​ដោយ​របៀប​ណា?

ទី​មួយ ព្រះ​យេហូវ៉ា​នាំ​ផ្លូវ​រាស្ត្រ​ទ្រង់។ ដាវីឌ​សរសេរ​ថា​៖ ​«​ទ្រង់​ឲ្យ​ខ្ញុំ​ដេក​សំរាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចី។ ទ្រង់​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿន​ៗ។ ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើង​វិញ។ ទ្រង់​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​សុចរិត​ដោយ​យល់​ដល់​ព្រះ​នាម​ទ្រង់​»។ (​ទំនុកដំកើង ២៣:២, ៣​) ពេល​រៀប​រាប់​អំពី​ហ្វូង​ចៀម​ដែល​កំពុង​តែ​ដេក​សំរាក​នៅ​ទី​កន្លែង​ដែល​មាន​ចំណី​និង​ទឹក​ហូរ​ហៀរ​នោះ ដាវីឌ​ជួយ​យើង​ស្រមៃ​គិត​អំពី​ទី​ស្កប់​ចិត្ត​ដែល​នាំ​ឲ្យ​ស្រាកស្រាន្ត​ចិត្ត​កាយ​ដោយ​ព្រោះ​មាន​ភាព​សុខសាន្ត។ ពាក្យ​ភាសា​ហេព្រើរ​ដែល​បាន​បកប្រែ​ថា ​«​ទី​មាន​ស្មៅ​ខៀវ​ខ្ចី​»​នេះ ក៏​អាច​បកប្រែ​ថា ​«​ទី​ពេញ​ចិត្ត​»​ក៏​បាន​ដែរ។ ដោយ​ខ្លួន​ឯង ចៀម​ទំនង​ជា​មិន​អាច​រក​ទី​កន្លែង​ដេក​ដ៏​មាន​ភាព​ស្ងប់​ស្ងាត់​ដែល​នាំ​ឲ្យ​ត្រជាក់​ចិត្ត​បាន​ឡើយ។ អ្នក​គង្វាល​ត្រូវ​នាំ​ចៀម​ទៅ​ដល់​«​ទី​ពេញ​ចិត្ត​»​បែប​នោះ។

១០​. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​យ៉ាង​ណា​ថា​ទ្រង់​ជឿ​ថា​យើង​មាន​សមត្ថភាព​ត្រាប់​តាម​ទ្រង់?

១០ នៅ​សព្វ​ថ្ងៃ​នេះ តើ​ព្រះ​យេហូវ៉ា​នាំ​ផ្លូវ​យើង​ដោយ​របៀប​ណា? វិធី​ម្យ៉ាង​ដែល​ទ្រង់​ធ្វើ​ដូច្នេះ គឺ​ដោយ​តាំង​គំរូ​ឲ្យ​យើង។ ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ដាស់​តឿន​យើង​ឲ្យ​«​ត្រាប់​តាម​ព្រះ​»។ (​អេភេសូរ ៥:១​) បរិបទ​នៃ​ពាក្យ​ទាំង​នោះ​សំដៅ​ទៅ​លើ​ចិត្ត​ទន់​សន្ដោស ការ​អត់​ឱន​ទោស​និង​សេចក្ដី​ស្រឡាញ់។ (​អេភេសូរ ៤:៣២; ៥:២​) ព្រះ​យេហូវ៉ា​ពិត​ជា​តាំង​គំរូ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្ហាញ​គុណសម្បត្ដិ​ទាំង​នេះ​ដែល​ទាក់ទាញ​អារម្មណ៍​យើង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់។ ពេល​ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ឲ្យ​ត្រាប់​តាម​ទ្រង់​ដូច្នេះ តើ​ទ្រង់​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​មនុស្ស​គ្មាន​លទ្ធភាព​ធ្វើ​ឬ​ទេ? អត់​ទេ! ដ្បិត​ដំបូន្មាន​ដែល​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​ប៉ុល​សរសេរ​នោះ ជា​អ្វី​ដែល​បង្ហាញ​យ៉ាង​អស្ចារ្យ​ថា ទ្រង់​ពិត​ជា​ជឿ​ថា​យើង​មាន​សមត្ថភាព​មែន! តើ​តម្រូវ​ការ​នោះ​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​មាន​សមត្ថភាព​ត្រាប់​តាម​ទ្រង់? ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​ភាព​ដូច​ទ្រង់ ដែល​បាន​ន័យ​ថា យើង​មាន​សីលធម៌​ក្នុង​ខ្លួន​ហើយ​មាន​សមត្ថភាព​ថ្វាយ​បង្គំ​ព្រះ​បាន។ (​លោកុប្បត្តិ ១:២៦​) ដូច្នេះ ព្រះ​យេហូវ៉ា​ជ្រាប​ថា ទោះ​ជា​យើង​មាន​ភាព​មិន​គ្រប់​លក្ខណ៍​ក៏​ដោយ យើង​ក៏​មាន​សក្ដានុ​ភាព​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​ដូច​ទ្រង់​ដែរ។ សូម​គិត​ទៅ​មើល ព្រះ​យេហូវ៉ា​ដែល​ជា​ទី​ស្រឡាញ់​នោះ ទ្រង់​ជឿ​ថា​យើង​អាច​មាន​លក្ខណៈ​ដូច​ទ្រង់។ ពេល​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា គឺ​ហាក់​ដូច​ជា​ទ្រង់​នាំ​យើង​ទៅ​ឯ​ទី​ពេញ​ចិត្ត​ដើម្បី​ឲ្យ​«​ដេក​សំរាក​»។ ទោះ​ជា​យើង​រស់​ក្នុង​លោកិយ​ដ៏​ឃោរឃៅ​នេះ​ក៏​ដោយ យើង​ក៏​រស់​«​នៅ​ដោយ​សាន្តត្រាណ​បាន​»​ ពីព្រោះ​យើង​មាន​ភាព​សុខសាន្ត​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង។—ទំនុកដំកើង ៤:៨; ២៩:១១

១១​. ពេល​នាំ​ផ្លូវ​ចៀម តើ​ព្រះ​យេហូវ៉ា​តែង​តែ​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្វី? តើ​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​យ៉ាង​ណា​ពី​ព្រះទ័យ​ទុក​ដាក់​របស់​ទ្រង់?

១១ ពេល​នាំ​ផ្លូវ​យើង ព្រះ​យេហូវ៉ា​តែង​តែ​បង្ហាញ​ព្រះទ័យ​អត់ធ្មត់​និង​ថ្នាក់ថ្នម​យើង។ អ្នក​គង្វាល​តែង​យល់​ពី​កម្រិត​សមត្ថភាព​របស់​ហ្វូង​ចៀម ដូច្នេះ​គាត់​នាំ​ផ្លូវ​វា​«​តាម​កំឡាំង​ហ្វូង​សត្វ​»។ (​លោកុប្បត្តិ ៣៣:១៤​) ដូច​គ្នា​ដែរ ព្រះ​យេហូវ៉ា​នាំ​ផ្លូវ​ចៀម​ទ្រង់​«​តាម​កំឡាំង​»​របស់​ពួក​គេ​ផង។ ព្រះ​យេហូវ៉ា​តែង​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​សមត្ថភាព​របស់​យើង​និង​កាលៈទេសៈ​ក្នុង​ជីវិត​យើង។ បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​យេហូវ៉ា​ចេះ​កែ​ប្រែ​ស្រប​ទៅ​តាម​កម្លាំង​យើង ដោយ​មិន​តម្រូវ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​យើង​ទេ។ ព្រះ​យេហូវ៉ា​គ្រាន់​តែ​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ៗ​ឲ្យ​អស់​ពី​ចិត្ត​ប៉ុណ្ណោះ។ (​កូល៉ុស ៣:២៣​) ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​អ្នក​មាន​វ័យ​ចាស់​ហើយ​មិន​អាច​បម្រើ​ទ្រង់​ដូច​ធ្លាប់​ពី​មុន? ឬ​ចុះ​យ៉ាង​ណា​បើ​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ដែល​ដាក់​កម្រិត​លើ​សមត្ថភាព​របស់​អ្នក? គឺ​ក្នុង​កាលៈទេសៈ​បែប​នេះ​ហើយ​ដែល​តម្រូវ​ការ​ឲ្យ​យើង​ធ្វើ​អ្វី​ៗ​ឲ្យ​អស់​ពី​ចិត្ត​ពិត​ជា​លើក​ទឹក​ចិត្ត​យើង​មែន! ដ្បិត​គ្មាន​នរណា​មាន​ចិត្ត​គំនិត​ឬ​កម្រិត​សមត្ថភាព​ដូច​ៗ​គ្នា​ឡើយ។ ការ​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ចិត្ត​បាន​ន័យ​ថា អ្នក​ត្រូវ​ប្រើ​កម្លាំង​ចិត្ត​កម្លាំង​កាយ​ក្នុង​កិច្ច​បម្រើ​ព្រះ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្លួន​អ្នក​ផ្ទាល់។ មិន​ថា​យើង​ខ្សោយ​កម្លាំង​ប៉ុណ្ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​ចាត់​ទុក​ការ​ថ្វាយ​បង្គំ​ទ្រង់​ដោយ​អស់​ពី​ចិត្ត​ជា​អ្វី​ដែល​មាន​តម្លៃ​ច្រើន​បំផុត!—ម៉ាកុស ១២:២៩, ៣០

១២​. តើ​មាន​ឧទាហរណ៍​អ្វី​ក្នុង​ក្រិត្យ​វិន័យ​ម៉ូសេ ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​នាំ​ផ្លូវ​ចៀម​ទ្រង់​«​តាម​កំឡាំង​»​ពួក​គេ?

១២ ក្នុង​ក្រិត្យ​វិន័យ​ម៉ូសេ​មាន​ច្បាប់​អំពី​ដង្វាយ​ដែល​ប្រជាជន​អ៊ីស្រាអែល​ត្រូវ​ថ្វាយ​សម្រាប់​ការ​រំលង​របស់​ខ្លួន។ សូម​គិត​អំពី​ឧទាហរណ៍​មួយ​នេះ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​យេហូវ៉ា​តែង​តែ​នាំ​ផ្លូវ​ចៀម​ទ្រង់​«​តាម​កំឡាំង​»​របស់​ពួក​គេ។ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ប្រជាជន​ថ្វាយ​ដង្វាយ​ល្អ​ៗ​ដោយ​ចិត្ត​កតញ្ញូ ហើយ​ទ្រង់​តម្រូវ​ឲ្យ​គេ​ថ្វាយ​ដង្វាយ​ផ្សេង​ៗ​តាម​តែ​លទ្ធភាព​របស់​ខ្លួន។ ច្បាប់​នោះ​ចែង​ថា​៖ ​«​បើសិន​ជា​អ្នក​នោះ​ខ្វះ​ខាត គ្មាន​ល្មម​នឹង​យក​កូន​ចៀម​១​បាន នោះ​ត្រូវ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២​»។ ចុះ​យ៉ាង​ណា​បើ​អ្នក​ថ្វាយ​តង្វាយ​ខ្វះ​ខាត​ដល់​ម្ល៉េះ​បាន​ជា​គ្មាន​ល្មម​នឹង​យក​លលក​ពីរ​នោះ​បាន? បើ​ដូច្នេះ គាត់​អាច​យក​«​ម្សៅ​យ៉ាង​ម៉ដ្ដ​»​ខ្លះ​ក៏​បាន។ (​លេវីវិន័យ ៥:៧, ១១​) នេះ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​មិន​តម្រូវ​អ្វី​ពី​អ្នក​ថ្វាយ​តង្វាយ​នោះ​ហួស​ពី​សមត្ថភាព​របស់​ខ្លួន​ឡើយ។ ដោយសារ​ព្រះ​យេហូវ៉ា​មិន​ចេះ​ប្រែប្រួល​សោះ យើង​ក៏​មាន​អារម្មណ៍​ធូរ​ស្រាល​ដែរ ដោយ​ដឹង​ថា​ទ្រង់​មិន​តម្រូវ​អ្វី​ពី​យើង​ដែល​ហួស​ពី​សមត្ថភាព​យើង​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ទទួល​អ្វី​ដែល​យើង​ថ្វាយ​តាម​លទ្ធភាព​រៀង​ៗ​ខ្លួន។ (​ម៉ាឡាគី ៣:៦​) គួរ​ឲ្យ​ត្រេកអរ​ណាស់! ដែល​អ្នក​គង្វាល​យើង​ចេះ​តែ​នាំ​ផ្លូវ​ដោយ​យោគ​យល់។

«​[​ទូល​បង្គំ​]មិន​ខ្លាច​សេចក្ដី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូល​បង្គំ​»​

១៣​. នៅ​ទំនុកដំកើង ២៣:៤ តើ​ដាវីឌ​មាន​បន្ទូល​យ៉ាង​ណា​ដែល​បង្ហាញ​អារម្មណ៍​ជិត​ស្និទ្ធ​ជាង​ខ​មុន​ៗ​? ហេតុ​អ្វី​ក៏​នេះ​មិន​ជា​អ្វី​ដ៏​ចម្លែក​ទេ?

១៣ ដាវីឌ​ពន្យល់​នូវ​មូលហេតុ​ទីពីរ​ដែល​ទ្រង់​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា គឺ​ដោយសារ​ព្រះ​យេហូវ៉ា​ការពារ​ចៀម​ទ្រង់។ យើង​អាន​ថា​៖ ​«​ទោះ​បើ​ទូល​បង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្ដី​ស្លាប់​ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្ដី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូល​បង្គំ។ ព្រនង់​ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូល​បង្គំ​»។ (​ទំនុកដំកើង ២៣:​៤​) ក្នុង​ឯកសារ​ដើម​ជា​ភាសា​ហេព្រើរ​នោះ ដាវីឌ​ប្រើ​សព្វ​នាម​«​ទ្រង់​»​ដើម្បី​មាន​បន្ទូល​អំពី​ព្រះ​យេហូវ៉ា​ក្នុង​ខ​មួយ​ដល់​បី។ តែ​ចាប់​ពី​ខ​បួន​ទៅ ដាវីឌ​ប្រើ​សព្វ​នាម​«​ទ្រង់​»​ក្នុង​ន័យ​ជិត​ស្និទ្ធ​ជាង គឺ​ដោយ​ទូល​ដល់​ព្រះ​យេហូវ៉ា​តែ​ម្ដង។ នេះ​មិន​ជា​អ្វី​ដ៏​ចម្លែក​ទេ ពីព្រោះ​ដាវីឌ​កំពុង​តែ​មាន​បន្ទូល​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​ទ្រង់​ឲ្យ​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក។ ដាវីឌ​បាន​ដើរ​កាត់​ច្រក​ងងឹត​ផ្សេង​ៗ ពោល​គឺ ស្ទើរតែ​ជួប​មរណកាល​ជា​ច្រើន​ដង។ ប៉ុន្តែ ដាវីឌ​មិន​អនុញ្ញាត​ឲ្យ​អារម្មណ៍​ភ័យ​ខ្លាច​គ្រប​សន្ធប់​ទ្រង់​ឡើយ ដ្បិត​ទ្រង់​ជ្រាប​ថា​ព្រះ​យេហូវ៉ា​គង់​នៅ​ជា​មួយ​នឹង​ទ្រង់ ព្រម​ទាំង​ត្រៀម​ប្រើ​«​ព្រនង់​»​និង​«​ដំបង​»​ដើម្បី​ជួយ។ ការ​ដឹង​ថា ព្រះ​យេហូវ៉ា​មិន​គង់​នៅ​ឆ្ងាយ​ហើយ​អាច​ការពារ​ភ្លាម​នោះ ពិត​ជា​បាន​ជួយ​សម្រាល​ទុក្ខ​ដាវីឌ​ហើយ​ទាក់ទាញ​ព្រះទ័យ​ទ្រង់​ឲ្យ​ចូល​កាន់​តែ​ជិត​នឹង​ព្រះ​យេហូវ៉ា​ទៀត។ b

១៤​. តើ​ព្រះ​គម្ពីរ​ធានា​យ៉ាង​ណា ថា​ព្រះ​យេហូវ៉ា​នឹង​ការពារ​យើង? តើ​នេះ​មិន​មាន​ន័យ​អ្វី?

១៤ នៅ​សព្វ​ថ្ងៃ​នេះ តើ​ព្រះ​យេហូវ៉ា​ការពារ​ចៀម​ទ្រង់​ដោយ​របៀប​ណា? ព្រះ​គម្ពីរ​ធានា​ថា ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​អ្នក​ប្រឆាំង​មាន​ជោគជ័យ​ក្នុង​ការ​បំផ្លាញ​ចៀម​ទ្រង់​ឲ្យ​សាប​សូន្យ​ឡើយ មិន​ថា​អ្នក​ប្រឆាំង​នោះ​ជា​មនុស្ស​ឬ​ពួក​បិសាច​ក៏​ដោយ។ (​អេសាយ ៥៤:១៧; ពេត្រុសទី២ ២:៩​) យ៉ាង​ណា​ក៏​ដោយ នេះ​មិន​បាន​សេចក្ដី​ថា អ្នក​គង្វាល​របស់​យើង​នឹង​ការពារ​យើង​ពី​ទុក្ខ​លំបាក​គ្រប់​បែប​យ៉ាង​ទេ។ ជា​មនុស្ស​យើង​នឹង​ជួបប្រទះ​សេចក្ដី​ល្បួង​ផ្សេង​ៗ​ហើយ​កើត​ទុក្ខ​ធម្មតា​ដែរ ព្រម​ទាំង​មាន​គេ​បៀតបៀន​យើង​ដោយ​ព្រោះ​យើង​ជា​គ្រីស្ទាន​ពិត។ (​ធីម៉ូថេទី២ ៣:១២; យ៉ាកុប ១:២​) យើង​នឹង​ឆ្លង​កាត់​គ្រា​ដែល​ប្រៀប​ដូច​ជា​ការ‹ដើរ​កាត់​ម្លប់​ច្រក​ភ្នំ›។ ជា​ឧទាហរណ៍ ប្រហែល​ជា​មាន​កាលៈទេសៈ​ដែល​ផ្សង​គ្រោះថ្នាក់​ដល់​ជីវិត មិន​ថា​ដោយសារ​បញ្ហា​ជំងឺ​ឈឺ​ថ្កាត់​ឬ​ដោយ​ព្រោះ​រង​ទុក្ខ​ការ​បៀតបៀន​ក៏​ដោយ។ ឬ​មួយ​ក៏​ប្រហែល​ជា​បងប្អូន​ញាតិ​មិត្ត​ជា​ទី​ស្រឡាញ់​របស់​យើង​ជិត​ស្លាប់​ឬ​បាន​ទទួល​មរណភាព​ក៏​ដោយ។ ក្នុង​គ្រា​ដែល​មាន​សភាព​ងងឹត​ហាក់​ដូច​ជា​ក្នុង​ម្លប់​នោះ អ្នក​គង្វាល​របស់​យើង​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​យើង​ជានិច្ច ហើយ​ទ្រង់​នឹង​ការពារ​យើង​ផង។ តើ​ទ្រង់​ការពារ​យើង​យ៉ាង​ដូច​ម្ដេច?

១៥, ១៦​. (​ក​) តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​យ៉ាង​ណា​ដើម្បី​ដោះស្រាយ​ចំពោះ​ឧបសគ្គ​ដែល​យើង​នឹង​ជួបប្រទះ? (​ខ​) សូម​រៀប​រាប់​បទ​ពិសោធ​មួយ​ដើម្បី​បង្ហាញ​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង​ពេល​មាន​ទុក្ខ​លំបាក។

១៥ ព្រះ​យេហូវ៉ា​មិន​បាន​សន្យា​ថា​ទ្រង់​នឹង​ធ្វើ​អន្តរាគមន៍​ដោយ​អព្ភូតហេតុ​ទេ។ ប៉ុន្តែ យើង​អាច​ជឿជាក់​ថា ពេល​ជួបប្រទះ​ឧបសគ្គ​បែប​ណា​ក៏​ដោយ នោះ​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ដោះស្រាយ​បញ្ហា​នោះ​បាន។ ព្រះ​យេហូវ៉ា​អាច​ប្រទាន​ប្រាជ្ញា​ដើម្បី​ឲ្យ​យើង​ស៊ូទ្រាំ​នឹង​«​សេចក្ដី​ល្បួង​ផ្សេង​ៗ​[​ឬ​«​ទុក្ខ​លំបាក​គ្រប់​យ៉ាង​»​]​»។ (​យ៉ាកុប ១:២​-​៥; ខ.ស.​) អ្នក​គង្វាល​មិន​គ្រាន់​តែ​ប្រើ​ព្រនង់​ឬ​ដំបង​ដើម្បី​វាយ​មនុស្ស​ឬ​សត្វ​ដែល​មក​ចាប់​ចៀម តែ​ក៏​ប្រើ​ឧបករណ៍​នោះ​ដើម្បី​តម្រង់​ផ្លូវ​ចៀម​ដែរ។ ព្រះ​យេហូវ៉ា​អាច​តម្រង់​ផ្លូវ​យើង​ដោយ​ប្រើ​អ្នក​ថ្វាយ​បង្គំ​គ្នីគ្នា​ឲ្យ​ជូន​យោបល់​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ ហើយ​ការ​អនុវត្ត​តាម​យោបល់​នោះ​ប្រហែល​ជា​ជួយ​យើង​ច្រើន​ណាស់។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​អាច​ចម្រើន​កម្លាំង​យើង​ដើម្បី​ឲ្យ​ស៊ូទ្រាំ​បាន។ (​ភីលីព ៤:​១៣​) ព្រះ​យេហូវ៉ា​អាច​ប្រទាន​«​ឥទ្ធិឫទ្ធិ​ដ៏​លើស​លប់​»​ឲ្យ​យើង តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។ (​កូរិនថូសទី២ ៤:៧​) វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​អាច​ជួយ​ឲ្យ​យើង​ស៊ូទ្រាំ​នឹង​សេចក្ដី​ល្បួង​ណា​ក៏​ដោយ​ដែល​សាតាំង​ប្រើ។ (​កូរិនថូសទី១ ១០:១៣​) ការ​ដឹង​ថា ព្រះ​យេហូវ៉ា​បំរុង​នឹង​ជួយ​យើង​ជានិច្ច​នោះ ពិត​ជា​សម្រាល​ទុក្ខ​ណាស់ មែន​ទេ?

១៦ ពិត​មែន​ហើយ មិន​ថា​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក​ណា​ដែល​ប្រៀប​ដូច​ជា​ការ​ដើរ​កាត់​ម្លប់​ច្រក​ភ្នំ​នោះ យើង​មិន​បាច់​ដើរ​តែ​ម្នាក់​ឯង​ទេ។ អ្នក​គង្វាល​របស់​យើង​តែង​តែ​គង់​នៅ​ជិត ទាំង​ជួយ​យើង​តាម​របៀប​ដែល​យើង​ប្រហែល​ជា​មិន​ទទួល​ស្គាល់​នៅ​ដើម​ដំបូង​នោះ។ សូម​គិត​អំពី​បទ​ពិសោធ​របស់​អ្នក​ចាស់​ទុំ​គ្រីស្ទាន​ម្នាក់​ដែល​ទទួល​ដំណឹង​ថា ខ្លួន​មាន​អ្វី​ដុះ​ក្នុង​ខួរ​ក្បាល​ដែល​ត្រូវ​រីក​រហូត​ដល់​បណ្ដាល​ឲ្យ​គាត់​ស្លាប់។ ​«​ខ្ញុំ​សូម​សារភាព​ថា ដំបូង​បង្អស់​នោះ​ខ្ញុំ​ឆ្ងល់​ថា តើ​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​ខ្ញុំ​ទេ? ឬ​តើ​ទ្រង់​មាន​ព្រះទ័យ​ខ្ញាល់​នឹង​ខ្ញុំ? តែ​ខ្ញុំ​តាំង​ចិត្ត​មិន​ព្រម​ថយ​ចេញ​ពី​ព្រះ​យេហូវ៉ា​ឡើយ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ទូល​ថ្វាយ​ទ្រង់​អំពី​កង្វល់​ខ្ញុំ ហើយ​ទ្រង់​បាន​ជួយ។ ជួន​កាល​ទ្រង់​ប្រើ​បងប្អូន​រួម​ជំនឿ​ដើម្បី​ជួយ​សម្រាល​ទុក្ខ​ខ្ញុំ។ បងប្អូន​ច្រើន​នាក់​បាន​ជូន​យោបល់​ដែល​ជួយ​ដែរ ស្រប​ទៅ​តាម​បទ​ពិសោធ​របស់​ពួក​គេ​ផ្ទាល់​ពេល​ត្រូវ​ស៊ូទ្រាំ​នឹង​ជំងឺ​រ៉ាំរ៉ៃ។ បងប្អូន​ទាំង​នោះ​មាន​ទស្សនៈ​ដែល​បង្ហាញ​នូវ​តុ​ល្យា​ភាព​ហើយ​នេះ​បាន​រំឭក​ខ្ញុំ​ថា អ្វី​ដែល​ខ្ញុំ​កំពុង​តែ​រង​ទុក្ខ​គឺ​ជា​ការ​ធម្មតា​ទេ។ ខ្ញុំ​មាន​ចិត្ត​អរ​ណាស់​ចំពោះ​បងប្អូន​ដែល​សុំ​ជួយ​ខ្ញុំ​ដោយ​ចិត្ត​សប្បុរស ហើយ​ជំនួយ​ទាំង​នេះ​ពង្រឹង​ទំនុក​ចិត្ត​ខ្ញុំ​ថា ព្រះ​យេហូវ៉ា​មិន​បាន​ដក​ព្រះ​ពរ​ចេញ​ពី​ខ្ញុំ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នៅ​តែ​ខំ​តទល់​នឹង​ជំងឺ​នេះ ទោះ​ជា​មិន​ដឹង​ថា​នឹង​មាន​លទ្ធផល​យ៉ាង​ណា​ក្ដី។ ប៉ុន្តែ ខ្ញុំ​ជឿ​ស៊ប់​ថា​ព្រះ​យេហូវ៉ា​គង់​នៅ​ជា​មួយ​នឹង​ខ្ញុំ ហើយ​ក៏​ជឿជាក់​ថា ទ្រង់​នឹង​ជួយ​ពង្រឹង​កម្លាំង​ខ្ញុំ​ឲ្យ​ស៊ូទ្រាំ​នឹង​ទុក្ខ​វេទនា​នេះ​ជា​រៀង​រហូត​»។

«​ទ្រង់​រៀប​តុ​នៅ​មុខ​ទូល​បង្គំ​»​

១៧​. នៅ​បទ​ទំនុកដំកើង ២៣:៥ តើ​ដាវីឌ​ប្រៀបប្រដូច​ព្រះ​យេហូវ៉ា​ទៅ​នឹង​អ្នក​ណា? ហេតុ​អ្វី​ក៏​ការ​ប្រៀបធៀប​នេះ​មិន​ខុស​ប៉ុន្មាន​ពី​ការ​ប្រៀបប្រដូច​ព្រះ​យេហូវ៉ា​ទៅ​នឹង​អ្នក​គង្វាល​ម្នាក់?

១៧ បន្ទាប់​មក ដាវីឌ​បញ្ជាក់​មូលហេតុ​ទី​បី​ដែល​ទ្រង់​ទុក​ចិត្ត​លើ​អ្នក​គង្វាល​របស់​ទ្រង់ គឺ​ដោយសារ​ព្រះ​យេហូវ៉ា​ផ្ដល់​ចំណី​ឲ្យ​ចៀម​ទ្រង់ ហើយ​ផ្ដល់​ចំណី​ជា​បរិបូរ​ផង។ ដាវីឌ​បាន​សរសេរ​ថា​៖ ​«​ទ្រង់​រៀប​តុ​នៅ​មុខ​ទូល​បង្គំ ចំពោះ​ពួក​ខ្មាំង​សត្រូវ​ផង។ ទ្រង់​ចាក់​ប្រេង​លាប​លើ​ក្បាល​ទូល​បង្គំ ពែង​នៃ​ទូល​បង្គំ​ក៏​ពេញ​ហៀរ​»។ (​ទំនុកដំកើង ២៣:៥​) ក្នុង​ខ​ទី​ប្រាំ​នេះ ដាវីឌ​ប្រៀបប្រដូច​អ្នក​គង្វាល​ទ្រង់​ទៅ​នឹង​បុគ្គល​ម្នាក់​ដែល​មាន​ចិត្ត​សទ្ធា​ដោយ​រៀប​អាហារ​និង​ភេសជ្ជៈ​យ៉ាង​សន្ធឹក​ណាស់​ជូន​ភ្ញៀវ​ទ្រង់។ ពាក្យ​ប្រៀបធៀប​ទាំង​ពីរ​នេះ ពោល​គឺ អ្នក​គង្វាល​ដែល​ថ្នាក់ថ្នម​ចៀម​និង​បុគ្គល​ចិត្ត​សទ្ធា​ដែល​ទទួល​ភ្ញៀវ​នោះ មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ដ្បិត​អ្នក​គង្វាល​ល្អ​ត្រូវ​ចេះ​រក​វាល​ស្មៅ​ខៀវ​ខ្ចី​និង​ទឹក​សម្រាប់​ចៀម ទើប​វា​«​មិន​ខ្វះ​អ្វី​សោះ​»។—ទំនុកដំកើង ២៣:១, ២

១៨​. តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​បុគ្គល​មួយ​អង្គ​ដែល​ទទួល​ភ្ញៀវ​ដោយ​ចិត្ត​សទ្ធា?

១៨ តើ​អ្នក​គង្វាល​របស់​យើង​ជា​អ្នក​ទទួល​ភ្ញៀវ​ដោយ​ចិត្ត​សទ្ធា​ដែរ​ឬ? ទ្រង់​ពិត​ជា​មាន​ព្រះទ័យ​សទ្ធា​មែន! សូម​គិត​អំពី​អាហារ​ខាង​វិញ្ញាណ​ដែល​យើង​កំពុង​តែ​ទទួល​ពេល​ឥឡូវ​នេះ ថា​មាន​ច្រើន​បែប​ច្រើន​យ៉ាង ល្អ​ប៉ុណ្ណា​ហើយ​បរិបូរ​ណាស់! តាម​រយៈ​អ្នក​បម្រើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ នោះ​ព្រះ​យេហូវ៉ា​ប្រទាន​សៀវភៅ​ផ្សេង​ៗ​ដ៏​ល្អ ព្រម​ទាំង​កម្មវិធី​ប្រជុំ​និង​សន្និបាត​ដែល​ជួយ​បំពេញ​អ្វី​ដែល​យើង​ត្រូវ​ការ​ខាង​វិញ្ញាណ។ (​ម៉ាថាយ ២៤:៤៥​-​៤៧​) យើង​ពិត​ជា​មិន​ខ្វះ​អាហារ​ខាង​វិញ្ញាណ​ឡើយ! ‹អ្នក​បម្រើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›បាន​បោះ​ពុម្ព​ព្រះ​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​រាប់​លាន​ក្បាល​ដែល​បកស្រាយ​ន័យ​ព្រះ​គម្ពីរ ហើយ​នៅ​សព្វ​ថ្ងៃ​នេះ​មាន​៤១៣​ភាសា។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​អាហារ​ច្រើន​បែប​ច្រើន​យ៉ាង តាំង​ពី​បឋម​សិក្សា​ក្នុង​ព្រះ​គម្ពីរ​ដែល​ប្រៀប​ដូច​ជា​«​ទឹក​ដោះ​»​ រហូត​ដល់​សេចក្ដី​បង្រៀន​ជ្រៅជ្រះ​ពី​ព្រះ​គម្ពីរ​ដែល​ប្រៀប​ដូច​ជា​«​អាហារ​រឹង​»។ (​ហេព្រើរ ៥:១១​-​១៤​) ជា​លទ្ធផល ងាយ​ស្រួល​ណាស់​ឲ្យ​យើង​រក​ឃើញ​ព័ត៌​មាន​ដែល​អាច​ជួយ​យើង​បាន ពេល​ដែល​យើង​ជួបប្រទះ​បញ្ហា​ផ្សេង​ៗ​ឬ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ។ បើ​គ្មាន​អាហារ​ខាង​វិញ្ញាណ​បែប​នេះ គឺ​ពិបាក​ណាស់​ឲ្យ​យើង​ធ្វើ​ដូច្នេះ មែន​ទេ? អ្នក​គង្វាល​របស់​យើង​ពិត​ជា​អ្នក​ដែល​ផ្គត់ផ្គង់​ឲ្យ​យើង​ដោយ​ចិត្ត​សទ្ធា​មែន!—អេសាយ ២៥:៦; ៦៥:១៣

«​ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​យេហូវ៉ា​ជា​រៀង​រាប​ដរាប​ទៅ​»​

១៩, ២០​. (​ក​) នៅ​ទំនុកដំកើង ២៣:៦ តើ​ដាវីឌ​មាន​ទំនុក​ចិត្ត​ជឿ​អ្វី? តើ​យើង​អាច​មាន​ទំនុក​ចិត្ត​ដូច​ទ្រង់​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​អត្ថបទ​ជា​បន្ទាប់​នឹង​ពន្យល់​អំពី​អ្វី?

១៩ ពេល​បាន​រំពឹង​គិត​អំពី​ការ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ក្នុង​នាម​ជា​អ្នក​គង្វាល​ហើយ​ជា​អ្នក​ដែល​ផ្គត់ផ្គង់​ឲ្យ​យើង​ដោយ​ចិត្ត​សទ្ធា​នោះ ដាវីឌ​បាន​សន្និដ្ឋាន​ថា​៖ ​«​ប្រាកដ​ជា​សេចក្ដី​សប្បុរស​នឹង​សេចក្ដី​មេត្ដាករុណា​នឹង​ជាប់​តាម​ខ្ញុំ​រាល់​តែ​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​យេហូវ៉ា​ជា​រៀង​រាប​ដរាប​ទៅ​»។ (​ទំនុកដំកើង ២៣:៦​) ចិត្ត​កតញ្ញូ​និង​ជំនឿ​ស៊ប់​បាន​ជំរុញ​ឲ្យ​ដាវីឌ​ពោល​ពាក្យ​នោះ។ គឺ​ចិត្ត​កតញ្ញូ​ចំពោះ​អ្វី​ៗ​ដែល​បាន​កើត​ឡើង​រួច​ហើយ និង​ជំនឿ​ស៊ប់​ស្តី​អំពី​អ្វី​ដែល​នៅ​ខាង​មុខ​នៅ​ឡើយ។ ក្នុង​នាម​ជា​អតីត​អ្នក​គង្វាល ដាវីឌ​មាន​អារម្មណ៍​សុខសាន្ត​ថា ដរាប​ណា​ដែល​ទ្រង់​មាន​ចំណង​មេត្រីភាព​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​គង្វាល​របស់​ទ្រង់​នៅ​ស្ថានសួគ៌ ដែល​ប្រៀប​ដូច​ជា​ការ​ស្នាក់​នៅ​ក្នុង​ដំណាក់​អ្នក​គង្វាល ដរាប​នោះ​ឯង​ដែល​ព្រះ​យេហូវ៉ា​នឹង​ថ្នាក់ថ្នម​ដាវីឌ​ដោយ​សេចក្ដី​ស្រឡាញ់។

២០ យើង​ពិត​ជា​មាន​ហេតុ​ដឹង​គុណ​ណាស់! ពេល​អាន​ពាក្យ​ផ្អែម​ពីរោះ​ដែល​បាន​កត់​ទុក​ក្នុង​បទ​ទំនុកដំកើង​ទី២៣។ គឺ​ទំនង​ជា​គ្មាន​ការ​ពន្យល់​ច្បាស់​លាស់​ជាង​នេះ​ទេ ស្តី​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​នាំ​ផ្លូវ​ផង ការពារ​ផង ហើយ​ផ្ដល់​ចំណី​ឲ្យ​ចៀម​ទ្រង់​ផង។ ពាក្យ​ដ៏​គួរ​ឲ្យ​កក់ក្ដៅ​ចិត្ត​ដែល​ដាវីឌ​បាន​សរសេរ​នេះ បាន​ត្រូវ​រក្សា​ទុក​ក្នុង​ព្រះ​គម្ពីរ​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា យើង​ក៏​អាច​មាន​ព្រះ​យេហូវ៉ា​ជា​អ្នក​គង្វាល​របស់​យើង​ដែរ។ ពិត​មែន​ហើយ ដរាប​ណា​ដែល​យើង​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ធ្វើ​ជា​អ្នក​គង្វាល​ដែល​ស្រឡាញ់​ហើយ​ថ្នាក់ថ្នម​យើង​«​ជា​រៀង​រាប​ដរាប​ទៅ​»​ ពោល​គឺ ជា​និរន្តរ៍។ ប៉ុន្តែ ក្នុង​នាម​ជា​ចៀម​របស់​ទ្រង់ យើង​ក៏​មាន​ភារកិច្ច​ដើរ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​គង្វាល​ដ៏​ឧត្តម​របស់​យើង។ អត្ថបទ​ជា​បន្ទាប់​នឹង​ពន្យល់​ថា ការ​ដើរ​ជា​មួយ​នឹង​ទ្រង់​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះ។

[កំណត់​សម្គាល់]

b ដាវីឌ​បាន​តែង​បទ​ទំនុកដំកើង​ច្រើន​បទ​ដែល​សរសើរ​ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​ប្រោស​ទ្រង់​ឲ្យ​រួច​ពី​គ្រា​អា​សន្ត។—ជា​ឧទាហរណ៍ សូម​មើល​ពាក្យ​ផ្ដើម​នៅ​ខាង​លើ​បទ​ទំនុក​ទី១​៨៣៤៥៦៥៧៥៩និង​៦៣

តើ​អ្នក​ចាំ​ទេ?

• ពេល​ដាវីឌ​ប្រៀបធៀប​ព្រះ​យេហូវ៉ា​ទៅ​នឹង​អ្នក​គង្វាល​ម្នាក់ ហេតុ​អ្វី​ក៏​នេះ​ជា​ពាក្យ​ប្រៀបប្រដូច​ដ៏​សមរម្យ?

• តើ​ព្រះ​យេហូវ៉ា​នាំ​ផ្លូវ​យើង​ដោយ​ព្រះទ័យ​យោគ​យល់​យ៉ាង​ដូច​ម្ដេច?

• តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​បាន​យ៉ាង​ណា?

• តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​ទទួល​ភ្ញៀវ​ដោយ​ចិត្ត​សទ្ធា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៦]

ព្រះ​យេហូវ៉ា​នាំ​ផ្លូវ​ចៀម​ទ្រង់​ដូច​អ្នក​គង្វាល​បាន​ធ្វើ​នៅ​ស្រុក​អ៊ីស្រាអែល​ដែរ