គោលសំខាន់ៗពីសៀវភៅរបាក្សត្រទី១
ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅរបាក្សត្រទី១
ប្រមាណ៧៧ឆ្នាំបានកន្លងទៅតាំងពីសាសន៍យូដាត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីគ្រាបំបរបង់នៅប្រទេសបាប៊ីឡូន។ ព្រះវិហារដែលចៅហ្វាយសូរ៉ូបាបិលបានកសាងឡើងវិញបានតាំងនៅអស់រយៈពេល៥៥ឆ្នាំហើយ។ មូលហេតុចំបងដែលពួកសាសន៍យូដាបានត្រឡប់ទៅស្រុកកំណើតវិញ គឺដើម្បីស្ថាបនាការថ្វាយបង្គំពិតឡើងវិញនៅទីក្រុងយេរូសាឡិម។ ក៏ប៉ុន្តែ ប្រជាជនមិនសូវមានចិត្តឧស្សាហ៍ចំពោះការថ្វាយបង្គំព្រះយេហូវ៉ាទេ។ ពួកគេត្រូវការជាចាំបាច់នូវការលើកទឹកចិត្តជាបន្ទាន់ ហើយសៀវភៅរបាក្សត្រទីមួយក្នុងព្រះគម្ពីរក៏បានផ្ដល់ការលើកទឹកចិត្តមែន។
ក្រៅពីរបាយការណ៍ពីពង្សាវតារនោះ សៀវភៅរបាក្សត្រទីមួយរៀបរាប់អំពីព្រឹត្ដិការណ៍ក្នុងរយៈពេល៤០ឆ្នាំតាំងពីការសោយទិវង្គតរបស់ស្តេចសូលរហូតដល់ពេលដែលស្តេចដាវីឌសោយទិវង្គត។ អ្នកប្រាជ្ញយល់ឃើញថា អែសរ៉ាដែលជាសង្ឃម្នាក់នោះជាអ្នកសរសេរសៀវភៅនេះនៅឆ្នាំ៤៦០ មុនគ.ស.។ យើងក៏ចាប់អារម្មណ៍នឹងសៀវភៅរបាក្សត្រទីមួយដែរ ពីព្រោះសៀវភៅនេះជួយបង្ហាញអំពីការថ្វាយបង្គំនៅឯព្រះវិហារនោះ ហើយមានចំណុចសំខាន់ៗដែលសំដៅទៅលើជំនួរវង្សព្រះមេស្ស៊ី។ ដោយសារសៀវភៅនេះជាផ្នែកមួយនៃព្រះបន្ទូលដែលព្រះបានបណ្ដាលឲ្យមនុស្សសរសេរនោះ សារក្នុងសៀវភៅរបាក្សត្រទីមួយអាចពង្រឹងជំនឿរបស់យើងព្រមទាំងជួយយើងយល់នូវសារក្នុងព្រះគម្ពីរទាំងមូល។—ហេព្រើរ ៤:១២
បញ្ជីឈ្មោះដ៏សំខាន់ៗ
របាយការណ៍ដែលរៀបរាប់ពីពង្សាវតារដ៏ល្អិតល្អន់ដែលអែសរ៉ាបានរៀបចំនោះ យ៉ាងហោចណាស់មានសារៈប្រយោជន៍បីយ៉ាង ពោលគឺ បង្ហាញអំពីអ្នកណាមានសិទ្ធិបំរើក្នុងគណៈពួកសង្ឃ ជួយបង្ហាញអំពីទឹកដីមរតករបស់កុលសម្ព័ន្ធនីមួយៗ និងរបាយការណ៍ពីជំនួរវង្សរបស់ព្រះមេស្ស៊ី។ របាយការណ៍ពីពង្សាវតារនោះជួយសម្គាល់បុព្វបុរសទាំងឡាយរបស់ពួកយូដាតាំងពីបុរសដំបូងបង្អស់។ ចាប់ពីអ័ដាមរហូតដល់ណូអេនោះមានមនុស្សដប់ដំណ ហើយពីណូអេដល់អ័ប្រាហាំក៏មានមនុស្សដប់ដំណដែរ។ បន្ទាប់មកមានពង្សាវតារអ៊ីសម៉ាអែល ព្រមទាំងរៀបរាប់ឈ្មោះកូនរបស់កិទូរ៉ាដែលជាប្រពន្ធចុងរបស់អ័ប្រាហាំ ហើយក៏ប្រាប់ឈ្មោះកូនចៅអេសាវផង។ ក្រោយមក កំណត់ហេតុដៅបញ្ជាក់ពីកូនចៅទាំងប៉ុន្មាននៃកូន១២នាក់របស់អ៊ីស្រាអែល។—របាក្សត្រទី១ ២:១
របាយការណ៍នេះរៀបរាប់ច្រើនអំពីកូនចៅរបស់យូដា ពីព្រោះពូជរបស់យូដាជាញាតិវង្សស្តេចដាវីឌ។ ចាប់ពីអ័ប្រាហាំទៅដល់ដាវីឌនោះ មានមនុស្ស១៤ដំណ ហើយមាន១៤ដំណទៀតពីដាវីឌរហូតដល់គ្រាបំបរបង់ទៅស្រុកបាប៊ីឡូន។ (របាក្សត្រទី១ ១:២៧, ៣៤; ២:១-១៥; ៣:១-១៧; ម៉ាថាយ ១:១៧) បន្ទាប់មក អែសរ៉ារៀបរាប់ឈ្មោះកូនចៅនៃកុលសម្ព័ន្ធទាំងប៉ុន្មានដែលនៅខាងកើតទន្លេយ័រដាន់ ហើយក្រោយមកក៏ប្រាប់ពីវង្សត្រកូលនៃកូនលេវី។ (របាក្សត្រទី១ ៥:១-២៤; ៦:១) ក្រោយមកមានរបាយការណ៍អំពីកុលសម្ព័ន្ធឯទៀតនៅទិសខាងលិចទន្លេយ័រដាន់ ហើយមានការរៀបរាប់យ៉ាងល្អិតល្អន់អំពីវង្សត្រកូលបេនយ៉ាមីន។ (របាក្សត្រទី១ ៨:១) កំណត់ហេតុក៏ប្រាប់ឈ្មោះមនុស្សមុនគេបង្អស់ដែលបានចូលរស់នៅទីក្រុងយេរូសាឡិមវិញ ក្រោយពីគ្រាជាប់ចំណងនៅស្រុកបាប៊ីឡូន។—របាក្សត្រទី១ ៩:១-១៦
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:១៨—តើអ្នកណាជាឪពុករបស់សេឡា? កៃណានឬអើប៉ាក់សាឌ។ (លូកា ៣:៣៥, ៣៦) អើប៉ាក់សាឌជាឪពុកសេឡា។ (លោកុប្បត្តិ ១០:២៤; ១១:១២) ពាក្យ«កៃណាន»ដែលកត់ទុកនៅលូកា ៣:៣៦ នោះ ប្រហែលជាពាក្យ«សាសន៍ខាល់ដេ»ដែលបានត្រូវកែសម្រួល។ បើដូច្នេះមែន ប្រហែលជាឯកសារដើមបានសរសេរថា៖ «កូនអើប៉ាក់សាឌដែលជាសាសន៍ខាល់ដេ»វិញ។ ឬមួយក៏នេះប្រហែលជាសំដៅទៅលើមនុស្សតែម្នាក់ដែលមានឈ្មោះពីរ ពោលគឺកៃណាននិងអើប៉ាក់សាឌ។ គួរឲ្យកត់សម្គាល់ថា ឯកសារដើមខ្លះមិនមានពាក្យថា «កូនកៃណាន»ទាល់តែសោះ។
២:១៥—តើដាវីឌជាកូនទីប្រាំពីររបស់អ៊ីសាយឬទេ? មិនមែនទេ។ អ៊ីសាយមានកូនប្រុសប្រាំបីនាក់ ហើយដាវីឌជាកូនពៅ។ (សាំយូអែលទី១ ១៦:១០, ១១; ១៧:១២) តាមមើលទៅ កូនប្រុសម្នាក់របស់អ៊ីសាយបានស្លាប់ទៅទាំងគ្មានកូនសោះ។ ដោយសារគាត់គ្មានកូនចៅដូច្នេះ នោះក៏គ្មានប្រយោជន៍ឲ្យសរសេរឈ្មោះគាត់ក្នុងបញ្ជីនៃវង្សត្រកូលដែរ ដូច្នេះហើយអែសរ៉ាមិនបានសរសេរឈ្មោះគាត់ទេ។
៣:១៧—បើសាលធាលជាកូនរបស់យេកូនាស ហេតុអ្វីក៏លូកា ៣:២៧ ហៅគាត់ជាកូននេរីវិញ? យេកូនាសពិតជាបិតារបស់សាលធាលមែន។ ក៏ប៉ុន្តែ តាមមើលទៅនេរីបានលើកកូនស្រីខ្លួនឲ្យធ្វើជាភរិយារបស់សាលធាល។ ដូច្នេះ សាលធាលជាកូនប្រសារបស់នេរី តែលូកាបានសរសេរអំពីគាត់ថាជាកូននេរីវិញ ដូចដែលលូកាបានសរសេរអំពីយ៉ូសែបថាជាកូនហេលី តែតាមការពិតហេលីជាបិតារបស់នាងម៉ារាវិញ។—លូកា ៣:២៣
៣:១៧-១៩—តើសូរ៉ូបាបិល ពេដាយ៉ានិងសាលធាលត្រូវជាបងប្អូនញាតិមិត្តយ៉ាងណា? សូរ៉ូបាបិលជាកូនពេដាយ៉ាដែលជាប្អូនបង្កើតរបស់សាលធាល។ ប៉ុន្តែ ជួនកាលព្រះគម្ពីរសំដៅទៅសូរ៉ូបាបិលជាកូនសាលធាលវិញ។ (ម៉ាថាយ ១:១២; លូកា ៣:២៧) នេះប្រហែលជាដោយព្រោះពេដាយ៉ាបានស្លាប់ទៅ ហើយសាលធាលបានចិញ្ចឹមសូរ៉ូបាបិលវិញ។ ឬមួយក៏សាលធាលប្រហែលជាស្លាប់ទៅតែមិនទាន់មានកូន ដូច្នេះពេដាយ៉ាបានរៀបការជាមួយស្រីមេម៉ាយដែលជាអតីតប្រពន្ធរបស់សាលធាល តាមច្បាប់ដែលបងឬប្អូនថ្លៃត្រូវធ្វើ។ បើដូច្នេះសូរ៉ូបាបិលប្រហែលជាកូនច្បងពីចំណងអាពាហ៍ពិពាហ៍នោះ។—ចោទិយកថា ២៥:៥-១០
៥:១, ២—តើការទទួលអំណាចរបស់បងច្បងឬសិទ្ធិជាកូនច្បងនោះ មានន័យអ្វីចំពោះយ៉ូសែប? នេះបានន័យថា យ៉ូសែបមានសិទ្ធិទទួលមរតកមួយជាពីរពីបិតា។ (ចោទិយកថា ២១:១៧) យ៉ាងនេះ យ៉ូសែបក្លាយជាបុព្វបុរសនៃកុលសម្ព័ន្ធពីរ ពោលគឺ អេប្រាអិមនិងម៉ាន៉ាសេ។ កូនប្រុសឯទៀតរបស់អ៊ីស្រាអែលបានក្លាយជាបុព្វបុរសនៃកុលសម្ព័ន្ធមួយប៉ុណ្ណោះ។
មេរៀនសម្រាប់យើង:
១:១–៩:៤៤: វង្សត្រកូលនៃមនុស្សពិតប្រាកដទាំងនេះបញ្ជាក់ថា កំណត់ហេតុទាំងឡាយក្នុងព្រះគម្ពីរមិនមែនជារឿងព្រេងទេ តែមានមូលដ្ឋានលើហេតុការណ៍ពិត។
៤:៩, ១០: ព្រះយេហូវ៉ាបានធ្វើតាមទំនូលអង្វររបស់លោកយ៉ាបេស ពេលដែលគាត់អធិស្ឋានសូមព្រះវាតព្រំដែនដីមរតករបស់ខ្លួនដើម្បីឲ្យមានកន្លែងរស់នៅថែមទៀតសម្រាប់មនុស្សដែលកោតខ្លាចព្រះ។ យើងក៏ត្រូវអធិស្ឋានអស់ពីដួងចិត្ត សូមឲ្យមានការរីកចំរើនក្នុងកិច្ចការផ្សព្វផ្សាយរបស់យើងពេលធ្វើការនោះដោយខ្នះខ្នែង។
៥:១០, ១៨-២២: នៅសម័យស្តេចសូល កុលសម្ព័ន្ធទាំងប៉ុន្មាននៅខាងកើតទន្លេយ័រដាន់បានឈ្នះលើពួកហាការេនទោះជាពួកគេមានទ័ពច្រើនជាងមួយជាពីរក៏ដោយ។ ពួកអ៊ីស្រាអែលអាចឈ្នះបានពីព្រោះអ្នកខ្លាំងពូកែពីកុលសម្ព័ន្ធទាំងនោះបានពឹងផ្អែកលើព្រះយេហូវ៉ាហើយអំពាវនាវសូមជំនួយពីទ្រង់។ ចូរឲ្យយើងពឹងផ្អែកលើព្រះយេហូវ៉ាដោយទុកចិត្តទៅលើទ្រង់ទាំងស្រុងពេលដែលយើងចូលចំបាំងនេះខាងវិញ្ញាណ ទោះជាពួកសត្រូវមានគ្នាយ៉ាងសន្ធឹកក៏ដោយ។—អេភេសូរ ៦:១០-១៧
៩:២៦, ២៧: ពួកលេវីដែលជាឆ្មាំទ្វារមានភារកិច្ចសំខាន់ណាស់។ ពួកគាត់មានកូនសោសម្រាប់ទ្វារចូលទីកន្លែងផ្សេងៗនៅព្រះវិហារដែលត្រូវចាត់ទុកជាទីបរិសុទ្ធ។ ពួកគាត់ជាទីទុកចិត្តបាន ពីព្រោះបានបើកទ្វាររាល់ថ្ងៃយ៉ាងទៀងទាត់មិនដែលខាន។ យើងក៏បានទទួលភារកិច្ចឲ្យរកជួបមនុស្សក្នុងតំបន់ផ្សាយរបស់យើងដែរ ទាំងជួយពួកគេឲ្យចូលមកថ្វាយបង្គំព្រះយេហូវ៉ា។ យើងក៏គួរបង្ហាញថា យើងជាទីទុកចិត្តដែរដោយបំពេញភារកិច្ចរបស់យើងជានិច្ច ដូចពួកលេវីដែលជាឆ្មាំទ្វារនោះ មែនទេ?
ដាវីឌឡើងសោយរាជ្យជាស្តេច
កំណត់ហេតុនេះចាប់ផ្ដើមដោយរៀបរាប់អំពីការសោយទិវង្គតរបស់ស្តេចសូលនិងបុត្រាបីរូបរបស់ទ្រង់ពេលច្បាំងនឹងពួកភីលីស្ទីននៅឯភ្នំគីលបោ។ ដាវីឌដែលជាកូនអ៊ីសាយត្រូវគេតែងតាំងឡើងជាស្តេចលើកុលសម្ព័ន្ធយូដា។ បុរសពីគ្រប់ទាំងកុលសម្ព័ន្ធបានចុះទៅក្រុងហេប្រុនហើយតាំងដាវីឌឡើងជាស្តេចលើស្រុកអ៊ីស្រាអែលទាំងមូល។ (របាក្សត្រទី១ ១១:១-៣) មិនយូរប៉ុន្មានក្រោយមក ដាវីឌក៏ដណ្ដើមយកទីក្រុងយេរូសាឡិមមកវិញ។ ក្រោយៗមក ពួកអ៊ីស្រាអែលនាំយកហិបនៃសេចក្ដីសញ្ញាទៅទីក្រុងយេរូសាឡិម«ដោយសំរែកអរសប្បាយ នឹងសូរស្នែង . . . ព្រមទាំងដេញពិណហើយចាប់ស៊ុងផង»។—របាក្សត្រទី១ ១៥:២៨
ដាវីឌមានបន្ទូលប្រាប់ពីបំណងព្រះហឫទ័យចង់កសាងព្រះវិហារថ្វាយព្រះពិត តែព្រះយេហូវ៉ាទុកឲ្យសាឡូម៉ូនមានឯកសិទ្ធិកសាងព្រះវិហារនោះវិញ។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាចុះកិច្ចព្រមព្រៀងជាមួយដាវីឌថា ទ្រង់នឹងប្រគល់រាជអំណាចដល់ទ្រង់។ ពេលដែលដាវីឌប្រយុទ្ធទាស់នឹងខ្មាំងសត្រូវរបស់សាសន៍អ៊ីស្រាអែល ព្រះយេហូវ៉ាជួយទ្រង់ឲ្យមានជ័យជំនះម្ដងហើយម្ដងទៀត។ មានជំរឿនខុសច្បាប់មួយដែលនាំឲ្យមនុស្ស៧០.០០០នាក់ស្លាប់។ ដាវីឌទទួលការណែនាំពីទេវតាមួយរូបឲ្យកសាងអាសនា១ថ្វាយព្រះយេហូវ៉ា ដូច្នេះទ្រង់ទិញកន្លែងមួយពីលោកអ័រ៉ៅណាដែលជាសាសន៍យេប៊ូស។ នៅទីកន្លែងនោះ ដាវីឌចាប់ផ្ដើម«ត្រៀមប្រដាប់ទុកជាបរិបូរ»ដែលជាគ្រឿងសំណង់ដើម្បីកសាងព្រះវិហារមួយថ្វាយព្រះយេហូវ៉ាដែលត្រូវមានភាព«រុងរឿងយ៉ាងក្រៃលែង»។ (របាក្សត្រទី១ ២២:៥) ដាវីឌក៏រៀបចំឲ្យពួកលេវីធ្វើការផ្សេងៗដែលរៀបរាប់ក្នុងសៀវភៅរបាក្សត្រទីមួយយ៉ាងល្អិតល្អន់ជាងសៀវភៅឯទៀតក្នុងព្រះគម្ពីរ។ ស្តេចដាវីឌនឹងពួកបណ្ដាជនថ្វាយដង្វាយយ៉ាងសន្ធឹកណាស់ទុកជាវិភាគទានចំពោះការកសាងព្រះវិហារ។ ក្រោយបានសោយរាជ្យ៤០ឆ្នាំហើយ ដាវីឌសោយទិវង្គតទៅដោយ«ស្កប់ស្កល់នឹងព្រះជន្ម ទ្រព្យសម្បត្ដិនឹងកិត្ដិយសផង។ នោះសាឡូម៉ូនជាព្រះរាជបុត្រាក៏ឡើងសោយរាជ្យជំនួសព្រះបិតា»។—របាក្សត្រទី១ ២៩:២៨
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១១:១១—ហេតុអ្វីក៏កំណត់ហេតុនេះរាយការណ៍ថា គេបានសម្លាប់មនុស្ស៣០០នាក់ តែសាំយូអែលទី២ ២៣:៨ រៀបរាប់ពីព្រឹត្ដិការណ៍ដូចគ្នាតែប្រាប់ថា បានសម្លាប់មនុស្ស៨០០នាក់វិញ? ក្នុងចំណោមអ្នកខ្លាំងពូកែបំផុតបីនាក់របស់ដាវីឌ លោកយ៉ូសែបបាសេបែតដែលហៅថាយ៉ាសុបៀម ជាមេលើគេ។ អេលាសារនិងសាំម៉ាជាអ្នកខ្លាំងពូកែពីរនាក់ទៀត។ (សាំយូអែលទី២ ២៣:៨-១១) កំណត់ហេតុទាំងពីរនេះប្រហែលជាប្រាប់ចំនួនអ្នកស្លាប់ខុសគ្នា ពីព្រោះសំដៅទៅលើព្រឹត្ដិការណ៍ពីរយ៉ាងតែជាទង្វើរបស់បុរសតែម្នាក់ទេ។
១១:២០, ២១—បើប្រៀបធៀបអ័ប៊ីសាយទៅនឹងបុរសខ្លាំងពូកែបំផុតបីនាក់របស់ដាវីឌ តើគាត់មានឋានៈអ្វី? អ័ប៊ីសាយមិនរួមចំណែកក្នុងចំណោមបុរសខ្លាំងពូកែបំផុតបីនាក់ដែលបានបំរើដាវីឌនោះទេ។ នៅសាំយូអែលទី២ ២៣:១៨, ១៩ ព្រះគម្ពីរខ្មែរប្រាប់ថា អ័ប៊ីសាយជាមេលើបីនាក់ តែសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធបង្ហាញថា អ័ប៊ីសាយជាមេលើទ័ព៣០នាក់វិញ ហើយល្បីឈ្មោះជាងគេក្នុងចំណោមពួក៣០នាក់នោះទៅទៀត។ អ័ប៊ីសាយមានកេរ្ដិ៍ឈ្មោះល្បីជាងបុរសខ្លាំងពូកែបីនាក់នោះ ពីព្រោះគាត់បានប្រព្រឹត្តការដ៏ខ្លាំងពូកែស្រដៀងនឹងការដែលយ៉ាសុបៀមបានធ្វើដែរ។
១២:៨—តើពួកទ័ពពីកុលសម្ព័ន្ធកាឌ់មាន«មុខសិង្ហ»យ៉ាងដូចម្ដេច? មនុស្សខ្លាំងពូកែទាំងនោះបានញែកខ្លួនទៅខាងដាវីឌពេលដែលទ្រង់គង់នៅទីរហោស្ថាន។ សក់របស់ពួកគេបានដុះឡើងវែង ដូចជារោមនៅលើកសិង្ហ ដូច្នេះពួកគេមានមុខសាហាវដូចសិង្ហដែរ។
១៣:៥—តើ«ស្ទឹងស៊ីហោររបស់ស្រុកអេស៊ីព្ទ» សំដៅទៅលើអ្វី? មនុស្សខ្លះស្មានថា ពាក្យនេះសំដៅទៅលើស្ទឹងមួយជាប់នឹងទន្លេនីល។ ក៏ប៉ុន្តែមានគេយល់ទូទៅថា ពាក្យនេះសំដៅទៅលើ«ស្ទឹងស្រុកអេស៊ីព្ទ»ឬជ្រោះជ្រលងជ្រៅមួយដែលទុកជាព្រំដែននៃស្រុកសន្យានៅទិសខាងត្បូងឆៀងខាងលិច។—ជនគណនា ៣៤:២, ៥; លោកុប្បត្តិ ១៥:១៨
១៦:៣០—តើការ«ភ័យញ័រ»នៅចំពោះព្រះយេហូវ៉ាមានន័យអ្វី? ការ«ភ័យញ័រ»នេះជាពាក្យអត្ថបដិរូបដែលសំដៅទៅលើចិត្តកោតខ្លាចនិងការគោរពយ៉ាងជ្រាលជ្រៅចំពោះព្រះយេហូវ៉ា។
១៦:១, ៣៧-៤០; ២១:២៩, ៣០; ២២:១៩—តាំងពីពេលដែលគេយកហឹបនៃព្រះទៅទីក្រុងយេរូសាឡិមរហូតដល់បានកសាងព្រះវិហារឡើងនោះ តើមានការរៀបចំអ្វីសម្រាប់ការថ្វាយបង្គំក្នុងស្រុកអ៊ីស្រាអែល? ពេលដាវីឌបាននាំយកហឹបនៃព្រះទៅទីក្រុងយេរូសាឡិម ហើយដាក់ហឹបនៅកណ្ដាលត្រសាលដែលទ្រង់បានដំឡើងនោះ ហឹបមិនបាននៅក្នុងរោងឧបោសថយ៉ាងយូរមកហើយ។ ក្រោយបានរើហឹបទៅដាក់ក្នុងត្រសាលនៅទីក្រុងយេរូសាឡិមនោះ គេមិនបានរើហឹបទៅណាទៀតទេ។ រោងឧបោសថបានដំឡើងនៅទីក្រុងគីបៀន ជាទីកន្លែងដែលសម្ដេចសង្ឃឈ្មោះសាដុកនិងបងប្អូនគាត់បានថ្វាយយញ្ញបូជាតាមក្រិត្យវិន័យ។ ការរៀបចំនោះមានសុពលភាពរហូតដល់ព្រះវិហារបានសង់ឡើងនៅទីក្រុងយេរូសាឡិម។ ពេលបានសង់ព្រះវិហារឡើងរួចហើយ គេបានរើយករោងឧបោសថពីទីក្រុងគីបៀនទៅដល់ក្រុងយេរូសាឡិម ហើយបានដាក់ហឹបរបស់ព្រះនៅក្នុងទីបរិសុទ្ធបំផុតនៃព្រះវិហារនោះ។—ពង្សាវតារក្សត្រទី១ ៨:៤, ៦
មេរៀនសម្រាប់យើង:
១៣:១១: យោងទៅតាមឯកសារដើមជាភាសាហេព្រើរនោះ ដាវីឌមានសេចក្ដីក្រោធដោយព្រោះព្រះយេហូវ៉ាធ្វើដូច្នេះ។ បើយើងខំធ្វើអ្វីមួយបែរជាបរាជ័យវិញ យើងគួរគិតពិចារណាអំពីកាលៈទេសៈនោះដោយខំយល់នូវមូលហេតុដែលមានបរាជ័យដូច្នេះ ជាជាងមានចិត្តទោមនស្សឬខឹង ទាំងចង់បន្ទោសព្រះយេហូវ៉ានោះ។ យ៉ាងប្រាកដណាស់ ដាវីឌបានគិតពិចារណាអំពីកាលៈទេសៈទាក់ទងរឿងនោះដែរ។ ដាវីឌបានទទួលស្គាល់កំហុសរបស់ខ្លួន ហើយក្រោយៗមកបាននាំហឹបនៃព្រះទៅដល់ទីក្រុងយេរូសាឡិមតាមរបៀបត្រឹមត្រូវដោយឥតមានរឿងទៀតទេ។ a
១៤:១០, ១៣-១៦; ២២:១៧-១៩: យើងគួរតែអធិស្ឋានទូលថ្វាយព្រះយេហូវ៉ាជានិច្ច ដើម្បីសូមការណែនាំពីទ្រង់មុននឹងយើងធ្វើអ្វីៗដែលអាចមានឥទ្ធិពលលើសុខុមាលភាពខាងវិញ្ញាណរបស់យើង។
១៦:២៣-២៩: ការថ្វាយបង្គំព្រះយេហូវ៉ាគួរមានអាទិភាពក្នុងជីវិតយើង។
១៨:៣: ព្រះយេហូវ៉ាតែងតែសម្រេចសេចក្ដីសន្យារបស់ទ្រង់។ កាលពីបុរាណនោះ ព្រះយេហូវ៉ាសន្យាថា ទ្រង់នឹងជូនដល់ពូជរបស់អ័ប្រាហាំនូវទឹកដីរបស់ស្រុកកាណានទាំងមូល។ ព្រះយេហូវ៉ាបានបំពេញសេចក្ដីសន្យានោះតាមរយៈស្តេចដាវីឌ ហើយបានឲ្យទឹកដីនោះ«ចាប់តាំងពីទន្លេស្រុកអេស៊ីព្ទរហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត»។—លោកុប្បត្តិ ១៥:១៨; របាក្សត្រទី១ ១៣:៥
២១:១៣-១៥: ព្រះយេហូវ៉ាបានបង្គាប់ទេវតានោះឲ្យឈប់ធ្វើទុក្ខវេទនាតទៅទៀត ពីព្រោះទ្រង់យល់អារម្មណ៍របស់រាស្ត្រទ្រង់ពេលដែលគេរងទុក្ខលំបាក។ ប្រាកដហើយ «សេចក្ដីមេត្ដាករុណារបស់ទ្រង់ធំណាស់»។ b
២២:៥, ៩; ២៩:៣-៥, ១៤-១៦: ទោះជាដាវីឌគ្មានសិទ្ធិកសាងព្រះវិហាររបស់ព្រះយេហូវ៉ាក្ដី ទ្រង់នៅតែបង្ហាញចិត្តសទ្ធា។ ហេតុអ្វី? ពីព្រោះទ្រង់ជ្រាបថា អ្វីៗទាំងអស់ដែលទ្រង់បានទទួលនោះ សុទ្ធតែមកពីសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា។ ចិត្តដែលពេញទៅដោយកតញ្ញូធម៌ក៏គួរជំរុញយើងឲ្យមានចិត្តសទ្ធាផងដែរ។
២៤:៧-១៨: ការរៀបចំរបស់ដាវីឌដោយញែកពួកសង្ឃចេញជា២៤ពួកនោះ នៅជាធរមានពេលដែលទេវតារបស់ព្រះយេហូវ៉ាបានចុះទៅជួបសាការី ជាបិតារបស់យ៉ូហានបាទីស្ទ ក្នុងការជំរាបអំពីកំណើតយ៉ូហាន។ សាការីជាសង្ឃម្នាក់ក្នុង«ពួកលោកអ័ប៊ីយ៉ា»ហើយគាត់កំពុងតែធ្វើការងារតាមវេនរបស់ខ្លួននៅឯព្រះវិហារ។ (លូកា ១:៥, ៨, ៩) មនុស្សពិតប្រាកដក្នុងប្រវត្ដិសាស្ត្របានចូលរួមការថ្វាយបង្គំពិត មិនមែនមនុស្សក្នុងរឿងព្រេងទេ។ យើងក៏ទទួលពរដែរ ពេលដែលយើងចុះចូលដោយចិត្តស្មោះត្រង់ចំពោះ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ស្តីអំពីការរៀបចំដ៏ល្អដែលមាននៅសព្វថ្ងៃនេះសម្រាប់ការថ្វាយបង្គំព្រះយេហូវ៉ា។—ម៉ាថាយ ២៤:៤៥
ចូរស្គាល់និងបំរើព្រះយេហូវ៉ាដោយចិត្ត«ស្ម័គ្រស្មោះ»
សៀវភៅរបាក្សត្រទីមួយមិនមែនជាបញ្ជីពង្សាវតារប៉ុណ្ណោះទេ។ សៀវភៅនេះក៏រៀបរាប់អំពីគ្រាដែលដាវីឌបាននាំហឹបនៃសេចក្ដីសញ្ញាចូលមកទីក្រុងយេរូសាឡិម ទាំងប្រាប់អំពីជ័យជំនះរបស់ដាវីឌក្នុងចំបាំងជាច្រើនដែរ ហើយក៏ពន្យល់អំពីការរៀបចំកសាងព្រះវិហារនិងការញែកពួកលេវីចេញជាសង្ឃមួយពួកៗ។ អ្វីៗទាំងអស់ដែលលោកអែសរ៉ាបានកត់ទុកក្នុងសៀវភៅរបាក្សត្រទីមួយ ពិតជាបានផ្ដល់ប្រយោជន៍ដល់ប្រជាជនអ៊ីស្រាអែលដោយជួយពួកគេបណ្ដុះឲ្យមានចិត្តខ្នះខ្នែងសារជាថ្មីក្នុងការថ្វាយបង្គំព្រះយេហូវ៉ានៅឯព្រះវិហារ។
ដាវីឌពិតជាបានតាំងគំរូដ៏អស្ចារ្យមែន ដោយរក្សាទុកការថ្វាយបង្គំព្រះយេហូវ៉ាជាអាទិភាពក្នុងជីវិតទ្រង់ជានិច្ច! ជាជាងរកឯកសិទ្ធិពិសេសសម្រាប់ខ្លួន ដាវីឌបានព្យាយាមធ្វើតាមព្រះហឫទ័យព្រះវិញ។ ចូរឲ្យយើងធ្វើតាមដំបូន្មានរបស់ទ្រង់ដោយស្គាល់និងបំរើព្រះយេហូវ៉ាយ៉ាង«អស់ពីចិត្តហើយស្ម័គ្រស្មោះផង»។—របាក្សត្រទី១ ២៨:៩
[កំណត់សម្គាល់]
a មានមេរៀនថែមទៀតអំពីព្រឹត្ដិការណ៍ទាក់ទងនឹងគ្រាដែលដាវីឌដឹកហឹបនៃព្រះទៅក្រុងយេរូសាឡិម ក្នុងទស្សនាវដ្ដីប៉មយាម ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៥ ទំព័រ២៩-៣២។
b មានមេរៀនថែមទៀតពីជំរឿនខុសច្បាប់ដែលដាវីឌបានធ្វើ ក្នុងទស្សនាវដ្ដីប៉មយាម ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៥ ទំព័រ២៩-៣២។
[តារាង/រូបភាពនៅទំព័រ២៥-២៨]
(ដើម្បីមើលឃើញទាំងអស់ សូមមើលទស្សនាវដ្ដី)
ឆ្នាំ៤០២៦ មុនគ.ស. អ័ដាម ដំណមនុស្សពីអ័ដាមរហូតដល់ណូអេ
(១.០៥៦ឆ្នាំ)
១៣០ឆ្នាំ ⇩
សេត
១០៥ ⇩
អេណុស
៩០ ⇩
កៃណាន
៧០ ⇩
ម៉ាលេលាល
៦៥ ⇩
យ៉ារេឌ
១៦២ ⇩
ហេណុក
៦៥ ⇩
មធូសាឡា
១៨៧ ⇩
ឡាមេក
១៨២ ⇩
ឆ្នាំ២៩៧០ មុនគ.ស. ណូអេ ឆ្នាំ២៩៧០ មុនគ.ស. កំណើតលោកណូអេ
ដំណមនុស្សពីណូអេរហូតដល់អ័ប្រាហាំ
៥០២ឆ្នាំ ⇩ (៩៥២ឆ្នាំ)
សិម
ទឹកជំនន់ ឆ្នាំ២៣៧០ មុនគ.ស.
១០០ ⇩
អើប៉ាក់សាឌ
៣៥ ⇩
សេឡា
៣០ ⇩
ហេប៊ើរ
៣៤ ⇩
ផាលេក
៣០ ⇩
រេហ៊ូវ
៣២ ⇩
សេរូក
៣០ ⇩
ណាឃរ
២៩ ⇩
ថេរ៉ា
១៣០ ⇩
ឆ្នាំ២០១៨ មុនគ.ស. អ័ប្រាហាំ កំណើតអ័ប្រាហាំ
ពីអ័ប្រាហាំរហូតដល់ដាវីឌ១៤ដំណ
១០០ឆ្នាំ (៩១១ឆ្នាំ)
អ៊ីសាក
៦០ ⇩
យ៉ាកុប
ប្រមាណ៨៨ឆ្នាំ ⇩
យូដា
⇩
ពេរេស
⇩
ហេស្រុន
⇩
រ៉ាម
⇩
អ័មីន៉ាដាប់
⇩
ណាសូន
⇩
សាលម៉ូន
⇩
បូអូស
⇩
អូបិឌ
⇩
អ៊ីសាយ
⇩
ឆ្នាំ១១០៧ មុនគ.ស. កំណើតដាវីឌ