លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មាតាបិតាទាំងឡាយ! តើចង់ឲ្យកូនមានអនាគតបែបណា?

មាតាបិតាទាំងឡាយ! តើចង់ឲ្យកូនមានអនាគតបែបណា?

មាតា​បិតា​ទាំង​ឡាយ! តើ​ចង់​ឲ្យ​កូន​មាន​អនាគត​បែប​ណា?

​«​មនុស្ស​កំឡោះ នឹង​ស្រី​ក្រមុំ . . . ត្រូវ​ឲ្យ​ទាំង​អស់​សរសើរ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​»។—ទំនុកដំកើង ១៤៨:១២, ១៣

១​. តើ​មាតា​បិតា​ខ្វល់ខ្វាយ​អំពី​រឿង​អ្វី​ខ្លះ?

 មាតា​បិតា​ទាំង​ឡាយ​រមែង​គិត​អំពី​អនាគត​កូន មែន​ទេ? មុន​និង​ក្រោយ​កូន​កើត​មក ពួក​គាត់​តែង​ខ្វល់ខ្វាយ​ថា តើ​កូន​នឹង​មាន​សុខភាព​ល្អ​ទាំង​ផ្លូវ​កាយ​ទាំង​សតិ​អារម្មណ៍ ហើយ​លូត​លាស់​ធំ​ធាត់​ដូច​ក្មេង​ឯ​ទៀត​ឬ​ទេ? ពេល​ដែល​កូន​ធំ​ឡើង​បន្ដិច មាន​រឿង​ថែម​ទៀត​ដែល​មាតា​បិតា​តែង​ខ្វល់ខ្វាយ​ដែរ។ ជា​ទូទៅ មាតា​បិតា​ចង់​ឲ្យ​កូន​សុខ​សប្បាយ​បំផុត។—សាំយូអែលទី១ ១:១១, ២៧, ២៨; ទំនុកដំកើង ១២៧:៣​-​៥

២​. ហេតុ​អ្វី​បាន​ជា​មាតា​បិតា​ជា​ច្រើន​មាន​ទស្សនៈ​ដាច់ខាត​ថា កូន​របស់​ពួក​គាត់​ធំ​ឡើង​ត្រូវ​មាន​ជីវិត​ដ៏​គាប់​ចិត្ត?

ក៏​ប៉ុន្តែ សព្វ​ថ្ងៃ​នេះ ការ​ធានា​ឲ្យ​កូន​សុខ​សប្បាយ​បំផុត​គឺ​ពិបាក​ណាស់។ មាតា​បិតា​ខ្លះ​ធ្លាប់​ហែល​ឆ្លង​កាត់​ទុក្ខ​លំបាក​ផ្សេង​ៗ​ដូច​ជា​សង្គ្រាម ចលាចល​ស៊ីវិល បញ្ហា​លុយ​កាក់ និង​ទុក្ខ​វេទនា​ខាង​ផ្លូវ​កាយ​ឬ​ផ្លូវ​ចិត្ត​ជា​ដើម។ គឺ​ជា​ការ​ធម្មតា​ទេ ដែល​ពួក​គាត់​មិន​ចង់​ឲ្យ​កូន​ជួបប្រទះ​បញ្ហា​លំបាក​បែប​នេះ​ដែរ។ នៅ​ប្រទេស​ជឿនលឿន ប្រហែល​ជា​មាតា​បិតា​ឃើញ​កូន​របស់​ញាតិ​សន្ដាន​ឬ​មិត្តភក្ដិ​ខ្លួន​មាន​មុខ​របរ​ចំរុងចំរើន ហើយ​មើល​ទៅ​ដូច​ជា​ពួក​គេ​មាន​ជីវិត​សំបូរ​សប្បាយ។ ឃើញ​ដូច្នេះ មាតា​បិតា​គិត​ថា​ពួក​គាត់​ត្រូវ​ខំ​ធ្វើ​យ៉ាង​ណា ឲ្យ​កូន​ធំ​ឡើង​មាន​ជីវិត​សុខ​ស្រួល​ឬ​គាប់​ចិត្ត​ដូច​អ្នក​ឯ​ទៀត​ដែរ។—សាស្ដា ៣:១៣

ការ​ជ្រើសរើស​ជីវិត​ដ៏​គាប់​ចិត្ត

៣​. តើ​គ្រីស្ទាន​ពិត​បាន​ធ្វើ​ការ​សំ​រេ​ច​ចិត្ត​អ្វី?

ដោយសារ​គ្រីស្ទាន​ពិត​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ ពួក​គេ​បាន​សំ​រេ​ច​ចិត្ត​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន​អនុវត្ត​តាម​បន្ទូល​ព្រះ​យេស៊ូ​ដែល​ថា​៖ ​«​បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង . . . ហើយ​មក​តាម​ខ្ញុំ​ចុះ!​»។ (​លូកា ៩:២៣; ១៤:​២៧​) ដូច្នេះ វិថី​ជីវិត​របស់​គ្រីស្ទាន​ពិត​តម្រូវ​ឲ្យ​លះបង់​ប្រយោជន៍​ខ្លួន។ ក៏​ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា នោះ​ជា​វិថី​ជីវិត​ដែល​នាំ​ឲ្យ​ក្រីក្រ​លំបាក​ឡើយ។ ផ្ទុយ​ទៅ​វិញ គ្រីស្ទាន​ពិត​មាន​ជីវិត​ដ៏​គាប់​ចិត្ត​និង​ប្រកប​ដោយ​សុភមង្គល ដ្បិត​វិថី​ជីវិត​របស់​ពួក​គេ​រួម​បញ្ចូល​ការ​ឲ្យ ហើយ​ព្រះ​យេស៊ូ​ធ្លាប់​មាន​បន្ទូល​ថា​«​បើ​អោយ នោះ​នឹង​បាន​សុភមង្គល​ច្រើន​ជាង​ទទួល​»។—កិច្ចការ ២០:៣៥, ខ.ស.

៤​. តើ​ព្រះ​យេស៊ូ​ដាស់​តឿន​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​ស្វែង​រក​អ្វី?

នៅ​សម័យ​ព្រះ​យេស៊ូ ជីវិត​របស់​មនុស្ស​គឺ​ពិបាក​ណាស់។ ពួក​គេ​ត្រូវ​ខំ​ប្រឹង​ចិញ្ចឹម​ជីវិត ហើយ​ក៏​ត្រូវ​ទ្រាំ​នឹង​ការ​សង្កត់​សង្កិន​ពី​សាសន៍​រ៉ូម​ដែល​គ្រប់គ្រង​លើ​ពួក​គេ។ ម្យ៉ាង​ទៀត​អ្នក​ដឹក​នាំ​សាសនា​ទាមទារ​ឲ្យ​កាន់​តាម​ទំនៀម​ទំលាប់​ច្រើន​ឥត​គណនា។ (​ម៉ាថាយ ២៣:២​-​៤​) យ៉ាង​ណា​ក៏​ដោយ មនុស្ស​ជា​ច្រើន​នាក់​សុខ​ចិត្ត​លះបង់​មុខ​របរ​ឬ​អាជីព​ខ្លួន ហើយ​កាន់​តាម​ព្រះ​យេស៊ូ។ (​ម៉ាថាយ ៤:១៨​-​២២; ៩:៩; កូល៉ុស ៤:១៤​) ដោយ​ធ្វើ​ដូច្នេះ តើ​សិស្ស​ព្រះ​យេស៊ូ​បាន​បោះបង់​លទ្ធភាព​មាន​ជីវិត​ដ៏​គាប់​ចិត្ត​នៅ​អនាគត​ឬ​ទេ? សូម​កត់​សំគាល់​បន្ទូល​ព្រះ​យេស៊ូ​ដែល​ថា​៖ ​«​អស់​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំ​បែង ឬ​បងប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ ប្រពន្ធ​កូន​ឬ​ស្រែ​ចំ​ការ ដោយ​យល់​ដល់​ឈ្មោះ​ខ្ញុំ នោះ​នឹង​បាន​ជា​១​រយ​ភាគ​ឡើង​វិញ ហើយ​នឹង​បាន​គ្រង​ជីវិត​អស់កល្ប​ជានិច្ច ទុក​ជា​មរ​ដក​ដែរ​»។ (​ម៉ាថាយ ១៩:២៩​) ដោយ​មាន​បន្ទូល​ដូច្នេះ ព្រះ​យេស៊ូ​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​កាន់​តាម​ទ្រង់​ថា ព្រះ​វរបិតា​ជ្រាប​ពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ។ ហេតុ​នេះ​ហើយ​ទ្រង់​ដាស់​តឿន​ពួក​គេ​ឲ្យ​៖ ​«​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​»។—ម៉ាថាយ ៦:៣១​-​៣៣

៥​. តើ​មាតា​បិតា​ខ្លះ​មាន​គំនិត​យ៉ាង​ណា​ចំពោះ​បន្ទូល​ព្រះ​យេស៊ូ​ដែល​ថា ព្រះ​នឹង​ទំនុក​បំរុង​អ្នក​បំរើ​របស់​ទ្រង់?

ស្ថានភាព​សព្វ​ថ្ងៃ​នេះ​ហើយ​នៅ​សម័យ​ព្រះ​យេស៊ូ គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ។ ព្រះ​យេហូវ៉ា​ជ្រាប​ពី​អ្វី​ដែល​យើង​ត្រូវ​ការ ហើយ​អ្នក​ដែល​ស្វែង​រក​ព្រះ​រាជាណាចក្រ​មុន ជា​ពិសេស​ដោយ​ចូល​រួម​កិច្ចបំរើ​ពេញ​ពេល អាច​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ទំនុក​បំរុង​ពួក​គេ។ (​ម៉ាឡាគី ៣:៦, ១៦; ពេត្រុសទី១ ៥:៧​) តែ​មាតា​បិតា​ខ្លះ​មិន​ប្រាកដ​ក្នុង​ចិត្ត​អំពី​រឿង​នេះ​ឡើយ។ ពួក​គាត់​មាន​គំនិត​មួយ​ថា​ចង់​ឲ្យ​កូន​រីក​ចំរើន​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា ឬ​ក៏​រហូត​ដល់​អាច​ចូល​រួម​ក្នុង​កិច្ចបំរើ​ពេញ​ពេល​បាន។ ប៉ុន្តែ​ដោយសារ​ឃើញ​ថា​ស្ថានភាព​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​សព្វ​ថ្ងៃ​នេះ​កំពុង​តែ​ចុះ​អាប់ឱន​ទៅ​ៗ​ ដែល​នាំ​ឲ្យ​ពិបាក​រក​ការងារ​ធ្វើ នោះ​មាតា​បិតា​ក៏​មាន​គំនិត​មួយ​ទៀត​ថា​កូន​ត្រូវ​ទទួល​ការ​អប់រំ​ល្អ ទើប​មាន​លក្ខណៈ​គ្រប់គ្រាន់​អាច​រក​ការងារ​ល្អ​ធ្វើ​បាន។ មាតា​បិតា​ដែល​មាន​ទស្សនៈ​បែប​នេះ​យល់​ថា​ការ​អប់រំ​ល្អ​គឺ​ត្រូវ​ជា​ការ​អប់រំ​ជាន់​ខ្ពស់។

ការ​ជំរុញ​ឲ្យ​សិស្ស​ត្រៀម​លក្ខណៈ​សំរាប់​ពេល​អនាគត

៦​. ក្នុង​អត្ថបទ​នេះ តើ​ឃ្លា​ថា​«​ការ​អប់រំ​ជាន់​ខ្ពស់​»​សំដៅ​ទៅ​លើ​អ្វី?

ប្រព័ន្ធ​ការ​អប់រំ​គឺ​ខុស​ៗ​គ្នា​តាម​ប្រទេស។ ជា​ឧទាហរណ៍ នៅ​សហរដ្ឋ​អាមេរិក សាលា​រដ្ឋ​បង្រៀន​ពី​ថ្នាក់​ទី១​ដល់​ថ្នាក់​ទី១២។ ក្រោយ​នោះ សិស្ស​អាច​ជ្រើសរើស​រៀន​នៅ​មហា​វិទ្យាល័យ​ឬ​សា​កល​វិទ្យាល័យ​អស់​បួន​ឆ្នាំ​ឬ​ច្រើន​ជាង ដើម្បី​បាន​បរិញ្ញាបត្រ​ឬ​ក៏​អាច​រៀន​ត​ទៅ​ទៀត​ដើម្បី​បាន​សញ្ញា​បត្រ​ខាង​ពេទ្យ ច្បាប់ ឬ​វិស្វកម្ម​ជា​ដើម។ ក្នុង​អត្ថបទ​នេះ​ពាក្យ​ថា​«​ការ​អប់រំ​ជាន់​ខ្ពស់​»​សំដៅ​លើ​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​ឬ​សា​កល​វិទ្យាល័យ។ នោះ​គឺ​ផ្សេង​ពី​សាលា​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ដែល​បង្រៀន​មុខ​ជំនាញ​ផ្សេង​ៗ​ក្នុង​រយៈ​ពេល​ខ្លី​ហើយ​ប្រគល់​វិញ្ញា​បន​បត្រ​ពេល​រៀន​ចប់។

៧​. តើ​សិស្ស​វិទ្យាល័យ​ត្រូវ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​អ្វី?

នៅ​ប្រទេស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ វិទ្យាល័យ​នានា​ជំរុញ​ឲ្យ​សិស្ស​ត្រៀម​លក្ខណៈ​ដើម្បី​ទទួល​ការ​អប់រំ​ជាន់​ខ្ពស់។ ក្នុង​បំណង​នេះ វិទ្យាល័យ​ភាគ​ច្រើន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បង្រៀន​មុខ​វិជ្ជា​ដែល​ជួយ​ឲ្យ​សិស្ស​បាន​ពិន្ទុ​ល្អ​ពេល​ដែល​ប្រឡង​ចូល​សា​កល​វិទ្យាល័យ ជាជាង​បង្រៀន​មុខ​វិជ្ជា​ដែល​ជួយ​ឲ្យ​សិស្ស​មាន​ជំនាញ​ដើម្បី​អាច​រក​ការងារ​ធ្វើ​បាន។ លោក​គ្រូ​អ្នក​គ្រូ​និង​សិស្ស​វិទ្យាល័យ​គ្នីគ្នា​បង្ខិត​បង្ខំ​យ៉ាង​ខ្លាំង​ឲ្យ​ប្រឹងប្រែង​ចូល​រៀន​នៅ​សា​កល​វិទ្យាល័យ​ល្អ​ៗ​ ដោយ​សង្ឃឹម​ថា​ទី​នោះ​ពួក​គេ​អាច​ទទួល​សញ្ញា​បត្រ​ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​រក​ការងារ​បាន​ប្រាក់​ខែ​ច្រើន​និង​អាច​ឡើង​មុខ​តំណែង។

៨​. តើ​មាតា​បិតា​គ្រីស្ទាន​ត្រូវ​ធ្វើ​ការ​សំ​រេ​ច​ចិត្ត​អ្វី?

បើ​ដូច្នេះ តើ​មាតា​បិតា​គ្រីស្ទាន​ត្រូវ​ធ្វើ​យ៉ាង​ណា? ពិត​មែន​ថា​ពួក​គាត់​ចង់​ឲ្យ​កូន​រៀន​បាន​ល្អ​នៅ​សាលា ហើយ​មាន​ការ​ប៉ិនប្រសប់​និង​សមត្ថភាព​អាច​ចិញ្ចឹម​ខ្លួន​នៅ​អនាគត។ (​សុភាសិត ២២:២៩, ខ.ស.​) ក៏​ប៉ុន្តែ តើ​មាតា​បិតា​គួរ​តែ​បណ្ដែត​បណ្ដោយ​ឲ្យ​លោកីយ៍​អូស​ទាញ​កូន ឲ្យ​ចូល​រួម​ការ​ប្រកួត​ប្រជែង​ខំ​បាន​មុខ​មាត់​និង​ទ្រព្យ​សម្បត្ដិ​ឬ? តើ​មាតា​បិតា​លើក​ទឹក​ចិត្ត​កូន​ឲ្យ​មាន​គោល​ដៅ​អ្វី​ខ្លះ​ដោយ​គំរូ​និង​ពាក្យ​សំដី​របស់​ពួក​គាត់? មាតា​បិតា​ខ្លះ​ធ្វើ​ការ​នឿយ​ហត់​ដើម្បី​សន្សំ​លុយ​ឲ្យ​កូន​អាច​បន្ត​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​ឬ​សា​កល​វិទ្យាល័យ។ មាតា​បិតា​ឯ​ទៀត​សុខ​ចិត្ត​ខ្ចី​លុយ​វិញ។ ក៏​ប៉ុន្តែ​ពេល​ដែល​លៃលក​មើល​ថា តើ​គួរ​ឲ្យ​កូន​ទទួល​ការ​អប់រំ​ជាន់​ខ្ពស់​ឬ​យ៉ាង​ណា​នោះ មាតា​បិតា​មិន​ត្រូវ​គិត​តែ​ពី​បញ្ហា​លុយ​កាក់​ប៉ុណ្ណោះ​ទេ។ សព្វ​ថ្ងៃ​នេះ តើ​មាន​បញ្ហា​អ្វី​ខ្លះ​ដែល​មាតា​បិតា​ត្រូវ​តែ​គិត​ពិចារណា​នោះ?—លូកា ១៤:២៨​-​៣៣

តើ​ការ​អប់រំ​ជាន់​ខ្ពស់​លាក់​បង្កប់​បញ្ហា​អ្វី​ខ្លះ?

៩​. តើ​អាច​និយាយ​យ៉ាង​ណា​អំពី​ថ្លៃ​នៃ​ការ​អប់រំ​ជាន់​ខ្ពស់​សព្វ​ថ្ងៃ​នេះ?

ពេល​ដែល​យើង​គិត​អំពី​ការ​អប់រំ​ជាន់​ខ្ពស់ ភ្លាម​ៗ​ប្រហែល​ជា​គិត​អំពី​បញ្ហា​លុយ​កាក់។ នៅ​ប្រទេស​ខ្លះ ការ​អប់រំ​ជាន់​ខ្ពស់​ត្រូវ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល ហើយ​សិស្ស​ដែល​បំពេញ​តម្រូវ​ការ​គ្រប់គ្រាន់​មិន​ចាំបាច់​បង់​តម្លៃ​សិក្សា​ឡើយ។ ក៏​ប៉ុន្តែ​នៅ​ប្រទេស​ភាគ​ច្រើន​ការ​អប់រំ​ជាន់​ខ្ពស់​គឺ​កាន់​តែ​ថ្លៃ​ទៅ​ៗ​ជា​លំដាប់។ អត្ថបទ​កាសែត​មួយ​សរសេរ​ថា​៖ ​«​មនុស្ស​ធ្លាប់​ចាត់​ទុក​ការ​អប់រំ​ជាន់​ខ្ពស់​ជា​យន្ត​ការ​មួយ​ដែល​ផ្ដល់​លទ្ធភាព​លើក​ស្ទួយ​ជីវភាព។ តែ​ឥឡូវ​នេះ ការ​អប់រំ​ជាន់​ខ្ពស់​ជា​ស្ថាប័ន​ដែល​កំពុង​ស​ឲ្យ​ឃើញ​ថា​អ្នក​ណា​ជា​អ្នក​មាន​ហើយ​អ្នក​ណា​ជា​អ្នក​ក្រ​»។ (​New York Times​ ) នេះ​មាន​ន័យ​ថា​ការ​អប់រំ​ជាន់​ខ្ពស់​ដែល​មាន​គុណភាព កំពុង​តែ​ក្លាយ​ខ្លួន​ជា​ការ​អប់រំ​សំរាប់​តែ​អ្នក​មាន​ស្តុកស្តម្ភ​និង​មាន​ឋានៈ​ធំដុំ ដែល​ចង់​ឲ្យ​កូន​របស់​ពួក​គេ​ទទួល​ការ​អប់រំ​ជាន់​ខ្ពស់ ដើម្បី​ធានា​ឲ្យ​កូន​ទៅ​ជា​អ្នក​មាន​ស្តុកស្តម្ភ​និង​មាន​ឋានៈ​ធំដុំ​ក្នុង​លោកីយ៍​នេះ​ដែរ។ តើ​មាតា​បិតា​គ្រីស្ទាន​គួរ​តែ​ជ្រើសរើស​គោល​ដៅ​បែប​នេះ​សំរាប់​កូន​ឬ?—ភីលីព ៣:៧, ៨; យ៉ាកុប ៤:៤

១០​. តើ​ការ​អប់រំ​ជាន់​ខ្ពស់​ជាប់​ទាក់ទង​នឹង​ការ​បំរើ​ផល​ប្រយោជន៍​របប​លោកីយ៍​នេះ​យ៉ាង​ដូច​ម្ដេច?

១០ ទោះ​បើ​រដ្ឋាភិបាល​ណា​មួយ​ឲ្យ​សិស្ស​ទទួល​ការ​អប់រំ​ជាន់​ខ្ពស់​ដោយ​ឥត​គិត​ថ្លៃ​ក្ដី ក៏​ពួក​គេ​ប្រហែល​ជា​ទាមទារ​អ្វី​ផ្សេង​ទៀត​ជា​ថ្នូរ​នឹង​ការ​អប់រំ​នោះ។ ជា​ឧទាហរណ៍ កាសែត​មួយ​រាយ​ការណ៍​អំពី​ប្រទេស​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ថា រដ្ឋាភិបាល​បាន​រៀបចំ​ប្រព័ន្ធ​អប់រំ​ដែល​«​ជំរុះ​សិស្ស​បន្ដិច​ម្ដង​ៗ​ដោយ​ឥត​អៀនខ្មាស រហូត​ដល់​នៅ​ទីបំផុត​មាន​តែ​សិស្ស​ពូកែ​ជាង​គេ​នៅ​សល់​»។ (​The Wall Street Journal​) បើ​នៅ​ក្នុង​ចំណោម​សិស្ស​«​ពូកែ​ជាង​គេ​»​ នោះ​មាន​ន័យ​ថា​នឹង​ត្រូវ​បញ្ជូន​ទៅ​រៀន​នៅ​វិទ្យា​ស្ថាន​ការ​អប់រំ​ល្អ​បំផុត ដូច​ជា​សា​កល​វិទ្យាល័យ​ឧកស្វឺ​ត(​Oxford​) និង​ខេមប៊្រីច(​Cambridge​) នៅ​ប្រទេស​អង់គ្លេស ហើយ​សា​កល​វិទ្យាល័យ​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក​ប៉ែក​ខាង​កើត​ជា​ដើម។ ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​នៅ​អាស៊ី​អាគ្នេយ៍​នោះ​បាន​រៀបចំ​កម្មវិធី​ដើម្បី​ជួយ​សិស្ស​រហូត​ដល់​បញ្ជូន​ទៅ​រៀន​នៅ​សា​កល​វិទ្យាល័យ​ល្អ​ៗ​នៅ​ប្រទេស​ឯ​ទៀត? តាម​សេចក្ដី​រាយ​ការណ៍​កាសែត​នោះ គឺ​ដើម្បី​«​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ឲ្យ​មាន​សន្ទុះ​រីក​ចំរើន​»។ ប្រហែល​ជា​មិន​ចាំបាច់​បង់​លុយ​ដើម្បី​ទទួល​ការ​អប់រំ​នោះ​ក៏​ពិត​មែន ប៉ុន្តែ​ជា​ថ្នូរ​នឹង​ការ​អប់រំ​ជាន់​ខ្ពស់ សិស្ស​ត្រូវ​ប្រគល់​ខ្លួន​ទាំង​ស្រុង​ដើម្បី​បំរើ​ផល​ប្រយោជន៍​លោកីយ៍​អស់​មួយ​ជីវិត។ ទោះ​ជា​មនុស្ស​លោកីយ៍​ចង់​បាន​ជីវិត​បែប​នេះ​ក៏​ដោយ តើ​មាតា​បិតា​គ្រីស្ទាន​គួរ​មាន​គោល​ដៅ​បែប​នេះ​សំរាប់​កូន​ដែរ​ឬ?—យ៉ូហាន ១៥:១៩; យ៉ូហានទី១ ២:១៥​-​១៧

១១​. យោង​ទៅ​តាម​សេចក្ដី​រាយ​ការណ៍ តើ​ឲ្យ​ដឹង​អ្វី​ខ្លះ​អំពី​ការ​ផឹក​ស្រា​ស្រវឹង​និង​អំពើ​អសីលធម៌​ខាង​កាម​ក្នុង​ចំណោម​សិស្ស​សា​កល​វិទ្យាល័យ?

១១ ម្យ៉ាង​ទៀត សួរ​ខ្លួន​ឯង​ថា​«​តើ​ត្រូវ​នៅ​ក្នុង​ចំណោម​មនុស្ស​បែប​ណា?​»។ មនុស្ស​ទូទៅ​ដឹង​ថា ក្នុង​បរិវេណ​មហា​វិទ្យាល័យ​និង​សា​កល​វិទ្យាល័យ​ជា​ច្រើន​សិស្ស​ធ្វើ​អំពើ​អាក្រក់​សព្វ​បែប​យ៉ាង ដូច​ជា​ប្រើ​ថ្នាំ​ញៀន ផឹក​ស្រា​ស្រវឹង ធ្វើ​អំពើ​អសីលធម៌ លួច​ចម្លង​ចម្លើយ​និង​ធ្វើ​បាប​សិស្ស​គ្នា​ឯង​ជា​ដើម។ ជា​ឧទាហរណ៍​សូម​គិត​អំពី​ការ​ផឹក​ស្រា​ស្រវឹង។ ទស្សនាវដ្ដី​មួយ​រាយ​ការណ៍​អំពី​ការ​ផឹក​ស្រា​ស្រវឹង​ថា​៖ ​«​៤៤​ភាគ​រយ​នៃ[​សិស្ស​សា​កល​វិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក​]ផឹក​ស្រា​ស្រវឹង​យ៉ាង​តិច​ពីរ​សប្ដាហ៍​ម្ដង​»។ (​New Scientist​) បញ្ហា​នេះ​ក៏​មាន​នៅ​ប្រទេស​អូស្ដ្រាលី អង់គ្លេស និង​រូស៊ី​ជា​ដើម។ បើ​និយាយ​ពី​អំពើ​អសីលធម៌​ខាង​កាម​វិញ ទស្សនាវដ្ដី​មួយ​ទៀត​រាយ​ការណ៍​ថា សិស្ស​មាន​ទំលាប់​«​ជួប​គ្នា​ម្ដង​ដើម្បី​ឱប​ថើប​ឬ​រហូត​ដល់​រួម​ភេទ​ដោយ​គ្មាន​បំណង​ទាក់ទង​គ្នា​ត​ទៅ​ទៀត​បន្ទាប់​ពី​នោះ​»។ ការ​ស្រាវជ្រាវ​បង្ហាញ​ឲ្យ​ដឹង​ថា សិស្ស​៦០​ភាគ​រយ​ដល់​ទៅ​៨០​ភាគ​រយ​ធ្វើ​អំពើ​បែប​នេះ។ អ្នក​ស្រាវជ្រាវ​ម្នាក់​ប្រាប់​ថា ​«​សិស្ស​សា​កល​វិទ្យាល័យ​ធម្មតា ធ្វើ​បែប​នេះ​គ្រប់​គ្នា​»។ (​Newsweek​)—កូរិនថូសទី១ ៥:១១; ៦:៩, ១០

១២​. តើ​សិស្ស​សា​កល​វិទ្យាល័យ​មាន​បន្ទុក​ធ្ងន់​អ្វី?

១២ ក្រៅ​ពី​ការ​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​មិន​ល្អ សិស្ស​ក៏​ត្រូវ​ប្រឡង​និង​ធ្វើ​កិច្ចការ​ដែល​គ្រូ​កំណត់​ឲ្យ។ ជា​ការ​ធម្មតា​ដើម្បី​ឲ្យ​អាច​ប្រឡង​ជាប់​សិស្ស​ត្រូវ​ធ្វើ​កិច្ចការ​ទាំង​អស់​នោះ។ សិស្ស​ខ្លះ​ប្រហែល​ជា​ក៏​ត្រូវ​ធ្វើ​ការ​មួយ​កំណាត់​ថ្ងៃ​ផង​ដែរ។ ទាំង​អស់​នេះ​តម្រូវ​ឲ្យ​ចំណាយ​កំឡាំង​កាយ​កំឡាំង​ចិត្ត​និង​ពេល​វេលា​ច្រើន​ណាស់។ បើ​ដូច្នេះ តើ​នៅ​មាន​ពេល​និង​កំឡាំង​សល់​សំរាប់​កិច្ចការ​ខាង​វិញ្ញាណ​ឬ​ទេ? ពេល​ដែល​ឃើញ​ថា​បន្ទុក​នោះ​ធ្ងន់​ពេក តើ​សិស្ស​នឹង​ចោល​អ្វី​ទៅ? តើ​ពួក​គេ​នឹង​បន្ត​ស្វែង​រក​ព្រះ​រាជាណាចក្រ​ជា​មុន​ឬ​ទេ ឬ​មួយ​ក៏​តើ​នឹង​ផ្អាក​រឿង​ខាង​វិញ្ញាណ​ទុក​មួយ​ឡែក​សិន? (​ម៉ាថាយ ៦:៣៣​) ព្រះ​គម្ពីរ​ដាស់​តឿន​គ្រីស្ទាន​ពិត​ថា​៖ ​«​ត្រូវ​ប្រយ័ត​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពីព្រោះ​សម័យ​នេះ​អាក្រក់​ណាស់​»។ (​អេភេសូរ ៥:១៥, ១៦​) គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ថា យុវជន​យុវនារី​ខ្លះ​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត​ដោយសារ​ការ​អប់រំ​ជាន់​ខ្ពស់​បាន​ទាមទារ​កំឡាំង​និង​ពេល​វេលា​ច្រើន​ពេក ឬ​ក៏​ដោយសារ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​គោលការណ៍​ក្នុង​បទ​គម្ពីរ!

១៣​. តើ​មាតា​បិតា​ត្រូវ​តែ​គិត​អំពី​សំនួរ​អ្វី​ខ្លះ?

១៣ ពិត​មែន​ថា មិន​ត្រឹម​តែ​នៅ​មហា​វិទ្យាល័យ​ឬ​សា​កល​វិទ្យាល័យ​ប៉ុណ្ណោះ​ដែល​មាន​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​មួយ​ក៏​មាន​បន្ទុក​ធ្ងន់​នោះ​ទេ។ ក៏​ប៉ុន្តែ យុវជន​យុវនារី​ជា​ច្រើន​ខាង​លោកីយ៍​ចាត់​ទុក​ថា​អ្វី​ៗ​ទាំង​នោះ​ជា​ការ​ធម្មតា​សំរាប់​អ្នក​ដែល​ទទួល​ការ​អប់រំ​ជាន់​ខ្ពស់ ហើយ​មិន​មែន​ជា​ការ​ខុស​ទេ។ ដោយ​ដឹង​ពី​បញ្ហា​ដែល​ការ​អប់រំ​ជាន់​ខ្ពស់​លាក់​បង្កប់​នោះ តើ​មាតា​បិតា​គ្រីស្ទាន​គួរ​បញ្ជូន​កូន​ទៅ​ក្នុង​ស្ថានភាព​បែប​នោះ​អស់​បួន​ឆ្នាំ​ឬ​ច្រើន​ជាង​ទេ? (​សុភាសិត ២២:៣; ធីម៉ូថេទី២ ២:២២​) តើ​ផល​ប្រយោជន៍​ដែល​កូន​នឹង​ទទួល​គឺ​សម​នឹង​ការ​ផ្សង​គ្រោះថ្នាក់​ដូច្នេះ​ឬ? សំខាន់​បំផុត តើ​អ្វី​ទៅ​ដែល​មហា​វិទ្យាល័យ​ឬ​សា​កល​វិទ្យាល័យ​បង្រៀន​កូន​ឲ្យ​ចាត់​ទុក​ជា​សេចក្ដី​ដែល​ប្រសើរ​ឬ​សំខាន់​បំផុត​ក្នុង​ជីវិត? (​ភីលីព ១:១០; ថែស្សាឡូនីចទី១ ៥:២១​) មាតា​បិតា​ត្រូវ​តែ​គិត​ឲ្យ​បាន​ជ្រៅជ្រះ​អំពី​សំនួរ​ទាំង​នេះ​ដោយ​អធិស្ឋាន​ផង ថែម​ទាំង​ត្រូវ​គិត​អំពី​គ្រោះថ្នាក់​ដែល​មក​ពី​ការ​បញ្ជូន​កូន​ទៅ​រៀន​នៅ​ឯ​សាលា​នា​ខេត្ត​ក្រុង​ផ្សេង​ឬ​នៅ​ប្រទេស​ក្រៅ​ទៀត។

តើ​មាន​ជំ​រើស​អ្វី​ទៀត?

១៤, ១៥​. (​ក​) ទោះ​ជា​មនុស្ស​ទូទៅ​មាន​ទស្សនៈ​ផ្សេង​ក៏​ពិត​មែន តែ​តើ​ឱវាទ​អ្វី​ក្នុង​ព្រះ​គម្ពីរ​ដែល​គ្រីស្ទាន​ពិត​នៅ​តែ​ត្រូវ​ធ្វើ​តាម​សព្វ​ថ្ងៃ​នេះ? (​ខ​) តើ​យុវជន​យុវនារី​អាច​សួរ​ខ្លួន​ឯង​នូវ​សំនួរ​អ្វី​ខ្លះ?

១៤ សព្វ​ថ្ងៃ​នេះ​មនុស្ស​ទូទៅ​មាន​ទស្សនៈ​ថា យុវជន​យុវនារី​ត្រូវ​រៀន​នៅ​សា​កល​វិទ្យាល័យ​ទើប​មាន​ជោគជ័យ​ក្នុង​ជីវិត។ ក៏​ប៉ុន្តែ ជាជាង​បណ្ដែត​បណ្ដោយ​ខ្លួន​ទៅ​តាម​ប្រជាមតិ គ្រីស្ទាន​ពិត​ធ្វើ​តាម​ការ​ទូន្មាន​ក្នុង​ព្រះ​គម្ពីរ​ដែល​ថា​៖ ​«​កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​លមើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង​»។ (​រ៉ូម ១២:២​) តើ​អ្វី​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​មនុស្ស​ទាំង​ចាស់​ទាំង​ក្មេង​នៅ​គ្រា​ចុង​បញ្ចប់​នេះ? ប៉ុល​ធ្លាប់​ដាស់​តឿន​ធីម៉ូថេ​ថា​៖ ​«​តែ​ឯ​អ្នក ចូរ​ឲ្យ​មាន​គំនិត​នឹង​ធឹង ក្នុង​គ្រប់​ការ​ទាំង​អស់​វិញ ចូរ​ទ្រាំទ្រ​នឹង​សេចក្ដី​លំបាក ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ​ចុះ ព្រម​ទាំង​បំពេញ​ការងារ​របស់​ខ្លួន​គ្រប់​ជំពូក​ផង​»។ សព្វ​ថ្ងៃ​នេះ​យើង​ទាំង​អស់​គ្នា​ពិត​ជា​ត្រូវ​ធ្វើ​តាម​ការ​ដាស់​តឿន​នេះ​ដែរ។—ធីម៉ូថេទី២ ៤:៥

១៥ ជាជាង​ជ្រួល​ជ្រើម​ទៅ​តាម​មនុស្ស​លោកីយ៍​ដែល​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ​នោះ យើង​ទាំង​អស់​គ្នា​ត្រូវ​«​មាន​គំនិត​នឹង​ធឹង​»​ឬ​រក្សា​លំនឹង​ខាង​វិញ្ញាណ​ជានិច្ច។ ប្រសិន​បើ​អ្នក​ជា​យុវជន​ឬ​យុវនារី​ម្នាក់ ចូរ​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​កំពុង​តែ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​«​បំពេញ​ការងារ​របស់​ខ្លួន​»​ឬ​ខំ​បណ្ដុះ​ឲ្យ​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​សម​ធ្វើ​ជា​អ្នក​ផ្សាយ​ព្រះ​បន្ទូល​របស់​ព្រះ​ទេ? តើ​ខ្ញុំ​មាន​គោល​ដៅ​អ្វី​ខ្លះ​ចំពោះ​ការ​បំពេញ​កិច្ច​បំរើ​«​គ្រប់​ជំពូក​»​? តើ​ខ្ញុំ​ធ្លាប់​គិត​ថា​យក​កិច្ចបំរើ​ពេញ​ពេល​ជា​កិច្ច​ការ​សំខាន់​របស់​ខ្លួន​ប្រៀប​ដូច​ជា​អាជីព​ទេ?›។ អ្នក​ប្រហែល​ជា​ពិបាក​គិត​អំពី​សំនួរ​ទាំង​នេះ​មែន ជា​ពិសេស​ពេល​ដែល​ឃើញ​ថា​យុវជន​យុវនារី​ឯ​ទៀត​កំពុង​តែ​ស្វែង​រក​ប្រយោជន៍​ខ្លួន ហើយ​«​រក​ការ​យ៉ាង​ធំ​»​ដែល​ពួក​គេ​គិត​ថា​នឹង​ធ្វើ​ឲ្យ​មាន​អនាគត​ភ្លឺ​ស្វាង។ (​យេរេមា ៤៥:៥​) ហេតុ​ដូច្នេះ តាំង​ពី​កូន​នៅ​តូច​នៅ​ឡើយ យក​ល្អ​មាតា​បិតា​គ្រីស្ទាន​កំណត់​ឲ្យ​កូន​មាន​ការ​សេពគប់​ដែល​មាន​ឥទ្ធិពល​ល្អ​ខាង​វិញ្ញាណ។—សុភាសិត ២២:៦; សាស្ដា ១២:១; ធីម៉ូថេទី២ ៣:១៤, ១៥

១៦​. តើ​មាតា​បិតា​គ្រីស្ទាន​អាច​កំណត់​ឲ្យ​កូន​មាន​ការ​សេពគប់​ដែល​មាន​ឥទ្ធិពល​ល្អ​ខាង​វិញ្ញាណ​យ៉ាង​ដូច​ម្ដេច?

១៦ ក្នុង​ក្រុម​គ្រួសារ​មួយ​ដែល​មាន​កូន​ប្រុស​បី​នាក់ មាតា​របស់​ពួក​គេ​បាន​ចូល​រួម​កិច្ចបំរើ​ពេញ​ពេល​យូរ​ឆ្នាំ​ហើយ។ កូន​ប្រុស​ច្បង​ប្រាប់​ថា​៖ ​«​ម្ដាយ​របស់​យើង​បាន​ត្រួត​ពិនិត្យ​ការ​សេពគប់​របស់​យើង​យ៉ាង​ដិត​ដល់។ យើង​មិន​បាន​សេពគប់​មិត្ត​រួម​ថ្នាក់​ឡើយ ប៉ុន្តែ​បាន​សេពគប់​តែ​បងប្អូន​ក្នុង​ក្រុមជំនុំ​ដែល​មាន​ទំលាប់​ល្អ​ខាង​វិញ្ញាណ។ គាត់​ក៏​ធ្លាប់​អញ្ជើញ​បងប្អូន​ដែល​ជា​សាសនទូត អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ អ្នក​បំរើ​នៅ​បេតអែល និង​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ឲ្យ​មក​លេង​ផ្ទះ​យើង​ដែរ។ ពេល​ដែល​យើង​ស្ដាប់​បទពិសោធន៍​ហើយ​ឃើញ​អំណរ​របស់​ពួក​គេ នោះ​បាន​ធ្វើ​ឲ្យ​ក្ដី​ប៉ង​ប្រាថ្នា​ចូល​រួម​កិច្ចបំរើ​ពេញ​ពេល​ដក់​ជាប់​ក្នុង​ចិត្ត​យើង​»។ ពិត​ជា​លើក​ទឹក​ចិត្ត​មែន! ដែល​ឃើញ​ថា​កូន​ប្រុស​ទាំង​បី​នាក់​កំពុង​តែ​ចូល​រួម​កិច្ចបំរើ​ពេញ​ពេល។ កូន​ប្រុស​ម្នាក់​បំរើ​នៅ​បេតអែល ម្នាក់​ទៀត​ធ្លាប់​ចូល​រួម​សាលា​បង្ហាត់​ខាង​កិច្ចបំរើ ហើយ​កូន​ប្រុស​ឯ​ទៀត​កំពុង​តែ​ត្រួសត្រាយ​ពេញ​ពេល!

១៧​. តើ​មាតា​បិតា​អាច​ណែនាំ​កូន​យ៉ាង​ណា​ស្តី​អំពី​មុខ​វិជ្ជា​នៅ​សាលា​និង​វិជ្ជា​ជីវៈ? (​សូម​មើល​ប្រអប់​នៅ​ទំព័រ​១១​)

១៧ ក្រៅ​ពី​កំណត់​ឲ្យ​មាន​ការ​សេពគប់​ជា​មួយ​អ្នក​ដែល​មាន​ភាព​ខាង​វិញ្ញាណ​រឹង​មាំ​នោះ មាតា​បិតា​ក៏​ត្រូវ​ណែនាំ​កូន​ឲ្យ​បាន​ឆាប់​បំផុត​អំពី​មុខ​វិជ្ជា​ណា​ដែល​គួរ​រៀន​នៅ​ឯ​សាលា​ហើយ​អំពី​វិជ្ជា​ជីវៈ​ដែល​គួរ​ជ្រើសរើស​ដែរ។ យុវជន​ម្នាក់​ដែល​កំពុង​តែ​បំរើ​នៅ​ឯ​បេតអែល​ប្រាប់​ថា​៖ ​«​ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ត្រួសត្រាយ​ពេញ​ពេល​មុន​និង​ក្រោយ​ពួក​គាត់​រៀប​ការ។ ពួក​គាត់​ក៏​បាន​ខំ​ប្រឹង​បណ្ដុះ​ឲ្យ​ក្រុម​គ្រួសារ​មាន​ក្ដី​ប៉ង​ប្រាថ្នា​ត្រួសត្រាយ​ពេញ​ពេល​ដែរ។ ពេល​ណា​យើង​ត្រូវ​ជ្រើសរើស​មុខ​វិជ្ជា​ដែល​នឹង​សិក្សា​នៅ​ឯ​សាលា​រៀន ឬ​ធ្វើ​ការ​សំ​រេ​ច​ចិត្ត​អំពី​អនាគត​របស់​យើង ឪពុក​ម្ដាយ​ខ្ញុំ​តែង​លើក​ទឹក​ចិត្ត​ឲ្យ​ជ្រើសរើស​អ្វី ដែល​នឹង​ផ្ដល់​លទ្ធភាព​ច្រើន​បំផុត​ឲ្យ​ធ្វើ​ការ​មិន​ពេញ​ពេល​ហើយ​ត្រួសត្រាយ​ពេញ​ពេល​»។ ជាជាង​ជ្រើសរើស​មុខ​វិជ្ជា​ដែល​ជួយ​ឲ្យ​កូន​ត្រៀម​លក្ខណៈ​រៀន​នៅ​សា​កល​វិទ្យាល័យ​នោះ មាតា​បិតា​និង​កូន​ត្រូវ​គិត​អំពី​មុខ​វិជ្ជា​ណា​ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​កូន​យក​កិច្ចបំរើ​ព្រះ​ជា​ការងារ​សំខាន់​ប្រៀប​ដូច​ជា​អាជីព​របស់​ពួក​គេ។

១៨​. តើ​យុវជន​យុវនារី​អាច​រក​ការងារ​បែប​ណា?

១៨ ការ​ស្រាវជ្រាវ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា នៅ​ប្រទេស​ជា​ច្រើន អ្វី​ដែល​ត្រូវ​ការ​ខ្លាំង​ជាង​គេ​មិន​មែន​ជា​មនុស្ស​ដែល​រៀន​ចប់​នៅ​សា​កល​វិទ្យាល័យ​ទេ ប៉ុន្តែ​ជា​មនុស្ស​ដែល​មាន​ជំនាញ​ខាង​វិជ្ជា​ជីវៈ​ឬ​សេ​វា​កម្ម​ណា​មួយ។ កាសែត​មួយ​រាយ​ការណ៍​ថា​«​៧០​ភាគ​រយ​នៃ​អ្នក​ធ្វើ​ការ​នៅ​ទសវត្សរ៍​ខាង​មុខ នឹង​មិន​ត្រូវ​ការ​សញ្ញា​បត្រ​ពី​សា​កល​វិទ្យាល័យ​ឬ​មហា​វិទ្យាល័យ​ដែល​ពួក​គេ​ចូល​រៀន​បួន​ឆ្នាំ​នោះ​ទេ ប៉ុន្តែ​នឹង​ត្រូវ​ការ​បរិញ្ញាបត្រ​រង​ឬ​វិញ្ញា​បន​បត្រ​ណា​មួយ​ពី​សាលា​ដែល​បង្ហាត់​បង្រៀន​វិជ្ជា​ជីវៈ​វិញ​»។ (​USA Today​) វិទ្យា​ស្ថាន​ជា​ច្រើន​បែប​នោះ​មាន​វគ្គ​សិក្សា​រយៈ​ពេល​ខ្លី​ដែល​បង្រៀន​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ដូច​ជា​ជួសជុល​ឡាន កុំព្យូទ័រ ត​ទឹក ធ្វើ​សក់ និង​វិជ្ជា​ជីវៈ​ច្រើន​ឯ​ទៀត។ តើ​ការងារ​បែប​នេះ​គួរ​ឲ្យ​ចង់​បាន​ទេ? ប្រាកដ​ជា​គួរ​ឲ្យ​ចង់​បាន​មែន! ទោះ​ជា​មិន​មែន​ការងារ​ដែល​ធ្វើ​ឲ្យ​មាន​មុខ​មាត់​ដូច​អ្នក​ឯ​ទៀត​ចង់​បាន​ក្ដី ប៉ុន្តែ​ចំពោះ​អ្នក​ដែល​យក​កិច្ចបំរើ​ព្រះ​យេហូវ៉ា​ជា​ការងារ​សំខាន់​បំផុត​នោះ មុខ​របរ​បែប​នេះ​ផ្ដល់​លទ្ធភាព​ឲ្យ​ចិញ្ចឹម​ជីវិត​និង​កែ​ប្រែ​កាលវិភាគ​តាម​ត្រូវ​ការ។—ថែស្សាឡូនីចទី២ ៣:៨

១៩​. តើ​មាន​តែ​អ្វី​ដែល​ប្រាកដ​ជា​ធ្វើ​ឲ្យ​មាន​ជីវិត​សប្បាយ​និង​គាប់​ចិត្ត?

១៩ ព្រះ​គម្ពីរ​ជំរុញ​ថា​«​ទាំង​មនុស្ស​កំឡោះ នឹង​ស្រី​ក្រមុំ ទាំង​ចាស់​ទាំង​ក្មេង​អើយ! ត្រូវ​ឲ្យ​ទាំង​អស់​សរសើរ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ចុះ! ដ្បិត​មាន​តែ​ព្រះ​នាម​ទ្រង់​១​ដែល​ខ្ពស់​ប្រសើរ សិរី​ល្អ​នៃ​ទ្រង់​ខ្ពស់​ជាង​ផែនដី​នឹង​ផ្ទៃ​មេឃ​ទៅ​ទៀត​»។ (​ទំនុកដំកើង ១៤៨:១២, ១៣​) បើ​ប្រៀបធៀប​ពី​មុខ​មាត់​និង​ផល​ប្រយោជន៍​ដែល​លោកីយ៍​នេះ​ផ្ដល់​ឲ្យ មាន​តែ​ការ​បំរើ​ព្រះ​យេហូវ៉ា​ពេញ​ពេល​ដែល​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​មាន​ជីវិត​សប្បាយ​និង​គាប់​ចិត្ត។ ចូរ​ចង​ចាំ​សេចក្ដី​សន្យា​ក្នុង​ព្រះ​គម្ពីរ​នេះ​ហើយ​ធ្វើ​ឲ្យ​ដិត​ជាប់​ជ្រៅ​ក្នុង​ចិត្ត។ សេចក្ដី​សន្យា​នេះ​ចែង​ថា​៖ ​«​អំណោយ​ពរ​នៃ​ព្រះ​យេហូវ៉ា នោះ​ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ទ្រង់​មិន​បន្ថែម​សេចក្ដី​ទុក្ខ​ព្រួយ​ផង​ទេ​»។—សុភាសិត ១០:២២

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

• តើ​គ្រីស្ទាន​ពិត​ទុក​ចិត្ត​លើ​អ្វី​ដើម្បី​មាន​ជីវិត​ដ៏​គាប់​ចិត្ត​នៅ​អនាគត?

• តើ​មាតា​បិតា​គ្រីស្ទាន​មាន​ការ​ពិបាក​អ្វី​ស្តី​អំពី​អនាគត​កូន?

• ពេល​ដែល​លៃលក​មើល​ថា គួរ​ឲ្យ​កូន​ទទួល​ការ​អប់រំ​ជាន់​ខ្ពស់​ឬ​យ៉ាង​ណា​នោះ តើ​ត្រូវ​គិត​អំពី​បញ្ហា​អ្វី​ខ្លះ?

• តើ​មាតា​បិតា​អាច​ជួយ​ឲ្យ​កូន​ត្រៀម​លក្ខណៈ​យក​កិច្ចបំរើ​ព្រះ​យេហូវ៉ា​ជា​ការងារ​សំខាន់​បំផុត​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​នៅ​ទំព័រ​១១]

តើ​ការ​អប់រំ​ជាន់​ខ្ពស់​មាន​ប្រយោជន៍​ប៉ុនណា?

សិស្ស​សា​កល​វិទ្យាល័យ​ភាគ​ច្រើន​សង្ឃឹម​ថា​នឹង​បាន​សញ្ញា​បត្រ​មួយ​ដែល​នឹង​ផ្ដល់​លទ្ធភាព​រក​ការងារ​ធ្វើ​ដ៏​ជាប់​លាប់​និង​មាន​ប្រាក់​ខែ​ច្រើន។ ក៏​ប៉ុន្តែ​សេចក្ដី​រាយ​ការណ៍​ពី​រដ្ឋាភិបាល​នៅ​សហរដ្ឋ​អាមេរិក​រាយ​ការណ៍​អំពី​ស្ថិតិ​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​ថា មាន​តែ​១​ភាគ​៤​នៃ​សិស្ស​សា​កល​វិទ្យាល័យ​ដែល​បាន​សញ្ញា​បត្រ​ក្នុង​៦​ឆ្នាំ​ដំបូង។ ហើយ​ចំណែក​សិស្ស​ដែល​បាន​សញ្ញា​បត្រ​វិញ តើ​នោះ​ធានា​ឲ្យ​បាន​ការងារ​ធ្វើ​ល្អ​ទេ? សូម​ពិចារណា​អ្វី​ដែល​ការ​ស្រាវជ្រាវ​ថ្មី​ៗ​បញ្ជាក់​ឲ្យ​ឃើញ។

​«​គ្រាន់​តែ​រៀន​នៅ[​សា​កល​វិទ្យាល័យ​]ហា​វឺដ(​Harvard​) ឬ​ឌូក(​Duke​) មិន​ធានា​ឲ្យ​បាន​ការងារ​ធ្វើ​ល្អ​ជាង​ឬ​ប្រាក់​ខែ​ច្រើន​ជាង​នោះ​ទេ . . . ក្រុម​ហ៊ុន​ផ្សេង​ៗ​មិន​ស្គាល់​យុវជន​យុវនារី​ដែល​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​នោះ​ទេ។ សញ្ញា​បត្រ​ពី​សា​កល​វិទ្យាល័យ​ល្បី​ៗ​(​គឺ​សញ្ញា​បត្រ​ពី​សា​កល​វិទ្យាល័យ​នៅ​អាមេរិក​បែក​ខាង​កើត​)ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​នៅ​ក្រុម​ហ៊ុន​នោះ​កោត​ស្ងើច​មែន។ ប៉ុន្តែ​ក្រោយ​នោះ​អ្វី​ដែល​សំខាន់​ជាង​គឺ​ថា​តើ​អ្នក​ដាក់​ពាក្យ​សុំ​ចេះ​ធ្វើ​ការ​ឬ​ក៏​អត់​»។—ទស្សនាវដ្ដី Newsweek ចុះ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៩

​«​ទោះ​ជា​សព្វ​ថ្ងៃ​នេះ​ការងារ​ធ្វើ​ធម្មតា​តម្រូវ​ឲ្យ​ចេះ​ច្រើន​ជាង​សម័យ​មុន​ក៏​ពិត​មែន . . . [​តែ​]អ្វី​ដែល​ត្រូវ​ចេះ​ស្ទាត់​សំរាប់​ការងារ​នោះ គឺ​គណិតវិទ្យា និង​ចេះ​អាន​ចេះ​សរសេរ​អក្សរ​ស្មើ​សិស្ស​រៀន​ត្រឹម​ថ្នាក់​ទី​ប្រាំ​បួន . . . មិន​មែន​ត្រូវ​ការ​ចំណេះ​ស្មើ​សិស្ស​រៀន​ថ្នាក់​មហា​វិទ្យាល័យ​ទេ។ . . . សិស្ស​មិន​ចាំបាច់​ទៅ​មហា​វិទ្យាល័យ​ដើម្បី​រក​ការងារ​ធ្វើ​ល្អ​ឡើយ ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​ចេះ​ស្ទាត់​ខាង​មុខ​វិជ្ជា​ដែល​បាន​រៀន​នៅ​វិទ្យាល័យ​វិញ​»។—ទស្សនាវដ្ដី American Educator ចុះ​នា​និ​ទា​ឃ​រដូវ ឆ្នាំ​២០០៤

​«​បើ​គិត​ពី​ការ​ជួយ​ឲ្យ​សិស្ស​ត្រៀម​លក្ខណៈ​ដើម្បី​ធ្វើ​ការ​ពេល​រៀន​ចប់​នោះ មហា​វិទ្យាល័យ​ភាគ​ច្រើន​មិន​ដឹង​អ្វី​សោះ​ពី​តថភាព​នៃ​ជីវិត។ សាលា​ដែល​បង្រៀន​វិជ្ជា​ជីវៈ . . . កំពុង​តែ​ពេញ​និយម។ ពី​ឆ្នាំ​១៩៩៦​ដល់​ឆ្នាំ​២០០០​ចំនួន​សិស្ស​បាន​កើន​ឡើង​៤៨​ភាគ​រយ . . . ចន្លោះ​ពេល​នោះ តម្លៃ​នៃ​សញ្ញា​បត្រ​សា​កល​វិទ្យាល័យ​ថ្លៃ​ៗ​ដែល​ស៊ី​ពេល​វេលា​នោះ​បាន​ធ្លាក់​ចុះ​ដល់​កំរិ​ត​អប្បបរិមា​»។—ទស្សនាវដ្ដី Time ចុះ​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ​២០០៥

​«​នាយកដ្ឋាន​ការងារ​របស់​សហរដ្ឋ​អាមេរិក​បាន​ព្យា​ករ​ថា​នៅ​ឆ្នាំ​២០០៥ នឹង​មាន​សភាព​ការណ៍​គួរ​ឲ្យ​ខ្លាច គឺ​១​ភាគ​៣​នៃ​សិស្ស​ដែល​រៀន​ចប់​នៅ​សា​កល​វិទ្យាល័យ​មិន​អាច​រក​ឃើញ​ការងារ​ធ្វើ​ដែល​ស្រប​តាម​សញ្ញា​បត្រ​របស់​ខ្លួន​បាន​ឡើយ​»។—ទស្សនាវដ្ដី The Futurist ចុះ​ខែ​កក្កដា/សីហា ឆ្នាំ​២០០០

អាស្រ័យ​ហេតុ​ទាំង​នេះ លោក​គ្រូ​អ្នក​គ្រូ​កាន់​តែ​ច្រើន​កំពុង​តែ​សង្ស័យ​ទៅ​លើ​តម្លៃ​នៃ​ការ​អប់រំ​ជាន់​ខ្ពស់។ សេចក្ដី​រាយ​ការណ៍​មួយ​ទៀត​បញ្ជាក់​ដោយ​ក្ដី​សោក​ស្ដាយ​ថា​«​យើង​កំពុង​តែ​អប់រំ​មនុស្ស​ឲ្យ​មាន​គោល​ដៅ​ខុស​»។ (​The Futurist​) ក៏​ប៉ុន្តែ​សូម​កត់​សំគាល់​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​ព្រះ​វិញ​ថា​៖ ​«​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ ឱ​បើ​ឯង​បាន​ស្ដាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ​ទៅ​អេះ! នោះ​សេចក្ដី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ សេចក្ដី​សុចរិត​របស់​ឯង នឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ​ហើយ​»។—អេសាយ ៤៨:១៧, ១៨

[រូបភាព​នៅ​ទំព័រ​៨]

ពួក​គេ​បាន​លះបង់​អាជីព​ខ្លួន​ហើយ​តាម​ព្រះ​យេស៊ូ

[រូបភាព​នៅ​ទំព័រ​១២]

តាំង​ពី​កូន​នៅ​តូច​នៅ​ឡើយ យក​ល្អ​មាតា​បិតា​គ្រីស្ទាន​កំណត់​ឲ្យ​កូន​មាន ​ការ​សេពគប់​ដែល​មាន​ឥទ្ធិពល​ល្អ​ខាង​វិញ្ញាណ